Category Archives: គំនិតគួរពិចារណា

គេថា “សស្អាត” និង “ស្លៀកទៅថ្លៃថ្នូរ”…

ក្នុងមធ្យោបាយទាក់ទាញខ្លះរបស់អ្នកលក់​ ភាសាផ្សាយពាណិជ្ជកម្មដែលធ្វេីឱ្យមនុស្សមានផ្នត់គំនិតខុសឆ្គង​ រួមមាន៖ អ្នកលក់ឡេម្សៅនិយាយថា​ “សស្អាត​“ អ៊ីចឹង​​ ខ្មៅឥតស្អាតទេឬ? ទាល់តែសទេីបស្អាត?​ ភាសានេះ​ ត្រូវ​បានប្រេីយ៉ាងទូលំទូលាយ​ រហូតឈានដល់ឃ្លីបផ្សាយពាណិជ្ជកម្មវិជ្ជាជីវៈ​ ក៏ពោលបែបនេះ។ ស-ស្អាត?

តាំងពីកើតមក ខ្ញុំមិនដែលឮនរណានិយាយថា “ខ្មៅស្អាត លឿងស្អាត ស្រអែមស្អាត”។ នេះហើយជាហេតុផលដែលក្មេងស្រីៗ ជាពិសេសក្មេងនៅតាមស្រុកស្រែចម្ការ ក្មេងស្រីដែលរស់នៅធំធាត់ដោយមិនសូវទទួលបានការអប់រំ ក្មេងស្រីដែលរស់ក្នុងសង្គមមនុស្សពោលពាក្យខាងលើ តែងតែស្វះស្វែង ចាយលុយទិញ ក្រែមគីមីផ្សេងៗយកមកដុះខាត់ប្ដូរព៌ណស្បែក ទាំងដែល អ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញវិធីប្ដូរព៌ណស្បែកមនុស្សនៅឡើយផង។ ដូច្នេះ ពួកគេ គ្មានអ្វីក្រៅពីធ្វើឱ្យរបកស្បែករាងកាយខាងលើ ហើយបង្ហាញស្រទាប់ស្បែកខាងក្រោមទេ។ ពួកគេច្រឡំថា ស្បែកប្ដូរព៌ណទៅជាសហើយ តាមពិតគឺស្បែកខាងលើរបើករបាញ របកចេញ តែប៉ុណ្ណោះ។ ការធ្វើបែបនេះជារឿយៗ អ្នកប្រព្រឹត្តនឹងទទួលរងជំងឺមហារីកស្បែកជាប្រាកដ។ បញ្ហានេះ មិនមែនកើតតែលើក្មេងស្រី មនុស្សស្រីពេញវ័យ ស្ត្រីចំណាស់ តែម្យ៉ាងទេ បច្ចុប្បន្ន ក្មេងប្រុស បុរស ក៏មានដែរ។

ពួកយើង​គួរតែបង្កេីតទម្លាប់ថ្មីដែលប្រសេីរជាង​ និងត្រឹមត្រូវជាងនេះ។ បេីជាអ្នកលក់ឡេម្សៅផ្សេងៗ​ កុំលេីកតម្កេីងពណ៌សឱ្យហួសពីសច្ចៈខ្លាំងពេក។ សម្បុរស្បែក​មនុស្ស​ ពណ៌​អ្វីក៏ស្អាតដែរ​ ឱ្យ​តែម៉ត់រលោង។ ឈប់ប្រើពាក្យថា “ស ស្អាត” ទៀតទៅ គួរជំនួសដោយពាក្យថា “ស្បែកស្អាត” ហើយកុំយករឿងពណ៌សម្បុរមកប្រៀបធៀបគ្នា ព្រោះធម្មជាតិនៃពណ៌សុទ្ធតែស្អាតទៅតាមទម្រង់របស់វាដោយឡែកៗពីគ្នា។

រូបភាពផ្សាយពាណិជ្ជកម្ម នៅលើអ៊ីនធើណិត ដែលឈ្មួញប្រើប្រាស់ដើម្បីពង្វក់មនុស្សស្រី ឱ្យព្រមជឿថា ស្បែកពណ៌ស ទើបជាមនុស្សស្អាត

ចំណែកឯអ្នកលក់សម្លៀកបំពាក់​ Brand ថ្លៃៗ​ និយាយបញ្ជោរអ្នកទិញ​ថា​ “ស្លៀកទៅថ្លៃថ្នូរណាស់” តេីមានន័យថា​ តម្លៃ​នៃសាច់ប្រាក់​ ជាសូចនករណ៍​បញ្ជាក់ភាពថ្លៃថ្នូរ​ ឬថោកទាបរបស់មនុស្ស​ មែនទេ? ពាក្យនេះ​ ឃេីញប្រេីគ្រប់ច្រកល្ហក់​ គ្រប់ទីផ្សារលក់ដូរទំនិញផ្សេងៗ​ ជាពិសេសស្រីៗលក់ខោអាវតម្លៃខ្ពស់​ និងគ្រឿងតុបតែងរាងកាយមនុស្ស។ កុំបំផុសគំនិតថា​ ស្លៀកពាក់​របស់​ថ្លៃ​ ធ្វើ​ឱ្យ​មនុស្ស​ថ្លៃថ្នូរ។ សេចក្ដី​ថ្លៃថ្នូរ​នៃមនុស្ស​ មិនទាក់ទងនឹង​ Brand សម្លៀកបំពាក់​ទាល់តែសោះ។ ក្នុងភាសាអង់គ្លេស​ “expensive” ប្រែថា “​ថ្លៃ”។ ប៉ុន្តែ​ ពាក្យ​ថា​ “ថ្លៃថ្នូរ​“ គេបកទៅវិញជា​ “dignity”។ ពាក្យ​ទាំងពីរនេះ​ គ្មាន​ទាក់ទង​គ្នាអីឡេីយ។ តើការប្រើ​ “ទំនិញ​ថ្លៃ”​ ធ្វើ​ឱ្យ​អ្នកថ្លៃថ្នូរ? វាមិនអាចទេ! បើចង់ទាក់ទាញឱ្យគេទិញរបស់គុណភាពល្អ តម្លៃថ្លៃរបស់ខ្លួន អ្នកលក់ គួរនិយាយថា “ប្រើទៅជាប់បានយូរ! ប្រើទៅដឹងតែមិនសូវមានគេដូចទេ! ប្រើទៅអ្នកនឹងមានភាពជឿជាក់លើខ្លួនឯង…។ល។” មានភាសាច្រើនទៀត ដែលអាចនិយាយបាន ដោយមិនចាំបាច់ត្រូវស្ទួយមនុស្ស ហួសហេតុ ហួសពីការពិតនៃជីវិត។

នៅពេលដែលកំហុសបានសាយភាយ​ ពីមួយជំនាន់ទៅមួយជំនាន់​ វានឹងក្លាយជាទំនៀមទម្លាប់​ ដែលពិបាកកែប្រែ​ បេីទោះបីជាគេដឹងថា​ ទម្លាប់​នោះខុសឆ្គងក៏ដោយ។ មនុស្ស​ស្អាត​ មិនមែនទាល់តែស្បែកពណ៌ស​ទេ ហេីយមនុស្សថ្លៃថ្នូរ​ ក៏មិនចាំបាច់ទាល់តែប្រេីសម្លៀកបំពាក់ថ្លៃៗដែរ។ គួរនាំគ្នាឈប់និយាយពាក្យថា “សស្អាត” និង “ស្លៀកទៅថ្លៃថ្នូរ ប្រើប្រាស់ទៅថ្លៃថ្នូរ” ព្រោះថា ភាសានេះ ធ្វើឱ្យអ្នកនិយាយខ្លួនឯង ក្លាយជាមនុស្សកខ្វក់ និង ថោកទាប!

លឹម វីរីយ៉ា​🌸

រូបភាពដែលទាញយកពីប្រភពផ្សេងៗក្នុងម៉ាស៊ីន ហ្គូហ្គល ហើយផ្គុំបញ្ចូលដោយកម្មវិធី Pic.Collage

ស្រណោះស្រុក…

(កំណាព្យបទព្រហ្មគីតិ មេពាក្យ៥ និង ៦)

* ស្រណោះ​ស្រុកខ្ញុំណាស់​ ទាំងក្មេងចាស់ច្រេីនអាត្មា

ដូចត្រូវបណ្ដាសា​ អនិច្ចា​រស់ដូចសត្វ។

* អបាយមុខ​ទាំងបី​ ល្បែងស្រាស្រីល្បីឡេីងខ្ចាត់

រួចហើយ​មិននៅស្ងាត់​ យកចំណាត់ថ្នាក់ពាលា។

* ដាំដុះមិនគិតគូរ​ បែរតស៊ូរឿងមិនជា

លេងភ្នាល់អាប៉ោងបៀ​ ស្រាហូរហៀរផឹកលិចថ្លេីម។

* កូនស្រី​វ័យជំទង់​ ក្លាយ​លិចលង់ខ្លះពោះផេីម

ព្រោះ​ឆ្ងាយពាក្យម្ដាយឆ្នេីម​ ឪសម្បេីមខាងកាប់ចាក់។

* ក្នុងភូមិស្រុកតែមួយ​ ស្អុយរលួយហេីមឡេីងខ្វាក់

ក្លិនស្អុយខ្លាំងដល់ថ្នាក់​ គុកច្រវាក់ទប់លែងជាប់។

* ជាម៉ែជាឪគេ​ ពេលទំនេរមិនរកទ្រព្យ

ឆ្កែឆ្មាក៏លែងរាប់​ រស់​អភ័ព្វ​ដូចខ្មោចប្រេត។

* ស៊ីផឹក​ស្រែក​ឡោងឡាង​ ឫកក្អេងក្អាងកាងអណ្ដែត

ម្ចាស់​ដីពីរបីម៉ែត្រ​ ស្លាប់កេីតប្រេតហេតុរដឹក។

* រស់ដូចសត្វតិរច្ឆាន​ ក្រោកថ្មេីម៉ានបានតែផឹក

ល្បែងពាលរាលកក្អឹក​ ថ្ងៃ​យប់​ព្រឹកនឹកតែបាប។

* សង្គមធ្លាក់ថោកទាប​ ម្នឹះពេញប្រៀបក្លិនឆ្អេះឆ្អាប

បណ្ឌិតគិតតែស្ងាប ​ លូនលត់ក្រាបក្រោមជេីងគេ។

* ឥតខ្វល់ដល់ជាតិសាសន៍​ ឥតបេីខ្មាសខ្មោចផងទេ

បណ្ដោយឱ្យខ្ទេចកេរ​ ចាប់ប្រាជ្ញស្មេរជ្រែញាត់គុក។

* អ្នកអេីយ! ល្មមចេះគិត​ យកការពិតផ្ដិតពីមុខ

យេីងខ្សោយពេញបន្ទុក​ ឈេីរនុកក៏ពុកអស់។

* សង្ឃឹម​ថាទំពាំង​ ក្រោយភ្លៀងរាំងនឹងលែងខ្សោះ

អាចលូតល្អឥតទាស់​ តែស្រណោះ​ ដីមិនកេីត។

* មាតុភូមិ​នៃខ្ញុំ ឥលូវផ្ដុំម្នឹះឥតខ្នើត

សាសន៍គេចូលឆាយឆើត ខោកបន្តើតម្ចាស់ស្រុកដើម។

* សូមលោកជួយមើលផង ក្រែងវាឆ្លងដល់ពូជឆ្នើម

ដែលធ្លាប់ល្អសម្បើម ក្លាយរអើមដូចគំរង់។

* ខ្ញុំមិនហ៊ានពោលប៉ះ ពាល់ដល់ម្ចាស់អ្នកលើកទង់

ឥលូវយើងលិចលង់ មុនក្រោយគង់តែវិនាស។

* ដូច្នេះសូមអភ័យ បន្ធូរដៃចាប់តែពាស

យកល្អខ្វល់ពីរាស្ត្រ ក្រែងនិរាសឥតផ្ទះនៅ។

* ដីយើងនៅសល់តូច យំផ្អូចៗស្រែឥតស្រូវ

បើលោកកាត់ទាំងផ្លូវ ប្រហែលនៅសល់តែផ្នូរ។

* ចុងក្រោយមានតែខ្មោច វិញ្ញាណល្អោចដោចអាសូរ

វិលវល់រកពុទ្ធោ ទោះបីថ្ងូរ គ្មានអ្នកឮ។

__________

លឹម វីរីយ៉ា🌸

ថ្ងៃអាទិត្យ ១រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤

ត្រូវនឹងថ្ងៃទី ១ ខែវិច្ឆិកា គ.ស.​២០២០

កម្រងរូបភាពដែលប្រមូលចងក្រងពីក្នុងបណ្ដាញសង្គមផ្សេងៗ

ចេះតែម្នាក់ឯង…

មនុស្សខ្លះរៀនសូត្រចេញពីក្បួន ពីគម្ពី ពីកំពូលអ្នកខ្លាំងពូកែ និងបានក្លាយជាអ្នកចេះ អ្នកដឹង អ្នកយល់សព្វគ្រប់ក្នុងកិច្ចការងារមួយ ប៉ុន្តែបើអវត្តមានបញ្ញាតែបន្តិច ចំណេះដឹងរបស់គេ នឹងគ្មានន័យខ្លឹមសារគួរយកជាការបានឡើយ។

ឧទាហរណ៍បុរសម្នាក់បានសិក្សារៀនចប់និងចាំខ្ទេចអស់គម្ពីត្រៃលក្ខណ៍ ត្រៃវេទ ត្រៃភព ត្រៃបិដក ត្រៃត្រិង្ស……។ល។  ប៉ុន្តែបែរជាគ្មានសមត្ថភាពនិយាយឲ្យមនុស្សសាមញ្ញធម្មតាស្ដាប់យល់ងាយ។ ពេលនិយាយ ឬ សរសេរម្ដងៗ គេខំប្រឹងបញ្ចេញពាក្យបច្ចេកទេសក្នុងឋានទាំង៣ ក្នុងទិសទាំង៩ ក្នុងគម្ពីរាប់ម៉ឺនដើម្បីឲ្យអ្នកអានឬអ្នកស្ដាប់កោតសរសើរគេថា ជាអ្នកចេះ ជាអ្នកខ្លាំង។ ប៉ុន្តែគេភ្លេចគិតថា បើមិនអាចធ្វើឲ្យមនុស្សល្ងង់ស្ដាប់យល់បាន មានន័យថា គេក៏ល្ងង់ដែរ។ គេបាត់សតិ ត្រង់ចំណុចមួយ គឺមិនស្គាល់កាលអាកាស កាលៈទេសៈ មិនស្គាល់អ្នកស្ដាប់គោលដៅ (target audiences)។ និយាយរួម មិនស្គាល់ធម្មជាតិរបស់មនុស្សដែលជាអ្នកទទួលព័ត៌មាន។

មានព្រះសង្ឃខ្លះក្នុងពុទ្ធសាសនា ខំនិមន្តធ្វើធម៌ទេសនាពេញមួយជីវិតបួស ប៉ុន្តែអ្នកស្ដាប់  ស្ដាប់យូរៗទៅ រត់ទៅចូលសាសនាដទៃអស់។ ហេតុអ្វី? មកពីសង្ឃអង្គនោះ ខ្វះបញ្ញា ខំប្រឹងនិទានរឿងដែលគេស្ដាប់មិនយល់ ខំបូរបាច់ពាក្យបច្ចេកទេសជាភាសាបាលី (ភាសាដើមរបស់ព្រះពុទ្ធ) ដែលអ្នកស្ដាប់គិតមិនចេញថាវាជាស្អីឲ្យប្រាកដ។

ដូចកូនក្មេងបឋម ត្រូវបានបង្រៀនគណិតវិទ្យា ដោយគ្រូគណិតមកពីថ្នាក់ទី១២អ៊ីចឹង។ បើក្មេងវាមិនស្គាល់អនុគមន៍ មិនស្គាល់ដេរីវេ មិនស្គាល់លោការីត មិនយល់ពីការតាង អញត្រអិច អ៊ីការ៉ិច ដើម្បីអ្វី នោះ ទោះបីជាលោកគ្រូខ្លាំងប៉ុណ្ណាក៏គ្មានធ្វើឲ្យកូនសិស្សនោះរំភើបចិត្តដែរ ក្រៅពីធ្វើឲ្យគេធុញហើយដើរចេញ។ ដូច្នេះ មុននឹងទេសនា មើល target audiences ផង។ គ្រូបង្រៀនសាកលវិទ្យាល័យ ក៏មិនប្រាកដថាអាចបង្រៀនកូនក្មេងថ្នាក់ទី១ចេះបានទេ បើមិនមានមូលដ្ឋានគរុកោសល្យបង្រៀនកូនក្មេងនោះ។

ហេតុអ្វីក៏លោកគ្រូ សាន សុជា  លោកគ្រូ ដាឡៃ ឡាម៉ា និយាយម្ដងៗ (សង្ឃដីកា) មនុស្សដេញតាមស្ដាប់រាប់លាននាក់នៅទូទាំងពិភពលោក? មកពីលោក មិនយកភាសាបាលីព្រះពុទ្ធមកប្រើ លោកប្រើភាសាមនុស្ស ភាសាបថុជនទូទៅ ប៉ុន្តែបង្កប់ខ្លឹមសារអប់រំរបស់ព្រះពុទ្ធ។ លោកមិននិទានរឿងសម័យព្រះទេ លោកនិទានរឿងមនុស្សក្នុងហ្វេសប៊ុគ។ លោកមិនលើកពីអានិសង្សបុណ្យទេ ប៉ុន្តែលោកពន្យល់ពីតួនៃបុណ្យពិតប្រាកដ។ លោកផ្សារភ្ជាប់សេចក្ដីពន្យល់ទៅនឹង ជីវិតប្រចាំថ្ងៃ ដ៏ទាន់សម័យរបស់មនុស្សដែលកំពុងស្ដាប់  ដើម្បីគេឆាប់យល់។

ហើយរឿងដូចគ្នានេះ ក៏វាមិនខុសអី ពីអ្នកដែលខំប្រឹងនិយាយខ្មែរផង អង់គ្លេសផងលាយឡំគ្នាដូចសម្លរកកូរនោះដែរ។ គេគិតច្រឡំថា បើនិយាយលាយភាសាបរទេសឲ្យច្រើន អ្នកស្ដាប់នឹងសរសើរថាខ្លួនជាអ្នកឆ្លាត ដែលតាមពិតទៅ វាគ្រាន់តែធ្វើឲ្យអ្នកនិយាយខ្លួនឯងក្លាយជាមនុស្សខ្សោយតែប៉ុណ្ណោះ។ ខ្សោយត្រង់ ខ្វះសមាធិក្នុងការគ្រប់គ្រងភាសា២ខុសគ្នា កុំឲ្យច្របូកច្របល់។ ខ្សោយត្រង់ ជាមនុស្សងាយពង្វក់ បើបានស្រូបទាញទៅខាងឆ្វេង ភ្លេចខាងស្ដាំ បើគេអូសទៅខាងស្ដាំ ភ្លេចខាងឆ្វេង។ ឬនិយាយងាយៗថា ខ្សោយជំនាញផ្ដោតអារម្មណ៍។ និយាយខ្មែរ មិនចំខ្មែរ អង់គ្លេសមិនចំអង់គ្លេស តើនរណាស្ដាប់បាន?

មនុស្សពូកែ បើនឹងទៅបង្រៀន ឬទៅនិយាយជាសាធារណៈនៅទីណា គេរមែងសាកសួរជាមុនថា តើអ្នកស្ដាប់គោលដៅ ជាមនុស្សស្ថិតក្នុងជីវភាពជីវិតកម្រិតណា? ដើម្បីគេអាចត្រៀមខ្លួនជាមុន ដើម្បីសម្របទៅនឹងចំណេះដឹងអ្នកទទួលព័ត៌មានប្រកបដោយប្រសិទ្ធភាព។

ឈឺចាប់ទេ? បើនិយាយរាប់ម៉ោងចប់ ឡើងហត់ អ្នកស្ដាប់អត់ឆ្ងល់អីមួយសំណួរ។ ព្រោះចម្ងល់ចេញមកពីការជ្រាបចូលនៃចំណេះដឹង បើអត់ជ្រាបទេ អត់អាចឆ្ងល់ទេ។ ដូចពិដានផ្ទះយើង បើទឹកភ្លៀងវាមិនជ្រាបសើមទេ ក៏វាមិនស្រក់ទឹកចុះមកដែរ។ មែនឬអត់?

ដូច្នេះសរុបមកវិញ រឿងអ្នកដែលរៀនចេះក្បួនខ្នាត រៀនយល់ដោយខ្លួនឯងសព្វគ្រប់អស់ហើយ បើមិនចេះវិធីផ្ទេរការយល់នោះបានដល់អ្នកដទៃជាទូទៅទេ ចំណេះដឹងនោះ នឹងគ្មានតម្លៃអីទេ។

លឹម វីរីយ៉ា