Professional Mode នៅក្នុងផលិតផល Facebook នៃក្រុមហ៊ុន Meta ត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់តាំងពីខែធ្នូឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែកាលណោះ ក្រុមអ្នកបច្ចេកទេសដាក់ឱ្យតែ Account អ្នកប្រើប្រាស់ទាំងឡាយណាដែលជា Creators សម្រាប់ពួកគេរកប្រាក់ចំណូលពីការច្នៃប្រតិដ្ឋ បង្កើត Features ថ្មីៗនៅក្នុង Facebook តែប៉ុណ្ណោះ។ លុះ១ឆ្នាំក្រោយមក ពោលគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ទើបទម្រង់មួយនេះ ត្រូវបានដាក់ប្រកាសឱ្យប្រើប្រាស់ជាទូទៅ។
មិត្តអ្នកអានប្រហែលជានៅចងចាំបាន ព្រឹត្តិការណ៍ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ គ្រាន់តែមួយយប់សោះ អ្នកប្រើ Facebook គ្រប់គ្នាបាត់អ្នកតាមដាន (Followers) អស់ នៅសល់តែម្នាក់ជាង 9K (៩ពាន់) នាក់ (សម្រាប់អ្នកដែលមាន Followers លើសពី 9K) ប៉ុន្តែអ្វីៗក៏ត្រលប់មកដូចដើមវិញ នៅ១២ម៉ោងបន្ទាប់។ មូលហេតុនៃបញ្ហា កាលណោះ គឺដោយសារតែកំហុសបច្ចេកទេសបន្តិចបន្តួចរបស់ក្រុមអ្នកជំនាញ ដែលកំពុងស៊កបញ្ចូលកម្មវិធី Professional Mode នេះឯង។ លុះវាដំណើរការជាប្រក្រតីមកវិញបានបន្តិច យើងក៏ចាប់ផ្ដើមសង្កេតឃើញថា ចំនួន Followers នៃគណនីឯកជនធម្មតា និង គណនី FB Page ចាប់ផ្ដើមបង្ហាញឱ្យឃើញនូវតួលេខ ដកថយចុះ ម្ដងបន្តិចៗ ជារៀងរាល់ថ្ងៃ។ ហេតុអ្វី?
ព្រោះថា ក្រោយពេលមាន Feature នេះហើយ អ្នកប្រើប្រាស់បានចុច ផ្លាស់ប្ដូរ គណនី ខ្លួនឯងពី Personal Profile ទៅជា Professional Mode។ ក្រោយពេលគណនីបានដូរទៅជា Professional Mode វាបានលោតបង្ហាញចេញនូវតួលេខនៃបញ្ជី Followers និង Following (ដូចគ្នានឹង Instagram ដែរ) នៅជួរលើបំផុត។ ហើយអ្នកប្រើប្រាស់ ក៏ចាប់ផ្ដើមចុចចូលទៅមើលឈ្មោះបញ្ជីនៃបុគ្គលឬស្ថាប័ននានា ដែលគេបានចុចតាមដានកន្លងមក តែមិនដែលឃើញលោតព័ត៌មាន។ (រឿងនេះវាស្មុគស្មាញនឹងពន្យល់ណាស់ ថាហេតុអ្វីយើងចុចតាមដានហើយ ប៉ុន្តែនៅតែមិនឃើញព័ត៌មានលោតចូលក្នុង New Feeds។) ម្ល៉ោះហើយ ម្ចាស់គណនី ក៏ចាប់ផ្ដើមបោសសម្អាតដោយខ្លួនឯងម្ដងបន្តិចៗ និងជារៀងរាល់ថ្ងៃ ពីគ្រប់ទិសទី ជាហេតុធ្វើឱ្យចំនួនតួលេខ Followers ទាំងខ្ញុំ ទាំងគេ មានដំណកថយម្ដងបន្តិចៗដែលអាចកត់សម្គាល់បាន។
ជាក់ស្ដែង ខ្ញុំខ្លួនឯង ធ្លាប់បានសាកល្បងផ្លាស់ប្ដូរ ពី Personal Profile ទៅជា Professional Mode ដែរ ហើយឃើញថាបញ្ជី Following របស់ខ្ញុំមានដល់ទៅ 1.5K លុះចូលទៅមើល ទើបដឹងថាភាគច្រើន ជា Pages ដែលខ្ញុំហាក់មិនចងចាំ មនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ និង ឈ្មោះគណនីប្លែកៗជាច្រើនផ្សេងទៀត ទើបខ្ញុំសម្រេចចិត្តលុបចេញវិញ នៅសល់តែប្រមាណជាជិត ៥០០ គណនី តែប៉ុណ្ណោះ ដែលភាគច្រើនជាទំព័រផ្ដល់ព័ត៌មានសំខាន់ៗ និងមានប្រយោជន៍ ដែលខ្ញុំចង់ឃើញនិងចង់អានរាល់ថ្ងៃ។
គិតមកទើសនឹងពេលនេះ (ខែកុម្ភៈ ២០២៣) កម្មវិធីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ មានន័យថា ស្ថាបនិកក្រុមហ៊ុន Meta, Mark Zuckerberg ក៏មិនទាន់ម៉ឺងម៉ាត់១០០% ថានឹងដាក់រហូត ឬដកចេញវិញនូវពេលណាមួយឡើយ គេត្រូវរង់ចាំលទ្ធផលរយៈពេល១ឆ្នាំយ៉ាងតិចជាមុនសិន ដើម្បីអាចដឹងពីសន្ទុះប្រែប្រួល និងវិបាកនានាដែលនឹកស្មានមិនដល់។
ឥលូវយើង មកដឹងវិញថា តើការសម្រេចចិត្តផ្លាស់ប្ដូរគណនីហ្វេសប៊ុគ ពីធម្មតា ទៅជាបែបផ្លូវការ ឬហៅថាបែបវិជ្ជាជីវៈ មានផលប៉ះពាល់អ្វីខ្លះ ដល់អ្នកប្រើប្រាស់?
ក្រុមហ៊ុន មេតា តាមពិតកំពុងដើរលើគំរូអាជីវកម្ម “C2C” គឺយកអ្នកប្រើប្រាស់ ធ្វើជាអ្នកលក់និងអ្នកទិញផ្ទាល់តែម្ដង ដោយមិនចាំបាច់មាន Page បន្ថែមមួយទៀត នាំតែឈឺក្បាលដូចលើកមុន។ ដូច្នេះការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធម្មតា ប្ដូរគណនីទៅជា Professional Mode នឹងអាចជួយដល់ ម្ចាស់គណនី ដែលមានចំនួន Followers ច្រើនស្រាប់ (ចាប់ពី ១ម៉ឺននាក់ឡើង) មានមាតិកាល្បីៗស្រាប់ (ដែលមិនបានចម្លងពីគេ) អាចរកប្រាក់ចំណូល (Monetize) បានយ៉ាងងាយស្រួលពី Ads ផ្សាយពាណិជ្ជកម្មផ្សេងៗដែលវានឹងលោតចូលមកក្នុងប៉ុស្ដិ៍ដែលយើងដាក់ផ្សាយ។ និយាយងាយស្ដាប់យល់ គឺអាចរកស៊ី រកលុយកាក់បានស្រួលជាងមុន។ ហើយ ក្រាហ្វិក របស់ហ្វេសប៊ុគ ក៏ទាញគំហើញ នៃគណនីយើង ឱ្យសាធារណជនបានឃើញរឹតតែល្អជាងមុនដែរ។ ទាំងនេះហើយ ជាអត្ថប្រយោជន៍ ដ៏ល្អក្នុងការប្ដូរពីគណនីឯកជនធម្មតា ទៅជាគណនីវិជ្ជាជីវៈ។
ទោះជាយ៉ាងណាក៏ដោយ បើពិចារណាទៅដល់គុណវិបត្តិរបស់វា ក៏មិនអត់ដែរ។ ប្រសិនបើ លោកអ្នកប្រើប្រាស់ កំពុងតែមាន Page ស្រាប់ ខ្ញុំសូមណែនាំថា កុំអាលប្ដូរ Personal Account ទៅជា Professional Mode នៅពេលនេះអី ព្រោះថា៖
ប្រសិនបើយើងដូរពី គណនីឯកជន ទៅជាគណនីរកស៊ី គឺគ្រប់ព័ត៌មានដែលយើងបង្ហោះចេញ នឹងលែងមានឯកជនភាពតទៅទៀតហើយ (ក្នុងករណីដែលយើងនៅចង់រក្សាឯកជនភាពក្នុងក្រុមគ្រួសារ)។ Professional Mode នឹងទាមទារឱ្យយើងបង្ហោះគ្រប់យ៉ាងជាសាធារណៈ ដែលពេលខ្លះព័ត៌មានផ្ទាល់ខ្លួនដូចជា រូបថតកូនចៅ ឬសកម្មភាពក្នុងផ្ទះសម្បែង ក៏លែងក្លាយជាឯកជនដែរ។ រឿងនេះវាប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនមួយចំនួន ប្រសិនបើយើងជាប្រភេទអ្នកប្រើដែលបង្ហោះមិនចេះពិចារណាវែងឆ្ងាយ។
គុណវិបត្តិមួយទៀត គឺ ប្រសិនបើកន្លងមកគណនីរបស់យើង ធ្លាប់យករូបថតពីប្រភពផ្សេងៗមិនដឹងទិសតំបន់ វិដេអូផ្សេងៗដោយគ្មានការអនុញ្ញាតិសិទ្ធិ យកមកដាក់បង្ហោះ (ទោះជាតាំងពីយូរណាស់មកហើយក៏ដោយ) យើងនឹងទទួលបានពាក្យបណ្ដឹងដោយស្វ័យប្រវត្តិ ក្រោយពេល Switch Account ទៅជា Professional Mode ភ្លាមៗ។ មានន័យថា ប្ដូរចូលគន្លងផ្លូវរកស៊ីហើយ តែនៅតែរកស៊ីមិនបានដដែល ហើយជាប់ឈ្មោះក្នុងបញ្ជីក្រហមរបស់ Meta ថែមទៀត (បញ្ជីក្រហម ជាបញ្ជីឈ្មោះម្ចាស់គណនីណា ដែលរំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងប្រព័ន្ធ Meta)។
ក្រោយពេលក្លាយជា Professional Mode អ្នកមិនអាចបង្ហោះអ្វីៗទៅតាមតែចិត្តនឹកឃើញដូចមុនទៀតឡើយ ព្រោះពាក្យថា Professional ប្រែថា វិជ្ជាជីវៈ ហើយដើម្បីគោរពគោលការណ៍វិជ្ជាជីវៈបាន យើងត្រូវបានគេដកហូតសិទ្ធិច្រើនខ្លាំងណាស់ ស្រួលមិនស្រួល អាចនឹងត្រូវបានគេប្លុកគណនី ប្រើលែងកើតផងក៏ថាបាន។
ចំណុចគួរជាទីខកចិត្តមួយទៀត គឺថា ក្នុងក្បួនរកស៊ីរបស់ក្រុមហ៊ុនបណ្ដាញសង្គម មួយណាក៏ដូចមួយណាដែរ បើកាលណាគេជួយរកប្រាក់ចំណូលឱ្យយើង វាលុះត្រាតែយើងបង់ពន្ធផាស៊ីឱ្យគេវិញដែរ។ ប្រសិនបើយើងធ្លាប់កាន់ Page យើងយល់ហើយ។ ដើម្បីមាន Views ច្រើនៗ វាទាល់តែយើងប្រើលុយ ហើយបើគ្មានលុយទេ វាទាល់តែយើងជាកំពូលអ្នកបង្កើតគំនិតប្លែកៗ ដែលគេហៅថា Creative Content។ ហើយយើងមិនអាចលួចចម្លងគេផ្ដេសផ្ដាសបានទេ គ្រោះថ្នាក់ណាស់!
ពីរបីខែនេះ តាំងពីក្រុមហ៊ុន Meta ដាក់ឱ្យប្រើប្រាស់ Feature មួយនេះ សង្កេតឃើញថា មាន Friends ខ្ញុំជាច្រើនបានផ្លាស់ប្ដូរគណនីទៅជា Professional Mode រួចហើយ។ ប្រសិនបើចោទសួរទៅពួកគេថា តើមានបានលុយកាក់ខ្លះហើយឬនៅពីការផ្លាស់ប្ដូរនោះ? ឬក៏ឃើញគេប្ដូរ ក៏ចេះតែប្ដូរតាមតែគ្នាទេ?
ជាថ្មីម្ដងទៀត! យោបល់ខ្ញុំ ប្រសិនបើលោកអ្នកកំពុងមាន Page សូមកុំប្ដូរ Personal Profile ចេញអី ព្រោះ យ៉ាងហោចណាស់ យើងអាចបែងចែកកិច្ចការងារផ្សេងៗដាច់ដោយឡែកពីគ្នា រឿងរកស៊ី រឿងផ្ទះសម្បែង ក្រុមគ្រួសារ ឱ្យមានសុវត្ថិភាពពី Cyber Crime។ ហើយមួយទៀត ស្ថាបនិកនៃក្រុមហ៊ុនយក្សនេះ ក៏មិនទាន់បានបង្កើត License Agreement អីជាមួយនឹងយើងនៅឡើយដែរ ដូច្នេះគេចង់បិទវិញថ្ងៃណា ក៏គេអត់ខុស។ ខ្វះអី Feature ល្អលេងម៉ាគំនរ ដាក់ហើយ ដកចេញទៅវិញបាត់អស់ ដូចជា ស៊ុមរូបថតប្រូហ្វាល (Profile Photo Frame) វិដេអូប្រូហ្វាល (Video Profile) ដូចជា ស្ទីកឃើរសញ្ញាអរគុណ (Thank you reaction) ផ្ទាំងសរសេរដូចប្លក់ (Note) … ។ល។ ដែលពីមុនមានប្រើ ឥលូវគេដកវិញអស់។ សូម្បីតែសញ្ញាគ្រីសពណ៌ខៀវ (Blue Tick) ដែលបាន Verified ឱ្យគេហើយនោះ ក៏ឥលូវគេប្រកាសទារលុយបង់ប្រចាំខែដែរ។ ដូច្នេះឃើញថា គ្មានអ្វីទៀងទាត់ជាទីទុកចិត្តទេ។ ហ្វេសប៊ុគទាំងមូល ប្រែប្រួលតាមកម្សួលចិត្តដឹកនាំរបស់បុរសវ័យក្មេងម្នាក់ទេតើ!
ហើយអ្វីដែលខ្ញុំចង់បន្ថែមចុងក្រោយ គឺ ក្នុង Page ដែលយើងប្រើសព្វថ្ងៃ មានប្រព័ន្ធប្រតិបត្តិការដែលមានសុវត្ថិភាពខ្ពស់ក្នុងការ ការពារយើងពីអំពើចោរកម្ម Hack លុយចេញពីគណនីធនាគារ។ ប៉ុន្តែនៅក្នុង Personal Profile ធម្មតានោះ អត់មានទេ។ ហើយខ្ញុំធ្លាប់មានបទពិសោធរបូតលុយអស់ $25 ម្ដង ពីក្នុង Personal Profile ដោយគ្រាន់តែចុចលើព័ត៌មានគ្រោះរញ្ជួយដីនៅប្រទេសមួយ (ខ្ញុំភ្លេចហើយកាលពីពីរបីឆ្នាំមុន) ដែលគេផ្សាយថា សូមជួយសង្គ្រោះមនុស្សទុរ្ភិក្សដោយសារគ្រោះធម្មជាតិ។ ដំបូងឡើយខ្ញុំប្រុងចូលទៅអាន តែមិននឹកស្មានថា គ្រាន់តែចុចចូលភ្លាម ជាប់អន្ទាក់គេអស់ $25 (តួលេខនោះគេដាក់ស្វ័យប្រវត្តិជាប់ប៊ូតុងព័ត៌មាន) ចេញពីគណនីធនាគារ ABA។ តាំងពីនោះមក ខ្ញុំក៏ឈប់យក Personal Profile សម្រាប់ភ្ជាប់ក្នុងការទិញ លក់ អនឡាញតទៅទៀត។ ពោលគឺ ប្រើតែក្នុង Page ម្យ៉ាងគត់។
សង្ឃឹមថាការផ្ដល់គំនិតខ្លះៗនេះ អាចជួយលោកអ្នកពិចារណាបានរឹតតែល្អិតល្អន់ មុនពេលសម្រេចចិត្ត Click លើអ្វីមួយក្នុងអ៊ីនធើណិត។ បើខ្ជិលអាន Software License Agreement ដែលមានប្រវែងវែងៗ សូមកុំខ្ជិលអានប្លក់របស់ខ្ញុំអី ខ្ញុំសរសេរខ្លីៗទេ!




















































































































