Tag Archives: ផ្លូវទៅផ្ទះខ្ញុំ

ផ្លូវទៅផ្ទះខ្ញុំ

ផ្លូវទៅផ្ទះខ្ញុំបត់ទៅកើត
ម្តុំស្រុកកំណើតនៃកូនខ្ញុំ
ត្រង់កន្លែងដែលមនុស្សមូលផ្តុំ
កណ្ដាលផ្លូវធំមានដើមឈើ។

ផ្លូវទៅផ្ទះខ្ញុំទួលដីខ្ពស់
ម្តុំនោះមានឈ្មោះហៅផ្សារលើ
មានសុទ្ធអូតែលខ្ពស់ជំទើរ
ជាប្លង់ដី ឌើ មុខសង្កាត់។

ផ្លូវទៅផ្ទះខ្ញុំមានហូរហែ
អ្នកលក់តាប៉ែគុយទាវកាត់
ស្ទើរម្ភៃបួនម៉ោងមិនដែលស្ងាត់
មានទាំងក្លឹបហាត់ ការ៉ាតេ។

ផ្លូវទៅផ្ទះខ្ញុំមានពេទ្យធ្មេញ
មានយាយលក់ម្តេញដាក់កញ្ឆេ
មានតាសប់កង់ដាច់ជាងគេ
មិនដែលឈប់ទេ ព្រោះខ្លាចឈឺ។

ផ្លូវទៅផ្ទះខ្ញុំមានសាលា
គេរៀនភាសាចិនកុកងឺ
ម្ង៉ៃៗកណ្តឹងចុចទើសភ្លឺ
សូរខ្លាំងរន្ទឺ គឺម៉ោងពីរ។

ផ្លូវទៅផ្ទះខ្ញុំសុទ្ធតែចិន
គេប៉ិននុះប៉ិនខាងរកស៊ី
មានអ៊ីចាប់ហួយផ្ទះល្វែងពីរ
លក់ដាច់វក់វី ម៉ូយរញ៉ៃ។

ផ្លូវទៅផ្ទះខ្ញុំចាក់បេតុង
សភាពខាងក្នុងសុខដុមក្រៃ
មិនសូវក្តៅស្អុះទោះពេលថ្ងៃ
ព្រោះផ្ទះដប់ម្ភៃជារបង។

ផ្លូវទៅផ្ទះខ្ញុំមិនឆ្ងាយទេ
បើសិនទំនេរចូលលេងផង
ម្ចាស់ផ្ទះត្រេកអរក្រៃកន្លង
បើបានប្អូនបងប៉ងរាប់អាន។ផ្លូវទៅផ្ទះខ្ញុំ