Category Archives: ទីកន្លែងដែលខ្ញុំទៅដល់

ទៅបុណ្យភ្ជុំឆ្លងស្រុក…

ភ្លៀងធ្លាក់មិនដាច់គ្រាប់​ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ​ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ​ វិសេសមហា
រីករាយក្នុងចិន្ដា​ ជ្រះថ្លា​កន្លង។

យេីងទៅបុណ្យភ្ជុំធំ​ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្ត​ឃ្លាំងពាំងថ្មភ្នំ​ មុំផ្លោះរបង
ជាតិ​ខ្មែរថែគ្នាផង​ ខ្ញុំឆ្លងទៅហេីយ។
————
លឹម​ វីរីយ៉ា​🌸
២៥​ កញ្ញា​ ២០១៩

ញ៉ាំបាយចាយឫក្ស…

ញ៉ាំ​បាយ​ចាយឫក្សថ្ងៃត្រង់​
តម្រែតម្រង់​ ផ្ចង់​អាហារបួស។

នៅហាងសាឡាត់ល្បីឈ្មោះ
គេហៅពីរោះ​ ឈ្មោះ​ថា​ Vego។

រសជាតិ​សែនឆ្ងាញ់មិនប្រូ
សម្រកគីឡូ​ ប្ដូរ​រសជីវិត។

សំខាន់​ថៅកែអង្គុយជិត
នៅក្បែរនែបនិត្យ​ ផ្ដិតរូបឱ្យទៀត។

ញ៉ាំ​រួចព្រួចព្រឺចង្អៀត
ម្ចាស់​ហាង​ឥតឃ្លាត​ ឆ្លៀតទាំងប៉ាវបាយ។

គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ Surprise
រីករាយ​ក្អាកក្អាយ​ សប្បាយ​ដួងចៃ។

ទៅញ៉ែញ៉េះញ៉ោះម្សិលម្ង៉ៃ
អាឡោះអាល័យ​ រឿងដីភ្លេីងខ្យល់។

ចរចា​ចិចី​ រចល់​
ជួបឥតបន្ទាល់ ខ្វល់ខ្វាយ​រឿង​ជាតិ​។

បាយបួសជំនួសត្រីងៀត
សែនឆ្ងាញ់ផ្ដាំញាតិ​ ឃ្លាតហេីយរឭក។

ឃេីញរូបធ្វេីឱ្យអូនភ្លឹក
ម្ចាស់​បាយម្ចាស់ទឹក​ នឹកចង់ទៅទៀត។

ណ្ហើយ​ចុះ​! ថ្ងៃ​ក្រោយ​នឹងឆ្លៀត
ទៅស្រង់ស្រូបជាតិ​ ប៉ាវជូនវិញម្ដង។
————-
លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

រូបភាពថតជូនដោយ បងស្រី “ទូចស្រី សុភា” ជាម្ចាស់ភោជនីយដ្ឋានអាហារបួស វេហ្គោសាឡាត់ ជាប់របងវត្តលង្កា រាជធានីភ្នំពេញ។ គាត់បានអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេលប្រកបដោយ ភាតរភាពយ៉ាងក្រៃលេង!

ជំនាញមិនឈ្នះចំណារ…

ជំនាញ​ ចំណានល្អដល់ម្ល៉ា
មិនឈ្នះ​ ចំណារ​ចារពីលេី
អ្នករៀនចេះដឹង​ រំពឹង​ធ្វេី
ចំណារថ្នាក់លេី​ ឱ្យល្ងេីអស់។

ខំរៀន​ពូកែ​ ថែសៀវភៅ
ធ្វើ​ការយូរទៅ​ ផ្លូវលែងស្មោះ
គេក្រិត្យបោះត្រា​ ចារចោះៗ
រលួយ​វ៉ល់អស់​ ហោះពេញស្រុក។

បេីហ៊ាន​តវ៉ា​ ចំណារ​ស្ដេច
ច្បាស់​ជាប្រកាច់​ ផ្ញាច់ក្រោមតុ
អ្នកធំស៊ីញេ​ គេបានសុខ
អ្នកតូចឈឺចុក​ ខ្មុកពេញស្រែ។

រឿងរ៉ាវ​គេសោះ​ ខ្សោះចិត្ត​ខ្ញុំ
ស្ដាប់​ហើយ​សម្ងំ​ ខំស្ងាត់ដែរ
ឃេីញគេថោកទាប​ ប្រៀបកូនឆ្កែ
ស្រណោះខ្លួនដែរ​ ធ្វើ​មិនដូច។

រាត្រី​អាទិត្យ​ គិតឡេីងវ៉ល់
រសាប់រសល់​ ខ្វល់ប៉ផ្លូច
ដឹងរឿងម្នឹះខ្លះ​ ដែលក្បាលខូច
ចង់តែរត់ប្រូច​ ផាយចោលស្រុក។

ណ្ហើយ​ចុះគេងវិញ​ ទន្ទេញធម៌
ក្រែងស្អែកលែងញ័រ​ ខ្ទររំអុក
ម្នឹះ​លោកក្បាលខ្មៅ​ ខ្លៅខួរចុក
សុបិន​លែងស្មុគ្រ​ ហុកចិតប៉ែត។
————
លឹម​ វីរីយ៉ា​🌸
២៨​ កក្កដា​ ២០១៩

រូបថត Selfie ពីមុខកញ្ចក់ឆ្លុះ ក្នុងបន្ទប់គេង នៅទីក្រុង Brisbane ប្រទេស Australia ខណៈដែលខ្ញុំកំពុងស្នាក់នៅសិក្សារៀនសូត្រទាក់ទងនឹងជំនាញធុរកិច្ចនិងការនាំចេញរបស់ស្ត្រី

កាហ្វេក្ដៅ…

កំណាព្យឆ្លងឆ្លើយ ជាមួយលោក នរាយណ៍

វីរីយ៉ា៖
កាហ្វេ​ក្ដៅ​ ហៅក្ដុកក្ដួល​ ឆួល​ដួងចៃ
មេឃបេីកថ្ងៃ​ ដៃត្រជាក់​ លាក់ចំហាយ
កាហ្វេក្ដៅ​ ក្រៅបង្អួច​ លួចគិតឆ្ងាយ
រងាកាយ​ ស្ដាយរស្មី​ ដីខាងលិច។

នរាយណ៍៖

កាហ្វេខ្មៅ ក្តៅហុយផ្សែង ក្រែងឆុងប៉ិន
សាកផឹកសិន ក្លិនជាតិរស ឈ្មោះរំលេច
ក្រេបសញ្ជឹង ទ្រឹងបញ្ជ្រាប ជ្រាបបន្តិច
ប្លែកតិចៗ លិចទឹកដី ស្រីមកដល់។

វីរីយ៉ា៖

កាហ្វេខ្មៅ ក្ដៅខ្លាំងពេក រែករំឭក
ក្រេបទាំងស្ពឹក នឹកស្គាល់ជាតិ ឆ្លៀតបន្សល់
ស្រស់បំព្រង យោងប៉ប្រិម ផ្ទឹមរចល់
ក្រេបបន្ទាល់ សល់តែពែង រែងស្រមៃ។

លឹម​ វីរីយ៉ា​🌸
០៧​ មិថុនា​ ២០១៩

រូបថតនៅក្នុងថ្នាក់រៀន នៅស៊ីដនី ប្រទេសអូស្ត្រាលី ខែមិថុនា ២០១៩ ថតជូនដោយ លោកស្រី តិច ស៊ីមហៀង

ផ្ទះក្នុងសុបិន

បើមានផ្ទះរាប ទាបផ្ទាល់ដី
មានស្មៅលាស់ខ្ចី ដីបៃតង
បុប្ផាស្រស់ពិត ឥតរបង
ទុកគ្រាន់ញាតិឆ្លង ក្រងភាតរៈ។

បើមានផ្ទះតូច ដូចប្រាថ្នា
មានទាំងសួនផ្កា ច្បារល្អល្អះ
នឹងរស់ឥតល្អៀង ផ្ទៀងដឹងច្បាស់
ទុកគ្រាន់ពេលចាស់ ផ្លាស់អាត្មា។

បើមានផ្ទះឈើ មើលឃើញមេឃ
បក្សីហោះជ្រែក សេកសារិកា
ដើមឈើធំៗ ផ្ដុំសាខា
ជំរកទោចស្វា សង្ខាសត្វ។

បើមានផ្ទះខ្ទម ល្មមលោមបាន
នឹងរស់សុខសាន្ត ឋានទីស្ងាត់
ដង្ហើមបានស្ងប់ កប់រសាត់
សុបិនសម្ងាត់ ណាត់ទីនេះ។
———
លឹម វីរីយ៉ា🌸
ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៩

2018-09-16 (429)

ប្រាសាទ…

ប្រាសាទឈរខ្ពស់ ចារឈ្មោះ ជួសគូស្នេហា
អ្នកជាប់សន្យា យាត្រា ប្រាថ្នាមកដល់
កាន់ដៃកៀកកើយ រួចឆ្លើយ បង្ហើយអំពល់
ឯខ្ញុំមិនយល់ ងងល់ រុលទៅទាំងខុស។

ប្រាសាទពណ៌មាស ក្បៀសទុក ទំនុកសាក្សី
ចាក់គ្រឹះជាប់ដី ប្រិមប្រិយ សិរី បបោស
កណ្ដាលទីក្រុង ចិត្តស្លុង អនង្គ សណ្ដោស
សណ្ដោងស្រណោះ អាឡោះ ស្មោះស្ម័គ្រអាល័យ។

ប្រាសាទសង្ហា ភ្លឺថ្លា វេហាស្រឡះ
អ្នកថ្លើមធំណាស់ លួងម្ចាស់ ផ្លាស់កេរផ្ទេរន័យ
ដូរដោះអស់នាម ឡើងក្រៀម រងៀម ហឫទ័យ
សាងកេរ្តិ៍កាឡៃ បំភ័យ លៃឆ្កឹះគន្លឹះ។

ប្រាសាទព្រលឹង ថ្មើរហ្នឹង ដឹងច្បាស់ត្រជាក់
ចុងឆ្នាំអួលអាក់ លេបស្លាក់ ដាក់ជាន់ស្លន់ម្នឹះ
អ្នកចាញ់ទោម្នេញ ទន្ទេញ ចេញតែទង្គឹះ
ខ្សឹកខ្សួលឆួលឫស កំព្រឹស ពិសពុលពេញប្រៀប។

ប្រាសាទមាសពេជ្រ រំលេច សូរស័ព្ទរណ្ដំ
អ្នកម្នាងលៀងស្នំ សម្ងំ ខំរស់ក្នុងឃ្នាប
ខ្នះខ្នែងខែងឫក្ស នឹកឡើង ចើងម៉ើងប៉ើងលាភ
រស់ខ្ពស់ឈ្មោះទាប ទន់រាប តម្រៀបក្រៅត្រា។
———
លឹម វីរីយ៉ា
ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ គ.ស ២០១៨

Viriya in Sfo

 

កម្សត់ខ្លួននៅមណ្ឌលគីរី…

រ៉េករ៉ាក​ រេរា​ គ្នាឡើងល្អៀច
មុខឡើងកំពៀច​ វៀចឡើងប៉េវ
យប់យន់រាត្រី​ សម្ដីខ្សេវ
លាន់ឮ​ ងេវៗ​ គ្រេវ​ម៉ាគ្រា។

មណ្ឌលគិរី​ ស៊ីអារម្មណ៍​
រីករាយ​លែងសម​ ស្នំវេលា
ស្លៀកខោធ្លាក់គូទ​ រូតក៏ហៀ
ធើដូចវេទនា​ គ្នាឡើងក្រាប។

ក្រុងអ៊ើយក្រុងភ្នំ​ ងំតែឯង
គ្នាសែនចម្បែង​ ថ្លែង​តាមកាព្យ
សែនមនោរម្យ​ ប្រជុំដាប
ឥសាន្ត​មិនខាប​ ឆាបខ្ញុំសោះ។

រាត្រី​សួស្ដី​ ឥលូវដេក
ខ្ញុំសូមបិទ​ភ្នែក​ទាំងអាឡោះ
សុបិន​លើភ្នំ​ រុំឆ្ងាយកោះ
អាល័យ​ស្ទះអស់…​ តោះ! ចូលគេង
—————
លឹម​ វីរីយ៉ា​🌸

រាត្រី​សុវត្ថិ​ពីក្រុងសែនមនោរម្យ​ មណ្ឌលគិរី​

០៩​ ធ្នូ​ ២០១៨

VIRIYA LIM Misserable Status

មណ្ឌលគីរី…

ដីទួលដីខ្ពស់​ ឦសានល្បីឈ្មោះ​
ព្រោះ​ធាតុ​ត្រជាក់​ ជំនោរ​ចុងឆ្នាំ​
ផ្ដែផ្ដាំ​ជាក់លាក់​​ ម្ចាស់​ភូមិ​រាក់ទាក់​
ស្ទាក់បេះដូងខ្ញុំ។

លឹម​ វីរីយ៉ា​🌸

មណ្ឌលគីរី វីរីយ៉ា

ទន្លេ​មុខបួន

ទន្លេ​មុខបួន​ ពួនលាក់ទ្រព្យ
លាក់ទាំងកំណប់​ ផ្គាប់​ទេវតា​
ដូចមេឃលួចលាក់​ ធ្នាក់​ស្នេហា
ទ្រនាប់ចិន្ដា​ ត្រា​ទុក​ចិត្ត​។

លឹម​ វីរីយ៉ា​🌸
១១​ ១១​ ២០១៨

45779339_10215910286886488_6042876568651431936_n

ជើងមេឃខាងលិច…

ជើងមេឃ ស្លេកពណ៌ ញ័រដល់បេះដូង
យល់សប្ដិយល់សូង អន្ទងតែឈ្មោះ
សុបិនក្រៅស្រុក ខ្មុកស្រែថែយស
ថ្កើងថ្កានពីរោះ ព្រោះនាមឈាមខ្មែរ។

ជើងមេឃខាងលិច ច្បិចចង់ដង្ហោយ
បង្ហើបស្រើបដោយ ល្បោយរសឥតប្រែ
ល្បួងលួងដោយល្បិច ស្រិចៗគង់តែ
របូតបាត់ស្នេហ៍ ចែចង់បង់ស្នៀត។

ជើងមេឃពណ៌ខៀវ រងាវ ងូវៗ
រងំតាមផ្លូវ តម្រូវឲ្យបៀត
រដូវត្រជាក់ អ្នកអ៊ើយសូមឃ្លាត
រស់នៅមួយជាតិ ឆ្លៀតដើរមួយជុំ។

ជើងមេឃឥតខ្យល់ ខ្វល់ខ្វាយស្ដាយស្រុក
ស្រងែដុះជុក ទុកស្រូវឲ្យទុំ
ទំពាំងលាស់ត្រួយ ជួយឫស្សីគុម្ព
អ្នកអ៊ើយកុំយំ ខ្ញុំសូមលាហើយ។
———
លឹម វីរីយ៉ា🌸

ថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា គ.ស ២០១៨

11111111