Category Archives: ជំរុញភាពអង់អាចដល់ស្ត្រីខ្មែរ

លិខិតជូនបុប្ផាណា ៖ ៥០ឆ្នាំនៃការចងចាំ និងការតស៊ូ

ជូនចំពោះ អ្នកស្រី ហួត បុប្ផាណា ជាទីគោរពស្រលាញ់!

៥០ឆ្នាំ បានអណ្ដែតផុតទៅយ៉ាងឆ្ងាយ បក់ផាត់ ដោយទៅទាំងរំហូរទឹកភ្នែក របស់បងប្អូនរួមឈាមខ្មែរ ដែលហូរស្រក់ចុះមិនដាច់តំណក់ ដូចជាចរន្ដទឹកទន្លេដ៏សែនវែងអន្លាយ ជាទន្លេដែលហូររហ៊ឹមទៅដោយលម្អងមនោសញ្ចេតនាឈឺចាប់ និរាសព្រាត់ប្រាស ចារជាប់ក្នុងក្រាំងប្រវត្តិសាស្ត្រមនុស្សជាតិទូទាំងសាកលលោក។

ថ្វីដ្បិតថាពេលវេលាកន្លះសតវត្សរ៍ វាហាក់ដូចជាយូរអង្វែងក៏ពិតមែន ប៉ុន្តែរយៈពេលត្រឹមប៉ុណ្ណេះ តាមពិត វាខ្លីណាស់សម្រាប់ជនជាតិខ្មែរផ្ទាល់ ព្រោះមកដល់ពេលនេះ ស្រមោលអវិជ្ជន្ធការនោះ នៅតែមិនទាន់អាចផ្សះស្នាមរបួសផ្លូវចិត្តរបស់បងប្អូនខ្មែរយើងបានជ្រះស្រឡះ សះស្បើយនៅឡើយទេ។

ក្នុងនាមខ្ញុំជាស្ត្រីខ្មែរមួយរូប ដែលមានវិចារណញ្ញាណ តម្កល់នៅទីតាំងមួយ ស្រដៀងគ្នានឹងអ្នកស្រីដែរនោះ ខ្ញុំពិតជា មិនអាចឃាត់ខ្លួនឯងបាន ពីកម្លាំងជំរុញចិត្ត ឱ្យត្រូវតែសរសេរសំបុត្រមួយច្បាប់ផ្ញើទៅអ្នកស្រី ឱ្យបានក្នុងថ្ងៃនេះ។

ក្រោយពីខ្ញុំបានអានម្ដងហើយ ម្ដងទៀត នូវខ្លឹមសារ ក្នុងលិខិតជាច្រើនច្បាប់ ដែលអ្នកស្រីបាន ហៅខ្លួនឯងថាជានាង សិតា ផ្ញើសារទៅព្រះរាម ដែត ជាស្វាមី ដើម្បីអង្វរលន់តួប្ដី ឱ្យបានមកជួបជួន ជួយសង្គ្រោះជីវិត ដ៏អពមង្គលរបស់នាងចេញពីគុកនរក ដែលអ្នកស្រីហៅថា ជាក្រុងរាពណ៍ របស់ពួកហ្វូងយក្សកំណាចឈុតខ្មៅស្អីអស់នោះ ខ្ញុំសែនកោតស្ញប់ស្ញែងមនោសញ្ចេតនារបស់គូស្វាមីភរិយាអ្នកស្រីខ្លាំងណាស់ វាជាស្នេហាដ៏ខ្ពង់ខ្ពស់មួយ ជាគំរូនៃវិរភាពមួយ ដែលខ្ញុំ និងប្រហែលមានស្ត្រីឯទៀតផងដែរ បានផ្ដិតជាប់ក្នុងដួងចិត្តជាទីនឹករឭក។

 អ្នកស្រី ពិតជាមានសេចក្ដីក្លាហានណាស់ ដែលបានប្រថុយជីវិត ហ៊ានកាន់ដងប៉ាកកា​ សរសេរអក្សរ ទាំងខេមរភាសា និងភាសាបរទេស នៅលើក្រដាសជាច្រើនសន្លឹក ដើម្បីបង្ហាញចេញនូវឆន្ទៈដ៏មុតស្រួច មិនចុះញ៉មនឹងបដិវត្ដន៍ដ៏ឆ្កួតលីលាប់ របស់ពួកបិសាចផ្ដាច់ការ។ អ្នកស្រី អស្ចារ្យណាស់ ដែលហ៊ានបង្ហាញភក្ដីភាពស្នេហាបរិសុទ្ធចំពោះប្ដីខ្លួន ដោយឥតញញើតនឹងពាក្យថា ខ្មាំង ដែលពួកឈ្លបបិសាច តែងតែ យកទៅកម្ទេចចោល ឥតរលស់ពេល។ អ្នកស្រី បានបន្សល់ទុកនូវ អនុស្សាវរីយ៍ ដ៏មហាសែនក្ដុកក្ដួល រំជួលចិត្តពន់ប្រមាណ ចំពោះអ្នកដែលនៅរស់រានមានជីវិត ក្រោយរបបយង់ឃ្នង អវិជ្ជា នេះ។ អ្នកស្រី គឺជាអ្នកទោសមនសិការ មួយរូប ដែលបានបូជាជីវិតដើម្បីបុព្វហេតុ ជំរុញថាមពលផ្លូវចិត្តដល់ស្ត្រីដទៃផ្សេងទៀតរាប់មិនអស់នៅកម្ពុជា ឱ្យមានសេចក្ដីអង់អាចក្លាហានរហូតដល់ដង្ហើមចុងក្រោយនៃជីវិត។

អ្នកស្រី បុប្ផាណា ជាទីគោរព ជាទីស្រលាញ់អើយ! រឿងរ៉ាវឆាកជីវិតរបស់អ្នកស្រី ហាក់ដូចជាមានសំឡេង មានសម្រែកដ៏កងរំពង ពេញដោយការឈឺចាប់ខ្លាំងម្ល៉េះ! ខ្ញុំអានសំបុត្ររបស់អ្នកស្រី ម្ដងហើយម្ដងទៀត ហាក់មិនអស់ចិត្តទាល់តែសោះ។ ហេតុអ្វី បានជាស្ត្រីបញ្ញវន្ត ដ៏ស្លូតបូត និងរឹងមាំ ប្រកបដោយចំណេះវិជ្ជាខ្ពង់ខ្ពស់ម្នាក់ មិនអាចទទួលបានសុភមង្គល ក្រោមទង់ក្រហមនៃអង្គការបដិវត្ដន៍ដ៏រុងរឿងនោះផង?

ខ្ញុំជឿជាក់ថា អ្នកស្រី ច្បាស់ជាបានបដិសន្ធិនៅក្នុងទីស្ថានដ៏ឧត្ដុង្គឧត្ដមមួយប្រកបដោយសន្តិភាព ជាមួយនឹងស្វាមីជាទីស្រលាញ់របស់អ្នកស្រីជារៀងរហូត!

ពីខ្ញុំ លឹម វិរិយា

ស្ត្រីខ្មែរមួយរូប

និយាយត្រូវ តែមិនត្រូវនិយាយ

តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!

ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។

តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។

ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។

ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។

បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។

នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។

សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។

សូមបងប្អូន​ ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា

អាហារូបករណ៍ឆ្នាំ ២០២២ របស់អាមេរិកសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា

កម្មវិធី “សំឡេងដែកថែប” (Vital Voices) គឺជាកម្មវិធីឈានមុខគេលើពិភពលោក សម្រាប់ស្ត្រីម្ចាស់អាជីវកម្មខ្នាតតូច និង មធ្យម ដែលកំពុងក្លាយជាចំណែកមួយក្នុងកិច្ចការងារជួយសង្គមជាតិ។

កម្មវិធីនេះ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញអាជីវកម្មផ្ទាល់ខ្លួន ការអភិវឌ្ឍភាពជាអ្នកដឹកនាំ ជំនួយបច្ចេកទេស និង លទ្ធភាពទទួលបានបណ្ដាញទីផ្សារ រួមទាំងទំនាក់ទំនងជាអន្តរជាតិនៅក្នុងប្រមាណជាង២០០ប្រទេស។

ឈានចូលដល់ឆ្នាំទី៩ របស់ខ្លួន កម្មវិធីនេះ មានគោលបំណងលើកតម្កើងស្ត្រីជាអ្នកដឹកនាំអាជីវកម្ម ដែលជាកត្តាជំរុញឱមានការផ្លាស់ប្ដូរ នៅក្នុងសហគមន៍ ក្នុងប្រទេស និងក្នុងពិភពលោក តាមរយៈលទ្ធភាពពង្រីកអាជីវកម្មរបស់ពួកគេ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារក្នុងស្រុកដល់សហគមន៍ខ្លួន និងការផ្សព្វផ្សាយឱ្យមានផលប្រយោជន៍ដ៏ទូលំទូលាយរឹតតែខ្លាំង។តាមរយៈវគ្គបណ្ដុះបណ្ដាលពេញ១ឆ្នាំនេះ សមាជិកត្រូវផ្ដោតលើយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែង។

អ្នកចូលរួម នឹងទទួលបានចំណេះដឹង ជំនាញ ក្នុងការធ្វើផែនការយុទ្ធសាស្ត្រ ការគ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្ត្រទីផ្សារ វិធីគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងសាធារណៈ។ ក្រៅពីនោះ ពួកគេអាចអាចទទួលបានជំនួយ និងការគាំទ្រផ្នែកបច្ចេកទេសដ៏មានតម្លៃ ហើយក្លាយជាសមាជិកនៃបណ្ដាញអាជីវកម្មស្ត្រី ជាសាកល ដែលមកទើសពេលនេះ មានសមាជិកជាស្ត្រីអ្នកដឹកនាំអាជីវកម្ម ចំនួន ១៨០០០ នាក់ ជុំវិញពិភពលោករួចហើយ។

កម្មវិធី សំឡេងដែកថែប (Vital Voices) សូមប្រកាសជ្រើសរើសបេក្ខជន ដែលជាម្ចាស់អាជីវកម្មភេទស្រីនៅកម្ពុជា ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល ឆ្នាំ ២០២២។ បេក្ខជនត្រូវចេះសរសេរ អាន ស្ដាប់ និងនិយាយភាសាអង់គ្លេសជាផ្លូវការ!

ផុតកំណត់ទទួលពាក្យថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ម៉ោង ៥ល្ងាច (ម៉ោងនៅសហរដ្ឋអាមេរិក រដ្ឋធានីវ៉ាស៊ីងតោន)

សូមដាក់ពាក្យតាមរយៈ តំណភ្ជាប់នេះ http://s.alchemer.com/s3/2022-VVGROW-Applicationសម្រាប់សំណួរពាក់ព័ន្ធផ្សេងៗ អាចសាកសួរដោយផ្ទាល់ទៅកាន់ អ៊ីមែលរបស់ dalinnhean@vitalvoices.org ដែលជាអ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់ និងជាអ្នកសម្របសម្រួលសម្រាប់បេក្ខជនដាក់ពាក្យទៅពីប្រទេសកម្ពុជា។

ឬអាចសាកសួរផ្ទាល់មកខ្ញុំ VIRIYA LIM ដែលជាអតីតសិក្ខាកាមអាហារូបករណ៍ ឆ្នាំ ២០២០ តំណាងកម្ពុជា តាមរយៈប្រអប់សារបណ្ដាញសង្គម Facebook ឬសារក្នុង Blog នេះផ្ទាល់។

សូមអាន Profile របស់ខ្ញុំ នៅក្នុងតំណភ្ជាប់នេះ https://www.vitalvoices.org/people/viriya-lim/សូមចុចទីនេះ https://www.vitalvoices.org/who-we-are/bod-2/ ដើម្បីមើលសមាសភាព ក្រុមអ្នកដឹកនាំជាន់ខ្ពស់ ឬមើលជារួមកម្មវិធីទូទៅ នៅក្នុង www.vitalvoices.org

សមាសភាពក្រុមប្រឹក្សាភិបាលរបស់ Vital Voices
បញ្ជីឈ្មោះទីប្រឹក្សាកិត្តិយសរបស់ Vital Voices
បញ្ជីរាយនាមសមាជិកក្រុមប្រឹក្សាពិព្រោះយោបល់នៅជុំវិញពិភពលោករបស់ Vital Voices
លិខិតបញ្ជាក់ការសិក្សារបស់ខ្ញុំ លឹម វិរិយា អតីតសិក្ខាកាមអាហារូបករណ៍ពេញលេញ ឆ្នាំ ២០២០
Profile របស់ខ្ញុំ https://www.vitalvoices.org/people/viriya-lim/ រៀបចំដោយ Vital Voices

គេថា “សស្អាត” និង “ស្លៀកទៅថ្លៃថ្នូរ”…

ក្នុងមធ្យោបាយទាក់ទាញខ្លះរបស់អ្នកលក់​ ភាសាផ្សាយពាណិជ្ជកម្មដែលធ្វេីឱ្យមនុស្សមានផ្នត់គំនិតខុសឆ្គង​ រួមមាន៖ អ្នកលក់ឡេម្សៅនិយាយថា​ “សស្អាត​“ អ៊ីចឹង​​ ខ្មៅឥតស្អាតទេឬ? ទាល់តែសទេីបស្អាត?​ ភាសានេះ​ ត្រូវ​បានប្រេីយ៉ាងទូលំទូលាយ​ រហូតឈានដល់ឃ្លីបផ្សាយពាណិជ្ជកម្មវិជ្ជាជីវៈ​ ក៏ពោលបែបនេះ។ ស-ស្អាត?

តាំងពីកើតមក ខ្ញុំមិនដែលឮនរណានិយាយថា “ខ្មៅស្អាត លឿងស្អាត ស្រអែមស្អាត”។ នេះហើយជាហេតុផលដែលក្មេងស្រីៗ ជាពិសេសក្មេងនៅតាមស្រុកស្រែចម្ការ ក្មេងស្រីដែលរស់នៅធំធាត់ដោយមិនសូវទទួលបានការអប់រំ ក្មេងស្រីដែលរស់ក្នុងសង្គមមនុស្សពោលពាក្យខាងលើ តែងតែស្វះស្វែង ចាយលុយទិញ ក្រែមគីមីផ្សេងៗយកមកដុះខាត់ប្ដូរព៌ណស្បែក ទាំងដែល អ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញវិធីប្ដូរព៌ណស្បែកមនុស្សនៅឡើយផង។ ដូច្នេះ ពួកគេ គ្មានអ្វីក្រៅពីធ្វើឱ្យរបកស្បែករាងកាយខាងលើ ហើយបង្ហាញស្រទាប់ស្បែកខាងក្រោមទេ។ ពួកគេច្រឡំថា ស្បែកប្ដូរព៌ណទៅជាសហើយ តាមពិតគឺស្បែកខាងលើរបើករបាញ របកចេញ តែប៉ុណ្ណោះ។ ការធ្វើបែបនេះជារឿយៗ អ្នកប្រព្រឹត្តនឹងទទួលរងជំងឺមហារីកស្បែកជាប្រាកដ។ បញ្ហានេះ មិនមែនកើតតែលើក្មេងស្រី មនុស្សស្រីពេញវ័យ ស្ត្រីចំណាស់ តែម្យ៉ាងទេ បច្ចុប្បន្ន ក្មេងប្រុស បុរស ក៏មានដែរ។

ពួកយើង​គួរតែបង្កេីតទម្លាប់ថ្មីដែលប្រសេីរជាង​ និងត្រឹមត្រូវជាងនេះ។ បេីជាអ្នកលក់ឡេម្សៅផ្សេងៗ​ កុំលេីកតម្កេីងពណ៌សឱ្យហួសពីសច្ចៈខ្លាំងពេក។ សម្បុរស្បែក​មនុស្ស​ ពណ៌​អ្វីក៏ស្អាតដែរ​ ឱ្យ​តែម៉ត់រលោង។ ឈប់ប្រើពាក្យថា “ស ស្អាត” ទៀតទៅ គួរជំនួសដោយពាក្យថា “ស្បែកស្អាត” ហើយកុំយករឿងពណ៌សម្បុរមកប្រៀបធៀបគ្នា ព្រោះធម្មជាតិនៃពណ៌សុទ្ធតែស្អាតទៅតាមទម្រង់របស់វាដោយឡែកៗពីគ្នា។

រូបភាពផ្សាយពាណិជ្ជកម្ម នៅលើអ៊ីនធើណិត ដែលឈ្មួញប្រើប្រាស់ដើម្បីពង្វក់មនុស្សស្រី ឱ្យព្រមជឿថា ស្បែកពណ៌ស ទើបជាមនុស្សស្អាត

ចំណែកឯអ្នកលក់សម្លៀកបំពាក់​ Brand ថ្លៃៗ​ និយាយបញ្ជោរអ្នកទិញ​ថា​ “ស្លៀកទៅថ្លៃថ្នូរណាស់” តេីមានន័យថា​ តម្លៃ​នៃសាច់ប្រាក់​ ជាសូចនករណ៍​បញ្ជាក់ភាពថ្លៃថ្នូរ​ ឬថោកទាបរបស់មនុស្ស​ មែនទេ? ពាក្យនេះ​ ឃេីញប្រេីគ្រប់ច្រកល្ហក់​ គ្រប់ទីផ្សារលក់ដូរទំនិញផ្សេងៗ​ ជាពិសេសស្រីៗលក់ខោអាវតម្លៃខ្ពស់​ និងគ្រឿងតុបតែងរាងកាយមនុស្ស។ កុំបំផុសគំនិតថា​ ស្លៀកពាក់​របស់​ថ្លៃ​ ធ្វើ​ឱ្យ​មនុស្ស​ថ្លៃថ្នូរ។ សេចក្ដី​ថ្លៃថ្នូរ​នៃមនុស្ស​ មិនទាក់ទងនឹង​ Brand សម្លៀកបំពាក់​ទាល់តែសោះ។ ក្នុងភាសាអង់គ្លេស​ “expensive” ប្រែថា “​ថ្លៃ”។ ប៉ុន្តែ​ ពាក្យ​ថា​ “ថ្លៃថ្នូរ​“ គេបកទៅវិញជា​ “dignity”។ ពាក្យ​ទាំងពីរនេះ​ គ្មាន​ទាក់ទង​គ្នាអីឡេីយ។ តើការប្រើ​ “ទំនិញ​ថ្លៃ”​ ធ្វើ​ឱ្យ​អ្នកថ្លៃថ្នូរ? វាមិនអាចទេ! បើចង់ទាក់ទាញឱ្យគេទិញរបស់គុណភាពល្អ តម្លៃថ្លៃរបស់ខ្លួន អ្នកលក់ គួរនិយាយថា “ប្រើទៅជាប់បានយូរ! ប្រើទៅដឹងតែមិនសូវមានគេដូចទេ! ប្រើទៅអ្នកនឹងមានភាពជឿជាក់លើខ្លួនឯង…។ល។” មានភាសាច្រើនទៀត ដែលអាចនិយាយបាន ដោយមិនចាំបាច់ត្រូវស្ទួយមនុស្ស ហួសហេតុ ហួសពីការពិតនៃជីវិត។

នៅពេលដែលកំហុសបានសាយភាយ​ ពីមួយជំនាន់ទៅមួយជំនាន់​ វានឹងក្លាយជាទំនៀមទម្លាប់​ ដែលពិបាកកែប្រែ​ បេីទោះបីជាគេដឹងថា​ ទម្លាប់​នោះខុសឆ្គងក៏ដោយ។ មនុស្ស​ស្អាត​ មិនមែនទាល់តែស្បែកពណ៌ស​ទេ ហេីយមនុស្សថ្លៃថ្នូរ​ ក៏មិនចាំបាច់ទាល់តែប្រេីសម្លៀកបំពាក់ថ្លៃៗដែរ។ គួរនាំគ្នាឈប់និយាយពាក្យថា “សស្អាត” និង “ស្លៀកទៅថ្លៃថ្នូរ ប្រើប្រាស់ទៅថ្លៃថ្នូរ” ព្រោះថា ភាសានេះ ធ្វើឱ្យអ្នកនិយាយខ្លួនឯង ក្លាយជាមនុស្សកខ្វក់ និង ថោកទាប!

លឹម វីរីយ៉ា​🌸

រូបភាពដែលទាញយកពីប្រភពផ្សេងៗក្នុងម៉ាស៊ីន ហ្គូហ្គល ហើយផ្គុំបញ្ចូលដោយកម្មវិធី Pic.Collage