Tag Archives: ទោស

ឆ្លើយសំណួរប្រិយមិត្ត៖ “តើអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និង កម្មយ៉ាងម៉េចដែរ?”

រូបថតពីលើកញ្ចក់ទូរសព្ទដៃ | មតិរបស់លោក មករា (ឈ្មោះគណនីហ្វេសប៊ុគ Khmer Washington) បានសួរសំណួរ បែបបរមត្ថវិជ្ជា មកកាន់ខ្ញុំ ក្រោយពេលខ្ញុំបាន បង្ហោះផ្សព្វផ្សាយអំពីអត្ថបទបកស្រាយទាក់ទងនឹង ទ្រឹស្ដីកម្មផល ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥

ឃើញសំណួរគាត់តាំងពីម្សិលមិញ ប៉ុន្តែគិតថា បើនឹងឆ្លើយតបខ្លីៗពេក គាត់ពិបាកយល់។ ក្នុងនាមជាអ្នកសិក្សាបរមត្ថវិជ្ជាបានបន្តិចបន្តួច សូមសារភាពថា ខ្ញុំកាលពីមុន ក៏ធ្លាប់មានចម្ងល់ដូចគាត់អ៊ីចឹងដែរ ប៉ុន្តែ ពេលនេះ ចម្ងល់បែបនោះ លែងក្លាយជាមន្ទិលសង្ស័យទៀតហើយ។

សំណួររបស់លោក Khmer Washington បានសួរថា “ចុះអ្នកលួចអង្គការ កាលជំនាន់ប៉ុលពត មានទោស និងកម្មយ៉ាងម៉េចដែរ?”

ដំបូងយើងត្រូវដឹងឱ្យច្បាស់ជាមុនសិនថា តើអ្នកលួចនោះជានរណា មានសមាសភាពជាអ្វី មានស្ថានភាពជីវិតធ្ងន់ស្រាលកម្រិតណា? ហើយការលួចនោះទៀតសោត តើលួចយកអ្វី? និងលួចក្នុងគោលបំណងអ្វី?

នៅក្នុងធម្មបទគាថា នៃបិដកលេខ ៥២ ទំព័រ ២១ សរសេរថា៖

“មនោបុព្វង្គមា ធម្មា   មនោសេដ្ឋា មនោមយា

មនសា ចេ បទុដ្ឋេន  តាសតិ វា ករោតិ វា

តតោ នំ ទុក្ខមន្ទេតិ   ចក្កំវ វហតោ បទំ។”

ប្រែថា៖

“ធម៌​ទាំង​ឡាយ មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ប្រសើរ​បំផុត​( មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស​ប្រទូស្ត​ហើយ ពោល​ក្តី ធ្វើ​ក្តី (រមែង​ជា​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន ជើង​គោ​ដែល​កំពុង​អូស​ទៅ។”

តបទៅនឹងព្រឹត្តិការណ៍ដែលបានសួរខាងលើ យើងអាចកំណត់ដឹងថា អ្នកដែលលួចអង្គការ ក្នុងអំឡុងពេលដ៏ខ្មៅងងឹតនោះ ច្បាស់ណាស់ថា ប្រហែលជាលួចចំណីអាហារ គឺលួចយកមក ដើម្បីជួយសង្គ្រោះក្រពះនៃអាត្មាខ្លួនឯង ឱ្យនៅបន្ដរស់រានមានជីវិត ទៅមុខទៀត។ ម្យ៉ាងទៀត ចំណីអាហារ ដែលត្រូវបានគេដាក់ចូលជាសម្បត្តិរួម កាលជំនាន់ប៉ុលពត បើគិតទៅ វាសុទ្ធតែចេញមកពីកម្លាំងញើសឈាម ដ៏សុចរិតទៀងត្រង់ របស់ប្រជាជនខ្មែរម្នាក់ៗ ដែលបានខិតខំហាលថ្ងៃ ហាលភ្លៀងខ្យល់ យ៉ាងឈឺចាប់លំបាកវេទនា ហួសនិស្ស័យនឹងថ្លែង។

“មនោបុព្វង្គមា ធម្មា” ធម៌ទាំងឡាយមានចិត្តជាប្រធាន គឺមានន័យថា បុណ្យ ឬ បាប វាមិនមែនអាស្រ័យនៅលើ ការសន្មតរបស់ពួកកងឈ្លបនៃអង្គការបដិវត្ដន៍ស្អីនោះទេ។ បុណ្យ ឬ បាប វាអាស្រ័យលើចេតនារបស់អ្នកប្រព្រឹត្ត។ បើលួចដកដំឡូង យកមកហូប នោះមានន័យថា អ្នកប្រព្រឹត្តិធ្វើ ដើម្បីសង្គ្រោះជីវិតខ្លួនឯង ពីការប៉ុនប៉ងសម្លាប់ដោយផ្ដាច់អាហារ ក្រោមគោលនយោបាយប្រល័យពូជសាសន៍ របស់អង្គការពីលើមេឃ។

ពួកវា ប្រើពាក្យថា “លួច” ដើម្បីដាក់កំហិតទោសកំហុសរបស់មនុស្ស ឱ្យរឹតតែយ៉ាប់យ៉ឺនខ្លាំង។ វាមិនខុសអីពីសម័យឥឡូវ ដែលគេហៅអ្នកតស៊ូមតិ អ្នកតស៊ូ ដើម្បីសិទ្ធិសេរីភាព អ្នកតស៊ូដើម្បីបរិស្ថានធម្មជាតិ ថាជា “ជនក្បត់ជាតិ” នោះទេ។ ក្បត់ជាតិ ឬមិនក្បត់ជាតិ វាមិនមែនអាស្រ័យនៅលើបក្សណា អង្គការណា ក្រុមណាមួយ ជាអ្នកកំណត់សោះឡើយ។

ដូចគ្នា ក្នុងសម័យខ្មែរក្រហម ពាក្យថា “លួច” ពាក្យថា “ខ្មាំង” ពាក្យថា “ក្បត់” សុទ្ធតែជាសេចក្ដីសន្មត អនុម័ត ដោយពួកអន្ធពាលមួយក្រុមតែប៉ុណ្ណោះ។ វាមិនមែន មានន័យថា អ្នកទៅដកដំឡូង ដែលដាំដុះដោយខ្លួនឯង គឺជា ចោរ នោះទេ។ យើងត្រូវចងចាំថា ការទទួលបានសិទ្ធិរស់រានមានជីវិត ជាសិទ្ធិមនុស្ស ដែលមានចែងជាសាកល ជាសិទ្ធិដែលអនុលោម តាមច្បាប់ធម្មជាតិ។ សូម្បីតែអ្នកទោសឧក្រិដ្ឋ ដែលជាប់គុកពេញមួយជីវិត ក៏មានសិទ្ធិទទួលបានអាហារ ៣ ពេលក្នុង១ថ្ងៃ ដើម្បីរស់ដែរ គឺមានសិទ្ធិរស់ រហូតដល់អស់អាយុ នេះក្នុងករណីប្រទេសដែលគ្មានច្បាប់ប្រហារជីវិត។

មនោបុព្វង្គមា ធម្មា ! បុណ្យឬបាបវាអាស្រ័យលើចេតនាចិត្តរបស់អ្នកធ្វើកម្ម។ ខ្ញុំលើក ករណី ២ ប្រៀបធៀបគ្នា ដើម្បីឱ្យអ្នកឆ្ងល់រឹតតែងាយយល់។

ករណី ទី១ ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារ កំពុង ស្រេកឃ្លានខ្លាំង ទ្រាំស្ទើរលែងបាន ហើយក៏ទៅលួចយកអាហារពីក្នុងឃ្លាំងរួមមួយ ដែលមានឈ្លបការពារយ៉ាងតឹងរឹង ដើម្បីយកមកចម្អិនទទួលទាន សង្គ្រោះភាពស្រេកឃ្លានរបស់ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារណាម្នាក់។ សូម្បីតែក្នុងករណី អាហារនោះ ជាសម្បត្តិរួមនៅក្នុងឃ្លាំង ក៏នោះជា “កុសលកម្ម” ដែរ។ កុសលកម្ម គឺកម្មដែលបានសាងឡើង ក្នុងចេតនាជួយសង្គ្រោះគ្នានិងគ្នាទៅវិញទៅមក សូម្បីតែជួយជីវិតខ្លួនឯងក៏ដោយ ។

ករណី ទី២ ខ្លួនឯង ឬកូន ឬសមាជិកគ្រួសារ ហូបចុកឆ្អែតស្កប់ស្កល់ហើយ គ្មានសេចក្ដីស្រេកឃ្លានអាហារទៀតទេ។ នៅក្នុងផ្ទះក៏មានស្បៀងខ្លះ សម្រាប់ត្រៀមបម្រុងដែរ។ ប៉ុន្តែនៅមានចិត្តចង់ចេញលួចស្បៀងអាហារពីក្នុងឃ្លាំងរួម។ នោះជា “អកុសលកម្ម” ហើយ! ព្រោះថា អំពើរបស់គេ ប្រព្រឹត្តឡើង មិនមែនដើម្បីសង្គ្រោះជីវិតទេ ។ អំពើនេះ ជាកម្មដែលចេញមកពីភាពល្មោភលោភលន់ ។ គេគិតថា បើខ្លួនមានស្បៀងបម្រុងរឹតតែច្រើនជាងនេះ គេនឹងអាចរក្សាទុក ដើម្បីប្ដូរយកមាសប្រាក់កែវកង យកសម្ភារៈផ្សេងៗដែលមានប្រយោជន៍ ហើយជីវិតគេនឹងមានស្ថានភាពខ្ពស់លើសអ្នកដទៃ។

ដូច្នេះ ករណីទី១ និង ទី២ គឺលួចដូចគ្នា ប៉ុន្តែ អ្នកទី១ ធ្វើទាំងបង្ខំចិត្ត ដើម្បីសង្គ្រោះជីវិត ចំណែកអ្នកទី២ ធ្វើទាំងចេតនាចិត្ត ដែលមានការតាំងមាំនៅក្នុងកិលេសតណ្ហាដ៏ក្រាស់ឃ្មឹក គឺលួច ដើម្បីឱ្យខ្លួនឯងល្អប្រសើរជាងគេ។ ការជួយជីវិតខ្លួនឯង ដោយធម៌សុចរិត ជាអំពើបុណ្យ។ សម្លាប់ជីវិតខ្លួនឯងដោយចេតនា និងដោយកំហឹង ទើបជាអំពើបាប។

——

វិរិយា