Category Archives: សិល្បៈវប្បធម៌
ចម្រៀងដែលស្ដាប់មិនយល់
កាលនៅពីតូច ខ្ញុំចូលចិត្តស្ដាប់បទចម្រៀងថៃ ទាំងដែលខ្ញុំស្ដាប់មិនយល់ភាសាថៃដែលរៀបរាប់ក្នុង Lyrics នោះមានន័យថាម៉េច រហូតដល់ខ្ញុំចូលរៀនភាសាថៃចប់ថ្នាក់ទី៦ (បឋមសិក្សាថៃ) អាចអាន សរសេរ ស្ដាប់ និងនិយាយបាន រហូតពេលខ្លះសរសេរកំណាព្យភាសាថៃទៀតផង។ វ័យជំទង់ ខ្ញុំចូលចិត្តស្ដាប់បទចិន និង អង់គ្លេស ទាំងដែលខ្ញុំមិនចេះចិនសូម្បីមួយតួអក្សរ និងមិនចេះភាសាអង់គ្លេស សូម្បីកម្រិតដើររកបាយឆីមិនបាន។ ចុះហេតុអ្វីបានជាស្ដាប់? បើស្ដាប់មិនយល់អីផង!
មូលហេតុនោះគឺ “ស្រលាញ់”! សេចក្ដីស្រលាញ់ មិនចាំបាច់មានហេតុផលពន្យល់ឱ្យយល់ឡើយ។ មិនបាច់យល់ក៏បាន សំខាន់ពេលបានស្ដាប់ឮសូរស័ព្ទសំឡេងនោះហើយ ធ្វើឱ្យចិត្តភ្លើតភ្លើន រំភើបរីករាយ។ ឬអាចហៅម្យ៉ាងទៀតថា ជា ជំនោរតណ្ហាចិត្ត។ ចិត្តដែលកើតមានតណ្ហា អត់ត្រូវការហេតុផល ដើម្បីយល់ទេ សំខាន់យកឱ្យបាន បំពេញនូវចំណង់ចិត្តជាមុនសិន។
មានមតិខ្លះលើកឡើងថា “ស្ដាប់បទរ៉េប ហ៊ិបហប់ ដូចឆ្កួត ដូចឡប់ ស្ដាប់មិនយល់ មិនដឹងជាគេច្រៀងពីស្អី”
ខ្ញុំសូមបកស្រាយ ដោយយោងលើសេចក្ដីបញ្ជាក់ល្បះទី១ខាងដើមនោះថា ឱ្យតែយើងស្រលាញ់អ្នកណាម្នាក់ហើយ យើងច្បាស់ជាចង់ស្ដាប់សំឡេងរបស់គេ សូរស័ព្ទរបស់គេ ទោះជាស្ដាប់យល់ឬមិនយល់ក្ដី។ វាដូចយើងចូលចិត្តស្ដាប់បទបរទេសជារៀងរាល់ថ្ងៃ ទាំងដែលយើងមិនយល់ភាសាក្នុងចម្រៀងនោះអ៊ីចឹង។
វាដូចជា កូនង៉ា ដែលចង់ឮសំឡេងម្ដាយ ទាំងដែលវាមិនយល់ភាសាមនុស្សនៅឡើយ។ ដូច ពុទ្ធបរិសទខ្លះ ដែលចូលចិត្តភាវនាធម៌ “នមោ តស្ស ភគវា អរហតោ សម្មាសម្ពុទ្ធស្ស” ទាំងដែលមិនយល់ពីខ្លឹមសារគាថាទាំងនោះ មានន័យបកស្រាយថាយ៉ាងម៉េច សំខាន់ពេលបានភាវនាពាក្យហ្នឹងទៅ គាត់សប្បាយចិត្ត គាត់ក៏កើតមានសិរីសួស្ដី។ វាដូចជា ក្រុមអ្នកស្រលាញ់ព្រះភិក្ខុ គូ សុភាព អ៊ីចឹង។ ដីការបស់ព្រះអង្គ តាមពិតទៅ សាមញ្ញធម្មតា គ្រប់ពេចន៍ ប៉ុន្តែហេតុអ្វីបានជាសម្បូរមនុស្សដេញតាម សាធុ អនុមោទនា ព្រះអង្គច្រើនអីច្រើនខ្លាំងម្ល៉េះ? ព្រោះពួកគាត់នោះស្រលាញ់ព្រះអង្គ គូ សុភាព។ អាត្រង់ហ្នឹងហើយ ដែលគេហៅថា “អៃដូល” (idol) គឺមនុស្សជាទីស្រលាញ់ណាមួយនៅក្នុងដួងចិត្តគេ។
ដូច្នេះ បើចង់ឱ្យសំឡេងយើង សម្ដីយើង មានគេចង់ស្ដាប់ ចង់ឮ ចង់ផ្សាយបន្ត ដូចជាសំឡេង អៃដូលគេ ដំបូងបំផុត យើងត្រូវតែជាបុគ្គលម្នាក់ដែលមានគុណសម្បត្តិច្រើនយ៉ាង អាចទាញបេះដូងរបស់គេជាមុនសិន។ ខ្មែរយើងនិយម ពោលថា “អ្នកក្រសម្ដីសាបដូចទឹកទន្លេ”។ ពំនោលនេះ គ្មានខុសស្អីបន្តិចណាទេ ហើយខ្ញុំក៏ប្រកាន់យកពាក្យនេះដូចគ្នា។ បើចង់មកប្រដៅទូន្មានខ្ញុំ ដំបូងអ្នកត្រូវតែជាបុគ្គលដែលខ្លាំងពូកែដោយខ្លួនឯងជាមុនសិន ទោះមិនមានកេរ្តិ៍ឈ្មោះល្បីល្បាញ ក៏ត្រូវតែជាមនុស្សម្នាក់ដែលមានគុណសម្បត្តិចំពោះខ្លួនឯង ស្ថាប័នខ្លួនឯង និងគ្រួសារខ្លួនឯង ជាមុនដែរ។
ងាកមកនិយាយពីរឿង “វ៉ាន់ដា” ដែលខ្ញុំសូមហៅថា ស្ដេចរ៉េប នៅកម្ពុជា និងកំពុងផ្សាយឥទ្ធិពលក្នុងតំបន់ផងនោះ ប្រសិនបើ គ្រាន់តែជាក្មេងប៉ោឡែម្នាក់ ដែលចេះត្រឹមតែរិះគន់គេ ហើយមិនដែលបានសាងគុណសម្បត្តិសម្រាប់ខ្លួនឯង និងប្រទេសជាតិខ្លួនឯង ខ្ញុំក៏ខ្ពើមលើកយកឈ្មោះមកនិយាយដែរ។ ប៉ុន្តែ ក្មេងម្នាក់នេះ បានបំផ្ទុះបេះដូងមនុស្សនៅក្នុងស្រទាប់យុវវ័យ និងមជ្ឈិមវ័យ ឱ្យរំភើបក្ដុកក្ដួលជាមួយ តាមរយៈសិល្បៈរ៉េប ហ៊ិបហប់ ដែលមានរសជាតិប្លែកទាក់ទាញ។ មិនមែន មកពីខ្ញុំជាអ្នកឆ្កួតនឹងកំណាព្យ ទើបខ្ញុំលើកសរសើរ វ៉ាន់ដា ទេ អ្នកមិនចេះតែងកំណាព្យក៏រីករាយនឹងលើកតម្កើងគាត់ច្រើនដែរ។
ពេលអានសំណេរខ្ញុំ សូមឈានជើងបន្តិច ចេញពីខាងឆ្វេង ឬខាងស្ដាំ ហើយឈរឱ្យចំកណ្ដាល ប្រើឧបេក្ខាសតិ ពិចារណា កុំប្រើចិត្តដែលស្រលាញ់ឬស្អប់នរណាម្នាក់មកវិនិច្ឆ័យ។ មានតែផ្លូវកណ្ដាលទេ ទើបជួយយើងឱ្យរីកចម្រើនជឿនលឿនទៅមុខបាន។
កុំផ្កាប់មុខពេក! បុរាណ ជាមរតកវប្បធម៌ ដែលយើងត្រូវតែថែរក្សា ប៉ុន្តែការច្នៃប្រតិដ្ឋ បង្កើតថ្មី គួរតែជាអ្វីដែលគ្រប់គ្នាត្រូវលើកទឹកចិត្ត។ មនុស្សចាស់ៗ ដែលសុខភាពទ្រុឌទ្រោម គួរតែចូលនិវត្ដន៍ ហើយធ្វើជាទីប្រឹក្សាឱ្យក្មេងៗក្នុងការច្នៃបង្កើតថ្មី។ មិនមែន ប្រាប់ឱ្យក្មេងផលិតអ្វីៗតាមរបត់ផ្នត់គំនិតចាស់ៗបុរាណដូចជំនាន់ខ្លួនឯងនោះទេ។
ខ្ញុំអាចនិពន្ធកំណាព្យនិងរឿងខ្លីៗ តាំងពីអាយុ៩ឆ្នាំ ពេលរៀនថ្នាក់ទី៣ ប៉ុន្តែខ្ញុំមិនដែលស្ដីជេរកូនៗរបស់ខ្ញុំ ដែលវ័យជំទង់អស់ទៅហើយ វានៅមិនទាន់ចេះសរសេរតែងសេចក្ដីនៅឡើយនោះទេ។ ព្រោះខ្ញុំយល់និងដឹងថា កូនខ្ញុំនិងខ្ញុំ បានកើតនិងធំធាត់ ក្នុងរបត់បច្ចេកវិទ្យាខុសគ្នា សង្គមខុសគ្នា របៀបចិញ្ចឹមកូនខុសគ្នា បរិស្ថាននិងផ្នត់គំនិតមនុស្សខុសគ្នា។ ពួកគេពិតជាខ្សោយអក្សរសាស្ត្រខ្មែរ មិនដូចម្ដាយក៏ពិតមែន ប៉ុន្តែ ពួកគេអាចនឹងខ្លាំងពូកែ ក្នុងរឿងអ្វីផ្សេងមួយទៀត ដែលខ្ញុំចេះមិនដល់។
ជារួម “ចម្រៀងដែលស្ដាប់មិនយល់” មិនប្រាកដថា វាមិនអាចល្បី។ មនុស្ស២នាក់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក មិនចាំបាច់ចេះភាសាដូចគ្នាក៏បាន ស្ដាប់មិនយល់ពីគ្នាក៏បាន ព្រោះបេះដូងដែលស្រលាញ់ គ្រាន់តែឮសំឡេងគ្នា វាឆ្អែតស្កប់ស្កល់បាត់ទៅហើយ។ មនុស្សកើតមក គថ្លង់ ដូចគ្នា ក៏អាចនឹងស្រលាញ់គ្នាបាន។ មនុស្សដែលនិយាយភាសាស្ដាប់គ្នាមិនបាន ក៏អាចមានកូនមួយកន្ទេលជាមួយគ្នាបាន។
រឿងអី ចម្រៀង១បទ ដែលស្ដាប់មិនយល់ មិនអាចល្បីបានក្នុងសង្គមផ្សេងទៀត? បើខ្មែរធ្លាប់ស្ដាប់បទថៃទាំងមិនយល់ ថៃក៏គេអាចចង់ស្ដាប់បទខ្មែរទាំងអត់ចេះខ្មែរបានដូចគ្នាដែរ។
បើចង់ឱ្យបរទេសព្រមទទួលយកវប្បធម៌ខ្មែរយើងទៅទូលលើក្បាល ដំបូងបំផុត យើងត្រូវតែជាពូជសាសន៍មួយ ដែលចេះស្រលាញ់គ្នាក្នុងគ្រួសារ សង្គមជាតិ ពង្រឹងសេដ្ឋកិច្ចក្នុងប្រទេស ឱ្យមាំមួន ជាមុនសិន ជាពិសេសផលិតអ្វី បង្កើតអ្វីដែលថ្មីប្រកបដោយសិល្បៈទំនើបចម្រុះ ទើបគេចង់ស្ដាប់ចម្រៀងខ្មែរយើង។ ពេលដែលចម្រៀងដែលគេស្ដាប់មិនយល់នោះ ជ្រាបចូលជ្រៅក្នុងដួងចិត្តគេហើយ គេនឹងចង់រៀនភាសាខ្មែរតាមរយៈ Lyrics នៃបទចម្រៀងនោះមិនខាន។ នោះហើយជាឥទ្ធិពលនៃវប្បធម៌!
ទាល់តែយើងខ្លាំង ទើបគេចង់ស្ដាប់! អ្នកដែលខំច្រៀងដែរ តែមិនសូវមានគេស្ដាប់ កុំអាលតូចចិត្ត! សូមអភិវឌ្ឍខ្លួនឯងឱ្យបានល្អអស្ចារ្យជាមុនសិនទៅ សំឡេងអ្នកនឹងពីរោះតាមក្រោយ ដោយស្វ័យប្រវត្តិ។
——-
វិរិយា![]()

សង្ខេបភាពយន្ត រឿង RRR: Rise Roar Revolt (រុងរឿង រំជួល រម្លើង)
នេះជាអត្ថបទដំបូងរបស់ខ្ញុំ ដែលសរសេរឡើងដើម្បីសង្ខេបខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ និងបែបជាតិនិយម របស់ Bollywood មួយ ដែលខ្ញុំទើបតែបានទស្សនាថ្មីៗនេះ គឺរឿង RRR។

RRR ជាអក្សរកាត់ មកពីពាក្យ ៣ គឺ “Roudram Ranam Rudhiram” ហើយពាក្យទាំង៣នេះ គឺជាភាសា Telugu(1) បកប្រែមកថា“កំហឹង សង្គ្រាម ឈាម” (Rage, War, Blood) ប៉ុន្តែអ្នកអក្សរសាស្ត្រភាសាអង់គ្លេស បានបកប្រែអក្សរ RRR ទៅតាមទម្រង់ព្យញ្ជនៈដាក់ថា Rise Roar Revolt ប្រែថា “ចែងចាំង សម្រែក បដិវត្ដន៍” ដើម្បីឱ្យមានខ្លឹមសារស្របទៅនឹងភាសាដើមផង និងស្របសាច់រឿងទាំងមូលផង។ ប្រសិនបើខ្ញុំមានឱកាសត្រូវបានគេសូមឱ្យដាក់ចំណងជើងរឿងនេះ ជាភាសាខ្មែរ ខ្ញុំនឹងដាក់ថា “រុងរឿង រំជួល រម្លើង”។
_________
(1) Telugu: គឺជាភាសាមួយដែលត្រូវបានគេប្រើជាផ្លូវការនៅក្នុងចង្កោមភាសា Dravidian និយាយដោយប្រជាជន Telugu ដ៏ច្រើនលើសលុប ដែលរស់នៅក្នុងប្រទេសឥណ្ឌា ត្រង់ចំណុចតំបន់ Andhra Pradesh និង Telangana ដែលមានទីតាំងស្ថិតនៅឥណ្ឌាភាគខាងត្បូង ស្រីលង្កាភាគអាគ្នេយ៍ និង ប៉ាគីស្ថានភាគនិរតី។
________
សង្ខេបរឿង
RRR បានបើកឆាកផ្ទៃរឿងដោយនិយាយពីគ្រួសារកុលសម្ព័ន្ធព្រៃភ្នំមួយ ជាជនជាតិ Telugu នៅក្នុងតំបន់ Adilabad ដែលជាតំបន់ធ្លាប់ស្ថិតនៅទីប្រជុំរដ្ឋឥណ្ឌា ក្នុងឆ្នាំ ១៩២០។ Adilabad កាលណោះ គឺជាសមាគតរដ្ឋ Telangana (ស្ថិតនៅឥណ្ឌាខាងត្បូង សម័យបច្ចុប្បន្ន)។

ឈុតឆាកដំបូង ផ្ដើមឡើងដោយក្មេងស្រីជំទង់ម្នាក់ ឈ្មោះថា “ម៉ាលី” (សម្ដែងដោយ Twinkle Sharma) ជាកូនស្រីរបស់នាង Loki ស្ត្រីនៃកុលសម្ព័ន្ធ Gond (សម្ដែងដោយ Ahmareen Anjum) ត្រូវបានចាប់ពង្រត់ដោយបង្ខំចេញពីក្រុមគ្រួសារ ពីសំណាក់ពួកទាហានអង់គ្លេសមួយក្រុម ដែលដឹកនាំដោយលោកអភិបាល Scott Buxton (សម្ដែងដោយ George Raymond Stevenson) ក្រោយពីឃើញស្នាដៃរបស់ ម៉ាលី គូរឆ្លាក់ទឹកថ្នាំនៅលើដៃរបស់ប្រពន្ធលោកអភិបាល គឺនាង Catherine (សម្ដែងដោយ Alison Doody) ពោរពេញដោយសិល្បៈល្អឯកគួរជាទីពេញចិត្តខ្លាំងពេក។
អំពើចាប់ជំរិតនៅចំពោះមុខក្រុមគ្រួសារ ធ្វើឱ្យ Komaram Bheem (សម្ដែងដោយលោក Nandamuri Taraka Rama Rao Jr.) ដែលជាកូនប្រុសរបស់ Loki ហើយជាមេដឹកនាំកុលសម្ព័ន្ធផង និងជាបងប្រុសបង្កើតរបស់ ម៉ាលី ផងនោះ ចាប់ផ្ដើមរៀបចំផែនការរំដោះប្អូនស្រីពីកណ្ដាប់ដៃពួកអង់គ្លេសមកវិញ។ ផែនការរបស់ Komaram Bheem មិនធម្មតាទេ គេបានហ្វឹកហាត់ក្បាច់គុនដល់កម្រិតកំពូល មានកម្លាំងខ្លាំងដូចជាមនុស្សដែក ហើយក្រុមបងប្អូនរបស់គេតែងតែចេញផ្សងព្រេងជាមួយគ្នាក្នុងការប្រមាញ់សត្វសាហាវៗជាច្រើន ដោយរៀបអន្ទាក់ចាប់ទាំងរស់ ដើម្បីយកទៅបង្វឹកធ្វើជាទ័ពទុកធ្វើសង្គ្រាមជាមួយពួកអង់គ្លេស ក្នុងគោលបំណង រំដោះ ម៉ាលី មកវិញ។



ដើម្បីរស់រានមានជីវិត និង ដើម្បីស៊ើបការណ៍ពីដំណឹងប្អូនស្រី, គ្រួសាររបស់ Loki បានផ្លាស់ចូលមករស់នៅក្នុងទីក្រុង Delhi។ គ្រប់គ្នានៅក្នុងគ្រួសារបានក្លែងធ្វើជាអ្នកជឿលើសាសនាអ៊ីស្លាម (តាមពិតពួកគេជាហិណ្ឌូ) ដើម្បីបង្វែងដានអាជ្ញាធរក្នុងតំបន់កុំឱ្យចាប់អារម្មណ៍ពួកគេ។ ហើយ Bheem បានក្លែងដាក់ឈ្មោះថ្មីមួយទៀត ហៅថា “Akhtar”។ Bheem ឬ Akhtar ប្រកប របរ ជាជាងជួសជុលគ្រឿងម៉ាស៊ីនម៉ូតូឡានគ្រប់ប្រភេទ ប្អូនៗពួកគេធ្វើជាជាងចម្លាក់ គូរទឹកថ្នាំបែបសិល្បៈផ្សេងៗ ដើម្បីមានកម្រៃចិញ្ចឹមគ្រួសារ។ ជីវិតនៅក្នុងទីក្រុងញូឌែល្ហី Bheem តែងតែលាក់អត្តសញ្ញាណពិតស្ទើរតែសព្វរឿង ជាពិសេសគឺរឿងទាក់ទងនឹងភាពជាមេដឹកនាំកុលសម្ព័ន្ធមិនឱ្យអ្នកដែលរស់នៅទីក្រុងបានដឹងទេ។


ប៉ុន្តែ ដំណឹងនៃភាពខ្លាំងពូកែរបស់គ្រួសារកុលសម្ព័ន្ធនេះ ជាពិសេសភាពខ្លាំងរបស់ Bheem មិនអាចលាក់ជិតទេ។ ការខ្សឹបខ្សៀវពីមនុស្សម្នាក់ទៅម្នាក់ បានលេចធ្លាយដល់ពួកមន្ត្រីអង់គ្លេសបានដឹងថា Bheem គឺជាមនុស្សដ៏ខ្លាំងពូកែ គ្មាននរណាអាចបង្ក្រាបគេបានឡើយ ហើយគេបានប្រមាញ់សត្វសាហាវៗពីក្នុងព្រៃ ដើម្បីត្រៀមទុកធ្វើសង្គ្រាមជាមួយពួកទាហានអង់គ្លេសទៀតផង។ ក្រោយទទួលដំណឹងនេះ ពួករាជការអង់គ្លេស ក៏បានគិតគូរដល់ផែនការតាមចាប់ខ្លួន Bheem ឱ្យបានមុនពេលដែល Bheem វាយប្រហាររដ្ឋាភិបាលអង់គ្លេសនៅថ្ងៃក្រោយ។

និយាយពីបុរសម្នាក់ទៀត ដែលជាកំពូលអ្នកគុននិយមដ៏ពូកែខ្លាំងអស្ចារ្យគ្មានគូប្រៀប ជាជនជាតិឥណ្ឌា ប៉ុន្តែមានតួនាទីការងារជាប៉ូលីស បម្រើកិច្ចការរាជការជូនពួកចក្រពត្តិអង់គ្លេស ដែលកំពុងដាក់អាណានិគមមកលើប្រទេសឥណ្ឌាទាំងមូល មានឈ្មោះថា Alluri Sitarama Raju (សម្ដែងដោយលោក Ram Charan)។
Rama Raju បានទទួលបញ្ជាពីរាជការអង់គ្លេស ឱ្យចេញស្វែងរកតាមចាប់ខ្លួន Bheem ជាថ្នូរនឹងការតម្លើងបុណ្យសក្ដិជានាយឧត្ដមសេនីយ៍ឯកក្នុងរដ្ឋបាលអាណានិគម នៃរាជាណាចក្រអង់គ្លេស។ Raju រង់ចាំឱកាសនេះយូរមកហើយ ព្រោះការក្លាយជាមេដឹកនាំក្នុងរាជការអង់គ្លេស អាចធ្វើឱ្យគេមានសិទ្ធិគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដូច្នេះ Raju បានស្បថថា ទោះក្នុងលក្ខខណ្ឌណាក៏ដោយ គេត្រូវតែស្វែងរក និងចាប់ខ្លួន Bheem ទាល់តែបានជាដាច់ខាត ដើម្បីប្ដូរយកតំណែងនេះ។

Rama Raju ក្នុងអំឡុងពេលបន្លំខ្លួនចូលទៅធ្វើជារាស្ត្រសាមញ្ញនៅក្នុងទីក្រុងញូឌែល្ហី គេជួបនឹងប្អូនប្រុសបង្កើតរបស់ Bheem ឈ្មោះ Lacchu (សម្ដែងដោយ Rahul Ramakrishna) ដែលមកសូមស្នើឱ្យ Raju ទៅជួយប្អូនស្រីគេ គឺម៉ាលី ដែលត្រូវលោកអភិបាល Scott ចាប់ខ្លួនយកទៅលាក់ទុកច្រើនឆ្នាំហើយ។ មូលហេតុដែល Lacchu ស្នើដូច្នេះ ព្រោះឮសូរ Raju ស្រែកជេរថាចង់សម្លាប់ Scott និងចង់សម្លាប់ស្ដេច George ដែលជាស្ដេចចក្រភពអង់គ្លេសនាគ្រានោះចោល។ Raju គ្រាន់តែឮភ្លាម គេដឹងភ្លាមថានេះជាសាច់ញាតិបងប្អូនរបស់ Bheem ប្រាកដណាស់ ទើបគេបញ្ឆោតនាំ Lacchu យកទៅស្នងការប៉ូលិស ប៉ុន្តែ Lacchu គ្រាន់តែឃើញពលបាលយាមទ្វារខាងមុខ លើកដៃគំនាប់គោរព Raju ភ្លាម Lacchu ដឹងថា Raju គឺជាប៉ូលិសអង់គ្លេស បងប្អូនគេក៏ដាក់មេប្រូចរត់រហូតទាល់តែគេចផុតពីកណ្ដាប់ដៃ Raju។

ពេលកំពុងតែដេញរកចាប់ខ្លួន Lacchu ក្នុងថ្ងៃនោះ ប៉ូលិសសង្ហា Raju ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់នៅក្នុងទីក្រុង កំពុងប្រឈមគ្រោះថ្នាក់ធំ ដោយសារតែគេអណ្ដែតលើទូកឈើតូចមួយនៅកណ្ដាលទន្លេ ក្រោមស្ពានដែកធំមួយ ដែលមានរថភ្លើងដឹកប្រេងឆ្លងកាត់ ហើយរថភ្លើងនោះ ផ្ទុះឆេះកំពប់ប្រេងចុះមកក្រោម និងឆេះរាលពេញផ្ទៃទន្លេ។ អ្នកស្រុកក៏ឈូឆរ ស្រែករកគេឯងទៅជួយសង្គ្រោះក្មេងប្រុសនោះ។ ខណៈទន្ទឹមគ្នា Raju រត់ទៅឈរពីលើស្ពាន លើកដៃធ្វើសញ្ញាស្រែករកអ្នកក្លាហានរូបណា ស្មគ្រទៅជួយក្មេងប្រុសនោះជាមួយនឹងគេ។ Bheem ដែលឈរភ័យស្លន់ដែរនៅមាត់ច្រាំងខាងក្រោម បានឃើញ Raju លើកដៃ គេក៏ធ្វើសញ្ញាតប ថានឹងឡើងទៅជួយជាមួយគ្នា។

រឿងនឹកស្មានមិនដល់ដែលបានកើតឡើងក្នុងថ្ងៃនោះ ធ្វើឱ្យ Raju និង Bheem ក្លាយជាមិត្តនឹងគ្នា ក្រោយបានបំពេញបេសកកម្មរួមគ្នាក្នុងការជួយជីវិតក្មេងប្រុសកម្សត់រូបនោះ។ ការជួបគ្នាដោយចៃដន់ ហើយមានឧបនិស្ស័យក្លាយមកជាមិត្តសម្លាញ់នឹងគ្នា ល្អល្អូកល្អើន ចាក់ទឹកមិនលិច ហាក់ដូចជាការប្រទានពរជ័យពីព្រះជាម្ចាស់ និងក៏ជាឈុតឆាកដែលធ្វើឱ្យអ្នកទស្សនាមានសេចក្ដីសុខជាមួយដែរ។

ក្នុងអំឡុងថេរវេលានៃភាតរភាព ពួកគេតែងតែជួយគ្នាទៅវិញទៅមក នៅក្នុងជីវភាពរស់នៅក្នុងកិច្ចការងារសព្វបែបយ៉ាង។ ប៉ុន្តែពួកគេទាំង២បានលបលាក់ទុកអត្ដសញ្ញាណពិតរៀងៗខ្លួន។ Raju មិនដែលឱ្យ Bheem ដឹងថាខ្លួនជាប៉ូលីសរដ្ឋាភិបាលអង់គ្លេសទេ។ ហើយ Bheem ក៏មិនដែលឱ្យ Raju ដឹងថាខ្លួនជាមេកុលសម្ព័ន្ធដ៏ល្បីល្បាញនោះដែរ និងបានប្រាប់ត្រឹមតែឈ្មោះថាជា Ahktar ជាឈ្មោះក្លែងតែប៉ុណ្ណោះ។







មិត្តភាពដ៏ល្អបរិសុទ្ធនេះ ស្រាប់តែបែកខ្ទេចខ្ទីអស់ នៅពេលមួយដែល Raju ចាប់ផ្ដើមរកឃើញតម្រុយថា Bheem គឺជាមុខសញ្ញាដែលខ្លួនគេកំពុងតែតាមប្រមាញ់រាល់ថ្ងៃ។


គេចយ៉ាងណាក៏មិនអាចផុត ទីបំផុតទៅ ប៉ូលីស Raju បានជួប Lacchu នៅក្រោយផ្ទះរបស់គេ ហើយក៏បានចាប់ខ្លួនយកទៅធ្វើទារុណកម្ម និងសួរចម្លើយ រកបងប្រុសរបស់ត្រកូលកុលសម្ព័ន្ធដ៏ល្បីនោះ គឺ Bheem, ទាំងដែលការពិតទៅ Bheem និងរូបគេ ដើរលេងជាមួយគ្នារាល់ថ្ងៃសោះ។ Lacchu ពូកែអត់ធ្មត់ ស៊ូទ្រាំនឹងទារុណកម្មផ្លូវកាយ មិនព្រមឆ្លើយប្រាប់ថាបងប្រុសខ្លួនជាអ្នកណា នៅទីណា។ ប៉ុន្តែទីបំផុត Raju ក៏ស្រាប់តែឈ្វេងយល់ដោយខ្លួនឯង នៅពេលដែលគេឃើញខ្សែករបស់ Lacchu ដូចគ្នាទៅនឹងខ្សែករបស់ Bheem ដែលគេតែងតែហៅឈ្មោះថា Akhtar រាល់ថ្ងៃនោះ។

Bheem បានរកឃើញប្អូនស្រីរបស់គេ គឺម៉ាលី នៅក្នុងរាជវាំងរបស់ពួកមហាចក្រពត្តិអង់គ្លេស តាមរយៈការជ្រាបខ្លួនចូលទៅជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Jenny។ Jenny ជាក្មួយស្រីរបស់លោកសេនាប្រមុខ Scott (សម្ដែងដោយ Olivia Morris) និង Bheem បានស្រឡាញ់គ្នាដោយចិត្តនិងចិត្ត បើទោះបីជាពួកគេនិយាយគ្នាស្ដាប់មិនយល់ក៏ដោយ។ Jenny ចេះតែភាសាអង់គ្លេស ហើយ Bheem ចេះតែភាសា Telugu។ ស្រលាញ់គ្នាទាំងនិយាយស្ដាប់គ្នាមិនយល់ ពិតជាស្នេហាមហាសែនរ៉ូមែនទិក និងកំប្លែងណាស់។ សូមបញ្ជាក់ថា ស្នេហារបស់ Bheem និង Jenny រលូនទៅមុខបាន ដោយហេតុតែមានជំនួយយ៉ាងច្រើនពី Raju ក្នុងគ្រាកន្លងមក គឺគ្រាដែល Raju នៅមិនទាន់ដឹងពីសមាសភាពពិតរបស់ Bheem។

ក្រោយពីមើលឃើញផ្ទាល់នឹងភ្នែក ដឹងថា ម៉ាលី ត្រូវបានគេឃុំឃាំងនៅក្នុងបន្ទប់មួយ សម្រាប់ប្រើធ្វើជាទាសី ជួយលាបថ្នាំក្រចកដៃជើង ជូនពួកស្ត្រីអភិជនអង់គ្លេស ក្នុងរាជវាំង, Bheem បានត្រលប់មកជំរំកុលសម្ព័ន្ធវិញ ដើម្បីរៀបក្បួនទ័ពសត្វ ចូលទៅរំដោះប្អូនស្រី។




បេសកកម្មសង្គ្រោះប្អូនស្រី របស់ Bheem មិនបានសម្រេចទេ ព្រោះ Raju បានចេញមកប្រយុទ្ធនៅក្នុងសមរភូមិ ហើយចុងក្រោយ Raju បានចាប់ចងទាំងបងប្រុសនិងប្អូនស្រី ឃុំទុកទាំងអស់។


ដោយសារតែ Bheem ជាមនុស្សមានកិត្តិនាមល្បីល្បាញនៅក្នុងប្រទេស ពួកអង់គ្លេស មិនប្រហារជីវិតភ្លាមៗទេ ពួកគេ បានរៀបចំព្រឹត្តិការណ៍ប្រហារជីវិតជាសាធារណៈ ដើម្បីកោះហៅប្រជាជនឥណ្ឌាទាំងអស់ឱ្យបានមើលផ្ទាល់នឹងភ្នែក ដើម្បីទុកជាការគំរាមដល់អ្នកផ្សេងផង កុំឱ្យចេះតែហ៊ានងើបបះបោរប្រឆាំងរាជការអង់គ្លេសតទៅទៀត។

មុនថ្ងៃប្រហារជីវិត Bheem, Raju ត្រូវបានរដ្ឋាភិបាលអង់គ្លេសប្រកាសតែងតាំងជានាយឧត្ដមសេនីយ៍ឯក ដែលជាតំណែងមួយដែលអាចគ្រប់គ្រងឃ្លាំងអាវុធ និងសិទ្ធិចុះហត្ថលេខា ក្នុងការដឹកជញ្ជូនអាវុធពីចក្រភពអង់គ្លេសមកប្រទេសឥណ្ឌា ដើម្បីរៀបចំយុទ្ធសាស្ត្រទ័ព។ ពេលនេះ សុបិនដ៏ធំធេងមួយរបស់ Raju បានក្លាយមកជាការពិតហើយ ប៉ុន្តែ Raju ត្រូវក្បត់នឹងមនសិការខ្លួនឯង ក្លាយជាមនុស្សដ៏ទុយស៌បំផុត គឺក្បត់នឹងកល្យាណមិត្ត គឺ Bheem ដែលជាអ្នកធ្លាប់ទាំងជួយជីវិតគេពីគ្រោះថ្នាក់អាក្រក់បំផុតថែមទៀតផង។

នៅក្នុងឃ្លាំងផ្ទុកអាវុធគ្រប់ប្រភេទ នៃរាជវាំងចក្រភពអាណានិគមអង់គ្លេស នៃទឹកដីឥណ្ឌា Raju ក្នុងឯកសណ្ឋានជានាយទាហានលំដាប់ខ្ពស់ បានរំឭកសតិខ្លួនឯងទៅដល់អតីតកាល១៥ឆ្នាំមុន…
[រំឭកអតីតកាល នៅ Andhra Pradesh ដែលជាស្រុកកំណើត]

កាលពីនៅវ័យកុមារ Raju គឺជាកូនប្រុសរបស់នាយទាហានម្នាក់ ដែលមានស្មារតីជាតិនិយមខ្ពស់។ ឪពុក Raju ឈ្មោះ Venkata Rama (សម្ដែងដោយលោក Vishal Veeru Devgan) បានចូលធ្វើជាទាហាននៅក្នុងរាជការអង់គ្លេស ដើម្បីស៊ើបការណ៍សម្ងាត់ និងដើម្បីមានឱកាសលួចយកអាវុធពួកអង់គ្លេសមកបង្កទ័ពនៅក្នុងព្រៃ ដែលជាតំបន់ឆ្ងាយដាច់ស្រយាលពីទីក្រុង។ Rama Raju ដែលអ្នកស្រុកកំណើតនិយមហៅថា “Ram” ជាកុមារដែលមានភាពឈ្លាសវៃ ខ្លាំងពូកែ និងមោះមុត ស្រួចស្រាវ ដូចជាឪពុក។ គេហាត់ក្បាច់គុនតាំងពីតូច ហើយមានជំនាញបាញ់កាំភ្លើង និងបាញ់ព្រួញធ្នូត្រង់បំផុត។
ជាអកុសលអី ថ្ងៃមួយពួកអង់គ្លេសបានស៊ើបដឹងថា Rama ជាជនបង្កប់ និងក្បត់រដ្ឋាភិបាលអាណានិគម ពួកអង់គ្លេសក៏បានរៀបចំទ័ពចេញមកប្រយុទ្ធ ដើម្បីបំផ្លាញសម្បុកទ័ពព្រៃរបស់ Rama។ ការប្រយុទ្ធយ៉ាងសាហាវនិងស៊ីសាច់ហុតឈាម រវាងទ័ពព្រៃរបស់ Rama និង ពួកទាហានអង់គ្លេសបានប្រព្រឹត្តទៅច្រើនថ្ងៃ រហូតដល់ស្លាប់ស្ទើរតែអស់អ្នកភូមិ ក្នុងនោះសូម្បីតែ ប្អូនប្រុសរបស់ Raju ម្ដាយ និងឪពុកគេក៏ស្លាប់ដែរ។
មុននឹងស្លាប់ Rama បានលះបង់ជីវិតខ្លួនឯង ដើម្បីបំផ្លាញទ័ពអង់គ្លេសក្រុមនោះ គឺគាត់បានចងគ្រាប់បែករុំជុំវិញខ្លួនឯងលាក់ពីក្នុងខោអាវ ហើយលើកទង់ចុះចាញ់ដើរទៅចូលហ្វូងទាហាន បន្ទាប់មកបញ្ជាឱ្យកូនប្រុស គឺ Raju ជាអ្នកបាញ់ពីក្រោយខ្នង ដើម្បីបំផ្ទុះ។


មុននឹងសម្រេចចិត្តធ្វើអត្ដឃាដកម្ម Rama បានរបួសសុះសាច់ និងធ្ងន់ធ្ងរណាស់ទៅហើយ ហើយគាត់ដឹងថា មិនអាចរស់បានយូរទៀតទេ។ គាត់បានផ្ដាំកូនប្រុស ឱ្យបន្តបេសកកម្មនេះពីខ្លួន ទោះជាត្រូវរង់ចាំប៉ុន្មានជំនាន់ទៀតក៏ដោយ ឱ្យតែអាចរំដោះប្រទេសឥណ្ឌា ចេញពីអាណានិគមអង់គ្លេសបានសម្រេច។ Raju ក្នុងភាពជាកុមារដែលឃើញមរណភាពរបស់ ជនរួមជាតិ ការរំលោភបំពានសិទ្ធិសេរីភាពសព្វគ្រប់បែបយ៉ាង និងជាពិសេសការស្លាប់របស់ម្ដាយ របស់ប្អូនប្រុស និងអត្ដឃាដរបស់ឪពុក ដើម្បីបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យកុមារតូច ដុះចេញនូវឆន្ទៈដ៏មោះមុត និងពុះកញ្ជ្រោល។ កុមារតូចទទួលយកបណ្ដាំឪពុក ដែលផ្ដាំថា៖
“ដើម្បីអាចរំដោះប្រទេសឥណ្ឌាបាន ដំបូងកូនត្រូវជ្រាតខ្លួនចូលទៅក្នុងរដ្ឋាភិបាលអង់គ្លេសជាមុនសិន ហើយកសាងខ្លួនឱ្យដល់ចំណុចមួយដែលអាចគ្រប់គ្រងទ័ព និងគ្រប់គ្រងអាវុធទាំងអស់នៅក្នុងដៃ ទើបអាចធ្វើបដិវត្ដន៍រំដោះប្រទេសជាតិបាន”
នេះជាផែនការណ៍យុទ្ធសាស្ត្ររយៈពេលវែង ហើយត្រូវតែមានអំណត់ ព្យាយាមជាទីបំផុត។



ហាក់ភ្ញាក់ពីសុបិនអតីតកាលដ៏សែនជូរចត់ខ្លោចផ្សាបំផុត Rama Raju ក្នុងឯកសណ្ឋានជានាយឧត្ដមសេនីយ៍ឯក នៃចក្រភពអង់គ្លេស ឈរធ្មឹងនៅក្នុងឃ្លាំងអាវុធយុទ្ធភណ្ឌ ដែលអាវុធទាំងអស់នេះ ស្ទើរតែអាចបំផ្ទុះឱ្យឆេះប្រទេសទាំងមូលបាន។ Raju កំពុងតែតឹងតែងស្ទើរថប់ដង្ហើម ខណៈដែលគេ នៅមិនទាន់អាចត្រៀមខ្លួនធ្វើសង្គ្រាមរំដោះប្រទេសជាតិ តែត្រូវត្រៀមខ្លួនប្រហារជីវិតកល្យាណមិត្តខ្លួនឯងនៅថ្ងៃស្អែកទៅវិញ។

ស្អែកឡើង ប្រជាជនឥណ្ឌាពីគ្រប់ទិសទី បានមកប្រមូលផ្ដុំគ្នាណែនណាន់តាន់តាប់ ដើម្បីមកមើលជីវិតចុងក្រោយរបស់ Komaram Bheem ដែលនឹងត្រូវគេសម្លាប់ជាសាធារណៈនៅក្នុងទីក្រុងឌែល្ហី។


ពេលមើលដល់ចំណុចត្រង់នេះ ខ្ញុំក៏ស្រាប់តែនឹកឃើញដល់ ជ័យលាភីនៃរង្វាន់ណូប៊ែលអក្សរសីល្ប៍បារាំងដ៏ល្បីល្បាញជាងគេបំផុត របស់អ្នកនិពន្ធ Albert Camus ក្រោមចំណងជើងថា “L’Étranger” (ត្រូវបានបកប្រែជាភាសាខ្មែរថា “មិនចុះសម្រុងនឹងជីវិត” បោះពុម្ពដោយ កម្ពុមេរា) ដែលក្នុងសាច់រឿងនោះ ចុងក្រោយទៅ តួអង្គឯកបែរជាត្រូវគេនាំយកទៅកាត់-ក យ៉ាងព្រៃផ្សៃ ជាសាធារណៈកណ្ដាលទីក្រុងប៉ារីស ដោយគ្រាន់តែមិនបានយំស្រក់ទឹកភ្នែកក្នុងពិធីបុណ្យសពម្ដាយ និងផឹកកាហ្វេ ជក់បារី ពេលបុណ្យសព ដែលគេចាត់ទុកជាអំពើថោកទាបគួរសម្លាប់ចោល។ កាលខ្ញុំអានសៀវភៅនោះដល់ភាគបញ្ចប់ ខ្ញុំឈឺចិត្តចូលតួឡើងស្រក់ទឹកភ្នែក ឈឺចាប់នឹងច្បាប់ទម្លាប់ប្រទេសជាតិដ៏សែនយង់ឃ្នងព្រៃផ្សៃ ដែលតែងតែប្រហារជីវិតមនុស្សគ្មានកំហុសជាច្រើននាក់រាប់មិនអស់ ដើម្បីបង្អួតសក្ដានុពលអំណាចរបស់ពួកឈ្លានពាន ពួកល្មោភវង្វេងនឹងឋានៈយសសក្ដិដែលពួកវាគិតថានោះជាពរជ័យទៅវិញ។
Bheem ក្នុងសភាពដៃនិងជើងជាប់ខ្នោះ ហើយត្រៀមព្យួរ ក នៅលើឆាកមរណៈដ៏ធំមួយ ត្រូវបានគេសរសេរស្លាកឈ្មោះហៅថាជា ជនក្បត់ជាតិ ដែលតាមពិត ប្រទេសជាតិរបស់គាត់ទៅវិញទេ ដែលពួកសក្ដិភូមិអាណានិគមបស្ចិមលោកស្អីអស់នោះមករំលោភបំពានជិះជាន់អស់រយៈកាលជិត១រយឆ្នាំ។ ប្រជាជនរួមឈាមឥណ្ឌារាប់ម៉ឺនសែននាក់ កំពុងឈរសម្លឺងមកកាន់ Bheem ក្នុងក្រសែភ្នែកពោរពេញដោយកំហឹងក្ដៅដូចភ្លើង។ មិនមែនពួកគេខឹងនឹងវិរជនបដិវត្ដន៍ដ៏អង់អាចនេះទេ គឺពួកគេខឹងក្ដៅក្រហាយនឹងរបបផ្ដាច់ការរបស់ពួកចក្រពត្តិអង់គ្លេស ដែលកំពុងប្រមាថជាន់ឈ្លីជាតិសាសន៍ឥណ្ឌាយ៉ាងគឃ្លើន។

ដោយមិនអាចទប់កំហឹងដ៏ពុះកញ្ជ្រោលបាន ប្រជាជនឥណ្ឌាទាំងអស់ បានសម្រុកចូលទៅវាយកម្ទេចឆាកប្រហារជីវិត រហូតដល់មានសភាពចលាចលកើតឡើង។ Bheem ត្រូវបានយកទៅដាក់ក្នុងគុកសាជាថ្មី ដើម្បីរង់ចាំឱកាសល្អនឹងប្រហារជីវិតម្ដងទៀត។


Raju បានសម្រេចចិត្តថានឹងចាប់ផ្ដើមបេសកកម្មរំដោះប្រទេសឥណ្ឌាទៅហើយ ប៉ុន្តែ គេធ្វេសប្រហែសបន្តិច ធ្វើឱ្យមេទ័ពកំពូលរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដឹងពីល្បិច។ ពួកអង់គ្លេស ក៏បានចេញយុទ្ធនាការណ៍តាមសម្លាប់ Raju វិញម្ដង។

លើកនេះ Bheem ត្រូវបានគេយកទៅប្រហារជីវិតនៅកន្លែងស្ងាត់កណ្ដាលវាលរហោដ្ឋានមួយក្បែរស្ទឹង Yamuna ប៉ុន្តែសេចក្ដីស្លាប់នៅតែមិនអាចយកឈ្នះលើ Bheem បាន ព្រោះលើកនេះ Raju បានទៅជួយទាន់ ទាំងដែល Raju ខ្លួនឯងនោះមានរបួសធ្ងន់ណាស់ទៅហើយ។


ដោយគេចមិនផុតពីកណ្ដាប់ដៃសំណាញ់របស់ពួកអាណានិគម Raju ត្រូវបានគេចាប់យកទៅដាក់ឃុំឃាំងនៅក្នុងគុកក្រោមដីមួយដែលមានទំហំតូចប៉ុនទ្រុងឆ្កែ រហូតដល់គេត្រូវអង្គុយអោននិងទញ់ជង្គង់រហូតដល់មានបញ្ហាជង្គង់ធ្ងន់ខ្លាំង។

ពួករាជការអង់គ្លេស បានផ្ញើសំបុត្រទៅក្រុមគ្រួសាររបស់ Rama Raju នៅ Andhra Pradesh ដើម្បីជម្រាបជូនដំណឹងស្ដីពីការកាត់ទោសប្រហារជីវិតរូបគេ ហើយស្នើសូមសាច់ញាតិឡើងមកទទួលយកសាកសពទៅធ្វើបុណ្យ។ ដោយហេតុតែ Raju បានបាត់បង់សាច់ញាតិអស់ទៅហើយ ទើបគូដណ្ដឹងរបស់ខ្លួននៅឯស្រុកកំណើត គឺ Sita (សម្ដែងដោយ Alia Bhatt) ជាអ្នក ឡើងមក។ នៅក្នុងដំណើរមកទីក្រុង Sita បានជួប Bheem និងក្រុមគ្រួសាររបស់គេដោយចៃដន់ ក្នុងសាលាសំណាក់មួយ ខណៈដែលគ្រួសារ Bheem រត់ពួនជ្រក គេចពីការតាមចាប់ខ្លួនរបស់ក្រុមទាហានអង់គ្លេស។ ក្រោយពីរៀបរាប់សវតារៀងៗខ្លួនដឹងគ្នាមក Bheem មានវិប្បដិសារចិត្តក្រៃលែង ដែលខ្លួនបានគុំខឹងស្អប់មិត្តខ្លួនឯង ទាំងមិនដឹងសមាសភាពពិតរបស់ Raju ជាអ្នកណា។


ក្នុងថ្ងៃដែល Raju ទៅជួយ Bheem ពីទីលានប្រហារជីវិតទី២នោះ Bheem មិនទាន់ដឹងរឿងពិតនៅឡើយទេ ម្ល៉ោះហើយ គ្រាន់តែឃើញក្រឡេកឃើញអតីតកល្យាណមិត្តភ្លាម Bheem បានវាយសំពងមកលើ Raju យ៉ាងចាស់ដៃ ហើយថែមទាំងទុកគេចោល រហូតដល់ពួកទាហានអង់គ្លេសចាប់ Raju យកទៅដោយសម្រេច។
ជាមួយនឹងទំនួញខ្សឹកខ្សួលនៃចិត្តដែលសោកស្ដាយស្រណោះ ក្រោយដឹងរឿងពិត Bheem បានពោលនៅចំពោះមុខ Sita ថា៖ “ខ្ញុំតស៊ូយ៉ាងស្វិតស្វាញដើម្បីរំដោះប្អូនស្រី ប៉ុន្តែ Raju តស៊ូតាំងពីតូចដល់ធំ ដើម្បីរំដោះប្រទេសជាតិ”។

គេក៏ងាកទៅសន្យានឹង Sita ថាខ្លួនគេនឹងទៅជួយស្រោចស្រង់ជីវិតរបស់ Raju ឱ្យបានសម្រេច។ ដោយហេតុតែ Bheem កើតមកជាកូនកុលសម្ព័ន្ធ ហ្វឹកហាត់ស្ទាត់ជំនាញទៅនឹងជីវិតដែលលំបាកវេទនាបំផុត ការលបចូលទៅក្នុងរាជវាំងពួករាជការអង់គ្លេស វាមិនពិបាកសម្រាប់គេទេ។ Bheem បានស្នើសូម Jenny ឱ្យជួយផ្ដល់ផែនទីភូមិសាស្ត្រលម្អិត ទាក់ទងនឹង កន្លែងលាក់ទុកអ្នកទោសនយោបាយ នៅក្នុងមហាប្រាសាទដែលមិនងាយមានអ្នកណាអាចចូលដល់។ Jenny បានលបលួចយក ឯកសារសម្ងាត់ ប្លង់គុកងងឹតក្រោមដី និង ព័ត៌មានផ្សេងៗដែលជួយឱ្យ Bheem អាចការពារខ្លួនបាន។



ទីបំផុត Bheem ពិតជាអាចជួយយក Raju ចេញពីក្នុងគុកងងឹតទំហំជាងកន្លះម៉ែត្រ៤ជ្រុងបានសម្រេច ប៉ុន្តែជើងទាំង២របស់ Raju ដែលអង្កុញអស់ពេលជាច្រើនថ្ងៃក្នុងទ្រុង មិនអាចដើរបាន ទើប Bheem ត្រូវអៀវគេ ដាក់លើស្មា ដើម្បីភៀសខ្លួន។ ការរត់ភៀសខ្លួន មិនបានទៅដោយរលូនដូចគម្រោងទេ ពួកទាហានអង់គ្លេសដែលយាមល្បាតដូចស្រមោច ជាមួយនឹងអាវុធគ្រប់ដៃ បានដេញតាមវាយប្រហារមិត្តសម្លាញ់ទាំងពីរយ៉ាងវីវក់ ស្ទើរព្រលឹងចុងសក់។

Bheem អៀវ Raju រត់រហូតទៅដល់ក្នុងព្រៃតូចមួយដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទាយរបស់ពួកសត្រូវ។ មកដល់អាស្រមមួយ Bheem បានដាក់កំពូលជនបដិវត្តន៍ដ៏អង់អាចក្លាហានជាយុវមិត្តចុះនៅលើកម្រាលឈើ ក្បែរទីសក្ការៈបូជានៃព្រះរាម ក្នុងលទ្ធិហិណ្ឌូ។ រូបបដិមាព្រះរាម មានទំហំប៉ុនតួខ្លួនរបស់ Raju ល្មម។ Bheem បានបូតស្លឹកស្មៅរុក្ខជាតិផ្សេងៗ ដែលគេស្គាល់ច្បាស់ថាជាថ្នាំ មកបុកស្អំ ព្យាបាលជើង និងរបួសរាងកាយរបស់មិត្តសម្លាញ់ រួចហើយ យកស្បង់លឿងដែលគេហាលចោលក្បែរអាស្រមនោះ មកហែកចងជាសំពត់ក្បិនឱ្យ Raju ជំនួសសម្លៀកបំពាក់ដែលរហែករយ៉ៃអស់ទៅហើយ។ មុនចេញទៅលុបមុខ ដើម្បីប្រុងនឹងសម្រាក Bheem បានយកមេដៃផ្ដិតល័ក្ខណ៍ក្រហម១ឆ្នូតយ៉ាងវែងនៅលើថ្ងាស Raju ដែលគេបានយកចេញមកពីជើងបដិមាព្រះរាម។

Bheem និង Raju មិនបានសម្រាកច្រើនប៉ុន្មានទេ ព្រោះកងទាហានរបស់ពួកអង់គ្លេស បានដេញតាមប្រមាញ់ជីវិតពួកគេយ៉ាងប្រកៀកប្រកិតបំផុតដល់ក្នុងព្រៃ។ វិរបុរសទាំង២នាក់ ទីបំផុត បានរួមដៃគ្នាប្រយុទ្ធជាមួយនឹងកម្លាំងប្រដាប់អាវុធអង់គ្លេស ដោយប្រើត្រឹមតែធ្នូរ ជាមួយគ្រាប់ព្រួញ ដែល Raju យកមកពីបដិមាព្រះរាម។





ក្នុងសមរភូមិប្រយុទ្ធ Raju មើលទៅដូចជាព្រះអាទិទេពអ្វីមួយនៅក្នុងលទ្ធិហិណ្ឌូខ្លាំងណាស់។ គេខ្លាំងមហិមា ដូចព្រះសិវៈ រហ័សរហួនដូចព្រះរាម។ ជ័យជម្នះរបស់ Raju និង Bheem ទៅលើពួកខ្មាំងសត្រូវអស់នេះ មិនទាន់សម្រេចគោលបំណងរបស់មិត្តទាំង២នៅឡើយទេ ជនបដិវត្តន៍ដ៏អង់អាចក្លាហាន បានប្រថុយចូលទៅកម្ទេចដល់ឃ្លាំងស្ដុកអាវុធនៅក្នុងរាជវាំងថែមទៀតផង។ ការបំផ្ទុះបានឃ្លាំងគ្រាប់រំសេវ ប្រៀបដូចជាការបំផ្ទុះកម្ទេចអាណាចក្រ របស់ពួកអាណានិគមអង់គ្លេសទាំងមូលដែរ។ អគារនៃមហាប្រាសាទ បានស្រុតបែកខ្ទេចខ្ទីគ្មានសល់អ្វី សូម្បីតែជីវិតរបស់អភិបាលរដ្ឋ លោកសេនាប្រមុខ Scott និងនាង Catherine ជាភរិយានោះផង។



ការដួលរលំនៃរាជវាំងរបស់ស្ដេចចក្រពត្តិអង់គ្លេស បានផ្ដល់ឱ្យប្រទេសឥណ្ឌានូវសិទ្ធិសេរីភាព និង ឯករាជ្យតាំងពីពេលនោះមក។

ការរលំរលាយទៅនៃអាណានិគមអង់គ្លេស ក្នុងឆ្នាំ ១៩៤៧ គឺជាថ្ងៃចាប់ផ្ដើមថ្មីមួយដែលប្រទេសឥណ្ឌាបានស្គាល់ ឯករាជ្យពេញលេញបរិបូរ។ ការណ៍នេះ វាពិតជាបង្រៀនមនុស្សលោករាល់គ្នាថា សេចក្ដីសុខ សុភមង្គលពិតប្រាកដ គឺជាសិទ្ធិសេរីភាព និង ឯករាជ្យភាព។

ខ្ញុំសូមចូលរួមចំណែកអបអរសាទរទិវា ឯករាជ្យជាតិឥណ្ឌាលើកទី ៧៥ ថ្ងៃ១៥ សីហា ១៩៤៧ – ១៥ សីហា ២០២២!

_________
លឹម វិរិយា🌸
ថ្ងៃ ចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា គ.ស. ២០២២
____________

*ខ្សែភាពយន្តនេះមានរយៈពេល ៣ម៉ោង
*ជាខ្សែរឿងប្រតិដ្ឋបែបជាតិនិយម ផ្អែកលើរឿងប្រវត្តិសាស្ត្រពិតរបស់ជនបដិវត្ដន៍២រូប
*និពន្ធនិងដឹកនាំរឿងដោយ Koduri Viswa Vijayendra Prasad
*រចនាឈុតឆាក ដោយ S. S. Rajamouli
*ផលិតដោយ D. V. V. Danayya
*ចំណាយថវិកាផលិតអស់ ៧២លាន ដុល្លារអាមេរិក
*លក់សំបុត្រចូលទស្សនានៅគ្រប់រោងភាពយន្តទូទាំងពិភពលោក បានចំនួន ១៦០លាន ដុល្លារអាមេរិក
*ទីតាំងថតពិតប្រាកដ គឺនៅតំបន់ជុំវិញប្រទេសឥណ្ឌា ប្រទេសអ៊ុយគ្រែន ប្រទេសហូឡង់ និង ប្រទេសប៊ុលហ្គារី ក្រៅពីនោះ ជាឈុតឆាក Science Fiction ថតក្នុង Bollywood Studio។
*ចាប់ផ្ដើមបើកឆាកថតនៅថ្ងៃទី ១១ វិច្ឆិកា ២០១៨ និងបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ២៦ សីហា ២០២១ (ដោយសារពន្យាពេល១រយៈធំ ព្រោះវិបត្តិ Covid19)
_____________
សូមអរគុណយ៉ាងខ្លាំងដល់ ប្អូនស្រី សែត ហត្ថា (ហៅ កូនចាបមាស) ដែលជាអ្នកជំរុញចិត្តខ្ញុំក្នុងការទស្សនាខ្សែភាពយន្តនេះ តាំងពីដើមដល់ចប់។ កូនចាបមាស បានផ្ញើ link នៃរឿងក្នុង Netflix មកឱ្យខ្ញុំកាលពីថ្ងៃទី១២ សីហា ២០២២ ហើយពោលថា៖
“រឿងនេះសក្ដិសមនឹងបងឯងណាស់ បងបានមើលហើយឬនៅ? បើនៅទេ សូមបងកុំភ្លេចឆ្លៀតទស្សនាផង ហើយបើបងបានទស្សនាចប់ហើយ សូមកុំភ្លេចសរសេរ Review រឿងនេះផង”។
រាប់ថាជាភាពចៃដន់ខ្លាំងមែនទែន ក្រោយពេលទទួលបាន link ពីព្រឹក ខ្ញុំក៏ឆ្លៀតពេលទស្សនារយៈពេល ៣ម៉ោង នៅពេលយប់។ រំលងបាន១ថ្ងៃ គឺថ្ងៃទី ១៣ ខ្ញុំសរសេរអត្ថបទព្រាង។ ថ្ងៃទី ១៤ ខ្ញុំត្រួតពិនិត្យសាឡើងវិញ ដោយផ្ទៀងផ្ទាត់ព័ត៌មានប្រវត្តិសាស្ត្រពិត ជាមួយនឹងសាច់រឿង ព្រមជាមួយនឹងការរចនារូបថតដែលថតពីលើកញ្ចក់កុំព្យូទ័រផ្ទាល់។ លុះផ្ទៀងផ្ទាត់ចប់ ទើបខ្ញុំដឹងថា ខ្ញុំបានបញ្ចប់កិច្ចការដ៏តូចមួយនេះ នៅចំយប់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ គឺមុនតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៃទិវាបុណ្យឯករាជ្យជាតិលើកទី ៧៥ របស់ប្រជាជាតិឥណ្ឌា។
ពេលមើលខ្សែភាពយន្ត ខ្ញុំសរសើរអ្នកនិពន្ធ ដែលពូកែ រកនឹកព្រឹត្តិការណ៍ចៃដន់ ដើម្បីបង្កើតផ្ទៃរឿងដ៏គួរជក់ចិត្ត។ មានទៅនឹកស្មានដល់ទេថា ស្រាប់តែខ្ញុំខ្លួនឯង ក៏ទទួលនូវភាពចៃដន់ដូចគ្នា…… ចក្រវាលនេះ ពិតជាអស្ចារ្យមែន!







សូមឱ្យព្រលឹងស្មារតីជាតិនិយម កើតមានឡើងដល់គ្រប់បងប្អូនរួមឈាមជាតិខ្មែរ នៅទូទាំងពិភពលោក! សូមឱ្យអំពើជិះជាន់ សង្កត់សង្កិន រលាយផុតរលត់បាត់អស់ពីភពឋានមនុស្ស ដើម្បីយើងអាចរស់នៅក្នុងសុខសន្តិភាពពិតប្រាកដជាអង្វែងហោង!
ភ្ជុំបិណ្ឌនៅកម្ពុជា…
ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

ភ្នំពេញរង់ចាំអ្នក
ភ្នំពេញភ្លៀងធំ ជំរុំងងឹត
ពពកដាសស្អិត កិតកៀកក្រៀកសែង
ថ្ងៃលិចទៅហេីយ ឆ្លងត្រើយម្នាក់ឯង
ភ្លៀងខ្លាំងបែកផ្សែង ក្លែងបោកជើងមេឃ។
ភ្នំពេញមានព្យុះ បោកទម្លុះដី
មនុស្សម្នាក់ឥតស្ដី ព្រួយភ័យអនេក
ចុងឆ្នាំផ្ដាំខ្យល់ ផ្ដល់ជូនទឹកភ្នែក
សុបិនរហែក ស្អែកអ៊េីយម៉ឺនដង។
ភ្នំពេញអំពល់ បានយល់តែទុក្ខ
មនុស្សម្នាក់ឱនមុខ ខ្លាចគុកចាប់ចង
ចម្លេីយការពិត ស្លាក់ ក អ្នកផង
រងគ្រោះម្នាក់ម្ដង ឆ្លងមិនរួចឡេីយ។
ភ្នំពេញរង់ចាំ ផ្ដាំអ្នកខាងលិច
រស្មីព្រិចៗ រំលេចផ្លូវហេីយ
វិលតាមសន្យា ប្រាថ្នាផុតត្រេីយ
ដីខ្មែរថែខ្នេីយ គេងកេីយស្កប់ស្កល់។
ភ្នំពេញរងកម្ម រង់ចាំអ្នកជួយ
ពន្លកប៉ិចត្រួយ គេក្ដិចគ្មានសល់
មនុស្សម្នាក់លួចផ្សង ប៉ងផុតកង្វល់
សូមអ្នកជួយផ្ដល់ សង្ឃឹមជាថ្មី។
ភ្នំពេញឥតភ្លេីង ឈ្លេីងឡេីងតាមទឹក
តោងទាមសន្ធឹក ឱ្យភ្លឹកស្ទេីរក្ស័យ
ម្ចាស់សារនៅឆ្ងាយ ពោលស្ដាយទឹកដី
សន្យាវិលវៃ រួមកសាងជាតិ។
ភ្នំពេញម្ចាស់ស្នេហ៍ សូមថែខ្លួនផង
រំដួលកម្រង គេក្រងទុកសៀត
ថ្ងៃអ្នកត្រលប់ សូមស្ងប់វរនាថ
ស្រាយចិត្តចង្អៀត វាតសន្តិភាព។
————-
លឹម វីរីយ៉ា🌸
០៤ កញ្ញា ២០១៩

សែនក្បាលទឹកជាអ្វី?
នៅក្នុងជំនឿសាសនារបស់ជនជាតិចិន បុណ្យសែនក្បាលទឹក គឺជាពិធីរំឭកនឹកគុណដល់ខ្មោចទឹក ដែលតែងតែតាមជួយថែរក្សាមនុស្សលោកក្នុងរដូវទឹកឡើង ឱ្យចៀសផុតពីជំនន់ជន់លិច ឬ គ្រោះអាក្រក់ផ្សេងៗបណ្ដាលមកពីកម្លាំងទឹក។ អំឡុងខែទី៧ឬទី៨ នៃ គ្រិស្តសករាជ ជាពិសេសរាប់ត្រឹមថ្ងៃ ១៥ កើតខែស្រាពណ៍ នៃពុទ្ធសករាជ ក្នុងឆ្នាំនីមួយៗ ជនជាតិចិន នាំគ្នារៀបចំពិធីសែនព្រេន ឧទ្ទិសដល់វិញ្ញាណអារក្សទឹកតូចធំ ដែលនឹងហូរចូលមកក្នុងស្រុកភូមិ តាមរយៈលំហូរទឹកស្ទឹង ទន្លេ នានាទូទាំងប្រទេស។

សែនក្បាលទឹក និយាយងាយស្ដាប់ គឺសែនដល់ព្រលឹងខ្មោចខាងក្រៅផ្ទះ ដែលស្ថិតក្នុងស្រុកភូមិ មានខ្សែទឹក ដូចជាទន្លេ ស្ទឹង បឹងបួ ជាដើម។ មិនមានទាក់ទងនឹងព្រលឹងជីដូនជីតា របស់អ្នកសែនទេ។ ជនជាតិចិន តាំងពីដើមរៀងមក គេនាំគ្នា ធ្វើសម្ល តែម្យ៉ាងគត់។ គ្មានជ្រូកខ្វៃ មាន់ ទា ទាំងមូលៗសោះឡើយ អាចមានត្រឹមសាច់ជ្រូកស្ងោរមួយកូនដុំតូច លាយបបែលក្រៀម ដែលជាអាហារសមុទ្រ។ គ្មានផ្លែឈើ គ្មានផ្កាភ្ញី គ្រឿងរណ្ដាប់អ្វីទាំងអស់។ ការសែន ត្រូវធ្វើនៅខាងក្រៅរបងផ្ទះ មិនដួសអាហារដាក់ចានទេ ចានស្លាបព្រា គរទុកមួយដុំក្បែរឆ្នាំងសម្ល ហើយដាក់ផ្ញាច់ទៅនឹងដី សូម្បីតែកន្ទេលក៏គេមិនក្រាលផង ព្រោះគេជឿថា ព្រលឹងខ្មោចទាំងនោះ ទទួលយកតែរបស់នៅក្រៅរបងផ្ទះ និង ស្ថិតលើដីតែប៉ុណ្ណោះ។ អ្នកដែលមានផ្ទះក្បែរស្ទឹងឬទន្លេ គឹនឹងទៅសែនដល់មាត់កំពង់តែម្ដង។

អ្នកដែលយល់ដឹងច្បាស់ពីប្រពៃណី ទំនៀមទម្លាប់នេះ គេធ្វើកូនទូកមួយ ពីឈើ ឬ ក្រដាសកាតុង ដាក់ថ្វាយជាមួយដែរ ដើម្បីព្រលឹងខ្មោចអាចយកទៅប្រើជាយានជំនិះ តាមផ្លូវទឹកត្រលប់ទៅវិញ។ អ្នកខ្លះ មានទាំងសែនបណ្ដែតតាមទឹកហូរទៀតផង ប៉ុន្តែដោយសារតែបញ្ហាបរិស្ថាន អាជ្ញាធរបានបិទទំនៀមមួយនេះ ដើម្បីការពារកុំឱ្យមានការបំពុលទឹក។ សែនក្បាលទឹក មិនមានដុតក្រដាសសន្ធឹកសន្ធាប់ ដូចសែនផ្នូរឡើយ។ គេប្រើក្រដាសបួនជ្រុងលាបទឹកមាស តែបួនប្រាំសន្លឹកគត់ គ្មានអ្វីផ្សេងទេ។

ជនជាតិខ្មែរ កាត់ចិន ជាច្រើនរាប់មិនអស់ បានភាន់ច្រលំ ដោយធ្វើពិធីសែនព្រេននៅក្នុងផ្ទះ ដាក់លើតុ ហើយច្របូកច្របល់លាយឡំនឹងជើងធូបព្រលឹងជីដូនជីតាខ្លួនឯងទៅវិញ។ តាមពិត ការសែនព្រលឹងដូនតា ក្នុង១ឆ្នាំ មានតែ១ដងគត់ គឺថ្ងៃសែនផ្នូរ ឬ ឆេងម៉េង។ អ្នកខ្លះទៀត វង្វេងមិនដឹងរបៀបសែន ថែមទាំងចែកគ្នាមិនដាច់ រវាង បុណ្យចូលឆ្នាំចិន ឆេងម៉េង និង ក្បាលទឹក។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន ជាពិធីសែនទទួលទេព្ដាឆ្នាំថ្មី ។ គេមិនដាក់សំណែនជ្រូកខ្វៃ សាច់ ឬ សូម្បីតែគ្រឿងស្រវឹងឡើយ ព្រោះទេព្ដា ទទួលបានតែផ្កា ផ្លែឈើ និង វត្ថុតុបតែងលម្អតែប៉ុណ្ណោះ។ ហើយក៏គ្មានការដុតក្រដាសច្រើនដែរ ព្រោះទេព្ដា ជាសភាវៈទិព្វដែលមានអំណាចលើសអស់មាសប្រាក់ទៅទៀត។ ឆេងម៉េង ឬ ពិធីសែនផ្នូរ ទើបគេសែនជ្រូកខ្វៃនៅនឹងទីបញ្ចុះសពផ្ទាល់តែម្ដង។ រីឯសែនក្បាលទឹក គេដាក់ត្រឹមតែបាយសម្លរ នំនែក តិចតួច។ អាហារក៏គេមិនរៀបចំឱ្យស្អាតដែរ ព្រោះខ្មោចទឹកខ្លាចញញើតចំពោះការរៀបចំតុបតែង។

វាមិនខុសគ្នាពីជំនឿបោះបាយបិណ្ឌ របស់ខ្មែរប៉ុន្មានឡើយ។ អ្វីដែលយើងត្រូវចែកគ្នាឲ្យដាច់គឺ បុណ្យភ្ជុំបិណ្ឌខ្មែរ គេបោះបាយបិណ្ឌដល់ប្រេតនរក នៅពេលព្រឹកព្រហាមស្រាងៗ មេឃងងឹត និង ឧទ្ទិសអាហារដល់វិញ្ញាណសាច់ញាតិដែលស្លាប់ តាមរយៈព្រះសង្ឃនៅពេលព្រឹកក្រោយថ្ងៃរះ។ ខុសពីយើង ចិនសែនខ្មោចទឹក ក្នុងរដូវទឹកឡើង និង សែនខ្មោចដូនតា ក្នុងខែរីងស្ងួត គឺក្នុងចុងខែ៣ ឬខែ៤ ឬអាចដល់ដើមខែ៥ (អាស្រ័យរង្វិល៤ឆ្នាំម្ដងនៃប្រតិទិនសុរិយគតិ)។ ហើយសែនទេព្ដា ក្នុងសិសិរដូវ ដែលអាចស្ថិតក្នុងខែ១ឬខែ២។
សង្ឃឹមថា ការបកស្រាយរបស់ខ្ញុំ ដែលឆ្លងកាត់ការសិក្សាពីមនុស្សជាច្រើនដែលជ្រៅជ្រះ ក្នុងជំនឿសាសនា អាចបំភ្លឺជនជាតិខ្មែរ កាត់ចិន នៅកម្ពុជា ដែលកំពុងភាន់ច្រលំបានច្រើន។ ខ្ញុំរង់ចាំទទួលមតិរិះគន់ កែលម្អ គ្រប់ប្រការ ពីគ្រប់អ្នកសិក្សាស្រាវជ្រាវទាក់ទងនឹងជំនឿនេះ។
អត្ថបទរក្សាសិទ្ធិដោយ៖ វិរិយា
ថ្ងៃព្រហស្បតិ៍ ទី ១៥ ខែសីហា គ.ស. ២០១៩ ត្រូវនឹងថ្ងៃ ១៥ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣


ទៅមើលល្ខោន…
រៀបឫក្សសមសួន ពួនថតក្រោយឆាក
វាំងននបើកខ្វាក ឆាកល្ខោនឡើងភ្លឺ
អ្នកភ្លេងប្រគុំ ងំលាន់រន្ទឺ
រន្ទាលឡើងព្រឺ ឮឡើងស្រយុត។
សិទ្ធាជ្រះថ្លា ចារទុកម្សិលមិញ
មេខ្ញុំគាត់ចេញ ប្រាំរយឱ្យគត់
ដុល្លារអាគាំង ហុចមិនតក់ស្លុត
ជំនួយអ្នកខ្មុក ទុកថែវប្បធម៌។
អនុប្រធាន គង់សូរីតា
ពីររយដុល្លារ ប្រាថ្នាជួយទ្រ
អគ្គលេខា កណ្ណិកាបន្ទរ
ដាក់ថែមជន់ជោរ មួយរយដុល្លារ។
សូមអរគុណក្រៃ ថ្លៃហ្អើយថ្លៃថ្លើម
បេះដូងល្អឆ្នើម ផ្ដើមផ្ដួចគួចត្រា
ទុកជាគំរូ ធូរធារខេមរា
សិល្បៈដូនតា នឹងបានរុងរឿង។
———
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈវប្បធម៌វត្តភ្នំ រាជធានីភ្នំពេញ ក្នុងព្រឹត្តិការទិវាបេតិកភណ្ឌ លើកទី៤ ពីថ្ងៃ ១២ ដល់ ១៤ ខែធ្នូ ២០១៨ ក្រោមប្រធានបទ ល្ខោនខោលមរតកជាតិខ្មែរ។🌸🇰🇭
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការល្ខោនសម្ដែងម្សិលមិញដោយក្រុមយុវជនស្មគ្រចិត្ត លោកជំទាវទន្ដបណ្ឌិត អេង លីគង់ ដែលជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា (សសសក) បានឧបត្ថម្ភនៅនឹងកន្លែងដល់ក្រុមសិល្ប:ចំនួន $៥០០, និងមានការចូលរួមផងដែរពីលោកស្រី គង់ សូរីតា ជាអនុប្រធានសមាគម ចំនួន $២០០ និងសប្បុរសជន១រូបទៀត លោកស្រី ឡាយ កណ្ណិកា ជាអគ្គលេខាធិការសមាគម ចូលរួម $១០០។ 💕
សូមគោរពអរគុណជាពន្លឹក និង សូមគ្រប់គ្នាទទួលបានតែពរជ័យគ្រប់ប្រការពីវត្ថុសក្ដិសិទ្ធក្នុងលោក។ 🙏😇