Tag Archives: សិក្សាអក្សរសាស្ត្រខ្មែរ

ប្រវត្តិពាក្យ “ប៉ាកកា” និង “ប៉ាកកៃ”

ប៉ាកកា៖ ពាក្យនេះ ហៅក្លាយដំបូងមកពីភាសាសៀម។ “ប៉ាក” (ปาก) ប្រែថា “មាត់ ឬ ចំពុះ” “កា” (กา) ប្រែថា “ក្អែក”។ ដូច្នេះ ប៉ាកកា ប្រែថា “ចំពុះក្អែក” (ปากกา)។ ហេតុដែលគេហៅដូច្នេះ ព្រោះតែដងសម្រាប់កាន់បង្ហូរទឹកខ្មៅ ឱ្យវាស្រក់ចុះមកលើផ្ទាំងក្រដាស ឬស្បែក កាលជំនាន់ដើម ត្រូវបានគេរចនា ដូចទៅនឹងចំពុះសត្វក្អែក គឺវាវែង ហើយស្រួចខាងចុង តែក្ដោបរលោងស្រិល។

កន្លងមក មានអ្នកយល់ច្រឡំ ដោយបានសរសេរប្រកបនឹងអក្សរ “ក” តែមួយតួគត់ ថាជា “ប៉ាកា” តែក្រោយពីមានការសើរើផ្ទៀងផ្ទាត់តាមនិយាមអក្សរសាស្ត្រ ទើបត្រូវតែថែម “ក” មួយទៀត ដើម្បីឱ្យវាត្រូវនឹងការប្រកបក្នុងភាសាសៀម ព្រោះពាក្យពីរព្យាង្គនោះ គឺជានាមសព្ទចំនួនពីរផ្សេងគ្នា ដែលផ្គុំបញ្ចូលគ្នា។

សព្វថ្ងៃ នៅក្នុងភាសាសៀម ពាក្យថា ปากกา (ប៉ាកកា) ប្រែត្រឹមតែជាប៊ិចសរសេរធម្មតាៗតែប៉ុណ្ណោះ មិនមានអត្ថន័យជ្រាលជ្រៅរហូតដល់កម្រិត កវីនិពន្ធ អីដូចខ្មែរយើងទេ។ ភាសាខ្មែរ ពាក្យថា ប៉ាកកា ក្រៅពីមានន័យដូចខ្លឹមសារពន្យល់ខាងលើហើយ វានៅត្រូវបានគេប្រើធ្វើជាគ្រឿងសម្គាល់ដល់អ្នកពូកែតែងកំណាព្យ ឬនិពន្ធរឿងផ្សេងៗ ក្នុងទម្រង់សិល្បៈអក្សរសិល្ប៍ អក្សរសាស្ត្រ។

ឧទាហរណ៍ដូចជា ម្ចាស់ប៉ាកកាដងស្ទឹងសង្កែ ម្ចាស់ប៉ាកកាឥតគូ ប៉ាកកាមាស ប៉ាកកាផ្ដាច់ព្រលឹង…។ល។ ទៅតាមការនិយមចូលចិត្តរបស់អ្នកកវីនិពន្ធម្នាក់ៗ ដែលរើសដាក់ដោយខ្លួនឯង ឬជួនកាលត្រូវបានប្រសិទ្ធងារប៉ាកកា ជូនដោយ ប្រិយមិត្តអ្នកស្រលាញ់គាំទ្រស្នាដៃរបស់ពួកគេ ជាអ្នកដាក់ឱ្យ ឬដោយព្រះមហាក្សត្រ ឬដោយមេដឹកនាំធំណាមួយ ដែលពេញចិត្តនឹងស្នាដៃតែងនិពន្ធរបស់គេនោះតែម្ដង។

ម្យ៉ាងទៀត ក្នុងវប្បធម៌ខ្មែរ នៅពេលណាដែលគេនិយាយដល់ពាក្យថា ប៉ាកកា គេច្រើនតែប្រើរូបភាពតំណាងជាស្លាបសត្វបក្សីទៅវិញ។ ជាការពិតហើយ ស្លាបសត្វបក្សី ពីដើមឡើយ ក៏ត្រូវបានប្រើប្រាស់សម្រាប់ជាឧបករណ៍សរសេរដែរ គឺវាត្រូវបានប្រើតាំងពីសម័យបុរាណម្ល៉េះ ជាពិសេស ម្ចាស់ដើមដំបូងបង្អស់ ដែលនាំចូលឧបករណ៍ស្លាបសត្វជ្រលក់ទឹកខ្មៅនេះមកផ្សាយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពួកបស្ចិមលោក ដែលពួកគេបាននាំចូលមក តាមរយៈអាណានិគមកិច្ច អំឡុងនៃសង្គ្រាមលោកលើកទី១ ឬមុននោះបន្តិច។

ចំណុចស្នូលដែលអ្នករៀនសូត្រគួរចងចាំ គឺ ក្នុងវប្បធម៌សៀម បើនឹងត្រូវប្រើរូបភាពតំណាង គេប្រើរូបគល់ប៉ាកកា ដើម្បីបង្ហាញចេញ គឺរូបភាពពីពាក់កណ្ដាលដងប៉ាកកា ចុះមកចុងចំពុះបង្ហូរទឹកខ្មៅ ឬរូបប៊ិចសម័យទំនើបយើងនេះតែម្ដង។ រីឯក្នុងវប្បធម៌ខ្មែរ បើនឹងត្រូវប្រើរូបភាពបង្ហាញខ្លឹមសារនៃប៉ាកកា គេបង្ហាញរូបភាពរោមសត្វមួយសរសៃ ពីគល់ដល់ចុងស្លាប ភាគច្រើន។

នៅក្នុងភាសាសៀម ក៏មានគេនិយមប្រើពាក្យភ្លោះថា “ប៉ាកកា ប៉ាកកៃ” (ปากกา ปากไก่) ផងដែរ ដោយពាក្យថា “ប៉ាកកៃ” ប្រែថា “ចំពុះមាន់” ឬប៊ិចសរសេរដែលមានចុងធំជាងចំពុះក្អែក។ ដូច្នេះ “ប៉ាកកា ប៉ាកកៃ” ប្រែត្រង់ៗមកថា “ចំពុះក្អែក ចំពុះមាន់”។ ព្រោះតែពាក្យថា ក្អែក និងពាក្យថា មាន់ ក្នុងភាសាសៀម មានសំឡេង “ក” ដូចគ្នា។ ទាំងប៉ាកកា និង ប៉ាកកៃ សុទ្ធតែប្រែមកថាប៊ិចសរសេរទាំងអស់ ដោយមួយមានចុងតូច មួយទៀតមានចុងធំ គ្រាន់តែថា គេប្រើពាក្យភ្លោះជាប់គ្នា នៅក្នុងទម្រង់ជាបទនិពន្ធកំណាព្យកាព្យឃ្លោង ឬភាសាអ្នកវប្បធម៌ជាន់ខ្ពស់ សម្រាប់កវីនិពន្ធក្លែមពាក្យពេចន៍ឱ្យបានពីរោះណែងណងតែប៉ុណ្ណោះ។

ខ្មែរ ក៏បានខ្ចីពាក្យថា “ប៉ាកកៃ” នេះយកមកប្រើដែរ ហើយខ្លឹមសារអន្ថន័យ ដូចន័យដើមរបស់សៀមដដែល ប៉ុន្តែយូរៗទៅភាសាខ្មែរបានធ្វើកម្លាយទៅជា “ប្រកៃ” ទៅវិញ ។ ប្រកៃ ប្រសិនបើនឹងចង់សរសេរឱ្យត្រូវតាមនិយាមវចនានុក្រមខ្មែរ គឺវាត្រូវថាជា “បង្កៃ” មានភេទជានាមផង ជាកិរិយាសព្ទផង។ ជានាម មានន័យថា ជាឧបករណ៍សម្រាប់ប្រើភ្ជាប់នឹងដងសន្ទូចស្ទូច មានមុខស្រួចមុត ហើយកោងដូចចំពុះមាន់ ដែលអ្នកស្រុកស្រែនិយមប្រើ សម្រាប់ទាក់ចាប់ត្រី ឬចាប់កង្កែប ឬពពួកសត្វមួយចំនួនទៀត ដែលចូលចិត្តសំងំនៅតាមគម្ពោតនៃវាលស្រែ។ បង្កៃ ធ្វើឡើងពីដើមឫស្សីចាស់បំផុត ដើម្បីអាចត្រាំនៅក្នុងទឹកបានយូរ ដោយការពារវាមិនពុកផុយងាយឡើយ។

បង្កៃ បើដើរតួជាកិរិយាសព្ទ ប្រែថា រៀបចំឧបករណ៍ដងឫស្សីចាស់ ដើម្បី ស្ទូច ចាប់ និងមាននុយបញ្ឆោតទៀតផង។

សូមបញ្ជាក់ថា នៅក្នុងភាសាសៀមបច្ចុប្បន្ន ពាក្យថា “ប៉ាកកា” មានន័យមួយទៀត ប្រភេទជានាម គឺ ប្រដាប់សម្រាប់មួលរឹតឱ្យតឹងណែន ប្រើប្រាស់នៅក្នុងកិច្ចការជាងដែក ជាងឈើ។

_________

អត្ថបទស្រាវជ្រាវដោយ លឹម វិរិយា 🌸

ពាក្យ “ស៊ី” ក្នុងភាសាខ្មែរ

មូលហេតុដែលខ្ញុំថតពាក្យនេះយកមកបង្ហោះ ព្រោះតែខ្ញុំឧស្សាហ៍ឮសំឡេងរបស់លោកវេជ្ជបណ្ឌិតដ៏ល្បី១រូប ដែលលោកតែងផ្ដល់ការពិគ្រោះយោបល់ផ្សេងៗផ្នែកសុខភាពតាមវិដេអូយូធូប។ ក្នុងវិដេអូនោះ ជារឿយៗ លោកតែងតែមានប្រសាសន៍ថា “អ្នកញ៉ាំផឹក អ្នកញ៉ាំចុក”។ ជាដំបូង សូមអរគុណដែលលោកតែងតែឆ្លៀតពេលវេលាដ៏មានតម្លៃចែករំលែកបទពិសោធ ចំណេះដឹងសុខភាព។ ប៉ុន្តែ ខ្ញុំចង់ចូលរួមកែកំហុសបន្តិច ត្រង់ពាក្យដែលលោកចូលចិត្តពោលថា “ញ៉ាំផឹក ញ៉ាំចុក”។

ខ្ញុំសូមពន្យល់បំភ្លឺថា ភាសាខ្មែរ ដែលពាក្យខ្លះ ហាក់ស្ដាប់ទៅដូចជា មិនសូវសុភាព តាមពិតនោះជាព្រលឹងនៃភាសា ដែលមិនអាចយើងទៅកែប្រែតាមតែចិត្តនឹកឃើញបានទេ។

ឧទាហរណ៍៖ ពាក្យថា “ដេកស៊ី – ស៊ីការ – ស៊ីឈ្នួល – ស៊ីលុយ – ស៊ីថ្លៃ – ស៊ីផឹក – ស៊ីចុក…។ល។” យើងមិនអាចយកវាមកកាឡៃទៅជា “គេងញ៉ាំ – ញ៉ាំការ – ញ៉ាំឈ្នួល – ញ៉ាំថ្លៃ – ញ៉ាំផឹក – ញ៉ាំចុក” បានទេ។ ព្រោះខ្លឹមសាររបស់ពាក្យ “ស៊ី” នីមួយៗ វាមានន័យផ្សេងៗពីគ្នា គ្រប់គ្រាន់ដែលបញ្ជាក់ឱ្យពាក្យខាងចុងរួចហើយ។ វាមិនមែនមានន័យប្រៀបធៀបដល់ពាក្យថា “ហូប ពិសា ញ៉ាំ ឆាន់” ដែលអង់គ្លេសប្រែថា eat នោះទេ។

ក្នុងវចនានុក្រមខ្មែរ បោះពុម្ពឆ្នាំ ១៩៦៧ ត្រង់ទំព័រលេខ ១៣៥៦ – 1386 បានពន្យល់ថា “ស៊ី” (កិ.) ប្រែថា ទទួលទានអាហារ បរិភោគភោជនាហារ។ ដូច្នេះ ពាក្យមួយម៉ាត់នេះ វាក្ដោបជារួមថា ជាសកម្មភាព ហូប – ពិសា – ញ៉ាំ – សោយ – អាហារក្នុងពិធីជួបជុំអ្វីមួយ ជាមួយគ្នានោះហើយ។ សូមកុំកែពាក្យនេះទៅជាអ្វីផ្សេងដែលធ្វើឱ្យប្រាសចាកខុសន័យដើម ដែលជនបរទេសកំពុងរៀនភាសាខ្មែរ ទៅជាវង្វេងលែងយល់។

​ប្រសិនបើយើងគិតថា ឱ្យតែឃើញពាក្យ “ស៊ី” សុទ្ធតែឥតសុជីវធម៌ ហើយត្រូវប្ដូរទៅជា “ញ៉ាំ ឬ ហូប ឬ ពិសា” ដូច្នេះ តើពាក្យផ្សេងទៀត ដូចជា “អ្នកស៊ីឈ្នួល ទឹកស៊ីជើង អ្នកស៊ីចាយ អ្នកដេកស៊ី រឿងស៊ីគ្នា តូចស៊ីតាមតូច ធំស៊ីតាមធំ ស៊ីមុខស៊ីក្រោយ អ្នកស៊ីពែ ស៊ីសំណូក អ្នកស៊ីផ្អែម ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ……។ល។” គួរប្ដូរដែរឬយ៉ាងណា?

សូមត្រិះរិះតាមការគួរ និង សូមអរគុណ!

ភាសាខ្មែរមួយចំនួនដែលខ្មែរប្រើមិនទាន់ត្រឹមត្រូវ