បើហៅត្រឹមតែថាជា “បណ្ណាល័យមនុស្ស” ស្ដាប់ទៅ ដូចជាមិនសូវប្លែកទេ ទាល់តែហៅថា “បណ្ណាល័យសម្រាប់ខ្ចីមនុស្ស” ទើប ជារឿងគួរភ្ញាក់ផ្អើល!

“បណ្ណាល័យមនុស្ស” ឬ Human Library គឺជាអង្គការមិនរកប្រាក់ចំណេញមួយ បង្កើតឡើងតាំងពីឆ្នាំ ២០០០ មានទីតាំងស្ថិតនៅក្នុងរដ្ឋធានី ខឹប៊ែនហោន នៅក្នុងប្រទេសដាណឺម៉ាក ដែលអនុញ្ញាតឱ្យមនុស្សខ្ចីមនុស្ស ជំនួសឱ្យការខ្ចីសៀវភៅ។ បណ្ណាល័យមនុស្ស សព្វថ្ងៃបានរីកសាយភាយចំនួន ៨០ប្រទេសហើយ។ គំនិតនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការរើសអើងពូជសាសន៍ ដោយការខ្ចីមនុស្សដែលចេញមកពីជាតិសាសន៍ខុសគ្នា ដើម្បីសន្ទនាជាមួយ។

អ្នកទៅបណ្ណាល័យចម្លែកនោះ អាចខ្ចីមនុស្ស១នាក់ ក្នុងរយៈពេល ៣០នាទី ដោយអាចសួរនូវសំណួរផ្សេងៗ ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សកម្ចី ឬគ្រាន់តែអង្គុយស្ដាប់មនុស្សកម្ចី និទានពីរឿងរ៉ាវក្នុងឆាកជីវិតគាត់ដោយផ្ទាល់ឱ្យយើងស្ដាប់បាន។ ការនិទានរបស់មនុស្សកម្ចី អាចឱ្យភ្ញៀវទទួលបាននូវមេរៀន ពិសោធន៍ ទាក់ទងនឹងសេចក្ដីឈឺចាប់នានា ដែលចេញមកពីការមើលងាយ ការរើសអើង មិនរាប់រក មិនអនុញ្ញាតឱ្យបញ្ចូលពួកគេទៅក្នុងក្រុម សហគមន៍ សមាគម…។ល។ ដែលទាំងអស់នេះ គឺជាអ្វីស្របទៅនឹងទស្សនវិស័យរបស់បណ្ណាល័យ ដែលមានយុទ្ធនាការណ៍ប្រឆាំងជាដាច់ខាត។

មនុស្សដែលយើងខ្ចីយកមកអង្គុយទល់មុខ ត្រូវបានគេហៅជាទូទៅថាជា “សៀវភៅមនុស្ស” (Human Book)។ សៀវភៅមនុស្ស នឹងជួយឱ្យសង្គមយើង អាចរួមរស់នៅជាមួយគ្នាដោយសន្ដិភាព និងភាពវិជ្ជមាន បើទោះបីជាសង្គមនោះ ពោរពេញមនុស្សដែលមកពី វណ្ណៈពណ៌សម្បុរខុសគ្នា ទំនៀមទម្លាប់សាសនាខុសគ្នា សំនៀងនិយាយស្ដីខុសគ្នា (រដឺន) ជនពិការ…។ល។ ជារួមគឺមនុស្សដែលខុសគ្នា អាចយោគយល់អធ្យាស្រ័យគ្នា និងអាចអង្គុយជជែកគ្នាបានដោយភាតរភាព។
