Category Archives: ពីនេះពីនោះ

កាហ្វេថ្ងៃរះនៅបាត់ដំបង

អរុណរង្សី ដីដុះក្រោមទឹក🌋
សុរិយាពេលព្រឹក ដឹកក្បួនចេញចរ🌞
ចាំងជះឆព្វណ្ណ ទាន់មេឃកំដរ
ពពកក្បុស-ស ត្រដរក្រែលគ្រាន់។

អរុណោទ័យ ថ្ងៃច័ន្ទចែងចិត្ត🌄
បេះដូងអម្រិត ស្នាលស្និទ្ធគិតបន់
បើសិនថ្ងៃរះ ឈ្នះពេលសាយណ្ហ🌅
ខ្ញុំស៊ូធ្វើអន់ ជាន់ផែនដីទៀត។🌏

ឱ! ស្ទឹងសង្កែ ថែចិត្តអាល័យ🌃
មេឃចាស់ចន្ទថ្មី ដីដូររសជាតិ🌇
ស្ទឹងអ៊ើយកុំហូរ ថ្ងូរសូរដូចឃ្លាត🌊
តោថ្មចោលម្សៀត ខ្ទាតឆ្ងាយស្ពានឆ្លង។🎢

អរុណសួស្ដី ផែនដីស្រុកខ្មែរ🇰🇭
ភូមិកើតខ្ញុំដែរ ស្នេហ៍បាត់ដំបង🏫
ទីធ្លាប់សុខសាន្ត បានធ្លាក់ចិត្តផ្សង🌉
បុណ្យព្រេងមានម្ដង ក្រងមួយជីវិត។

កាហ្វេមួយពែង រែងដល់ពពក
ក្រេបទាំងវិយោគ ជោគជាំគ្រាំចិត្ត🍂
សញ្ចេតនាមួយ ជួយលាក់រឿងពិត😥
ថ្ងៃរះនិម្មិត នឹងស្ថិតនិរន្តរ៍! 🌄🌈
———
ដោយ លឹម វីរីយ៉ា🌸

បាត់ដំបង
ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី៩ ខែមករា គ.ស ២០១៧

15894863_10210369779617269_4600325266821621415_n

ឆោមឆើតឆាយ…

ឆោមឆើតឆាយ ចាយសម្រស់ ស្រស់ប្រិមប្រិយ
គួរបេតី ស្ដីសាសង ល្បងសាសព្ទ
គួរពុំគួរ សួរឱ្យដឹង នឹងបានស្ដាប់
ពាក្យរ៉ាយរ៉ាប់ ចាប់សំនួន ចួនសំណើរ ។

ឆោមឆើតឆាយ ឆ្ងាយពីគ្នា ជាទម្លាប់
គន់គូររាប់ ជាប់វេលា ជាអន្លើ
ចំណងមិត្ត គិតៗទៅ នៅបណ្ដើរ
ម៉ោងហោះហើរ ដើរហិចហែល ឆ្វែលហត្ថា។

ឆោមឆើតឆាយ ស្ដាយវេលា គ្រាកន្លង
ចិត្តចាំចង ប៉ងចិចី ស្ដីចរចា
ចង់ជួបណាស់ ឆ្លាស់នាទី ស៊ីមាត្រា
ចែងចិន្ដា ប្រាថ្នាជួប ផ្គួបឆ្លងឆ្នាំ។

កូនមិត្តខ្ញុំ សូមណែនាំ ពាំពាក្យពេចន៍
មិនដែលគេច ក្ដិចចំណង ក្រងបំណាំ
តាំងពីតូច ដូចស្រមោល ដោលឡើងសាំ
មិត្តពាន់ឆ្នាំ ចាំជានិច្ច ភ្លេចមិនបាន។
——-
(បទពាក្យប្រាំបួន ចង្វាក់ពាក្យរណ្ដំ)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២ ខែមករា គ.ស ២០១៧

15781021_10210313051119092_6241507563557003765_n

រដូវត្រជាក់…

រដូវត្រជាក់ ត្រជុំក្បែរអ្នក❄
ត្រជាក់ក្បែរម៉ុម ខែបុស្សស្រុកយើង💧
ខ្យល់ផាត់រណ្ដំ ដណ្ដប់ជើងភ្នំ🌄
រងំជើងមេឃ។ 🌌

រដូវរំហើយ រំយោលស្លឹកតើយ🍃
រហើយទងមែក រំដួលដូរដី🌺
ដំរីឆ្លងព្រែក តែស្ពានផុយពេក💥
ដេកដួលធ្លាក់ទឹក។ 🐘🐾

រដូវរងា រងំជុំគ្នា🎄
រងាឡើងភ្លឹក ដំណក់សន្សើម💦
ដណ្ដើមពេលព្រឹក កកផ្ដុំរដឹក🌠
នឹកដៃកាន់ដើរ។ 👫

រដូវហេមន្ត ហិម:ធ្លាក់ទន់🍂
ភាយគន្ធប្រហើរ ប្រហែលប្រហែស🌾
ធ្វេសពេចន៍សរសើរ រសើបហើបដើរ👣
ស្នើសូមលោមសុខ។ 💕

រដូវឆ្កែលូ ខ្យល់បក់វូៗ🐕
ធូរចិត្តអ្នកស្រុក យប់ជ្រៅឥតផ្គរ🎶
សូរក្ដក់តិកតុក សៀងស័ព្ទឆ្កែស្រុក🎼
សុខសាន្តពេញភូមិ។ 😇
——–
(បទកាកគតិ ចង្វាក់ធម្មតា)

ដោយ លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ១ ខែមករា គ.ស ២០១៧

15826657_10210303835568709_4270031726206488608_n

សំបុត្រចុងក្រោយពីអ្នកគ្រូ

ជាគ្រូបង្រៀន គ្មានទេទ្រព្យ
ធ្វើការអភ័ព្វ ជាប់ក្រដាស
ដេកមិនពេញភ្នែក រែកធ្ងន់ណាស់
ជីវិតវិបល្លាស ខ្មាសអ្នកឈ្មួញ។

ជាគ្រូបង្រៀន មានតែទុក្ខ
គ្មានទេពាក្យសុខ មុខឡើងជ្រួញ
ស៊ូស្លូតមិនកាច ខ្លាចសិស្សទួញ
រហាមឡើងរួញ ជួញជំងឺ។

ជាគ្រូបង្រៀន លៀនគ្រាប់ភ្នែក
ការងារឡើងស្អេក ដេកតែឈឺ
ស៊ីអត់ស៊ីឃ្លាន គ្មានអ្នកឮ
ពេលខ្លះសិស្សឌឺ ឈឺចាប់ណាស់។

ជាគ្រូបង្រៀន ហ៊ានតែក្អក
គេលួចចំអក ឡកឡាយដាក់
សុខចិត្តខាំមាត់ ខ្សត់ប្រត្យក្ស
ជីវិតក្នុងថ្នាក់ ឆ្លាក់វិជ្ជា។

ជាគ្រូបង្រៀន ឃ្លានតែចែក
ខំប្រឹងពោលស្រែក បែកវេលា
ចង់ចែកឲ្យចេះ ស្រែះគ្រប់គ្នា
នឹងបានពណ៌នា ជាសិស្សល្អ។

ដូច្នេះបើដឹង ប្រឹងរៀនផង
កុំដើររំលង ឆ្គងសីលធម៌
បេះដូងគ្រូម្នាក់ ធ្លាក់ត្រាច់ចរ
រស់ក្រោមភ្លៀងផ្គរ ព្រហ្មលិខិត។

គ្រូសូមបួងសួង លួងទេវតា
ក្រែងលោកមេត្តា ចារពរពិត
បាចស្រោចពីលើ ទើរដួងចិត្ត
ក្លាយពរអម្រឹត ខិតរកជ័យ។

អនុស្សាវរីយ៍ ពីគ្រូម្នាក់
ផ្ញើជូនគ្រប់ថ្នាក់ ឆ្លាក់សិរី
កុំសោកទ្រហោ ចូរឃ្មាតខ្មី
គ្រូម្នាក់ទន់ដៃ ថ្ងៃបែកគ្នា។

អនុស្សាវរីយ៍ ទីស្នេហា
ខ្មួលខ្មាញ់សិក្សា ត្រារមនា
ពាក្យពេចន៍សាសង ក្រងកាព្យា
ចងដៃគ្រប់គ្នា គ្រាចុងក្រោយ។

លាហើយប្រុសស្រី នៃសិស្សខ្ញុំ
បើនិស្ស័យផ្ដុំ សូមដង្ហោយ
កុំភ្លេចឈ្មោះគ្រូ តស៊ូឲ្យ
ទៅសាងផ្នូរហើយ ទុកក្រាបគេង។
———-
ពីអ្នកគ្រូ លឹម វីរីយ៉ា
ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ០៥ ខែធ្នូ គ.ស ២០១៦
———-
(ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម្ដាយខ្ញុំ បើសិនជាម៉ាក់នៅមានជីវិត កូននឹងស្មូត្រកំណាព្យនេះជូនម៉ាក់ជាចំណងដៃមិនខានឡើយ)

designed-with-proverb

រស់កំដរថ្ងៃលិច

សញ្ចេតនាមួយរលួយក្រោមមេឃ
ឃើញភ្នំឥតភ្នែកដេកកើយផែនដី
ផ្កាយខ្វះពន្លឺឈឺពេលរាត្រី
ទេវតាចង្រៃសាងដីមិនស្មើ។

បើអាទិទេពព្រមក្រេបថ្នាំពិស
ចក្រវាលទង្គឹះ ភពម្នឹះប្រសើរ
បើសិនសុរិយា យាត្រាតាមស្នើ
ខ្ញុំសុខចិត្តដើរ កំដរថ្ងៃលិច!!!
_____

លឹម វីរីយ៉ា

 15300619_10209981371707314_707377475_n

រឿងមេឃដី

ពាក្យចាស់លោកពោល បូលតផៅ
ភ្នំទាបជាងស្មៅ ខ្លៅមិនយល់
សំពៅធំពិត ឥតចន្ទល់
ចុងក្រោយវិលវល់ យល់សំប៉ាន។

មានរក្សាក្រ ត-អាយូស
ក្នុងភូមិឆ្កែព្រុស លុះសុខសាន្ត
ទៀបមានដង្កូវ នៅផ្អែមបាន
ឃ្លោកធំប៉ុន្មាន បានតែទើស។

ទឹកស្ទឹងដែលស្ងប់ កប់ជម្រៅ
តា-បស-ព្រៃជ្រៅ នៅពន្លើស
ខ្យល់ខែត្រជាក់ ធ្លាក់តែញើស
ដើរមិនចេះទើស ម្នឹះក្រោមមេឃ។

ពពកក្នុងខ្យល់ កល់ធាតុទឹក
ជំនោររអឹក ភ្លឹកពន់ពេក
ផ្គរលាន់ផ្ដេសផ្ដាស ខ្មាសជើងមេឃ
ផ្កាយរះភ្លឹបភ្លែត ច្បេតរង្សី។

ផ្កាស្មៅក្រៅផ្ទះ ឈ្នះយីហ៊ុប
ចន្ទ្រាពេលយប់ ជប់រស្មី
ខ្យល់ផាត់បាត់រូប លូកលាន់ដី
ផ្កាភ្លើងរាត្រី ដីចាញ់ទឹក។
———
ចង្វាក់ Rock & Roll ពោលតាមបទពាក្យ៧
ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ថ្ងៃចន្ទ ៧កើត ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា គ.ស ២០១៦

viriya_rock-star

បាយផ្ទះបងស្រី

អាហារធម្មជាតិ ឆ្លៀតអួតរាង
ឆាឡប់កប់ផ្អៀង លៀងបាយយប់
ក្រសាំងទៀបស្រែ ខ្មែរស្នេហ៍ងប់
បាយឆ្ងាញ់ទាំងយប់ ជប់រសជាតិ!

សាយណ្ហហួសហើយ ឡើយរាត្រី
បាយផ្ទះបងស្រី ថ្វីដៃញាតិ
ឆ្ងាញ់ខ្លាំងអស់ស្ទះ រះខ្មីឃ្មាត
ចាំស្អែកធ្វើទៀត ឆ្លៀតហៅមិត្ត!

🍲🍛🍵🍽

_លឹម វីរីយ៉ា

15055846_10209862421533634_4057314698750324698_n

រដូវរំហើយនៅស្រុកខ្មែរ

នាដីខ្មែរ ខែរំហើយ ត្រើយខាងលិច
ខ្យល់តិចៗ ច្បិចចុងដូង អន្ទងក្បែរ
ទាំងអ្នកស្រុក ខ្មុកដើមស្រូវ នៅក្នុងស្រែ
យប់មានខែ ថែពន្លឺ ភ្លឺត្រកាល។

នាដីខ្មែរ ប្រែដីខ្មៅ ដៅជីវិត
ដ៏ពិសិដ្ឋ ដិតពិសោធន៍ ដោតវិសាល
សូម្បីសត្វ បាត់សម្បុក ស្មុគអម្បាល
គង់តែច្រាល ដាលជ្រងោ ជោរច្របល់។

ស្រីស្រុកស្រែ ខែទឹកស្រក ដកគល់ស្រូវ
ចម្បើងស្បូវ នៅដំបូក យកតម្កល់
ទុកសម្ញែង ក្រែងគេបូល ពោលហៅដល់
នឹងអស់ខ្វល់ កល់ដោយយស ជួសឲ្យយូរ។
———
ច្រៀងរងឹមគ្រហឹមឥនន័យនៅវាលចំបើង ដោយ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០
ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា គ.ស ២០១៦img_3117

ខឹងព្រះចន្ទ

ចន្ទ្រាយប់នេះរះដូចឆ្កួត
រះទាំងអំណួតកណ្ដាលមេឃ
ហ្វូងផ្កាយរយលានលែងហ៊ានដេក
ខ្លាចចន្ទចម្លែកហែកតារា។

ចន្ទ្រាយប់ហ្នឹងដឹងតែឡប់
រះខ្ពស់ហួសកប់ជាប់វេហា
ហេហាច់ច្រាច់ច្រិលខ្ជិលអស្ចារ្យ
ឃើញចន្ទកាលណាថាចង់ជេរ។

ចន្ទ្រាលាក់ពុតស្លុតពពក
លបលួចខ្នួចជ្រករស្មីគេ
ពន្លឺអាទិត្យណាមាសមេ
ផែនដីនេះទេចាំងត្រលប់។

ឃើញក្រុមកវីស្ដីក្នុងកាព្យ
ឆេឆឹលឆែលឆាបខាបជាឈ្នាប់
ខ្ញុំអាសូរផ្កាយឆ្ងាយបន្ទាប់
រះទាំងអភ័ព្វជាប់គុកកម្ម។

ខ្លោចចិត្តអាណិតត្បិតសុរិយា
នឿយហត់អាត្មាការងារឆ្មាំ
បញ្ជូនរស្មីពាន់លានឆ្នាំ
ផែនដីរង់ចាំផ្ទេរជូនខែ។

ខែអ៊ើយខែរះឈ្នះចិត្តព្រាន
រះទាំងបំពានហ៊ានផិតប្រែ
ម្នឹះមួយផែនដីស្ដីលោមស្នេហ៍
មិនដឹងដួងខែរះចោលម្សៀត។
——
ចេញមុខឈ្លោះនឹងលោកខែ ដោយ លឹម វីរីយ៉ា 😫

២រោច កត្ដិក ២៥៦០ ត្រូវនឹងថ្ងៃទី ១៦ ខែវិច្ឆិកា ២០១៦

bigstock-dsc-jpg-102960485

រាត្រីចន្ទចំអក

ព្រលឹងមាសអ៊ើយ រនោចចូលហើយ
នៅឡើយបាត់បង សួរចន្ទយប់មិញ
ចន្ទមិនឆ្លើយឆ្លង ហ្វូងផ្កាយចោមចង
ចំអកគ្រោតគ្រាត។

ព្រលឹងម្ចាស់ស្នេហ៍ យប់មិញដួងខែ
រះសែនចោលម្សៀត ទន្សាយក្ដាមខ្យង
ខំឆ្លងអាធ្រាត្រ ក្រែងចន្ទចង្អៀត
ឆ្លាស់ឆ្លៀតបូលហៅ។

ព្រលឹងអូនអ៊ើយ កត្ដិករំហើយ
ឆ្លើយតបផងពៅ ឆ្កែព្រុសពាសវាល
ជំទាលង៉ៅៗ សន្សើមផ្កាស្មៅ
ដៅផ្លូវដើរចាស់។

ព្រលឹងស្នេហ៍ស្នង ចំប៉ីបងប៉ង
ក្រងផ្កាផ្ដេសផ្ដាស រំដួលសៀមរាប
ជ្រាបក្លិនល្អណាស់ ស្រោចទឹកនឹកម្ចាស់
ផ្លាស់ឫសដូរដី។

ព្រលឹងអូនអ្ហើយ ខ្យល់បក់ប៉ើយៗ
រំហើយខ្នងស្រី ទឹកភ្នែកស្រិចស្រក់
ដក់ជោគលើដី សាងចិត្តអាល័យ
មុនថ្ងៃចូលផ្នូរ។
—————
ដោយ លឹម វីរីយ៉ា

សៀមរាប ថ្ងៃអង្គា ១រោច ខែកត្ដិក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី១៥ វិច្ឆិកា គ.ស ២០១៦

full-moon-tonight