Category Archives: កំណាព្យខ្មែរ

ញញឹមម្នាក់ឯង…

ស្រណោះជេីងធ្មេញ​ អូនស្ញេញតែឯង
ញញឹម​ផ្កាត្រែង​ បែកផ្សែងពេញផ្សារ
ឆ្នាំ​ចាស់​ជិតដាច់​ បណ្ដាច់សន្យា
មិនឃេីញចៅមហា​ ចរចាចូលស្ដី?

ស្រណោះជេីងសក់​ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង​ ចម្រុង​សួស្ដី​
រដូវ​រងា​ ដូចជាឥតន័យ
អាឡោះអាល័យ​ ដៃលាក់ក្រោយខ្នង។
——-
លឹម​ វីរីយ៉ា​🌸
២២​ ធ្នូ​ ២០១៨

Viriya's Smile

បាយផ្ទះខ្ញុំ…

មកលេងផ្ទះខ្ញុំ ម្ដុំវត្តចក
មានទាំងបាយកក សាច់ក្រកអាំង
សម្លនៅក្ដៅ ខ្មៅគូទឆ្នាំង
ប្រហុកម្ទេសខ្មាំង បាំងស្លឹកជីរ។

មានទាំងម្ជូរក្ដាត ក្ដឹបចង្វា
ទឹកគ្រឿងអ្នកផ្សារ ឆាត្រួយផ្ទី
ស្អំចៀនពងទា បវេណី
អន្លក់ញាំញី ទីរឭក ។

បើបានមកលេង ក្មេងឬចាស់
ធានាមិនផ្លាស់ ច្បាស់ជាភ្លឹក
ម្ចាស់ផ្ទះដាក់ស្នេហ៍ ថែល្ងាចព្រឹក
សម្បត្តិបាយទឹក នឹកលុះក្ស័យ។
_________
លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំចរ សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃ២៤ ខែធ្នូ គ.ស ២០១៨

បាយផ្ទះខ្ញុំ

រាងរលុង…

រលីងរលោង​ អាវរលុង
រលាកជង្គង់​ ជង់ចង្កា
ភ្នែករូងរីងរៃ​ រំពៃថា
គង់មានថ្ងៃណា​ ថ្លាថ្លឹងថ្លែង។

រលេីបរលាក់​ ធ្លាក់​ជង្ហុក
ញញឹម​ចេញមុខ​ ទុក្ខតែឯង
រញីរញ័រខ្ទ័រ​ ហុយផ្សែង
ប្រាប់ថាចម្បែង​ គេមិនជឿ។

រលេះរលួយ​ រួយជេីងដៃ
រលាស់ហាលថ្ងៃ​ ស្បៃជំនឿ
បុរាណ​ចារទុក​ ចុកខ្លងតឿ
បេីអ្នកមិនជឿ​ សួរខ្មោចទៅ! 
——-
លឹម​ វីរីយ៉ា​🌸
23/12/18

កត្ដិក​ឆ្លើយឆ្លង

កត្ដិក​ដល់ហើយ​ ឆ្លើយតប​ផង
កុំឱ្យចិត្តប៉ង​ ឆ្លងផុតត្រើយ
ខ្យល់​បក់ស្រុកយើង​ មិនសូវល្ហើយ
ទាល់តែចិត្តស្បើយ​ ខ្នើយ​កល់​ខ្នង​។

ឆ្នាំមុន​ទឹក​ធំ​ ម៉ុមធីងធោង
ចំប៉ា​ដាច់​ទង​ យោងសក់ចង
ឆ្នាំនេះរាងស្ងប់​ ថប់​កន្លង
ផ្កា​ក្រៅរបង​ សុទ្ធ​កុលាប​។

ស្រុកខ្មែរថែកេរ​ កេរ្តិ៍​រន្ទឺ
ហៅអ្នកមិនឮ​ ព្រឺព្រួយបាប
ប្រយ័ត្ន​ខ្ញុំខឹង​ តឹងដរាប
ទោះអ្នកមកក្រាប​ គង់មិនព្រម។

កត្ដិក​ដើមខែ​ ថែគ្នាផង
ក្រែងក្មេងលួចប៉ង​ ឆ្លងលួងលោម
ពេលនោះអ្នកចាស់​ ច្បាស់​ជាទ្រម
កម្ម​ពៀរផិនញោម​ ជួយមិនរួច។
———
លឹម​ វីរីយ៉ា​🌸

ថ្ងៃ​សុក្រ​ ២កើត​ខែ​កត្ដិក​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២ត្រូវ​នឹង​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ គ.ស​ ២០១៨

45724992_10215894483891423_92042003851771904_n

ទន្លេ​មុខបួន

ទន្លេ​មុខបួន​ ពួនលាក់ទ្រព្យ
លាក់ទាំងកំណប់​ ផ្គាប់​ទេវតា​
ដូចមេឃលួចលាក់​ ធ្នាក់​ស្នេហា
ទ្រនាប់ចិន្ដា​ ត្រា​ទុក​ចិត្ត​។

លឹម​ វីរីយ៉ា​🌸
១១​ ១១​ ២០១៨

45779339_10215910286886488_6042876568651431936_n

កំពង់ដរ…

មើលឃើញទឹកស្អុយ​ ស្លុយ​អារម្មណ៍​
ដីស្អិត​ដិតជ្រាំ​ ខំ​ត្រដរ​
ទឹកហូរអ្នកមាន​ ប្រៀនអ្នកក្រ
អមកំពង់ដរ​ រង់ចាំស្ពាន។

មើលឃើញដីខ្មៅ​ ដៅក្រោមទឹក
ក្រាលក្អែលល្ងាចព្រឹក​ នឹកអ្នកស្មៀន​
ប្រដៅកោកៗ​ ក្រោកមករៀន
ទន្ទេញ​របៀន ឈានរុងរឿង។

មើលឃើញទឹកហូរ​ ថ្ងូរ​ប្រាប់មេឃ
ទ្រហោយូរពេក​ ស្លេកឡើងកឿង
សាឡាង​ខំកល់​ ដល់ឆ្លងមឿង
បើអ្នកចិត្តសឿង​ សង់ស្ពានផង!
———
លឹម​ វីរីយ៉ា​🌸
ភ្នំពេញ​ ១១​ វិច្ឆិកា​ ២០១៨

46102166_10215910565213446_7644941851580956672_n

ខួបកំណើតបងសូលីដា

ផុសត៍យឺតបន្តិច​ ច្បិច​នាទី​ ស៊ីអារម្មណ៍​
ញញឹម​សែនសម​ ចំថ្ងៃកើត​ ខ្នើតកត្ដិក
ខួបសូលីដា​ សារជូនពរ​ ហ៊ោ​កក្អឹក​
ត្រេកអរ​សន្ធឹក​ នឹកសាសង​ ក្រងសម្ដី។

រីករាយ​ខួបកើត​ ឆើតពិសី​ ស្ត្រី​ខ្លាំង​
សូមឱ្យចេញច្បាំង​ ចាំងពណ្ណរាយ​ លាយ​សិរី
ស្គាល់​តែជ័យជោគ​ យកមិនអស់​ ប្រោស​ផែនដី​
ឈ្នះដោយប្រិមប្រិយ​ យសសួស្ដី​ ន័យ​ស្ដុកស្ដម្ភ​។

ដប់ប្រាំវិច្ឆិកា​ សាទរ​ផង​ ល្អង​ជីវិត
ថ្ងៃ​កំណើត​ពិត​ ដិតទាំងខែ​ ស្នេហ៍​សក្ដិសម​
អរគុណ​ម្ចាស់​ខួប​ ជួបស្គាល់គ្នា​ គ្រាប្រណម
ប្រណីត​ក្រិត្យក្រម​ សមគ្រប់គ្រាន់​ ជាន់ព្រំមាស។
———
​Happy Birthday 🎊🎂 to You H.E Solida Chhaiychanrithy

លឹម​ វីរីយ៉ា​🌸

46452222_10215943612479607_7121578693331255296_n

រឿងបើកឡាន…

ម្ង៉ៃ​ៗខាតពេលនឹងរឿងបើកឡាន
រឿងអស់សាំងប៉ុន្មានដូចមិនសូវគិត
ប៉ុន្តែ​រឿងធំប្រចាំជីវិត
គឺកើតរោគចិត្ត​នឹង​រឿង​ស្ទះផ្លូវ។

បើកទៅបើកមក​ ដូចកន្ថោវិល
ម្ដងៗ​ឡើងខ្ជិល​ លែងចង់តម្រូវ
បើមានលុយច្រើន​ ជួលតៃកុងមួយឥលូវ
រោគចិត្តក៏មិនសូវ​ នៅយូរក្នុងកាយ។
——-
លឹម​ វីរីយ៉ា​🌸

១៩ វិច្ឆិកា ២០១៨

46511147_10215973091456563_4237468545878851584_n

ត្រាច់ចរ…

ចាស់ព្រេងចាស់ព្រឹទ្ធ​ ពិតទូលថា
កុំរស់ដោយសារ​ អាហារស្មូម
ចេញចរស្វែងរក​ យកឱ្យល្មម
មួយរស់ក៏ព្រម​ លោមអាត្មា។

ត្រាច់ត្រឹកព្រឹកល្ងាច​ ស្ងៀចដោយញើស
ម្នាក់​ឯងមិនទើស​ ល្មើសអ្នកណា
រីករាយ​នឹងរស់​ ឈ្មោះ​ហៅថា
លឹម​ វីរីយ៉ា​ ចារត្រាទុក។
_______
V I R I Y A – L I M 🌸

November 16, 2018

46453100_10215973092856598_2750793151403786240_n

ជួបជុំមិត្តភក្ដិចាស់ៗ

ញ៉ាំ​បាយជួបជុំ​ ពួកម៉ាក​ចាស់
រីករាយ​ខ្លាំង​ណាស់​ ខះសំឡេង
សំណើច​ក្អាកក្អាយ​ សប្បាយ​លេង​
បាញ់គ្នាផ្អើលគ្រេង​ រែង​ពាក្យ​ពិត​។

មានអ្នកមុខចាស់​ ខ្លះនៅក្មេង
ខ្លះមិនបានគេង​ ព្រោះ​ចង់​ស្និទ្ធ​
ក្រសាលឆាលឆើត​ ផ្តើតដួងចិត្ត
ឆ្លៀតរាយ​មន្តស្អិត​ ដិត​មុនបែក។

គេបង្អាប់ខ្ញុំ​ ផ្លុំតែកាព្យ
សំណេរកំណាព្យ​ ស្លាបរហែក
រហេនរហន់​ បន់ឱ្យស្អែក
បានឡើងយន្ដដែក​ ហោះទៅវិញ។

ម្ភៃ​ប្រាំឆ្នាំប្លាយ​ ក្លាយ​ពីមុន
តាំងពីតូចតន់ ប៉ុនគ្រាប់រំដេញ
បានចងជាមិត្ត​ ចិត្ត​រមេញ
រមួលឆួលវេញ​ ចេញតែ​ខ្យល់។

មិត្តអ៊ើយ! ឥលូវ​ យើងចាស់អស់
ឯងនៅកម្លោះ​ សោះឥតខ្វល់
សង្ឃឹម​ឆ្នាំ​ក្រោយ​ ដោយបន្ទាល់​
ជួបគ្នាវ៉ល់ៗ​ កល់កិច្ចការ។

ជូនពរដំណើរ​ ហើរត្រលប់
បានពើបប្រសព្វ​ តែសុខា
មួយឆ្នាំជួបម្ដង​ ចងអក្ខរា
ក្រងអនុស្សារ​ ចារប្រវត្តិ។
———
លឹម​ វីរីយ៉ា​🌸
​ភ្នំពេញ​,​ ២០​ វិច្ឆិកា​ ២០១៨