Tag Archives: សង្គ្រាមនិងសន្តិភាព

សន្តិភាពក្នុងផ្សែងពុល (Peace in the Poisonous Smoke)

នៅក្នុងអំឡុងពេលដែលមនុស្សលោកគ្រប់ទិសទី ខំប្រឹងព្យាយាមទប់ដង្ហើម ដោយសារតែបរិយាកាសដែលពួកគេកំពុងរស់នៅ ឡើងដុះក្រាស់ឃ្មឹកទៅដោយជាតិពុលពេញបន្ទុក ពួកយើងក៏គួរតែចោទសួរខ្លួនឯងដែរថា តើខ្យល់ដែលយើងបានស្រូបចូលទៅក្នុងសួត មានអ្វីខ្លះ? ហើយខ្យល់ដែលយើងបានបញ្ចេញមកវិញ គឺជាអ្វីខ្លះ?

ជាញឹកញាប់ ដែលយើងស្រូបចូលក្នុងខ្លួននូវដង្ហើមនៃភាពភ័យខ្លាច លាយឡំដោយកំហឹងយ៉ាងក្ដៅគគុកដូចភ្លើង ហើយបញ្ចេញមកវិញ នូវដង្ហើមដែលភាយទៅដោយចំហាយការឈឺចាប់ និងទុក្ខព្រួយ។ បន្ទាប់មក យើងស្រូបចូលម្ដងទៀត នូវការរំពឹងទុក ដែលនៅមិនឆ្ងាយពីសម្រែកដង្ហោយរកជំនួយរបស់បងប្អូនជនរួមជាតិ ហើយបញ្ចេញមកវិញ នូវដង្ហើមដែលខ្សោះអស់ក្ដីសង្ឃឹមថានឹងមានសន្តិភាពដ៏ពិតប្រាកដមួយ។

ប្រវត្តិបុព្វបុរសដូនតា បានលះបង់ តស៊ូ កសាងទឹកដី មហាអាណាចក្រ ឱ្យល្បីរន្ទឺតាមរយៈប្រាសាទថ្មល្អវិចិត្ររាប់មិនអស់ ប្រកបដោយកំពូលប្រាជ្ញាដ៏ឆ្លាតវាងវៃ បែរជាត្រូវកូនចៅជំនាន់ក្រោយ ប្រើប្រាស់ធ្វើជាមរតកសម្រាប់ត្រឹមតែបង្អួតគ្នា កេងចំណេញលើគ្នា កម្ចាត់គ្នា ព្យាបាទគ្នា រហូតដល់ប្រទេសជាតិធ្លាក់ចុះអន់ខ្សោយ ក្រីក្រតោកយ៉ាក ក្លាយទៅជាផ្ទាំងស៊ីប សម្រាប់ជនបរទេសស្រេកឃ្លានអំណាចពីគ្រប់ទិស បង្កសង្គ្រាម ឈ្លានពាន ម្ដងហើយ ម្ដងទៀត អស់រយៈពេលជិតមួយពាន់ឆ្នាំ រហូតដល់រហែកដាច់ដោចប្រទេសជាចំណែកៗ និងបន្សល់ស្លាកស្នាមរបួសយ៉ាងជ្រៅដល់សព្វថ្ងៃ។

ប្រាសាទបុរាណដែលត្រូវបានកសាងសម្រាប់ជាការបូជាថ្វាយដល់អាទិទេព សម្រាប់ជាទីគោរពសក្ការៈ ប្រែទៅជាសមរភូមិសង្គ្រាម ស៊ីសាច់ហុតឈាមគ្នា ដោយសារភាពអវិជ្ជា គឺសេចក្ដីល្មោភលោភលន់អំណាច របស់ក្រុមមនុស្សដ៏ខ្ពង់ខ្ពស់ ឈ្មោះជាស្ដេច។ ផ្សែងពុល ដែលភាយមកបំពុលមនុស្សថ្ងៃនេះ គឺជាចំហាយផ្សែង ដែលបន្សល់មកតាំងពីអតីតកាល ទាក់ទងនឹងប្រវត្ដិសាស្ត្រទឹកដី។ វាវិលកួចចុះឡើងខ្មួលខ្មាញ់ ដូចជាព្យុះកំបុតត្បូង បោកបក់សន្ធាប់ បំផ្លាញពន្លឺសន្តិភាពនៃជាតិសាសន៍ផងគ្នា ឱ្យធ្លាក់រងទុក្ខវេទនា រកទីបំផុតមិនឃើញ។

យើងចាប់ផ្ដើមសង្ស័យថា ដុំពពកនៅលើមេឃ មិនមែនជាបណ្ដុំនៃចំហាយទឹក ដែលនឹងបង្កើតជាទឹកភ្លៀង សម្រាប់ហូរធ្លាក់មកស្រោចស្រពចម្ការ ច្បារដំណាំ ស្រែស្រូវកសិករ ដូចមុនទៀតទេ។ វាប្រហែលជាបណ្ដុំនៃផ្សែងពិសដ៏គ្រោះថ្នាក់ ដែលនឹងបង្កើតជាទឹកអាស៊ីត ហូរមកស្រោចស្រពពួកយើងឱ្យរលេះរលួយស្លាប់ជាក់ជាមិនខាន។ យើងចាប់ផ្ដើមសង្ស័យពីសំឡេងផ្គរលាន់ ដែលប្រហែលជាសំឡេងគ្រាប់កាំភ្លើងធំ ដែលពួកមនុស្សល្ងង់ខ្លៅកំពុងតែបាញ់ប្លោងដាក់គ្នា។ យើងចាប់ផ្ដើមសង្ស័យពីពន្លឺផ្លេកបន្ទោរ ដែលប្រហែលជាពន្លឺភ្លើងនៃអាវុធប្រល័យជីវិតល្បឿនលឿន។ យើងចាប់ផ្ដើមលែងទុកចិត្ដគ្នា ហើយចងចិត្តដ៏អកុសល ដោយការព្យាយាមចាប់កំហុសគ្នាទៅវិញទៅមក ដើម្បីបានលេសនឹងព្យាបាទគ្នា ឱ្យរងទុក្ខឥតល្ហែ ទាំងផ្លូវចិត្ត និងផ្លូវកាយ។

ពួកមនុស្សស្នេហាជាតិបែបជ្រុលនិយម មិនដឹងជាលេចមុខមកពីទីណា ខំប្រឹងសម្ដែងឱ្យគេឃើញថាខ្លួនឯងជាអ្នកស្នេហាជាតិពិតប្រាកដ រីអ្នកដទៃមិនស្រលាញ់ប្រទេសជាតិដូចខ្លួន។ ពួកមនុស្សខ្លះ ស្រែកថាចង់បានសន្ដិភាព ប៉ុន្តែគ្រប់ដង្ហើមចេញចូល បែរជាបង្កតែភ្លើងសង្គ្រាមឥតស្រាកតាមរយៈពាក្យសម្ដីផ្លែផ្កា មុសា ចោទប្រកាន់ បំភ្លៃព័ត៌មានក្លែងក្លាយ ដើម្បីគ្រាន់តែចង់ល្បីឈ្មោះនៃអាត្មាខ្លួន ដែលស្រោបដោយកិត្តិយសកំប៉ិកកំប៉ុក នៅតាមបណ្ដាញអ៊ីនធើណិត។

“គ្មានអ្វីនៅក្នុងលោកនេះ រឹងមាំជាងភាពទន់ភ្លន់នោះទេ” ប៉ុន្តែអ្នកដែលចង់បានភាពរឹងមាំ បែរជាមិនយល់ពីបាតុភូតធម្មជាតិនេះ ហើយបង្កើតតែសេចក្ដីរឹងត្អឹង មានៈ ក្អេងក្អាង ទាំងទទឹងទិសគ្រប់ពេលវេលា។ ធម៌នៃសេចក្ដីមេត្ដា ករុណា ចំពោះសព្វសត្វផងទាំងពួង ដែលព្រះបានទុកឱវាទជាមេរៀនប្រៀនប្រដៅ ក៏រលុបបាត់អស់នៅក្នុងផ្សែងពុល។ សេចក្ដីប្រកាន់ រីកមាឌធំឡើងរាល់វិនាទី រហូតដល់តណ្ហាដែលធ្លាប់តែមានទំហំតូចប៉ុនផ្លែដូងសោះ ស្ទុះរីកធំស្ទើរប៉ុនផែនដី។

សូមមេត្ដាយល់ដឹងឱ្យច្បាស់ថា ការតម្កល់សេចក្ដីអត់ធ្មត់ដោយស្មារតីប្រុងប្រយ័ត្ន មិនមែន មានន័យថាយើងអន់ខ្សោយ ខ្លាចគេទេ។ ការមិនច្រឡោត មិនស្ទុះលោតប្រតិកម្ម ទៅតាមព័ត៌មាន ហើយព្យាយាមស្មិងស្មាធិ៍ ដើម្បីរិះគិតពីដំណោះស្រាយ ប្រកបដោយធម៌អហិង្សា ទើបជាអ្នកមានប្រាជ្ញា។ បុគ្គលទាំងឡាយណា ដែលស្រែកតិះដៀលដល់អ្នកមានអំណត់អត់ធ្មត់ ហើយញុះញង់ឱ្យមានអំពើហិង្សា កាប់សម្លាប់គ្នា នោះគឺសុទ្ធតែជាបុគ្គលពាលទាំងអស់។ បុគ្គលប្រភេទនោះហើយ ដែលនៅក្នុងប្រវត្ដិសាស្ត្រ បង្កឱ្យមានហាយនភាព គឺសេចក្ដីវិនាសអន្តរាយជារៀងរហូត។ ពួកគេចង់បានសន្តិភាព តែពួកគេបំពក់ផ្សែងពុល ដែលបក់ផ្លុំចេញពីភ្លើងសង្គ្រាមទៅវិញ។

អ្នកស្នេហាជាតិ មិនមែនមានន័យថា ត្រូវតែលើកគ្រវីទង់ជាតិ ដាក់តាំងរូបទង់ជាតិ ស្រែកយំដាក់ក្នុងបណ្ដាញផ្សព្វផ្សាយ ជេរតិះដៀលអ្នកមានសីល សមាធិ ហើយស្រែកឃោសនា លើកទឹកចិត្តឱ្យមានការបាញ់ប្រហារ សងសឹកគ្នានោះទេ។ បើគិតឃើញ ត្រឹមតែការបង្ហូរឈាមតែម្យ៉ាង តើវាមានខុសគ្នាអីពីពួកប៉ុលពត?

 អ្នកស្នេហាជាតិ អាចនឹងធ្វើអ្វីៗគ្រប់សព្វបែបយ៉ាង ដែលខ្លួនមានចំណេះ ជំនាញ ហើយខំប្រឹងអប់រំចិត្តខ្លួនឯងឱ្យមានឧបេក្ខាធម៌ រម្ងាប់ភ្លើងកំហឹង ទោសៈ មោហៈ ជាអតិបរមា តាមដែលអាចធ្វើទៅបាន។ ព្រោះថា ទាល់តែសតិយើងមានភាពត្រជាក់ ទើបពន្លឺនៃប្រាជ្ញាផុសច្រាលឡើងមកបាន ហើយគំនិតល្អៗនៃដំណោះស្រាយ នឹងឧប្បត្តិកចេញមកដោយស្វ័យប្រវត្ដិ។ បើមិនព្រមពន្លត់ភ្លើងដែលកំពុងឆេះសន្ធោក្នុងដួងចិត្តសិនទេ នោះគំនិត មតិ យោបល់ ដែលជះចេញមក មានតែការបំផ្លាញតែម្យ៉ាងគត់ ចុងក្រោយ គឺវិនាសកម្មជាសាកល។

យើងមិនចាំបាច់បង្កើតភ្លើងកំហឹង ដើម្បីបំប៉ោងការឈឺចាប់ ដើម្បីឱ្យបានគេហៅថាជាអ្នកស្នេហាជាតិអីទេ។ យើងមិនចាំបាច់ ស្រែកចំទាលក្នុងតុងសំឡេងតឹងៗ ខ្លាំងៗ លាយឡំដោយទឹកភ្នែក ទឺកសម្បោរ ដើម្បីបញ្ជាក់ថាយើងស្រលាញ់ប្រទេសជាតិនោះទេ។ បើអូសហ្វេសប៊ុគ មិនផុតពីអ្វីដែលនាំឱ្យមានការឈឺចាប់ នោះបិទទូរសព្ទ ឈប់អូសទៀតទៅ ហើយបិទភ្នែកធ្វើសមាធិខ្លះក៏ល្អ ក្រែងអាចជួយខ្លួនឯងបានមួយផ្នែក។ ច្បាប់តក្កៈ ទាល់តែពលរដ្ឋម្នាក់ៗអាចជួយខ្លួនឯងជាមុនសិន ទើបអាចទៅជួយអ្នកដទៃទៀតបាន។

សូមមាតា បិតា អាណាព្យាបាល កុំបង្រៀនកូនឱ្យលើកតម្កើងកាន់ជើងបុគ្គលមានអំណាចណាមួយ ឬឈ្មោះវីរបុរសណាមួយដែលពូកែខាងកាប់សម្លាប់ជីវិតមនុស្ស។ តែត្រូវបង្រៀនកូនៗ ឱ្យមានមោទនភាពនឹងការលើកតម្កើងសិទ្ធិសេរីភាព ការយោគយល់អធ្យាស្រ័យគ្នា ការរួបរួមសាមគ្គីគ្នាក្នុងធម៌អហិង្សា ដើម្បីកសាងស្ពានឈានទៅរស់នៅក្នុងសង្គមដ៏ស៊ីវិល័យ ប្រកបដោយសុខសន្តិភាពយ៉ាងពេញលេញ បរិសុទ្ធ គ្មានលាយឡំដោយផ្សែងពុលតទៅទៀត។

_________

វិរិយា 🌸

ថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា គ.ស. ២០២៥

រូបភាព A.I. សរសេរ Prompt ដោយ លឹម វិរិយា

កំណាព្យ៖ សង្គ្រាម និង សន្តិភាព

(បទ៧ព្យាង្គ)

០១. សង្គ្រាមឈ្ងៀមដី ព្រៃឆេះខ្ទេច
ជើងត្បូងកើតលិច រេចគ្មានសល់
ជីវិតហិនហោច ល្អោចរចល់
សញ្ជឹងអស់កល សល់តែឆ្អឹង។

០២.​ គ្រាប់បែកបាញ់ប្លោង កោងជើងមេឃ
មនុស្សសត្វនឿយពេក ដេកទទឹង
ឈាមក្រហមពោរ ជោរតាមស្ទឹង
ហូរដាបក្លាយបឹង ថ្លឹងតែសព។

០៣. សំឡេងយន្តដែក រហែកមេឃ
រំពងខ្លាំងពេក ស្លេកសន្លប់
សម្លឹងទៅឆ្ងាយ ស្ដាយកំណប់
ខំរកខំកប់ ទ្រព្យសង្ឃឹម។

០៤. រូងភ្នំដីស្អិត ឥតអាសូរ
សម្រែកទ្រហោរ ផ្គរគ្រឹមៗ
ជម្រកបាក់ធ្លាយ រលាយធ្នឹម
ទឹកភ្នែករឹមៗ ហូរលាយឈាម។

០៥. ឈឺចាប់ច្បាប់ខ្លះ ផ្លាស់ក្រឡាច់
ក្រឡាប់ផ្ងារកាច់ ក្បាច់ឈ្លើងទាម
លុបសន្តិភាព ធៀបកូនចៀម
ប្រកាសសង្គ្រាម ត្រៀមយកជ័យ។

០៦. តាមពិតលើកទង់ រង់ចាំស្លាប់
អ្នកស្លន់បន់ច្បាប់ ត្រាប់ខុសន័យ
ក្រហមឬខៀវ គង់តែក្ស័យ
ផ្នូរមាសផ្នូរដី សុទ្ធតែខ្មោច។

០៧. ខំសាងកេរ្តិ៍ឈ្មោះ ពីរោះក្ដាត់
បែររលាយបាត់ ខ្ចាត់ខ្ចាយល្អោច
ព្រោះតែតណ្ហា ដុតកម្លោច
ឱ្យឆេះខ្មៅរោច ដូចនរក។

០៨. ពាក្យ “សន្តិភាព” ប្រៀបដុំមាស
គេយកថែមក្បៀស កៀសចូលភក់
តាមពិតសង់គុក ទុកជ្រលក់
លាបពណ៌ដោយជក់ពួកទេព្ដា។

០៩. អ្នកប្រាជ្ញបណ្ឌិត ងងឹតឈឹង
ជីវិតថ្មើរហ្នឹង នៅឯណា?
បាត់ឈ្មោះបាត់រូបពីតម្រា
សេចក្ដីថ្លែងការណ៍ គេកឹបទុក។

១០. ពាក្យ “សន្តិភាព” រៀបពេញថ្នល់
ខ្លះទូលលើកកល់ ពេញបន្ទុក
ខ្លះលាតត្រដាង ឆ្កាងក្នុងគុក
ខ្លះយំចេញមុខ ស្រែកទ្រហឹង។

(បទកាកគតិ)

១១. បើគិតឱ្យជ្រៅ គិតយូរៗទៅ
ច្បាស់ជាអាចថ្លឹង ថាសន្តិភាព
ស្ងាត់ច្រៀបល្អម្ល៉ឹង មិនមែនក្ដៅតឹង
ដូចគេប្រឹងទប់។

១២. ពាក្យ “សន្តិភាព” បើគិតប្រៀបធៀប
រៀបតាមគម្រប់ គឺជាឋានស្ងប់
ដណ្ដប់ពិភព លោកាដែលគ្រប់
ថ្ងៃយប់សុខសាន្ត។

១៣. សន្តិភាពពិត មិនមែនងងឹត
ជាភពសម្រាន្ត សម្រាករស់ស្រួល
គ្មានអ្នកផ្ដួលច្រាន ជីវិតប៉ុន្មាន
ឆ្លងបានមង្គល។

(បទព្រហ្មគីតិ)

១៤. “សង្គ្រាម” ពាក្យពីរម៉ាត់
តែខ្ចាយខ្ចាត់ ឆ្វាត់បំពុល
សម្លាប់មិនឱ្យសល់
រលាយវ៉ល់ ដល់ផែនដី។

១៥. ឯពាក្យ “សន្តិភាព”
បីមាត់ប្រៀបធៀបនឹងន័យ
ដែលសេសសល់អាល័យ
ពេញហឫទ័យនៃជីវិត។

១៦. សន្តិ និង សង្គ្រាម
សុទ្ធតែត្រៀមប្ដូរគំនិត
អ្នកស្លាប់លែងបានគិត
អ្នករស់ពិតរឹតតែខ្វល់។

១៧. សន្តិ និង សង្គ្រាម
ស្លាកពេញនាមដែលគេពាល់
ពេលពោលពំនោលដល់
ដឹងកិច្ចកល ស្គាល់ការណ៍ពិត។

១៨. សន្តិ និង សង្គ្រាម
ដូចព្រះរាម និងអមិត្រ
ប្រយុទ្ធដណ្ដើមឫទ្ធិ
ប្រជែងមិត្ត ខិតទង់ជ័យ។

១៩. សន្តិ និង សង្គ្រាម
ឆេះហើយក្រៀម បៀមទុក្ខភ័យ
ឈ្នះចាញ់នៅតែក្ស័យ
ល្អក់ចង្រៃរយពាន់ឆ្នាំ។

(បទភុជង្គលីលា)

២០. ចង់រស់ក្នុងសន្តិភាព
មិនបាច់រាប់រៀប ធៀបរឿងបនបក្ស។

២១. ពាក្យសន្តិភាពប្រត្យក្ស
ក្លាយរឿងហាស្លាក់ ខ្ជាក់ទៅវាស្លែង។

២២. សន្តិភាពមិនសម្ដែង
អាចឃើញជាក់ស្ដែង ពេលមនុស្សរស់ស្ងប់។

២៣. មិនបាច់អរគុណយកគាប់
យកគួរមកទ្រាប់ ជាប់ឈ្មោះពួកទ្រ។

២៤. ក្រាបលូនដូចល្មូនក្រោមផ្នូរ
សម្រែកជយោ! ហ៊ោដូចទ័ពខ្មោច។

២៥. ស៊ីពែ ទ្រគេ ឡើងហោច
កេរ្ដិ៍ឈ្មោះធ្លាក់ល្អោច បោចស្មៅអង្កៀម។

២៦. ខំប្រឹងរក្សាទំនៀម
ទម្លាប់បឺតឈាម អ្នកតូចទន់ខ្សោយ។

២៧. ហើយតាំងមកស្រែកដង្ហោយ
ចុះចែកអំណោយ ពាក់ស្លាកអ្នកល្អ។

២៨. តាមពិតជំរិតជាន់ក
សម្លាប់អ្នកក្រ តាមក្បួនមេបក្ស។

២៩. លើកទង់បង្អួតមនុស្សខ្វាក់
អ្នកភ្លើក្រោមថ្នាក់ បាក់បបខ្លបខ្លាច។

៣០. តាមពិតសុទ្ធតែបិសាច
សន្តិភាពកាច ខ្លាចអ្នកចេះដឹង។

៣១. ន័យសន្តិភាពបែបហ្នឹង
មិនបាច់ខំប្រឹង រក្សាទុកទេ។

៣២. ព្រោះវារលួយខុសគេ
ពុកផុយដាច់ថ្នេរ គេខ្ពើមរអើម។

៣៣. ដឹងខ្លួនសូមឆាប់ចាប់ផ្ដើម
ប្រោះទឹកសន្សើម ផ្សើមដីអ្នកស្រែ។

៣៤. នឹងអាចមានឈ្មោះរស់ក្បែរ
សន្តិភាពដែរ ថែថួនអ្នកស្រុក។

៣៥. សូមឈប់បំផ្លាញត្បាញចុក
វិលកសាងស្រុក រស់សុខនឹងគ្នា។

៣៦. សូមឈប់ចាប់ចងសងពៀរ
ព្យាបាទតគ្នា តជាសន្ដាន។

៣៧. ពូជអ្នករស់បានប៉ុន្មាន?
គង់រលាយប្រាណ សម្រាន្តក្រោមដី។

៣៨. ម្ល៉ោះហើយគួរមានអភ័យ
សន្ដោសប្រណី ភ្ជាប់ន័យសន្តិ។

៣៩. ឈប់ដើរតួដូចអស្មិ
មានះចចេស រឹងរូសទ្រុស្ដសីល។

៤០. សូមឈប់បំផ្លាញផ្ដាច់ផ្ដិល
សង្គមហោចរឹល ដោយតណ្ហាអ្នក។

៤១. សន្តិភាព គឺត្រជាក់
មិនមែនអន្ទាក់ ចាប់គ្នាប្រហារ។

៤២. សន្តិភាព គឺថ្លៃថ្លា
មិនមែនមរណា ងាប់ដូចខ្មោចសត្វ។

៤៣. សន្តិភាព គឺភពស្ងាត់
គ្មានពាក្យកម្ចាត់ ឆ្វាត់ឆ្វែងទ្រគ្នា។

៤៤. សន្តិភាព គឺរមនា
គ្មានទុក្ខវេទនា រស់ជាសុខហោង។


វិរិយា🌸

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា គ.ស.​២០២១

រូបថត Artwork របស់ លឹម វិរិយា