
សំលឹងមើលមេឃ យល់មេឃងងឹត
តារាជុំជិតអែបអង់ចន្រ្ទា
ផែនដីតែមួយរស្មីចែកគ្នា
បំភ្លឺពសុធាពេលគ្មានសុរិយន័។
សម្លឹងខ្លួនឯងយល់ភាពឯកា
មិនមាននរណានៅក្បែរដូចចន្ទ្រ
បើអាចសុំបានមេឃមិនប្រកាន់
តារាលានពាន់ មួយគ្រាន់ជាគ្នា។
ចង់ឲ្យគេម្នាក់មកស្តាប់បេះដូង
កាន់ដៃសាសងផ្តោះផ្តងវាចារ
ផ្តល់កម្លាំងចិត្តលុះអស់សង្ខា
ដូចដួងតារាមិនដែលឃ្លាតចន្ទ្រ។
ពាក្យបីម៉ាត់សោះហាស្តីមិនរួច
ទ្រាំលាក់កំនួចបៀមទុកក្នុងចិត្ត
ចង់ស្រែកសារភាពឲ្យគេអាណិត
ទម្លាយការពិតឲ្យអស់ហ្មងសៅ។
លឹម វីរីយ៉ា
សៀមរាបថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១៣