Tag Archives: ជំនោរដួងចិត្ត

ជំនោរដួងចិត្ត (កំណាព្យបទ៧ព្យាង្គ)

ជំនោរភទ្របទជិតផុតហើយ
អស្សុជចាំឆ្លើយក្រោយបុណ្យភ្ជុំ
អន្សមជ្រូកចេកផ្លែឈើនំ
ញាតិផៅជំនុំរៀបជាថ្មី។

ប្រសិនបើភ្លៀងទៀងដូចដើម
រាំងអស់លែងសើមសំណើមដី
ជំនោរកត្តិកទឹកឡើងត្រី
យើងជួបជាថ្មីឆ្លងឆ្នាំគ្រិស្ដ។

បើបុណ្យអុំទូកនៅតែមាន
វាសនាព្រៀងលានលែងទង្គឹះ
ខ្ញុំនឹងវិលវៃមកចាក់គ្រឹះ
រួមរស់ចាក់ឫសដែនអង្គរ។

បើសម្ពាយបុណ្យមិនចុនយ៉ាក
ខ្ញុំមិនកំសាកឆ្លងទឹកហូរ
ជោគជ័យជឿជាក់ធ្នាក់អម្ពរ
ពើបតែពុទ្ធោ ពរស័ក្ដិសិទ្ធ។

សូមឱ្យផែនដីមានឆព្វណ្ណ
រស្មីច្រើនជាន់វ័ណ្ឌដោយឫទ្ធិ
រុងរឿងលឿងឆ្អិនកសិណពិត
ពណ៌មាសដាមដិតដូចតេជះ។

ជំនោរទឹកភ្លៀងចុងរនោច
ភទ្របទហាក់ដូចគ្មានថ្ងៃរះ
រឿងរ៉ាវខែភ្ជុំភ្ជាប់រឿងព្រះ
ទំនៀមម្ចាស់ផ្ទះទម្លាប់ខ្មែរ។

ជំនោរដួងចិត្តអាណិតស្រុក
ចង់ស្រែករំអុកដុកដាន់ដែរ
ឱ្យអ្នកដីក្រុងប្រុងអ្នកស្រែ
គិតគូរជួយថែកសិករ។

ដែនដីសុវណ្ណប្រកាន់ខ្ជាប់
ទំនៀមទម្លាប់ទ្រាប់បន្ត
ទុកធ្វើជាកេរដំណែលល្អ
គឺវប្បធម៌ព្រលឹងជាតិ។

សូមគ្រប់គ្នារស់ឱ្យត្រឹមត្រូវ
ចៀសផុតអាស្រូវក្ដៅផៅញាតិ
ផ្លូវជាកណ្ដាលក្រាលឥតគ្រាត
រស់នៅសូមជ្រៀតក្បែរធម៌ព្រះ។
——-
វិរិយា🌸

ថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា គ.ស. ២០២២