Tag Archives: Viriya Lim

តើការប្ដូរពីគណនីហ្វេសប៊ុគធម្មតា ទៅជាគណនីហ្វេសប៊ុគ Professional Mode មានផលប៉ះពាល់អ្វីខ្លះ?

Professional Mode នៅក្នុងផលិតផល Facebook នៃក្រុមហ៊ុន Meta ត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់តាំងពីខែធ្នូឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែកាលណោះ ក្រុមអ្នកបច្ចេកទេសដាក់ឱ្យតែ Account អ្នកប្រើប្រាស់ទាំងឡាយណាដែលជា Creators សម្រាប់ពួកគេរកប្រាក់ចំណូលពីការច្នៃប្រតិដ្ឋ បង្កើត Features ថ្មីៗនៅក្នុង Facebook តែប៉ុណ្ណោះ។ លុះ១ឆ្នាំក្រោយមក ពោលគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ទើបទម្រង់មួយនេះ ត្រូវបានដាក់ប្រកាសឱ្យប្រើប្រាស់ជាទូទៅ។

មិត្តអ្នកអានប្រហែលជានៅចងចាំបាន ព្រឹត្តិការណ៍ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ គ្រាន់តែមួយយប់សោះ អ្នកប្រើ Facebook គ្រប់គ្នាបាត់អ្នកតាមដាន (Followers) អស់ នៅសល់តែម្នាក់ជាង 9K (៩ពាន់) នាក់ (សម្រាប់អ្នកដែលមាន Followers លើសពី 9K) ប៉ុន្តែអ្វីៗក៏ត្រលប់មកដូចដើមវិញ នៅ១២ម៉ោងបន្ទាប់។ មូលហេតុនៃបញ្ហា កាលណោះ គឺដោយសារតែកំហុសបច្ចេកទេសបន្តិចបន្តួចរបស់ក្រុមអ្នកជំនាញ ដែលកំពុងស៊កបញ្ចូលកម្មវិធី Professional Mode នេះឯង។ លុះវាដំណើរការជាប្រក្រតីមកវិញបានបន្តិច យើងក៏ចាប់ផ្ដើមសង្កេតឃើញថា ចំនួន Followers នៃគណនីឯកជនធម្មតា និង គណនី FB Page ចាប់ផ្ដើមបង្ហាញឱ្យឃើញនូវតួលេខ ដកថយចុះ ម្ដងបន្តិចៗ ជារៀងរាល់ថ្ងៃ។ ហេតុអ្វី?

ព្រោះថា ក្រោយពេលមាន Feature នេះហើយ អ្នកប្រើប្រាស់បានចុច ផ្លាស់ប្ដូរ គណនី ខ្លួនឯងពី Personal Profile ទៅជា Professional Mode។ ក្រោយពេលគណនីបានដូរទៅជា Professional Mode វាបានលោតបង្ហាញចេញនូវតួលេខនៃបញ្ជី Followers និង Following (ដូចគ្នានឹង Instagram ដែរ) នៅជួរលើបំផុត។ ហើយអ្នកប្រើប្រាស់ ក៏ចាប់ផ្ដើមចុចចូលទៅមើលឈ្មោះបញ្ជីនៃបុគ្គលឬស្ថាប័ននានា ដែលគេបានចុចតាមដានកន្លងមក តែមិនដែលឃើញលោតព័ត៌មាន។ (រឿងនេះវាស្មុគស្មាញនឹងពន្យល់ណាស់ ថាហេតុអ្វីយើងចុចតាមដានហើយ ប៉ុន្តែនៅតែមិនឃើញព័ត៌មានលោតចូលក្នុង New Feeds។) ម្ល៉ោះហើយ ម្ចាស់គណនី ក៏ចាប់ផ្ដើមបោសសម្អាតដោយខ្លួនឯងម្ដងបន្តិចៗ និងជារៀងរាល់ថ្ងៃ ពីគ្រប់ទិសទី ជាហេតុធ្វើឱ្យចំនួនតួលេខ Followers ទាំងខ្ញុំ ទាំងគេ មានដំណកថយម្ដងបន្តិចៗដែលអាចកត់សម្គាល់បាន។

ជាក់ស្ដែង ខ្ញុំខ្លួនឯង ធ្លាប់បានសាកល្បងផ្លាស់ប្ដូរ ពី Personal Profile ទៅជា Professional Mode ដែរ ហើយឃើញថាបញ្ជី Following របស់ខ្ញុំមានដល់ទៅ 1.5K លុះចូលទៅមើល ទើបដឹងថាភាគច្រើន ជា Pages ដែលខ្ញុំហាក់មិនចងចាំ មនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ និង ឈ្មោះគណនីប្លែកៗជាច្រើនផ្សេងទៀត ទើបខ្ញុំសម្រេចចិត្តលុបចេញវិញ នៅសល់តែប្រមាណជាជិត ៥០០ គណនី តែប៉ុណ្ណោះ ដែលភាគច្រើនជាទំព័រផ្ដល់ព័ត៌មានសំខាន់ៗ និងមានប្រយោជន៍ ដែលខ្ញុំចង់ឃើញនិងចង់អានរាល់ថ្ងៃ។

គិតមកទើសនឹងពេលនេះ (ខែកុម្ភៈ ២០២៣) កម្មវិធីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ មានន័យថា ស្ថាបនិកក្រុមហ៊ុន Meta, Mark Zuckerberg ក៏មិនទាន់ម៉ឺងម៉ាត់១០០% ថានឹងដាក់រហូត ឬដកចេញវិញនូវពេលណាមួយឡើយ គេត្រូវរង់ចាំលទ្ធផលរយៈពេល១ឆ្នាំយ៉ាងតិចជាមុនសិន ដើម្បីអាចដឹងពីសន្ទុះប្រែប្រួល និងវិបាកនានាដែលនឹកស្មានមិនដល់។

ឥលូវយើង មកដឹងវិញថា តើការសម្រេចចិត្តផ្លាស់ប្ដូរគណនីហ្វេសប៊ុគ ពីធម្មតា ទៅជាបែបផ្លូវការ ឬហៅថាបែបវិជ្ជាជីវៈ មានផលប៉ះពាល់អ្វីខ្លះ ដល់អ្នកប្រើប្រាស់?

ក្រុមហ៊ុន មេតា តាមពិតកំពុងដើរលើគំរូអាជីវកម្ម “C2C” គឺយកអ្នកប្រើប្រាស់ ធ្វើជាអ្នកលក់និងអ្នកទិញផ្ទាល់តែម្ដង ដោយមិនចាំបាច់មាន Page បន្ថែមមួយទៀត នាំតែឈឺក្បាលដូចលើកមុន។ ដូច្នេះការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធម្មតា ប្ដូរគណនីទៅជា Professional Mode នឹងអាចជួយដល់ ម្ចាស់គណនី ដែលមានចំនួន Followers ច្រើនស្រាប់ (ចាប់ពី ១ម៉ឺននាក់ឡើង) មានមាតិកាល្បីៗស្រាប់ (ដែលមិនបានចម្លងពីគេ) អាចរកប្រាក់ចំណូល (Monetize) បានយ៉ាងងាយស្រួលពី Ads ផ្សាយពាណិជ្ជកម្មផ្សេងៗដែលវានឹងលោតចូលមកក្នុងប៉ុស្ដិ៍ដែលយើងដាក់ផ្សាយ។ និយាយងាយស្ដាប់យល់ គឺអាចរកស៊ី រកលុយកាក់បានស្រួលជាងមុន។ ហើយ ក្រាហ្វិក របស់ហ្វេសប៊ុគ ក៏ទាញគំហើញ នៃគណនីយើង ឱ្យសាធារណជនបានឃើញរឹតតែល្អជាងមុនដែរ។ ទាំងនេះហើយ ជាអត្ថប្រយោជន៍ ដ៏ល្អក្នុងការប្ដូរពីគណនីឯកជនធម្មតា ទៅជាគណនីវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក៏ដោយ បើពិចារណាទៅដល់គុណវិបត្តិរបស់វា ក៏មិនអត់ដែរ។ ប្រសិនបើ លោកអ្នកប្រើប្រាស់ កំពុងតែមាន Page ស្រាប់ ខ្ញុំសូមណែនាំថា កុំអាលប្ដូរ Personal Account ទៅជា Professional Mode នៅពេលនេះអី ព្រោះថា៖

ប្រសិនបើយើងដូរពី គណនីឯកជន ទៅជាគណនីរកស៊ី គឺគ្រប់ព័ត៌មានដែលយើងបង្ហោះចេញ នឹងលែងមានឯកជនភាពតទៅទៀតហើយ (ក្នុងករណីដែលយើងនៅចង់រក្សាឯកជនភាពក្នុងក្រុមគ្រួសារ)។ Professional Mode នឹងទាមទារឱ្យយើងបង្ហោះគ្រប់យ៉ាងជាសាធារណៈ ដែលពេលខ្លះព័ត៌មានផ្ទាល់ខ្លួនដូចជា រូបថតកូនចៅ ឬសកម្មភាពក្នុងផ្ទះសម្បែង ក៏លែងក្លាយជាឯកជនដែរ។ រឿងនេះវាប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនមួយចំនួន ប្រសិនបើយើងជាប្រភេទអ្នកប្រើដែលបង្ហោះមិនចេះពិចារណាវែងឆ្ងាយ។

គុណវិបត្តិមួយទៀត គឺ ប្រសិនបើកន្លងមកគណនីរបស់យើង ធ្លាប់យករូបថតពីប្រភពផ្សេងៗមិនដឹងទិសតំបន់ វិដេអូផ្សេងៗដោយគ្មានការអនុញ្ញាតិសិទ្ធិ យកមកដាក់បង្ហោះ (ទោះជាតាំងពីយូរណាស់មកហើយក៏ដោយ) យើងនឹងទទួលបានពាក្យបណ្ដឹងដោយស្វ័យប្រវត្តិ ក្រោយពេល Switch Account ទៅជា Professional Mode ភ្លាមៗ។ មានន័យថា ប្ដូរចូលគន្លងផ្លូវរកស៊ីហើយ តែនៅតែរកស៊ីមិនបានដដែល ហើយជាប់ឈ្មោះក្នុងបញ្ជីក្រហមរបស់ Meta ថែមទៀត (បញ្ជីក្រហម ជាបញ្ជីឈ្មោះម្ចាស់គណនីណា ដែលរំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងប្រព័ន្ធ Meta)។

ក្រោយពេលក្លាយជា Professional Mode អ្នកមិនអាចបង្ហោះអ្វីៗទៅតាមតែចិត្តនឹកឃើញដូចមុនទៀតឡើយ ព្រោះពាក្យថា Professional ប្រែថា វិជ្ជាជីវៈ ហើយដើម្បីគោរពគោលការណ៍វិជ្ជាជីវៈបាន យើងត្រូវបានគេដកហូតសិទ្ធិច្រើនខ្លាំងណាស់ ស្រួលមិនស្រួល អាចនឹងត្រូវបានគេប្លុកគណនី ប្រើលែងកើតផងក៏ថាបាន។

ចំណុចគួរជាទីខកចិត្តមួយទៀត គឺថា ក្នុងក្បួនរកស៊ីរបស់ក្រុមហ៊ុនបណ្ដាញសង្គម មួយណាក៏ដូចមួយណាដែរ បើកាលណាគេជួយរកប្រាក់ចំណូលឱ្យយើង វាលុះត្រាតែយើងបង់ពន្ធផាស៊ីឱ្យគេវិញដែរ។ ប្រសិនបើយើងធ្លាប់កាន់ Page យើងយល់ហើយ។ ដើម្បីមាន Views ច្រើនៗ វាទាល់តែយើងប្រើលុយ ហើយបើគ្មានលុយទេ វាទាល់តែយើងជាកំពូលអ្នកបង្កើតគំនិតប្លែកៗ ដែលគេហៅថា Creative Content។ ហើយយើងមិនអាចលួចចម្លងគេផ្ដេសផ្ដាសបានទេ គ្រោះថ្នាក់ណាស់!

ពីរបីខែនេះ តាំងពីក្រុមហ៊ុន Meta ដាក់ឱ្យប្រើប្រាស់ Feature មួយនេះ សង្កេតឃើញថា មាន Friends ខ្ញុំជាច្រើនបានផ្លាស់ប្ដូរគណនីទៅជា Professional Mode រួចហើយ។ ប្រសិនបើចោទសួរទៅពួកគេថា តើមានបានលុយកាក់ខ្លះហើយឬនៅពីការផ្លាស់ប្ដូរនោះ? ឬក៏ឃើញគេប្ដូរ ក៏ចេះតែប្ដូរតាមតែគ្នាទេ?

ជាថ្មីម្ដងទៀត! យោបល់ខ្ញុំ ប្រសិនបើលោកអ្នកកំពុងមាន Page សូមកុំប្ដូរ Personal Profile ចេញអី ព្រោះ យ៉ាងហោចណាស់ យើងអាចបែងចែកកិច្ចការងារផ្សេងៗដាច់ដោយឡែកពីគ្នា រឿងរកស៊ី រឿងផ្ទះសម្បែង ក្រុមគ្រួសារ ឱ្យមានសុវត្ថិភាពពី Cyber Crime។ ហើយមួយទៀត ស្ថាបនិកនៃក្រុមហ៊ុនយក្សនេះ ក៏មិនទាន់បានបង្កើត License Agreement អីជាមួយនឹងយើងនៅឡើយដែរ ដូច្នេះគេចង់បិទវិញថ្ងៃណា ក៏គេអត់ខុស។ ខ្វះអី Feature ល្អលេងម៉ាគំនរ ដាក់ហើយ ដកចេញទៅវិញបាត់អស់ ដូចជា ស៊ុមរូបថតប្រូហ្វាល (Profile Photo Frame) វិដេអូប្រូហ្វាល (Video Profile) ដូចជា ស្ទីកឃើរសញ្ញាអរគុណ (Thank you reaction) ផ្ទាំងសរសេរដូចប្លក់ (Note) … ។ល។​ ដែលពីមុនមានប្រើ ឥលូវគេដកវិញអស់។ សូម្បីតែសញ្ញាគ្រីសពណ៌ខៀវ (Blue Tick) ដែលបាន Verified ឱ្យគេហើយនោះ ក៏ឥលូវគេប្រកាសទារលុយបង់ប្រចាំខែដែរ។ ដូច្នេះឃើញថា គ្មានអ្វីទៀងទាត់ជាទីទុកចិត្តទេ។ ហ្វេសប៊ុគទាំងមូល ប្រែប្រួលតាមកម្សួលចិត្តដឹកនាំរបស់បុរសវ័យក្មេងម្នាក់ទេតើ!

ហើយអ្វីដែលខ្ញុំចង់បន្ថែមចុងក្រោយ គឺ ក្នុង Page ដែលយើងប្រើសព្វថ្ងៃ មានប្រព័ន្ធប្រតិបត្តិការដែលមានសុវត្ថិភាពខ្ពស់ក្នុងការ ការពារយើងពីអំពើចោរកម្ម Hack លុយចេញពីគណនីធនាគារ។ ប៉ុន្តែនៅក្នុង Personal Profile ធម្មតានោះ អត់មានទេ។ ហើយខ្ញុំធ្លាប់មានបទពិសោធរបូតលុយអស់ $25 ម្ដង ពីក្នុង Personal Profile ដោយគ្រាន់តែចុចលើព័ត៌មានគ្រោះរញ្ជួយដីនៅប្រទេសមួយ (ខ្ញុំភ្លេចហើយកាលពីពីរបីឆ្នាំមុន) ដែលគេផ្សាយថា សូមជួយសង្គ្រោះមនុស្សទុរ្ភិក្សដោយសារគ្រោះធម្មជាតិ។ ដំបូងឡើយខ្ញុំប្រុងចូលទៅអាន តែមិននឹកស្មានថា គ្រាន់តែចុចចូលភ្លាម ជាប់អន្ទាក់គេអស់ $25 (តួលេខនោះគេដាក់ស្វ័យប្រវត្តិជាប់ប៊ូតុងព័ត៌មាន) ចេញពីគណនីធនាគារ ABA។ តាំងពីនោះមក ខ្ញុំក៏ឈប់យក Personal Profile សម្រាប់ភ្ជាប់ក្នុងការទិញ លក់ អនឡាញតទៅទៀត។ ពោលគឺ ប្រើតែក្នុង Page ម្យ៉ាងគត់។

សង្ឃឹមថាការផ្ដល់គំនិតខ្លះៗនេះ អាចជួយលោកអ្នកពិចារណាបានរឹតតែល្អិតល្អន់ មុនពេលសម្រេចចិត្ត Click លើអ្វីមួយក្នុងអ៊ីនធើណិត។ បើខ្ជិលអាន Software License Agreement ដែលមានប្រវែងវែងៗ សូមកុំខ្ជិលអានប្លក់របស់ខ្ញុំអី ខ្ញុំសរសេរខ្លីៗទេ!

ឈ្មោះកូនស្រីជាភាសាបាលី-ខ្មែរ ពីរោះៗ

ខ្ញុំមិនដឹងថាមកពីហេតុអ្វី តាំងពីយូរយារណាស់មកហើយ ខ្ញុំរមែងត្រូវបានគេស្នើសូមឱ្យជួយរកនឹកដាក់ឈ្មោះជូនកូនៗរបស់គេទាំងស្រីប្រុស។ ជាក់ស្ដែង កូនៗរបស់បងស្រីខ្ញុំ កូនរបស់និស្សិត (កូនសិស្សខ្ញុំ) និងអ្នកស្គាល់រាប់អានគ្នាជាច្រើន និយមរកពឹងពាក់ខ្ញុំឱ្យជួយរកនឹកគិតប្រសិទ្ធនាមជូនដល់កូនគេដែលទើបនឹងកើត ខ្លះប្រុងនឹងកើត ដើម្បីជាអនុស្សាវរីយ៍។ ប្រហែលជា រយៈកន្លងៗមក គេបានកត់សម្គាល់ចងចាំថា ខ្ញុំជាអ្នកសិក្សារៀនសូត្រ ហើយនិយមចែករំលែកចំណេះដឹងទាក់ទងនឹងភាសាខ្មែរ អក្សរសាស្ត្រ អក្សរសិល្ប៍ផ្សេងៗ នៅតាមទំព័រអត្ថបទសាធារណៈនានា ដូចជាក្នុងប្លក់នេះ និងក្នុងទំព័របណ្ដាញសង្គមមួយចំនួន។ ហើយអ្វីដែលរឹតតែធ្វើឱ្យខ្ញុំទទួលបានអារម្មណ៍ជាទីមោទនភាពយ៉ាងខ្លាំង គឺមានមនុស្ស៣នាក់ហើយ ដែលបានដាក់ឈ្មោះកូនស្រីគេ ដូចខ្ញុំដែរ ហើយពួកគេបានផ្ញើសារមកប្រាប់ថា សូមដាក់ឈ្មោះថា “វិរិយា” ដែរហើយ ព្រោះស្រលាញ់ចូលចិត្តវិរិយាណាស់។ សូមអរគុណច្រើនសម្រាប់ការផ្ដល់តម្លៃ! តាមពិតទៅ ខ្ញុំអត់បានចុះបញ្ជីរក្សាសិទ្ធិអីទេ ហើយមុននឹងខ្ញុំកើតមក ក៏មានអ្នកឈ្មោះ “វិរិយា” នេះច្រើនហើយដែរ។

តស់! កុំពិបាកអង្គុយរកនឹកយូរ ខ្ញុំជួយរកនឹកជូន ដើម្បីបានជាគំនិតដាក់ឈ្មោះកូនស្រី (កូនប្រុសចាំលើកក្រោយណា)។ ជាទូទៅ ការដាក់ឈ្មោះកូនជាទីស្រលាញ់ គេច្រើននិយមគិតគូរដល់អត្ថន័យខ្លឹមសារក្នុងពាក្យពេចន៍នោះ ថាវាមានន័យម្ដេច។ ឬ ពេលខ្លះ គេមិនបានខ្វល់ដល់អត្ថន័យអីទេ សំខាន់ គេចង់ដាក់ដើម្បីរំឭកដល់បុគ្គលជាទីគោរពស្រលាញ់​ ជាទីគោរពសក្ការៈ ឬដើម្បីរំឭកដល់ទីកន្លែងណាមួយ ព្រឹត្តិការណ៍អ្វីមួយ…។ល។

ខាងក្រោមនេះជា ឧទាហរណ៍ ត្រួសៗមួយចំនួនដែលខ្ញុំបានរកនឹកគិត សម្រាប់ជាប្រទីបដល់អ្នកមានកូនស្រី ហើយចង់ដាក់ឈ្មោះខ្មែរ៖

ល.រ.បាលីខ្មែរឡាតាំងខ្លឹមសារបកប្រែ
1អនុ​វិច្ច​ការិនីAnuvichkarinyស្ត្រី​ដែល​មាន​គំនិត​ពិចារណា​មុន​រួច​ស្រេច​ទើប​ធ្វើ​អ្វី​ៗតាមក្រោយដោយល្អ
2ប្រាគ្រីទីPrakriti  ស្ត្រីម្នាក់ដែលបានសូមចូលសាងផ្នួសជាមួយព្រះពុទ្ធ ដើម្បីសម្រេចធម៌ជាន់ខ្ពស់
3អនុរុទ្ធAnuruddhaប្អូនជីដូនមួយរបស់ព្រះពុទ្ធ (បើជាស្រី ថែមពាក្យ ធីតា ឬ កញ្ញា ខាងចុង)
4អមរាAmaraអ្នកដែលមានអាយុវែងដូចទេវតា ឬមិនងាយស្លាប់
5យសោធរាYasothara  ព្រះ​នាម​ក្សត្រិយាណី ជា​កន្សៃ​សព៌េជ្ញ​នៃ​ព្រះ​សក្យ​មុនី​សព្វញ្ញុពុទ្ធ កាល​ដែល​ទ្រង់​ស្ថិត​នៅ​ក្នុង​រាជ្យនៅឡើយ (មហេសីព្រះសិទ្ធត្ថ គោតម)
6សាវត្ថីSavatthiឈ្មោះក្រុងមួយក្នុងរាជាណាចក្រ កោសល្យ ជាទីដែលព្រះពុទ្ធស្នាក់អាស្រ័យយូរជាងក្រុងផ្សេងៗទាំងអស់ក្រោយការត្រាស់ដឹង
7ពារាណសីBaranasi/Varanasiឈ្មោះក្រុងមួយដែលមានអាយុចាស់ជាងគេក្នុងតំបន់អាស៊ី និងជាទីតាំងដែលព្រះពុទ្ធជ្រើសរើសយកធ្វើជាកន្លែងផ្សព្វផ្សាយពុទ្ធសាសនា
8នេរញ្ជរាNeranjaraឈ្មោះស្ទឹងមួយនៅខាងកើតផ្ទះនាងសុជាតា ជាកន្លែងដែលព្រះពុទ្ធស្នាក់អាស្រ័យមួយរយៈរហូតរកឃើញពន្លឺត្រាស់ដឹងនៅក្បែរស្ទឹងនោះ
9អរហន្តីAranhantiស្ត្រីដែលមានធម៌ដ៏ខ្ពង់ខ្ពស់ នៅឆ្ងាយពីកិលេសតណ្ហាទាំងពួង
10អរិយ / អរ្យសាវិកាAriyasavikaស្ត្រីដ៏ខ្ពង់ខ្ពស់បំផុតដែលបានស្ដាប់ព្រះធម៌ពុទ្ធោវាទ
11ឆព្វណ្ណរង្សីChabvanarangsiពន្លឺដ៏ស្រស់ត្រកាលរបស់ព្រះសម្មាសម្ពុទ្ធដែលចេញពីការត្រាស់ដឹង
12សន្តិសារពេជ្ញSanti Sarabejnស្ត្រីប្រកបដោយសិរីសួស្ដី ញ៉ាំងដល់ការត្រាស់ដឹងនិងសន្តិភាព
13សារ​ទស្សិនីSaradasiniស្ត្រី​ដែល​យល់​ឃើញ​ធម៌​ឬ​អ្វី​មួយ​ថា​ជា​សារៈសំខាន់
14រោហិនីRohiniប្អូនស្រីជីដូនមួយព្រះពុទ្ធ និងជាកូនសិស្សម្នាក់របស់ព្រះអង្គ ដ៏ល្បីល្បាញក្នុងរាជវង្ស
15
បញ្ចពិធកល្យាណីPanca-Kalyaniស្ត្រីដែលមានលម្អ៥យ៉ាងគឺ លម្អសក់, លម្អបបូរមាត់, លម្អធ្មេញ, លម្អសម្បុរ, លម្អវ័យ

តើការបន្លឺសំឡេងកងរំពង មានផលប៉ះពាល់អ្វីខ្លះដល់មនុស្សក្នុងសង្គម?

(១) វិភាគផ្នែកច្បាប់៖

“ការបន្លឺសំឡេងកងរំពង ឬចាក់ធុងបាសជាការរំលោភទៅលើសិទ្ធិរបស់អ្នកដទៃ”

នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សមួយចំនួនចាត់ទុកការបន្លឺសំឡេងកងរំពង ឬការចាក់ធុងបាសជាប្រចាំនៅពេលពួកគេជួបជុំគ្នាស៊ីផឹក បានក្លាយទៅជាទម្លាប់ ឬជារឿងធម្មតាទៅហើយ។ ប៉ុន្តែពួកគេបែរជាភ្លេចគិតថា សកម្មភាពរបស់ខ្លួន គឺការចាក់ធុងបាសឱ្យឮសូរសំឡេងខ្ទរពេញភូមិនោះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃយ៉ាងណាខ្លះនោះទេ។

ជាការពិតណាស់ ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារជាដើម។ ថ្វីដ្បិតតែការរៀបចំពិធីជប់លៀង ឬការស៊ីផឹកជាប្រចាំ ហើយចាក់ធុងបាសឮសំឡេងខ្លាំងៗ គ្មានអ្នកណាហាមឃាត់ក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិហួសព្រំដែនបែបនេះគឺជាការរំលោភលើសិទ្ធិអ្នកដទៃ។ ទង្វើបែបនេះ គឺច្បាប់ហាមឃាត់ ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ មាត្រា៣១ បានចែងថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតនោះទេ” ។ ការ“ ប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃឡើយ “។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ នៅត្រង់ចំណុចនេះ មានន័យថា ប្រសិនបើពលរដ្ឋគ្រប់រូប បានសិក្សាឈ្វេងយល់ពីរដ្ឋធម្មនុញ្ញទាំងអស់គ្នា នោះការរំលោភសិទ្ធិអ្នកដទៃ ដូចជាករណីចាក់ធុងបាសក្នុងភូមិ ច្បាស់ជាលែងកើតមានជាមិនខាន។ ផ្ទុយទៅវិញ សកម្មភាពចាក់ធុងបាសនេះ បានកើតមានឡើងជាដដែលៗនៅគ្រប់ទីកន្លែង និងក្លាយទៅជាទម្លាប់នៅក្នុងជីវិតគ្រូសារមួយចំនួនជាប្រចាំ ហើយវាបានបំពានសិទ្ធិអ្នកជិតខាងយ៉ាងសប្បាយទៅវិញ។ នៅក្នុងច្បាប់ អ្នកដែល ត្រូវបានគេបំពានសិទ្ធិនេះ អាចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានបានគ្រប់ពេល។ តែជាក់ស្ដែងគេកម្រឃើញ អ្នកជិតខាង ឬអ្នកដែលត្រូវគេបំពាននោះ ដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាល ឬចៅសង្កាត់ណាស់។ ទី១ ពួកគេអាចគិតថា ទោះជាប្ដឹងក៏គ្មានដំណោះស្រាយដែរ ពីព្រោះ ប៉ូលីសប៉ុស្ដិ៍ខ្លះក៏មកអង្គុយស៊ីផឹកជាមួយអ្នកជិតខាងនោះដែរ។ ទី២ អាចមកពីយោគយល់ដល់អ្នកនៅក្បែរខាងគ្នា។ ទី៣ អាចថា បើប្ដឹងទៅ នាំតែឈ្លោះគ្នា ខ្លាចគេគុំកួន។ និងទី៤ អាចមកពីគិតថា បើប្ដឹងទៅដោយមិនមានលុយសូកប៉ូលីសទេ គេនឹងមិនធ្វើការឱ្យ ដែលជាហេតុនាំខាតបង់ពេលវេលាឥតប្រយោជន៍…។ល។

ទាក់ទងនឹងការចាក់ធុងបាស ឬការបង្កសំឡេងកងរំពងនេះ កាលពីឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីព្រាងច្បាប់មួយ ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូក និង៤៨មាត្រា ដែលហាមពលរដ្ឋកុំឱ្យបង្កសំឡេងរំខានដល់អ្នកដទៃនេះ រួមជាមួយនឹង ការចែងអំពីការដាក់ទោសទណ្ឌផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ (ឆ្នាំ២០២៣) សេចក្ដីព្រាងច្បាប់នេះ មិនទាន់ចេញនៅឡើយទេ។

សេក្ដីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ បានចែងអំពី “ ភាពស្ងប់ស្ងាត់” នៅក្នុងជំពូកទី៤។ មាត្រា១៦ បានចែងថា«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ដូចជា ទី១ ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។  ទី២-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ និងទី៣-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។ មាត្រា១៧ ចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២:00 ថ្ងៃត្រង់ដល់ម៉ោង ០២:០០ រសៀល និងចាប់ពីម៉ោង១0:00 យប់ ដល់ម៉ោង ៥:00 ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។

សរុបសេចក្ដីទៅ កម្ពុជាមិនចាំបាច់មានច្បាប់ស្ដីពី សណ្ដាប់ធ្នាប់ធារណៈក៏បានដែរ ប្រសិនបើពលរដ្ឋគ្រប់រូបយល់ដឹង ឬអនុវត្តសិទ្ធិរបស់ខ្លួន ក្រោមបន្ទាត់ព្រំដែនដូចមានចែងនៅក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ។ ការមិនបំពារបំពានអ្នកដទៃ នោះហើយជា សុភមង្គលនៅក្នុងគ្រួសារ និងជាសេចក្ដីសុខនៅក្នុងសង្គមជាតិទាំងមូល។ យើងម្នាក់ៗសាកគិតទៅមើល “ប្រសិនបើ គេបំពានសិទ្ធិរបស់យើងវិញ ឬ គេចាក់ធុងបាស រំពងសំឡេងឮខ្លាំងៗ ធ្វើឱ្យប៉ះពាល់ដំណេករបស់យើង ឬប៉ះពាល់សុខភាពអ្នកជំងឺនៅក្នុងផ្ទះយើង តើយើងមានអារម្មណ៍បែបណា? “ ។

(២) វិភាគផ្នែកវេជ្ជសាស្ត្រ៖

“ការស្ដាប់សំឡេងកងរំពងជាប្រចាំ ធ្វើឱ្យអ្នកទទួលសំឡេងខូចសុខភាពកម្រិតធ្ងន់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត”

ក- ផលប៉ះពាល់សុខភាពផ្លូវកាយ

បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់កំពុងរស់នៅប្រឈមនឹងបញ្ហាត្រចៀក ទាំងធ្ងន់ ស្រាល និងអ្នកខ្លះនៅមិនទាន់ដឹងថាខ្លួនឯងកំពុងមានបញ្ហាត្រចៀកនៅឡើយផង។ លោកអ្នកដឹងទេ? សកម្មភាពប្រចាំថ្ងៃដូចជា ការពាក់កាសស្ដាប់សំឡេង ការស្ដាប់សំឡេងបន្លឺពីធុងបាសដែលមានភាពរំញ័រខ្លាំង ការឮសូរសំឡេងឡានម៉ូតូ ស៊ីផ្លេ ភាពអ៊ូអរក្នុងទីក្រុង សំឡេងការដ្ឋានសាងសង់ផ្សេងៗ…។ល។ ជាប់ៗគ្នារាល់ថ្ងៃ ក្នុងរយៈពេលយូរ សុទ្ធតែបំផ្លាញប្រព័ន្ធសោត្រវិញ្ញាណយើងគ្រប់ៗគ្នា។ ការបំផ្លាញសោត្រប្រសាទ នឹងនាំទៅដល់ជំងឺស្ដាប់លែងឮ ឬខ្សោយក្នុងការស្ដាប់ ហើយការខូចខាតនេះ គ្មានវិធីជួសជុល ព្យាបាលឱ្យបានដូចដើមវិញឡើយ។

ជីវិតរស់នៅដែលត្រូវបានរំខានដោយសំឡេងបំពុលរាល់ថ្ងៃ ឬញឹកញាប់ គឺជាប្រញ្ហាប្រឈមដ៏ធំចំពោះជំងឺត្រចៀក។ បើយើងទទួលដឹងនូវសំឡេងដែលរំពងចេញក្នុងកម្រិត ៨៥ ដេស៊ីប៊េល (85 DB) ជាប់គ្នារយៈពេល ៨ម៉ោង រាប់ថាជាគ្រោះថ្នាក់ចំពោះត្រចៀក។ ហើយបើសំឡេងរំពងចេញក្នុងកម្រិត ១០០ ដេស៊ីប៊ែល (100 DB) សូមលោកអ្នកប្រញាប់ធ្វើជម្លៀសខ្លួនឱ្យបានឆ្ងាយផុតពីសំឡេងនោះជាបន្ទាន់ ព្រោះការទទួលយកសំឡេងបំពុលដល់កម្រិត ១0០ ដេស៊ីប៊ែល ក្នុងរយៈពេលត្រឹមតែ ពីរបីនាទីប៉ុណ្ណោះ ក៏វាអាចបំផ្លាញកោសិកាសរីរាង្គត្រចៀករបស់លោកអ្នកឱ្យខូចខាតបានលឿនដែរ។ (សូមអានពីមគ្គទេសក៍សំឡេងនៅទំព័រខាងចុងបង្អស់)

កម្រិតគ្រោះថ្នាក់នេះ ឬលើសពីកម្រិតគ្រោះថ្នាក់នេះទៅទៀត នៅកម្ពុជា គេនិយមប្រើនៅតាមរោងការ រោងពិធីបុណ្យផ្សេងៗជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ទើបយើងអាចសង្កេតឃើញថា អ្នកនិយមចូលរួមក្នុងពិធីជប់លៀងរៀបការ ឬពិធីកម្មកិច្ចផ្សេងៗនៅប្រទេសកម្ពុជា (គេនិយមហៅថាពិធីបុណ្យ) ភាគច្រើនលើសលប់ មានបញ្ហាត្រចៀកធ្ងន់។ ម្ល៉ោះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺ បើកសំឡេងស្ដាប់កាន់តែឮខ្លាំងឡើង ខ្លាំងឡើង ដោយមិនដឹងខ្លួន ព្រោះតែត្រចៀករបស់ពួកគេខ្លួនឯងស្ដាប់អ្វីលែងសូវឮសូរដូចមុន។ បញ្ហានេះហើយ ដែលធ្វើឱ្យអ្នកមានសុខភាពត្រចៀកល្អប្រសើរ ត្រូវក្លាយជាជនរងគ្រោះបន្តពីអ្នកជំងឺត្រចៀកធ្ងន់ដែលរស់នៅក្បែរខាងគ្នា ឬផ្ទះជាមួយគ្នា។

ការស្ដាប់សំឡេងរំខានខ្លាំងៗ ក៏មានផលអាក្រក់ចំពោះបេះដូងផងដែរ។ សំឡេងខ្លាំង បានបង្ករឱ្យមានវិបត្តិនៃជំងឺសរសៃឈាមបេះដូង។ ហើយប្រសិនបើអ្នកទទួលសំឡេង មានជំងឺបេះដូងពីមុនមកស្រាប់ នឹងរឹតតែធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាគាំងបេះដូង ឈានដល់ការបាត់បង់ជីវិតភ្លាមៗតែម្ដង។

ខ- ផលប៉ះពាល់សុខភាពផ្លូវចិត្ត

ការបំពុលសំឡេង មិនត្រឹមតែបង្កជំងឺត្រចៀក និងជំងឺបេះដូង ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកស្ដាប់មានជំងឺតឹងថប់ក្នុងចិត្ដ រហូតកើតទៅជាជំងឺ ស្ត្រេស និងករណីធ្ងន់ខ្លាំងអាចវិវឌ្ឍជាជំងឺសតិវិបល្លាស។ អ្ននឈានដល់ដំណាក់កាលធ្ងន់ខ្លាំង អាចនឹងស្ដាប់ឮសូរសំឡេងប្លែកៗខុសពីការពិត ដែលផ្នែកវេជ្ជសាស្ត្រ ផ្ដោតខ្លាំងទៅលើ វិកលរបស់សោត្រប្រសាទនៅក្នុងខួរក្បាល គឺចំណុចបញ្ជាឆ្ពោះមកវិញ្ញាណត្រចៀក ឱ្យស្ដាប់ឮសូរសំឡេងចម្លែកៗ ដែលអ្នកជានាធម្មតា មិនបានឮ។ ក្នុងករណីអ្នកជំងឺ រស់ក្នុងសង្គមដែលខ្វះការអប់រំ គ្មានចំណេះដឹងសុខភាព ពួកគេអាចនឹង គិតទៅលើអបិយជំនឿផ្សេងៗទៅវិញ។

សំឡេងដែលបង្កទៅជាជំងឺផ្លូវចិត្តនេះ ច្រើនជាសំឡេងដែលបន្លឺខ្លាំងនៅពេលយប់ ឬពេលដែលអ្នកទទួលសំឡេង កំពុងគេងលង់លក់។ សូម្បីតែការភ្ញាក់ពីដំណេកដោយសំឡេងនាឡិកាដាស់រោទ៍ខ្លាំងៗ ក៏ជាការបំផ្លាញសរសៃប្រសាទសោត្រវិញ្ញាណឱ្យខ្ទេចខ្ទាំបានដែរ។ ដូច្នេះយើងគួរប្រើមធ្យោបាយផ្សេងណាមួយ ដែលខុសពីការដាក់សំឡេងនាឡិការោទ៍ខ្លាំងៗ។

នៅក្នុងលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដាណឺម៉ាកកាលពីឆ្នាំ២០១៨ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់មួយថា មនុស្សដែលរស់នៅក្បែរខាងជាមួយនឹងអ្នកជិតខាងដែលនិយមចាក់សំឡេងរំខានបានធ្លាក់ចុះនូវសុខមាលភាពផ្លូវចិត្តជាច្រើនសណ្ឋាន។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំងដល់កម្រិត ២.៣៤ ដង និងអ្នកជំងឺស្ត្រេស បានកើនឡើង ២.៧៨ ដង ធៀបទៅនឹងអ្នករស់នៅដោយគ្មានការរំខានសំឡេងពីអ្នកជិតខាង។

លទ្ធផលស្រាវជ្រាវនេះ បានរកឃើញទៀតថា សូម្បីតែអ្នករស់នៅជាប់ដងផ្លូវជាតិ ឬ ដងផ្លូវដែលមានចរាចរណ៍ណែនណាន់តាន់តាប់ ក៏ត្រូវប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងជំងឺផ្លូវចិត្តដូចរៀបរាប់ខាងលើនេះដែរ។ ដូច្នេះហើយ ទើបយើងតែងឃើញ អភិជន អ្នកមានលុយកាក់ច្រើន តែងផ្លាស់ផ្ទះសម្បែងទៅរស់នៅតាមទីជនបទដាច់ស្រយាល ដែលមិនសូវមានសំឡេងចរាចរណ៍ឡានម៉ូតូរំខានដល់សោត្រប្រសាទរបស់ពួកគេ ដើម្បីគេអាចមានជីវិតរស់នៅពេញដោយសេចក្ដីសុខ។

សំឡេងអាចបំផ្លាញសុខភាពមនុស្សផង និងជួយព្យាបាលជំងឺមនុស្សផង

(៣) តើមានសំឡេងណាដែលល្អប្រសើរចំពោះសុខភាពរាងកាយ និង ផ្លូវចិត្តដែរឬទេ?

ចម្លើយគឺ ពិតជាមាន! សំឡេងដែលជួយព្យាបាលជំងឺ និងជំរុញថាមពលរាងកាយ ជំរុញថាមពលខួរក្បាលឱ្យស្វាហាប់ ភ្លឺស្វាង គឺជាសំឡេងដែលចេញពីប្រភពធម្មជាតិ ដូចជា៖ សំឡេងសត្វបក្សាបក្សី សំឡេងរលកសមុទ្រ សំឡេងទឹកជ្រោះហូរ ទឹកភ្លៀងស្រក់តក់ៗ ស្លឹកឈើបោកបក់តិចៗ ជាដើម។ ក្រៅពីនោះ គេក៏អាចច្នៃប្រតិដ្ឋសំឡេងជំរុញសុខភាពមនុស្សផងដែរ ដូចជា ភ្លេងដន្ត្រីយឺតៗ ដែលបង្អូសសំឡេងស្រាលៗ ស្របតាមចង្វាក់ដង្ហើមរបស់មនុស្ស ដូចជា សំឡេងព្យាណូ សំឡេងហ្គីតា សំឡេងខ្លុយ វីយ៉ូឡុង ពិណ……ដែលបន្លឺក្រោមកម្រិត ២៥ ដេស៊ីប៊ែល។

(៤) ខាងក្រោមនេះជាម្រិតសំឡេងដែលលោកអ្នកគួរយល់ដឹង

ជាទូទៅ គេប្រើឧបករណ៍វាស់សំឡេង ដើម្បីអាចដឹងថា តើបរិស្ថាន ដែលយើងកំពុងរស់នៅ មានសំឡេងកម្រិតប៉ុន្មានដេស៊ីប៊ែលឱ្យពិតប្រាកដ។ ខាងក្រោមនេះជាលំអានគន្លឹះដើម្បីកំណត់កម្រិតសំឡេង៖

​​កម្រិតស្ងប់​ស្ងាត់​ល្អបំផុតដែលអាចព្យាបាលជំងឺក្នុងខ្លួន

  • 0 DB  គឺ​ស្ងាត់​ឈឹង ញាណ​ត្រចៀក​អាចចាប់​ដឹង​ថា​មាន​សំឡេង​
  • 10 DB គឺ​ស្ងាត់​ដូច​នៅក្នុង​បន្ទប់​ថត​សំឡេង (ស្ទីឌីយ៉ូ)​ ឬនៅ​ទីវាលខ្សាច់​​រហោឋាន
  • 20 DB ក្នុង​​ឧទ្យាន​ស្ងប់ស្ងាត់កណ្ដាលព្រៃ មានសត្វបក្សាបក្សី

កម្រិតល្អ​អាច​ទទួល​យក​បាន ៖

  • 25 DB នៅ​ស្រុកស្រែដាច់ស្រយាល ឬក្នុងព្រៃ ស្ងប់ឥតភ្លៀងខ្យល់
  • 30 DB ក្នុង​បន្ទប់​គេង​បិទជិត ឆ្ងាយទីប្រជុំជន
  • 40 DB ក្នុង​ការិយាល័យ​ធ្វើការ​ ឬ ក្នុងផ្ទះ ឆ្ងាយក្រុង

កម្រិតអាច​ទ្រាំទ្រ​បាន ៖

  • 45 DB សំឡេង​ម៉ាស៊ីនបោក​ខោអាវ ម៉ាស៊ីនត្រជាក់
  • 50 DB សំឡេង​ក្នុង​ផ្សារ​ទំនើបធំៗ
  • 60 DB សំឡេង​មនុស្ស​និយាយ​គ្នាអ៊ូអរ និង​សំឡេង​ពេល​បើក​បង្អួច​នៅ​ជាប់ផ្លូវ

កម្រិតនាំ​ឱ្យ​ហត់នឿយ​ និង​ពិបាក​ទ្រាំ

  • 65 DB សំឡេងឡានបើក​តាម​ថ្នល់
  • 70 DB សំឡេងម៉ាស៊ីន​បូម​ផ្ទះ កាត់​ស្មៅ ផ្លុំ​ខ្យល់
  • 80 DB សំឡេង​ចរាចរណ៍​តាមផ្លូវកកណែន​ និង​ស៊ីផ្លេឡាន

កម្រិត​​ហានិភ័យ​ ៖

  • 90 DB សំឡេងត្រាក់ទ័រ រថភ្លើង
  • 100 DB ​​សំឡេងក្នុង​កាសដែល​បើកអស់​លេខ ឬ​ធុងបាសការ​ប្រគុំ​តន្ត្រី
  • 102 DB សំឡេងតន្ត្រី​ក្នុង​ក្លឹបឌីស្កូ ក្លឹបរាត្រី

កម្រិត​​គ្រោះថ្នាក់ ៖

  • 110 DB សំឡេង​​ធុង​បាសឡាន​ខ្លាំង​អស់​លេខ
  • 120 DB សំឡេងយន្តហោះ​ហោះឡើង ឬ​សំឡេង​ម៉ាស៊ីនខួងសំណង់
  • 130 DB ស្នូរ​កាំភ្លើងបាញ់
  • 140 DB ស្នូរ​គ្រាប់​ផាវ គ្រាប់បែក

ជំងឺភាសា

នៅស្រុកសៀម ពួកសៀមអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ឡ ល” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរ៉យ រោងរៀន” គេថា “លុងលឿង លៀបឡយ ឡូងលៀន”…។

នៅស្រុកខ្មែរ ពួកខ្មែរអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ហ” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរយ រូតរះ ខំរៀន” គេថា “ហ៊ុងហឿង ហៀបហ៊យ ហ៊ូតហ៊ះ ខំហៀន”… ហើយទាញសំឡេងមកនៅដើម ក។

ពួកគេមិនមែនមនុស្សអណ្ដាតតាឡាន់ទេ វាជាជំងឺនៃភាសានិយាយ ហើយអ្នកនិយាយខុសស័ព្ទអក្សរនោះ គេហៅថា “អ្នកជំងឺភាសា”។ ជំងឺបានកើតមានឡើងក្នុងគ្រប់ភាសាទាំងអស់ក្នុងពិភពលោក។ ហើយវាមិនមែនជាអ្វីដែលយើងត្រូវខំប្រឹងត្រាប់តាមនោះទេ។

នៅក្នុង ជំងឺភាសាអង់គ្លេស ក៏មានបញ្ហាដូចគ្នានេះដែរ។ ឧទាហរណ៍៖ ពាក្យ “កុំព្យូទ័រ/Computer, ស៊ីធី/City” ត្រូវបានអ្នកជំងឺភាសា និយាយបញ្ចេញសំឡេង “T” ជា “R” ទាំងអស់។ ដូច្នេះពួកគេបញ្ចេញសំឡេងថា “ខុមព្យូរ័រ ស៊ីរី”។ លុះដល់ជនជាតិផ្សេងដែលរស់នៅឆ្ងាយពីតំបន់ម្ចាស់ភាសាដើម (ឧ.ខ្មែរខ្លះ) ដែលមិនយល់ បែរជាខំប្រឹងកាច់តាមទាំងទទឹងទទែង ទាំងមិនយល់ថា ខ្លួនឯងគ្មានជំងឺទេ បែរខំប្រឹងពុតជាឈឺទៅវិញ។

សូមរស់ជាខ្លួនឯង កុំ​ប្រឹងពុត កុំប្រឹងត្រាប់តាមគេពេក ក្រែងលោ ត្រាប់តាមប៉ះចំអាខុស។ និយាយភាសាអ្វីក៏ដោយ ឱ្យតែយើងច្បាស់ថា យើងបានបញ្ចេញសំឡេងត្រឹមត្រូវតាម វាក្យស័ព្ទ ព្យាង្គ នីមួយៗហើយ គឺវាល្អហើយ។ តុងខ្មែរ តុងអាគាំង មិនសំខាន់ទេ សំខាន់ឱ្យតែគេស្ដាប់យល់។

ពន្យល់ពាក្យ “សោកនាដកម្ម”

នេះជាការចេញផ្សាយលើកទី២ បន្ទាប់ពីការផ្សាយលើកដំបូង ច្រើនឆ្នាំមុន នៅក្នុងគណនីហ្វេសប៊ុគផ្ទាល់ខ្លួនរបស់ខ្ញុំ ស្ដីពីការពន្យល់ពាក្យ #សោកនាដកម្ម

ពាក្យថា “សោកនាដកម្ម” ទាញចេញពីបាលី និង សំស្ក្រឹត ហើយមានន័យផ្សំមកពីពាក្យថា “សោក+នាដ+កម្ម”

#សោក (ន.) សេចក្ដីឈឺផ្សាចិត្ត ក្ដីសង្រេងចិត្ត

(កិ.) ស្ដាយស្រណោះ អាល័យ

#នាដ (ន.) របាំ ការរាំចាក់ក្បាច់ (បើជាមនុស្សប្រុស គឺ “នាដក” បើជាស្ត្រី គឺ “នាដកា”)

#កម្ម (នាមសព្ទ) អំពើ

ដូច្នេះ “នាដកម្ម” ប្រែថា ជាសកម្មភាពរាំចាក់ក្បាច់ (ល្ខោនសម្ដែង) ជាភាសាអង់គ្លេស គឺ #drama

=> ដូច្នេះ ពាក្យថា “សោកនាដកម្ម” ប្រែមកថា ជាល្ខោនសម្ដែងតាមរយៈការរាំ ដើម្បីបង្ហាញពីឈុតឆាកនៃទុក្ខសោកសង្រេងឈឺចាប់។ គេច្រើនប្រើដើម្បីបញ្ជាក់ពី សាច់រឿងកម្សត់ ក្នុងភាពយន្ត ឬប្រលោមលោក ឬល្ខោនសម្ដែងលើឆាក ផ្សេងៗ។

មូលហេតុដែលខ្មែរយើងប្រើពាក្យនេះខុស ដោយសារតែ កំហុសនៃការបកប្រែពី អង់គ្លេស មកខ្មែរ របស់ក្រុមអ្នកផលិតវចនានុក្រម “English-Khmer” ដែលបានបកពាក្យ Tragedy = សោកនាដកម្ម។ ដូច្នេះ បើបងប្អូន បានប្រទះវចនានុក្រមណា ដែលបកប្រែដូច្នេះ សូមជួយចុច Edit => Report ឬជូនដំណឹងទៅគណៈកម្មការផលិតវចនានុក្រមនោះបានជ្រាប និងកែប្រែចេញផង។

ប្រសិនបើយើង ចង់បញ្ជាក់ពីក្ដីទុក្ខសោកឈឺចាប់អាឡោះអាល័យ ក្នុងព្រឹត្តិការណ៍ពិតជាក់ស្ដែង មិនបាច់ថែម ពាក្យថា “នាដកម្ម” ចូលជាមួយទេ។ និយាយត្រឹមតែ “សោកា សោកសៅ សោកសង្រេង សោកី” គឺគ្រប់គ្រាន់ល្មម និងត្រឹមត្រូវទៅតាមនិយាមភាសាសាស្ត្រ និង អក្សរសាស្ត្រខ្មែរយើង។

——-

រូបភាពវចនានុក្រមខ្មែរ (ភាគទី១ និង ភាគទី២) បោះពុម្ពឆ្នាំ ១៩៦៧ ដោយពុទ្ធសាសនបណ្ឌិត្យ

និយាយត្រូវ តែមិនត្រូវនិយាយ

តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!

ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។

តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។

ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។

ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។

បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។

នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។

សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។

សូមបងប្អូន​ ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា

ជំងឺមិនចងចាំផ្លូវ

លោកអ្នកប្រហែលជាធ្លាប់ជួបមនុស្សប្រភេទម្យ៉ាង ដែលថាក្នុងមួយជីវិតរបស់គេ គឺមិនដែលចងចាំផ្លូវធ្វើដំណើរ បើទោះបីជាគេធ្លាប់ទៅតំបន់ណាមួយនោះញឹកញាប់រួចហើយក៏ដោយ។ ជំងឺនេះ ភាសាវេជ្ជសាស្ត្រ ហៅថា Agnosia ។

ជំងឺ Agnosia ជាជំងឺដែលបណ្ដាលមកពីការបាត់បង់សមត្ថភាពកត់ចំណាំនូវវត្ថុអ្វីម្យ៉ាង (ទាំងរូបី និងអរូបី) ដូចជា មុខមាត់មនុស្សណាម្នាក់ សំឡេងមនុស្សណាម្នាក់ ឈ្មោះនរណាម្នាក់ ឬផ្លូវទៅកាន់ទីកន្លែងណាមួយ។

ជំងឺនេះ បង្កឡើងដោយសារតែសរសៃប្រសាទវិញ្ញាណ (គឺចក្ខុវិញ្ញាណ និង សោតវិញ្ញាណ) ធ្វើការមិនត្រឹមត្រូវតាមគន្លងរបស់វា ឬវាជាប់ជំពាក់វាក់វិនជាមួយនឹងសរសៃប្រសាទផ្សេងទៀត ដែលមានលក្ខណៈស្មុគស្មាញ។

មូលហេតុដែលបណ្ដាលឱ្យកើតមានជំងឺនេះ គឺព្រោះតែគន្លងនៃសរសៃប្រសាទផ្នែករំញោចពីចម្ងាយ (Sensory) បានដាច់ដោចខូចខាត ដោយសារតែការដួលប៉ះទង្គិចក្បាលញឹកញាប់ កាលនៅពីតូច។ មានអ្នកខ្លះខូចសរសៃប្រសាទនេះ តាំងពីកំណើតមកម្ល៉េះ ដោយសារតែការមិនបានថែទាំសុខភាពឱ្យបានដិតដល់ពីសំណាក់មាតា អំឡុងពេលពរពោះ។ វាក៏អាចបណ្ដាលពីកត្ដារួមផ្សំផ្សេងទៀតផងដែរ ដូចជា បរិស្ថានរស់នៅដែលពោរពេញដោយជាតិពុល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

អ្នកដែលមានជំងឺ Agnosia បង្ហាញចេញនូវវិបត្តិខុសគ្នា ដោយអ្នកខ្លះ ច្រើនជាមនុស្សភ្លេចផ្លូវ ងាយវង្វេងផ្លូវ ដែលជាហេតុធ្វើឱ្យគេរងភាពអាម៉ាសនៅក្នុងសង្គមពីសំណាក់ មនុស្សដែលមិនយល់ពីជំងឺ ហើយអ្នកជំងឺខ្លួនឯងមិនហ៊ានសារភាពប្រាប់អ្នកដទៃពីចំណុចអន់ខ្សោយមួយនេះ។ អ្នកខ្លះទៀត ច្រើនជាមនុស្សភ្លេចទម្រង់មុខឬ ភ្លេចឈ្មោះ អ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក ដែលជាហេតុធ្វើឱ្យគេបាក់ស្បាតក្នុងការចេញទៅជួបមនុស្សច្រើនៗក្នុងពិធីអ៊ូអរ ព្រោះតែគេគ្មានសមត្ថភាពហៅឈ្មោះនរណាម្នាក់ដែលធ្លាប់ស្គាល់ឱ្យបានត្រឹមត្រូវ ឬនឹកមិនចេញតែម្ដង។ អ្នកខ្លះភ្លេចសំឡេងដែលធ្លាប់ស្ដាប់ ដូចជាភ្លេងចម្រៀង ចង្វាក់ស័ព្ទសៀងរណ្ដំក្នុងសិល្បៈដន្ត្រី ឬសំឡេងរបស់មនុស្សណាម្នាក់ដែលគេធ្លាប់ប្រាស្រ័យទាក់ទងជាមួយគ្នាពីមុនមក រួមទាំងអាការៈភ្លេចភ្លាំងរឿងរ៉ាវអតីតកាលដែលទើបតែកើតឡើងថ្មីៗ ជាច្រើនទៀត។

ទោះជាយ៉ាងណាក្ដី ពេញមួយជីវិតរបស់ពួកគេដែលជាអ្នកជំងឺ គឺនៅតែអាចរស់នៅ និងប្រាស្រ័យទាក់ទងគ្នាជាមួយនឹងពិភពលោកខាងក្រៅបានជាធម្មតា គ្រាន់តែថា គេនឹងមានរបៀបរស់នៅមួយដែលទាមទារជំនួយច្រើនផ្នែក ច្រើនយ៉ាង ជាងមនុស្សធម្មតា។

ដូច្នេះ ប្រសិនបើលោកអ្នក បានជួបប្រទះដោយផ្ទាល់នូវនរណាម្នាក់ ដែលមិនអាចរកផ្លូវទៅកាន់ទីណាមួយបានដោយរលូន សូមកុំជេរស្ដីបន្ទោសឬមាក់ងាយគេអី ព្រោះបុគ្គលរូបនោះ ប្រហែលជាមនុស្សពិការ។ គេមានពិការភាពដូចនឹងជនពិការដៃជើង ភ្នែក ត្រចៀក ដែរ គ្រាន់តែពិការភាពរបស់គេ ជាការខូចខាតសរសៃប្រសាទពីខាងក្នុងខួរក្បាលមកវិញ។ ជំងឺនេះ ភាសាធម្មតាជាទូទៅ គេហៅថា “ជំងឺសតិវិបល្លាស” ឬ “ជំងឺសរសៃប្រសាទ”។ ប៉ុន្តែដោយសារតែអាការៈរបស់វា មានលក្ខណៈស្រាលជាង ដែលវាអាចធ្វើឱ្យជនពិការនោះ រស់នៅក្នុងជីវិតថ្លៃថ្នូរបាន ទើបគេមិនហៅចំថាជាជំងឺ សរសៃប្រសាទទេ បើទោះបីជាវាខូចសរសៃប្រសាទក៏ពិតមែនក្ដី។ យើងមិនទាន់មានការបកប្រែឱ្យចំៗក្នុងភាសាបច្ចេកទេសវេជ្ជសាស្ត្រខ្មែរនៅឡើយទេ ដោយឡែកភាសាវេជ្ជសាស្ត្រអន្តរជាតិ ហៅថា “Agnosia”។

ដូច្នេះ ប្រសិនបើមាននរណាម្នាក់ ដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងណាមួយ ហើយស្នើសូមឱ្យលោកអ្នកជួយ Pin Location តាមរយៈ Google Map សូមជួយសម្រួលដល់រូបគេនោះដោយក្ដីអនុគ្រោះផងទៅ ព្រោះគេប្រហែលជាជនដែលមានពិការភាពចក្ខុប្រសាទ ក្នុងជំងឺ Agnosia នេះហើយ។ សព្វថ្ងៃ អ្នកជំងឺ Agnosia ច្រើនណាស់ ដែលកំពុងប្រកបមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញក្នុងទីក្រុង តាមរយៈឧបករណ៍ជំនួយ គឺផែនទីអេឡិចត្រូនិច ដើរដោយអ៊ីនធើណិត។

សូមអរគុណអ្នកវិទ្យាសាស្ត្រ ដែលតែងតែស្រាវជ្រាវ រុករកជំនួយការល្អៗ សម្រាប់ជនពិការនៅទូទាំងពិភពលោក!

———

ប្រភពឯកសារយោង healthline.com

អត្ថបទរក្សាសិទ្ធិ ដោយ លឹម វិរិយា

ដូងអើយ…

(កំណាព្យបទវង្សវិចិត្រ មេព្យាង្គ៩)

ដើមអើយដើមដូង ឈោងដៃស្រមៃបេះ
ដូងអើយខ្ពស់ម្ល៉េះ បេះម្ដេចនឹងដល់បាន
ម្លប់សែនត្រជាក់ អ្នកដុះសព្វភូមិឋាន
ឈរក្បែរថ្មើរម៉ាន ស្រានចិត្តគិតវែងឆ្ងាយ។

ប្រសិនឈោងដល់ ពាល់ប៉ះច្បាស់ជាសុខ
ដូងទុំម្ចាស់ស្រុក សំកុកចាំឥតណាយ
ឈរឬអង្គុយ ឥតលុយក៏សប្បាយ
ដូងខ្ពស់ដូចផ្កាយ ខ្ញុំស្ដាយឡើងមិនដល់។
———
វិរិយា🌸

ថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៥ វិច្ឆិកា គ.ស. ២០២២

រូបថតនៅលើឆ្នេរឋានសួគ៌ កោះរ៉ុង ខេត្តព្រះសីហនុ ប្រទេសកម្ពុជា | ថ្ងៃទី៦ វិច្ឆិកា ២០២២

ចម្រៀងដែលស្ដាប់មិនយល់

កាលនៅពីតូច ខ្ញុំចូលចិត្តស្ដាប់បទចម្រៀងថៃ ទាំងដែលខ្ញុំស្ដាប់មិនយល់ភាសាថៃដែលរៀបរាប់ក្នុង Lyrics នោះមានន័យថាម៉េច រហូតដល់ខ្ញុំចូលរៀនភាសាថៃចប់ថ្នាក់ទី៦ (បឋមសិក្សាថៃ) អាចអាន សរសេរ ស្ដាប់ និងនិយាយបាន រហូតពេលខ្លះសរសេរកំណាព្យភាសាថៃទៀតផង។ វ័យជំទង់ ខ្ញុំចូលចិត្តស្ដាប់បទចិន និង អង់គ្លេស ទាំងដែលខ្ញុំមិនចេះចិនសូម្បីមួយតួអក្សរ និងមិនចេះភាសាអង់គ្លេស សូម្បីកម្រិតដើររកបាយឆីមិនបាន។ ចុះហេតុអ្វីបានជាស្ដាប់? បើស្ដាប់មិនយល់អីផង!

មូលហេតុនោះគឺ “ស្រលាញ់”! សេចក្ដីស្រលាញ់ មិនចាំបាច់មានហេតុផលពន្យល់ឱ្យយល់ឡើយ។ មិនបាច់យល់ក៏បាន សំខាន់ពេលបានស្ដាប់ឮសូរស័ព្ទសំឡេងនោះហើយ ធ្វើឱ្យចិត្តភ្លើតភ្លើន រំភើបរីករាយ។ ឬអាចហៅម្យ៉ាងទៀតថា ជា ជំនោរតណ្ហាចិត្ត។ ចិត្តដែលកើតមានតណ្ហា អត់ត្រូវការហេតុផល ដើម្បីយល់ទេ សំខាន់យកឱ្យបាន បំពេញនូវចំណង់ចិត្តជាមុនសិន។

មានមតិខ្លះលើកឡើងថា “ស្ដាប់បទរ៉េប ហ៊ិបហប់ ដូចឆ្កួត ដូចឡប់ ស្ដាប់មិនយល់ មិនដឹងជាគេច្រៀងពីស្អី”

ខ្ញុំសូមបកស្រាយ ដោយយោងលើសេចក្ដីបញ្ជាក់ល្បះទី១ខាងដើមនោះថា ឱ្យតែយើងស្រលាញ់អ្នកណាម្នាក់ហើយ យើងច្បាស់ជាចង់ស្ដាប់សំឡេងរបស់គេ សូរស័ព្ទរបស់គេ ទោះជាស្ដាប់យល់ឬមិនយល់ក្ដី។ វាដូចយើងចូលចិត្តស្ដាប់បទបរទេសជារៀងរាល់ថ្ងៃ ទាំងដែលយើងមិនយល់ភាសាក្នុងចម្រៀងនោះអ៊ីចឹង។

វាដូចជា កូនង៉ា ដែលចង់ឮសំឡេងម្ដាយ ទាំងដែលវាមិនយល់ភាសាមនុស្សនៅឡើយ។ ដូច ពុទ្ធបរិសទខ្លះ ដែលចូលចិត្តភាវនាធម៌ “នមោ តស្ស ភគវា អរហតោ សម្មាសម្ពុទ្ធស្ស” ទាំងដែលមិនយល់ពីខ្លឹមសារគាថាទាំងនោះ មានន័យបកស្រាយថាយ៉ាងម៉េច សំខាន់ពេលបានភាវនាពាក្យហ្នឹងទៅ គាត់សប្បាយចិត្ត គាត់ក៏កើតមានសិរីសួស្ដី។ វាដូចជា ក្រុមអ្នកស្រលាញ់ព្រះភិក្ខុ គូ សុភាព អ៊ីចឹង។ ដីការបស់ព្រះអង្គ តាមពិតទៅ សាមញ្ញធម្មតា គ្រប់ពេចន៍ ប៉ុន្តែហេតុអ្វីបានជាសម្បូរមនុស្សដេញតាម សាធុ អនុមោទនា ព្រះអង្គច្រើនអីច្រើនខ្លាំងម្ល៉េះ? ព្រោះពួកគាត់នោះស្រលាញ់ព្រះអង្គ គូ សុភាព។ អាត្រង់ហ្នឹងហើយ ដែលគេហៅថា “អៃដូល” (idol) គឺមនុស្សជាទីស្រលាញ់ណាមួយនៅក្នុងដួងចិត្តគេ។

ដូច្នេះ បើចង់ឱ្យសំឡេងយើង សម្ដីយើង មានគេចង់ស្ដាប់ ចង់ឮ ចង់ផ្សាយបន្ត ដូចជាសំឡេង អៃដូលគេ ដំបូងបំផុត យើងត្រូវតែជាបុគ្គលម្នាក់ដែលមានគុណសម្បត្តិច្រើនយ៉ាង អាចទាញបេះដូងរបស់គេជាមុនសិន។ ខ្មែរយើងនិយម ពោលថា “អ្នកក្រសម្ដីសាបដូចទឹកទន្លេ”។ ពំនោលនេះ គ្មានខុសស្អីបន្តិចណាទេ ហើយខ្ញុំក៏ប្រកាន់យកពាក្យនេះដូចគ្នា។ បើចង់មកប្រដៅទូន្មានខ្ញុំ ដំបូងអ្នកត្រូវតែជាបុគ្គលដែលខ្លាំងពូកែដោយខ្លួនឯងជាមុនសិន ទោះមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ត្រូវតែជាមនុស្សម្នាក់ដែលមានគុណសម្បត្តិចំពោះខ្លួនឯង ស្ថាប័នខ្លួនឯង និងគ្រួសារខ្លួនឯង ជាមុនដែរ។

ងាកមកនិយាយពីរឿង “វ៉ាន់ដា” ដែលខ្ញុំសូមហៅថា ស្ដេចរ៉េប នៅកម្ពុជា និងកំពុងផ្សាយឥទ្ធិពលក្នុងតំបន់ផងនោះ ប្រសិនបើ គ្រាន់តែជាក្មេងប៉ោឡែម្នាក់ ដែលចេះត្រឹមតែរិះគន់គេ ហើយមិនដែលបានសាងគុណសម្បត្តិសម្រាប់ខ្លួនឯង និងប្រទេសជាតិខ្លួនឯង ខ្ញុំក៏ខ្ពើមលើកយកឈ្មោះមកនិយាយដែរ។ ប៉ុន្តែ ក្មេងម្នាក់នេះ បានបំផ្ទុះបេះដូងមនុស្សនៅក្នុងស្រទាប់យុវវ័យ និងមជ្ឈិមវ័យ ឱ្យរំភើបក្ដុកក្ដួលជាមួយ តាមរយៈសិល្បៈរ៉េប ហ៊ិបហប់ ដែលមានរសជាតិប្លែកទាក់ទាញ។ មិនមែន មកពីខ្ញុំជាអ្នកឆ្កួតនឹងកំណាព្យ ទើបខ្ញុំលើកសរសើរ វ៉ាន់ដា ទេ អ្នកមិនចេះតែងកំណាព្យក៏រីករាយនឹងលើកតម្កើងគាត់ច្រើនដែរ។

ពេលអានសំណេរខ្ញុំ សូមឈានជើងបន្តិច ចេញពីខាងឆ្វេង ឬខាងស្ដាំ ហើយឈរឱ្យចំកណ្ដាល ប្រើឧបេក្ខាសតិ ពិចារណា កុំប្រើចិត្តដែលស្រលាញ់ឬស្អប់នរណាម្នាក់មកវិនិច្ឆ័យ។ មានតែផ្លូវកណ្ដាលទេ ទើបជួយយើងឱ្យរីកចម្រើនជឿនលឿនទៅមុខបាន។

កុំផ្កាប់មុខពេក! បុរាណ ជាមរតកវប្បធម៌ ដែលយើងត្រូវតែថែរក្សា ប៉ុន្តែការច្នៃប្រតិដ្ឋ បង្កើតថ្មី គួរតែជាអ្វីដែលគ្រប់គ្នាត្រូវលើកទឹកចិត្ត។ មនុស្សចាស់ៗ ដែលសុខភាពទ្រុឌទ្រោម គួរតែចូលនិវត្ដន៍ ហើយធ្វើជាទីប្រឹក្សាឱ្យក្មេងៗក្នុងការច្នៃបង្កើតថ្មី។ មិនមែន ប្រាប់ឱ្យក្មេងផលិតអ្វីៗតាមរបត់ផ្នត់គំនិតចាស់ៗបុរាណដូចជំនាន់ខ្លួនឯងនោះទេ។

ខ្ញុំអាចនិពន្ធកំណាព្យនិងរឿងខ្លីៗ តាំងពីអាយុ៩ឆ្នាំ ពេលរៀនថ្នាក់ទី៣ ប៉ុន្តែខ្ញុំមិនដែលស្ដីជេរកូនៗរបស់ខ្ញុំ ដែលវ័យជំទង់អស់ទៅហើយ វានៅមិនទាន់ចេះសរសេរតែងសេចក្ដីនៅឡើយនោះទេ។ ព្រោះខ្ញុំយល់និងដឹងថា កូនខ្ញុំនិងខ្ញុំ បានកើតនិងធំធាត់ ក្នុងរបត់បច្ចេកវិទ្យាខុសគ្នា សង្គមខុសគ្នា របៀបចិញ្ចឹមកូនខុសគ្នា បរិស្ថាននិងផ្នត់គំនិតមនុស្សខុសគ្នា។ ពួកគេពិតជាខ្សោយអក្សរសាស្ត្រខ្មែរ មិនដូចម្ដាយក៏ពិតមែន ប៉ុន្តែ ពួកគេអាចនឹងខ្លាំងពូកែ ក្នុងរឿងអ្វីផ្សេងមួយទៀត ដែលខ្ញុំចេះមិនដល់។

ជារួម “ចម្រៀងដែលស្ដាប់មិនយល់” មិនប្រាកដថា វាមិនអាចល្បី។ មនុស្ស២នាក់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក មិនចាំបាច់ចេះភាសាដូចគ្នាក៏បាន ស្ដាប់មិនយល់ពីគ្នាក៏បាន ព្រោះបេះដូងដែលស្រលាញ់ គ្រាន់តែឮសំឡេងគ្នា វាឆ្អែតស្កប់ស្កល់បាត់ទៅហើយ។ មនុស្សកើតមក គថ្លង់ ដូចគ្នា ក៏អាចនឹងស្រលាញ់គ្នាបាន។ មនុស្សដែលនិយាយភាសាស្ដាប់គ្នាមិនបាន ក៏អាចមានកូនមួយកន្ទេលជាមួយគ្នាបាន។

រឿងអី ចម្រៀង១បទ ដែលស្ដាប់មិនយល់ មិនអាចល្បីបានក្នុងសង្គមផ្សេងទៀត? បើខ្មែរធ្លាប់ស្ដាប់បទថៃទាំងមិនយល់ ថៃក៏គេអាចចង់ស្ដាប់បទខ្មែរទាំងអត់ចេះខ្មែរបានដូចគ្នាដែរ។

បើចង់ឱ្យបរទេសព្រមទទួលយកវប្បធម៌ខ្មែរយើងទៅទូលលើក្បាល ដំបូងបំផុត យើងត្រូវតែជាពូជសាសន៍មួយ ដែលចេះស្រលាញ់គ្នាក្នុងគ្រួសារ សង្គមជាតិ ពង្រឹងសេដ្ឋកិច្ចក្នុងប្រទេស ឱ្យមាំមួន ជាមុនសិន ជាពិសេសផលិតអ្វី បង្កើតអ្វីដែលថ្មីប្រកបដោយសិល្បៈទំនើបចម្រុះ ទើបគេចង់ស្ដាប់ចម្រៀងខ្មែរយើង។ ពេលដែលចម្រៀងដែលគេស្ដាប់មិនយល់នោះ ជ្រាបចូលជ្រៅក្នុងដួងចិត្តគេហើយ គេនឹងចង់រៀនភាសាខ្មែរតាមរយៈ Lyrics នៃបទចម្រៀងនោះមិនខាន។ នោះហើយជាឥទ្ធិពលនៃវប្បធម៌!

ទាល់តែយើងខ្លាំង ទើបគេចង់ស្ដាប់! អ្នកដែលខំច្រៀងដែរ តែមិនសូវមានគេស្ដាប់ កុំអាលតូចចិត្ត! សូមអភិវឌ្ឍខ្លួនឯងឱ្យបានល្អអស្ចារ្យជាមុនសិនទៅ សំឡេងអ្នកនឹងពីរោះតាមក្រោយ ដោយស្វ័យប្រវត្តិ។

——-

វិរិយា🌸

០៣ វិច្ឆិកា ២០២២

May be an image of 1 person, sunglasses and text

តើ “ឈាន ឬ ធ្យាន ឬ ជ្ឈាន” នៅក្នុងសមាធិ គឺជាអ្វី?

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ដោយមើលឃើញថា មួយរយៈចុងក្រោយនេះ សម្បូរមនុស្សនាំគ្នាលើកនិយាយពី “ឈាន” ច្រើននៅគ្រប់ទិសទី ហើយដែលអ្នកនាំគ្នាលើកមកវែកញែកនោះ ប្រហែលជាភាគច្រើន ជាមនុស្សមិនធ្លាប់បានពាល់ត្រូវសមាធិឈាន សូម្បីប៉ុនល្អងធូលី ម្ដងណាផងក៏មិនដឹង ទើបបណ្ដាលឱ្យមានការបញ្ចេញគំនិតយល់ឃើញផ្ដេសផ្ដាស និងអ្នកជឿតាមម្ចាស់គំនិតផ្ដេសផ្ដាសទាំងនោះយ៉ាងគួរសង្វេគបំផុត។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

ក្នុងភាសាបាលីរ៉ូម៉ាំង សរសេរថា “Jhāna” រីឯភាសាបាលីសំស្ក្រឹត សរសេរថា “Dhyāna” ភាសាខ្មែរ អាចសរសេរថា “ឈាន ឬ ធ្យាន ឬ ជ្ឈាន” មានន័យថាជាភាវៈមួយនៅក្នុងអប្បនាសមាធិ ឬ សមថកម្មដ្ឋាន ដែលចិត្តបានរួចចាក នីវរណធម៌ ៥ រួមមាន កាមច្ឆន្ទ ព្យាបាទ ថីនមិទ្ធ ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

“ឈាន” អាចសម្គាល់បាននៅពេលដែល ការតម្កល់ចិត្ត បានស្ងប់ស្ងៀមនិងជ្រៅទៅក្នុងការចម្រើនសមថភាវនា។ ឬអាចពន្យល់ថាជា សភាវៈនៃការស្មឹងស្មាធិ៍សតិឱ្យរំហូរនៃចិត្តវេញឡើងចុះនៅតែក្នុងរាងកាយ មិនចេញឆ្ងាយទៅណាផ្សេង ដើម្បីឱ្យចិត្តមានថាមពលខ្លាំងជាងធម្មតា។ ឈាន ត្រូវបានប្រើជាឧបករណ៍ជំរុញដល់ការត្រាស់ដឹង និងរំដោះទុក្ខ តាមរយៈការធ្វើសមាធិ។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

ក្នុងសម័យបុរាណ តាំងពីមុនកកើតព្រះពុទ្ធសាសនាថេរវាទ ដែលដឹកនាំដំបូងដោយ ព្រះពុទ្ធ សាមណៈ សិទ្ធត្ថ គោត្ដម មកម្ល៉េះ “ឈាន” គឺជាអ្វីដែលក្រុមតាបសឬអ្នកបួស នៅក្នុងព្រហ្មញ្ញសាសនា និងសាសនាបុរាណផ្សេងទៀត យកធ្វើជាគ្រឿងសម្គាល់ថា ខ្លួនឯងបានសម្រេចការត្រាស់ដឹង ដែលតាមការពិត ក្រោយការត្រាស់ដឹងរបស់ព្រះពុទ្ធ ទើបព្រះអង្គវែកឃើញការពិតថា “ឈាន” មិនមែនជា ចំណុចត្រាស់ដឹងទេ ហើយក៏មិនអាចរំដោះចេញចាកទុក្ខបានដែរ។ វាជាចំណុចបោកបញ្ឆោតចិត្តមនុស្សក្នុងសមាធិ តាមរយៈវិញាណទាំង៦ ឱ្យវង្វេងវង្វាន់ និងអាចបណ្ដាលឱ្យទៅជាមានសតិវិបល្លាសថែមទៀតផង បើប្រើមិនត្រឹមត្រូវ។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

**ថ្នាក់នៃឈាន

ក្នុងគម្ពីរព្រះត្រៃបិដក មានចែងថា​ ឈានមាន៨ថ្នាក់។ ឈាន ៤ ដំបូងជាសមាធិមានរូប ហៅថា “រូបជ្ឈាន” និង​ឈាន​ ៤ ​ទៀត​ជាសមាធិឥតរូប ហៅថា “អរូបជ្ឈាន” ។

* រូបជ្ឈាន (Rūpa-jhāna) ចែកចេញជា៤ដំណាក់កាល៖

#ដំណាក់កាលទី១.| បឋមជ្ឈាន (មានអង្គ៥) គឺ៖ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា (ទាំង៥នេះ ជាអារម្មណ៍ដែលស្ងប់ស្ងាត់ចាកផុតពីកាមគុណ)

#ដំណាក់កាលទី២.| ទុតិយជ្ឈាន (មានអង្គ៣) គឺការលះនូវ វិតក្កៈ វិចារៈ នៅសល់តែ “បីតិ និង សុខៈ” ដែលវាជាប់គ្នាជាមួយនឹង បឋមជ្ឈាន ហើយចាប់តាំងពីទុតិយជ្ឈានឡើងទៅ អ្នកបដិបត្តិមិនអាចមានគំនិតរាយមាយឡើយ

#ដំណាក់កាលទី៣.| តតិយជ្ឈាន (មានអង្គ២) គឺការលះនូវ បីតិ នៅសល់តែ សុខៈ និង ឯកគ្គតា

#ដំណាក់កាលទី៤.| ចតុត្ថជ្ឈាន (មានអង្គ២) គឺលះ សុខៈ ចេញ ចិត្តក្លាយជា “ឧបេក្ខា”

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

ឆ្លងផុតដំណាក់កាលទាំង៤នេះ ហៅថា “រូបជ្ឈាន” មានរូបធម៌ជាអារម្មណ៍ រាប់បញ្ចូលក្នុង រូបាវចរភូមិ។

*អរូបជ្ឈាន (Arūpa-jhāna) ក៏មាន៤ថ្នាក់ដែរ

#ដំណាក់កាលទី១.| កាសានញ្ចាយតនៈ ឬ បឋមារូបចិត្ត (ទំហំអាកាសគ្មានដែនកំណត់)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី២.| វិញ្ញាណញ្ចាយតនៈ ឬ ទុតិយារូបចិត្ត (អនុភាពសតិសម្បជញ្ញៈគ្មានដែនកំណត់)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី៣.| អាកិញ្ចញ្ញាយតនៈ ឬ តតិយារូបចិត្ត (វិមាឌនៃចន្លោះទទេ)

មានអង្គប្រកប គឺ ឯកគ្គតាចិត្ត និង ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វិរិយៈ សតិ ឧបេក្ខា និងមនសិការៈ ។

#ដំណាក់កាលទី៤.| នេវសញ្ញានាសញ្ញាយតនៈ ឬ ចតុត្ថារូបចិត្ត (សញ្ញាអ្វីតិចតួចមិនមានឡើយ គឺជាភពរបស់អ្នកចូលឈាននោះខ្លួនឯង)

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

អរូបជ្ឈានទាំង៤ថ្នាក់នេះ ព្រះពុទ្ធមិនបានរាប់បញ្ចូលថាជាឈានទេ ។ ព្រះពុទ្ធ បានសិក្សាអរូបជ្ឈាន ទី៣ និង ទី៤ ពីព្រាហ្ម២នាក់ដែលជាគ្រូរបស់ព្រះអង្គ មុនពេលដែលព្រះអង្គ បានសម្រេចការត្រាស់ដឹង ។ ទោះយ៉ាងណាក៏ដោយ ព្រះពុទ្ធទ្រង់ជ្រាបថា អរូបជ្ឈានដំណាក់កាលទី៣ និងទី៤ នឹងមិនអាចនាំផ្លូវទៅកាន់ពន្លឺត្រាស់ដឹង និងរួចចាកទុក្ខឡើយ ហើយព្រះអង្គក៏ចាកចេញ ពីគ្រូទាំង ២ នោះទៅ។

ដោយសារតែព្រះសម្មាសម្ពុទ្ធអាចឆ្លងផុត ទាំងរូបជ្ឈាន និង អរូបជ្ឈាន ៨ថ្នាក់ ហើយឡើងដល់កម្រិតមួយខ្ពស់ជាងនោះទៅទៀត គេក៏បានចងក្រងទុកក្នុងគម្ពីរថា ព្រះអង្គបានសម្រេចដល់ ជ្ឈាន ទី៩ គឺដំណាក់កាលនៃការត្រាស់ដឹង ដែលព្រះអង្គបានរកឃើញដោយខ្លួនព្រះអង្គឯង នោះគឺជាព្រះអរហន្ត។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

តើឫទ្ធិនៃឈាន មានផលតបដូចម្ដេចចំពោះអ្នកបានទទួល?

អ្នកដែលសម្រេចឈាន អាចប្រើថាមពលចិត្ត ដើម្បីប្រាស្រ័យទាក់ទងជាមួយសភាវៈអរូបនានា នៅក្នុងភពឋានផ្សេងៗ ដែលមនុស្សធម្មតាមិនអាចពាល់ត្រូវ ដូចជា​ ទេវលោក ព្រហ្មលោក ឋានសួគ៌ ឋាននរកប្រេត គ្រប់ជាន់ថ្នាក់ និងគ្រប់សភាវៈបាតុភូតនានាក្នុងនិងក្រៅចក្រវាល នៅនាគ្រា អតីត បច្ចុប្បន្ន និងអនាគត។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ពេលវេលា គឺជាពន្លឺ ហើយអ្នកដែលសម្រេចឈាន គឺអ្នកដែលឆ្លងផុតពន្លឺ (ចិត្តដែលលឿនជាងល្បឿនពន្លឺ) ដូច្នេះការនិម្មិតនៅក្នុងគំហើញនៃឈាន គ្មានពេលវេលាទេ។ វាហាក់ស្មុគ្រស្មាញនឹងពន្យល់ណាស់ក្នុងបរិបទនេះ។ ប្រសិនបើយើងយល់ដឹងបានថា ផ្កាយជាច្រើនដែលយើងមើលឃើញនឹងភ្នែកទទេនៅក្នុងលំហអាកាសពេលយប់ តាមពិតគឺភាពទទេ (គ្មានផ្កាយទេ នោះជាចំហាយដែលសល់តាំងពីរាប់លានឆ្នាំមុន) នោះយើងក៏អាចនឹងយល់ដល់និម្មិតកម្មនានាដែលអ្នកចូលឈាន និងអ្នកសម្រេចឈាន បានឃើញ ដូចគ្នាដែរ។ ចំណុចនេះ អ្នកសិក្សាពីផ្កាយ ទើបយល់អ្វីដែលខ្ញុំនិយាយ។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

សព្វថ្ងៃនៅមិនទាន់មានទេ ការសិក្សាស្រាវជ្រាវពី “ឈាន” តាមទ្រឹស្ដីវិទ្យាសាស្ត្រ ដោយសារតែវាពិបាកកំណត់និយមន័យទាក់ទងនឹងសភាវៈនីមួយៗនៅក្នុងសភាពដែល អ្នកវិទ្យាសាស្ត្រខ្លួនឯងក៏មិនអាចពាល់ត្រូវ។ ហើយអ្នកវិទ្យាសាស្ត្ររូបណា ដែលហ្វឹកហាត់សមាធិ និងពាល់ត្រូវឈានកម្រិតបឋម ក៏នៅតែគ្មានលទ្ធភាពយកទៅលាតត្រដាងពន្យល់មនុស្សសាមញ្ញធម្មតាបាន។

រូបភាពផលិតដោយបញ្ញាសិប្បនិម្មិត Bing A.I., Prompted by Viriya Lim

នៅក្នុងខ្សែភាពយន្តរឿងព្រះពុទ្ធ ដែលគេបានផលិតឡើង មានឈុតមួយ ដែលព្រះពុទ្ធកំពុងធ្វើសមាធិ ដើម្បីទទួលបានពន្លឺនៃការត្រាស់ដឹង គឺអ្នកដឹកនាំរឿងខ្លួនឯងក៏គ្មានលទ្ធភាព បង្កើតរូបភាពធ្វើយ៉ាងណាឱ្យអ្នកទស្សនាអាចយល់បានដែរ។

ប្រសិនបើ លោកអ្នក ធ្លាប់បានទស្សនាខ្សែភាពយន្តនោះ លោកអ្នកនឹងឆ្ងល់ ត្រង់ថា តើមារនោះមកពីណា ស្ត្រីដ៏ស្រស់ស្អាតទាំងអស់មកពីណា បិសាចមកពីណា… ។ល។ នោះវាគ្រាន់តែជាការប្រៀបធៀប ដើម្បីពន្យល់អ្នកទស្សនា តែអ្នកទស្សនាជាមនុស្សសាមញ្ញធម្មតា មើលមិនយល់ទេ។ តាមពិត នោះជាការដុតនូវកិលេសក្នុងខ្លួនរបស់ព្រះអង្គខ្លួនឯង។ ព្រះអង្គមិនជាប់ជំពាក់ វង្វេងក្នុងដំណាក់កាល ឈាន ណាទាំងអស់ គឺព្រះអង្គដុតកម្ទេចចោលនូវ នីវរណធម៌ បានសម្រេច ហើយឆ្លងផុត និងចូលដល់លោក្កុតរបញ្ញា ដែលជាញាណកំពូលមួយ គឺ “ការត្រាស់ដឹង”។ អ្នកត្រាស់ដឹងនោះហើយ ដែលយើងហៅថា “ព្រះពុទ្ធ”។

តើគេប្រើ “ឈាន” ដើម្បីអ្វី?

សភាវៈនៃ ឈាន មិនអាចនាំទៅ ដល់ការត្រាស់ដឹងបាន ដោយខ្លួនឯងទេ ព្រោះឈាន​គ្រាន់តែអាចជួយកំចាត់បង់នូវកិលេសតែប៉ុណ្ណោះ ។ អ្នកចម្រើនឈាន ត្រូវចេះប្រើឈាន ជាឧបករណ៍ សម្រាប់បណ្តុះបញ្ញា និងប្រើសម្រាប់ចូលជ្រៅទៅក្នុង សេចក្តីពិតនៃបាតុភូតធម្មជាតិ តាមរយៈការយល់ដឹងផ្ទាល់ខ្លួន ដែលនឹងនាំទៅកាន់ការផ្តាច់បង់កិលេស និងសម្រេចព្រះនិព្វាន តាមរយៈការឆ្លងផុត ឈាន ទាំង៨ដំណាក់កាល។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ពន្យល់ឱ្យងាយយល់ គឺ ឈាន ប្រៀបដូចជា កាហ្វេ។ យើងមិនអាចផឹកកាហ្វេ ហើយសម្រេចកិច្ចការងារធំដុំបាននោះទេ។ យើងផឹកកាហ្វេ ដើម្បីជំរុញថាមពលរាងកាយឱ្យមានភាពភ្លឺស្វាងក្នុងការបំពេញការងារ ហើយវាលុះត្រាតែយើងជាមនុស្សមានវីរិយពលៈ នៅក្នុងសន្ដាននិស្ស័យថែមទៀត គឺមានកម្លាំងហើយប្រឹងធ្វើការផង ទើបសម្រេចកិច្ចការបាន។ បើមានកម្លាំងថាមពលហើយ គិតតែសប្បាយរីករាយនឹងកម្លាំងនោះ វាមិនខុសពីពួកអ្នកញៀនថ្នាំ Amphetamine ទេ លេបឱ្យមានកម្លាំងដើម្បីដេកសើចសប្បាយ ចុងក្រោយ បើមិនឆ្កួតក៏ឡប់សតិដែរ។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ដូចគ្នា គេប្រើឈាន ដើម្បីជាកម្លាំងថាមពលក្នុងការធ្វើឱ្យសមាធិរឹតតែស្ងប់និងថ្លាល្អ ដើម្បីតាមមើលបាតុភូតចិត្តខ្លួនឯង ដែលកំពុងតែមានសភាពញ័រខ្លាំងដូចកម្លាំងរ៉េអាក់ទ័រយន្ដហោះ វាវិលលឿនណាស់ ញាប់ណាស់ មើលមិនទាន់ទេ។ ដូច្នេះ ដើម្បីមើលចិត្តខ្លួនឯងទាន់ លុះត្រាតែសមាធិនោះ ជាសមាធិ កម្រិតអាចគ្រប់គ្រងចិត្តបាន មិនមែនចិត្តថ្នាក់ទាបៗអន់ៗធម្មតា ដូចចិត្តមនុស្សយើងសាមញ្ញនេះទេ។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

 អ្នកណាដែលនិយាយថា “ខ្ញុំចង់សមាធិឱ្យចិត្តស្ងប់” គឺជាមនុស្សដែលឥតទាន់បានយល់អ្វីសោះពីសមាធិ។ គ្មាននរណា ងាយគ្រប់គ្រងចិត្តខ្លួនឯងស្ងប់បានឡើយ ទោះបីជាកំពុងដេកលក់ក៏ដោយ។ សូម្បីតែស្លាប់បាត់រលាយរូបកាយហើយ ក៏កម្លាំងថាមពលចិត្តនៅតែវិលខ្ញាល់ដូចម៉ាស៊ីនគ្រឿងចក្រអ៊ីចឹងដែរ ហើយប្រើពេលយូរណាស់ ទម្រាំតែរលត់បាត់ទៅវិញ ខ្លះ៣ថ្ងៃ ខ្លះ៧ថ្ងៃ ខ្លះ១០០ថ្ងៃ ខ្លះវិញរាប់សិបឆ្នាំ អាចដល់រាប់ពាន់ឆ្នាំក៏មាន។ មនុស្សយើងតែងហៅថានោះជា ខ្មោច ឬអមនុស្ស។ តាមពិតវាជាថាមពលចិត្តរបស់មនុស្ស ដែលមិនទាន់រលត់បាត់ក្រោយការស្លាប់។ មនុស្សដែលសិក្សាជ្រៅជ្រះដល់ចំណុចនេះ មានមិនច្រើននាក់ទេក្នុងពិភពលោក។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

ដូច្នេះ ប្រសិនបើ មានបុគ្គលរូបណា ដែលជាជនសាមញ្ញធម្មតា ធ្លាប់ចម្រើនភាវនា វិបស្សនាកម្មដ្ឋានក្នុងរយៈពេលយូរ ដោយគ្មានទម្រសីលជាបង្គោលធម៌ មិនដែលសិក្សា រូបបរមត្ថ មិនដែលសូម្បីតែអប់រំខ្លួនឯងឱ្យស្ថិតនៅក្នុងឧបេក្ខាធម៌ណាមួយ ហើយបែរជាចេញមុខប្រកាសអួតថាខ្លួន បានឈាន យ៉ាងនេះមួយ យ៉ាងនោះមួយ មានន័យថា បុគ្គលនោះ បែកកម្មដ្ឋានហើយ។ បែកកម្មដ្ឋាន​ មានន័យថា ជាការអន្តរាយទៅនៃបរិកម្ម គឺការចម្រើនភាវនាក្នុងផ្លូវខុស មិនត្រឹមត្រូវ។ ដូច្នេះ ប្រសិនបើឃើញថា មាននរណាម្នាក់ បែកកម្មដ្ឋាន សូមបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលដោយថ្នាំរម្ងាប់សរសៃប្រសាទ តាមក្បួនវេជ្ជបណ្ឌិតវិទ្យាសាស្ត្រវិញ ទើបអាចជួយបាន។

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា

រឿងការប្រើឈានខុសនេះ ប្រៀបដូចជាការប្រើថ្នាំខុសបច្ចេកទេសដែរ បើលេបត្រឹមត្រូវតាមក្បួន យើងនឹងជាដាច់ពីជំងឺ តែបើលេបខុសក្បួន នឹងមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកខ្លះ ពេលឈឺក្បាលម្ដងៗ មិនដែលរកថ្នាំព្យាបាលសរសៃប្រសាទក្នុងក្បាលឱ្យជាទេ បែរជាលេបថ្នាំសង្កត់សរសៃប្រសាទ ដើម្បីបំបាត់ការឈឺចាប់ទៅវិញ លុះលេបយូរទៅ ខូចសរសៃរប្រសាទខ្ទេចអស់ គ្រប់គ្រងសតិស្មារតីលែងបានតែម្ដង។

 អាថ៌កំបាំងក្នុងសមាធិក៏ដូចគ្នាដែរ ពេលជីវិតជួបទុក្ខសោក មិនព្រមទៅរៀនឈ្វេងយល់ពីសច្ចៈធម៌ដែលជាថ្នាំព្យាបាលទេ វាបែរជាចង់បានសមាធិចិត្តស្ងប់ឯណាឆ្កុយ អាហ្នឹងថ្នាំញៀនបំផ្លាញជីវិតទេតើ។ បើចង់ទៅសមាធិដើម្បីបានចិត្តស្ងប់ នៅផ្ទះដេកស្ដាប់ព្រះធម្មទេសនាតាមយូធូបវិញទៅ វាល្អជាង!

រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា
រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា
រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា
រូបភាពរចនាប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិម្មិត Bing A.I. សរសេរ Prompt ដោយ លឹម វិរិយា