Category Archives: កំណាព្យខ្មែរ

សំណោកបេះដូង

សំណោកបេះដូង

ផឹកស្រាតែងកាព្យ កំណាព្យគ្មាននយ័
ចុងជួនខ្លីៗ ស្រដីរ៉ាយរ៉ាប់
រាត្រីចន្រ្ទរះ មិនឈ្នះសាសព្ទ
រឿងគេមិនស្តាប់ ប្រាប់ចោលតាមខ្យល់។

តឹងទ្រូងស្ទើរបែក រហែកជាពីរ
អារម្មណ៍វក់វី មីរតែអំពល់
ខែណាឆ្នាំណា ទើបផុតសោកសល់
រលាយរំបល់ ខ្វល់ចិត្តរងកម្ម។

ស្នេហានៃយើង ផ្តើមឡើងដោយចិត្ត
ចងក្រងជាមិត្ត ស្និទ្ធគ្នារយឆ្នាំ
ចំណងគ្រួសារ មិនដែលប្រេះស្រាំ
ថ្ងៃនេះម្តេចកម្ម ស្រាំចិត្តលែងស្ងប់។

តើខ្ញុំខុសអ្វី ស្រដីបានទេ?
កុំបែរងាករេ ទេសនាបន្លប់
បើអ្នកអស់ចិត្ត ឬអ្នកចង់ក្បត់
ខ្ញុំក៏មិនឃាត់ ព្រាត់ក៏មិនថ្វី។

ទំពក់វារទៅ ទើបព្នៅវារមក
ហេតុផលក្នុងលោក ស្រាក់គ្នារញ៉ៃ
សុភមង្គលត្រូវបានប្រលយ័
ថ្ងៃនេះថ្ងៃថ្មី សូមសិរីកើត។
——————————

ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣

បេះដូងឯកា

បេះដូងឯកា

សំលឹងមើលមេឃ យល់មេឃងងឹត
តារាជុំជិតអែបអង់ចន្រ្ទា
ផែនដីតែមួយរស្មីចែកគ្នា
បំភ្លឺពសុធាពេលគ្មានសុរិយន័។

សម្លឹងខ្លួនឯងយល់ភាពឯកា
មិនមាននរណានៅក្បែរដូចចន្ទ្រ
បើអាចសុំបានមេឃមិនប្រកាន់
តារាលានពាន់ មួយគ្រាន់ជាគ្នា។

ចង់ឲ្យគេម្នាក់មកស្តាប់បេះដូង
កាន់ដៃសាសងផ្តោះផ្តងវាចារ
ផ្តល់កម្លាំងចិត្តលុះអស់សង្ខា
ដូចដួងតារាមិនដែលឃ្លាតចន្ទ្រ។

ពាក្យបីម៉ាត់សោះហាស្តីមិនរួច
ទ្រាំលាក់កំនួចបៀមទុកក្នុងចិត្ត
ចង់ស្រែកសារភាពឲ្យគេអាណិត
ទម្លាយការពិតឲ្យអស់ហ្មងសៅ។

លឹម វីរីយ៉ា
សៀមរាបថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៣

ផ្កាស្មៅ

ផ្កាស្មៅ

-សារជាតិផ្កាស្មៅ ដិតដាមក្រឡៅ ដោយនយ័មាក់ងាយ 
ខំលូតប៉ុណ្ណា ក៏ខ្ពស់មិនងាយ ធម្មជាតិពង្រាយ 
ឲ្យស្មៅតូចទាប។

-ខំដុះយ៉ាងល្អ ផ្កាស្មៅបវរ មិនបាច់ចាំថែ
រស់នឹងសន្សើម សាយពូជហូរហែ គង់វង្សឋិតថេរ
ចេរកាលរៀងរាយ។

-សម្លឹងឲ្យជិត មើលហើយពិនិត្យ ពិតឃើញសម្រស់
ផ្កាស្មៅតូចមែន តែល្អងត្រសុស ភូមរាចម្រុះ
ស្រុះគ្នាក្រវែល។

-ខុសអរគីដេ ខ្ពង់ខ្ពស់ម្លេះទេ គេដាំលើទ្រើង
គេថែថ្នាក់ថ្នម បីបមទំយើ ផ្កាស្មៅងើយលើ
មើលហើយស្លុតស្លុង។

-ថ្លែងពីសម្ផស្ស ផ្កាស្មៅឆោមស្រស់ សំរស់ល្អល្អះ
ទាស់តែគ្នាតូច មិនអាចឃើញច្បាស់ ដុះមីរដេរដាស់
ក្រាលក្រាស់លើដី។

-ឩ ព្រហ្មលិខិត ហេតុម្តេចកំរិត ឲ្យផ្កាអភព្វ័
ឈ្មោះជារុក្ខជាតិ តូចទាបពុំគាប់ វាសនាផ្សារភ្ជាប់
ជាប់ឈ្មោះនឹងស្មៅ។

លឹម វីរីយ៉ា

យប់ស្ងាត់បាត់ស្នេហ៍

យប់ស្ងាត់បាត់ស្នេហ៍

យប់យន់ស្ងាត់ឈឹងព្រលឹងទៅណា
បាត់ទាំងវាចារធ្លាប់ផ្តាំតាមខ្យល់
ថ្ងៃលិចមិនទាន់ ចាប់ផ្តើមមានកល
បង្វិលឲ្យខ្វល់ឆ្ងល់ស្ទើរមរណា។

យប់ស្ងាត់ណាស់ហើយនៅឡើយតែខ្ញុំ
រវាមច្រិមច្រុមម្តុំវេរ៉ង់ដា
ទៅមុខទៅក្រោយមិនដឹងទៅណា
ឬមួយជីវ៉ាភ្លេចផ្លូវចូលផ្ទះ?

កាលគ្រាក្រក្រីគ្មានអ្វីឲ្យហ្មង
ផ្អែមល្ហែមសាសងក្រងដោយតេជៈ
ពេលមានលុយច្រើនបងប្រែហ៊ឹកហ៊ាក់
ផ្តើមចេះគេចផ្ទះ ស្នេហាអស់នយ័។

យប់យន់ត្រជាក់ខ្យល់ធ្លាក់ពីជើង
អនុស្សាយើងហាក់នៅថ្មីៗ
ប៉ុន្មានឆ្នាំសោះបងចេះបំភ្លៃ
កុហក់អូនស្រីគ្មានថ្ងៃទំនេរ។

យប់ជ្រៅណាស់ហើយកូនអ្ហើយគេងទៅ
ដាក់ក្បាលកើយភ្លៅម៉ែច្រៀងបំពេរ
នៅផ្ទះយើងគ្មានខារ៉ាអូខេ
ទើបប៉ាចង់ជ្រេ ថេរក្រៅវាល្ហើយ។

គេងទៅៗអាពៅកូនម្តាយ
ញាតិមិត្តជិតឆ្ងាយលង់លក់អស់ហើយ
ចាំមាន់រងាវម៉ែងើបគោះខ្នើយ
បញ្ចុកបាយត្រាណត្រើយហើយម៉ែទៅផ្សារ។

រាត្រីសួស្តីញាតិមិត្តបងប្អូន
លិចកើតជើងត្បូងគ្រប់ទ្វីបលោការ
សូមសុបិន្តល្អនិន្រ្ទាសុខា
កុំឲ្យឈឺផ្សានឹកស្នេហ៍ដូចខ្ញុំ។

រាត្រីសួស្តីពីកម្ពុជា
សៀមរាបរមនា អង្គរសុខុម
ផ្ញើរដួងចិត្តស្មោះដល់ប្រុសឫកហំ
រាត្រីភ្លៀងធំ សុំស្នេហ៍វិលវិញ។

លឹម វីរីយ៉ា