ក្នុងមធ្យោបាយទាក់ទាញខ្លះរបស់អ្នកលក់ ភាសាផ្សាយពាណិជ្ជកម្មដែលធ្វេីឱ្យមនុស្សមានផ្នត់គំនិតខុសឆ្គង រួមមាន៖ អ្នកលក់ឡេម្សៅនិយាយថា “សស្អាត“ អ៊ីចឹង ខ្មៅឥតស្អាតទេឬ? ទាល់តែសទេីបស្អាត? ភាសានេះ ត្រូវបានប្រេីយ៉ាងទូលំទូលាយ រហូតឈានដល់ឃ្លីបផ្សាយពាណិជ្ជកម្មវិជ្ជាជីវៈ ក៏ពោលបែបនេះ។ ស-ស្អាត?
តាំងពីកើតមក ខ្ញុំមិនដែលឮនរណានិយាយថា “ខ្មៅស្អាត លឿងស្អាត ស្រអែមស្អាត”។ នេះហើយជាហេតុផលដែលក្មេងស្រីៗ ជាពិសេសក្មេងនៅតាមស្រុកស្រែចម្ការ ក្មេងស្រីដែលរស់នៅធំធាត់ដោយមិនសូវទទួលបានការអប់រំ ក្មេងស្រីដែលរស់ក្នុងសង្គមមនុស្សពោលពាក្យខាងលើ តែងតែស្វះស្វែង ចាយលុយទិញ ក្រែមគីមីផ្សេងៗយកមកដុះខាត់ប្ដូរព៌ណស្បែក ទាំងដែល អ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញវិធីប្ដូរព៌ណស្បែកមនុស្សនៅឡើយផង។ ដូច្នេះ ពួកគេ គ្មានអ្វីក្រៅពីធ្វើឱ្យរបកស្បែករាងកាយខាងលើ ហើយបង្ហាញស្រទាប់ស្បែកខាងក្រោមទេ។ ពួកគេច្រឡំថា ស្បែកប្ដូរព៌ណទៅជាសហើយ តាមពិតគឺស្បែកខាងលើរបើករបាញ របកចេញ តែប៉ុណ្ណោះ។ ការធ្វើបែបនេះជារឿយៗ អ្នកប្រព្រឹត្តនឹងទទួលរងជំងឺមហារីកស្បែកជាប្រាកដ។ បញ្ហានេះ មិនមែនកើតតែលើក្មេងស្រី មនុស្សស្រីពេញវ័យ ស្ត្រីចំណាស់ តែម្យ៉ាងទេ បច្ចុប្បន្ន ក្មេងប្រុស បុរស ក៏មានដែរ។
ពួកយើងគួរតែបង្កេីតទម្លាប់ថ្មីដែលប្រសេីរជាង និងត្រឹមត្រូវជាងនេះ។ បេីជាអ្នកលក់ឡេម្សៅផ្សេងៗ កុំលេីកតម្កេីងពណ៌សឱ្យហួសពីសច្ចៈខ្លាំងពេក។ សម្បុរស្បែកមនុស្ស ពណ៌អ្វីក៏ស្អាតដែរ ឱ្យតែម៉ត់រលោង។ ឈប់ប្រើពាក្យថា “ស ស្អាត” ទៀតទៅ គួរជំនួសដោយពាក្យថា “ស្បែកស្អាត” ហើយកុំយករឿងពណ៌សម្បុរមកប្រៀបធៀបគ្នា ព្រោះធម្មជាតិនៃពណ៌សុទ្ធតែស្អាតទៅតាមទម្រង់របស់វាដោយឡែកៗពីគ្នា។

ចំណែកឯអ្នកលក់សម្លៀកបំពាក់ Brand ថ្លៃៗ និយាយបញ្ជោរអ្នកទិញថា “ស្លៀកទៅថ្លៃថ្នូរណាស់” តេីមានន័យថា តម្លៃនៃសាច់ប្រាក់ ជាសូចនករណ៍បញ្ជាក់ភាពថ្លៃថ្នូរ ឬថោកទាបរបស់មនុស្ស មែនទេ? ពាក្យនេះ ឃេីញប្រេីគ្រប់ច្រកល្ហក់ គ្រប់ទីផ្សារលក់ដូរទំនិញផ្សេងៗ ជាពិសេសស្រីៗលក់ខោអាវតម្លៃខ្ពស់ និងគ្រឿងតុបតែងរាងកាយមនុស្ស។ កុំបំផុសគំនិតថា ស្លៀកពាក់របស់ថ្លៃ ធ្វើឱ្យមនុស្សថ្លៃថ្នូរ។ សេចក្ដីថ្លៃថ្នូរនៃមនុស្ស មិនទាក់ទងនឹង Brand សម្លៀកបំពាក់ទាល់តែសោះ។ ក្នុងភាសាអង់គ្លេស “expensive” ប្រែថា “ថ្លៃ”។ ប៉ុន្តែ ពាក្យថា “ថ្លៃថ្នូរ“ គេបកទៅវិញជា “dignity”។ ពាក្យទាំងពីរនេះ គ្មានទាក់ទងគ្នាអីឡេីយ។ តើការប្រើ “ទំនិញថ្លៃ” ធ្វើឱ្យអ្នកថ្លៃថ្នូរ? វាមិនអាចទេ! បើចង់ទាក់ទាញឱ្យគេទិញរបស់គុណភាពល្អ តម្លៃថ្លៃរបស់ខ្លួន អ្នកលក់ គួរនិយាយថា “ប្រើទៅជាប់បានយូរ! ប្រើទៅដឹងតែមិនសូវមានគេដូចទេ! ប្រើទៅអ្នកនឹងមានភាពជឿជាក់លើខ្លួនឯង…។ល។” មានភាសាច្រើនទៀត ដែលអាចនិយាយបាន ដោយមិនចាំបាច់ត្រូវស្ទួយមនុស្ស ហួសហេតុ ហួសពីការពិតនៃជីវិត។
នៅពេលដែលកំហុសបានសាយភាយ ពីមួយជំនាន់ទៅមួយជំនាន់ វានឹងក្លាយជាទំនៀមទម្លាប់ ដែលពិបាកកែប្រែ បេីទោះបីជាគេដឹងថា ទម្លាប់នោះខុសឆ្គងក៏ដោយ។ មនុស្សស្អាត មិនមែនទាល់តែស្បែកពណ៌សទេ ហេីយមនុស្សថ្លៃថ្នូរ ក៏មិនចាំបាច់ទាល់តែប្រេីសម្លៀកបំពាក់ថ្លៃៗដែរ។ គួរនាំគ្នាឈប់និយាយពាក្យថា “សស្អាត” និង “ស្លៀកទៅថ្លៃថ្នូរ ប្រើប្រាស់ទៅថ្លៃថ្នូរ” ព្រោះថា ភាសានេះ ធ្វើឱ្យអ្នកនិយាយខ្លួនឯង ក្លាយជាមនុស្សកខ្វក់ និង ថោកទាប!
លឹម វីរីយ៉ា![]()




















