កាលថ្ងៃមួយនុះ នៅឯវិទ្យុ អេហ្វអឹម មួយរយពីរ
ខ្ញុំនិងពួកម៉ាក ឈ្មោះហេងសុខនី សម្ភាសវក់វី
ស៊ីអារម្មណ៍ អ្នកស្ដាប់។
សំណួរចាក់ដោត សួរឆ្លើយដូចឆោត កោតតែចប់ឆាប់
ហុកសិបនាទី ពេញទីចំណាប់ បើអ្នកបានស្ដាប់
ប្រាប់ផងម្ដេចដែរ?
លឹម វីរីយ៉ា

កាលថ្ងៃមួយនុះ នៅឯវិទ្យុ អេហ្វអឹម មួយរយពីរ
ខ្ញុំនិងពួកម៉ាក ឈ្មោះហេងសុខនី សម្ភាសវក់វី
ស៊ីអារម្មណ៍ អ្នកស្ដាប់។
សំណួរចាក់ដោត សួរឆ្លើយដូចឆោត កោតតែចប់ឆាប់
ហុកសិបនាទី ពេញទីចំណាប់ បើអ្នកបានស្ដាប់
ប្រាប់ផងម្ដេចដែរ?
លឹម វីរីយ៉ា

ទន្លេមុខបួន ពួនលាក់ទ្រព្យ
លាក់ទាំងកំណប់ ផ្គាប់ទេវតា
ដូចមេឃលួចលាក់ ធ្នាក់ស្នេហា
ទ្រនាប់ចិន្ដា ត្រាទុកចិត្ត។
លឹម វីរីយ៉ា🌸
១១ ១១ ២០១៨

ខ្ញុំចេះតែអង្គុយនឹកហួសចិត្តនឹងរឿងរ៉ាវប្លែកៗក្នុងដែនចក្រវាលនេះ…… គិតសព្វៗទៅ បើសិនជាភពផែនដីនេះ គ្មានមនុស្សអគតិខ្លះទេ ពួកយើងច្បាស់ជាគ្មានបានអភិវឌ្ឍរីកចម្រើនដល់ឋានព្រះចន្ទ ព្រះអង្គារ អីហ្នឹងទេ មែនឬអត់? នៅពេលដែលគេដៀលនរណាម្នាក់ថា អាមនុស្សទុទ្ទិដ្ឋិ អាមនុស្សខ្មៅងងឹត អាមនុស្សខុសគេ ពេលនោះ យើងភ្លេចគិតដល់ជ្រុងម្ខាងទៀតដែលគ្របដណ្ដប់ដោយគុណសម្បត្តិទៅវិញ។

ឥឡូវសាកឧបមា លែងបន្តិចពីផលដែលចេញមកពីហេតុ នៃបណ្ដុំអាជីវកម្មខ្លះដែលមនុស្សភាគច្រើនអាចនឹងគិតថា “ដូចឆ្កួតអីចឹង”។ ឧទាហរណ៍ ហេតុអ្វីបានជាមានក្រុមហ៊ុនធានារ៉ាប់រង? ខណៈដែលមនុស្សម្នាក់សម្រេចចិត្តចាយវាយទ្រព្យសម្បត្តិដែលខិតខំរកមកដោយលំបាក ទៅទិញធានារ៉ាប់រង មានន័យថា គេនុះ គឺជា “ជនអគតិ” បាត់ទៅហើយ។ បើត្រឹមតែទិញធានារ៉ាប់រងលើការខូចខាតទ្រព្យសម្បត្តិនោះ វានៅស្រាលទេ តែបើទិញធានារ៉ាប់រងលើអាយុជីវិតទៀត គេនឹងគិតថា ឆ្កួតពេញធឹងហើយ។ចុះបើក្រុមហ៊ុនធានារ៉ាប់រងមួយមាន អតិថិជនដល់ទៅរាប់លាននាក់ អីចឹងវាក៏មានន័យស្មើនឹងថា ជនអគតិ មានច្រើនរាប់លាននាក់ដែរហើយ។
អ្នកប្រាជ្ញដែលច្នៃផលិតយន្តហោះ គឺជាមនុស្សសុទិដ្ឋិ ប៉ុន្តែបើគ្មានអ្នកប្រាជ្ញស៊េរីទុទ្ទិដ្ឋិទេ ក៏យើងគ្មានឆត្រយោង។ អ្នកប្រាជ្ញដែលផលិតយានយន្ត ដូចជាម៉ូតូ ឡាន បើគ្មានគំនិតអគតិខ្លះទេ ក៏គេមិនបំពាក់ពោងខ្យល់ ខ្សែក្រវាត់ និងមួកសុវត្ថិភាពមកជាមួយដែរ។ អ្នកជិះយន្តហោះស្ទើររាល់ខែ ច្បាស់ជាធុញទ្រាន់នឹងសកម្មភាពណែនាំ១០នាទីមុនហោះហើរ សម្រាប់អ្នកដំណើរចេះសង្គ្រោះខ្លួនឯងពេលយន្តហោះធ្លាក់។ ដូច្នេះមានន័យថា ជើងរៀបនឹងផុតដី គិតទុទ្ទិដ្ឋិបន្តិចទៅថា ហោះហើរលើមេឃ ជីវិតយើង សេសសល់តែពាក់កណ្ដាលទេ។ អ្នកខ្លះធុញទ្រាន់ យកតែមែនទែន (ខ្ញុំក៏ធុញដែរ) ដរាបណាមិនធ្លាប់ ធ្លាក់ស្លាប់ឲ្យបានម្ដងសិន។

អង្កាល់ពី៣ឆ្នាំមុន ខ្ញុំបានថតរូបប៉ាណូផ្សាយពាណិជ្ជកម្មពីហាងលក់ក្ដារមឈូស ដែលមានអាសយដ្ឋាន និង លេខទូរស័ព្ទទាក់ទង ហើយបង្ហោះចូលក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ខ្ញុំដឹងថា ហ្វ្រែនទាំងឡាយរបស់ខ្ញុំនឹងមិនពេញចិត្តប៉ុស្ដិ៍នេះទេ។ លុះប៉ុន្មានខែក្រោយមក ម្ដាយខ្ញុំក៏ចែកឋាននាវេលាល្ងាចថ្ងៃលិចទៅហើយ។ បងប្អូនគិតតែស្រែកយំឆោឡោ ចំណែកខ្ញុំ បានបើកឡានប្រកបដោយភាពជឿជាក់ទៅហាងលក់ក្ដារមឈូសដែលខ្ញុំធ្លាប់បានកត់ចំណាំ ចាំទុករួចមកហើយ។
បច្ចុប្បន្ន ខ្ញុំហាក់រីករាយចិត្តច្រើន នៅពេលដែលឃើញមានអ្នកវិនិយោគលើសេវាបុណ្យសពហ៊ានផ្សព្វផ្សាយពាណិជ្ជកម្មដោយបើកចំហរនិងទូលំទូលាយជាងមុន។ នឹកឃើញដល់រឿងនេះ អង្កាល់ប៉ុន្មានឆ្នាំមុន កាលដែលខ្ញុំបង្រៀនថ្នាក់ម៉ាឃីតធីងនៅសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប ខ្ញុំបានបង្ខំឲ្យនិស្សិតសរសេរកូនលំហាត់ហ្វឹកហាត់ខួរក្បាលទាក់ទងនឹងគំនិតអាជីវកម្មសេវាបុណ្យសពនេះ។ ពួកគេស្ទើរតែទាំងអស់ ហាក់គាំងគំនិតសរសេរមិនចេញ ព្រោះតែពួកគេ មិនដែលឃើញការផ្សព្វផ្សាយពីសេវាបុណ្យសពក្នុងទម្រង់ធំទូលាយសោះពីមុនមក។ មាននិស្សិតខ្លះលួចនិយាយដើមខ្ញុំ ដោយពាក្យរិះគន់ចំអកឡកឡើយជាច្រើនអន្លើដែរ ព្រោះតែគេនៅមិនទាន់យល់ពីទស្សនវិជ្ជាជីវិត និង អាជីវកម្ម។

អានមកដល់ត្រង់នេះ មិត្តប្រាកដជា គិតថា ខ្ញុំអួតខុសរឿងហើយ។ តាមពិតខ្ញុំមិនបានអួតអាងអីទេ គ្រាន់តែចង់ដាស់តឿនមនុស្សលោកថា ការដកដង្ហើមស្រូបយកខ្យល់ដើម្បីរក្សាជីវិតគ្រប់វិនាទីនេះ មានតម្លៃណាស់ ព្រោះសេចក្ដីស្លាប់នៃយើងគ្រប់គ្នា សុទ្ធតែមើលមិនឃើញមុនឡើយ ដូច្នេះហើយ ការត្រៀមខ្លួនស្លាប់ នឹងធ្វើឲ្យយើងរស់បានយូរជាងធម្មតា។
ឆ្លងមកដល់រឿងរ៉ាវប្រទេសជាតិវិញ បើសិនជានគរមួយ គ្មានបក្សប្រឆាំងចាំស្រែកជេរ រិះគន់ តវ៉ា សន្សំរឿង ចាក់រុក អុជអាល ខ្លះទេ ប្រទេសជាតិនោះ នឹងគ្មាននយោបាយល្អប្រសើរបានឡើយ។ បើយើងមានទូរទស្សន៍ វិទ្យុ សារពត៌មាន ដែលផ្សាយតែពីរឿងល្អៗ ក៏គួរតែឲ្យមានទូរទស្សន៍ វិទ្យុ និង សារពត៌មាន ដែលផ្សាយរឿងអគតិខ្លះដែរទៅ ដើម្បីជញ្ជីងនយោបាយរបស់ក្រុមអ្នកវិភាគ មានតុល្យភាព និងអាចកាត់បន្ថយនូវអ្នកគាំទ្រផ្កាប់មុខ និង អ្នកគាំទ្រផ្ងារពោះ ឲ្យរៀនចេះក្រឡាប់ផ្កាប់ផ្ងារឆ្វេងស្ដាំមុខក្រោយលើក្រោម បានដោយសម្រេច រស់នៅចុះសម្រុងគ្នាដោយសន្តិភាព។
ក្រៅពីនោះ ជីវិតបុគ្គល រាល់រូបកាយ ក៏គួរតែប្រដំប្រសងគ្នាទៅទាំងព្រមនូវឥរិយាបថគ្រប់បែបយ៉ាង។ បើធ្លាប់តែស្លូតបូត ក៏គួររៀនដើរតួកាចឆ្នាសខ្លះទៅ ហើយអ្នកដែលថ្នឹកនឹងឈុតឆាក កប៉ាល់ភ្លើង គួរតែហ្វឹកហាត់សម្ដែងជាតួស្លូតបូត ផ្អែមល្ហែមស្រគត់ស្រគំខ្លះ ក៏ល្អដែរ។ បើជាមេដឹកនាំដែលធ្លាប់តែម៉ឺងម៉ាត់ផ្ដាច់ការ តឹងរឹង ពេលខ្លះបើបានសម្ដែងធ្វើជាឡប់ៗខ្លះជាមួយនឹងកូនចៅនៅតាមចិញ្ចើមថ្នល់ ហើយថតវិដេអូបង្ហោះចូលក្នុងអ៊ីនធើណិតម្ដងម្កាល ក៏អាចនឹងកើនប្រជាប្រិយភាពមួយកម្រិតទៀតដែរ។ ព្រោះថា ជីវិត គឺជា ឆាកល្ខោន ហើយកាតព្វកិច្ចរបស់មនុស្សគ្រប់រូប គឺត្រូវរៀនដើរតួ។ បើតួដដែលៗយូរៗពេក គួរឲ្យជ្រក់ជ្រេញក្នុងក្រសែភ្នែកអ្នកទស្សនាខ្លាំងណាស់។ អីចឹងការផ្លាស់ប្ដូរ យ៉ាងហោចណាស់ ក៏គួរតែឲ្យមានខ្លះក្នុងឆាកជីវិតរស់ ទើបល្ខោនជីវិតយើងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ប្រហើរក្នុងលោកុត្តរចិត្ត។
ខ្ញុំប្រាប់រឿងពិតមួយ ដែលអង្កាល់នោះម៉ាក់តែងតែខឹងនឹងប៉ា ដោយសារតែប៉ាខ្ញុំតែងតែផ្ដាំកូនចៅថា បើធ្វើដំណើរទៅណាមកណាឆ្ងាយទាំងពូជទាំងគ្រួសារអីចឹង បំបែកឡានគ្នាខ្លះទៅកូន ក្រែងឡានមួយមានបញ្ហា នៅមានមួយទៀតអាចជួយគ្នាបាន។ ពេលកូនចង់ទិញផ្ទះ ប៉ាតែងតឿនថា មើលច្រកផ្លូវចូលទៅផ្ទះយើងផង បើឡានទឹកចូលមិនចុះទេ កុំទៅទិញអី ក្រែងភ្លើងឆេះផ្ទះ គេជួយមិនបាន… ។ ។ល។ និង ។ល។ អ្នកស្រលាញ់ប៉ាខ្ញុំ អាចនឹងគិតថា គាត់ជាមនុស្សប្រុងប្រយ័ត្នគ្រប់ជំហាននៃជីវិតរស់នៅ តែអ្នកមិនចូលចិត្តវិញ គេនឹងគិតថា អគតិពេកហើយ។ តាមការពិតទៅ ការប្រុងប្រយ័ត្នជារឿងល្អប្រពៃណាស់ តែប្រុងប្រយ័ត្នជ្រុលហួសហេតុ ច្បាស់ជាក្នុងមួយជីវិតនេះ ធ្វើអ្វីមិនចេញជារូបរាងថ្មីកើតទេ ហើយពេលនោះ វានឹងប្រឆាំងទ្រឹស្ដីនៃ សហគ្រិនភាព មិនខាន ព្រោះតែគេចែងថា សហគ្រិន ជាអ្នកហ៊ានប្រថុយ នុះអី។
នៅមានលោកធាតុ ធម្មជាតិច្រើនឥតគណនាទៀតណាស់ ដែលយើងអាចយកមកវែកញែកប្រដេញចេញជាបទវិភាគទាក់ទងនឹងគុណសម្បត្តិនៃគំនិតអគតិ ប៉ុន្តែនិយាយច្រើន និង សរសេរច្រើន គឺជាភាពធុញទ្រាន់មួយនៃអ្នកតាមដានទស្សនានិងអាន។ សង្ឃឹមថាមិត្តៗរបស់ខ្ញុំ នឹងក្លាយជាមនុស្សមជ្ឈិម ដែលដេកដើរឈរអង្គុយលើផ្លូវកណ្ដាលជាដរាប តែហាមដើរកណ្ដាលថ្នល់ ជាដាច់ខាត!
——-
អត្ថបទដោយ៖ លឹម វីរីយ៉ា (រក្សាសិទ្ធិ)
ភ្នំពេញ ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧


ដំណើរផ្សងព្រេង ផ្លូវវែងកាត់ទឹក
យំសើចល្ងាចព្រឹក កក្អឹកខ្សឹកខ្សួល
ឡើងភ្នំជម្រាល ទេរទាលវាលទួល
ផ្សែងខ្មៅហុយខ្មួល ដួលងើបមានន័យ
💪
ពីជើងមេឃម្ខាង អាងតែមានព្រះ
បបួលទៅឈ្នះ ជះជោគសិរី
រស់នៅសាងធម៌ ពណ៌ឥន្ទធនូជ័យ
រំដួលលាស់ថ្មី ដីដុះលើថ្ម
🍃
🌿
——-
លឹម វីរីយ៉ា

ហៃឱ! នាងទេពអប្សរ
រូបឆោមឡោមពណ៌ បវរល្អល្អាច់
ល្វតល្វន់ ស្រទន់ មន្តផ្ដាច់
ចេញចរ ត្រត្រាច់ ចងបាច់លក្ខិណា
ហៃឱ! នាងទេពអប្សរា
នៅលើលោកា មានពិតដែរឬ?
———
លឹម វីរីយ៉ា
🌸

BTV មកស៊ីអារម្មណ៍ ចំតែថ្ងៃសុក្រ
សម្ភាសចេញមុខ ទុកនៅតែខ្នង ទុកឆ្លងយកជ័យ
ម៉ាប្លង់ ត្រង់ស៊្លូ និយាយឡើងរូ ស៊ូឱ្យមានន័យ
រឿងមួយពីរបី ចរចាចិចី ស្ដីផ្ញើតាមខ្យល់!
🎤
🎬
📺
🇰🇭
——-
លឹម វីរីយ៉ា
🌸


កញ្ឆែតឡើងទ្រើង ប៉ើងវល្លិ៍ននោង🌿
🍀
ម្អមស្រែបោះទង យោងផ្កាម្រះព្រៅ
🌱
🍃
កន្ធំថេតត្រួយ ជួយវល្លិ៍ល្ពៅ
ដើមល្ងៀងផ្អៀងហៅ ស្មៅដុះលើថ្ម។
🌾
ក្រពើក្នុងទឹក នឹកចង់ឡើងគោក🐊
ត្រីក្រាញ់នឹកភ្នក កូកត្រីក្រម៉
🐠
🐡
ឆ្លាំងឆ្លូញបូញមាត់ ឃាត់ឆ្នាំងសម្ល
🐟
ឆ្កែឆ្មាវឹកវរ ឡូឡាផ្ងារក្រោយ។🐕🐈
ខ្យល់បក់ពីជើង ភ្លើងក្នុងចង្កៀង
🔥
ផ្ទះតូចដូចពាង ទៀងទាត់ខ្សត់ខ្សោយ
🏡
អុជក្រាលរន្ទឺ ភ្លឺរន្ទាលឱ្យ🔮
ចាំងឆ្លុះអស់ហើយ ឆ្លើយប្រាប់តុកកែ។
🐸
សារិកាកែវបូល ផ្នូលរឿងអ្នកស្រុក
🐧
គោព្រៃបោលបុក ស្រុកផិនអ្នកស្រែ🐏
ជីងចក់ព្រែកចុង ឆុងនឹងតុកកែ
ធ្លាប់បូលឡែៗ ក្បែរអ្នកមេម៉ាយ។
🙍
តាវ៉ៅក្រៅទ្រុង លង់ទឹកសន្សើម🐤
ញីញ័រសម្បើម ផ្ដើមឆ្អិនជិនណាយ
💔
កោកកាកក្រាកក្រោក ខោកសែនក្អាកក្អាយ🐾
សេកសោមឆោមឆាយ ឆ្ងាយពីទ្រុងមាស។
🌇
———
ដោយ លឹម វីរីយ៉ា
😥
ថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា គ.ស ២០១៦

អាហារធម្មជាតិ ឆ្លៀតអួតរាង
ឆាឡប់កប់ផ្អៀង លៀងបាយយប់
ក្រសាំងទៀបស្រែ ខ្មែរស្នេហ៍ងប់
បាយឆ្ងាញ់ទាំងយប់ ជប់រសជាតិ!
សាយណ្ហហួសហើយ ឡើយរាត្រី
បាយផ្ទះបងស្រី ថ្វីដៃញាតិ
ឆ្ងាញ់ខ្លាំងអស់ស្ទះ រះខ្មីឃ្មាត
ចាំស្អែកធ្វើទៀត ឆ្លៀតហៅមិត្ត!
🍲
🍛
🍵🍽
_លឹម វីរីយ៉ា

ចន្ទ្រាយប់នេះរះដូចឆ្កួត
រះទាំងអំណួតកណ្ដាលមេឃ
ហ្វូងផ្កាយរយលានលែងហ៊ានដេក
ខ្លាចចន្ទចម្លែកហែកតារា។
ចន្ទ្រាយប់ហ្នឹងដឹងតែឡប់
រះខ្ពស់ហួសកប់ជាប់វេហា
ហេហាច់ច្រាច់ច្រិលខ្ជិលអស្ចារ្យ
ឃើញចន្ទកាលណាថាចង់ជេរ។
ចន្ទ្រាលាក់ពុតស្លុតពពក
លបលួចខ្នួចជ្រករស្មីគេ
ពន្លឺអាទិត្យណាមាសមេ
ផែនដីនេះទេចាំងត្រលប់។
ឃើញក្រុមកវីស្ដីក្នុងកាព្យ
ឆេឆឹលឆែលឆាបខាបជាឈ្នាប់
ខ្ញុំអាសូរផ្កាយឆ្ងាយបន្ទាប់
រះទាំងអភ័ព្វជាប់គុកកម្ម។
ខ្លោចចិត្តអាណិតត្បិតសុរិយា
នឿយហត់អាត្មាការងារឆ្មាំ
បញ្ជូនរស្មីពាន់លានឆ្នាំ
ផែនដីរង់ចាំផ្ទេរជូនខែ។
ខែអ៊ើយខែរះឈ្នះចិត្តព្រាន
រះទាំងបំពានហ៊ានផិតប្រែ
ម្នឹះមួយផែនដីស្ដីលោមស្នេហ៍
មិនដឹងដួងខែរះចោលម្សៀត។
——
ចេញមុខឈ្លោះនឹងលោកខែ ដោយ លឹម វីរីយ៉ា
😫
២រោច កត្ដិក ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៦

ព្រលឹងអូនអ៊ើយ កត្ដិករំហើយ
ឆ្លើយតបផងពៅ ឆ្កែព្រុសពាសវាល
ជំទាលង៉ៅៗ សន្សើមផ្កាស្មៅ
ដៅផ្លូវដើរចាស់។
ព្រលឹងស្នេហ៍ស្នង ចំប៉ីបងប៉ង
ក្រងផ្កាផ្ដេសផ្ដាស រំដួលសៀមរាប
ជ្រាបក្លិនល្អណាស់ ស្រោចទឹកនឹកម្ចាស់
ផ្លាស់ឫសដូរដី។
ព្រលឹងអូនអ្ហើយ ខ្យល់បក់ប៉ើយៗ
រំហើយខ្នងស្រី ទឹកភ្នែកស្រិចស្រក់
ដក់ជោគលើដី សាងចិត្តអាល័យ
មុនថ្ងៃចូលផ្នូរ។
—————
ដោយ លឹម វីរីយ៉ា
សៀមរាប ថ្ងៃអង្គា ១រោច ខែកត្ដិក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា គ.ស ២០១៦
