Tag Archives: ចំណេះដឹងសុខភាព

តើស្ត្រីអាស៊ី ដែលមានសម្បុរស្បែកស្រអែម ត្រូវចាយវាយលុយកាក់ លើគ្រឿងសម្អាងដោយរបៀបណា ទើបទទួលបានប្រសិទ្ធភាពខ្ពស់?

នេះជាអត្ថបទសម្រាប់បងប្អូនស្ត្រី (ប្រហែលជាមានមនុស្សប្រុសខ្លះៗដែរមើលទៅ) សម្រាប់ជាគតិត្រិះរិះពិចារណា ទៅលើការគ្រប់គ្រងថវិកា ចំណាយទាក់ទងនឹងការថែរក្សាសម្រស់ របស់បងប្អូន ជាពិសេសអ្នកដែលកំពុងរស់នៅក្នុងតំបន់ក្ដៅហើយសើម ដូចជាប្រទេសកម្ពុជាយើងជាតួយ៉ាង។ តើធ្វើដូចម្ដេច ទើបអាចចាយវាយលុយកាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត?

ទី១៖ ជ្រើសរើសផលិតផលដែលចម្រាញ់ក្រោមរូបមន្ត ស្បែកអាស៊ី

យើងដឹងហើយថា កន្លងមកមានក្រុមហ៊ុនផលិត និង ចែកចាយ គ្រឿងសម្អាងច្រើនរាប់មិនអស់ បានផលិតគ្រឿងថែរក្សាសម្ផស្សសម្រាប់មនុស្សច្រើនវ័យ ច្រើនប្រភេទស្បែក ទៅតាមតំបន់ទីតាំងភូមិសាស្ត្រ អាកាសធាតុ របស់អ្នកប្រើប្រាស់ ប៉ុន្តែក៏មានអ្នកប្រើជាច្រើនដែលមិនសូវយល់ដឹងពីរឿងនេះ ហើយសម្រេចចិត្តទិញប្រើផលិតផលគ្រឿងសម្អាង ទៅតាមទំនោរនៃភាពល្បីល្បាញរបស់ស្លាកសញ្ញាទៅវិញ។ មានន័យថា ប្រើតាមតែគេល្បី ប្រើតាមតែគេបញ្ជោ ដោយមិនបានសិក្សាឱ្យបានច្បាស់លាស់ដោយខ្លួនឯងទេ។ មានអ្នកខ្លះយល់ច្រឡំថា របស់ដែលមានតម្លៃខ្ពស់ៗកប់ពពក ជារបស់មានគុណភាពល្អកប់ពពកដូចតម្លៃដែរ នោះជាការយល់ខុសហើយ។

មានសុភាសិតមួយ ដែលលោកអ្នកត្រូវតែចងចាំ គឺថា “របស់ល្អ ត្រូវតែថ្លៃ តែរបស់ថ្លៃ មិនប្រាកដថាសុទ្ធតែល្អទេ”

ប្រសិនបើក្រែមលាបមុខមួយប្រភេទ គេចម្រាញ់សម្រាប់ស្ត្រីបារាំង លក់ក្នុងប្រទេសបារាំង មានន័យថា ក្រែមនោះ សម្រាប់អ្នកមានស្បែកស្ងួតខ្លាំង រស់ក្នុងអាកាសធាតុត្រជាក់ខ្លាំង សម្រាប់ស្បែកដែលមិនសូវទទួលបានពន្លឺព្រះអាទិត្យច្រើន។ ដូច្នេះ បើលោកអ្នកទៅទិញក្រែមលាបស្បែកមុខពីប្រទេសបារាំង មានន័យថា លោកអ្នកមិនអាចទទួលបានប្រសិទ្ធភាពពិតប្រាកដពីក្រែមនោះទេ វាលើកលែងតែ ក្រែមនោះ គេផលិតឡើងសម្រាប់ស្បែកស្ត្រីអាស៊ី ហើយគេសរសេរបញ្ជាក់ថា សម្រាប់នាំចេញទៅតំបន់អាស៊ី អាហ្នឹងទើបយើងអាចប្រើបាន។

ទី២៖ ជ្រើសរើសផលិតផលដែលចម្រាញ់ពីវត្ថុធាតុដើមដែលសម្បូរច្រើននៅក្នុងស្រុក

ធម្មជាតិបានបង្កើតជីវិតមនុស្សដាក់នៅទីណា ធម្មជាតិក៏បានបង្កើតរុក្ខជាតិដែលជាឱសថពូកែសក្ដិសិទ្ធ សម្រាប់ជួយជីវិតមនុស្សដាក់នៅទីនោះដែរ តែមនុស្សទេ ដែលចេះតែវង្វេងផ្លូវដោយខ្លួនឯង ហើយយល់ច្រឡំថា របស់ដែលល្អ ទាល់តែផ្សំពីវត្ថុធាតុដើមដែលនាំមកពីតំបន់ឆ្ងាយៗទៅវិញ។

ខ្ញុំឧទាហរណ៍រឿងពិតមួយដែលខ្ញុំបានជួបដោយផ្ទាល់ កាលខ្ញុំទៅសិក្សារយៈពេលខ្លីនៅប្រទេសអ៊ីរ៉ង់។ នៅអ៊ីរ៉ង់ ប្រសិនបើយើងដើរតាមផ្សារ យើងនឹងឃើញគេលក់ផ្កាក្រៀមមួយប្រភេទ ដែលមានពណ៌ក្រហមឆ្អិនឆ្អៅ ស្ទើរតែគ្រប់ច្រកល្ហក កន្លែងខ្លះចាក់ធារ គរដូចភ្នំ ហើយវាមានតម្លៃថោកៗ ដូចទៅនឹងតម្លៃម្អម ជីរ ម្រះព្រៅ ស្លឹកគ្រៃ ស្លឹកក្រូច មើមខ្ជាយ មើមរំដេង មើមល្មៀត នៅស្រុកខ្មែរយើងអ៊ីចឹងដែរ។ ផ្កាទាំងនោះ មានច្រើនពូជ ច្រើនអម្បូរ ខុសៗគ្នាក៏ពិតមែន ប៉ុន្តែវាមានឈ្មោះរួមជាទូទៅមួយ ដែលគេស្គាល់ហៅថា “សាហ្វារ៉ុន”។ នៅក្រុងតេហេរ៉ង់ បើយើងចំណាយលុយ US$ ១ ឬស្មើនឹង KHR ៤,០០០ យើងអាចទទួលបានផ្កានោះប្រហែលជាកន្លះគីឡូក្រាម។ ខ្ញុំទិញតែកន្លះគីឡូ ប្រើរាប់ឆ្នាំមិនអស់។​

ផ្ទុយទៅវិញ ផ្កានេះ គេអាចឃោសនាផ្សាយពាណិជ្ជកម្មលក់នៅក្រៅប្រទេស បានតម្លៃថ្លៃ គុណនឹង ៥,០០០ដង ឬលើសនេះទៅទៀត អាស្រ័យទៅតាមសមត្ថភាពអ្នកធ្វើម៉ាឃីធីង។ ខ្ញុំធ្លាប់ឃើញមានឈ្មួញយកមកលក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសដែលមិនសូវមានព័ត៌មានសម្បូរបែប អាចលក់បានដល់ទៅជាង ១ម៉ឺនដុល្លារ ក្នុង១គីឡូក្រាម ថែមទៀតផង។ មានន័យថា បើទិញនៅអ៊ីរ៉ង់ ១គីឡូក្រាម ចាយអស់ប្រហែល ១ម៉ឺនរៀលលុយខ្មែរ តែបើមកទិញនៅស្រុកខ្មែរ ត្រូវចាយអស់ ១ម៉ឺនដុល្លារអាមេរិក។ ដូច្នេះ តម្លៃពិតវា គឺស្ថិតនៅលើ តម្រូវការ។ នេះជាច្បាប់នៃតម្រូវការ (Law of Demand)។

ឥលូវស្លេះពីការបរិយាយតម្លៃលក់ យើងមកវិភាគពីគុណភាពផ្កា សាហ្វារ៉ុន វិញម្ដង។ តើផ្កានោះ ពិតជាមានគុណប្រយោជន៍ដ៏ធំធេង អាចជួយជំរុញសុខភាពរបស់មនុស្សឱ្យល្អប្រសើរ ដូចការឃោសនា របស់គេពិតដែរទេ? ខ្ញុំសូមឆ្លើយជូនថា “គឺវាជាការពិត” គេឥតបានកុហកទេ។ ផ្កានោះ វាមានអត្ថប្រយោជន៍ច្រើនពិតមែន។

ប៉ុន្តែ បើសួរទៀតថា ចុះរុក្ខជាតិ ដែលដុះស្អេកស្កះ នៅព័ទ្ធជុំវិញរបងផ្ទះយើងនៅស្រុកខ្មែរនេះ មានរបស់ណា ដែលមានអត្ថប្រយោជន៍អស្ចារ្យ ដូចផ្កានោះទេ? សូមឆ្លើយថា “មាន” ហើយវាមានច្រើនជាងនោះផង ក៏ថាបានដែរ។

ខ្ញុំរំឭកសារឡើងវិញ ធម្មជាតិបង្កើតជីវិតមនុស្សនៅទីណា ធម្មជាតិក៏នឹងបង្កើតថ្នាំព្យាបាលមនុស្សនៅទីនោះដែរ។ ដូច្នេះហើយ ទើបយើងគួរនាំគ្នា ងាកមកសម្លឹងមើល ផលិតផលទាំងឡាយណា ដែលបានចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិ ដែលដុះដាលក្រាលគ្រង ស្អេកស្កះ នៅក្នុងភូមិស្រុកខ្លួនឯងវិញ ទើបហៅចំជាអ្នកមានបញ្ញាឆ្លាត។

យើងអាច ឧទាហរណ៍ ងាយៗ រុក្ខជាតិដែលជាឧសថបុរាណ ពូកែស័ក្ដិសិទ្ធិ សម្រាប់ព្យាបាលជំងឺមនុស្សលោក រួមមានតាំងពី៖ “ល្មៀត រំដេង ខ្ជាយ ស្លឹកក្រូចសើច ដើមស្លឹកគ្រៃ ជីររណា ជីរក្រហម ជីរអង្កាម…និងស្មៅរាប់ពាន់ប្រភេទដែលដុះក្នុងទឹក លើគោក និង វល្លិ៍។ ក្រៅពីនោះ មានដើមឈើហូបផ្លែ ដូចជា ដើមញ ដើមល្ហុង ដើមទៀប ដើមដូង…។ល។

ទាំងពពួកស្មៅរុក្ខជាតិ មើមរុក្ខជាតិ ដើមឈើ ដើមផ្កា ដើមប្រទាល រាប់មិនអស់ទាំងនោះ កន្លងមក ក៏ធ្លាប់មាន គេយកទៅកែច្នៃ ផលិតជាគ្រឿងសម្អាង  ជាអាហារបំប៉ន ជាថ្នាំព្យាបាលរោគ រាប់រយប្រភេទ ហើយនាំចេញយកទៅលក់នៅតាមបណ្ដាប្រទេសអ្នកមាន ក្នុងតម្លៃខ្ពស់ៗកប់ពពក ដែលអាចជួយឱ្យអ្នកផលិត កើបប្រាក់ចំណេញមហាសាល ក្លាយជាមហាសេដ្ឋីស្ទើរតែគ្រប់គ្នា។

មូលហេតុចម្បង ដូចខ្ញុំបានរៀបរាប់ពីខាងដើមរួចមកហើយអ៊ីចឹង មនុស្សយើងភាគច្រើន យល់ច្រឡំថា ទាល់តែរបស់ដែលនាំមកពីតំបន់ឆ្ងាយៗ ឬជារបស់ដែលគ្មានសោះ នៅក្នុងភូមិស្រុកប្រទេសខ្លួន ទើបគិតថាជារបស់ល្អ។ បើធ្លាប់គិតដូច្នេះ សូមងាកមកពិចារណា សាជាថ្មីម្ដងទៀត ព្រោះគំនិតពីមុន នៅមិនទាន់ត្រឹមត្រូវទេ។

ទី៣៖ កុំទិញឱ្យសោះ គ្រប់ផលិតផលលាបស្បែកទាំងឡាយណា ដែលឃោសនាប្រាប់ថា អាចជួយប្ដូរពណ៌ស្បែករបស់អ្នកបាន

សូមចងចាំថា ពណ៌ស្បែករបស់មនុស្សយើងម្នាក់ៗ ត្រូវបានកំណត់ដោយមេឡានីន។ តើ “មេឡានីន” គឺជាអ្វី? “មេឡានីន” គឺជាសារធាតុពណ៌ត្នោតម្យ៉ាងដែលតែងតែមានការប្រែប្រួលចំនួន អាស្រ័យលើជីវភាពរស់នៅរបស់យើង។ អ្នកមានស្បែកពណ៌ខ្មៅ ព្រោះមានជាតិមេឡានីនច្រើនខ្លាំង។ អ្នកមានស្បែកពណ៌ស ព្រោះមាន មេឡានីនតិចតួច។ ប្រសិនបើយើងមានស្បែកស ហើយយើងចេញដើរហាលថ្ងៃច្រើន ពេលនោះ ស្បែកយើងនឹងធ្វើស្វ័យប្រតិកម្ម ដោយផលិតគ្រាប់មេឡានីនឱ្យច្រើនខ្លាំងឡើង ដើម្បីទៅជួយការពារស្បែករបស់យើងពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ ដូច្នេះហើយ ទើបពេលយើងចេញដើរហាលថ្ងៃរឹតតែច្រើន ស្បែករឹតតែខ្មៅឡើង។ ហើយបើយើង ចូលចិត្តដើរហាលថ្ងៃ ដោយគ្មានលាបក្រែមការពារកម្ដៅ មិនបិទបាំងមុខមាត់ដោយកន្សែង មួក ឬឆ័ត្រ ទោះស្បែកផលិតមេឡានីនច្រើនប៉ុនណាក៏ជួយមិនបានដែរ យើងនឹងបានលទ្ធផលអាក្រក់មួយ គឺការឡើងខ្មៅជាំ លើផ្ទៃមុខ ហើយករណីរឹតតែធ្ងន់ គឺការឡើងគ្រាប់កន្ទួលខ្មៅៗនៅបរិវេន កញ្ចឹង ក ស្មា ជាដើម។ សម្រាប់ការឡើងជាំមុខមាត់នេះ ក៏មានមូលហេតុផ្សេងៗមួយចំនួនទៀតដែរ មិនមែនត្រឹមតែករណី ត្រូវកម្ដៅថ្ងៃ តែម្យ៉ាងនោះទេ។

ដូច្នេះ តើក្រែមលាបស្បែក ឬឡេលាបស្បែក ដែលធ្វើឱ្យលោកអ្នកមើលទៅឃើញមានសម្បុរភ្លឺថ្លា ស ជាងធម្មតានោះ តើបណ្ដាលពីអ្វី?

ច្បាស់ណាស់ថា វាមិនមែនបណ្ដាលមកពីវាមានប្រតិកម្មផ្លាស់ប្ដូរពណ៌ស្បែកទេ។ មូលហេតុដែលយើងលាបឡេ ហើយឃើញស្បែកខ្លួនឯងឡើងពណ៌ ស ភ្លឺថ្លា បណ្ដាលមកពី ឡេនោះ មានផ្សំសារជាតិគីមីម្យ៉ាង ដែលទៅខាត់ស្បែកចាស់ៗដែលនៅផ្ទៃខាងលើឱ្យដាច់ដោចជ្រុះអស់គ្មានសល់។ តាមពិតទៅ ប្រសិនបើយើង គ្រាន់តែងូតទឹក ដុសសាប៊ូធម្មតា ហើយយកស្បៃ សរសៃ ននោងមកដុះខាត់លើស្បែកជាប្រចាំ ក៏អាចធ្វើឱ្យស្បែកយើង មើលទៅឃើញភ្លឺរលោង ស ជាងមុនបានដែរ គ្រាន់តែវាមិនលឿនទាន់ចិត្ត ដូចលាបឡេដែលមានជាតិកាត់ស្បែក។

អ៊ីចឹងសួរថា បើលាបក្រែមឬឡេ ដែលមានជាតិកាត់ដូច្នេះ នឹងមានផលប៉ះពាល់អ្វីខ្លះ? ចម្លើយគឺ ប៉ះពាល់ច្រើនណាស់។ ដំបូងឡើយ វាបានចាប់បង្ខំស្បែកឱ្យជម្រុះកោសិកាចាស់ ទាំងដែលកោសិកាចាស់នោះ មិនទាន់ដល់ពេលត្រូវជ្រុះ។ យើងឧបមា ដូចជា ដំបៅក្រម៉ដែលក្រៀម មិនទាន់ជ្រុះ ហើយយើងយកដៃទៅកេះទាំងបង្ខំឱ្យវាជ្រុះចេញមក។ ពេលខ្លះ វាអាចទៅជាក្លាយ ពិបាកលើសដើម។ ដូច្នេះ ការប្រើឡេលាបស្បែក ដែលមានសារជាតិខាត់ដោយបង្ខំនេះ ក៏អាចរុញឱ្យយើងប្រឈមនឹងជំងឺមហារីកស្បែក ជំងឺសើស្បែកផ្សេងៗ ជាយថាហេតុ។

សូមសិក្សារៀនសូត្រថា នៅលើលោកនេះ មិនទាន់មានអ្នកប្រាជ្ញគីមីណា អាចមានលទ្ធភាព ប្ដូរពណ៌ស្បែករបស់មនុស្សបាននៅឡើយទេ។ ដូច្នេះ ប្រសិនបើមានគេឃោសនា លក់ផលិតផល ប្ដូរពណ៌ស្បែកមនុស្ស នោះជាអំពើបោកប្រាស់ហើយ។

សូមថែរក្សាស្បែករបស់លោកអ្នកឱ្យបានល្អ តាមរយៈការរក្សាសំណើមស្បែកជាប់ជាប្រចាំ។ សំណើមដែលល្អបំផុតសម្រាប់ស្បែកមនុស្សយើង គឺប្រេង។ ស្ត្រីក្នុងតំបន់អាស៊ី គួរជ្រើសរើសប្រើប្រេងដូងត្រជាក់ ដោយហេតុថា ដូងជាផល្លានុផលដ៏សម្បូរហូរហៀរនៅក្នុងតំបន់។

ប្រេងដូងដែលចម្រាញ់ត្រជាក់ ផ្ទុកពេញទៅដោយ អាស៊ីតខ្លាញ់ឆ្អែត ដែលប្រយុទ្ធប្រឆាំងនឹងភាពជ្រីវជ្រួញ ប្រឆាំងនឹងជំងឺសើស្បែកគ្រប់ប្រភេទ។ ប្រេងដូងត្រជាក់ បើប្រើជាអាហារបំប៉នសុខភាព នឹងជួយបញ្ចុះទម្ងន់រាងកាយ។ បើប្រើជាគ្រឿងសម្អាងលាបពីខាងក្រៅវិញ នឹងជួយបណ្ដុះសក់ បណ្ដុះរោម ការពារសង្វារ កាត់បន្ថយសង្វារដែលឡើងរួច ប្រយុទ្ធប្រឆាំងនឹងមេរោគសើស្បែក ជួយព្យាបាលជំងឺសើស្បែកគ្រប់ប្រភេទ។

ប្រសិនបើលោកអ្នកជ្រើសរើសទិញផលិតផលគ្រឿងសម្អាង សូមរកមើលផលិតផលណាដែល ផ្សំពីវត្ថុធាតុដើម ប្រេងដូង ឬ ដូង លោកអ្នកនឹងចាយប្រាក់អស់តិចបំផុត ហើយទទួលបានលទ្ធផលខ្ពស់បំផុត។

______

អត្ថបទរក្សាសិទ្ធិដោយ លឹម វិរិយា

តើការបន្លឺសំឡេងកងរំពង មានផលប៉ះពាល់អ្វីខ្លះដល់មនុស្សក្នុងសង្គម?

(១) វិភាគផ្នែកច្បាប់៖

“ការបន្លឺសំឡេងកងរំពង ឬចាក់ធុងបាសជាការរំលោភទៅលើសិទ្ធិរបស់អ្នកដទៃ”

នៅក្នុងសង្គមសព្វថ្ងៃនេះ មនុស្សមួយចំនួនចាត់ទុកការបន្លឺសំឡេងកងរំពង ឬការចាក់ធុងបាសជាប្រចាំនៅពេលពួកគេជួបជុំគ្នាស៊ីផឹក បានក្លាយទៅជាទម្លាប់ ឬជារឿងធម្មតាទៅហើយ។ ប៉ុន្តែពួកគេបែរជាភ្លេចគិតថា សកម្មភាពរបស់ខ្លួន គឺការចាក់ធុងបាសឱ្យឮសូរសំឡេងខ្ទរពេញភូមិនោះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃយ៉ាងណាខ្លះនោះទេ។

ជាការពិតណាស់ ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព ដែលធានានៅក្នុងរដ្ឋធម្មនុញ្ញ និង ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារជាដើម។ ថ្វីដ្បិតតែការរៀបចំពិធីជប់លៀង ឬការស៊ីផឹកជាប្រចាំ ហើយចាក់ធុងបាសឮសំឡេងខ្លាំងៗ គ្មានអ្នកណាហាមឃាត់ក៏ដោយ ក៏ប៉ុន្តែការប្រើប្រាស់សិទ្ធិហួសព្រំដែនបែបនេះគឺជាការរំលោភលើសិទ្ធិអ្នកដទៃ។ ទង្វើបែបនេះ គឺច្បាប់ហាមឃាត់ ជាពិសេសរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ មាត្រា៣១ បានចែងថា “ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតនោះទេ” ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។ នៅត្រង់ចំណុចនេះ មានន័យថា ប្រសិនបើពលរដ្ឋគ្រប់រូប បានសិក្សាឈ្វេងយល់ពីរដ្ឋធម្មនុញ្ញទាំងអស់គ្នា នោះការរំលោភសិទ្ធិអ្នកដទៃ ដូចជាករណីចាក់ធុងបាសក្នុងភូមិ ច្បាស់ជាលែងកើតមានជាមិនខាន។ ផ្ទុយទៅវិញ សកម្មភាពចាក់ធុងបាសនេះ បានកើតមានឡើងជាដដែលៗនៅគ្រប់ទីកន្លែង និងក្លាយទៅជាទម្លាប់នៅក្នុងជីវិតគ្រូសារមួយចំនួនជាប្រចាំ ហើយវាបានបំពានសិទ្ធិអ្នកជិតខាងយ៉ាងសប្បាយទៅវិញ។ នៅក្នុងច្បាប់ អ្នកដែល ត្រូវបានគេបំពានសិទ្ធិនេះ អាចដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចមូលដ្ឋានបានគ្រប់ពេល។ តែជាក់ស្ដែងគេកម្រឃើញ អ្នកជិតខាង ឬអ្នកដែលត្រូវគេបំពាននោះ ដាក់ពាក្យប្ដឹងទៅប៉ុស្តិ៍នគរបាល ឬចៅសង្កាត់ណាស់។ ទី១ ពួកគេអាចគិតថា ទោះជាប្ដឹងក៏គ្មានដំណោះស្រាយដែរ ពីព្រោះ ប៉ូលីសប៉ុស្ដិ៍ខ្លះក៏មកអង្គុយស៊ីផឹកជាមួយអ្នកជិតខាងនោះដែរ។ ទី២ អាចមកពីយោគយល់ដល់អ្នកនៅក្បែរខាងគ្នា។ ទី៣ អាចថា បើប្ដឹងទៅ នាំតែឈ្លោះគ្នា ខ្លាចគេគុំកួន។ និងទី៤ អាចមកពីគិតថា បើប្ដឹងទៅដោយមិនមានលុយសូកប៉ូលីសទេ គេនឹងមិនធ្វើការឱ្យ ដែលជាហេតុនាំខាតបង់ពេលវេលាឥតប្រយោជន៍…។ល។

ទាក់ទងនឹងការចាក់ធុងបាស ឬការបង្កសំឡេងកងរំពងនេះ កាលពីឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីព្រាងច្បាប់មួយ ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈមាន៨ជំពូក និង៤៨មាត្រា ដែលហាមពលរដ្ឋកុំឱ្យបង្កសំឡេងរំខានដល់អ្នកដទៃនេះ រួមជាមួយនឹង ការចែងអំពីការដាក់ទោសទណ្ឌផងដែរ ក៏ប៉ុន្តែមកទល់ពេលនេះ (ឆ្នាំ២០២៣) សេចក្ដីព្រាងច្បាប់នេះ មិនទាន់ចេញនៅឡើយទេ។

សេក្ដីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ បានចែងអំពី “ ភាពស្ងប់ស្ងាត់” នៅក្នុងជំពូកទី៤។ មាត្រា១៦ បានចែងថា«ការធ្វើសកម្មភាពប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ត្រូវហាមឃាត់ដូចជា ទី១ ការប្រើប្រាស់ឧបករណ៍បង្កឱ្យឮសំឡេងកងរំពងខ្លាំងរំខានដល់អ្នកដទៃ។  ទី២-ការប្រើប្រាស់ពាក្យសម្តីខ្លាំងៗ ឡូឡា ហ៊ោរកញ្ជ្រៀវរំខានអ្នកដទៃ និងទី៣-ការធ្វើអាជីវកម្មបង្កឱ្យឮសំឡេងខ្លាំងរំខានអ្នកដទៃ»។ មាត្រា១៧ ចែងបន្ថែមថា៖«រាល់សំឡេងបង្កឱ្យឮខ្លាំងរំខានអ្នកដទៃ ត្រូវបញ្ឈប់ចាប់ពីម៉ោង១២:00 ថ្ងៃត្រង់ដល់ម៉ោង ០២:០០ រសៀល និងចាប់ពីម៉ោង១0:00 យប់ ដល់ម៉ោង ៥:00 ព្រឹក លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច»

សរុបសេចក្ដីទៅ កម្ពុជាមិនចាំបាច់មានច្បាប់ស្ដីពី សណ្ដាប់ធ្នាប់ធារណៈក៏បានដែរ ប្រសិនបើពលរដ្ឋគ្រប់រូបយល់ដឹង ឬអនុវត្តសិទ្ធិរបស់ខ្លួន ក្រោមបន្ទាត់ព្រំដែនដូចមានចែងនៅក្នុងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ។ ការមិនបំពារបំពានអ្នកដទៃ នោះហើយជា សុភមង្គលនៅក្នុងគ្រួសារ និងជាសេចក្ដីសុខនៅក្នុងសង្គមជាតិទាំងមូល។ យើងម្នាក់ៗសាកគិតទៅមើល “ប្រសិនបើ គេបំពានសិទ្ធិរបស់យើងវិញ ឬ គេចាក់ធុងបាស រំពងសំឡេងឮខ្លាំងៗ ធ្វើឱ្យប៉ះពាល់ដំណេករបស់យើង ឬប៉ះពាល់សុខភាពអ្នកជំងឺនៅក្នុងផ្ទះយើង តើយើងមានអារម្មណ៍បែបណា? “ ។

(២) វិភាគផ្នែកវេជ្ជសាស្ត្រ៖

“ការស្ដាប់សំឡេងកងរំពងជាប្រចាំ ធ្វើឱ្យអ្នកទទួលសំឡេងខូចសុខភាពកម្រិតធ្ងន់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត”

ក- ផលប៉ះពាល់សុខភាពផ្លូវកាយ

បច្ចុប្បន្ននេះ មានមនុស្សច្រើនណាស់កំពុងរស់នៅប្រឈមនឹងបញ្ហាត្រចៀក ទាំងធ្ងន់ ស្រាល និងអ្នកខ្លះនៅមិនទាន់ដឹងថាខ្លួនឯងកំពុងមានបញ្ហាត្រចៀកនៅឡើយផង។ លោកអ្នកដឹងទេ? សកម្មភាពប្រចាំថ្ងៃដូចជា ការពាក់កាសស្ដាប់សំឡេង ការស្ដាប់សំឡេងបន្លឺពីធុងបាសដែលមានភាពរំញ័រខ្លាំង ការឮសូរសំឡេងឡានម៉ូតូ ស៊ីផ្លេ ភាពអ៊ូអរក្នុងទីក្រុង សំឡេងការដ្ឋានសាងសង់ផ្សេងៗ…។ល។ ជាប់ៗគ្នារាល់ថ្ងៃ ក្នុងរយៈពេលយូរ សុទ្ធតែបំផ្លាញប្រព័ន្ធសោត្រវិញ្ញាណយើងគ្រប់ៗគ្នា។ ការបំផ្លាញសោត្រប្រសាទ នឹងនាំទៅដល់ជំងឺស្ដាប់លែងឮ ឬខ្សោយក្នុងការស្ដាប់ ហើយការខូចខាតនេះ គ្មានវិធីជួសជុល ព្យាបាលឱ្យបានដូចដើមវិញឡើយ។

ជីវិតរស់នៅដែលត្រូវបានរំខានដោយសំឡេងបំពុលរាល់ថ្ងៃ ឬញឹកញាប់ គឺជាប្រញ្ហាប្រឈមដ៏ធំចំពោះជំងឺត្រចៀក។ បើយើងទទួលដឹងនូវសំឡេងដែលរំពងចេញក្នុងកម្រិត ៨៥ ដេស៊ីប៊េល (85 DB) ជាប់គ្នារយៈពេល ៨ម៉ោង រាប់ថាជាគ្រោះថ្នាក់ចំពោះត្រចៀក។ ហើយបើសំឡេងរំពងចេញក្នុងកម្រិត ១០០ ដេស៊ីប៊ែល (100 DB) សូមលោកអ្នកប្រញាប់ធ្វើជម្លៀសខ្លួនឱ្យបានឆ្ងាយផុតពីសំឡេងនោះជាបន្ទាន់ ព្រោះការទទួលយកសំឡេងបំពុលដល់កម្រិត ១0០ ដេស៊ីប៊ែល ក្នុងរយៈពេលត្រឹមតែ ពីរបីនាទីប៉ុណ្ណោះ ក៏វាអាចបំផ្លាញកោសិកាសរីរាង្គត្រចៀករបស់លោកអ្នកឱ្យខូចខាតបានលឿនដែរ។ (សូមអានពីមគ្គទេសក៍សំឡេងនៅទំព័រខាងចុងបង្អស់)

កម្រិតគ្រោះថ្នាក់នេះ ឬលើសពីកម្រិតគ្រោះថ្នាក់នេះទៅទៀត នៅកម្ពុជា គេនិយមប្រើនៅតាមរោងការ រោងពិធីបុណ្យផ្សេងៗជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ ទើបយើងអាចសង្កេតឃើញថា អ្នកនិយមចូលរួមក្នុងពិធីជប់លៀងរៀបការ ឬពិធីកម្មកិច្ចផ្សេងៗនៅប្រទេសកម្ពុជា (គេនិយមហៅថាពិធីបុណ្យ) ភាគច្រើនលើសលប់ មានបញ្ហាត្រចៀកធ្ងន់។ ម្ល៉ោះហើយ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺ បើកសំឡេងស្ដាប់កាន់តែឮខ្លាំងឡើង ខ្លាំងឡើង ដោយមិនដឹងខ្លួន ព្រោះតែត្រចៀករបស់ពួកគេខ្លួនឯងស្ដាប់អ្វីលែងសូវឮសូរដូចមុន។ បញ្ហានេះហើយ ដែលធ្វើឱ្យអ្នកមានសុខភាពត្រចៀកល្អប្រសើរ ត្រូវក្លាយជាជនរងគ្រោះបន្តពីអ្នកជំងឺត្រចៀកធ្ងន់ដែលរស់នៅក្បែរខាងគ្នា ឬផ្ទះជាមួយគ្នា។

ការស្ដាប់សំឡេងរំខានខ្លាំងៗ ក៏មានផលអាក្រក់ចំពោះបេះដូងផងដែរ។ សំឡេងខ្លាំង បានបង្ករឱ្យមានវិបត្តិនៃជំងឺសរសៃឈាមបេះដូង។ ហើយប្រសិនបើអ្នកទទួលសំឡេង មានជំងឺបេះដូងពីមុនមកស្រាប់ នឹងរឹតតែធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាគាំងបេះដូង ឈានដល់ការបាត់បង់ជីវិតភ្លាមៗតែម្ដង។

ខ- ផលប៉ះពាល់សុខភាពផ្លូវចិត្ត

ការបំពុលសំឡេង មិនត្រឹមតែបង្កជំងឺត្រចៀក និងជំងឺបេះដូង ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ខំឱ្យអ្នកស្ដាប់មានជំងឺតឹងថប់ក្នុងចិត្ដ រហូតកើតទៅជាជំងឺ ស្ត្រេស និងករណីធ្ងន់ខ្លាំងអាចវិវឌ្ឍជាជំងឺសតិវិបល្លាស។ អ្ននឈានដល់ដំណាក់កាលធ្ងន់ខ្លាំង អាចនឹងស្ដាប់ឮសូរសំឡេងប្លែកៗខុសពីការពិត ដែលផ្នែកវេជ្ជសាស្ត្រ ផ្ដោតខ្លាំងទៅលើ វិកលរបស់សោត្រប្រសាទនៅក្នុងខួរក្បាល គឺចំណុចបញ្ជាឆ្ពោះមកវិញ្ញាណត្រចៀក ឱ្យស្ដាប់ឮសូរសំឡេងចម្លែកៗ ដែលអ្នកជានាធម្មតា មិនបានឮ។ ក្នុងករណីអ្នកជំងឺ រស់ក្នុងសង្គមដែលខ្វះការអប់រំ គ្មានចំណេះដឹងសុខភាព ពួកគេអាចនឹង គិតទៅលើអបិយជំនឿផ្សេងៗទៅវិញ។

សំឡេងដែលបង្កទៅជាជំងឺផ្លូវចិត្តនេះ ច្រើនជាសំឡេងដែលបន្លឺខ្លាំងនៅពេលយប់ ឬពេលដែលអ្នកទទួលសំឡេង កំពុងគេងលង់លក់។ សូម្បីតែការភ្ញាក់ពីដំណេកដោយសំឡេងនាឡិកាដាស់រោទ៍ខ្លាំងៗ ក៏ជាការបំផ្លាញសរសៃប្រសាទសោត្រវិញ្ញាណឱ្យខ្ទេចខ្ទាំបានដែរ។ ដូច្នេះយើងគួរប្រើមធ្យោបាយផ្សេងណាមួយ ដែលខុសពីការដាក់សំឡេងនាឡិការោទ៍ខ្លាំងៗ។

នៅក្នុងលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដាណឺម៉ាកកាលពីឆ្នាំ២០១៨ បានបង្ហាញទិន្នន័យគួរឱ្យកត់សម្គាល់មួយថា មនុស្សដែលរស់នៅក្បែរខាងជាមួយនឹងអ្នកជិតខាងដែលនិយមចាក់សំឡេងរំខានបានធ្លាក់ចុះនូវសុខមាលភាពផ្លូវចិត្តជាច្រើនសណ្ឋាន។ អ្នកមានបញ្ហាសុខភាពផ្លូវចិត្តបានកើនឡើងយ៉ាងខ្លាំងដល់កម្រិត ២.៣៤ ដង និងអ្នកជំងឺស្ត្រេស បានកើនឡើង ២.៧៨ ដង ធៀបទៅនឹងអ្នករស់នៅដោយគ្មានការរំខានសំឡេងពីអ្នកជិតខាង។

លទ្ធផលស្រាវជ្រាវនេះ បានរកឃើញទៀតថា សូម្បីតែអ្នករស់នៅជាប់ដងផ្លូវជាតិ ឬ ដងផ្លូវដែលមានចរាចរណ៍ណែនណាន់តាន់តាប់ ក៏ត្រូវប្រឈមនឹងការធ្លាក់ខ្លួនចូលក្នុងជំងឺផ្លូវចិត្តដូចរៀបរាប់ខាងលើនេះដែរ។ ដូច្នេះហើយ ទើបយើងតែងឃើញ អភិជន អ្នកមានលុយកាក់ច្រើន តែងផ្លាស់ផ្ទះសម្បែងទៅរស់នៅតាមទីជនបទដាច់ស្រយាល ដែលមិនសូវមានសំឡេងចរាចរណ៍ឡានម៉ូតូរំខានដល់សោត្រប្រសាទរបស់ពួកគេ ដើម្បីគេអាចមានជីវិតរស់នៅពេញដោយសេចក្ដីសុខ។

សំឡេងអាចបំផ្លាញសុខភាពមនុស្សផង និងជួយព្យាបាលជំងឺមនុស្សផង

(៣) តើមានសំឡេងណាដែលល្អប្រសើរចំពោះសុខភាពរាងកាយ និង ផ្លូវចិត្តដែរឬទេ?

ចម្លើយគឺ ពិតជាមាន! សំឡេងដែលជួយព្យាបាលជំងឺ និងជំរុញថាមពលរាងកាយ ជំរុញថាមពលខួរក្បាលឱ្យស្វាហាប់ ភ្លឺស្វាង គឺជាសំឡេងដែលចេញពីប្រភពធម្មជាតិ ដូចជា៖ សំឡេងសត្វបក្សាបក្សី សំឡេងរលកសមុទ្រ សំឡេងទឹកជ្រោះហូរ ទឹកភ្លៀងស្រក់តក់ៗ ស្លឹកឈើបោកបក់តិចៗ ជាដើម។ ក្រៅពីនោះ គេក៏អាចច្នៃប្រតិដ្ឋសំឡេងជំរុញសុខភាពមនុស្សផងដែរ ដូចជា ភ្លេងដន្ត្រីយឺតៗ ដែលបង្អូសសំឡេងស្រាលៗ ស្របតាមចង្វាក់ដង្ហើមរបស់មនុស្ស ដូចជា សំឡេងព្យាណូ សំឡេងហ្គីតា សំឡេងខ្លុយ វីយ៉ូឡុង ពិណ……ដែលបន្លឺក្រោមកម្រិត ២៥ ដេស៊ីប៊ែល។

(៤) ខាងក្រោមនេះជាម្រិតសំឡេងដែលលោកអ្នកគួរយល់ដឹង

ជាទូទៅ គេប្រើឧបករណ៍វាស់សំឡេង ដើម្បីអាចដឹងថា តើបរិស្ថាន ដែលយើងកំពុងរស់នៅ មានសំឡេងកម្រិតប៉ុន្មានដេស៊ីប៊ែលឱ្យពិតប្រាកដ។ ខាងក្រោមនេះជាលំអានគន្លឹះដើម្បីកំណត់កម្រិតសំឡេង៖

​កម្រិតស្ងប់​ស្ងាត់​ល្អបំផុតដែលអាចព្យាបាលជំងឺក្នុងខ្លួន

  • 0 DB  គឺ​ស្ងាត់​ឈឹង ញាណ​ត្រចៀក​អាចចាប់​ដឹង​ថា​មាន​សំឡេង​
  • 10 DB គឺ​ស្ងាត់​ដូច​នៅក្នុង​បន្ទប់​ថត​សំឡេង (ស្ទីឌីយ៉ូ)​ ឬនៅ​ទីវាលខ្សាច់​​រហោឋាន
  • 20 DB ក្នុង​​ឧទ្យាន​ស្ងប់ស្ងាត់កណ្ដាលព្រៃ មានសត្វបក្សាបក្សី

កម្រិតល្អ​អាច​ទទួល​យក​បាន ៖

  • 25 DB នៅ​ស្រុកស្រែដាច់ស្រយាល ឬក្នុងព្រៃ ស្ងប់ឥតភ្លៀងខ្យល់
  • 30 DB ក្នុង​បន្ទប់​គេង​បិទជិត ឆ្ងាយទីប្រជុំជន
  • 40 DB ក្នុង​ការិយាល័យ​ធ្វើការ​ ឬ ក្នុងផ្ទះ ឆ្ងាយក្រុង

កម្រិតអាច​ទ្រាំទ្រ​បាន ៖

  • 45 DB សំឡេង​ម៉ាស៊ីនបោក​ខោអាវ ម៉ាស៊ីនត្រជាក់
  • 50 DB សំឡេង​ក្នុង​ផ្សារ​ទំនើបធំៗ
  • 60 DB សំឡេង​មនុស្ស​និយាយ​គ្នាអ៊ូអរ និង​សំឡេង​ពេល​បើក​បង្អួច​នៅ​ជាប់ផ្លូវ

កម្រិតនាំ​ឱ្យ​ហត់នឿយ​ និង​ពិបាក​ទ្រាំ

  • 65 DB សំឡេងឡានបើក​តាម​ថ្នល់
  • 70 DB សំឡេងម៉ាស៊ីន​បូម​ផ្ទះ កាត់​ស្មៅ ផ្លុំ​ខ្យល់
  • 80 DB សំឡេង​ចរាចរណ៍​តាមផ្លូវកកណែន​ និង​ស៊ីផ្លេឡាន

កម្រិត​​ហានិភ័យ​ ៖

  • 90 DB សំឡេងត្រាក់ទ័រ រថភ្លើង
  • 100 DB ​​សំឡេងក្នុង​កាសដែល​បើកអស់​លេខ ឬ​ធុងបាសការ​ប្រគុំ​តន្ត្រី
  • 102 DB សំឡេងតន្ត្រី​ក្នុង​ក្លឹបឌីស្កូ ក្លឹបរាត្រី

កម្រិត​​គ្រោះថ្នាក់ ៖

  • 110 DB សំឡេង​​ធុង​បាសឡាន​ខ្លាំង​អស់​លេខ
  • 120 DB សំឡេងយន្តហោះ​ហោះឡើង ឬ​សំឡេង​ម៉ាស៊ីនខួងសំណង់
  • 130 DB ស្នូរ​កាំភ្លើងបាញ់
  • 140 DB ស្នូរ​គ្រាប់​ផាវ គ្រាប់បែក

ជំងឺមិនចងចាំផ្លូវ

លោកអ្នកប្រហែលជាធ្លាប់ជួបមនុស្សប្រភេទម្យ៉ាង ដែលថាក្នុងមួយជីវិតរបស់គេ គឺមិនដែលចងចាំផ្លូវធ្វើដំណើរ បើទោះបីជាគេធ្លាប់ទៅតំបន់ណាមួយនោះញឹកញាប់រួចហើយក៏ដោយ។ ជំងឺនេះ ភាសាវេជ្ជសាស្ត្រ ហៅថា Agnosia ។

ជំងឺ Agnosia ជាជំងឺដែលបណ្ដាលមកពីការបាត់បង់សមត្ថភាពកត់ចំណាំនូវវត្ថុអ្វីម្យ៉ាង (ទាំងរូបី និងអរូបី) ដូចជា មុខមាត់មនុស្សណាម្នាក់ សំឡេងមនុស្សណាម្នាក់ ឈ្មោះនរណាម្នាក់ ឬផ្លូវទៅកាន់ទីកន្លែងណាមួយ។

ជំងឺនេះ បង្កឡើងដោយសារតែសរសៃប្រសាទវិញ្ញាណ (គឺចក្ខុវិញ្ញាណ និង សោតវិញ្ញាណ) ធ្វើការមិនត្រឹមត្រូវតាមគន្លងរបស់វា ឬវាជាប់ជំពាក់វាក់វិនជាមួយនឹងសរសៃប្រសាទផ្សេងទៀត ដែលមានលក្ខណៈស្មុគស្មាញ។

មូលហេតុដែលបណ្ដាលឱ្យកើតមានជំងឺនេះ គឺព្រោះតែគន្លងនៃសរសៃប្រសាទផ្នែករំញោចពីចម្ងាយ (Sensory) បានដាច់ដោចខូចខាត ដោយសារតែការដួលប៉ះទង្គិចក្បាលញឹកញាប់ កាលនៅពីតូច។ មានអ្នកខ្លះខូចសរសៃប្រសាទនេះ តាំងពីកំណើតមកម្ល៉េះ ដោយសារតែការមិនបានថែទាំសុខភាពឱ្យបានដិតដល់ពីសំណាក់មាតា អំឡុងពេលពរពោះ។ វាក៏អាចបណ្ដាលពីកត្ដារួមផ្សំផ្សេងទៀតផងដែរ ដូចជា បរិស្ថានរស់នៅដែលពោរពេញដោយជាតិពុល និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត។

អ្នកដែលមានជំងឺ Agnosia បង្ហាញចេញនូវវិបត្តិខុសគ្នា ដោយអ្នកខ្លះ ច្រើនជាមនុស្សភ្លេចផ្លូវ ងាយវង្វេងផ្លូវ ដែលជាហេតុធ្វើឱ្យគេរងភាពអាម៉ាសនៅក្នុងសង្គមពីសំណាក់ មនុស្សដែលមិនយល់ពីជំងឺ ហើយអ្នកជំងឺខ្លួនឯងមិនហ៊ានសារភាពប្រាប់អ្នកដទៃពីចំណុចអន់ខ្សោយមួយនេះ។ អ្នកខ្លះទៀត ច្រើនជាមនុស្សភ្លេចទម្រង់មុខឬ ភ្លេចឈ្មោះ អ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក ដែលជាហេតុធ្វើឱ្យគេបាក់ស្បាតក្នុងការចេញទៅជួបមនុស្សច្រើនៗក្នុងពិធីអ៊ូអរ ព្រោះតែគេគ្មានសមត្ថភាពហៅឈ្មោះនរណាម្នាក់ដែលធ្លាប់ស្គាល់ឱ្យបានត្រឹមត្រូវ ឬនឹកមិនចេញតែម្ដង។ អ្នកខ្លះភ្លេចសំឡេងដែលធ្លាប់ស្ដាប់ ដូចជាភ្លេងចម្រៀង ចង្វាក់ស័ព្ទសៀងរណ្ដំក្នុងសិល្បៈដន្ត្រី ឬសំឡេងរបស់មនុស្សណាម្នាក់ដែលគេធ្លាប់ប្រាស្រ័យទាក់ទងជាមួយគ្នាពីមុនមក រួមទាំងអាការៈភ្លេចភ្លាំងរឿងរ៉ាវអតីតកាលដែលទើបតែកើតឡើងថ្មីៗ ជាច្រើនទៀត។

ទោះជាយ៉ាងណាក្ដី ពេញមួយជីវិតរបស់ពួកគេដែលជាអ្នកជំងឺ គឺនៅតែអាចរស់នៅ និងប្រាស្រ័យទាក់ទងគ្នាជាមួយនឹងពិភពលោកខាងក្រៅបានជាធម្មតា គ្រាន់តែថា គេនឹងមានរបៀបរស់នៅមួយដែលទាមទារជំនួយច្រើនផ្នែក ច្រើនយ៉ាង ជាងមនុស្សធម្មតា។

ដូច្នេះ ប្រសិនបើលោកអ្នក បានជួបប្រទះដោយផ្ទាល់នូវនរណាម្នាក់ ដែលមិនអាចរកផ្លូវទៅកាន់ទីណាមួយបានដោយរលូន សូមកុំជេរស្ដីបន្ទោសឬមាក់ងាយគេអី ព្រោះបុគ្គលរូបនោះ ប្រហែលជាមនុស្សពិការ។ គេមានពិការភាពដូចនឹងជនពិការដៃជើង ភ្នែក ត្រចៀក ដែរ គ្រាន់តែពិការភាពរបស់គេ ជាការខូចខាតសរសៃប្រសាទពីខាងក្នុងខួរក្បាលមកវិញ។ ជំងឺនេះ ភាសាធម្មតាជាទូទៅ គេហៅថា “ជំងឺសតិវិបល្លាស” ឬ “ជំងឺសរសៃប្រសាទ”។ ប៉ុន្តែដោយសារតែអាការៈរបស់វា មានលក្ខណៈស្រាលជាង ដែលវាអាចធ្វើឱ្យជនពិការនោះ រស់នៅក្នុងជីវិតថ្លៃថ្នូរបាន ទើបគេមិនហៅចំថាជាជំងឺ សរសៃប្រសាទទេ បើទោះបីជាវាខូចសរសៃប្រសាទក៏ពិតមែនក្ដី។ យើងមិនទាន់មានការបកប្រែឱ្យចំៗក្នុងភាសាបច្ចេកទេសវេជ្ជសាស្ត្រខ្មែរនៅឡើយទេ ដោយឡែកភាសាវេជ្ជសាស្ត្រអន្តរជាតិ ហៅថា “Agnosia”។

ដូច្នេះ ប្រសិនបើមាននរណាម្នាក់ ដែលត្រូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងណាមួយ ហើយស្នើសូមឱ្យលោកអ្នកជួយ Pin Location តាមរយៈ Google Map សូមជួយសម្រួលដល់រូបគេនោះដោយក្ដីអនុគ្រោះផងទៅ ព្រោះគេប្រហែលជាជនដែលមានពិការភាពចក្ខុប្រសាទ ក្នុងជំងឺ Agnosia នេះហើយ។ សព្វថ្ងៃ អ្នកជំងឺ Agnosia ច្រើនណាស់ ដែលកំពុងប្រកបមុខរបរ ជាអ្នកដឹកជញ្ជូនទំនិញក្នុងទីក្រុង តាមរយៈឧបករណ៍ជំនួយ គឺផែនទីអេឡិចត្រូនិច ដើរដោយអ៊ីនធើណិត។

សូមអរគុណអ្នកវិទ្យាសាស្ត្រ ដែលតែងតែស្រាវជ្រាវ រុករកជំនួយការល្អៗ សម្រាប់ជនពិការនៅទូទាំងពិភពលោក!

———

ប្រភពឯកសារយោង healthline.com

អត្ថបទរក្សាសិទ្ធិ ដោយ លឹម វិរិយា