Tag Archives: រឿងខ្ញីដុះលើដើមឈើ

រឿង ខ្ញីដុះលើដើមឈើ

មានបុរសនគរ ឈូ ម្នាក់ ពុំធ្លាប់ដែលស្គាល់ខ្ញីសោះឡើយ។ ថ្ងៃមួយគេដើរមកផ្សារ ឃើញមនុស្សយកខ្ញីមកលក់ គេក៏យកដៃចាប់ខ្ញីមកមើលចុះមើលឡើងមួយសន្ទុះ ក៏និយាយជាមួយអ្នកដែលឈរក្បែរនោះថា

“អាផ្លែឈើនេះ វាច្បាស់ជាចេញផ្លែនៅលើដើមជាមិនខាន”

បុរសម្នាក់ទៀតស្ដាប់ឮដូច្នេះ គេក៏ប្រាប់ថា

“មិនមែនទេ! ខ្ញីវាដុះចេញពីក្នុងដីទេតើ!”

“វាមិនអាចទៅរួចទេ!” បុរសនោះប្រកែក “អ្នកឯងមើលផ្លែវាមើល៍! វាពិតជាកើតចេញពីដើមឈើ មិនមែនដុះពីក្នុងដីទេ!”

គេទាំងពីរនាក់ប្រកែកយកឈ្នះរៀងៗខ្លួន។ បុរសម្នាក់ទៀតក៏និយាយបញ្ជោះទាំងកំហឹងថា

“បើពូកែ យើងភ្នាល់គ្នាដាក់លាមួយក្បាល ហើយនាំគ្នាដើរសួរគេឲបានដប់នាក់សិន! បើខ្ញុំចាញ់ ឯងយកលាខ្ញុំទៅចុះ!”

ពេលដើរសួរអ្នកដទៃប្រហែលដប់នាក់រួចមក គ្រប់គ្នាគេសុទ្ធតែឆ្លើយថា ខ្ញីដុះចេញពីក្នុងដីទាំងអស់។ បុរសនោះបាត់មាត់មួយសន្ទុះក៏ពោលបន្ត

“ឯងយកលាយើងក៏យកទៅចុះ! យ៉ាងណាៗ ក៏ខ្ញីដុះលើដើមឈើដែរ!”

———————————–

កត់ត្រានៅក្នុងសៀថៅសៀវស

ដកស្រង់ចេញពីសៀវភៅ និទានប្រាជ្ញា ភាគ៣,

បកប្រែនិងរៀបរៀងដោយ អតីតគ្រូបង្រៀនខេត្តបាត់ដំបង លោក គឹម ចាន់ណា,

បោះពុម្ពលើកទី១, ឆ្នាំ២០០៩ ទំពរ័ ៦២៦៣

វិភាគរឿង

បុរសនគរ ឈូ ទោះបីជាភ្នាល់ចាញ់គេអស់លាមួយក្បាលទៅហើយ ក៏នៅតែក្រាញផ្កាប់មុខថា ខ្ញីដុះនៅលើដើមឈើជាដដែល មិនព្រមទទួលស្គាល់ការពិតអ្វីឡើយ។

មនុស្សខ្លះទោះបីជាត្រូវទទួលកំហុស ព្រោះបដិសេធមិនរួច តែក្នុងចិត្តនៅតែមិនព្រមទទួលស្គាល់ការពិតដូចបុរសនេះដែរ។ កំហុសដែលកើតឡើងនេះ គឺដោយសារគំនិតចង្អៀតចង្អល់ ឬគំនិតអត្តនោមតិ យល់តែខ្លួនឯងថា រឿងវាយ៉ាងនេះ ឬយ៉ាងនោះ ទៅតាមតែក្បាលវ៉ាល់របស់ខ្លួន។

មនុស្សយើងម្នាក់ៗ ប្រសិនបើចេះគោរព ប្រតិបត្តិទៅតាមគោលការណ៍នៃសច្ចធម៌ ហើយចេះកែប្រែកំហុសឆ្គងបាន គឺពិតជាពុំមានរឿងអស់សំណើចបែបនេះកើតឡើង ដូចជាបុរសនគរ ឈូ នេះឡើយ។ នៅស្រុកខ្មែរ មនុស្សរបៀបនេះក៏មានច្រើនរាប់មិនអស់។

20110520-Pingyao- (9)