Tag Archives: ឧបនិស្ស័យ

តើពាក្យថា “លោភលន់” មានន័យខ្លឹមសារបែបណា?

មនុស្សច្រើនណាស់ ដែលនាំគ្នានិយាយស្ដីទាំងមិនត្រឹមត្រូវ ក្នុងការរៀបរាប់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯង។ ពួកយើងហាក់នៅភាន់ច្រឡំចែកគ្នាមិនដាច់រវាងខ្លឹមសារនៃពាក្យថា “លោភលន់” និង “ឧស្សាហ៍ព្យាយាម”។ មានមនុស្សឧស្សាហ៍ព្យាយាមដែលខិតខំធ្វើកិច្ចការងារសុចរិតទៀងត្រង់រាប់មិនអស់ ចូលចិត្តនិយាយបន្ទាបបន្ថោកខ្លួនឯងទាំងមិនដឹងខ្លួន ថា “ខ្ញុំជាមនុស្សលោភលន់” ឬក៏ “ខ្ញុំកំពុងនៅលោភលន់ណាស់” ឬទៅប្រដៅគេថា “មនុស្សយើងត្រូវចេះលោភលន់”…។ល។

តើលោកអ្នកធ្លាប់ឮទេ? ហើយធ្លាប់និយាយដោយខ្លួនឯងដែរឬទេ?

ក្នុងវចនានុក្រមខ្មែរ មានបញ្ជាក់ច្បាស់លាស់ណាស់ថា “លោភលន់” គឺជាសេចក្ដីជាប់ជំពាក់ចិត្តទៅនឹងអំពើអកុសលនានា។ នៅក្នុងមេរៀនព្រះអភិធម្ម (ចិត្ត និង ចេតសិក) ដែលត្រូវបានចងក្រងឡើងដើម្បីអ្នកមានឧបនិស្ស័យសិក្សារៀនសូត្រឱ្យរួចចាកទុក្ខ បានលើកបង្ហាញថា “សេចក្ដីលោភលន់” គឺជាអំណាចនៃ “អកុសលចិត្ត”ទាំង១២ដួង ក្នុងចំណោមដួងចិត្តទាំង ១២១ ដួង។ លោភមូលចិត្ត មិនដែលនាំជីវិតឆ្ពោះទៅរកសេចក្ដីគាប់ប្រសើរទេ។ វាជាមិច្ឆាទិដ្ឋិទាំងស្រុង ពោលគឺ វាតែងដឹកនាំមនុស្សទៅរកផ្លូវអសីលធម៌ ផ្លូវខុសឆ្គង ផ្លូវដែលនាំទៅរកតែទុក្ខលំបាក ដែលទាំងនេះ ចេញមកពីឫសគល់នៃអវិជ្ជា។

មនុស្សយើងនៅពេលដែលមានសេចក្ដីលោភលន់ហើយ គេនឹងហ៊ានកាប់សម្លាប់ជីវិតអ្នកដទៃ ហ៊ានពោលពាក្យមុសាប្រតិដ្ឋកុហក បោកប្រាស់កេងបន្លំ កេងប្រវ័ញ្ច ពុករលួយ លួចឆក់ប្លន់ ផិតក្បត់សហាយស្មន់ រំលោភបំពានគ្នា និងចុងក្រោយសេចក្ដីថោកទាបដ៏គួរខ្ពើមរអើម គឺការហ៊ានផឹកគ្រឿងស្រវឹង ដើម្បីរំលាយសតិសម្បជញ្ញៈចោល សល់នៅតែភាពឆ្កួតវង្វេងដូចជាសត្វតិរច្ឆាន។ ទាំងអស់នេះហើយ ដែលជាអកុសលវិបាក ចេញមកពីចិត្តដែលលោភលន់។

មនុស្សជាច្រើន ដែលចូលចិត្តពោលថា “ខ្ញុំលោភលន់” ប្រហែលជាពួកគេចង់សំដៅលើ សេចក្ដីឧស្សាហ៍ព្យាយាម បើតាមគិតមើលទៅ។ សូមចែកគ្នាឱ្យដាច់ស្រឡះ! “ឧស្សាហៈ” គឺជា សេចក្ដីឱហាត សង្វាត ខ្មីឃ្មាត ការខិតខំប្រឹងប្រែង មិនខ្ជិលច្រអូស ពោរពេញដោយ វិរិយបារមី ដែលជាធាតុមួយ ក្នុងចំណោមធាតុផ្សេងទៀតជាច្រើន ដែលជួយកសាងជីវិតមនុស្សឱ្យឆ្ពោះទៅកាន់ពន្លឺនៃប្រាជ្ញា និងសេចក្ដីសុខពិតប្រាកដ។

មានសាសនាខ្លះ អ្នកនិពន្ធខ្លះ វាគ្មិនខ្លះ បានបង្រៀនមនុស្ស ឱ្យមានសេចក្ដីលោភលន់ ដែលវាប្រាសចាកខុសស្រឡះពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបង្រៀនយើងឱ្យវារចេញចាក រលាស់ចោលនូវអកុសលចិត្តមួយនេះឱ្យបានសម្រេច ដើម្បីអាចរស់រួចចាកទុក្ខ។ ដូច្នេះ ប្រសិនបើលោកអ្នកអាន ជាអ្នកគម្ពីរនិយម ឬអ្នកសាសនានិយម សូមសម្បទានចំពោះការពន្យល់របស់ខ្ញុំផងចុះ។ ហើយចាត់ទុកថា ឧបនិស្ស័យរបស់អ្នកមិនទាន់មកដល់ ឬគ្មានសោះទទេក៏ថាបាន។

គតិគួរចងចាំ គឺ៖ ភាពលោភលន់ នឹងផ្សារភ្ជាប់យើងទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ប៉ុន្តែភាពឧស្សាហ៍ព្យាយាម នឹងនាំយើងទៅដល់សេចក្ដីចម្រើនរុងរឿងជារៀងរហូត។

លឹម វិរិយា