សកវាទ៍ ឱ! ផ្កាកប្បាស
អ្នកណាមុខចាស់ ច្បាស់ជាចិត្តក្មេង។
ការងារហត់នឿយ មិនលែង
យប់យន់ចូលគេង អេងលក់ស្រួលពេក។
ទឹករាក់ធ្លាក់ភ្លៀង ផ្អៀងមេឃ
រលឹមក្នុងភ្នែក រែកពន់ទុក្ខព្រួយ។
ដល់លង់ ហៅគេទៅជួយ
រង៉ែរងួយ រំអួយច្រេីនយ៉ាង។
ផ្ដែផ្ដាំឱ្យចាំត្រេីយម្ខាង
សម្អិតសម្អាង កាងស្ពានកៀនកោះ។
ហេតុផលកលរឿង គេស្មោះ
អាល័យអាឡោះ ផ្ដោះផ្ដងសន្យា។
ឱ្យគេបំពេញកិច្ចការ
ខ្លួនឯងហ៊ឺហា ដេីរហួចឡេីងហំ។
គេហ្អេីយ ដេីរតួសែនស្នំ
ឯខ្ញុំវិញខំ សម្ងំខេីចជេីង។
សកវាទ៍ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់ផាត់ពីជេីង យេីងនឹងផុតព្រួយ។
ព្រឺព្រួច លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ ជួយគ្រារ៉ោករ៉ាក។
វាំងននបាំងមុខក្រោយឆាក
ឥលូវអាចស្រាក សម្រាកបន្តិច។
ថ្ងៃស្អែក ចែកជេីងទៅលិច
រលឹមស្រិចៗ ច្បិចស្នាមញញឹម។
ខែក្រោយ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម ព្រលឹមសួស្ដី។
ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី ពរជ័យស្រុកខ្មែរ។
________
លឹម វីរីយ៉ា🌸
១៨ កញ្ញា ២០១៩
រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់
ចែករំលែករឿងនេះ (Share this):
សកវាទ៍ ឱ ផ្កាព្រលឹត!
ព្រលឹងបណ្ដូលចិត្ត គិតបណ្ដេីរ សេីចបណ្ដេីរ។
នឹកឃេីញរឿងរ៉ាវហោះហេីរ
ធ្លាប់ដាក់សំណេី ស្នេីសូមស្នេហ៍ស្មោះ។
សកវាទ៍ ឱ ផ្កាប៉េងប៉ោះ!
នឹករឿងអង្កាល់ណោះ ខុសអស់មួយគ្រា។
បេីសិនកាច់កិន ធានា
ច្បាស់រស់រមនា ជាដាច់រោគចិត្ត។
សកវាទ៍ ឱ ផ្កាស្រឡឹត!
នឹកឡេីងអាណិត ស្រណោះខ្លួនក្រៃ។
បេីដឹងថារស់រីងរៃ
ច្បាស់ជាអូនស្រី មិនខ្ចីឈឺទេ។
ផ្កាអ៊េីយ ផ្កាអរគីដេ!
អ្នកល្អម្លេះទេ គេលេីកដាក់ផេីង។
សកវាទ៍ ផ្កាផ្សិតចំបេីង!
អ្នកឫក្សចេីងរ៉េីង ឆ្មេីងឆ្មៃ ដេីរងេីយ។
ប្រយ័ត្នទាក់ស្មៅកន្ត្រេីយ!
ខ្ញុំប្រាប់ឱ្យហើយ ឆ្លេីយផងបេីយល់។
សកវាទ៍ ឱ ផ្កាម្ជុល!
ដកឃឹម និមល ជ្រុលជ្រួសហួសឆ្ងាយ។
សកវាទ៍ ឱ ផ្កាសារាយ!
អ្នកណាពាក់ផ្កាយ ចាំមេីលស្ដាយចន្ទ។
ផែនដី ផ្ទៃមេឃ កំណាន់
គូគេលានឆ្នាំ ផ្ដាំម្ចាស់ព្រលឹង។
សកវាទ៍ ឱ ផ្កាកំភ្លឹង!
សូមស្លេះត្រឹមហ្នឹង រឿងតឹងរឿងធូរ។
សកវាទ៍ ឱ ផ្កាចន្ធូ!
សរសេរយូរៗ ដូចជាយ៉ាកទៅ។
សកវាទ៍ ឱ ផ្កាម្រះព្រៅ!
ខ្ញុំលាហេីយពៅ នៅទៀតលែងបាន។
សូមមិត្តបានសុខគ្រប់ប្រាណ
សម្រាកសម្រាន្ត ក្សាន្តចិត្តរៀងអ៊េីយ។
———
លឹម វីរីយ៉ា🌸
២៤ សីហា ២០១៩
ខ្ញុំ និង បងស្រី “ទូចស្រី សុភា” ដែលគាត់ជាម្ចាស់ភោជនីយដ្ឋានវិហ្គោសាឡាដ និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដែលខ្ញុំមិនចាំឈ្មោះអស់ គ្រាន់តែចាំច្បាស់បំផុត គាត់ជាសមាជិកា នៃ សមាគមសហគ្រិនស្ត្រីកម្ពុជា។ រូបថតនេះ ថតនៅក្នុងថ្ងៃពីព៌ណគ្រឿងអលង្កានៅ កោះពេជ្រ ភ្នំពេញ
ចែករំលែករឿងនេះ (Share this):
កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ