Category Archives: កំណាព្យខ្មែរ

ខែដប់ ហប់ខ្យល់

១០កើត អស្សុជ ហុចភ្នែក ជ្រែកស្នេហា
ចង់តែផ្ញើសារ ប្រាប់ថា ជីវ៉ានឹក
តែទៅមិនរួច ព្រួចគិត ចិត្តញ័រក្អឹក
ភ្លេចបាយភ្លេចទឹក ភ្លឹកភ្លាំង គាំងនេត្រា។

រសៀលជ្រាលជ្រេ ទេរទន់ លន់តួមេឃ
ក្ដៅស្អុះខ្លាំងពេក ដេកថ្ងៃ ស្រមៃថា
បើមានភ្លៀងព្យុះ នុះច្បាស់ ម្ចាស់សីមា
ហុចឈោងហត្ថា វាចារ ស្រុះស្រួលគ្នា។

កណ្ដាលខែដប់ ហប់ឈឹង មិនដឹងខ្យល់
អស្សុជហុចកល់ ដល់គិត ខិតវេលា
ដល់ខែដប់មួយ ជួយចាំ ផ្ដាំផ្ដន្ទា
រឿងល្អរឿងជា គ្រប់គ្រា មិនសូវគ្រាំ។

អ្នកខ្លះគេឆ្ងល់ ពាល់ខុស ស្លុះបេះដូង
ស៊ើបការអន្ទោង លងលប ឈ្លបឡើងមាំ
ស៊ើបសួររកបក្ស ឆ្លាក់ឈ្មោះ ពីរោះហំ
មុខខ្ញុំនេះសម ទ្រាំបាន ក្សាន្តជានិច្ច។

ចង់ដឹងចង់ស្គាល់ ឆ្ងល់អី ពិសីបង?
អញ្ជើញផ្ដោះផ្ដង ឆ្លងឆ្លើយ កើយពាក្យពេចន៍
សាកសួរតួរង ឆ្គងឆ្គាំ ជាំបន្តិច
អ្នកកើតអ្នកលិច លបក្ដិច ប្រយ័ត្នបាប។
——–
លឹម វីរីយ៉ា🌸

ថ្ងៃ អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៨ ខែតុលា គ.ស. ២០១៩

រូបថតនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ខែមេសា ២០១៩

ទឹកជ្រៅតែងស្ងប់…

ខ្លែងហោះបានខ្ពស់​ ព្រោះកម្លាំងខ្យល់
មារយាទ​លាក់កល​ ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស​ ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ​ អាចឆេះផែនដី។

ទឹក​ជ្រៅតែងស្ងប់​ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច​ ប្រសាចសម្ដី
បេីទឹកត្រជាក់​ ជាក់ជាផ្ដុំត្រី
ពេចន៍​ផ្អែមមានន័យ​ ស្រីប្រុស​ប្រឡាញ់។

ពួកបក្សបីសាច​ ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ​ ជន្លបោះបាញ់
ទាត់​ចោលពាក្យព្រះ​ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់​ ប្រមាញ់គ្នាឯង។
————-
លឹម​ វីរីយ៉ា​🌸
០៥​ តុលា​ ២០១៩

ថតនៅស្រះចិញ្ចឹមត្រី ក្នុងចម្ការរបស់សាច់ញាតិបងសុមន្ថា បន្តចេញពីទីនេះទៅ គឺចម្ការអំពៅ ចម្ការដូង ចម្ការដំណាំហូបផ្លែជាច្រើន ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

សង្ឃឹមថ្ងៃមួយ…

ថ្ងៃ​លិចពព្លាក់​ ធ្លាក់​ក្រោយជេីងភ្នំ
ប្រចៀវប្រជុំ​ ងំហេីរពេញមេឃ
ពពកពពូន​ លូនចង់ក្រាបដេក
ចាំផ្កាយយូរពេក​ រែកពន់ទឹកភ្លៀង។

សម្រេចចិត្ត​ខុស​ ស្លុះស្លុងផុងផុយ
ផ្លូវយេីងដីហុយ​ ប្រថុយឡេីងផ្អៀង
ស្រុកគេជ្រេកង់​ ចង់ជិះហេីយច្រៀង
ថ្នល់ស្អាតឥតល្អៀង​ លាងល្អដោយចិត្ត។

សង្ឃឹម​ថ្ងៃ​មួយ​ ត្រួយផ្ការំដួល
គេដាំឡេីងទួល​ ឆួលលម្អងស្អិត
ថ្ងៃនោះមានមែន​ វេនអ្នកបណ្ឌិត
នឹងបានគ្រោងគិត​ ខិតពេចន៍ប៉ប៉ោច។

ស្រណោះស្រុកស្រែ​ នាខែអស្សុជ
បេីមានដៃហុច​ ប៉ុនសុចស្រមោច
ប្រហែលអាចច្នៃ​ ស្រមៃដល់ខ្លោច
ក្មេងក្មាងខ្លាចខ្មោច​ ហោចហិនអ្នកតា។

ខ្ញុំ​សូមបួងសួង​ លួងសូមព្រះឥន្ទ្រ
ដីខ្មែរថែចិន​ កាច់កិនលោកា
បូព៌ា​និរតី​ ស្ដីឈប់ប្រហារ
បារមីអស្ចារ្យ​ រក្សាម្ចាស់ស្រុក។
————-
លឹម​ វីរីយ៉ា​🌸
០៤​ តុលា​ ២០១៩

នៅច្រកទ្វារអន្តរជាតិច្រកភ្នំដិន ព្រំប្រទល់វៀតណាម កម្ពុជា ត្រង់ចំណុចខេត្តតាកែវ ក្នុងដំណើរត្រលប់មកពីកម្ពុជាក្រោមវិញ តាមរថយន្តក្រុងពេលយប់។ រូបនេះ តាមពិត គឺពេលព្រឹកម៉ោង ៧ ថ្ងៃរះទេ…

ព្រលឹមអុរនៅព្រះត្រពាំង

ព្រលឹមថ្ងៃរះ​ ជះដួងឆព្វណ្ណ
អរុណរួសរាន់​ ជាន់ពពកថ្លា
ភ្លៀងចង់ខ្ជាក់ហូរ​ ជំនោរតុលា
អ្នកស្រែយាត្រា​ ងេីបបំពេញកិច្ច។

អរុណសួស្ដី​ ពីព្រះត្រពាំង
ខេត្ត​ខ្មែរ​ជាប់គាំង​ ទាំងគេបំភ្លេច
សូមស្គាល់​តែសុខ​ មុខខ្ពស់ជានិច្ច
អ្នកកេីតអ្នកលិច​ កុំភ្លេច​គ្នាយេីង​។
————-
លឹម​ វីរីយ៉ា​🌸
០២​ តុលា​ ២០១៩

នេះជាកូនប្រុសពៅរបស់ម៉ាក់យ៉ា នៅក្នុងចម្ការពោត ក្បែរមាត់ព្រែក ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

ដងព្រែក…

ព្រឹកព្រាង​ថ្ងៃរះ​ ជះប៉ះចុងដួន
ចុះស្រែថែសួន​ ពួនតាមដងព្រែក
ជីវិត​ស្រុកស្រែ​ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក​ ទៅរែកអាចម៍គោ។

ខេត្ត​ព្រះ​ត្រពាំង​ ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ​ ដីដុះហួសអូរ
ខ្មែរ​លេីខ្មែរក្រោម​ ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ​ មកកូរគ្នាលេង។

លឹម​ វីរីយ៉ា​🌸
២៩​ កញ្ញា​ ២០១៩

នៅមាត់ព្រែក ក្នុងចម្ការពោតរបស់ឳពុកម្ដាយ បង សុមន្ថា ក្នុងភូមិបាយឆៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម

ទៅបុណ្យភ្ជុំឆ្លងស្រុក…

ភ្លៀងធ្លាក់មិនដាច់គ្រាប់​ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ​ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ​ វិសេសមហា
រីករាយក្នុងចិន្ដា​ ជ្រះថ្លា​កន្លង។

យេីងទៅបុណ្យភ្ជុំធំ​ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្ត​ឃ្លាំងពាំងថ្មភ្នំ​ មុំផ្លោះរបង
ជាតិ​ខ្មែរថែគ្នាផង​ ខ្ញុំឆ្លងទៅហេីយ។
————
លឹម​ វីរីយ៉ា​🌸
២៥​ កញ្ញា​ ២០១៩

ភ្ជុំបិណ្ឌនៅកម្ពុជា…

ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

រូបថតនៅផ្សារទំនើប Aeon Mall ទី២ ក្នុងទីក្រុងសែនសុខ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ថតដោយ កុមារា ព្រហ្ម ជ័យបុត្រ កូនច្បងរបស់ម៉ាក់យ៉ា

កម្មពៀរមានពិត…

កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។

កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។

កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។

កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។

កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។

កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩

រូបភាពយកមកពីក្នុងអ៊ីនធើណិត

កណ្ដាលរាត្រី…

កណ្ដាល​រាត្រី​ ស្រីគេងមិនលក់
ខ្ជិល​នៅទ្រមក់​ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស​ បេះទុកពីព្រឹក
ឈ្ងុយទ្រុប​ ងប់ភ្លឹក​ នឹកចង់ក្រហាយ។

គ្រឿងផ្សំ​ ហំហួន​ អង្រួន​ឱ្យ​ឃ្លាន
បាយឆ្ងាញ់លេីកពាន​ គ្មាន​អីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់​ កប់ទៅទាំងកាយ
កៀរគរ​អ្នកឆ្ងាយ​ ឱ្យ​ចេះស្ដាយស្រុក។

រាត្រី​សួស្ដី​ ចង្ក្រាន​ចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ​ ហៅសែនស្រណុក
ញ៉ាំ​ច្រើន​ស្រណោះ​ អង្គុយសំកុក
សោយរាជ្យ​សែនសុខ​ មុខក្នុងបង្គន់។
————-
លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

មិនមែនចេះតែថាទេ គឺពិតជាងើបមកលីងខ្ទឹមម្ទេសទាំងកណ្ដាលយប់មែន មិនដឹងជាកើតថីខ្ញុំ ឆ្ងល់ដែរ!!!

អាហារនិងការងារ…

សាយណ្ហ​រីករាយ​ លាយរឿងការងារ
ក្រោមភ្លៀងរងា​ គ្រាដែលភ្លេចទុក្ខ
ជំនោរ​ភទ្របទ​ សាងស្នេហ៍បរិសុទ្ធ
ផលល្អបំផុត​ ក្នុងដែនសុវណ្ណ។

នឿយកាយក៏ព្រម​ សូមឱ្យ​តែសុខ
ដីខ្មែរម្ចាស់ស្រុក​ ចុកមាត់​ម្ចាស់​ខណ្ឌ
កំណប់មាសប្រាក់​ ស្លាក់​ក្នុងដៃខ្មាន់
ខ្មុកស្រែ​កំណាន់​ ក្រវ៉ាន់លាស់ថ្មី។

សប្បាយ​នឹងហត់​ ឃាត់​ចិត្ត​មិនបាន
បេីកភ្នែកថ្មេីរម៉ាន​ បានដោយ​សិរី​
សម្រស់​រំដួល​ ឆួលក្លិនដូរដី
ផ្ដោះផ្ដង​អាល័យ​ ថ្ងៃ​មួយ​មិនខាន។

លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

ចានអាហារដែលមានសុទ្ធតែសាឡាដ ដែលខ្ញុំញ៉ាំបណ្ដើរធ្វើការងារបណ្ដើរជាមួយអ្នកមីង ឈឹម ម៉ាណាវី និង អ្នកមីង លឹម បុប្ផា នៅក្នុងហាងកាហ្វេ ប្រោន ទួលគោក ដើម្បីពិភាក្សាលើពង្រាងរចនាសម្ព័ន្ធដឹកនាំរបស់គម្រោង មាតុភូមិ ព្រលឹងខ្មែរ នៅក្នុងទីក្រុង ឃីងមែន រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក