មូលហេតុដែលខ្ញុំថតពាក្យនេះយកមកបង្ហោះ ព្រោះតែខ្ញុំឧស្សាហ៍ឮសំឡេងរបស់លោកវេជ្ជបណ្ឌិតដ៏ល្បី១រូប ដែលលោកតែងផ្ដល់ការពិគ្រោះយោបល់ផ្សេងៗផ្នែកសុខភាពតាមវិដេអូយូធូប។ ក្នុងវិដេអូនោះ ជារឿយៗ លោកតែងតែមានប្រសាសន៍ថា “អ្នកញ៉ាំផឹក អ្នកញ៉ាំចុក”។ ជាដំបូង សូមអរគុណដែលលោកតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃចែករំលែកបទពិសោធ ចំណេះដឹងសុខភាព។ ប៉ុន្តែ ខ្ញុំចង់ចូលរួមកែកំហុសបន្តិច ត្រង់ពាក្យដែលលោកចូលចិត្តពោលថា “ញ៉ាំផឹក ញ៉ាំចុក”។
ខ្ញុំសូមពន្យល់បំភ្លឺថា ភាសាខ្មែរ ដែលពាក្យខ្លះ ហាក់ស្ដាប់ទៅដូចជា មិនសូវសុភាព តាមពិតនោះជាព្រលឹងនៃភាសា ដែលមិនអាចយើងទៅកែប្រែតាមតែចិត្តនឹកឃើញបានទេ។
ឧទាហរណ៍៖ ពាក្យថា “ដេកស៊ី – ស៊ីការ – ស៊ីឈ្នួល – ស៊ីលុយ – ស៊ីថ្លៃ – ស៊ីផឹក – ស៊ីចុក…។ល។” យើងមិនអាចយកវាមកកាឡៃទៅជា “គេងញ៉ាំ – ញ៉ាំការ – ញ៉ាំឈ្នួល – ញ៉ាំថ្លៃ – ញ៉ាំផឹក – ញ៉ាំចុក” បានទេ។ ព្រោះខ្លឹមសាររបស់ពាក្យ “ស៊ី” នីមួយៗ វាមានន័យផ្សេងៗពីគ្នា គ្រប់គ្រាន់ដែលបញ្ជាក់ឱ្យពាក្យខាងចុងរួចហើយ។ វាមិនមែនមានន័យប្រៀបធៀបដល់ពាក្យថា “ហូប ពិសា ញ៉ាំ ឆាន់” ដែលអង់គ្លេសប្រែថា eat នោះទេ។
ក្នុងវចនានុក្រមខ្មែរ បោះពុម្ពឆ្នាំ ១៩៦៧ ត្រង់ទំព័រលេខ ១៣៥៦ – 1386 បានពន្យល់ថា “ស៊ី” (កិ.) ប្រែថា ទទួលទានអាហារ បរិភោគភោជនាហារ។ ដូច្នេះ ពាក្យមួយម៉ាត់នេះ វាក្ដោបជារួមថា ជាសកម្មភាព ហូប – ពិសា – ញ៉ាំ – សោយ – អាហារក្នុងពិធីជួបជុំអ្វីមួយ ជាមួយគ្នានោះហើយ។ សូមកុំកែពាក្យនេះទៅជាអ្វីផ្សេងដែលធ្វើឱ្យប្រាសចាកខុសន័យដើម ដែលជនបរទេសកំពុងរៀនភាសាខ្មែរ ទៅជាវង្វេងលែងយល់។
ប្រសិនបើយើងគិតថា ឱ្យតែឃើញពាក្យ “ស៊ី” សុទ្ធតែឥតសុជីវធម៌ ហើយត្រូវប្ដូរទៅជា “ញ៉ាំ ឬ ហូប ឬ ពិសា” ដូច្នេះ តើពាក្យផ្សេងទៀត ដូចជា “អ្នកស៊ីឈ្នួល ទឹកស៊ីជើង អ្នកស៊ីចាយ អ្នកដេកស៊ី រឿងស៊ីគ្នា តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីមុខស៊ីក្រោយ អ្នកស៊ីពែ ស៊ីសំណូក អ្នកស៊ីផ្អែម ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ……។ល។” គួរប្ដូរដែរឬយ៉ាងណា?
សូមត្រិះរិះតាមការគួរ និង សូមអរគុណ!
