នាដីខ្មែរ ខែរំហើយ ត្រើយខាងកើត
ដប់បួនខ្នើត អើតលើមេឃ វែកពន្លឺ
ខែកត្ដិក ទឹកឡើងធំ ម៉ុមព្រួចព្រឺ
រន្ទាលភ្លឺ ឮយន្តហោះ បោះពួយជ្រែក។
រាជធានី ទីកន្លែង ប្លែងជីវិត
អង្គុយគិត រឹតតែខ្វល់ ទ័លដល់ដេក
ទន្លេមួយ ព្រួយអស់ត្រី ឆីរំលែក
រស់ក្រោមមេឃ រែកទុក្ខសោក ថោកដល់ផ្កាប់។
ដែនសុវណ្ណ ខ្មាន់ដួងចិត្ត ខិតមកក្បែរ
មិនបានថែ កែកុនការណ៍ ត្រាប្រថាប់
ពេលខ្លះថប់ ស្អប់អ្នកក្បែរ ស្នេហ៍អ្នកស្លាប់
ចង់ប្រាយប្រាប់ ឆាប់បានដឹង ថ្លឹងឱ្យស្គាល់។
ព្រំដែនចិត្ត ស្អិតលែងរីក ជីកលែងចុះ
ដីលែងស្លុះ ឆ្លុះមើលគល់ យល់មិនដល់
អ្នកនៅរស់ ពោះកំពីង ល្វីងរចល់
លើផ្លូវទ័ល ពាល់តែកម្ម ចាំចូលគុក។
ដែនបេះដូង ឈោងដៃទៅ នៅតែឆ្ងាយ
មេឃបាត់ផ្កាយ ស្រាយចម្ងល់ វ៉ល់ទំនុក
ច្រៀងរៀបរាប់ ផ្គាប់ចិត្តមេ គេខ្ពើមមុខ
ស្ពាយត្រាទុក លុកលុយបូក យកលេខស្មើ។
នាដីខ្មែរ ខែកត្ដិក ទឹកលិចក្រុង
ជើងជាប់ផុង ស្លុងហឫទ័យ រៃលែងហើរ
មេរោគកាច ខ្លាចលែងឆ្លង ដងផ្លូវដើរ
សុខសើៗ បន្ថើរសូម លោមយកជ័យ។
________
វិរិយា![]()
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស.២០២១



