(១) វិភាគផ្នែកច្បាប់៖
“ការបន្លឺសំឡេងកងរំពង ឬចាក់ធុងបាសជាការរំលោភទៅលើសិទ្ធិរបស់អ្នកដទៃ”
នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សមួយចំនួនចាត់ទុកការបន្លឺសំឡេងកងរំពង ឬការចាក់ធុងបាសជាប្រចាំនៅពេលពួកគេជួបជុំគ្នាស៊ីផឹក បានក្លាយទៅជាទម្លាប់ ឬជារឿងធម្មតាទៅហើយ។ ប៉ុន្តែពួកគេបែរជាភ្លេចគិតថា សកម្មភាពរបស់ខ្លួន គឺការចាក់ធុងបាសឱ្យឮសូរសំឡេងខ្ទរពេញភូមិនោះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃយ៉ាងណាខ្លះនោះទេ។
ជាការពិតណាស់ ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារជាដើម។ ថ្វីដ្បិតតែការរៀបចំពិធីជប់លៀង ឬការស៊ីផឹកជាប្រចាំ ហើយចាក់ធុងបាសឮសំឡេងខ្លាំងៗ គ្មានអ្នកណាហាមឃាត់ក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិហួសព្រំដែនបែបនេះគឺជាការរំលោភលើសិទ្ធិអ្នកដទៃ។ ទង្វើបែបនេះ គឺច្បាប់ហាមឃាត់ ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ មាត្រា៣១ បានចែងថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតនោះទេ” ។ ការ“ ប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃឡើយ “។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ នៅត្រង់ចំណុចនេះ មានន័យថា ប្រសិនបើពលរដ្ឋគ្រប់រូប បានសិក្សាឈ្វេងយល់ពីរដ្ឋធម្មនុញ្ញទាំងអស់គ្នា នោះការរំលោភសិទ្ធិអ្នកដទៃ ដូចជាករណីចាក់ធុងបាសក្នុងភូមិ ច្បាស់ជាលែងកើតមានជាមិនខាន។ ផ្ទុយទៅវិញ សកម្មភាពចាក់ធុងបាសនេះ បានកើតមានឡើងជាដដែលៗនៅគ្រប់ទីកន្លែង និងក្លាយទៅជាទម្លាប់នៅក្នុងជីវិតគ្រូសារមួយចំនួនជាប្រចាំ ហើយវាបានបំពានសិទ្ធិអ្នកជិតខាងយ៉ាងសប្បាយទៅវិញ។ នៅក្នុងច្បាប់ អ្នកដែល ត្រូវបានគេបំពានសិទ្ធិនេះ អាចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានបានគ្រប់ពេល។ តែជាក់ស្ដែងគេកម្រឃើញ អ្នកជិតខាង ឬអ្នកដែលត្រូវគេបំពាននោះ ដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាល ឬចៅសង្កាត់ណាស់។ ទី១ ពួកគេអាចគិតថា ទោះជាប្ដឹងក៏គ្មានដំណោះស្រាយដែរ ពីព្រោះ ប៉ូលីសប៉ុស្ដិ៍ខ្លះក៏មកអង្គុយស៊ីផឹកជាមួយអ្នកជិតខាងនោះដែរ។ ទី២ អាចមកពីយោគយល់ដល់អ្នកនៅក្បែរខាងគ្នា។ ទី៣ អាចថា បើប្ដឹងទៅ នាំតែឈ្លោះគ្នា ខ្លាចគេគុំកួន។ និងទី៤ អាចមកពីគិតថា បើប្ដឹងទៅដោយមិនមានលុយសូកប៉ូលីសទេ គេនឹងមិនធ្វើការឱ្យ ដែលជាហេតុនាំខាតបង់ពេលវេលាឥតប្រយោជន៍…។ល។

ទាក់ទងនឹងការចាក់ធុងបាស ឬការបង្កសំឡេងកងរំពងនេះ កាលពីឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីព្រាងច្បាប់មួយ ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូក និង៤៨មាត្រា ដែលហាមពលរដ្ឋកុំឱ្យបង្កសំឡេងរំខានដល់អ្នកដទៃនេះ រួមជាមួយនឹង ការចែងអំពីការដាក់ទោសទណ្ឌផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ (ឆ្នាំ២០២៣) សេចក្ដីព្រាងច្បាប់នេះ មិនទាន់ចេញនៅឡើយទេ។
សេក្ដីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ បានចែងអំពី “ ភាពស្ងប់ស្ងាត់” នៅក្នុងជំពូកទី៤។ មាត្រា១៦ បានចែងថា«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ដូចជា ទី១ ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។ ទី២-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ និងទី៣-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។ មាត្រា១៧ ចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២:00 ថ្ងៃត្រង់ដល់ម៉ោង ០២:០០ រសៀល និងចាប់ពីម៉ោង១0:00 យប់ ដល់ម៉ោង ៥:00 ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»។

សរុបសេចក្ដីទៅ កម្ពុជាមិនចាំបាច់មានច្បាប់ស្ដីពី សណ្ដាប់ធ្នាប់ធារណៈក៏បានដែរ ប្រសិនបើពលរដ្ឋគ្រប់រូបយល់ដឹង ឬអនុវត្តសិទ្ធិរបស់ខ្លួន ក្រោមបន្ទាត់ព្រំដែនដូចមានចែងនៅក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ។ ការមិនបំពារបំពានអ្នកដទៃ នោះហើយជា សុភមង្គលនៅក្នុងគ្រួសារ និងជាសេចក្ដីសុខនៅក្នុងសង្គមជាតិទាំងមូល។ យើងម្នាក់ៗសាកគិតទៅមើល “ប្រសិនបើ គេបំពានសិទ្ធិរបស់យើងវិញ ឬ គេចាក់ធុងបាស រំពងសំឡេងឮខ្លាំងៗ ធ្វើឱ្យប៉ះពាល់ដំណេករបស់យើង ឬប៉ះពាល់សុខភាពអ្នកជំងឺនៅក្នុងផ្ទះយើង តើយើងមានអារម្មណ៍បែបណា? “ ។
(២) វិភាគផ្នែកវេជ្ជសាស្ត្រ៖
“ការស្ដាប់សំឡេងកងរំពងជាប្រចាំ ធ្វើឱ្យអ្នកទទួលសំឡេងខូចសុខភាពកម្រិតធ្ងន់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត”
ក- ផលប៉ះពាល់សុខភាពផ្លូវកាយ
បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់កំពុងរស់នៅប្រឈមនឹងបញ្ហាត្រចៀក ទាំងធ្ងន់ ស្រាល និងអ្នកខ្លះនៅមិនទាន់ដឹងថាខ្លួនឯងកំពុងមានបញ្ហាត្រចៀកនៅឡើយផង។ លោកអ្នកដឹងទេ? សកម្មភាពប្រចាំថ្ងៃដូចជា ការពាក់កាសស្ដាប់សំឡេង ការស្ដាប់សំឡេងបន្លឺពីធុងបាសដែលមានភាពរំញ័រខ្លាំង ការឮសូរសំឡេងឡានម៉ូតូ ស៊ីផ្លេ ភាពអ៊ូអរក្នុងទីក្រុង សំឡេងការដ្ឋានសាងសង់ផ្សេងៗ…។ល។ ជាប់ៗគ្នារាល់ថ្ងៃ ក្នុងរយៈពេលយូរ សុទ្ធតែបំផ្លាញប្រព័ន្ធសោត្រវិញ្ញាណយើងគ្រប់ៗគ្នា។ ការបំផ្លាញសោត្រប្រសាទ នឹងនាំទៅដល់ជំងឺស្ដាប់លែងឮ ឬខ្សោយក្នុងការស្ដាប់ ហើយការខូចខាតនេះ គ្មានវិធីជួសជុល ព្យាបាលឱ្យបានដូចដើមវិញឡើយ។
ជីវិតរស់នៅដែលត្រូវបានរំខានដោយសំឡេងបំពុលរាល់ថ្ងៃ ឬញឹកញាប់ គឺជាប្រញ្ហាប្រឈមដ៏ធំចំពោះជំងឺត្រចៀក។ បើយើងទទួលដឹងនូវសំឡេងដែលរំពងចេញក្នុងកម្រិត ៨៥ ដេស៊ីប៊េល (85 DB) ជាប់គ្នារយៈពេល ៨ម៉ោង រាប់ថាជាគ្រោះថ្នាក់ចំពោះត្រចៀក។ ហើយបើសំឡេងរំពងចេញក្នុងកម្រិត ១០០ ដេស៊ីប៊ែល (100 DB) សូមលោកអ្នកប្រញាប់ធ្វើជម្លៀសខ្លួនឱ្យបានឆ្ងាយផុតពីសំឡេងនោះជាបន្ទាន់ ព្រោះការទទួលយកសំឡេងបំពុលដល់កម្រិត ១0០ ដេស៊ីប៊ែល ក្នុងរយៈពេលត្រឹមតែ ពីរបីនាទីប៉ុណ្ណោះ ក៏វាអាចបំផ្លាញកោសិកាសរីរាង្គត្រចៀករបស់លោកអ្នកឱ្យខូចខាតបានលឿនដែរ។ (សូមអានពីមគ្គទេសក៍សំឡេងនៅទំព័រខាងចុងបង្អស់)
កម្រិតគ្រោះថ្នាក់នេះ ឬលើសពីកម្រិតគ្រោះថ្នាក់នេះទៅទៀត នៅកម្ពុជា គេនិយមប្រើនៅតាមរោងការ រោងពិធីបុណ្យផ្សេងៗជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ទើបយើងអាចសង្កេតឃើញថា អ្នកនិយមចូលរួមក្នុងពិធីជប់លៀងរៀបការ ឬពិធីកម្មកិច្ចផ្សេងៗនៅប្រទេសកម្ពុជា (គេនិយមហៅថាពិធីបុណ្យ) ភាគច្រើនលើសលប់ មានបញ្ហាត្រចៀកធ្ងន់។ ម្ល៉ោះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺ បើកសំឡេងស្ដាប់កាន់តែឮខ្លាំងឡើង ខ្លាំងឡើង ដោយមិនដឹងខ្លួន ព្រោះតែត្រចៀករបស់ពួកគេខ្លួនឯងស្ដាប់អ្វីលែងសូវឮសូរដូចមុន។ បញ្ហានេះហើយ ដែលធ្វើឱ្យអ្នកមានសុខភាពត្រចៀកល្អប្រសើរ ត្រូវក្លាយជាជនរងគ្រោះបន្តពីអ្នកជំងឺត្រចៀកធ្ងន់ដែលរស់នៅក្បែរខាងគ្នា ឬផ្ទះជាមួយគ្នា។
ការស្ដាប់សំឡេងរំខានខ្លាំងៗ ក៏មានផលអាក្រក់ចំពោះបេះដូងផងដែរ។ សំឡេងខ្លាំង បានបង្ករឱ្យមានវិបត្តិនៃជំងឺសរសៃឈាមបេះដូង។ ហើយប្រសិនបើអ្នកទទួលសំឡេង មានជំងឺបេះដូងពីមុនមកស្រាប់ នឹងរឹតតែធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាគាំងបេះដូង ឈានដល់ការបាត់បង់ជីវិតភ្លាមៗតែម្ដង។
ខ- ផលប៉ះពាល់សុខភាពផ្លូវចិត្ត
ការបំពុលសំឡេង មិនត្រឹមតែបង្កជំងឺត្រចៀក និងជំងឺបេះដូង ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកស្ដាប់មានជំងឺតឹងថប់ក្នុងចិត្ដ រហូតកើតទៅជាជំងឺ ស្ត្រេស និងករណីធ្ងន់ខ្លាំងអាចវិវឌ្ឍជាជំងឺសតិវិបល្លាស។ អ្ននឈានដល់ដំណាក់កាលធ្ងន់ខ្លាំង អាចនឹងស្ដាប់ឮសូរសំឡេងប្លែកៗខុសពីការពិត ដែលផ្នែកវេជ្ជសាស្ត្រ ផ្ដោតខ្លាំងទៅលើ វិកលរបស់សោត្រប្រសាទនៅក្នុងខួរក្បាល គឺចំណុចបញ្ជាឆ្ពោះមកវិញ្ញាណត្រចៀក ឱ្យស្ដាប់ឮសូរសំឡេងចម្លែកៗ ដែលអ្នកជានាធម្មតា មិនបានឮ។ ក្នុងករណីអ្នកជំងឺ រស់ក្នុងសង្គមដែលខ្វះការអប់រំ គ្មានចំណេះដឹងសុខភាព ពួកគេអាចនឹង គិតទៅលើអបិយជំនឿផ្សេងៗទៅវិញ។
សំឡេងដែលបង្កទៅជាជំងឺផ្លូវចិត្តនេះ ច្រើនជាសំឡេងដែលបន្លឺខ្លាំងនៅពេលយប់ ឬពេលដែលអ្នកទទួលសំឡេង កំពុងគេងលង់លក់។ សូម្បីតែការភ្ញាក់ពីដំណេកដោយសំឡេងនាឡិកាដាស់រោទ៍ខ្លាំងៗ ក៏ជាការបំផ្លាញសរសៃប្រសាទសោត្រវិញ្ញាណឱ្យខ្ទេចខ្ទាំបានដែរ។ ដូច្នេះយើងគួរប្រើមធ្យោបាយផ្សេងណាមួយ ដែលខុសពីការដាក់សំឡេងនាឡិការោទ៍ខ្លាំងៗ។
នៅក្នុងលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដាណឺម៉ាកកាលពីឆ្នាំ២០១៨ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់មួយថា មនុស្សដែលរស់នៅក្បែរខាងជាមួយនឹងអ្នកជិតខាងដែលនិយមចាក់សំឡេងរំខានបានធ្លាក់ចុះនូវសុខមាលភាពផ្លូវចិត្តជាច្រើនសណ្ឋាន។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំងដល់កម្រិត ២.៣៤ ដង និងអ្នកជំងឺស្ត្រេស បានកើនឡើង ២.៧៨ ដង ធៀបទៅនឹងអ្នករស់នៅដោយគ្មានការរំខានសំឡេងពីអ្នកជិតខាង។
លទ្ធផលស្រាវជ្រាវនេះ បានរកឃើញទៀតថា សូម្បីតែអ្នករស់នៅជាប់ដងផ្លូវជាតិ ឬ ដងផ្លូវដែលមានចរាចរណ៍ណែនណាន់តាន់តាប់ ក៏ត្រូវប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងជំងឺផ្លូវចិត្តដូចរៀបរាប់ខាងលើនេះដែរ។ ដូច្នេះហើយ ទើបយើងតែងឃើញ អភិជន អ្នកមានលុយកាក់ច្រើន តែងផ្លាស់ផ្ទះសម្បែងទៅរស់នៅតាមទីជនបទដាច់ស្រយាល ដែលមិនសូវមានសំឡេងចរាចរណ៍ឡានម៉ូតូរំខានដល់សោត្រប្រសាទរបស់ពួកគេ ដើម្បីគេអាចមានជីវិតរស់នៅពេញដោយសេចក្ដីសុខ។

(៣) តើមានសំឡេងណាដែលល្អប្រសើរចំពោះសុខភាពរាងកាយ និង ផ្លូវចិត្តដែរឬទេ?
ចម្លើយគឺ ពិតជាមាន! សំឡេងដែលជួយព្យាបាលជំងឺ និងជំរុញថាមពលរាងកាយ ជំរុញថាមពលខួរក្បាលឱ្យស្វាហាប់ ភ្លឺស្វាង គឺជាសំឡេងដែលចេញពីប្រភពធម្មជាតិ ដូចជា៖ សំឡេងសត្វបក្សាបក្សី សំឡេងរលកសមុទ្រ សំឡេងទឹកជ្រោះហូរ ទឹកភ្លៀងស្រក់តក់ៗ ស្លឹកឈើបោកបក់តិចៗ ជាដើម។ ក្រៅពីនោះ គេក៏អាចច្នៃប្រតិដ្ឋសំឡេងជំរុញសុខភាពមនុស្សផងដែរ ដូចជា ភ្លេងដន្ត្រីយឺតៗ ដែលបង្អូសសំឡេងស្រាលៗ ស្របតាមចង្វាក់ដង្ហើមរបស់មនុស្ស ដូចជា សំឡេងព្យាណូ សំឡេងហ្គីតា សំឡេងខ្លុយ វីយ៉ូឡុង ពិណ……ដែលបន្លឺក្រោមកម្រិត ២៥ ដេស៊ីប៊ែល។
(៤) ខាងក្រោមនេះជាម្រិតសំឡេងដែលលោកអ្នកគួរយល់ដឹង

ជាទូទៅ គេប្រើឧបករណ៍វាស់សំឡេង ដើម្បីអាចដឹងថា តើបរិស្ថាន ដែលយើងកំពុងរស់នៅ មានសំឡេងកម្រិតប៉ុន្មានដេស៊ីប៊ែលឱ្យពិតប្រាកដ។ ខាងក្រោមនេះជាលំអានគន្លឹះដើម្បីកំណត់កម្រិតសំឡេង៖
កម្រិតស្ងប់ស្ងាត់ល្អបំផុតដែលអាចព្យាបាលជំងឺក្នុងខ្លួន
- 0 DB គឺស្ងាត់ឈឹង ញាណត្រចៀកអាចចាប់ដឹងថាមានសំឡេង
- 10 DB គឺស្ងាត់ដូចនៅក្នុងបន្ទប់ថតសំឡេង (ស្ទីឌីយ៉ូ) ឬនៅទីវាលខ្សាច់រហោឋាន
- 20 DB ក្នុងឧទ្យានស្ងប់ស្ងាត់កណ្ដាលព្រៃ មានសត្វបក្សាបក្សី
កម្រិតល្អអាចទទួលយកបាន ៖
- 25 DB នៅស្រុកស្រែដាច់ស្រយាល ឬក្នុងព្រៃ ស្ងប់ឥតភ្លៀងខ្យល់
- 30 DB ក្នុងបន្ទប់គេងបិទជិត ឆ្ងាយទីប្រជុំជន
- 40 DB ក្នុងការិយាល័យធ្វើការ ឬ ក្នុងផ្ទះ ឆ្ងាយក្រុង
កម្រិតអាចទ្រាំទ្របាន ៖
- 45 DB សំឡេងម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់
- 50 DB សំឡេងក្នុងផ្សារទំនើបធំៗ
- 60 DB សំឡេងមនុស្សនិយាយគ្នាអ៊ូអរ និងសំឡេងពេលបើកបង្អួចនៅជាប់ផ្លូវ
កម្រិតនាំឱ្យហត់នឿយ និងពិបាកទ្រាំ
- 65 DB សំឡេងឡានបើកតាមថ្នល់
- 70 DB សំឡេងម៉ាស៊ីនបូមផ្ទះ កាត់ស្មៅ ផ្លុំខ្យល់
- 80 DB សំឡេងចរាចរណ៍តាមផ្លូវកកណែន និងស៊ីផ្លេឡាន
កម្រិតហានិភ័យ ៖
- 90 DB សំឡេងត្រាក់ទ័រ រថភ្លើង
- 100 DB សំឡេងក្នុងកាសដែលបើកអស់លេខ ឬធុងបាសការប្រគុំតន្ត្រី
- 102 DB សំឡេងតន្ត្រីក្នុងក្លឹបឌីស្កូ ក្លឹបរាត្រី
កម្រិតគ្រោះថ្នាក់ ៖
- 110 DB សំឡេងធុងបាសឡានខ្លាំងអស់លេខ
- 120 DB សំឡេងយន្តហោះហោះឡើង ឬសំឡេងម៉ាស៊ីនខួងសំណង់
- 130 DB ស្នូរកាំភ្លើងបាញ់
- 140 DB ស្នូរគ្រាប់ផាវ គ្រាប់បែក

