Tag Archives: កំណាព្យខ្លីៗ

ញៀនល្បែងតែងវិនាស…

ញៀនស្រីនិងស្រា​ ចាស់ៗផ្ដាំថា​ គង់តែវិនាស
បើញៀនល្បែងផង​ ឆ្លងដល់និរាស​ រលាយអស់ផ្ទះ
ប៉ោឡែគេជេរ។

ញៀនត្រឹមស្រីស្រា​ ខ្លាំង​ណាស់មរណា​ សល់ផ្ទះជាកេរ
តែបើដល់ល្បែង​ ថ្លែង​មិនចេញទេ​ ហិនហោច​ខ្លោចកេរ្តិ៍
អាស្រូវ​មួយពូជ។

_______

លឹម វីរីយ៉ា

ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨

អ្នកញៀនល្បែង

ស្រណោះផ្កាគ…

ស្រណោះ​ផ្កា​ គ​ អូនឈរអោបដៃ
ឈរតាំងពីថ្ងៃ​ រះហើយលិចវិញ
រង់ចាំបងយូរ​ ជូរចត់​ជើងធ្មេញ
ចាំបងឡើងជ្រេញ​ ចេញតែជ្រួញថ្ពាល់។

ស្រណោះ​ផ្កា​ចារ​ អូនថាមិនខុស
សន្យា​ម្ង៉ៃ​ណោះ​ ជឿចុះមិនខ្យល់
ឥលូវក្ដាមខ្យង​ វាឆ្លងផុតថ្នល់
រឿងយើង អូនខ្វល់​ ក្រែងទៅមិនរួច។
——-
លឹម​ វីរីយ៉ា​🌸
០៦​ ធ្នូ​ ២០១៨

Viriya Lim 2018

អ្នកការងារ…

អ្នកការអ្នកងារ​ ឡើងហៀញើស
ធ្វើមិនដែលទើស​ ល្មើស​តែមួយ
ដេកមិនគ្រប់ម៉ោង​ តោងរំអួយ
ដល់រកគេជួយ​ ស្ទួយមិនរួច។
———
លឹម​ វីរីយ៉ា​ 🌸

០៦ ធ្នូ ២០១៨

លឹម វីរីយ៉ា

យប់១៥រោច…

យប់ដប់ប្រាំរោច​ ដូចខុសសព្វដង
ផ្គរលាន់​ឌឺដង​ ឆ្លងស័ព្ទត្រាប់ខ្យល់
ភ្លៀងកណ្ដាលយប់​ បង្គ្រប់​កិច្ច​កល
មុនស្អែកចូលដល់​ ១កើតមិគសិរ។

យប់ដប់ប្រាំរោច ដូចស្ងាត់តុកកែ
មិនឮបូលក្បែរ​ ថែលួងបំពេ
ភ្លៀង​ស្រក់​តិកតក់​ ជីងចក់​បាត់​មេ
ជើងមុងដាច់ថ្នេរ ដេកជេរតែមូស។
———
លឹម​ វីរីយ៉ា​🌸
រាត្រី​១៥រោច​ ខែកត្ដិក​ ឆ្នាំ​ច​ ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស ២០១៨

My Home 2018

សាយណ្ហសួស្ដីពីដីសណ្ដ…

សាយណ្ហ​សួស្ដី​ ពីដីសណ្ដ
សូរសែងទិនករ​ កំដរពីលិច
ខ្យល់មាត់ទន្លេ​ បំពេ​តិចៗ
រស្មី​ព្រិចៗ​ រំលេចព្រលឹង។

សាយណ្ហ​ទន់ទាប​ ដីរាបទន់ទេរ​
រសៀលទន់ជ្រេ​ មាសមេទន្ទឹង
ទន្ទេញ​ពាក្យ​ចាំ​ ផ្ដាំដល់ម្ចាស់ស្ទឹង
សន្យា​បាត់​ឈឹង​ ប្ដឹង​ទៅ​នរណា?

សាយណ្ហ​ហួសទៅ​ នៅសល់ដួងចន្ទ្រ
ដេកមិនប្រកាន់​ ធ្វើខ្មាន់វេហា
តារារយដួង​ លួងសូមស្នេហា
ព្រះឥន្ទ្រ​ ឥតត្រា​ ប្រាថ្នាយកត្រើយ។

សាយណ្ហ​កល់ខ្នើយ នៅឡើយរាត្រី
ចរចាចិចី​ ស្ដី​សូមឱ្យឆ្លើយ
ដីកោះនៅម្ខាង​ កាងដល់ណាហើយ?
មេឃកុំកន្តើយ​ សូមឆ្លើយប្រាប់ផង!
———-
លឹម​ វីរីយ៉ា​🌸
១៤​ ធ្នូ​ ២០១៨

Viriya in the late evening

រលកក្រោយ….

រលកក្រោយ​ ដង្ហោយ​សូម​ លោមមួយគ្រា
រាប់ជាគ្នា​ ទារសិក្សា​ ប្រាថ្នាយល់
ចែករំលែក​ រែក​ចំណេះ​ ឆេះពីគល់
សាង​ជន្ទល់​ ទល់ជីវិត​ ស្រិតបញ្ញា។

រលកក្រោយ​ ឆ្លើយឥតអាក់​ ចាក់បេះដូង
ភ្នែករលោង​ អន្ទងស្អិត​ ដិតសោតា
ចងសណ្ដាប់​ ប្រាប់​សេចក្ដី​ ស្ដីតាមសារ
ចែងអក្ខរា​ ចាររៀបរាប់​ ជាប់ដួងចិត្ត។

សូមអរគុណ​ មុនឃ្លាតទៅ​ នៅទន្ទឹង
ទន្ទេញ​ដឹង​ ប្រឹងប្រែង​ខំ​ ចម្រើន​ក្រិត្យ​
យកទាំងក្រម​ ថ្នម​ទុកប្រើ​ ស្នើរ​ជីវិត​
ជោគជ័យ​ពិត​ ជិតដៃឈោង​ យោងកេរ្តិ៍ឈ្មោះ។

សូមជូនពរ​ ហូរហែ​តាម​ ដាមសំណេរ
សំណាងទ្វេ​ ស្មេរតាក់តែង​ ណែងណងជួស
សូមបានឈ្នះ​ ជះជោគលាភ​ ប្រៀបពីរោះ
មានកិត្តិយស​ រស់រុងរោចន៍​ ដូចសុបិន។
———
ពីអ្នកគ្រូ​ លឹម​ វីរីយ៉ា​🌸
ជូនសិស្សនិស្សិតថ្នាក់​ Soft Skill ជំនាន់៦​ នៅ​ LSi

ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨

ហ៊ានទេ?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមចាប់ដៃ​ ឡើងឆាកដន្ត្រី​ ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង​ ភ្លើងបៃតង​ រួចច្រៀងសាសង​ បទស្នេហា?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមថើបមួយ​ ទុកបណ្ដុះត្រួយ​ ស្ទួយអាត្មា
រួចអោបចង្កេះ​ ទះហត្ថា​ ក្រសោបកាយា​ ប្រាថ្នា​ចិត្ត​។ 
————
លឹម​ វីរីយ៉ា​🌸
២០​ ធ្នូ​ ២០១៨

Do you brave

ញញឹមម្នាក់ឯង…

ស្រណោះជេីងធ្មេញ​ អូនស្ញេញតែឯង
ញញឹម​ផ្កាត្រែង​ បែកផ្សែងពេញផ្សារ
ឆ្នាំ​ចាស់​ជិតដាច់​ បណ្ដាច់សន្យា
មិនឃេីញចៅមហា​ ចរចាចូលស្ដី?

ស្រណោះជេីងសក់​ អូនកក់ហេីយផ្លុំ
តម្រឹមទាំងចុង​ ចម្រុង​សួស្ដី​
រដូវ​រងា​ ដូចជាឥតន័យ
អាឡោះអាល័យ​ ដៃលាក់ក្រោយខ្នង។
——-
លឹម​ វីរីយ៉ា​🌸
២២​ ធ្នូ​ ២០១៨

Viriya's Smile

រឿងបើកឡាន…

ម្ង៉ៃ​ៗខាតពេលនឹងរឿងបើកឡាន
រឿងអស់សាំងប៉ុន្មានដូចមិនសូវគិត
ប៉ុន្តែ​រឿងធំប្រចាំជីវិត
គឺកើតរោគចិត្ត​នឹង​រឿង​ស្ទះផ្លូវ។

បើកទៅបើកមក​ ដូចកន្ថោវិល
ម្ដងៗ​ឡើងខ្ជិល​ លែងចង់តម្រូវ
បើមានលុយច្រើន​ ជួលតៃកុងមួយឥលូវ
រោគចិត្តក៏មិនសូវ​ នៅយូរក្នុងកាយ។
——-
លឹម​ វីរីយ៉ា​🌸

១៩ វិច្ឆិកា ២០១៨

46511147_10215973091456563_4237468545878851584_n

ក្ដុកក្ដួល…

ឃើញទឹករលក ភ្នករឭក
រលាមចិត្តនឹក រឭកពៅ
រលីងរលោង អន្ទោងហៅ
អន្ទាក់ឆោមឆ្លៅ ហៅរំលង។

ឮកង្កែបក្ដក់ ឆ្មក់ក្ដុកក្ដួល
ក្ដីស្នេហ៍ឆាបឆួល ដួលដាំដូង
ស្រណោះដៃក្ដិច ច្បិចថ្ពាល់អូន
ឥលូវសល់ក្បូន លូនឥតត្រើយ។
———
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

untitled-1