Tag Archives: បទ៧ព្យាង្គ

កូនឈើ (កំណាព្យបទ៧ព្យាង្គ)

កូនឈើមួយដើមផ្ដើមដាក់ដាំ ស្រោចទឹកថែចាំផ្ដាំម្ចាស់ដី

ប្រសិនឈើធំឥតទាស់អ្វី មានម្លប់ត្រឈៃអាស្រ័យបាន។

កូនឈើមួយទងទំនងរស់ លូតលាស់មានឈ្មោះពីរោះក្សាន្ត

នួន-បេង-គគីរ ទីសម្រាន្ត ភ្លៀងខ្យល់ប៉ុន្មានក៏មិនដួល។

កូនឈើមួយគុម្ពជញ្ជ្រំដី កាយកប់ទាំងថ្ងៃលើដីទួល

ប្រសិនភ្លៀងធ្លាក់តាមសម្រួល គ្មានព្យុះរមួលច្បាស់ជាមាំ។

កូនឈើពូជមួយត្រួយពន្លក ជាទីជម្រកសត្វច្រៀងរាំ

ជាម្លប់នៃមនុស្ស រស់បានសម សូមជួយថែទាំទម្រាំធំ។

កូនឈើមួយមែក រែកជីវិត រួមរស់ជុំជិត ដិតទ្រនំ

ឈើលាស់ត្រសាយ ថ្វាយបង្គំ ក្រាបទូលជើងភ្នំ សុំទឹកភ្លៀង។

សូមឧទ្ទិសដល់អ្នកខ្វល់គិត ការពាររួបរឹត គិតឥតល្អៀង

រស់ដោយថ្លៃថ្នូរ មិនប្ដូរសៀង ស័ព្ទសូរនៅទៀង រៀងដរាប។

សូមរំឭកគុណដល់ធម្មជាតិ សមុទ្រ ដីគ្រាត បៀតទឹកសាប

នែបនិត្យ ដិតនៅ ផ្លូវឥតបាប សាងពូជព្រោះសាបជួយជីវិត។

សូមឱ្យព្រៃឈើលើផែនដី ដុះដាលក្រាលផ្ទៃដីអម្រឹត

គ្រាន់បានជួយយោងដង្ហើមពិត ដង្ហោយឱ្យដិតជិតធម្មព្រះ។

សូមឱ្យព្រៃឈើខ្មែរនៅគង់ រឹងមាំយូរលង់ ទ្រនុងឈ្នះ

សង្គ្រោះភពឋានបានជម្នះ រុងរឿងតេជះ រះរុងរោចន៍។

——-

វិរិយា 🌸

🌱 ថ្ងៃអាទិត្យ ៣រោច ខែពិសាខ ថ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា គ.ស. ២០២៣

រូបថតអនុស្សាវរីយ៍នៅក្នុងសាលាបឋមសិក្សាមួយ នាស្រុកសង្កែ ខេត្តបាត់ដំបង កាលពីឆ្នាំ ២០១៧ អំឡុងពេលខ្ញុំនៅធ្វើការងារស្មគ្រចិត្ត ទាក់ទងនឹងការជួយសង្គម តាមរយៈ សមាគមអតីតនិស្សិតសាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា (CSU-ACA)

ជំនោរដួងចិត្ត (កំណាព្យបទ៧ព្យាង្គ)

ជំនោរភទ្របទជិតផុតហើយ
អស្សុជចាំឆ្លើយក្រោយបុណ្យភ្ជុំ
អន្សមជ្រូកចេកផ្លែឈើនំ
ញាតិផៅជំនុំរៀបជាថ្មី។

ប្រសិនបើភ្លៀងទៀងដូចដើម
រាំងអស់លែងសើមសំណើមដី
ជំនោរកត្តិកទឹកឡើងត្រី
យើងជួបជាថ្មីឆ្លងឆ្នាំគ្រិស្ដ។

បើបុណ្យអុំទូកនៅតែមាន
វាសនាព្រៀងលានលែងទង្គឹះ
ខ្ញុំនឹងវិលវៃមកចាក់គ្រឹះ
រួមរស់ចាក់ឫសដែនអង្គរ។

បើសម្ពាយបុណ្យមិនចុនយ៉ាក
ខ្ញុំមិនកំសាកឆ្លងទឹកហូរ
ជោគជ័យជឿជាក់ធ្នាក់អម្ពរ
ពើបតែពុទ្ធោ ពរស័ក្ដិសិទ្ធ។

សូមឱ្យផែនដីមានឆព្វណ្ណ
រស្មីច្រើនជាន់វ័ណ្ឌដោយឫទ្ធិ
រុងរឿងលឿងឆ្អិនកសិណពិត
ពណ៌មាសដាមដិតដូចតេជះ។

ជំនោរទឹកភ្លៀងចុងរនោច
ភទ្របទហាក់ដូចគ្មានថ្ងៃរះ
រឿងរ៉ាវខែភ្ជុំភ្ជាប់រឿងព្រះ
ទំនៀមម្ចាស់ផ្ទះទម្លាប់ខ្មែរ។

ជំនោរដួងចិត្តអាណិតស្រុក
ចង់ស្រែករំអុកដុកដាន់ដែរ
ឱ្យអ្នកដីក្រុងប្រុងអ្នកស្រែ
គិតគូរជួយថែកសិករ។

ដែនដីសុវណ្ណប្រកាន់ខ្ជាប់
ទំនៀមទម្លាប់ទ្រាប់បន្ត
ទុកធ្វើជាកេរដំណែលល្អ
គឺវប្បធម៌ព្រលឹងជាតិ។

សូមគ្រប់គ្នារស់ឱ្យត្រឹមត្រូវ
ចៀសផុតអាស្រូវក្ដៅផៅញាតិ
ផ្លូវជាកណ្ដាលក្រាលឥតគ្រាត
រស់នៅសូមជ្រៀតក្បែរធម៌ព្រះ។
——-
វិរិយា🌸

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា គ.ស. ២០២២

អាសាឡ្ហបូជា (កំណាព្យបទ៧ព្យាង្គ)

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ត្រូវតាមក្បួនខ្នាតបុរាណចាស់
ជាថ្ងៃរំឭកនឹករឿងខ្លះ
ទាក់ទងនឹងម្ចាស់នៃសាសនា។

ហៅបុណ្យអាសាឡ្ហបូជា
រំឭកនឹកគ្រាព្រះសាស្ដា
សម្មាសម្ពុទ្ធប្រដៅថា
ព្រះធម្មថ្លៃថ្លាជាទីពឹង។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
ជម្រះឱ្យស្អាតចិត្តដែលរឹង
ទម្លាក់មានះនៅឱ្យនឹង
សម្ងំស្មាធិ៍ស្មិងសញ្ជឹងធម៌។

វិភាគហើយគិតព្រះធម្មក្ខន្ធ
កងធម៌ណែនណាន់មានខ្មៅ-ស
សភាវៈពិតអាក្រក់-ល្អ
មានជាប់តំណគ្រប់ៗប្រាណ។

អរិយសច្ចៈបួនប្រការ
ទីមួយ ទុក្ខាតាមលំអាន
ជាប់កង់រទេះដូចជាដាន
វិលគ្មានសម្រាន្តម្ដងណាឡើយ។

ទីពីរ កំណើតនៃក្ដីទុក្ខ
វាដុតរានរុកឆេះឥតស្បើយ
ឈ្មោះហៅតណ្ហាវានេះហើយ
ចាក់ដូចកន្ត្រើយរមាស់ក្រៃ។

ទីបី សេចក្ដីរំលត់ទុក្ខ
ធម្មល្អវិសុទ្ធខ្ពស់ថ្លាថ្លៃ
ជួយយើងដោះស្រាយរឿងចង្រៃ
រស់ចាកគ្រោះភ័យន័យនិរោធ។

ទីបួន អង្រួនមគ្គសច្ចៈ
ការពិតប្រចក្សរៀងរហូត
ប្រកាន់ឱ្យខ្ជាប់កុំរបូត
ទន្ទេញហើយសូត្រ-បដិបត្តិ។

ថ្ងៃដប់ប្រាំកើតខែអាសាឍ
សូមលាងឱ្យស្អាតសង្វាតហាត់
គិតព្រះសម្ពុទ្ធ អរហត្ត
ទុក្ខរលាយបាត់ និព្វានហោង។
_______
សូមអនុមោទនា អាសាឡ្ហបូជា និងបុណ្យចូលព្រះវស្សា!
Happy Āsāḷha-Pūjā and The Buddhist Vassa Rains Retreat!

ថ្ងៃ១៥ កើត ខែបឋមាសាឍ (អាសាឍទី១) ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែកក្កដា គ.ស.​ ២០២២
________
វិរិយា🌸
១៤កើត ខែអាសាឍ ២៥៦៦​ – ១២ កក្កដា ២០២២