Tag Archives: Marketing

សិស្សរត់រកគ្រូ

អាណិតខ្លាំងណាស់ ម្ចាស់ថ្លៃអ៊ើយ
ខំស្កាត់ឆ្លងត្រើយ ដង្ហោយស៊ូ
ស្ពាយយកកិច្ចការ ប្រាថ្នាគ្រូ
ស៊ីញេមិនយូរ ធូរចិត្តម្លេះ។

សិស្សនៅសៀមរាប ប្រៀបឆ្ងាយក្រៃ
អ្នកគ្រូម្ចាស់ថ្លៃ ដីឯណេះ
ការងារបន្ទាន់ ស្លន់ស្ទើរប្រេះ
តាំងចិត្តដល់ម្លេះ ច្នេះអស់ខ្វល់។

គាត់ឈ្មោះស្រីអូន កូនសិស្សខ្ញុំ
មិននៅច្រិមច្រុម សូមបន្ទាល់
ដឹងគ្រូរវល់ ទល់រចល់
ស្រូតហោះច្រាសខ្យល់ ដល់ទាន់ចិត្ត។

ការងារសារណា ខ្វះត្រាគ្រូ
គេតឿនកុំយូរ ជូរចត់ស្អិត
ខលតាមទូរស័ព្ទ ប្រាប់ការពិត
រៀបរាប់ជាប់ក្រិត្យ គិតមិនចេញ។

ខ្ញុំក៏ប្រាប់ទៅ នៅកុំស្មុគ
បើស្មាញក្រាញទុក្ខ មុខរមិញ
ដោះស្រាយការងារ លាមិនចេញ
ថ្ងៃលិចវិលវិញ តាមសម្រួល។

ស៊ីញេរួចហើយ ឆ្លើយអរគុណ
ប៉ុន្មានថ្ងៃមុន គន់គូរជ្រួល
ឆោឡោក្នុងក្រុម ខ្ញុំក្ដុកក្ដួល
ឥលូវធូរស្រួល បបួលសើច។

គ្មានទេពាក្យ “ទ័ល” កល់ភពមនុស្ស
សាងចិត្តមុតធ្លុះ គូសសំណើច
ឈប់ធ្វើសញ្ជឹង ធ្មឹងនាំខើច
ហ៊ានឈ្នះបញ្ចើច ស្ងើចជីវិត។
———
លឹម វីរីយ៉ា
៣១ ឧសភា ២០១៧

2017-05-30

បណ្ដាំគ្រូ

IMG_7229

គុណ-ទោស ខុសនិងត្រូវ គិតឲ្យជ្រៅ ដៃៅឲ្យត្រង់

រស់នៅត្រូវតម្រង់ គិតគូរផ្ចង់ ស្រង់វាសនា។

បើខ្លៅភ្លេចគ្រាដើម ដកដង្ហើមភ្លេចអាចារ្យ

ក្អេងក្អាងល្មើសសាស្ត្រា នឹងមរណាដូចខ្មោចពស់។


ដោយ លឹម វីរីយ៉ា

អនុស្សាវរីយ៍ក្នុងថ្នាក់មួយ

សែនរចល់ ខ្វល់រឭក នឹករលេញ
សូត្រប្រដេញ ចេញតែស័ព្ទ ប្រាប់តាមសារ
ថ្ងៃបែកគ្នា ជាទម្លាប់ ធ្លាប់វិចារ
ញ័រចិន្ដា ប្រាថ្នាសូម លោមជួបសិន។

សែនស្រលាញ់ បាញ់រំលើង ឡើងរលត់
សូត្រញាប់មាត់ កត់ចងចាំ ផ្ដាំមិនញឹន
រៀនទ្រឹស្ដី បីដូចបាយ ក្លាយមិនឆ្អិន
ស្រាវជ្រាវកិន ហិនហោចក្បួន ជួនវិលក្បុង។

សែនបារម្ភ ខំបបួល ស្រួលស្រុះគ្នា
ចាយវេលា ហៀហូរស្រោច ដោចដាច់ផុង
រៀនក្នុងថ្នាក់ ដាក់ការងារ កៀរគរស្រុង
សិស្សវិលក្បុង ឆុងក្ដាខៀន អៀនក្ដុកក្ដួល។

សូមបួងសួង លួងទេវតា ប្រាថ្នាឲ្យ
សូមបានដោយ កោយកល់កិច្ច ច្បិចសម្រួល
សូមបានដល់ ស្គាល់តែឈ្នះ ទះមិនដួល
សូមបានស្រួល ស្រួលមួយជាតិ ឃ្លាតឆ្ងាយទុក្ខ!
———
(បទពាក្យ៩ ចង្វាក់ពាក្យរណ្ដំ)

ដោយ លឹម វីរីយ៉ា

ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១១ ខែមករា គ.ស ២០១៧

cover-009

សំបុត្រចុងក្រោយពីអ្នកគ្រូ

ជាគ្រូបង្រៀន គ្មានទេទ្រព្យ
ធ្វើការអភ័ព្វ ជាប់ក្រដាស
ដេកមិនពេញភ្នែក រែកធ្ងន់ណាស់
ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។

ជាគ្រូបង្រៀន មានតែទុក្ខ
គ្មានទេពាក្យសុខ មុខឡើងជ្រួញ
ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
រហាមឡើងរួញ ជួញជំងឺ។

ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក
ការងារឡើងស្អេក ដេកតែឈឺ
ស៊ីអត់ស៊ីឃ្លាន គ្មានអ្នកឮ
ពេលខ្លះសិស្សឌឺ ឈឺចាប់ណាស់។

ជាគ្រូបង្រៀន ហ៊ានតែក្អក
គេលួចចំអក ឡកឡាយដាក់
សុខចិត្តខាំមាត់ ខ្សត់ប្រត្យក្ស
ជីវិតក្នុងថ្នាក់ ឆ្លាក់វិជ្ជា។

ជាគ្រូបង្រៀន ឃ្លានតែចែក
ខំប្រឹងពោលស្រែក បែកវេលា
ចង់ចែកឲ្យចេះ ស្រែះគ្រប់គ្នា
នឹងបានពណ៌នា ជាសិស្សល្អ។

ដូច្នេះបើដឹង ប្រឹងរៀនផង
កុំដើររំលង ឆ្គងសីលធម៌
បេះដូងគ្រូម្នាក់ ធ្លាក់ត្រាច់ចរ
រស់ក្រោមភ្លៀងផ្គរ ព្រហ្មលិខិត។

គ្រូសូមបួងសួង លួងទេវតា
ក្រែងលោកមេត្តា ចារពរពិត
បាចស្រោចពីលើ ទើរដួងចិត្ត
ក្លាយពរអម្រឹត ខិតរកជ័យ។

អនុស្សាវរីយ៍ ពីគ្រូម្នាក់
ផ្ញើជូនគ្រប់ថ្នាក់ ឆ្លាក់សិរី
កុំសោកទ្រហោ ចូរឃ្មាតខ្មី
គ្រូម្នាក់ទន់ដៃ ថ្ងៃបែកគ្នា។

អនុស្សាវរីយ៍ ទីស្នេហា
ខ្មួលខ្មាញ់សិក្សា ត្រារមនា
ពាក្យពេចន៍សាសង ក្រងកាព្យា
ចងដៃគ្រប់គ្នា គ្រាចុងក្រោយ។

លាហើយប្រុសស្រី នៃសិស្សខ្ញុំ
បើនិស្ស័យផ្ដុំ សូមដង្ហោយ
កុំភ្លេចឈ្មោះគ្រូ តស៊ូឲ្យ
ទៅសាងផ្នូរហើយ ទុកក្រាបគេង។
———-
ពីអ្នកគ្រូ លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស ២០១៦
———-
(ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម្ដាយខ្ញុំ បើសិនជាម៉ាក់នៅមានជីវិត កូននឹងស្មូត្រកំណាព្យនេះជូនម៉ាក់ជាចំណងដៃមិនខានឡើយ)

designed-with-proverb

សកវាទ៍ចម្រុះ

សកវាទ៍ ផ្កាចន្ធូ នៅ BBU ជំនាន់១៣

សកវាទ៍ ផ្កាចំប៉ី ជំនាន់១៣ នៃឆ្នាំទី២

សកវាទ៍ ផ្កាលីលី ក្នុងឆ្នាំទី២ ឆមាសទី១

សកវាទ៍ ផ្កាកំពីងពួយ ឆមាសទី១ ជួយចប់អស់ហើយ

សកវាទ៍ ផ្កាកន្ត្រើយ មិនទាន់បានស្បើយ នៅឡើយ២ក្រុម

សកវាទ៍ ផ្កាម្រុំ នៅសល់២ក្រុម វេនយប់ទាំងអស់

សកវាទ៍ ផ្កាប៉េងប៉ោះ អាល័យអាឡោះ ដោះស្រាយសែនតឹង

សកវាទ៍ ផ្កាកំភ្លឹង មួយឆមាសហ្នឹង តឹងទ្រូងចង់ស្ទះ

សកវាទ៍ ផ្កាម្រះ ខំរៀនទើបឈ្នះ ហៅអ្នកពូកែ

សកវាទ៍ ផ្កាស្រងែ អ្នកឈ្នះមានស្នេហ៍ បានក្បែរសក្ដិធំ

សកវាទ៍ ផ្កាចេកទុំ ក្រអូបឈ្ងុយងំ ស្រូបមិនជិនណាយ

សកវាទ៍ ផ្កាសារាយ ត្រសុំត្រសាយ ខ្ចាយឈ្មោះគេកោត

សកវាទ៍ ផ្កាដើមត្នោត រសផ្អែមទៀតសោត ក្រេបមួយជីវិត។

IMG_3329-Text on Board