Category Archives: ទស្សនវិជ្ជាជីវិតរបស់ លឹម វីរីយ៉ា

ប្រាសាទ…

ប្រាសាទឈរខ្ពស់ ចារឈ្មោះ ជួសគូស្នេហា
អ្នកជាប់សន្យា យាត្រា ប្រាថ្នាមកដល់
កាន់ដៃកៀកកើយ រួចឆ្លើយ បង្ហើយអំពល់
ឯខ្ញុំមិនយល់ ងងល់ រុលទៅទាំងខុស។

ប្រាសាទពណ៌មាស ក្បៀសទុក ទំនុកសាក្សី
ចាក់គ្រឹះជាប់ដី ប្រិមប្រិយ សិរី បបោស
កណ្ដាលទីក្រុង ចិត្តស្លុង អនង្គ សណ្ដោស
សណ្ដោងស្រណោះ អាឡោះ ស្មោះស្ម័គ្រអាល័យ។

ប្រាសាទសង្ហា ភ្លឺថ្លា វេហាស្រឡះ
អ្នកថ្លើមធំណាស់ លួងម្ចាស់ ផ្លាស់កេរផ្ទេរន័យ
ដូរដោះអស់នាម ឡើងក្រៀម រងៀម ហឫទ័យ
សាងកេរ្តិ៍កាឡៃ បំភ័យ លៃឆ្កឹះគន្លឹះ។

ប្រាសាទព្រលឹង ថ្មើរហ្នឹង ដឹងច្បាស់ត្រជាក់
ចុងឆ្នាំអួលអាក់ លេបស្លាក់ ដាក់ជាន់ស្លន់ម្នឹះ
អ្នកចាញ់ទោម្នេញ ទន្ទេញ ចេញតែទង្គឹះ
ខ្សឹកខ្សួលឆួលឫស កំព្រឹស ពិសពុលពេញប្រៀប។

ប្រាសាទមាសពេជ្រ រំលេច សូរស័ព្ទរណ្ដំ
អ្នកម្នាងលៀងស្នំ សម្ងំ ខំរស់ក្នុងឃ្នាប
ខ្នះខ្នែងខែងឫក្ស នឹកឡើង ចើងម៉ើងប៉ើងលាភ
រស់ខ្ពស់ឈ្មោះទាប ទន់រាប តម្រៀបក្រៅត្រា។
———
លឹម វីរីយ៉ា
ថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ គ.ស ២០១៨

Viriya in Sfo

 

ញៀនល្បែងតែងវិនាស…

ញៀនស្រីនិងស្រា​ ចាស់ៗផ្ដាំថា​ គង់តែវិនាស
បើញៀនល្បែងផង​ ឆ្លងដល់និរាស​ រលាយអស់ផ្ទះ
ប៉ោឡែគេជេរ។

ញៀនត្រឹមស្រីស្រា​ ខ្លាំង​ណាស់មរណា​ សល់ផ្ទះជាកេរ
តែបើដល់ល្បែង​ ថ្លែង​មិនចេញទេ​ ហិនហោច​ខ្លោចកេរ្តិ៍
អាស្រូវ​មួយពូជ។

_______

លឹម វីរីយ៉ា

ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៨

អ្នកញៀនល្បែង

រលកក្រោយ….

រលកក្រោយ​ ដង្ហោយ​សូម​ លោមមួយគ្រា
រាប់ជាគ្នា​ ទារសិក្សា​ ប្រាថ្នាយល់
ចែករំលែក​ រែក​ចំណេះ​ ឆេះពីគល់
សាង​ជន្ទល់​ ទល់ជីវិត​ ស្រិតបញ្ញា។

រលកក្រោយ​ ឆ្លើយឥតអាក់​ ចាក់បេះដូង
ភ្នែករលោង​ អន្ទងស្អិត​ ដិតសោតា
ចងសណ្ដាប់​ ប្រាប់​សេចក្ដី​ ស្ដីតាមសារ
ចែងអក្ខរា​ ចាររៀបរាប់​ ជាប់ដួងចិត្ត។

សូមអរគុណ​ មុនឃ្លាតទៅ​ នៅទន្ទឹង
ទន្ទេញ​ដឹង​ ប្រឹងប្រែង​ខំ​ ចម្រើន​ក្រិត្យ​
យកទាំងក្រម​ ថ្នម​ទុកប្រើ​ ស្នើរ​ជីវិត​
ជោគជ័យ​ពិត​ ជិតដៃឈោង​ យោងកេរ្តិ៍ឈ្មោះ។

សូមជូនពរ​ ហូរហែ​តាម​ ដាមសំណេរ
សំណាងទ្វេ​ ស្មេរតាក់តែង​ ណែងណងជួស
សូមបានឈ្នះ​ ជះជោគលាភ​ ប្រៀបពីរោះ
មានកិត្តិយស​ រស់រុងរោចន៍​ ដូចសុបិន។
———
ពីអ្នកគ្រូ​ លឹម​ វីរីយ៉ា​🌸
ជូនសិស្សនិស្សិតថ្នាក់​ Soft Skill ជំនាន់៦​ នៅ​ LSi

ភ្នំពេញ​ ថ្ងៃ​ពុធ​ ទី១៩​ ខែធ្នូ​ ឆ្នាំ​២០១៨

ហ៊ានទេ?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមចាប់ដៃ​ ឡើងឆាកដន្ត្រី​ ស្ដីផ្ដោះផ្ដង
រាំទន្ទ្រាំជើង​ ភ្លើងបៃតង​ រួចច្រៀងសាសង​ បទស្នេហា?

ហ៊ាន​ទេ​? បើខ្ញុំ​ សូមថើបមួយ​ ទុកបណ្ដុះត្រួយ​ ស្ទួយអាត្មា
រួចអោបចង្កេះ​ ទះហត្ថា​ ក្រសោបកាយា​ ប្រាថ្នា​ចិត្ត​។ 
————
លឹម​ វីរីយ៉ា​🌸
២០​ ធ្នូ​ ២០១៨

Do you brave

មនុស្សចម្លែក

មិនខុសពីទម្លាប់សព្វដង ថ្ងៃនេះក្រោយពីចាយពេលវេលានៅក្នុងក្លឹបហាត់កីឡាជិត២ម៉ោង ខ្លួនប្រាណរបស់ខ្ញុំសើមញើសជោកដូចគេចាក់ទឹក។ ត្រលប់មកដល់ផ្ទះវិញ ខ្ញុំប្រញិបប្រញាប់ដាក់ដណ្ដាំបាយក្នុងកូនឆ្នាំងអគ្គិសនីដ៏កញ្ចាស់មួយ។ អារម្មណ៍នឿយហត់ស្រាប់ផងនោះ បានរវើរវាយឃ្លាននេះឃ្លាននោះមិនចេះតិច។

ដាំបាយដោតខ្សែភ្លើងរួចភ្លាម ខ្ញុំញាប់ដៃចៀនសាច់មាន់ដែលបានប្រឡាក់ទុកពីល្ងាចក្នុងទូទឹកកក ឆ្អិនល្មម ក៏ដួសដាក់ចានគ្របទុកមួយឡែក ហើយនៅឆ្លៀតរៀបបន្លែស្រស់ទុកញ៉ាំជាមួយបុកត្រីឆ្អើប្រហុកអាំងដែលបងស្រីផ្ញើមកឲ្យទាំងកែវ មិនដែលដាច់។ មិនអស់ចិត្ត ដាក់ចំហុយនំប៉ាវស្នូលសាច់ជ្រូក២ដុំទៀតក្នុងឆ្នាំងបាយ មុនពេលឡើងមកបន្ទប់ដើម្បីងូតទឹក។

បើសិនជាអ្នកធ្លាប់លេងកីឡាហត់នឿយខ្លាំង ហើយមានអាហារដែលចូលចិត្តរៀបចំរួចជាស្រេចទៀត អ្នកប្រហែលជាមានក្ដីសុខណាស់ក្នុងគ្រាដ៏ខ្លីនោះមិនខាន។ វាគ្រប់តែគ្នាទេ ខ្ញុំក៏អីចឹងដែរ។ ខ្ញុំងូតទឹកបណ្ដើរវើរវាយទៅដល់អាហារនៅផ្ទះបាយបណ្ដើរ។ មិនបានខាត់ស្បែក អេនអនយូរឡើយ ប្រញាប់ចុះមកក្រោម បាយក៏ឆ្អិនល្មម ជះក្លិនក្រអូបអង្ករស្រូវថ្មី នំប៉ាវចោលក្លិនឈ្ងុយទ្រប់។ ក្លិនមាន់ចៀន ក៏មិនទាន់ភាយអស់ចំហាយ នៅជាប់ច្រមុះនៅឡើយ បន្លែស្រស់ៗ១កូនកញ្ច្រែងតូចក្បែរនោះ…… ហ៊ឹម!!! គួរឲ្យឆ្ងាញ់ណាស់។ លើលោកនេះប្រហែលគ្មានអ្នកណា មានសេចក្ដីសុខជាងខ្ញុំទេមើលទៅ គិតផងរៀបចំតុបាយផងតែម្នាក់ឯង។

ខ្ញុំដួសបាយដាក់ចាន និងបានរៀបម្ហូបអាហារពេញតុ ស្រាប់តែ… ដូចជាឥតសូវឃ្លានវិញ។ អង្កាល់មុនឡើងទៅងូតទឹក ម្ដេចក៏ខ្ញុំឃ្លានខ្លាំងម្លេះ? ហើយនេះ សុទ្ធតែកំពូលអាហារសំណព្វចិត្ត ទាំងអស់។ ខ្ញុំខំបន្លប់ខ្លួនឯងថា មិនមែនមិនឃ្លានទេ គឺខ្ញុំឃ្លានហើយ ញ៉ាំសិន។ យកស្លាបព្រាដួសបាយលើកមកដាក់ជិតដល់មាត់ទៅហើយ ក៏ប្រែប្រួលទៅជាល្អៀចយ៉ាងម៉េចមិនដឹង។ អ៊ែក!!!

ខ្ញុំស្រាប់តែដូចជាឃ្លាននំប៉័ងជ្រលក់ត្រីខកំប៉ុងវិញ។ ហ្អ៊ើយ! អាហ្នឹងម្ហូបអ្នកដើរព្រៃភ្នំទេតើ។ ប៉ុន្តែ មិនដឹងម៉េចទេ វាស្រាប់តែដូរចិត្តទៅជាឃ្លានអាហ្នឹងវិញ។ ខ្ញុំនឹកឃើញសម្រង់សម្ដីទស្សនវិទូល្បីៗ ពោលថា ជីវិតដែលមានន័យ គឺជីវិតដែលមានសេរីភាពក្នុងការរស់នៅ។ អាចទៅកន្លែងដែលចង់ទៅ អាចញ៉ាំអាហារដែលចង់ញ៉ាំ។ មែនហើយ! ហេតុអ្វី ត្រូវស្ទាក់ស្ទើរនឹងទៅស្វែងរកនំប៉័ងជាមួយត្រីខកំប៉ុង?

ខ្ញុំក៏ពាក់ទ្រនាប់ជើង ហើយទាញសោរឡានបើកវឹងទៅផ្សារទំនើបមួយដែលមានចម្ងាយប្រមាណជា ២០០ម៉ែត្រពីផ្ទះខ្ញុំ។ ជាធម្មតា ខ្ញុំដើរទៅផ្សារនោះ ព្រោះវាមិនឆ្ងាយប៉ុន្មានទេ តែលើកនេះ ដូចជាដើរមិនដល់ ព្រោះអារម្មណ៍ដែលកំពុងបញ្ជារវាពុះកញ្ជ្រោលសម្បើម។ មួយសន្ទុះក្រោយមក ខ្ញុំមកដល់ផ្ទះវិញជាមួយនឹងនំប៉័ងមួយថង់ធំ និង ត្រីខកំប៉ុងកន្លះឡូត៍។ ខ្ជិលកំដៅនាំតែខាតពេល ខ្ញុំគាស់ត្រីខកំប៉ុងនោះ ដាក់ចូលចាន ទាំងមិនខ្ចីរៀបចំទុកដាក់ចានបាយដែលដួសហើយ។ យកនំប៉័ងមកជ្រលក់នឹងចានត្រីខ ហើយដាក់ចូលមាត់ទំពារបានតែមួយម៉ាត់ ឆ្អែតឈឹងតែម្ដង។

អេស?! វាយ៉ាងម៉េចទៀតហើយនេះ? ខ្ញុំកើតស្អីអីចេះ? មុននេះឃ្លានអានំប៉័ងហ្នឹងយ៉ាងខ្លាំងរហូតទ្រាំមិនបាន រត់ចេញទៅទិញភ្លាមៗមកបានដូចចិត្ត។ ខ្ញុំចាប់ផ្ដើមនឹកគិតទៅដល់គ្រូពេទ្យផ្លូវចិត្តដែលធ្លាប់ពន្យល់ក្នុងសារខ្លីៗរបស់គាត់ដែលដាក់បង្ហោះក្នុងអ៊ីនធើណិត ថានេះជាអាការៈជំងឺផ្លូវចិត្ត។ តើអាជំងឺផ្លូវចិត្ត និង ចិត្តវិកល អាចដូចគ្នាដែរឬឥតទេ? ទាំងចានបាយ ចានម្ហូប នំប៉័ង ត្រីខ ត្រូវបានខ្ញុំទុកចោលពេញហ្នឹង។ គ្មានអារម្មណ៍រៀបទុកដាក់ទេ ព្រោះកំពុងឆ្ងល់នឹងខ្លួនឯងដែលដូចមនុស្សចម្លែក។

ខ្ញុំដើរមកទម្រេតខ្លួនលើសាឡុងវែងក្នុងបន្ទប់ទទួលភ្ញៀវ ហើយដេករកនឹកគិតថា ហេតុអ្វីបានជាមិនឃ្លានអាហារ? ហាត់ប្រាណជោកជាំយ៉ាងនេះ វាគួរតែឃ្លានខ្លាំងណាស់។ ម្ដេចប្រែជាទ្រលាន់របស់ដែលចូលចិត្តទាំងនោះ ទាំងដែលខ្លួនឯងខំប្រឹងរៀបចម្អិនទៀតផង។ គិតមិនចេញ ខ្ញុំក៏ងើបមកផ្ទះបាយម្ដងទៀតដោយស្មារតីតាំងខ្ពស់ ថានឹងរៀបចំទុកដាក់របស់របរចូលក្នុងទូវិញ មុនឡើងទៅបន្ទប់គេង។

ជាទម្លាប់ ខ្ញុំតែងតែសម្អាតធុងសំរាមជាញឹកញាប់ណាស់ ព្រោះវាចោលក្លិនមិនល្អក្នុងផ្ទះ។ ខ្ញុំយកជើងជាន់គន្លឹះធុងសំរាម បំណងដើម្បីយកសំរាមទៅចោល។ គ្រាន់តែគម្របធុងរបើកខ្វាក ខ្ញុំភ្ញាក់ព្រើត ខួរក្បាលចាប់ផ្ដើមធ្វើការងារត្រឹមត្រូវតាមគន្លងរបស់វាមកវិញ។ ខ្ញុំទើបតែចាំ ដោយសារឃើញសំបកផ្លែអាវ៉ូកាដូ១យ៉ាងធំ និង ពីដុងទឹកដោះគោស្រស់១ពីដុងនៅក្នុងនោះ។

ខ្ញុំនឹកឃើញហើយ គឺពីដំបូងឡើយ មុនពេលដាក់ដណ្ដាំបាយ ធ្វើម្ហូបនោះ ខ្ញុំឃ្លានខ្លាំងពេក ឃ្លានឡើងញ័រដៃញ័រជើង ឃ្លានរហូតដល់ថ្នាក់វង្វេងវង្វាន់ គាំងសសៃប្រសាទអស់។ ខ្ញុំបានយកផ្លែអាវ៉ូកាដូ (ផ្លែប៊័រ) ទុំជោរមួយផ្លែយ៉ាងធំ មកពុះជាពីរ ហើយយកស្លាបព្រាដួសញ៉ាំទាំងឆៅតែម្ដង ព្រោះវាឈ្ងុយ ស្អិតរមួត ហើយខ្ញុំក៏ជាមនុស្សមិនចូលចិត្តរបស់ផ្អែមប៉ុន្មានផង។ ញ៉ាំផ្លែអាវ៉ូកាដូអស់មួយហើយ នៅចាក់ទឹកដោះគោស្រស់ដែលនៅសល់កន្លះប៊ីដុងផឹកទាំងអស់។ ហ៊ើយ! សាហាវណាស់…… ហើយម្ដេចក៏វាមិនចងចាំ? តាមពិតទៅ ខ្ញុំក៏ធ្លាប់អានសៀវភៅវេជ្ជសាស្ត្រ និង សៀវភៅសុខភាពផ្សេងៗជាច្រើននាកាលកន្លងមកដែរ។ មនុស្សយើង ពេលខ្លះ ធ្វើសកម្មភាពចេញទៅ ដោយមិនមានអន្តរាគមន៍ពីខួរក្បាលទេ មូលហេតុដោយសារតែ សភាវគតិ បានបញ្ចេញឥទ្ធិពលគ្របដណ្ដប់សព្វអស់សរីរាង្គកាយទៅហើយ។ គ្រប់ចលនាដែលស្ដែងចេញ មិនមែនជាការបញ្ជារពីខួរក្បាលទេ។ ខួរក្បាលក៏មិនបានកត់ត្រាកំណត់ហេតុនោះភ្លាមៗឡើយ។ អ្នកបញ្ជារ គឺក្រពះវិញ្ញាណ ជិវ្ហាវិញ្ញាណ និង សរីរវិញ្ញាណទៅវិញ។

នេះបើកុំតែខ្ញុំប្រុងប្រៀបថានឹងទៅសម្អាតធុងសំរាម ក៏ប្រហែលជាខ្ញុំនៅតែរកនឹកមិនឃើញថា ហេតុអ្វីបានជាខ្ញុំមិនឃ្លានអាហារ? គិតៗទៅ គួរចង់សើចដែរ។ អង្កាល់នៅពីតូច មានរឿងបែបនេះកើតឡើងតែញយ។ ច្រលំញ៉ាំបាយដល់ទៅ២ដង ហើយអង្គុយឆ្ងល់ថា ម្ដេចក៏លេបមិនចូល? ហឹ! តាមពិតខ្ញុំមិនមែនជាមនុស្សចម្លែកអីទេ មកពីខ្ញុំជាមនុស្សគិតច្រើនពេកទេតើ។ ឲ្យរាង ថ្ងៃក្រោយ ពេលធ្វើអ្វីមួយ កុំតក់ក្រហល់ កល់ក្រហាយខ្លាំងពេក វាអាចបណ្ដាលឲ្យបាត់កំណត់ត្រាទិន្នន័យក្នុងខួរក្បាលជាយថាហេតុ។

អត្ថបទកំដរថ្ងៃលិច

_________

កំណត់ហេតុ លឹម វីរីយ៉ា

ភ្នំពេញ ២៩ វិច្ឆិកា ២០១៨

លឹម វីរីយ៉ា (1)

អារម្មណ៍ពិតមួយ…

ខ្ញុំបានលង់កាន់តែជ្រៅទៅ ជ្រៅទៅ ក្នុងផេះមនោសញ្ចេតនាខ្លួនឯង ដែលពិបាកពន្យល់ជាទីបំផុត នៅពេលដែលរូបកាយរបស់ខ្ញុំ ត្រូវបានគេនាំយកទៅដល់ពិភពថ្មីមួយពោរពេញដោយសុខសន្តិភាព និង ភាពស្រស់បំព្រងនៃធម្មជាតិ។ ខ្ញុំភ្ញាក់ផ្អើលនឹងព្រលឹងវិញ្ញាណខ្លួនឯង រកថ្លែងមិនត្រូវ ក្នុងខណៈដែលខ្ញុំកំពុងបណ្ដែតអារម្មណ៍ស្លុងស្លុយទៅក្នុងកូនផ្ទះតូចៗកណ្ដាលព្រៃដ៏ស្ងប់ស្ងាត់ ស្រាប់តែឮសូរមាត់មនុស្សក្បែរខាងពោលថា “ជួលទៀត ក៏មិនមកនៅដែរ! កន្លែងស្អីស្ងាត់អន្ទ្រងរកតែឡានម៉ូតូបរកាត់មួយមិនឃើញអីចឹងនុះ”។ ខ្ញុំភ្ញាក់ព្រើតនឹងការបញ្ចេញអារម្មណ៍របស់អ្នកដទៃដែលផ្ទុយស្រឡះពីអ្វីដែលខ្ញុំកំពុងតែសុបិន។

មែនហើយ! ទីនេះ ស្ងាត់ណាស់ បើទោះបីជាវាមានផ្ទះជាច្រើន នៅបន្តគ្នាជាប់រដឹកក៏ពិតមែន ប៉ុន្តែរចនាប័ទ្មជីវិតរបស់ប្រជាពលរដ្ឋសាសន៍នេះ មិនមែនជាមនុស្សក្ឌុងក្ឌាំង អ៊ឺងកង ដូចសាសន៍ចិនយួននោះទេ។ ពួកគេរស់នៅយ៉ាងស្ងៀមស្ងាត់ ប្រកបដោយសីលធម៌ និងការគោរពឲ្យតម្លៃបរិដ្ឋានជុំវិញ រវាងគ្នា និង គ្នា។

ខ្ញុំជាអ្នកណា? មកពីណា? ហេតុអ្វីបានជាខ្ញុំមកភ្លាត់មនោសញ្ចេតនាកណ្ដាលទ្រូងព្រៃនេះទៅវិញ? ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ខ្លាំងឡើង នៅពេលដែលខ្ញុំត្រូវបានផ្ដល់ជម្រើសសម្រាប់ ជីវិតរស់ក្នុងសុភមង្គលផ្ទាល់ខ្លួន។

ពីមួយថ្ងៃ ទៅមួយថ្ងៃ ខ្ញុំកាន់តែស្អប់ខ្ពើមភាពអ៊ូអរ ខ្ញុំរអើមនឹងហ្វូងមនុស្ស ដែលនិយមបង្អួតទ្រព្យសម្បត្តិគ្នា លើកដម្កើងគ្នាជ្រុលហួសហេតុ។ ខ្ញុំចង់គេចចេញពីហ្វូងមនុស្សដែលឲ្យតម្លៃមាសប្រាក់ ជាងចំណេះដឹង និងគុណធម៌។ ខ្ញុំចង់រស់នៅកន្លែងនេះ!!!IMG_4703

រស់ហើយសឹមស្លាប់…

រស់ឱ្យដឹងជ្រៅ នៅឱ្យដឹងជ្រោះ
ស្លាប់ដូចនៅរស់ កុំរស់ទាំងស្លាប់
ប្រឆាំងនឹងព្រះ ឈ្នះទៅទាំងផ្កាប់
រស់បំពានច្បាប់ ស្លាប់បំប៉ោងដី។

រស់ឱ្យដឹងខ្យល់ ខ្វល់ឱ្យដឹងព្យុះ
រៀនឱ្យស្គាល់មនុស្ស ជុះឆ្ងាយដំរី
កុំខ្វាក់ទាំងភ្លឺ ឮហើយមិនស្ដី
រស់រំលោភដី ន័យស្មើសំរាម។

ស្លាប់ឱ្យគេស្ដាយ ឆ្ងាយឱ្យគេនឹក
ដេកយប់ទើសព្រឹក ស្ពឹកមុខរហាម
ដង្ហើមនៅមាន ហ៊ានរស់ឈ្លោះកាម
កុំល្មើសបំរាម ហាមស្លាប់ទាំងរស់។

រស់ឱ្យគេត្រាប់ ស្លាប់ឱ្យគេយំ
ស្នូលដីតែម្ដុំ កុំឱ្យដូរឈ្មោះ
រៀនត្រាប់អ្នកប្រាជ្ញ ខ្លាចច្បាប់អាប់យស
មុនស្លាប់ថែមឈ្មោះ ជួសពាក្យបណ្ឌិត។

រស់មិនដែលឆាប់ ស្លាប់មិនដែលយូរ
កុំដេករអ៊ូ តស៊ូខុសក្រិត្យ
ទ្រព្យព្រេងសំណាង សាងដោយមនុស្សពិត
យកព្រះជាមិត្ត ស្ថិតនៅផ្លូវសុខ។
———
លឹម វីរីយ៉ា🌸
ថ្ងៃអាទិត្យ ថ្ងៃកោរ ១៣រោច ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែសីហា គ.ស ២០១៧

ថតនៅក្នុងផ្សារទំនើប អ៊ីអន ដោយស្នាដៃ កូនប្រុសច្បងម៉ាក់យ៉ា កុមារា ជ័យបុត្រ ក្រោយចេញពីរោងកុនមកវិញ

មនុស្សអគតិសង្គ្រោះពិភពលោក

ខ្ញុំចេះតែអង្គុយនឹកហួសចិត្តនឹងរឿងរ៉ាវប្លែកៗក្នុងដែនចក្រវាលនេះ…… គិតសព្វៗទៅ បើសិនជាភពផែនដីនេះ គ្មានមនុស្សអគតិខ្លះទេ ពួកយើងច្បាស់ជាគ្មានបានអភិវឌ្ឍរីកចម្រើនដល់ឋានព្រះចន្ទ ព្រះអង្គារ អីហ្នឹងទេ មែនឬអត់? នៅពេលដែលគេដៀលនរណាម្នាក់ថា អាមនុស្សទុទ្ទិដ្ឋិ អាមនុស្សខ្មៅងងឹត អាមនុស្សខុសគេ ពេលនោះ យើងភ្លេចគិតដល់ជ្រុងម្ខាងទៀតដែលគ្របដណ្ដប់ដោយគុណសម្បត្តិទៅវិញ។

lady-shadow-walking-on-the-beach

ឥឡូវសាកឧបមា លែងបន្តិចពីផលដែលចេញមកពីហេតុ នៃបណ្ដុំអាជីវកម្មខ្លះដែលមនុស្សភាគច្រើនអាចនឹងគិតថា “ដូចឆ្កួតអីចឹង”។ ឧទាហរណ៍ ហេតុអ្វីបានជាមានក្រុមហ៊ុនធានារ៉ាប់រង? ខណៈដែលមនុស្សម្នាក់សម្រេចចិត្តចាយវាយទ្រព្យសម្បត្តិដែលខិតខំរកមកដោយលំបាក ទៅទិញធានារ៉ាប់រង មានន័យថា គេនុះ គឺជា “ជនអគតិ” បាត់ទៅហើយ។ បើត្រឹមតែទិញធានារ៉ាប់រងលើការខូចខាតទ្រព្យសម្បត្តិនោះ វានៅស្រាលទេ តែបើទិញធានារ៉ាប់រងលើអាយុជីវិតទៀត គេនឹងគិតថា ឆ្កួតពេញធឹងហើយ។ចុះបើក្រុមហ៊ុនធានារ៉ាប់រងមួយមាន អតិថិជនដល់ទៅរាប់លាននាក់ អីចឹងវាក៏មានន័យស្មើនឹងថា ជនអគតិ មានច្រើនរាប់លាននាក់ដែរហើយ។

អ្នកប្រាជ្ញដែលច្នៃផលិតយន្តហោះ គឺជាមនុស្សសុទិដ្ឋិ ប៉ុន្តែបើគ្មានអ្នកប្រាជ្ញស៊េរីទុទ្ទិដ្ឋិទេ ក៏យើងគ្មានឆត្រយោង។ អ្នកប្រាជ្ញដែលផលិតយានយន្ត ដូចជាម៉ូតូ ឡាន បើគ្មានគំនិតអគតិខ្លះទេ ក៏គេមិនបំពាក់ពោងខ្យល់  ខ្សែក្រវាត់ និងមួកសុវត្ថិភាពមកជាមួយដែរ។ អ្នកជិះយន្តហោះស្ទើររាល់ខែ ច្បាស់ជាធុញទ្រាន់នឹងសកម្មភាពណែនាំ១០នាទីមុនហោះហើរ សម្រាប់អ្នកដំណើរចេះសង្គ្រោះខ្លួនឯងពេលយន្តហោះធ្លាក់។ ដូច្នេះមានន័យថា ជើងរៀបនឹងផុតដី គិតទុទ្ទិដ្ឋិបន្តិចទៅថា ហោះហើរលើមេឃ ជីវិតយើង សេសសល់តែពាក់កណ្ដាលទេ។ អ្នកខ្លះធុញទ្រាន់ យកតែមែនទែន (ខ្ញុំក៏ធុញដែរ) ដរាបណាមិនធ្លាប់ ធ្លាក់ស្លាប់ឲ្យបានម្ដងសិន។

Viriya 000001

អង្កាល់ពី៣ឆ្នាំមុន ខ្ញុំបានថតរូបប៉ាណូផ្សាយពាណិជ្ជកម្មពីហាងលក់ក្ដារមឈូស ដែលមានអាសយដ្ឋាន និង លេខទូរស័ព្ទទាក់ទង ហើយបង្ហោះចូលក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ខ្ញុំដឹងថា ហ្វ្រែនទាំងឡាយរបស់ខ្ញុំនឹងមិនពេញចិត្តប៉ុស្ដិ៍នេះទេ។ លុះប៉ុន្មានខែក្រោយមក ម្ដាយខ្ញុំក៏ចែកឋាននាវេលាល្ងាចថ្ងៃលិចទៅហើយ។ បងប្អូនគិតតែស្រែកយំឆោឡោ ចំណែកខ្ញុំ បានបើកឡានប្រកបដោយភាពជឿជាក់ទៅហាងលក់ក្ដារមឈូសដែលខ្ញុំធ្លាប់បានកត់ចំណាំ ចាំទុករួចមកហើយ។

បច្ចុប្បន្ន ខ្ញុំហាក់រីករាយចិត្តច្រើន នៅពេលដែលឃើញមានអ្នកវិនិយោគលើសេវាបុណ្យសពហ៊ានផ្សព្វផ្សាយពាណិជ្ជកម្មដោយបើកចំហរនិងទូលំទូលាយជាងមុន។ នឹកឃើញដល់រឿងនេះ អង្កាល់ប៉ុន្មានឆ្នាំមុន កាលដែលខ្ញុំបង្រៀនថ្នាក់ម៉ាឃីតធីងនៅសាកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាប ខ្ញុំបានបង្ខំឲ្យនិស្សិតសរសេរកូនលំហាត់ហ្វឹកហាត់ខួរក្បាលទាក់ទងនឹងគំនិតអាជីវកម្មសេវាបុណ្យសពនេះ។ ពួកគេស្ទើរតែទាំងអស់ ហាក់គាំងគំនិតសរសេរមិនចេញ ព្រោះតែពួកគេ មិនដែលឃើញការផ្សព្វផ្សាយពីសេវាបុណ្យសពក្នុងទម្រង់ធំទូលាយសោះពីមុនមក។ មាននិស្សិតខ្លះលួចនិយាយដើមខ្ញុំ ដោយពាក្យរិះគន់ចំអកឡកឡើយជាច្រើនអន្លើដែរ ព្រោះតែគេនៅមិនទាន់យល់ពីទស្សនវិជ្ជាជីវិត និង អាជីវកម្ម។

IMG_8872

អានមកដល់ត្រង់នេះ មិត្តប្រាកដជា គិតថា ខ្ញុំអួតខុសរឿងហើយ។ តាមពិតខ្ញុំមិនបានអួតអាងអីទេ គ្រាន់តែចង់ដាស់តឿនមនុស្សលោកថា ការដកដង្ហើមស្រូបយកខ្យល់ដើម្បីរក្សាជីវិតគ្រប់វិនាទីនេះ មានតម្លៃណាស់ ព្រោះសេចក្ដីស្លាប់នៃយើងគ្រប់គ្នា សុទ្ធតែមើលមិនឃើញមុនឡើយ  ដូច្នេះហើយ ការត្រៀមខ្លួនស្លាប់ នឹងធ្វើឲ្យយើងរស់បានយូរជាងធម្មតា។

ឆ្លងមកដល់រឿងរ៉ាវប្រទេសជាតិវិញ បើសិនជានគរមួយ  គ្មានបក្សប្រឆាំងចាំស្រែកជេរ រិះគន់ តវ៉ា សន្សំរឿង ចាក់រុក អុជអាល ខ្លះទេ ប្រទេសជាតិនោះ នឹងគ្មាននយោបាយល្អប្រសើរបានឡើយ។ បើយើងមានទូរទស្សន៍ វិទ្យុ សារពត៌មាន ដែលផ្សាយតែពីរឿងល្អៗ ក៏គួរតែឲ្យមានទូរទស្សន៍ វិទ្យុ និង សារពត៌មាន ដែលផ្សាយរឿងអគតិខ្លះដែរទៅ ដើម្បីជញ្ជីងនយោបាយរបស់ក្រុមអ្នកវិភាគ មានតុល្យភាព និងអាចកាត់បន្ថយនូវអ្នកគាំទ្រផ្កាប់មុខ និង អ្នកគាំទ្រផ្ងារពោះ ឲ្យរៀនចេះក្រឡាប់ផ្កាប់ផ្ងារឆ្វេងស្ដាំមុខក្រោយលើក្រោម បានដោយសម្រេច រស់នៅចុះសម្រុងគ្នាដោយសន្តិភាព។

ក្រៅពីនោះ ជីវិតបុគ្គល រាល់រូបកាយ ក៏គួរតែប្រដំប្រសងគ្នាទៅទាំងព្រមនូវឥរិយាបថគ្រប់បែបយ៉ាង។ បើធ្លាប់តែស្លូតបូត ក៏គួររៀនដើរតួកាចឆ្នាសខ្លះទៅ ហើយអ្នកដែលថ្នឹកនឹងឈុតឆាក កប៉ាល់ភ្លើង គួរតែហ្វឹកហាត់សម្ដែងជាតួស្លូតបូត ផ្អែមល្ហែមស្រគត់ស្រគំខ្លះ ក៏ល្អដែរ។ បើជាមេដឹកនាំដែលធ្លាប់តែម៉ឺងម៉ាត់ផ្ដាច់ការ តឹងរឹង ពេលខ្លះបើបានសម្ដែងធ្វើជាឡប់ៗខ្លះជាមួយនឹងកូនចៅនៅតាមចិញ្ចើមថ្នល់ ហើយថតវិដេអូបង្ហោះចូលក្នុងអ៊ីនធើណិតម្ដងម្កាល ក៏អាចនឹងកើនប្រជាប្រិយភាពមួយកម្រិតទៀតដែរ។ ព្រោះថា ជីវិត គឺជា ឆាកល្ខោន ហើយកាតព្វកិច្ចរបស់មនុស្សគ្រប់រូប គឺត្រូវរៀនដើរតួ។ បើតួដដែលៗយូរៗពេក គួរឲ្យជ្រក់ជ្រេញក្នុងក្រសែភ្នែកអ្នកទស្សនាខ្លាំងណាស់។ អីចឹងការផ្លាស់ប្ដូរ យ៉ាងហោចណាស់ ក៏គួរតែឲ្យមានខ្លះក្នុងឆាកជីវិតរស់ ទើបល្ខោនជីវិតយើងមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ប្រហើរក្នុងលោកុត្តរចិត្ត។

ខ្ញុំប្រាប់រឿងពិតមួយ ដែលអង្កាល់នោះម៉ាក់តែងតែខឹងនឹងប៉ា ដោយសារតែប៉ាខ្ញុំតែងតែផ្ដាំកូនចៅថា បើធ្វើដំណើរទៅណាមកណាឆ្ងាយទាំងពូជទាំងគ្រួសារអីចឹង បំបែកឡានគ្នាខ្លះទៅកូន ក្រែងឡានមួយមានបញ្ហា នៅមានមួយទៀតអាចជួយគ្នាបាន។ ពេលកូនចង់ទិញផ្ទះ ប៉ាតែងតឿនថា មើលច្រកផ្លូវចូលទៅផ្ទះយើងផង បើឡានទឹកចូលមិនចុះទេ កុំទៅទិញអី ក្រែងភ្លើងឆេះផ្ទះ គេជួយមិនបាន… ។ ។ល។ និង ។ល។ អ្នកស្រលាញ់ប៉ាខ្ញុំ អាចនឹងគិតថា គាត់ជាមនុស្សប្រុងប្រយ័ត្នគ្រប់ជំហាននៃជីវិតរស់នៅ តែអ្នកមិនចូលចិត្តវិញ គេនឹងគិតថា អគតិពេកហើយ។ តាមការពិតទៅ ការប្រុងប្រយ័ត្នជារឿងល្អប្រពៃណាស់ តែប្រុងប្រយ័ត្នជ្រុលហួសហេតុ ច្បាស់ជាក្នុងមួយជីវិតនេះ ធ្វើអ្វីមិនចេញជារូបរាងថ្មីកើតទេ ហើយពេលនោះ វានឹងប្រឆាំងទ្រឹស្ដីនៃ សហគ្រិនភាព មិនខាន ព្រោះតែគេចែងថា សហគ្រិន ជាអ្នកហ៊ានប្រថុយ នុះអី។

នៅមានលោកធាតុ ធម្មជាតិច្រើនឥតគណនាទៀតណាស់ ដែលយើងអាចយកមកវែកញែកប្រដេញចេញជាបទវិភាគទាក់ទងនឹងគុណសម្បត្តិនៃគំនិតអគតិ ប៉ុន្តែនិយាយច្រើន និង សរសេរច្រើន គឺជាភាពធុញទ្រាន់មួយនៃអ្នកតាមដានទស្សនានិងអាន។ សង្ឃឹមថាមិត្តៗរបស់ខ្ញុំ នឹងក្លាយជាមនុស្សមជ្ឈិម ដែលដេកដើរឈរអង្គុយលើផ្លូវកណ្ដាលជាដរាប តែហាមដើរកណ្ដាលថ្នល់ ជាដាច់ខាត!
——-
អត្ថបទដោយ៖ លឹម វីរីយ៉ា (រក្សាសិទ្ធិ)

ភ្នំពេញ  ថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា គ.ស ២០១៧

love 04

Viriya 00002