ស្ពានឈើស្ពានថ្ម ល្អដូចគ្នា
ចម្លងផុតពៀរ វារផុតគ្រោះ
ដល់ឋានរុងរឿង ឥតមានមោះ
ចូរកុំភ្លេចឈ្មោះ ស្ពានធ្លាប់ឆ្លង។
ស
រសៀលជ្រាលជ្រេ ថ្ងៃទេរទៅលិច
រាងstress បន្តិច ក្រោយការងារស្មុគ្រ
កាហ្វេមួយពែង កំដរអផ្សុក
នំដុតក្នុងស្រុក ស្នាដៃបងស្រី។
ផ្ញើជូនម្ចាស់នំ cookies អង្គរ
រសឆ្ងាញ់បវរ យីហោម៉ាកល្បី
ធ្វើនៅសៀមរាប សិប្បកម្មរោងថ្មី
ម្ដុំគុម្ពឫស្សី ស្ពាននាគឆ្លងអូរ។
អាចរកទិញបាន តាមផ្សារទំនើប
អ៊ីអន ទើបកើត ឡាកគីហែហូរ
តម្លៃសមរម្យ ឆ្ងាញ់គ្មានអ្វីប្ដូរ
ថែមរូបរាងល្អ អង្គរវត្តយើង។
——-
បើចាប់អារម្មណ៍សូមចូលទៅកាន់ http://www.angkorricespirit.com
រាត្រីចន្ទរះធំមូលក្រឡង់ ពេញបូណ៌ផូរផង់ ត្រចង់ត្រចះ
បឋមាសាឍ យប់នេះដាច់ច្បាស់ ស្អែកសុរិយារះ ចូលព្រះវស្សា។
ថ្ងៃនេះទៅវត្តប្រគេនទានធំ រូបនាគសុខុមឆ្លាក់ដោយខេមរា
ទូងស្គរ លើកទង់ ជាមួយ យាយតា សែនថ្វាយទេវតា សូមពរសុខសាន្ដ។
សូមអនុមោទនា ប្រគេនមគ្គផល ឱ្យបានកើតដល់សាច់ញាតិសន្ដាន
ពេញដោយពន្លឺ ត្រចាលថ្កើងថ្កាន រុងរឿងស្មើបាន នៃឋាននិព្វាន។
———–
ប្រណមពីចម្ងាយ ដោយឧបាសិកា លឹម វីរីយ៉ា
សៀមរាប, ថ្ងៃព្រហស្បតិ៍ ១៥កើត ខែ បឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩។
ឱ! ខេត្តកោះកុង ស្ថិតក្នុងចិត្តខ្ញុំ
ឋានសួគ៌ពទ្ធ័រុំដោយមហាសាគរ
ពីរថ្ងៃនឹងអ្នកសែនសុខគ្មានប្ដូរ
ទោះបីភ្លៀងផ្គរក៏ស្ងប់ដួងចៃ។
ឱ! កោះកុងអ៊ើយ ម្ដេចឡើយឆ្ងាយម្លេះ?
បើជិតត្រឹមណ្ណេះ ម្លេះទៅរាល់ថ្ងៃ
ឈរនៅមាត់ជ្រាំងមើលផ្ទៃទឹកប្រៃ
ថ្ងៃរះស្អែកថ្មី វិលវៃម្ដងទៀត។
កោះកុងកោះខ្មែរក្បែរព្រំស្រុកសៀម
អ្នកស្រុករវាមរកស៊ីខ្មីឃ្មាត
ស្នាមសើចអ្នកកោះចងចិត្តខ្ញុំទៀត
សូមកុំឆ្ងាយឃ្លាត កោះកុងខ្មែរអ៊ើយ!!!
——–
ពីសៀមរាប,
ថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំមមី ឆសក័ ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស ២០១៥
អង្គុយតែឯង-ឯកា ក្នុងព្រៃព្រឹក្សាបុព្វតាស្ងាត់ឈឹង។
ឮសូរតែរៃកណ្ដឹង ច្រៀងឲទ្រហឹងពីលើចុងឈើ។
រុក្ខជាតិបោកបក់រង្គើ ងើយមើលទៅលើ ឈើបាំងពពក។
បក្សីហោះហើរឆ្វែលមក ឆៀងឆាបលិប-ល បន្ទរសំឡេង។
វាយោ បក់ផាត់ជាភ្លេង ប្រលោមបន្លែងក្រែងខ្ញុំអផ្សុក។
ពីនេះតទៅថ្ងៃមុខ បួងសួងសុំសុខ ស្រុកខ្មែរសាន្តត្រាណ។
ព្រៃឈើសល់ទាំងប៉ុន្មាន សូមរក្សាបានតដល់កូនចៅ។
ឈើបេង កកោះ ស្រឡៅ ក្រញូងពណ៌ខ្មៅ នាងនួនពួនខ្លាច។
ប្រឆាំងឃាតករកំណាច បេះដូងបិសាច កោងកាចបំផ្លាញ។
ឈើខ្មែរតស៊ូក្រាញ់ក្រាញ ដើម្បីបង្ហាញកូនចៅជាន់ក្រោយ។
បើដឹងរួមគ្នាដង្ហោយ កុំឡើយបណ្ដោយឲវិនាសបង់។
ព្រៃឈើស្លូតបូតទៀងត្រង់ មនុស្សទេដែលផ្ចង់តែភាពឫស្យា។
សូមឈប់បំផ្លាញព្រឹក្សា អារក្សអ្នកតាក៏លែងក្រហាយ។
មនុស្សសត្វនឹងរស់សប្បាយ សោះនឹងខ្វល់ខ្វាយរឿងគ្រោះធម្មជាតិ។
ផ្សារភ្ជាប់កុំបីរវាត រស់បានមួយជាតិ ឆ្លៀតថែផែនដី។
____________
ពី លឹម វីរីយ៉ា,
ថ្ងៃសុក្រ ៩រោច ខែផល្គុន ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមិនា គ.ស ២០១៥
សញ្ជឹងតែឯង មើលផ្សែងទឹកហូរ
លើស្ពានឆ្លងអូរ ទំនប់កែច្នៃ
ខ្ពង់រាបជើងភ្នំ អូរជុំស្រុកព្រៃ
ឦសានទិសល្បី អន្ទងទេសចរណ៍។
ទំនប់បេតុង ប្រុងអគ្គិសនី
វារីមួលមីរ ហូរខ្មាញ់បន្ត
ដើមឈើតូចធំ ពទ្ធ័ជុំស្រស់ល្អ
រីករាយបង្ក អំណរធម្មជាតិ។
សម្លឹងទៅកើត ឆ្លៀតអើតទៅជើង
អ្នកស្រុកភូមិយើង ឃ្មាតខ្មីរវាត
រស់ដោយចំការ ឧស្សាហ៍គ្រប់ស្នៀត
សន្ដានរយជាតិ មិនឃ្លាតសុចរិត។
————————-
ដោយ វីរីយ៉ា
សៀមរាប, ថ្ងៃចន្ទ័ ១៣កើត ខែផល្គុន ឆ្នាំមមី ព.ស ២៥៥៨
ត្រូវនឹងថ្ងៃទី០២ ខែមិនា គ.ស ២០១៥