Tag Archives: អ្នកគ្រូ លឹម វីរីយ៉ា

រឿងមេឃដី

ពាក្យចាស់លោកពោល បូលតផៅ
ភ្នំទាបជាងស្មៅ ខ្លៅមិនយល់
សំពៅធំពិត ឥតចន្ទល់
ចុងក្រោយវិលវល់ យល់សំប៉ាន។

មានរក្សាក្រ ត-អាយូស
ក្នុងភូមិឆ្កែព្រុស លុះសុខសាន្ត
ទៀបមានដង្កូវ នៅផ្អែមបាន
ឃ្លោកធំប៉ុន្មាន បានតែទើស។

ទឹកស្ទឹងដែលស្ងប់ កប់ជម្រៅ
តា-បស-ព្រៃជ្រៅ នៅពន្លើស
ខ្យល់ខែត្រជាក់ ធ្លាក់តែញើស
ដើរមិនចេះទើស ម្នឹះក្រោមមេឃ។

ពពកក្នុងខ្យល់ កល់ធាតុទឹក
ជំនោររអឹក ភ្លឹកពន់ពេក
ផ្គរលាន់ផ្ដេសផ្ដាស ខ្មាសជើងមេឃ
ផ្កាយរះភ្លឹបភ្លែត ច្បេតរង្សី។

ផ្កាស្មៅក្រៅផ្ទះ ឈ្នះយីហ៊ុប
ចន្ទ្រាពេលយប់ ជប់រស្មី
ខ្យល់ផាត់បាត់រូប លូកលាន់ដី
ផ្កាភ្លើងរាត្រី ដីចាញ់ទឹក។
———
ចង្វាក់ Rock & Roll ពោលតាមបទពាក្យ៧
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា គ.ស ២០១៦

viriya_rock-star

រឿងរ៉ាវធម្មជាតិ

កញ្ឆែតឡើងទ្រើង ប៉ើងវល្លិ៍ននោង🌿🍀
ម្អមស្រែបោះទង យោងផ្កាម្រះព្រៅ🌱🍃
កន្ធំថេតត្រួយ ជួយវល្លិ៍ល្ពៅ
ដើមល្ងៀងផ្អៀងហៅ ស្មៅដុះលើថ្ម។🌾

ក្រពើក្នុងទឹក នឹកចង់ឡើងគោក🐊
ត្រីក្រាញ់នឹកភ្នក កូកត្រីក្រម៉🐠🐡
ឆ្លាំងឆ្លូញបូញមាត់ ឃាត់ឆ្នាំងសម្ល🐟
ឆ្កែឆ្មាវឹកវរ ឡូឡាផ្ងារក្រោយ។🐕🐈

ខ្យល់បក់ពីជើង ភ្លើងក្នុងចង្កៀង🔥
ផ្ទះតូចដូចពាង ទៀងទាត់ខ្សត់ខ្សោយ🏡
អុជក្រាលរន្ទឺ ភ្លឺរន្ទាលឱ្យ🔮
ចាំងឆ្លុះអស់ហើយ ឆ្លើយប្រាប់តុកកែ។🐸

សារិកាកែវបូល ផ្នូលរឿងអ្នកស្រុក🐧
គោព្រៃបោលបុក ស្រុកផិនអ្នកស្រែ🐏
ជីងចក់ព្រែកចុង ឆុងនឹងតុកកែ
ធ្លាប់បូលឡែៗ ក្បែរអ្នកមេម៉ាយ។🙍

តាវ៉ៅក្រៅទ្រុង លង់ទឹកសន្សើម🐤
ញីញ័រសម្បើម ផ្ដើមឆ្អិនជិនណាយ💔
កោកកាកក្រាកក្រោក ខោកសែនក្អាកក្អាយ🐾
សេកសោមឆោមឆាយ ឆ្ងាយពីទ្រុងមាស។🌇
———
ដោយ លឹម វីរីយ៉ា😥

ថ្ងៃអាទិត្យ ៦រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២០ ខែ វិច្ឆិកា គ.ស ២០១៦

15086211_10209837609873358_885509114_n

បាយផ្ទះបងស្រី

អាហារធម្មជាតិ ឆ្លៀតអួតរាង
ឆាឡប់កប់ផ្អៀង លៀងបាយយប់
ក្រសាំងទៀបស្រែ ខ្មែរស្នេហ៍ងប់
បាយឆ្ងាញ់ទាំងយប់ ជប់រសជាតិ!

សាយណ្ហហួសហើយ ឡើយរាត្រី
បាយផ្ទះបងស្រី ថ្វីដៃញាតិ
ឆ្ងាញ់ខ្លាំងអស់ស្ទះ រះខ្មីឃ្មាត
ចាំស្អែកធ្វើទៀត ឆ្លៀតហៅមិត្ត!

🍲🍛🍵🍽

_លឹម វីរីយ៉ា

15055846_10209862421533634_4057314698750324698_n

ខឹងព្រះចន្ទ

ចន្ទ្រាយប់នេះរះដូចឆ្កួត
រះទាំងអំណួតកណ្ដាលមេឃ
ហ្វូងផ្កាយរយលានលែងហ៊ានដេក
ខ្លាចចន្ទចម្លែកហែកតារា។

ចន្ទ្រាយប់ហ្នឹងដឹងតែឡប់
រះខ្ពស់ហួសកប់ជាប់វេហា
ហេហាច់ច្រាច់ច្រិលខ្ជិលអស្ចារ្យ
ឃើញចន្ទកាលណាថាចង់ជេរ។

ចន្ទ្រាលាក់ពុតស្លុតពពក
លបលួចខ្នួចជ្រករស្មីគេ
ពន្លឺអាទិត្យណាមាសមេ
ផែនដីនេះទេចាំងត្រលប់។

ឃើញក្រុមកវីស្ដីក្នុងកាព្យ
ឆេឆឹលឆែលឆាបខាបជាឈ្នាប់
ខ្ញុំអាសូរផ្កាយឆ្ងាយបន្ទាប់
រះទាំងអភ័ព្វជាប់គុកកម្ម។

ខ្លោចចិត្តអាណិតត្បិតសុរិយា
នឿយហត់អាត្មាការងារឆ្មាំ
បញ្ជូនរស្មីពាន់លានឆ្នាំ
ផែនដីរង់ចាំផ្ទេរជូនខែ។

ខែអ៊ើយខែរះឈ្នះចិត្តព្រាន
រះទាំងបំពានហ៊ានផិតប្រែ
ម្នឹះមួយផែនដីស្ដីលោមស្នេហ៍
មិនដឹងដួងខែរះចោលម្សៀត។
——
ចេញមុខឈ្លោះនឹងលោកខែ ដោយ លឹម វីរីយ៉ា 😫

២រោច កត្ដិក ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៦

bigstock-dsc-jpg-102960485

បើផលបុណ្យមាន…

មើលពីឆ្ងាយ ក្លាយពីឆ្ងល់ ទាល់លែងឈ្ងោក
ម្នឹះគគោក លោកក៏គិត ក្រិត្យហើយគូរ
មានដង្ហើម ផ្សើមជីវិត ស្និទ្ធឱ្យយូរ
ឆាកតស៊ូ ធូរលែងតឹង ដឹងលែងខ្វល់។

មុខឬក្រោយ ឱ្យតែអាច ខ្លាចតែអត់
បើអំណត់ កត់ចងចាំ ផ្ដាំរចល់
កើនបញ្ញា ថ្លាគំនិត ឥតមានខ្វល់
រស់ឥតកល ពាល់លើកិច្ច ច្បិចលើកម្ម។

សូមបួងសួង លួងដួងចិត្ត ខិតដួងចន្ទ្រ
លោមដៃកាន់ ខ្មាន់បេះដូង ឈោងបណ្ដាំ
បើផលបុណ្យ ទុនយើងមាន គ្មានរកាំ
រយខែឆ្នាំ ចាំទុកចុះ ប្រុសព្រលឹង។
——-
ដោយ លឹម វីរីយ៉ា
ភ្នំពេញ ថ្ងៃសៅរ៍ ទី២៩ ខែតុលា គ.ស ២០១៦

1544339_553553721408569_1717332109_n

គប់មិត្តមិនល្អ ក្រខ្លួន

Viriya Lim Quote

ចូរចាំផ្ដាំត ពេលខ្លះយើងល្អ ក៏គេមិនរាប់

ព្រោះហេតុយើងដើរ ចូលមនុស្សមិនគាប់

គេខ្លាចមានជាប់ មារយាទដូចគ្នា។

_____

រក្សាសិទ្ធិដោយ លឹម វីរីយ៉ា

អនុស្សាវរីយ៍ ក្រុម ឌីសេវិន (D7)

ជំនាន់ទី១០ បញ្ចប់ផុតទៅ

បន្សល់ទុកនៅ សៀវភៅចំណេះ

និស្សិតស្រីប្រុស ស្រុះដៃចាក់ស្រែះ

ថ្ងៃល្អវិសេស ស្លេះត្រឹមពេលហ្នឹង។

គ្រប់គ្នាឆ្លៀវឆ្លាត សង្វាតសិក្សា

គ្រូបាអាចារ្យ ប្រាថ្នាសិស្សប្រឹង

ឫសគល់ជោគជយ័ ល្វីងណាស់ត្រូវដឹង

ជូរចត់ដល់ម្លឹង ព្រោះប្រឹងយកផ្លែ។

សូមជូនពរប្អូន រលូនដោយលាភ

កិត្តិយសគ្មានប្រៀប រាប់រៀបឥតល្ហែ

ថ្ងៃនេះទៅមុខ រឿងស្មុគ្រឈប់ក្បែរ

ភ្លឺដូចដួងខែ ចោមស្នេហ៍ដោយផ្កាយ។

អនុស្សាវរីយ៍ ជាទីស្នេហា

អ្នកគ្រូរីយ៉ា បោះត្រាពីឆ្ងាយ

ជូនជាបន្ទាន់ ទុកគ្រាន់សប្បាយ

ញញឹមស្រស់ស្រាយ ចាយមួយជីវិត។

ថ្ងៃក្រោយមានយស រស់នៅដោយសក្ដិ

មានងារខ្ពស់ថ្នាក់ ឆ្លាក់ឈ្មោះបណ្ឌិត

តែចូរកុំភ្លេច កុំគេចការពិត

ល្វីងពីអឌិត ផ្អែមឆ្អិតមួយជាតិ។

——————-

ពីអ្នកគ្រូ លឹម វីរីយ៉ា

សៀមរាប, ថ្ងៃព្រហស្បត្តិ៍ ២រោច ខែបឋមាសាឍ ឆ្នាំមមែ សប្ដសក័ ព.ស ២៥៥៩

ត្រូវនឹងថ្ងៃទី២ ខែកក្កដា គ.ស ២០១៥

រូបថតអនុស្សាវរីយ៍ ថ្ងៃបញ្ចប់ថ្នាក់ ជាមួយនិស្សិតសាកលវិទ្យាលយ័បៀលប្រាយ សាខាសៀមរាប
រូបថតអនុស្សាវរីយ៍ ថ្ងៃបញ្ចប់ថ្នាក់ ជាមួយនិស្សិតសាកលវិទ្យាលយ័បៀលប្រាយ សាខាសៀមរាប