បុណ្យមាឃបូជា (កំណាព្យបទ៨ព្យាង្គ)

មាឃពេញបូណ៌មីប្រពៃខ្ពង់ខ្ពស់
រឭកនឹកឆ្ពោះដល់ពុទ្ធសាសនា
ថ្ងៃដែលព្រះអង្គចេញផ្សាយគោលការណ៍
ដប់មួយប្រការ “ឱវាទបាដិមោក្ខ” (១) ។

ច្នេះពុទ្ធបរិស័ទ សូមឱនគារវៈ
វន្ទាស្មោះស្ម័គ្រព្រមទទួលយក
ដើរតាមលំអានព្រះវិសុទ្ធលោក
រីករាយបង្កូកប្រកាស ចតុរង្គ (២)។

រឭកថ្ងៃបុណ្យហៅ “មាឃបូជា”
កូនខ្មែរគ្រប់គ្នាសូមថ្វាយបង្គំ
មានទៀនធូបផ្កាបូជា ជាធំ
តាំងសីលឱ្យងំឱ្យដល់និព្វាន។

សូមបានចាកផុតវាលវដ្ដសង្សារ
វែងឆ្ងាយក្រៃណារកស្ងប់ផងគ្មាន
សូមរតនត្រៃ ច្នៃធ្វើជាស្ពាន
ឆ្លងគ្រប់ជំហានមានតែសន្តិ។

សូមពុទ្ធសាសនាស្ថិតនៅអមតៈ
ជាធម៌ប្រត្យក្ស ពេញដោយគតិ
អប់រំមនុស្សលោកឱ្យលះអស្មិ
ទុក្ខំ នត្ថិ ចិរស្សំ (៣) បាំងកើយ។

សូមអធិដ្ឋានដល់ ទសបារមី (៤)
ដ៏អស្ចារ្យក្រៃគ្មានអ្វីប្រៀបឡើយ
សូមភពនៃមនុស្សបានឈានដល់ត្រើយ
មាឃបូជាហើយ ឆ្លើយថា សាធុ!
_________
វិរិយា🌸

ថ្ងៃអង្គារ៍ ១៥កើត ខែមាឃ ឆ្នាំមមី ឆស័ក ព.ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ៣ ខែ កុម្ភៈ គ.ស. ២០១៥
________
#ពន្យល់វាក្យស័ព្ទ

(១) “ឱវាទបាដិមោក្ខ” គោលការណ៍ទាំង១១ប្រការដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់បានប្រកាសឱ្យមនុស្សលោកយកទៅអនុវត្តដើម្បីសេចក្ដីសុខក្នុងជីវិត។
(២) មកពីពាក្យ “ចតុរង្គសន្និបាត” មានន័យថា៖ ការប្រជុំដោយអង្គ៤ របស់ព្រះសម្មាសម្ពុទ្ធ គ្រប់ព្រះអង្គដើម្បីទ្រង់សម្ដែងនូវ “ឱវាទបាដិមោក្ខ”។
(៣) ទុក្ខំ = សេចក្ដីលំបាក ទុក្ខព្រួយ / នត្ថិ = ដែលគ្មាន / ចិរស្សំ = យូរលង់ជាអង្វែង រៀងរហូត
(៤) “ទសបារមី” គឺបារមីទាំង១០ មាន៖ ១.ទានបារមី ២.សីលបារមី ៣.នេក្ខម្មបារមី ៤.បញ្ញាបារមី ៥.វិរិយបារមី ៦.ខន្តិបារមី ៧.សច្ចបារមី ៨.អធិដ្ឋានបារមី ៩.មេត្តាបារមី ១០.ឧបេក្ខាបារមី។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឱ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ។

Leave a comment