Tag Archives: ខ្ទមស្រែ

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ភ្ញៀវឲ្យរហង់ចង់ទៅលេង
ញ៉ាំបាយស្លឹកចេកថៅកែក្មេង
ព្រោកប្រាជ្ញបន្លែងចែងចរចា។

ខ្ទមស្រែក្បែរទឹកនឹកដល់បង
១ខែកន្លងដើមវិច្ឆិកា
កាលនោះជួបគ្នាសាងស្នេហា
ផ្អើលអស់បក្សាលើចុងស្វាយ។

ខ្ទមស្រែម្ហូបស្រុកបុកលាយម្ទេស
ហឹរឡើងចង់ឆេះប្រេះក្រហាយ
ម្ទេសខ្មាំងអ្នកស្រុកញ៉ាំលាយបាយ
អស់លុយមិនស្ដាយព្រោះបាយឆ្ងាញ់។

ខ្ទមស្រែម្ចាស់ប្រុសច្រមុះប៉ោង
ភ្នែកលឹបបាត់ក្ដោងសក់អង្កាញ់
សម្បុរស្រអែមមាឌចុកខ្លាញ់
ស្រីតាមស្រលាញ់ផ្អើលពេញភូមិ។

សូមអញ្ជើញជាវសេវាគាត់
មានមាន់គន្ធាត់ដុតទឹកឃ្មុំ
អង្ករសម្រូបអប់ក្ដៅងំ
ស្លឹកចេកខ្ចប់រុំម៉ូដមិនស៊ាំ។

បើចង់ទៅលេងសូមកក់ទុក
ទូរសព្ទ័នាំមុខសូន្យដប់ប្រាំ
សាមបី សែបួន សូត្រហើយផ្ដាំ
លេខក្រោយឲ្យចាំ កៅប្រាំមួយ។

——

ថ្ងៃសៅរ៍ ទី២៦ ខែធ្នូ គ.ស ២០១៥

IMG_1353

ខ្ទមស្រែ

ខ្ទមស្រែឥតស្រូវនៅស្រះស្រង់
ក្បែរគុម្ពរំចង់ប្លង់ខាងត្បូង
ទេសភាពបៃតងវាលស្មៅយោង
គេងលេងយោលទោងក្រោមខ្ចុះស្បូវ។

ខ្ទមស្រែត្រជាក់ធ្លាក់សន្សើម
ស្រូបខ្យល់ដង្ហើមក្លិនម្រះព្រៅ
គន្ធាផ្កាម្អមដុះអមផ្លូវ
ព្រះខ្លបស្ដេចស្មៅដៅស្នាមដើរ។

ខ្ទមស្រែសាងមិត្តជិតបង្កើយ
ផ្អែកខ្នងគងខ្នើយមើលចាបហើរ
ញ៉ាំបាយមាន់ដុតគិតបណ្ដើរ
កម្សាន្តដំណើរស្នើរពីម្សិល។

អនុស្សាវរីយ៍ពីខ្ទមស្រែ
មានរឿងហូរហែសើចឡើងគឹល
មានរឿងឈឺចាប់ស្ដាប់មិនខ្ជិល
ក្រោមដើមអម្ពិលខ្ជិលបកស្រាយ។

Ktorm Sreh20151115_110518 20151115_112335 20151115_11430820151115_111351