អង្គុយតែឯង-ឯកា ក្នុងព្រៃព្រឹក្សាបុព្វតាស្ងាត់ឈឹង។
ឮសូរតែរៃកណ្ដឹង ច្រៀងឲទ្រហឹងពីលើចុងឈើ។
រុក្ខជាតិបោកបក់រង្គើ ងើយមើលទៅលើ ឈើបាំងពពក។
បក្សីហោះហើរឆ្វែលមក ឆៀងឆាបលិប-ល បន្ទរសំឡេង។
វាយោ បក់ផាត់ជាភ្លេង ប្រលោមបន្លែងក្រែងខ្ញុំអផ្សុក។
ពីនេះតទៅថ្ងៃមុខ បួងសួងសុំសុខ ស្រុកខ្មែរសាន្តត្រាណ។
ព្រៃឈើសល់ទាំងប៉ុន្មាន សូមរក្សាបានតដល់កូនចៅ។
ឈើបេង កកោះ ស្រឡៅ ក្រញូងពណ៌ខ្មៅ នាងនួនពួនខ្លាច។
ប្រឆាំងឃាតករកំណាច បេះដូងបិសាច កោងកាចបំផ្លាញ។
ឈើខ្មែរតស៊ូក្រាញ់ក្រាញ ដើម្បីបង្ហាញកូនចៅជាន់ក្រោយ។
បើដឹងរួមគ្នាដង្ហោយ កុំឡើយបណ្ដោយឲវិនាសបង់។
ព្រៃឈើស្លូតបូតទៀងត្រង់ មនុស្សទេដែលផ្ចង់តែភាពឫស្យា។
សូមឈប់បំផ្លាញព្រឹក្សា អារក្សអ្នកតាក៏លែងក្រហាយ។
មនុស្សសត្វនឹងរស់សប្បាយ សោះនឹងខ្វល់ខ្វាយរឿងគ្រោះធម្មជាតិ។
ផ្សារភ្ជាប់កុំបីរវាត រស់បានមួយជាតិ ឆ្លៀតថែផែនដី។
____________
ពី លឹម វីរីយ៉ា,
ថ្ងៃសុក្រ ៩រោច ខែផល្គុន ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី១៣ ខែមិនា គ.ស ២០១៥
