សកវាទ៍ ឱ! ផ្កាកប្បាស
អ្នកណាមុខចាស់ ច្បាស់ជាចិត្តក្មេង។
ការងារហត់នឿយ មិនលែង
យប់យន់ចូលគេង អេងលក់ស្រួលពេក។
ទឹករាក់ធ្លាក់ភ្លៀង ផ្អៀងមេឃ
រលឹមក្នុងភ្នែក រែកពន់ទុក្ខព្រួយ។
ដល់លង់ ហៅគេទៅជួយ
រង៉ែរងួយ រំអួយច្រេីនយ៉ាង។
ផ្ដែផ្ដាំឱ្យចាំត្រេីយម្ខាង
សម្អិតសម្អាង កាងស្ពានកៀនកោះ។
ហេតុផលកលរឿង គេស្មោះ
អាល័យអាឡោះ ផ្ដោះផ្ដងសន្យា។
ឱ្យគេបំពេញកិច្ចការ
ខ្លួនឯងហ៊ឺហា ដេីរហួចឡេីងហំ។
គេហ្អេីយ ដេីរតួសែនស្នំ
ឯខ្ញុំវិញខំ សម្ងំខេីចជេីង។
សកវាទ៍ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់ផាត់ពីជេីង យេីងនឹងផុតព្រួយ។
ព្រឺព្រួច លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ ជួយគ្រារ៉ោករ៉ាក។
វាំងននបាំងមុខក្រោយឆាក
ឥលូវអាចស្រាក សម្រាកបន្តិច។
ថ្ងៃស្អែក ចែកជេីងទៅលិច
រលឹមស្រិចៗ ច្បិចស្នាមញញឹម។
ខែក្រោយ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម ព្រលឹមសួស្ដី។
ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី ពរជ័យស្រុកខ្មែរ។
________
លឹម វីរីយ៉ា🌸
១៨ កញ្ញា ២០១៩
រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់
ចែករំលែករឿងនេះ (Share this):
ញ៉ាំបាយចាយឫក្សថ្ងៃត្រង់
តម្រែតម្រង់ ផ្ចង់អាហារបួស។
នៅហាងសាឡាត់ល្បីឈ្មោះ
គេហៅពីរោះ ឈ្មោះថា Vego។
រសជាតិសែនឆ្ងាញ់មិនប្រូ
សម្រកគីឡូ ប្ដូររសជីវិត។
សំខាន់ថៅកែអង្គុយជិត
នៅក្បែរនែបនិត្យ ផ្ដិតរូបឱ្យទៀត។
ញ៉ាំរួចព្រួចព្រឺចង្អៀត
ម្ចាស់ហាងឥតឃ្លាត ឆ្លៀតទាំងប៉ាវបាយ។
គាត់ធ្វើឱ្យខ្ញុំ Surprise
រីករាយក្អាកក្អាយ សប្បាយដួងចៃ។
ទៅញ៉ែញ៉េះញ៉ោះម្សិលម្ង៉ៃ
អាឡោះអាល័យ រឿងដីភ្លេីងខ្យល់។
ចរចាចិចី រចល់
ជួបឥតបន្ទាល់ ខ្វល់ខ្វាយរឿងជាតិ។
បាយបួសជំនួសត្រីងៀត
សែនឆ្ងាញ់ផ្ដាំញាតិ ឃ្លាតហេីយរឭក។
ឃេីញរូបធ្វេីឱ្យអូនភ្លឹក
ម្ចាស់បាយម្ចាស់ទឹក នឹកចង់ទៅទៀត។
ណ្ហើយចុះ! ថ្ងៃក្រោយនឹងឆ្លៀត
ទៅស្រង់ស្រូបជាតិ ប៉ាវជូនវិញម្ដង។
————-
លឹម វីរីយ៉ា🌸
១៦ កញ្ញា ២០១៩
រូបភាពថតជូនដោយ បងស្រី “ទូចស្រី សុភា” ជាម្ចាស់ភោជនីយដ្ឋានអាហារបួស វេហ្គោសាឡាត់ ជាប់របងវត្តលង្កា រាជធានីភ្នំពេញ។ គាត់បានអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេលប្រកបដោយ ភាតរភាពយ៉ាងក្រៃលេង!
ចែករំលែករឿងនេះ (Share this):
ណែមស្លឹកកន្ទួត អួតតិចចុះ
ទិញទៅមិនខុស ទាស់ចិត្តទេ
រសជាតិម្ចាស់ដេីម ឆ្នេីមប្លែកគេ
ក្លិនត្រីទន្លេអប់ស្លឹកចេក។
មីនាប្អូនស្រី ផ្ញេីមកជូន
ចែកជាជំនូន ល្អអនេក
ញ៉ាំរួចផ្ដួចចិត្ត ផ្ដិតជេីងមេឃ
រឭកស្រុកពេក ភ្នែកមមី។
ណែមបាត់ដំបង ក្រងបណ្ដូល
ម្ទេសខ្ទឹមញីឈ្មោល រោលវក់វី
ក្រហាយក្រហល់ ខ្វល់ញក់ញី
ក្នុងភពធរណី គ្មានពីរឡេីយ។
អរគុណច្រើនណាស់ ម្ចាស់អំណោយ
ស៊ីចុកខ្មុកដោយ ដង្ហោយឆ្លេីយ
តបថាល្អពិត ស្អិតងំហើយ
ភ្ជុំបិណ្ឌឆ្លងត្រេីយ ស្បេីយនឹកស្រុក។
លឹម វីរីយ៉ា🌸
១៦ កញ្ញា ២០១៩
ណែមស្លឹកកន្ទួតដែលប្អូនស្រី ប៉ែន មីនា ជូនមកខ្ញុំចំនួន ២០០ណែម ឆ្ងាញ់ណាស់អូនអ៊ើយ!!!
ចែករំលែករឿងនេះ (Share this):
យប់ជ្រៅភ្លៀងធ្លាក់ ភ្លឹកនឹកដល់អ្នក
ត្រជាក់ចុងដៃ ខ្យល់បក់ផាយផាត់
ដូចរសាត់ស្បៃ បបោសអាល័យ
រាត្រីបាត់ខែ។
យប់យន់ទន់ជ្រៅ ភ្លៀងធ្លាក់លិចផ្លូវ
ពៅអ៊ើយសល់តែ ទឹកដក់ក្នុងភ្នែក
រែកពុនឥតល្ហែ យកលុយទិញស្នេហ៍
ថែបានត្រឹមកាយ។
យប់ឆ្លងអធ្រាត្រ ដួងចន្ទចោលម្សៀត
ឲ្យញាតិខ្វល់ខ្វាយ មិនចេញមករះ
ព្រោះខ្លាចក្រហាយ ស៊ូនៅលាក់កាយ
ឆ្ងាយពីភ្លៀងផ្គរ។
យប់ស្ងាត់បាត់ផ្កាយ សល់តែចំហាយ
ខ្ចាយតាមជំនោរ ស្អែកឆ្លង១រោច
ដូចរកពុទ្ធោ បើសិនអាចប្ដូរ
សូមពរល្អមួយ។
យប់យន់ទន់ចុះ មេឃភ្លៀងល្អៀងសុះ
ឆ្លុះចិត្តរលួយ រឡេះបេះដូង
ឈោងដៃទៅជួយ បានត្រឹមរំអួយ
ស្ទួយស្ទើរលែងរួច។
យប់គេងលែងលក់ ព្រលឹងហ៊ឹងស្ទក់
គក់ទ្រូងព្រឺព្រួច ព្រឹកព្រាងស្អែកថ្មី
ស្ដីដូចគេហួច ស្ដីថាតិចតួច
លួចខឹងស្ងៀមស្ងាត់។
យប់ហើយគេងទៅ គ្របភួយផងពៅ
កុំនៅរសាត់ អណ្ដែត លយលង់
ជង់ចិត្តសម្ងាត់ ស្ងៀមដោយប្រយ័ត្ន
ស្ងាត់ក្នុងសុបិន។
———
លឹម វីរីយ៉ា🌸
រាត្រី ថ្ងៃសុក្រ ១៥ កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ២០១៩
ចែករំលែករឿងនេះ (Share this):
ចង់តែងកាព្យមួយ ឱ្យវារញ្ជួយ បេះដូងអ្នកខ្លះ
ព្រលឹមស្វាងរះ សែងជះស្រឡះ សម្លឹងឃេីញច្បាស់
ដាស់ចិត្តកវី។
ចង់តែងទំនុក ឱ្យទាក់ចូលគុក ធ្លាក់ជង្ហុកដី
អ្នកណាអានហេីយ ឱ្យដេកតែភ័យ ប៉ុន្ដែអូនស្រី
ស្ដីវាមិនរួច។
ចង់តែងអក្សរ បន្លាចអ្នកល្អ ឱ្យដេកលបលួច
លបខឹងក្នក់ខ្នាញ់ បញ្ឈឺព្រឺព្រួច អ្នកណាថ្ពាល់ខួច
ទទួលយកទៅ។
អរុណសុវត្ថិ ពីជ្រុងម្ខាងនៃភពផែនដី!
————-
លឹម វីរីយ៉ា🌸
០៦ កញ្ញា ២០១៩
ចែករំលែករឿងនេះ (Share this):
ភ្នំពេញភ្លៀងធំ ជំរុំងងឹត
ពពកដាសស្អិត កិតកៀកក្រៀកសែង
ថ្ងៃលិចទៅហេីយ ឆ្លងត្រើយម្នាក់ឯង
ភ្លៀងខ្លាំងបែកផ្សែង ក្លែងបោកជើងមេឃ។
ភ្នំពេញមានព្យុះ បោកទម្លុះដី
មនុស្សម្នាក់ឥតស្ដី ព្រួយភ័យអនេក
ចុងឆ្នាំផ្ដាំខ្យល់ ផ្ដល់ជូនទឹកភ្នែក
សុបិនរហែក ស្អែកអ៊េីយម៉ឺនដង។
ភ្នំពេញអំពល់ បានយល់តែទុក្ខ
មនុស្សម្នាក់ឱនមុខ ខ្លាចគុកចាប់ចង
ចម្លេីយការពិត ស្លាក់ ក អ្នកផង
រងគ្រោះម្នាក់ម្ដង ឆ្លងមិនរួចឡេីយ។
ភ្នំពេញរង់ចាំ ផ្ដាំអ្នកខាងលិច
រស្មីព្រិចៗ រំលេចផ្លូវហេីយ
វិលតាមសន្យា ប្រាថ្នាផុតត្រេីយ
ដីខ្មែរថែខ្នេីយ គេងកេីយស្កប់ស្កល់។
ភ្នំពេញរងកម្ម រង់ចាំអ្នកជួយ
ពន្លកប៉ិចត្រួយ គេក្ដិចគ្មានសល់
មនុស្សម្នាក់លួចផ្សង ប៉ងផុតកង្វល់
សូមអ្នកជួយផ្ដល់ សង្ឃឹមជាថ្មី។
ភ្នំពេញឥតភ្លេីង ឈ្លេីងឡេីងតាមទឹក
តោងទាមសន្ធឹក ឱ្យភ្លឹកស្ទេីរក្ស័យ
ម្ចាស់សារនៅឆ្ងាយ ពោលស្ដាយទឹកដី
សន្យាវិលវៃ រួមកសាងជាតិ។
ភ្នំពេញម្ចាស់ស្នេហ៍ សូមថែខ្លួនផង
រំដួលកម្រង គេក្រងទុកសៀត
ថ្ងៃអ្នកត្រលប់ សូមស្ងប់វរនាថ
ស្រាយចិត្តចង្អៀត វាតសន្តិភាព។
————-
លឹម វីរីយ៉ា🌸
០៤ កញ្ញា ២០១៩
ចែករំលែករឿងនេះ (Share this):
បុប្ផារីកស្រស់ ព្រោះសន្សេីម
ស្នេហារីកឆ្នេីម ផ្ដេីមពី Friend
ភ្លៀងស្រោចលំនៅ ផ្លូវបត់បែន
ផ្ការីកឆ្លងដែន សែនល្អពេក។
ឥលូវចុងខែ ប្រែខូចចិត្ត
សុរិយាងងឹត ស្អិតកែវភ្នែក
សុបិនឥតខ្លឹម ត្រឹមជេីងមេឃ
រុះរោយទឹកភ្នែក រែកញញឹម។
ភ្លៀងផ្គររន្ទះ ឈ្នះម្នឹះលោក
ខ្យល់បក់ពពក យកសង្ឃឹម
ជំនោរសីហា ថ្លាប៉ប្រឹម
លួងលោមចិញ្ចឹម ចិត្តបោកប្រាស់។
សន្ធឹកវាយោ ហូរដុនដាប
ដិតដាមកំណាព្យ ខាបឡេីងច្បាស់
ខិតខំក្រែងខាត ស្អាតល្អណាស់
ផ្ការីកខុសម្ចាស់ ដាស់រឿងថ្មី។
សំឡេងភ្លៀងធ្លាក់ ខ្ជាក់ទាំងពិស
ហូរស្រោចភពម្នឹះ ទង្គឹះដី
ភ្លៀងខ្យល់ពាល់ត្រូវ ផ្លូវអាល័យ
អាឡោះដោះដៃ លៃសូមសុខ។
—————
លឹម វីរីយ៉ា🌸
២៩ សីហា ២០១៩
តាមពិតនេះគឺជាផ្កាជ័រទេ ខ្ញុំទិញវាមកពីផ្សារទំនើបសុរិយា សម្រាប់ដាក់តាំងក្នុងផ្ទះ ប៉ុន្តែឃើញសួនច្បារពីមុខស្នំស្នួនដែរ ទើបលើកយកទៅដាក់តាំងថតមួយប៉ុស្តិ៍អីចឹងទៅ តែងកំណាព្យបញ្ឆោតអ្នកអានបានមួយសន្លឹកដែរ។ ចំណូលចិត្ត កវី តែប៉ុណ្ណឹង!
ចែករំលែករឿងនេះ (Share this):
ចេកហាល ចេកឆាប ក្រាបពេញផ្សារផ្សោរ
គេលក់មិនកោរ ថែមកន្ថោរ free
អំពិលឆុងស្ករ គេទិញវក់វី
អ្នកហូតផាស៊ី ចំណេញកប់ក្ដោង។
ផិនសៀមផិនយួន វាពួនលុកលុយ
ខ្មែរទិញបែកស្លុយ ប្រថុយចំកោង
ចម្ការស្រុកលេី រលាយតៃហោង
ព្រោះជាប់ដៃតោង ជួយទិញបរទេស។
ខ្មែរអ៊េីយភ្ញាក់ឡេីង កុំចេីងភ្លេចខ្លួន
សន្ដានសៀមយួន អង្រួនចង្កេះ
គេលបសម្លាប់ ស្លាប់ទាំងអ្នកចេះ
បញ្ឆោតឱ្យស្លេះ ទុកគេស្លស៊ី។
បេីស្នេហាជាតិ កុំទិញវាឆី
ដំណាំពេញដី ខ្វះអីរឿងជី?
ជួយកាប់ជួយគាស់ រាស់ភ្ជួរសំភី
ខ្មែរមិនខ្វះស៊ី បង្ហិនលុយកាក់។
សម្បត្តិត្រឹមចេក ដេកចាំគេជួយ
អ្នកខ្ជិលរលួយ ជួយបានម៉ាស្លាក់
ស៊ូបៀមគ្រាប់ស្លែង ថ្លែងពាក្យប្រត្យក្ស
ម្ចាស់គុកច្រវាក់ ដាក់តែម្ចាស់ស្រុក។
អំពិលឆុងស្ករ តក្ដោង តោងក្ដឹប
ដេីមដុះរាប់សិប ស្លឹបស្លុងផុងចុក
គេកាប់រំលេីង ប៉េីងអារក្ខខ្មុក
ចុងក្រោយសំកុក ចុកឈាមរឿងក្រ។
មហាសេដ្ឋី ពាក្យថ្មីគេស្រែក
អំណួតដូចក្អែក ស្ទេីរបែក ក្រឡ
ក្រឡុកពេញធឹង តឹងសរសៃ ក
ធាតុពិតអ្នកក្រ លាបពណ៌កាឡៃ។
អួតគ្នីអួតគ្នា បង្ហៀររឿងលក់
លុយក្បាលកន្ទក់ វក់វីរញ៉ៃ
ទូលក្ដិតសៀមយួន ពួនរស់ជាចៃ
រស់ទាំងចង្រៃ បំផ្លាញសាសន៍ឯង។
លឹម វីរីយ៉ា🌸
២៩ សីហា ២០១៩
រូបភាពចេកឆាប ចេកហាល នៅផ្សារទំនើប អ៊ីអនទី២ សែនសុខ ភ្នំពេញ ដែលគេយកមកពីប្រទេសសៀម
ចែករំលែករឿងនេះ (Share this):
សកវាទ៍ ឱ ផ្កាព្រលឹត!
ព្រលឹងបណ្ដូលចិត្ត គិតបណ្ដេីរ សេីចបណ្ដេីរ។
នឹកឃេីញរឿងរ៉ាវហោះហេីរ
ធ្លាប់ដាក់សំណេី ស្នេីសូមស្នេហ៍ស្មោះ។
សកវាទ៍ ឱ ផ្កាប៉េងប៉ោះ!
នឹករឿងអង្កាល់ណោះ ខុសអស់មួយគ្រា។
បេីសិនកាច់កិន ធានា
ច្បាស់រស់រមនា ជាដាច់រោគចិត្ត។
សកវាទ៍ ឱ ផ្កាស្រឡឹត!
នឹកឡេីងអាណិត ស្រណោះខ្លួនក្រៃ។
បេីដឹងថារស់រីងរៃ
ច្បាស់ជាអូនស្រី មិនខ្ចីឈឺទេ។
ផ្កាអ៊េីយ ផ្កាអរគីដេ!
អ្នកល្អម្លេះទេ គេលេីកដាក់ផេីង។
សកវាទ៍ ផ្កាផ្សិតចំបេីង!
អ្នកឫក្សចេីងរ៉េីង ឆ្មេីងឆ្មៃ ដេីរងេីយ។
ប្រយ័ត្នទាក់ស្មៅកន្ត្រេីយ!
ខ្ញុំប្រាប់ឱ្យហើយ ឆ្លេីយផងបេីយល់។
សកវាទ៍ ឱ ផ្កាម្ជុល!
ដកឃឹម និមល ជ្រុលជ្រួសហួសឆ្ងាយ។
សកវាទ៍ ឱ ផ្កាសារាយ!
អ្នកណាពាក់ផ្កាយ ចាំមេីលស្ដាយចន្ទ។
ផែនដី ផ្ទៃមេឃ កំណាន់
គូគេលានឆ្នាំ ផ្ដាំម្ចាស់ព្រលឹង។
សកវាទ៍ ឱ ផ្កាកំភ្លឹង!
សូមស្លេះត្រឹមហ្នឹង រឿងតឹងរឿងធូរ។
សកវាទ៍ ឱ ផ្កាចន្ធូ!
សរសេរយូរៗ ដូចជាយ៉ាកទៅ។
សកវាទ៍ ឱ ផ្កាម្រះព្រៅ!
ខ្ញុំលាហេីយពៅ នៅទៀតលែងបាន។
សូមមិត្តបានសុខគ្រប់ប្រាណ
សម្រាកសម្រាន្ត ក្សាន្តចិត្តរៀងអ៊េីយ។
———
លឹម វីរីយ៉ា🌸
២៤ សីហា ២០១៩
ខ្ញុំ និង បងស្រី “ទូចស្រី សុភា” ដែលគាត់ជាម្ចាស់ភោជនីយដ្ឋានវិហ្គោសាឡាដ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលខ្ញុំមិនចាំឈ្មោះអស់ គ្រាន់តែចាំច្បាស់បំផុត គាត់ជាសមាជិកា នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា។ រូបថតនេះ ថតនៅក្នុងថ្ងៃពីព៌ណគ្រឿងអលង្កានៅ កោះពេជ្រ ភ្នំពេញ
ចែករំលែករឿងនេះ (Share this):
រសៀលមេឃក្ដៅ អ្នកក្នុងអ្នកក្រៅ
ហួចហៅខ្សឹបដៀង ខ្លះភ្នក់លេងភ្នាល់
ខ្លះខ្វល់រឿងពាង ខ្លាចឥតទឹកភ្លៀង
ទុកលាងជេីងដៃ។
រសាប់រសល់ រសេីបហេីបដល់
រឿងទ័លចង្រៃ រឿងរាក់កំផែល
ខ្លះហែលលេីដី គេខ្សឹបម្សិលម្ង៉ៃ
អាល័យអ្នកស្ដាប់។
គេថាភ្លេីងខៀវ ពេលមាន់រងាវ
កញ្ជ្រៀវស្ទេីរស្លាប់ អ្នកណាឥតបុណ្យ
កុនការងាប់ឆាប់ ធ្វេីមនុស្សចំណាប់
គេចាប់ទៅចង។
គេខ្សឹបតិចៗ ប្រាប់ក្រោយថ្ងៃលិច
ក្ដិចភ្លៅថែមផង ភាពយន្ដសម្ដែង
គេក្លែងម្ដងៗ ល្ខោនស្នេហ៍អូនបង
ថេីបភ្លាមលង់ភ្លាម។
រឿងត្រូវទៅខុស រឿងស្រីនិងប្រុស
ច្រមុះចេញឈាម ស្នេហ៍រន្ទះបាញ់
ស្រឡាញ់រលាម ថេីបបឺតអង្កៀម
ត្រៀមទាក់អ្នកមេីល។
ស្នេហាចុះក្អួត គេលេងឆ្កួតៗ
អួតមនុស្សងងេីល ងងឹតងេងង៉ាង
អាងយ៉ាងគគ្រេីល ល្ខោនអស់អ្នកមេីល
ផ្អេីលរឿងថ្មីទៀត។
————-
លឹម វីរីយ៉ា🌸
២០ សីហា ២០១៩
រូបនេះថតជូនដោយ កូនប្រុសច្បងម៉ាក់យ៉ា កុមារា ជ័យបុត្រ នៅក្នុងរោងភាពយន្ត Major CinePlex ក្នុងផ្សារទំនើប Aeon Mall 2 ខណ្ឌសែនសុខ ភ្នំពេញ ម្ដុំៗជិតផ្ទះដែរហ្នឹងណា! ថតមុនចូលទៅទស្សនាភាពយន្តរឿង Angry Bird វគ្គ២ (កំដរអាប្រុសពៅទេចាស)
ចែករំលែករឿងនេះ (Share this):
កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ