Category Archives: គំនិតគួរពិចារណា

មតិឆ្លើយតបខ្លះទាក់ទងនឹងសង្គ្រាមសៀវភៅក្រោយព្រឹត្តិការណ៍ទិវាអំណានជាតិលើកទី១០ នៅកម្ពុជា

ដើម្បីបញ្ចៀសនូវទំនាស់ផ្នត់គំនិតទាក់ទងនឹងសៀវភៅ សូមសំណូមពរអ្នកនិពន្ធ អ្នកបោះពុម្ព អ្នកផលិតសៀវភៅ មេត្ដា សរសេររំលេចដាក់លើក្របមុខក្រោយ ឱ្យច្បាស់ៗពីកម្រិតអ្នកអានផង។

ឧទាហរណ៍ សៀវភៅនេះសម្រាប់កុមារ, សៀវភៅនេះសម្រាប់ក្មេងជំទង់និងយុវវ័យ, សៀវភៅនេះសម្រាប់អ្នកប្រាជ្ញបណ្ឌិត អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យា ទស្សនវិជ្ជា សាសនា ភូមិសាស្ត្រនយោបាយ បុរាណវិទ្យា វប្បធម៌ អារ្យធម៌ ម្ហូបអាហារ ក្បាច់គុន ក្បាច់រាំ ។ល។ និង ។ល។

សូម្បីតែប្រភេទប្រលោមលោក ក៏អ្នកនិពន្ធ គួរបញ្ជាក់ដែរថា តើវាជាប្រលោមលោកស៊ើបអង្កេត ឬ ប្រលោមលោកច្នៃប្រតិដ្ឋ ឬ ប្រលោមលោកមនោសញ្ចេតនាផ្អែកលើរឿងពិត (របស់បុគ្គលល្បីណាមួយ) ឬ ជារឿងប្រតិដ្ឋតាមភាពស្រមើស្រមៃអ្នកនិពន្ធជាដើម។ បើជាប្រភេទ 18+ ក៏ត្រូវតែបញ្ជាក់ផងក្រែងមានអាណាព្យាបាលទិញយកឱ្យកូនក្មួយបានឃើញ នឹងប្រុងប្រយ័ត្នទុកមុន។ ហើយប្រសិនបើ មិនយល់ទាស់ទេ គួរតែដាក់ប្រវត្ដិរូបអ្នកនិពន្ធឱ្យច្បាស់នៅលើក្រប ត្រង់ណាដែលអ្នកអានអាចដឹងជាមុនថា អ្នកនិពន្ធជាអ្នកណា មកពីណា អាយុប៉ុន្មាន។ ធ្វើដូច្នេះ អ្នកទិញអាន ងាយនឹងសម្របជាមួយចំណេះដឹងអ្នកនិពន្ធ។ តែបើចង់ធ្វើជាជនអនាមិក ក៏មិនថ្វី ព្រោះមានមាតិកាខ្លះ ប្រសិនបើវារសើបខ្លាំងទាក់ទងនឹងសង្គម នយោបាយ ស្រុកទេស ដែលអ្នកនិពន្ធកំពុងរស់នៅ និងគិតថាគ្មានសុវត្ថិភាពសម្រាប់ការបោះពុម្ពផ្សាយ គាត់ក៏មានសិទ្ធិលាក់ខ្លួន លាក់ប្រវត្តិបានដែរ ដោយបញ្ចេញត្រឹមងារប៉ុណ្ណោះ។ ខ្ញុំនេះ ចូលចិត្តអានប្រភេទសៀវភៅដែលអ្នកនិពន្ធលាក់មុខណាស់ ព្រោះអ្វីដែលបានអាន ច្រើនជាការពិត។

ខ្ញុំអាយុលើសពីសែទៅហើយ ខ្ញុំច្បាស់ជាអានមិនសូវជក់ចិត្តដិតអារម្មណ៍ទេ ប្រសិនបើជាស្នាដៃរបស់ក្មេងអាយុខ្ទង់ម្ភៃឆ្នាំ។ ដោយសារអ្វី? ព្រោះផ្នត់គំនិត ចំណេះដឹង បទពិសោធជីវិតរបស់អ្នកសរសេរ នៅក្មេងខ្ចីជាងអ្វីដែលខ្ញុំធ្លាប់ដឹង។ ប៉ុន្តែ ពេលខ្លះខ្ញុំនៅតែទិញ ដើម្បីទុកឱ្យកូនៗ ឬក្មួយៗរបស់ខ្ញុំបានអាន ឬអាចថាទុកតាំងក្នុងទូជាអនុស្សាវរិយ៍ផង និងជាការលើកទឹកចិត្តដល់អ្នកនិពន្ធវ័យក្មេងៗស្រករនឹងកូនៗខ្ញុំ គ្នាមានទឹកចិត្តខំប្រឹងរឹតតែខ្លាំងឡើង។

ជួនកាលក៏សាកល្បងអានដែរ ដើម្បីស្ទាបស្ទង់ថា ក្មេងម្នាក់ហ្នឹង មានកម្រិតនៃការសរសេរប៉ុនណា ឬបើទោះបីជាវា ជាស្នាដៃរបស់ក្មេងពិតមែន អាចថាគេបានលើកយករឿងខ្លះក្នុងសង្គមផ្សេងមួយទៀត ដែលមនុស្សក្បាលកញ្ចាស់ដូចខ្ញុំនេះ បែរជាមិនធ្លាប់បានដឹងទៅវិញក៏មានដែរ។

ពេលខ្លះខ្ញុំស្រលាញ់អ្នកនិពន្ធ គឺខ្ញុំនឹងទិញអាន ដើម្បីស្វែងរកមើលកំហុស ដើម្បីជួយស្ថាបនាអ្នកនិពន្ធនោះ ព្រោះឯកទេសខាងចាប់កំហុសក្នុងអត្ថបទ ជាជំនាញនិងដុង ដែលទេវតាប្រទានឱ្យខ្ញុំ!

ជាធម្មតា ទេពកោសល្យអ្នកនិពន្ធម្នាក់ៗ យើងអាន ត្រឹមតែពីរបីទំព័រខាងដើម គឺយើងដឹងហើយថា កម្រិតយើងស័ក្ដិសមនឹងសៀវភៅនោះដែរឬអត់។ សៀវភៅភាគច្រើន ដែលខ្ញុំបានជួប មិនសូវមានទេ នូវការបញ្ជាក់ដូចដែលរៀបរាប់ពីខាងលើ។ នោះហើយដែលជាហេតុបណ្ដាលឱ្យអ្នកទិញឬអ្នកអានខ្លះ ខកចិត្ត និងបញ្ចេញប្រតិកម្មអវិជ្ជមានចំពោះអ្នកនិពន្ធ ឬស្មេរ។

ការបញ្ជាក់អត្ដសញ្ញាណសៀវភៅ មិនមែនមានផលល្អចំពោះតែអ្នកទិញ អ្នកអាន តែម្យ៉ាងទេ វាក៏ជួយសម្រួលដល់ ម្ចាស់ហាងសៀវភៅ អ្នកគ្រប់គ្រងបណ្ណាគារ អ្នកគ្រប់គ្រងបណ្ណាល័យ ក្នុងការរៀបចំទុកដាក់ ប្រភេទសៀវភៅ ទៅតាមកម្រិតអ្នកអានផងដែរ។

ហើយបើអាច សូមអង្វរចុះណា ដាក់លេខកូដ ISBN (International Standard Book Number) ឱ្យបានគ្រប់ៗគ្នាផង អាណិតបណ្ណារក្ស! បើចង់ដឹង ចង់បាន សូមទាក់ទងទៅខាងសមាគមអ្នកនិពន្ធខ្មែរទៅ គេនឹងប្រាប់ហើយថាគួរធ្វើម៉េចដើម្បីបានមកនោះ។

រឿងសៀវភៅ វាមិនខុសគ្នាពីមាតិកា វិដេអូ ក្នុងទូរទស្សន៍ទេ។ ភាពយន្តភាគ ល្ខោនភាគ រឿងកំប្លែង កម្មវិធីកម្សាន្ដ មានអ្នកតាមដានច្រើនឥតគណនា មិនថាតែខ្មែរយើងទេ និន្នាការនេះ គឺដូចគ្នានៅទូទាំងពិភពលោក ព្រោះមាតិការប្រភេទនោះ ធ្វើឱ្យអ្នកតាមដានទស្សនា ឥតប្រើខួរក្បាលសម្រាប់គិតទេ ផ្ទុយទៅវិញ គឺវានាំភាពសប្បាយរីករាយ។

ហើយវាក៏មិនខុសអីពីការជួបជជែកពិភាក្សាគ្នាដែរ គ្មានជំនួបណាដែលសប្បាយជាងនិយាយដើមគេទេ។ ព្រោះការនិយាយដើមគេ ឥតចាំបាច់មាន “ខួរ” ក៏បានដែរ ឱ្យតែបានដឹងរឿងយកមកនិយាយទៅ ដឹងតែសប្បាយហើយ។ វាខុសពីការជួបគ្នា ដើម្បីពិភាក្សាពីគំនិត ពីយុទ្ធសាស្ត្រផ្សេងៗ ក្នុងការសម្រេចផែនការអ្វីមួយ។

សំណួរ៖ តើលើលោកនេះ មាននរណាដែលចូលចិត្តចង់គិតឱ្យ “ឈឺក្បាល” រាល់ថ្ងៃដែរទេ? ចម្លើយ៖ គឺមាន! នោះគឺ “អ្នកប្រាជ្ញ”។ អ្នកប្រាជ្ញ ប្រើពេលវេលាស្ទើរពេញមួយជីវិត ដើម្បីការត្រិះរិះពិចារណា វិភាគ វែកញែក រកហេតុ រកផល ដើម្បីស្រាយបញ្ជាក់នូវបញ្ហារួមរបស់មនុស្សជាតិទូទៅ។ ប៉ុន្តែ សួរថាអ្នកប្រាជ្ញមានច្រើនទេ? មិនច្រើនប៉ុន្មានទេ!ក្នុងចំណោមមនុស្សរាប់លាននាក់ មានអ្នកប្រាជ្ញដុះចេញត្រឹមតែ១នាក់ឬកន្លះនាក់ប៉ុនហ្នឹងឯង។

មកដល់ត្រឹមនេះ សង្ឃឹមថា ប្រិយមិត្តក្នុងពិភពសៀវភៅ មិនថាអ្នកនិពន្ធ, អ្នកបកប្រែ, អ្នករៀបរៀង, អ្នកបោះពុម្ព, អ្នកផលិត, អន្តរការី (អ្នកកួកជេ), ឬអ្នកតំណាងសៀវភៅណានោះទេ ឱ្យតែសៀវភៅបានបោះពុម្ពផ្សាយឡើងជាភាសាខ្មែរ សូមជួយគាំទ្រគ្នាផង ដើម្បីជំរុញវិស័យអប់រំយើងឱ្យបានរឹតតែទូលាយឡើង។

ប្រទេសជាតិយើង នឹងខ្លាំង ប្រសិនបើពលរដ្ឋគ្រប់ៗរូប ស្រលាញ់ការអានសៀវភៅ បើទោះបីជាវាជាប្រលោមលោកស្នេហា អូនស្រលាញ់បង បងស្រលាញ់អូន ក៏ដោយចុះ! អូខេ?

———

វិរិយា 🌸

២០ ធ្នូ ២០២៣

តម្លៃនៃជីវិតមនុស្សនៅកម្ពុជា

គ្រប់ពេលដែលខ្ញុំធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ហានិភ័យនៃការរស់រានមានជីវិតរបស់ខ្ញុំ គឺនៅសល់តែ ៥០% ប៉ុណ្ណោះ។ ការប្រុងប្រយ័ត្ន មិនមែន ត្រឹមតែគោរពច្បាប់ចរាចរណ៍តែម្យ៉ាងនោះទេ ប៉ុន្តែត្រូវប្រុងស្មារតីក្នុងការគេចចេញឱ្យបានលឿនរហ័សពីអ្នកបើកបរផ្សេងដែលធ្វេសប្រហែស។ អ្នកទាំងនោះ ប្រហែលជាបើកបរដោយភាពស្រវឹងជោកជាំ ដែលបណ្ដាលពីឥទ្ធិពលស្រា ឬថ្នាំញៀន។ ពេលឆ្លងភ្លើងបៃតងម្ដងៗ ក៏ត្រូវតែប្រយ័ត្ន ព្រោះថាពេលខ្លះ មានអ្នកមកកាត់ទទឹងផ្លូវដែលមិនគោរពភ្លើងសញ្ញា។ ពេលឆ្លងផ្លូវបំបែកម្ដងៗ សុខចិត្តធ្វើជាអ្នកចាញ់រហូត រង់ចាំឱ្យអ្នកព្រហើនកោងកាច បានចេញទៅមុនអស់។

ដោយសារតែហេតុនេះហើយ ទើបខ្ញុំមិនដែលហ៊ានបណ្ដោយកូនៗបើកបរម៉ូតូកង់ខ្លួនឯងនៅលើដងផ្លូវនៅក្នុងស្រុកខ្មែរទេ បើទោះជាពួកគេធំៗអស់ទៅហើយក្ដី។ ខ្ញុំជូនកូនដោយផ្ទាល់តាំងពីតូចដល់ធំពេញវ័យ រហូតដល់អ្នផងពេបជ្រាយថាថ្នមកូនហួសហេតុពេក។ មិនមែនខ្ញុំមិនហត់នឿយទេ ប៉ុន្តែព្រោះក្ដីបារម្ភមួយនេះ។ ហេតុអ្វីបានជាជីវិតមនុស្សនៅលើដងផ្លូវហាក់ដូចជាថោកខ្លាំងម្ល៉េះ?

មនុស្សពូកែៗ មានសមត្ថភាព ជាធនធានដ៏កម្ររបស់ប្រទេសជាតិ ដែលគួរទទួលបានការថ្នាក់ថ្នម លើកតម្កើងនិងថែរក្សា បែរមកត្រូវបាត់បង់ជីវិតយ៉ាងអណោចអធម៌ ដូចជាសត្វឆ្កែឆ្មានៅលើដងផ្លូវ ដោយសារជនបង្កដែលប្រព្រឹត្ដអបាយមុខ គឺការសេពគ្រឿងស្រវឹង ដែលជាការហាមឃាត់យ៉ាងដាច់ខាតពីព្រះគ្រប់សាសនាក្នុងលោក។ ហេតុអ្វីដែលប្រទេសជាតិមួយ ហូរហៀរទៅដោយងារថា បណ្ឌិត រាប់ចាប់តាំងពីក្បាលម៉ាស៊ីនកំពូល ដល់មន្ត្រីតូចតាចផងនោះ បែរជាបណ្ដោយឱ្យប្រទេសជាតិខ្លួនឯង ត្រូវបានបំផ្លិចបំផ្លាញឱ្យខ្ទេចខ្ទីអស់ ដោយសារតែអំពើពាលាអាវាសែអស់ទាំងនេះ?

វាដូចជាល្មមដល់ពេល វះកាត់ជំងឺមហារីកនៃសង្គមមួយនេះចោលហើយ! នៅស្ដាយសាច់ស្អុយមួយដុំហ្នឹងដល់ណាទៀត? បើវាជាសាច់ដែលនាំមកនូវតែការឈឺចាប់ និងការបំផ្លាញឥតល្ហែបែបនេះ?

ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្ញុំនៅតែរក្សាជំហរក្នុងការប្រឆាំងជាដាច់ខាតនឹងរបៀបដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យមានការផលិតនិងផ្សព្វផ្សាយគ្រឿងស្រវឹង ដែលជាអបាយមុខបំពុលសង្គម និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ខ្ញុំសូមថ្កោលទោស ដល់ជនទាំងឡាយណា ដែលបានចូលគាំទ្រ លើកតម្កើង គ្រឿងស្រវឹង ទោះជាដោយផ្ទាល់ ឬដោយប្រយោល។ កុំរង់ចាំរហូតដល់ថ្ងៃមួយដែលកូនៗចៅៗរបស់លោកអ្នក ដេកស្ដូកស្ដឹងនៅពីក្រោមកង់រថយន្ដរបស់ជនប្រមឹក ទើបភ្ញាក់ខ្លួន! សូមភ្ញាក់រឭកឱ្យឆាប់ៗឡើង…… ប្រទេសជាតិយើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈគ្រប់វិនាទី!

——

សូមគ្រប់គ្នារក្សាសីល៥ ឱ្យបានខ្ជាប់ខ្ជួន

១- បាណាតិបាតា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាធ្វើសត្វមានជីវិតឱ្យធ្លាក់ចុះគន្លង គឺសម្លាប់សត្វ។

២- អទិន្នាទានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាកាន់យកនូវវត្ថុដែលគេមិនបានឱ្យដោយកាយ ឬដោយវាចា។

៣- កាមេសុ មិច្ឆាចារា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។

៤- មុសាវាទា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​កិរិយាពោលនូវពាក្យកុហក។

៥- សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណីសិក្ខាបទំ សមាទិយាមិ

ប្រែថា៖ ខ្ញំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាក​ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។

ដំណើររឿងនៃការបំបែកនិកាយក្នុងពុទ្ធសាសនា

(ផែនការក្បត់ប្រឆាំងព្រះពុទ្ធ និងសង្ឃភេទ)

មុនពេលព្រះពុទ្ធចូលមហាបរិនិព្វាន គឺអំឡុងពេលដែលព្រះអង្គមានព្រះជន្ម ៧៣ ព្រះវស្សា ទេវទត្ត (Devadatta) ជាប្អូនជីដូនមួយ ដែលមានចិត្តច្រណែនឈ្នានីសព្រះអង្គតាំងពីតូចដល់ធំ បានរៀបចំផែនការក្បត់ ដើម្បីបំបែកបំបាក់សមាគមពុទ្ធសាសនាព្រះអង្គឱ្យបែកខ្ញែកជាច្រើនផ្នែក គោលដៅ ដើម្បីចង់ផ្ចាញ់ផ្ចាលព្រះអង្គផង និងចង់ដណ្ដើមតួនាទីរបស់ព្រះសម្ពុទ្ធ ផង ។ ទេវទត្ដ គិតថា បើអាចដណ្ដើមតួនាទីជាមេដឹកនាំពុទ្ធសាសនាបាន ខ្លួនគេក៏អាចក្លាយជាព្រះពុទ្ធបានដែរ។ ដូច្នោះហើយ ទេវទត្ត ដែលតែងតែមានចិត្តក្ដៅក្រហាយ បានព្យាយាម លួងលោម អូសទាញ ព្រះសង្ឃ ឱ្យចាកចេញពីព្រះពុទ្ធ ដោយបានអះអាងថា ខ្លួនមាន “សីលបរិសុទ្ធ” ជាងព្រះពុទ្ធ ហើយបានស្នើបញ្ញត្តិវិន័យតឹងរឹងជាងព្រះសម្ពុទ្ធ រាប់សិបដង។

នៅក្នុង គម្ពីរវិសុទ្ធិមគ្គ (Visuddhimagga) ដែលនិពន្ធដោយ ព្រះមហាថេរពុទ្ធឃោស: (Buddhaghosa) នៅសតវត្សទី ៤ នៃគ្រិស្តសករាជ បានបង្ហាញសេចក្ដីលម្អិត ដែលនឹងសង្ខេបជូនដូចខាងក្រោមនេះ ទាក់ទងនឹងសំណើសូមបញ្ញត្តសិក្ខាបទថ្មី ពីសំណាក់ទេវទត្ដ ដូចជា៖

*ប្រើប្រាស់ស្បង់ជីពរ ដែលបានដេរភ្ជិត ពីក្រណាត់រហែក

*ស្លៀកពាក់តែត្រៃជីវរម្យ៉ាងគត់

*និមន្តបិណ្ឌបាតតែម្យ៉ាងគត់ មិនត្រូវទទួលការនិមន្តឱ្យឆាន់ចង្ហាន់តាមផ្ទះឡើយ

*មិនត្រូវរំលងផ្ទះណាមួយ នៅពេលនិមន្តបិណ្ឌបាតឡើយ

*ឆាន់ចង្ហាន់តែនៅលើកំណាត់សំពត់ក្រាលអង្គុយ ដែលខ្លួនបិណ្ឌបាតបានដោយខ្លួនឯង

*ឆាន់តែចង្ហាន់ដែលមានក្នុងបាត្ររបស់ខ្លួនប៉ុណ្ណោះ

*ឆាន់តែត្រួយរុក្ខជាតិដុះក្នុងព្រៃ មិនឱ្យឆាន់សាច់ឡើយ

*មិនត្រូវទទួលភត្តាហារដទៃទៀតទាំងអស់

*រស់នៅទៀបគល់ឈើ និងនៅក្នុងព្រៃអស់មួយជីវិត មិនអាចនៅក្នុងកុដិ បានឡើយ

*គង់នៅកន្លែងតម្កល់សពឱ្យបានច្រើនតាមដែលអាចធ្វើបាន

*ត្រូវស្កប់ស្កល់ចំពោះទីកន្លែងស្នាក់នៅ ដែលខ្លួនរកឃើញ ខណៈបន្តនិមន្តត្រាច់រង្គាត់ពីកន្លែងមួយទៅកន្លែងមួយ

*សិងក្នុងឥរិយាបថអង្គុយ មិនត្រូវសិងដោយទម្រេតខ្លួនឡើយ។

ក្រោយពេលស្ដាប់ពាក្យស្នើសូមរបស់ទេវទត្ដរួចមក ព្រះពុទ្ធទ្រង់ត្រាស់ថា បើសិនជាភិក្ខុចង់គោរពតាមវិន័យបន្ថែមទាំងនេះ ក៏មិនមានបញ្ហាអ្វីដែរ។ ប៉ុន្តែវាមិនអាចប្រព្រឹត្តទៅបានទេ ក្នុងការតម្រូវឱ្យភិក្ខុគ្រប់អង្គមានកាតព្វកិច្ច អនុវត្តតាមវិន័យទាំងនេះ។

មានភិក្ខុជាច្រើន ដែលភិក្ខុទាំងនោះចូលមកបួស ដោយមានការជ្រោមជ្រែងពីព្រះបាទ អាជាតសត្ដុ (Ajatshatru) នៅក្នុងផែនការរបស់ទេវទត្ត ដើម្បីកៀរគរ យកធ្វើជាសាវ័កផ្ទាល់ខ្លួនឯងនាពេលក្រោយនោះ បានងើបឡើង ដើរចេញពីអារាមព្រះពុទ្ធ ទៅតាមទេវទត្តដើម្បីទៅបង្កើត និកាយផ្សេងមួយទៀតដែលគេជឿថាវាល្អបរិសុទ្ធជាង។

សព្វថ្ងៃ យើងអាចនឹងឮ ឬឃើញនៅមានសេសសល់ខ្លះៗ ក្រុមអ្នកបដិបត្តិសិក្ខាដ៏តឹងតែងនោះ ដែលគេហៅថា ពុទ្ធសាសនាមហាយាន។ ក្នុងលទ្ធិពួកមហាយាន ថ្វីត្បិតតែគេរឹតបន្ដឹងចំណុចខ្លះៗទាក់ទងនឹងចង្ហាន់ព្រះសង្ឃ (ឆាន់តែបន្លែ) មិនដើរបិណ្ឌបាត ហើយធ្វើកសិកម្មខ្លួនឯង ហាត់វិជ្ជាគុនហោះហើរដើរលើអាកាស ដើរលើទឹក សម្ដែងឫទ្ធានុភាពផ្សេងៗ ប៉ុន្តែ បែរជាធូរលុង ក្នុងចំណុចជាច្រើនផ្សេងទៀតទាក់ទងនឹងអភិសម្មាចារ្យ ទៅវិញ។

ទាញចេញពីរឿងរ៉ាវប្រវត្តិការណ៍ នៃការបំបែកសាសនាព្រះពុទ្ធ ពីក្រុមទេវទត្ដ បានបង្ហាញឱ្យយើងឃើញពីទឹកចិត្តមហាសប្បុរសធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គមិនយកទោសអូសដំណើរ ហើយយោគយល់អធ្យាស្រ័យខ្ពស់ និងតែងតែតម្កល់ផ្នត់គំនិតនៃការគោរពសិទ្ធិមនុស្សជាសាកល ជាអាទិភាព គ្រប់ពេលវេលា។

ព្រះសម្ពុទ្ធ បើកទូលាយជានិច្ច សម្រាប់អ្នកដែលចង់ដាក់ទណ្ឌកម្មខ្លួនឯង ប៉ុន្តែសិក្ខាបទនានាដែលព្រះអង្គដាក់បញ្ញត្តិ ក៏នៅតែមានសុពលភាពស្របច្បាប់ មិនទាស់ខុសឡើយ សម្រាប់ភិក្ខុណាដែលមិនចង់បួសក្នុងសម្ពាធដ៏តឹងតែងពេក។ ព្រោះព្រះអង្គឈ្វេងយល់ដោយព្រះបញ្ញាញាណ ត្រាស់ដឹងថា មានតែផ្លូវកណ្ដាលប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះគ្នានិងគ្នាទៅវិញទៅមកបាន វាគឺជាធម៌ឧបេក្ខា។

ប៉ុន្តែ គួរសោកស្ដាយជាពន់ពេកណាស់ ដែលបច្ចុប្បន្ន មនុស្សមិនយល់ពីសាសនាព្រះអង្គ បានព្យាយាមបំបែក ក្រុមឱ្យទៅជាលទ្ធិផ្សេងៗ ដែលវាជាន់ដាន ចូលទៅក្នុងគន្លងចាស់របស់ពួកហិណ្ឌូ ដែលព្រះអង្គបានចាកចេញផុតទៅហើយ។ ហើយអ្វីដែលរឹតតែបង្កជាវិនាសកម្មធំឡើង នៅក្នុងសង្គម គឺបរិស័ទ មិនសូវគោរពព្រះធម៌ (Dhamma) ដែលមានចែងក្នុងគម្ពីរថេរវាទ ទេ បែរជាគោរពលើកតម្កើង បុគ្គលជាបព្វជិតដែលជាមេដឹកនាំលទ្ធិទៅវិញ។ បើយើងប្រៀបធៀបឱ្យងាយយល់ គឺ ប្រៀបដូចអ្នកជំងឺ ដែលមិនព្រមជឿជាក់លើថ្នាំពេទ្យឬរូបមន្តព្យាបាលជំងឺទេ តែនាំគ្នាជឿជាក់លើកេរ្តិ៍ឈ្មោះល្បីល្បាញរបស់បុគ្គលជាវេជ្ជបណ្ឌិតទៅវិញ។

តាមពិតរឿងនេះ ងាយយល់ណាស់ បើសិនជាពុទ្ធបរិស័ទព្រមលើកយកគម្ពីរព្រះធម៌ដើមរបស់ព្រះសក្យមុនី គោតម មកសិក្សាឈ្វេងយល់។ មេរៀនព្រះពុទ្ធ ជាមេរៀនសម្រាប់យើងអាចរស់នៅចុះសម្រុងនឹងជីវិតខ្លួនឯង ហើយវាល្អប្រសើរជាង មេរៀនចិត្តសាស្ត្រ របស់គ្រូពេទ្យចិត្តវិទ្យាសម័យនេះរាប់ពាន់ដង បើអ្នកយកវាមកបដិបត្តិក្នុងជីវិតពិតប្រចាំថ្ងៃ។

_______________

***ឆ្លៀតក្នុងបរិបទនេះដែរ ខ្ញុំសូមអនុញ្ញាតពន្យល់បន្ថែមត្រង់បញ្ញត្តិចុងក្រោយ ថាហេតុអ្វីបានជា ព្រះពុទ្ធ មិនហាមឃាត់ការឆាន់សាច់? មូលហេតុ ព្រោះថា ព្រះសង្ឃជាអ្នកទទួលអាហារពីសិទ្ធាជ្រះថ្លា ពីការបរិច្ចាគរបស់អ្នកស្រុកភូមិ ដូច្នេះ គេប្រគេនអ្វី ដាក់អ្វី ត្រូវតែឆាន់របស់នោះ មិនអាចរើសតាមចិត្តបានឡើយ។ បើកាលណា បង្គាប់បញ្ជាថាត្រូវរៀបបែបនេះ ឬបែបនោះ វានឹងក្លាយជាការរំខានដល់សិទ្ធិស្វ័យសម្រេចរបស់អ្នកម្ចាស់ទានទៅវិញ ហើយអាចប្រឈមនឹងគេលែងជ្រះថ្លាក្នុងការធ្វើទាន។

ម្យ៉ាងទៀត ព្រះពុទ្ធក៏បានពន្យល់ដែរថា គ្រប់យ៉ាងអាស្រ័យលើចេតនាចិត្តរបស់អ្នកឱ្យនិងអ្នកទទួល។ បើសង្ឃអង្គណា ទទួលចង្ហាន់ជាសាច់សត្វ ដែលចេញមកពីបំណងគិតទុកមុនថាចង់ឆាន់សាច់ ឬ មានចេតនាធ្វើឱ្យអ្នកម្ចាស់ទានបានដឹងខ្លួនជាមុនក្នុងការសម្លាប់សត្វដើម្បីរៀបចង្ហាន់ ព្រះសង្ឃនោះនឹងមានទោស។

__________

***ការពន្យល់បន្ថែមរបស់សាវ័កព្រះពុទ្ធសម័យបច្ចុប្បន្ន

ការទទួលទានបន្លែ ក៏មិនមែនមានន័យថា អាចគេចផុតពីការសម្លាប់ជីវិតសត្វនោះទេ។ ដើម្បីបានបន្លែ យកមកជាអាហារមនុស្សនៅតែគេចមិនផុតពីការសម្លាប់ជីវិត ដែលរួមមានដូចជា សត្វជន្លេនក្នុងដី សត្វល្អិតនានា ដែលត្រូវបានបំផ្លាញដោយថ្នាំពុល ។ល។ ហើយ ការទទួលបន្លែតែម្យ៉ាង មិនបានឆ្លុះបញ្ចាំងនូវសីលបរិសុទ្ធ ឬ គុណធម៌របស់មនុស្សនោះទេ ដរាបណា ចេតនាចិត្តរបស់គេនៅតែជាប់ជំពាក់ទៅនឹងអកុសលធម៌ផ្សេងៗ។ មិនថាជាអ្នកតមសាច់ ឬ មិនតម យើងត្រូវរស់នៅប្រកបដោយ សីល ជាប្រចាំ។

________

វិរិយា 🌸

May be an image of 3 people and temple

See insights and ads

Boost post

All reactions:

3030

មនុស្សអវិជ្ជមាន

ខ្ញុំសែនជ្រេញ គ្រប់ពេលដែលឮគេរំឭកពាក្យថា “គិតវិជ្ជមាន” …… និយាយលេងសើចអី! កាលពីច្រើនឆ្នាំមុន ក្នុងរវាងទសវត្សរ៍ឆ្នាំ២០០០ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តប្រើពាក្យនេះញឹកញាប់ជាទីបំផុត ទាំងការសរសេរនិងនិយាយ។ លុះឥលូវ ដល់តែឃើញគេនាំគ្នាសាបព្រោះពាក្យនេះច្រើនខ្លាំងពេក… ច្រើនរហូតដល់ពាក្យនេះក្លាយជា អតិផរណា និងចុះថោកដូចសំរាម ក្នុងក្រសែភ្នែកខ្ញុំនេះទៅវិញ។ ហេតុអ្វី?

ព្រោះមនុស្សទ្រឹស្ដីនិយមដែលខ្លួនឯងមិនជាខ្មោចផេះអីផងនុះ ក៏និយាយនិងពោលដល់ពាក្យនេះ ស្ទើររាល់ថ្ងៃដែរ។ ខ្ញុំកើតមក ដោយស្ពាយនូវអត្តចរិតមួយចម្លែកបន្តិច ត្រង់ចូលចិត្តតែធ្វើអីដែលបញ្ច្រាសពីគេពីឯង បើទោះបីជាអ្នកផ្សេងគេមានហេតុផលរាប់លានសម្រាប់ការពារខ្លួនក៏ដោយ។

តាមពិតទៅ ការគិតវិជ្ជមាន វាគ្រាន់តែជួយទំនុកបម្រុងក្រសែចិត្តរបស់មនុស្ស កុំឱ្យវង្វេងវិលវល់ និងលួងលោមមនុស្សពីទុក្ខសោកផងទាំងពួងដែលកើតមានរាល់ថ្ងៃរុំស្រោបជុំជិត។ សម្រាប់ខ្ញុំ “ការគិតអវិជ្ជមាន” គឺជាថាមពលដ៏អស្ចារ្យដែលដុតបញ្ឆេះឱ្យល្បឿនជីវិតទៅមុខបានលឿនហើយប្រកបដោយសុខសុវត្ថិភាពទៀតផង។

ក្នុងចក្រវាល បើគ្មានប៉ូលដក (-)ទៅទង្គិចនឹងប៉ូលបូក (+) ទេ វាក៏វាគ្មានភ្លើងរន្ទះបាញ់បំផ្ទុះផែនដីនេះបានឡើយ។ ក្នុងរូបមន្តអគ្គិសនី ប្រូតុងវិជ្ជមាន ឬប៉ូលបូក គ្មានរំញោចស្អីទេ ដរាបណាគ្មានការតភ្ជាប់ជាមួយអេឡិចត្រុងអវិជ្ជមានឬប៉ូលដក។ ក្នុងសង្គមមនុស្សរស់នៅ បើគ្មានពួកមនុស្សអវិជ្ជមាន ក៏វាគ្មានក្រុមហ៊ុនធានារ៉ាប់រងដែរ។ មនុស្សដែលអវិជ្ជមានបំផុត គឺជាអ្នកដែលច្នៃពិភពលោកបានសុវត្ថិភាពបំផុត។

ក្នុងការស្រាវជ្រាវពីដើម មនុស្សវិជ្ជមាន ផលិតយន្តហោះ ចំណែកមនុស្សអវិជ្ជមានផលិតខ្សែក្រវាត់និងឆ័ត្រយោង។ មនុស្សគិតល្អៗ គេផលិតម៉ូតូ តែមនុស្សអគតិ នាំគ្នាផលិតមួកសុវត្ថិភាព។ ក្នុងសង្គមមនុស្សរស់ អ្នកវិជ្ជមាននាំគ្នាកសាងសាលារៀន ប៉ុន្តែអ្នកអវិជ្ជមានវិញ កសាងគុក និងផលិតខ្នោះ។ ពួកអ្នកវិជ្ជមាន កសាងមន្ទីរពេទ្យកែកម្ផស្ស ចំណែកពួកអវិជ្ជមាន កសាងមន្ទីរពេទ្យវិកលចរិត។

ដូច្នេះ កុំសូវវិជ្ជមានខ្លាំងពេក ប្រយ័ត្នភ្លើងឆេះផ្ទះ គ្មានអ្វីសង្គ្រោះ។ កុំសូវវិជ្ជមានពេក ទិញធានារ៉ាប់រងខ្លះផង ក្រែងគ្រោះថ្នាក់ទាន់ហ័ន គ្រាន់មានគេជួយបាន។ កុំសូវវិជ្ជមានពេក ក្រែងគេលួចចាក់ពីក្រោយ គេចខ្លួនមិនទាន់។ កុំសូវវិជ្ជមានពេក ក្រែងធាតុម្ខាងទៀត សុទ្ធតែវិជ្ជមានដូចគ្នាដែរ ជីវិតអ្នកនឹងក្លាយជា ណឺត្រុង ឬ សភាពខ្ទើយ វាអសារបង់ ប្រើជាប្រយោជន៍អីមិនកើត។

អូ! មួយទៀត កុំសរសើរខ្ញុំច្រើនពេកអី ព្រោះតែកាលណាអ្នកសរសើរខ្ញុំច្រើនពេក ខ្ញុំនឹងស្អប់ខ្ពើមខ្លួនឯងមិនខាន…… ខ្ញុំត្រូវការតុល្យភាពអារម្មណ៍ដើម្បីរស់ឱ្យបានសុខស្រួល!

_________

លឹម វីរីយ៉ា

ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

រូបថតខ្ញុំនៅលើភ្នំបូកគោ ត្រង់ទីតាំងបឹងទឹកសាប

ព្រះរាជលិង្គនៃព្រះសិវៈ

កំណត់ហេតុជីវិតខ្ញុំនៅក្រុងញូឌែល្ហី

ក្នុងវិន័យសាសនាហិណ្ឌូ ស្ត្រីមិនអាចធ្វើការគោរពបូជា ឬសូម្បីតែដើរទៅក្បែរសិវលិង្គបានទេ កុំថាឡើយដល់ទៅយកដៃប៉ះពាល់។ ការដែលស្ត្រី ប៉ះសិវលិង្គ គឺជាអ្វីដែលច្បាប់សាសនាហិណ្ឌូ ហាមឃាត់ដាច់ខាត។ នៅឥណ្ឌា ប្រជាជនភាគច្រើនគោរពបូជាអាទិទេព ហើយអាទិទេព មានច្រើនខុសៗគ្នាតាមតំបន់។ តំបន់ដែលខ្ញុំឈរថតរូបនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ជាយក្រុង ញូឌេល្ហី ជិតអាកាសយាន្ដដ្ឋានអន្តរជាតិ ឥន្ទ្រគន្ធី។ នៅទីនោះ ឃើញមានបដិមាសិវលិង្គជាច្រើនសម្រាប់អ្នកស្រុកគោរពបូជា។

រូបថតអនុស្សាវរីយ៍នៅក្រុងញូឌែល្ហី ប្រទេសឥណ្ឌា កាលពីឆ្នាំ ២០១៨ ក្នុងដំណើរប្រជុំសហគ្រិនស្ត្រី

ដោយសារតែ “ព្រះសិវៈ” មានអនុភាពខ្ពង់ខ្ពស់ខ្លាំងពេក មនុស្ស សូម្បីតែហៅ ក៏មិនហ៊ានហៅចំឈ្មោះផង គេហៅត្រឹមតែ “ព្រះឥសូរ” ប៉ុណ្ណោះ ដើម្បីជាការគោរពលើកតម្កើង (ដូចយើងហៅមេដឹកនាំធំៗ ត្រឹមតែងារពីមុខអ៊ីចឹងដែរ)។ អ្នកកាន់សាសនាហិណ្ឌូ ជឿថា ស្ត្រីដែលហ៊ានល្មើសនឹងបម្រាមនេះ (ជាពិសេសស្ត្រីនៅលីវ) នឹងត្រូវព្រះឥសូរដាក់ទណ្ឌកម្មយ៉ាងធ្ងន់ក្នុងជីវិត។ មានគេឃាត់ខ្ញុំមិនឱ្យលូកដៃប៉ះដែរ តែខ្ញុំបានតបទៅគេថា “សូមឱ្យខ្ញុំបានពិសោធមហិទ្ធានុភាពព្រះឥសូរផងចុះ តើវាជាការពិតទេ?”។

ស្រាប់តែមានភាពចៃដន់មួយបានកើតឡើង! ពេលជិះយន្តហោះពីឥណ្ឌា ត្រលប់មកផ្ទះវិញ ខ្ញុំបានដួលសន្លប់បាត់ស្មារតីលើយន្តហោះប្រមាណជា ២ម៉ោង (ក្រោយពេលយន្តហោះ បានហោះឡើងលើជាង១ម៉ោង) ពេលងើបដើរទៅរកបន្ទប់ទឹក។ បន្ទាប់ពីទទួលបានការសង្គ្រោះបន្ទាន់ពីវេជ្ជបណ្ឌិត និងក្រុមកាប៊ីនឃ្រូ នៅក្នុងបន្ទប់ពិសេសមួយ ជាមួយនឹងឧបករណ៍បរិក្ខាពេទ្យគេរួចមក ខ្ញុំក៏ដឹងខ្លួនមកវិញ។ ពេលស្រួលខ្លួនវិញបានបន្តិច មានមិត្តភក្តិខ្លះដែលរួមដំណើរជាមួយ (ជាពិសេសអ្នកថតរូបឱ្យនេះ) បានសន្និដ្ឋានថា មកពីខ្ញុំនេះមិនគោរពព្រះឥសូរ ទើបទៅជាដូច្នេះ។

ខ្ញុំនៅតែហួសចិត្ត ចង់សើច តាមពិត ហេតុផលដ៏ជាក់លាក់គឺ ខ្ញុំរអើមចំណីអាហារនៅទីនោះដែលមើលទៅគគ្រិចគ្រប់កន្លែង ជាពិសេសអ្នកបម្រើម្ហូបអាហារដែលមានក្រចកដៃវែងៗ និងមានដីខ្មៅៗញ៉ុកក្នុងក្រចកនោះ។ ហើយខ្ញុំចាញ់ក្លិនការីដ៏ឆួលឈ្លក់ បរិយាយមិនអស់។ ម្យ៉ាងទៀត ខ្ញុំមិនសូវផឹកទឹកបានច្រើន ដោយសារតែទឹកធុំក្លិនឆ្អាបពេក ផ្សំនឹងភាពហត់នឿយផង អាកាសធាតុក្ដៅផង ខ្សោះជាតិទឹកច្រើនពេក ទើបបណ្ដាលឱ្យខ្យល់គរ ដួលសន្លប់កណ្ដាលមេឃដូច្នេះតែម្ដងទៅ។ សព្វថ្ងៃ អ្នករួមដំណើរជាមួយខ្ញុំខ្លះដែលនៅតែមានជំនឿលើលទ្ធិអាទិទេព នៅតែនិយាយដើមខ្ញុំ ថាព្រះឥសូរចាប់មួលក្បាលខ្ញុំ ឱ្យប្រកាច់កណ្ដាលព្ធដ៏​វេហាស៍… ហាហាហា! 😃

វាមិនដែលគ្រាន់តែគេប៉ះលិង្គបន្តិចសោះ តាមធ្វើបាបគេនោះ ដូចមិនសមហេតុផលទេ ព្រះឥសូរ! ក្រែងពាក្យថាព្រះ ជាសភាវៈប្រោសសណ្ដោសមេត្តាករុណាមនុស្សលោក មែនទេ? ហេតុអ្វីមកតាមផ្ចាញ់ផ្ចាលមនុស្សទៅវិញ ជាពិសេសស្ត្រីភេទ?

សំណាងណាស់ ដែលខ្ញុំមានព្រះពុទ្ធ ព្រះធម៌ ជាទីពឹង ទីរឭក… ច្បាស់ណាស់ ថាឆាកជីវិតខ្ញុំ មានដំណើរទៅមុខ ជាមួយផលដែលចេញពីហេតុ។ គឺជីវិត មានហេតុផលច្បាស់លាស់ ដែលអាចពិចារណាបាន មិនចេះតែវិនិច្ឆ័យហើយជឿផ្ដេសផ្ដាសនោះទេ។
______________

ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ

ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ

តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
តតិយម្បិ ធម្មំ សរណំ គិច្ឆាមិ
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ
_______

វិរិយា🌸

ខ្ញុំធ្លាប់បានសរសេរ អត្ថបទខ្លីមួយទាក់ទងនឹងស្ថានភាពសន្លប់លើយន្តហោះកណ្ដាលរាត្រីកាលពី ៥ឆ្នាំមុន ចុចទីនេះដើម្បីអាន https://www.facebook.com/photo/?fbid=10214858839520961&set=a.10218483915905605

តើវត្ដអារាម មានខ្លឹមសារយ៉ាងណាក្នុងផ្នត់គំនិតជនជាតិខ្មែរម្ចាស់ស្រុក?

ពាក្យថា “វត្ដ” (ក្លាយមកពីភាសាបាលី សំស្ក្រឹត) ប្រែថា “ការកាន់នូវសីលធម៌ ឬការប្រព្រឹត្តដែលពោរពេញដោយសេចក្ដីគោរព”។ ចំណែកពាក្យថា “អារាម” ប្រែថា “ទីវាលដែលមានសួនច្បារល្អស្រស់ត្រកាល និងមានកុដិដែលជាទីស្នាក់អាស្រ័យនៃបព្វជិត”។ ពាក្យ “អារាម” នេះ ពីសម័យដើមគេប្រើហៅ ដើម្បីសម្គាល់ទីអាវាសទាំងឡាយណាដែលអាចធ្វើឱ្យអ្នកបានទៅដល់ មានសេចក្ដីសោមនស្ស រីករាយ សប្បាយចិត្ត ភ្លេចអស់ទុក្ខកង្វល់។

ដូច្នេះ “វត្ដអារាម” គឺជាទីតាំងនៅនៃបណ្ដាអ្នកបួស ដែលត្រូវការភាពស្ងប់ស្ងាត់ ដើម្បីសន្សំសីល សមាធិ ភាវនា ហើយក៏ជាទីជ្រះថ្លានៃបរិស័ទជិតឆ្ងាយ ដែលត្រូវការពឹងអាស្រ័យ ដើម្បីជម្រះភាពសៅហ្មងផ្សេងៗផងដែរ។

លុះអំណេះតមកច្រើនជំនាន់ ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ គ្រោះទុរភ្ភិក្ស ពីមួយសតវត្សរ៍ ទៅមួយសតវត្សរ៍ មនុស្សហាក់ឃ្លាតឆ្ងាយចេញពីការអប់រំ រហូតលែងដឹង លែងយល់ថា តើ “វត្ដអារាម” ជាកន្លែងសម្រាប់បដិបត្តិនូវកិច្ចប្រកបដោយសីលធម៌អ្វីខ្លះ ហើយបែរជាយល់ខុសដោយមិច្ឆាទិដ្ឋិ ថាវត្តអារាម ជាកន្លែងទៅស្រោចទឹក រំដោះគ្រោះចង្រៃ ជាកន្លែង ដែលពួកគេអាចប្រមែប្រមូលវត្ថុអាក្រក់ៗដូចជាសំរាម ទៅប្លុងចោលទៅវិញ។

ជាក់ស្ដែង ដែលយើងធ្លាប់ឃើញកន្លងមក មនុស្សខ្វះការអប់រំជាច្រើនរាប់មិនអស់ បាននាំគ្នាជញ្ជូនយក វត្ថុសក្ការបូជាប្រចាំថ្ងៃ ដែលពួកគេជឿថាអស់មន្តស័ក្ដិសិទ្ធិ យកទៅប្រោសចោលតាមរបងវត្ដអារាម ជាហូរហែឥតដាច់។ មនុស្សអគតិខ្លះ បានយកឆ្កែឆ្មា ឬសត្វចិញ្ចឹមនានា ឬសត្វកាចសាហាវ ដែលគេជឿថា ជាសត្វបង្កនូវវិនាសកម្មដល់ជីវិតពួកគេ ទៅលែងចោលនៅក្នុងវត្តអារាម។

រូបថតដែលគេបានថតបង្ហោះផ្សាយតគ្នានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ ក្នុងអំឡុងបុណ្យសែនដកជើងធូបរបស់ប្រពៃណីចិន នៅស្រុកខ្មែរ (តាមអានមតិអ្នកទស្សនា សរសេរថា ជារូបភាពនៅវត្ដទួល)

មិច្ឆាទិដ្ឋិរបស់មនុស្ស បានប៉ោងរីកភាយ រហូតដល់ថ្នាក់ ចាត់ទុកវត្តអារាម ជាកន្លែងសម្រាប់ទៅពឹងពរ រកគ្រូធ្មប់ (សង្ឃខ្លះរៀនវិជ្ជាធ្មប់ គឺវិជ្ជាសូត្រមន្តរំដោះគ្រោះ និងចារយ័ន្ដគាថា ដែលព្រះពុទ្ធហាមផ្ដាច់ និងបានចាត់ទុកជាវិជ្ជាតិរច្ឆាន) ដើម្បីពួកគេអាច ស្រោចទឹក សូមសិរីសួស្ដី សូមអំបោះក្រហម ឬសូមវត្ថុនេះនោះ ទៅតាមជំនឿដ៏ងងឹតនិងអវិជ្ជារបស់ពួកគេរៀងៗខ្លួន។

សរុបសេចក្ដីទៅ វត្តអារាម ហាក់នៅឆ្ងាយពីសេចក្ដីល្អបរិសុទ្ធ។ វត្តអារាម ហាក់ដូចជាបានប្រែក្លាយទៅជា កន្លែងពួកធ្មប់បិសាច ដែលជ្រកក្រោមស្លាកឈ្មោះពុទ្ធសាសនា និងរង់ចាំត្រងយកឧបទ្រពចង្រៃផ្សេងៗ ទៅតាមជំនឿកខ្វក់របស់ពួកមនុស្សទ្រុស្ដសីលទៅវិញ។

សូមជនជាតិខ្មែរ ភ្ញាក់រឭកឡើង! វត្ដអារាម ជាកន្លែងសម្រាប់យើងជាបរិស័ទ អាចទៅស្ដាប់ឱវាទរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ តាមរយៈព្រះធម្មទេសនារបស់សាវកព្រះអង្គ គឺព្រះសង្ឃ។ វត្តអារាម ជាកន្លែងស្ងប់ស្ងាត់ សម្រាប់យើងទៅធ្វើសមាធិ លាងជម្រះចិត្តដែលអាប់អួរ សៅហ្មង ឱ្យបានខ្ពង់ខ្ពស់ ស្រស់ស្រាយ និងចាកឆ្ងាយទុក្ខទាំងពួង។ វត្តអារាម ជាទីស្នាក់អាស្រ័យរបស់បព្វជិតសាសនា ដែលយើងគ្រប់គ្នាគួរទៅចែករំលែកទានផ្សេងៗ ដូចជា បច្ច័យបួន ជាដើម ដើម្បីជួយទ្រទ្រង់អ្នកបួសឱ្យមានជីវិតរស់បានល្អប្រសើរ ដើម្បីសាវកទាំងនោះ ជួយផ្សព្វផ្សាយព្រះអភិធម្ម ដល់សាធារណជន បានយល់ដឹង និងឈានដល់ការអភិវឌ្ឍប្រទេសជាតិ និងពិភពលោក។

បើអ្នកទៅវត្ត ដើម្បីតែទៅរកលោកសង្ឃស្រោចទឹក ឬដើម្បីរំឭកត្រឹមតែខ្មោចជីដូនជីតាខ្លួនឯងដែលចែកឋាននោះ សូមកុំទៅអីល្អជាង។ បើអ្នកទៅវត្ត ដើម្បីយកសំរាមទៅចាក់ចោល អ្នកមិនខុសគ្នាអីពីពួកប្រេតនាឋាននរកអវីចីនោះទេ។

រូបថតវត្តត្នោតជុំ ខេត្តបាត់ដំបង ថតដោយ យឹម ម៉ានីកា

តើការប្ដូរពីគណនីហ្វេសប៊ុគធម្មតា ទៅជាគណនីហ្វេសប៊ុគ Professional Mode មានផលប៉ះពាល់អ្វីខ្លះ?

Professional Mode នៅក្នុងផលិតផល Facebook នៃក្រុមហ៊ុន Meta ត្រូវបានដាក់បញ្ចូលឱ្យប្រើប្រាស់តាំងពីខែធ្នូឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែកាលណោះ ក្រុមអ្នកបច្ចេកទេសដាក់ឱ្យតែ Account អ្នកប្រើប្រាស់ទាំងឡាយណាដែលជា Creators សម្រាប់ពួកគេរកប្រាក់ចំណូលពីការច្នៃប្រតិដ្ឋ បង្កើត Features ថ្មីៗនៅក្នុង Facebook តែប៉ុណ្ណោះ។ លុះ១ឆ្នាំក្រោយមក ពោលគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ទើបទម្រង់មួយនេះ ត្រូវបានដាក់ប្រកាសឱ្យប្រើប្រាស់ជាទូទៅ។

មិត្តអ្នកអានប្រហែលជានៅចងចាំបាន ព្រឹត្តិការណ៍ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ គ្រាន់តែមួយយប់សោះ អ្នកប្រើ Facebook គ្រប់គ្នាបាត់អ្នកតាមដាន (Followers) អស់ នៅសល់តែម្នាក់ជាង 9K (៩ពាន់) នាក់ (សម្រាប់អ្នកដែលមាន Followers លើសពី 9K) ប៉ុន្តែអ្វីៗក៏ត្រលប់មកដូចដើមវិញ នៅ១២ម៉ោងបន្ទាប់។ មូលហេតុនៃបញ្ហា កាលណោះ គឺដោយសារតែកំហុសបច្ចេកទេសបន្តិចបន្តួចរបស់ក្រុមអ្នកជំនាញ ដែលកំពុងស៊កបញ្ចូលកម្មវិធី Professional Mode នេះឯង។ លុះវាដំណើរការជាប្រក្រតីមកវិញបានបន្តិច យើងក៏ចាប់ផ្ដើមសង្កេតឃើញថា ចំនួន Followers នៃគណនីឯកជនធម្មតា និង គណនី FB Page ចាប់ផ្ដើមបង្ហាញឱ្យឃើញនូវតួលេខ ដកថយចុះ ម្ដងបន្តិចៗ ជារៀងរាល់ថ្ងៃ។ ហេតុអ្វី?

ព្រោះថា ក្រោយពេលមាន Feature នេះហើយ អ្នកប្រើប្រាស់បានចុច ផ្លាស់ប្ដូរ គណនី ខ្លួនឯងពី Personal Profile ទៅជា Professional Mode។ ក្រោយពេលគណនីបានដូរទៅជា Professional Mode វាបានលោតបង្ហាញចេញនូវតួលេខនៃបញ្ជី Followers និង Following (ដូចគ្នានឹង Instagram ដែរ) នៅជួរលើបំផុត។ ហើយអ្នកប្រើប្រាស់ ក៏ចាប់ផ្ដើមចុចចូលទៅមើលឈ្មោះបញ្ជីនៃបុគ្គលឬស្ថាប័ននានា ដែលគេបានចុចតាមដានកន្លងមក តែមិនដែលឃើញលោតព័ត៌មាន។ (រឿងនេះវាស្មុគស្មាញនឹងពន្យល់ណាស់ ថាហេតុអ្វីយើងចុចតាមដានហើយ ប៉ុន្តែនៅតែមិនឃើញព័ត៌មានលោតចូលក្នុង New Feeds។) ម្ល៉ោះហើយ ម្ចាស់គណនី ក៏ចាប់ផ្ដើមបោសសម្អាតដោយខ្លួនឯងម្ដងបន្តិចៗ និងជារៀងរាល់ថ្ងៃ ពីគ្រប់ទិសទី ជាហេតុធ្វើឱ្យចំនួនតួលេខ Followers ទាំងខ្ញុំ ទាំងគេ មានដំណកថយម្ដងបន្តិចៗដែលអាចកត់សម្គាល់បាន។

ជាក់ស្ដែង ខ្ញុំខ្លួនឯង ធ្លាប់បានសាកល្បងផ្លាស់ប្ដូរ ពី Personal Profile ទៅជា Professional Mode ដែរ ហើយឃើញថាបញ្ជី Following របស់ខ្ញុំមានដល់ទៅ 1.5K លុះចូលទៅមើល ទើបដឹងថាភាគច្រើន ជា Pages ដែលខ្ញុំហាក់មិនចងចាំ មនុស្សដែលខ្ញុំមិនធ្លាប់ស្គាល់ និង ឈ្មោះគណនីប្លែកៗជាច្រើនផ្សេងទៀត ទើបខ្ញុំសម្រេចចិត្តលុបចេញវិញ នៅសល់តែប្រមាណជាជិត ៥០០ គណនី តែប៉ុណ្ណោះ ដែលភាគច្រើនជាទំព័រផ្ដល់ព័ត៌មានសំខាន់ៗ និងមានប្រយោជន៍ ដែលខ្ញុំចង់ឃើញនិងចង់អានរាល់ថ្ងៃ។

គិតមកទើសនឹងពេលនេះ (ខែកុម្ភៈ ២០២៣) កម្មវិធីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ។ មានន័យថា ស្ថាបនិកក្រុមហ៊ុន Meta, Mark Zuckerberg ក៏មិនទាន់ម៉ឺងម៉ាត់១០០% ថានឹងដាក់រហូត ឬដកចេញវិញនូវពេលណាមួយឡើយ គេត្រូវរង់ចាំលទ្ធផលរយៈពេល១ឆ្នាំយ៉ាងតិចជាមុនសិន ដើម្បីអាចដឹងពីសន្ទុះប្រែប្រួល និងវិបាកនានាដែលនឹកស្មានមិនដល់។

ឥលូវយើង មកដឹងវិញថា តើការសម្រេចចិត្តផ្លាស់ប្ដូរគណនីហ្វេសប៊ុគ ពីធម្មតា ទៅជាបែបផ្លូវការ ឬហៅថាបែបវិជ្ជាជីវៈ មានផលប៉ះពាល់អ្វីខ្លះ ដល់អ្នកប្រើប្រាស់?

ក្រុមហ៊ុន មេតា តាមពិតកំពុងដើរលើគំរូអាជីវកម្ម “C2C” គឺយកអ្នកប្រើប្រាស់ ធ្វើជាអ្នកលក់និងអ្នកទិញផ្ទាល់តែម្ដង ដោយមិនចាំបាច់មាន Page បន្ថែមមួយទៀត នាំតែឈឺក្បាលដូចលើកមុន។ ដូច្នេះការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធម្មតា ប្ដូរគណនីទៅជា Professional Mode នឹងអាចជួយដល់ ម្ចាស់គណនី ដែលមានចំនួន Followers ច្រើនស្រាប់ (ចាប់ពី ១ម៉ឺននាក់ឡើង) មានមាតិកាល្បីៗស្រាប់ (ដែលមិនបានចម្លងពីគេ) អាចរកប្រាក់ចំណូល (Monetize) បានយ៉ាងងាយស្រួលពី Ads ផ្សាយពាណិជ្ជកម្មផ្សេងៗដែលវានឹងលោតចូលមកក្នុងប៉ុស្ដិ៍ដែលយើងដាក់ផ្សាយ។ និយាយងាយស្ដាប់យល់ គឺអាចរកស៊ី រកលុយកាក់បានស្រួលជាងមុន។ ហើយ ក្រាហ្វិក របស់ហ្វេសប៊ុគ ក៏ទាញគំហើញ នៃគណនីយើង ឱ្យសាធារណជនបានឃើញរឹតតែល្អជាងមុនដែរ។ ទាំងនេះហើយ ជាអត្ថប្រយោជន៍ ដ៏ល្អក្នុងការប្ដូរពីគណនីឯកជនធម្មតា ទៅជាគណនីវិជ្ជាជីវៈ។

ទោះជាយ៉ាងណាក៏ដោយ បើពិចារណាទៅដល់គុណវិបត្តិរបស់វា ក៏មិនអត់ដែរ។ ប្រសិនបើ លោកអ្នកប្រើប្រាស់ កំពុងតែមាន Page ស្រាប់ ខ្ញុំសូមណែនាំថា កុំអាលប្ដូរ Personal Account ទៅជា Professional Mode នៅពេលនេះអី ព្រោះថា៖

ប្រសិនបើយើងដូរពី គណនីឯកជន ទៅជាគណនីរកស៊ី គឺគ្រប់ព័ត៌មានដែលយើងបង្ហោះចេញ នឹងលែងមានឯកជនភាពតទៅទៀតហើយ (ក្នុងករណីដែលយើងនៅចង់រក្សាឯកជនភាពក្នុងក្រុមគ្រួសារ)។ Professional Mode នឹងទាមទារឱ្យយើងបង្ហោះគ្រប់យ៉ាងជាសាធារណៈ ដែលពេលខ្លះព័ត៌មានផ្ទាល់ខ្លួនដូចជា រូបថតកូនចៅ ឬសកម្មភាពក្នុងផ្ទះសម្បែង ក៏លែងក្លាយជាឯកជនដែរ។ រឿងនេះវាប៉ះពាល់ដល់សន្តិសុខផ្ទាល់ខ្លួនមួយចំនួន ប្រសិនបើយើងជាប្រភេទអ្នកប្រើដែលបង្ហោះមិនចេះពិចារណាវែងឆ្ងាយ។

គុណវិបត្តិមួយទៀត គឺ ប្រសិនបើកន្លងមកគណនីរបស់យើង ធ្លាប់យករូបថតពីប្រភពផ្សេងៗមិនដឹងទិសតំបន់ វិដេអូផ្សេងៗដោយគ្មានការអនុញ្ញាតិសិទ្ធិ យកមកដាក់បង្ហោះ (ទោះជាតាំងពីយូរណាស់មកហើយក៏ដោយ) យើងនឹងទទួលបានពាក្យបណ្ដឹងដោយស្វ័យប្រវត្តិ ក្រោយពេល Switch Account ទៅជា Professional Mode ភ្លាមៗ។ មានន័យថា ប្ដូរចូលគន្លងផ្លូវរកស៊ីហើយ តែនៅតែរកស៊ីមិនបានដដែល ហើយជាប់ឈ្មោះក្នុងបញ្ជីក្រហមរបស់ Meta ថែមទៀត (បញ្ជីក្រហម ជាបញ្ជីឈ្មោះម្ចាស់គណនីណា ដែលរំលោភបំពានច្បាប់កម្មសិទ្ធិបញ្ញានៅក្នុងប្រព័ន្ធ Meta)។

ក្រោយពេលក្លាយជា Professional Mode អ្នកមិនអាចបង្ហោះអ្វីៗទៅតាមតែចិត្តនឹកឃើញដូចមុនទៀតឡើយ ព្រោះពាក្យថា Professional ប្រែថា វិជ្ជាជីវៈ ហើយដើម្បីគោរពគោលការណ៍វិជ្ជាជីវៈបាន យើងត្រូវបានគេដកហូតសិទ្ធិច្រើនខ្លាំងណាស់ ស្រួលមិនស្រួល អាចនឹងត្រូវបានគេប្លុកគណនី ប្រើលែងកើតផងក៏ថាបាន។

ចំណុចគួរជាទីខកចិត្តមួយទៀត គឺថា ក្នុងក្បួនរកស៊ីរបស់ក្រុមហ៊ុនបណ្ដាញសង្គម មួយណាក៏ដូចមួយណាដែរ បើកាលណាគេជួយរកប្រាក់ចំណូលឱ្យយើង វាលុះត្រាតែយើងបង់ពន្ធផាស៊ីឱ្យគេវិញដែរ។ ប្រសិនបើយើងធ្លាប់កាន់ Page យើងយល់ហើយ។ ដើម្បីមាន Views ច្រើនៗ វាទាល់តែយើងប្រើលុយ ហើយបើគ្មានលុយទេ វាទាល់តែយើងជាកំពូលអ្នកបង្កើតគំនិតប្លែកៗ ដែលគេហៅថា Creative Content។ ហើយយើងមិនអាចលួចចម្លងគេផ្ដេសផ្ដាសបានទេ គ្រោះថ្នាក់ណាស់!

ពីរបីខែនេះ តាំងពីក្រុមហ៊ុន Meta ដាក់ឱ្យប្រើប្រាស់ Feature មួយនេះ សង្កេតឃើញថា មាន Friends ខ្ញុំជាច្រើនបានផ្លាស់ប្ដូរគណនីទៅជា Professional Mode រួចហើយ។ ប្រសិនបើចោទសួរទៅពួកគេថា តើមានបានលុយកាក់ខ្លះហើយឬនៅពីការផ្លាស់ប្ដូរនោះ? ឬក៏ឃើញគេប្ដូរ ក៏ចេះតែប្ដូរតាមតែគ្នាទេ?

ជាថ្មីម្ដងទៀត! យោបល់ខ្ញុំ ប្រសិនបើលោកអ្នកកំពុងមាន Page សូមកុំប្ដូរ Personal Profile ចេញអី ព្រោះ យ៉ាងហោចណាស់ យើងអាចបែងចែកកិច្ចការងារផ្សេងៗដាច់ដោយឡែកពីគ្នា រឿងរកស៊ី រឿងផ្ទះសម្បែង ក្រុមគ្រួសារ ឱ្យមានសុវត្ថិភាពពី Cyber Crime។ ហើយមួយទៀត ស្ថាបនិកនៃក្រុមហ៊ុនយក្សនេះ ក៏មិនទាន់បានបង្កើត License Agreement អីជាមួយនឹងយើងនៅឡើយដែរ ដូច្នេះគេចង់បិទវិញថ្ងៃណា ក៏គេអត់ខុស។ ខ្វះអី Feature ល្អលេងម៉ាគំនរ ដាក់ហើយ ដកចេញទៅវិញបាត់អស់ ដូចជា ស៊ុមរូបថតប្រូហ្វាល (Profile Photo Frame) វិដេអូប្រូហ្វាល (Video Profile) ដូចជា ស្ទីកឃើរសញ្ញាអរគុណ (Thank you reaction) ផ្ទាំងសរសេរដូចប្លក់ (Note) … ។ល។​ ដែលពីមុនមានប្រើ ឥលូវគេដកវិញអស់។ សូម្បីតែសញ្ញាគ្រីសពណ៌ខៀវ (Blue Tick) ដែលបាន Verified ឱ្យគេហើយនោះ ក៏ឥលូវគេប្រកាសទារលុយបង់ប្រចាំខែដែរ។ ដូច្នេះឃើញថា គ្មានអ្វីទៀងទាត់ជាទីទុកចិត្តទេ។ ហ្វេសប៊ុគទាំងមូល ប្រែប្រួលតាមកម្សួលចិត្តដឹកនាំរបស់បុរសវ័យក្មេងម្នាក់ទេតើ!

ហើយអ្វីដែលខ្ញុំចង់បន្ថែមចុងក្រោយ គឺ ក្នុង Page ដែលយើងប្រើសព្វថ្ងៃ មានប្រព័ន្ធប្រតិបត្តិការដែលមានសុវត្ថិភាពខ្ពស់ក្នុងការ ការពារយើងពីអំពើចោរកម្ម Hack លុយចេញពីគណនីធនាគារ។ ប៉ុន្តែនៅក្នុង Personal Profile ធម្មតានោះ អត់មានទេ។ ហើយខ្ញុំធ្លាប់មានបទពិសោធរបូតលុយអស់ $25 ម្ដង ពីក្នុង Personal Profile ដោយគ្រាន់តែចុចលើព័ត៌មានគ្រោះរញ្ជួយដីនៅប្រទេសមួយ (ខ្ញុំភ្លេចហើយកាលពីពីរបីឆ្នាំមុន) ដែលគេផ្សាយថា សូមជួយសង្គ្រោះមនុស្សទុរ្ភិក្សដោយសារគ្រោះធម្មជាតិ។ ដំបូងឡើយខ្ញុំប្រុងចូលទៅអាន តែមិននឹកស្មានថា គ្រាន់តែចុចចូលភ្លាម ជាប់អន្ទាក់គេអស់ $25 (តួលេខនោះគេដាក់ស្វ័យប្រវត្តិជាប់ប៊ូតុងព័ត៌មាន) ចេញពីគណនីធនាគារ ABA។ តាំងពីនោះមក ខ្ញុំក៏ឈប់យក Personal Profile សម្រាប់ភ្ជាប់ក្នុងការទិញ លក់ អនឡាញតទៅទៀត។ ពោលគឺ ប្រើតែក្នុង Page ម្យ៉ាងគត់។

សង្ឃឹមថាការផ្ដល់គំនិតខ្លះៗនេះ អាចជួយលោកអ្នកពិចារណាបានរឹតតែល្អិតល្អន់ មុនពេលសម្រេចចិត្ត Click លើអ្វីមួយក្នុងអ៊ីនធើណិត។ បើខ្ជិលអាន Software License Agreement ដែលមានប្រវែងវែងៗ សូមកុំខ្ជិលអានប្លក់របស់ខ្ញុំអី ខ្ញុំសរសេរខ្លីៗទេ!

អ្នកខំម្មិនត៍ (Commenters)

(កំណាព្យបទកាកគតិ)

នេះនឹងថ្លាថ្លែង ខ្ញុំសូមសម្ដែង ភាគបែងភាគយក

ភាគណាចេញថ្មី គេល្បីលើគោក ប្រមូលមកបូក

​​​យកអ្នកខំម្មិនត៍។

អ្នកខ្លះក្រក្រី ឥតធ្វើការអី គិតតែតាមកិន

ជួនកាលចិញ្ច្រាំ ដូចម៉ាំសៀងចិន ខំម្មិនត៍ ខំម្មិនត៍

បង្ហិនវេលា។

ក្អេងក្អាងដូចក្អាត់ សម្ដីម៉ាត់ៗ ដូចទើបតែជា

ចេចចាចតាមប៉ុស្តិ៍ មិនសូវខុសគ្នា បង្ហើរបង្ហៀរ

កៀរគរឥតការណ៍។

អ្នកខ្លះប៉ិនជេរ បញ្ចោរដាច់ថ្នេរ ដូចឥតមេបា

ដូចខ្វះអ្នកប្រៀន បង្រៀនសិក្សា សែនអនិច្ចា

បញ្ញាខ្សោះល្អោច។

ដូចលង់ទ្រនេស រកស៊ីមិនខ្មេះ ចេះតែសែនខ្មោច

ខំម្មិនត៍ម្ដងៗ រហែកដាច់ដោច បានត្រឹមប៉ោចៗ

បោចម៉ោងទំនេរ។

ខ្លះមុខកញ្ចាស់ ក្បាលស្កូវច្រើនណាស់ បែរមិនខ្មាសគេ

ធ្វើការមិនខំ ខំប្រឹងតែជេរ រយះអស់កេរ្តិ៍

តែពូជខ្លួនឯង។

ខំម្មិនត៍ ខំម្មិនត៍ រកស៊ីមិនប៉ិន ហិនតែនឹងល្បែង

រាំរែកផឹកស្រា ប្រកាច់បែកផ្សែង បំផ្លាញខ្លួនឯង

មិនដែលដឹងខុស។

ខឹងក្ដៅក្រហាយ ខឹងដល់ក្អួតបាយ ជេរម្រាយតាមប៉ុស្តិ៍

តាមខ្ទង់ខំម្មិនត៍ គ្រប់រឿងចម្រុះ ដូចអង្កត់អុស

គប់ទាំងរងើក។

ល្មមភ្ញាក់ខ្លួនហើយ ខំម្មិនត៍មិនស្បើយ ឆ្លើយដូចមើកៗ

អក្សរខុសច្រើន ទោសកើនឥតលើក ជីវិតគ្មានឫក្ស

រវើកតែឈ្លោះ។

ដូចព្រូនដង្កូវ រលួយពេកទៅ អាស្រូវទាបយស

គេដៀលអាខ្មោច អសោចកេរ្តិ៍ឈ្មោះ ម្ង៉ៃៗដើរឈ្លោះ

តាមខ្ទង់ខំម្មិនត៍។

លឹម វិរិយា

២៩ មករា ២០២៣

តើពាក្យថា “លោភលន់” មានន័យខ្លឹមសារបែបណា?

មនុស្សច្រើនណាស់ ដែលនាំគ្នានិយាយស្ដីទាំងមិនត្រឹមត្រូវ ក្នុងការរៀបរាប់បញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ខ្លួនឯង។ ពួកយើងហាក់នៅភាន់ច្រឡំចែកគ្នាមិនដាច់រវាងខ្លឹមសារនៃពាក្យថា “លោភលន់” និង “ឧស្សាហ៍ព្យាយាម”។ មានមនុស្សឧស្សាហ៍ព្យាយាមដែលខិតខំធ្វើកិច្ចការងារសុចរិតទៀងត្រង់រាប់មិនអស់ ចូលចិត្តនិយាយបន្ទាបបន្ថោកខ្លួនឯងទាំងមិនដឹងខ្លួន ថា “ខ្ញុំជាមនុស្សលោភលន់” ឬក៏ “ខ្ញុំកំពុងនៅលោភលន់ណាស់” ឬទៅប្រដៅគេថា “មនុស្សយើងត្រូវចេះលោភលន់”…។ល។

តើលោកអ្នកធ្លាប់ឮទេ? ហើយធ្លាប់និយាយដោយខ្លួនឯងដែរឬទេ?

ក្នុងវចនានុក្រមខ្មែរ មានបញ្ជាក់ច្បាស់លាស់ណាស់ថា “លោភលន់” គឺជាសេចក្ដីជាប់ជំពាក់ចិត្តទៅនឹងអំពើអកុសលនានា។ នៅក្នុងមេរៀនព្រះអភិធម្ម (ចិត្ត និង ចេតសិក) ដែលត្រូវបានចងក្រងឡើងដើម្បីអ្នកមានឧបនិស្ស័យសិក្សារៀនសូត្រឱ្យរួចចាកទុក្ខ បានលើកបង្ហាញថា “សេចក្ដីលោភលន់” គឺជាអំណាចនៃ “អកុសលចិត្ត”ទាំង១២ដួង ក្នុងចំណោមដួងចិត្តទាំង ១២១ ដួង។ លោភមូលចិត្ត មិនដែលនាំជីវិតឆ្ពោះទៅរកសេចក្ដីគាប់ប្រសើរទេ។ វាជាមិច្ឆាទិដ្ឋិទាំងស្រុង ពោលគឺ វាតែងដឹកនាំមនុស្សទៅរកផ្លូវអសីលធម៌ ផ្លូវខុសឆ្គង ផ្លូវដែលនាំទៅរកតែទុក្ខលំបាក ដែលទាំងនេះ ចេញមកពីឫសគល់នៃអវិជ្ជា។

មនុស្សយើងនៅពេលដែលមានសេចក្ដីលោភលន់ហើយ គេនឹងហ៊ានកាប់សម្លាប់ជីវិតអ្នកដទៃ ហ៊ានពោលពាក្យមុសាប្រតិដ្ឋកុហក បោកប្រាស់កេងបន្លំ កេងប្រវ័ញ្ច ពុករលួយ លួចឆក់ប្លន់ ផិតក្បត់សហាយស្មន់ រំលោភបំពានគ្នា និងចុងក្រោយសេចក្ដីថោកទាបដ៏គួរខ្ពើមរអើម គឺការហ៊ានផឹកគ្រឿងស្រវឹង ដើម្បីរំលាយសតិសម្បជញ្ញៈចោល សល់នៅតែភាពឆ្កួតវង្វេងដូចជាសត្វតិរច្ឆាន។ ទាំងអស់នេះហើយ ដែលជាអកុសលវិបាក ចេញមកពីចិត្តដែលលោភលន់។

មនុស្សជាច្រើន ដែលចូលចិត្តពោលថា “ខ្ញុំលោភលន់” ប្រហែលជាពួកគេចង់សំដៅលើ សេចក្ដីឧស្សាហ៍ព្យាយាម បើតាមគិតមើលទៅ។ សូមចែកគ្នាឱ្យដាច់ស្រឡះ! “ឧស្សាហៈ” គឺជា សេចក្ដីឱហាត សង្វាត ខ្មីឃ្មាត ការខិតខំប្រឹងប្រែង មិនខ្ជិលច្រអូស ពោរពេញដោយ វិរិយបារមី ដែលជាធាតុមួយ ក្នុងចំណោមធាតុផ្សេងទៀតជាច្រើន ដែលជួយកសាងជីវិតមនុស្សឱ្យឆ្ពោះទៅកាន់ពន្លឺនៃប្រាជ្ញា និងសេចក្ដីសុខពិតប្រាកដ។

មានសាសនាខ្លះ អ្នកនិពន្ធខ្លះ វាគ្មិនខ្លះ បានបង្រៀនមនុស្ស ឱ្យមានសេចក្ដីលោភលន់ ដែលវាប្រាសចាកខុសស្រឡះពីការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបង្រៀនយើងឱ្យវារចេញចាក រលាស់ចោលនូវអកុសលចិត្តមួយនេះឱ្យបានសម្រេច ដើម្បីអាចរស់រួចចាកទុក្ខ។ ដូច្នេះ ប្រសិនបើលោកអ្នកអាន ជាអ្នកគម្ពីរនិយម ឬអ្នកសាសនានិយម សូមសម្បទានចំពោះការពន្យល់របស់ខ្ញុំផងចុះ។ ហើយចាត់ទុកថា ឧបនិស្ស័យរបស់អ្នកមិនទាន់មកដល់ ឬគ្មានសោះទទេក៏ថាបាន។

គតិគួរចងចាំ គឺ៖ ភាពលោភលន់ នឹងផ្សារភ្ជាប់យើងទៅកាន់អំពើអាក្រក់គ្រប់យ៉ាងដែលជាប្រភពនៃសេចក្ដីវិនាសអន្តរាយ ប៉ុន្តែភាពឧស្សាហ៍ព្យាយាម នឹងនាំយើងទៅដល់សេចក្ដីចម្រើនរុងរឿងជារៀងរហូត។

លឹម វិរិយា

ជំងឺភាសា

នៅស្រុកសៀម ពួកសៀមអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ឡ ល” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរ៉យ រោងរៀន” គេថា “លុងលឿង លៀបឡយ ឡូងលៀន”…។

នៅស្រុកខ្មែរ ពួកខ្មែរអ្នកទីក្រុង បញ្ចេញសំឡេង អក្សរ “រ” ចេញជា “ហ” ទាំងអស់។ ឧទាហរណ៍៖ “រុងរឿង រៀបរយ រូតរះ ខំរៀន” គេថា “ហ៊ុងហឿង ហៀបហ៊យ ហ៊ូតហ៊ះ ខំហៀន”… ហើយទាញសំឡេងមកនៅដើម ក។

ពួកគេមិនមែនមនុស្សអណ្ដាតតាឡាន់ទេ វាជាជំងឺនៃភាសានិយាយ ហើយអ្នកនិយាយខុសស័ព្ទអក្សរនោះ គេហៅថា “អ្នកជំងឺភាសា”។ ជំងឺបានកើតមានឡើងក្នុងគ្រប់ភាសាទាំងអស់ក្នុងពិភពលោក។ ហើយវាមិនមែនជាអ្វីដែលយើងត្រូវខំប្រឹងត្រាប់តាមនោះទេ។

នៅក្នុង ជំងឺភាសាអង់គ្លេស ក៏មានបញ្ហាដូចគ្នានេះដែរ។ ឧទាហរណ៍៖ ពាក្យ “កុំព្យូទ័រ/Computer, ស៊ីធី/City” ត្រូវបានអ្នកជំងឺភាសា និយាយបញ្ចេញសំឡេង “T” ជា “R” ទាំងអស់។ ដូច្នេះពួកគេបញ្ចេញសំឡេងថា “ខុមព្យូរ័រ ស៊ីរី”។ លុះដល់ជនជាតិផ្សេងដែលរស់នៅឆ្ងាយពីតំបន់ម្ចាស់ភាសាដើម (ឧ.ខ្មែរខ្លះ) ដែលមិនយល់ បែរជាខំប្រឹងកាច់តាមទាំងទទឹងទទែង ទាំងមិនយល់ថា ខ្លួនឯងគ្មានជំងឺទេ បែរខំប្រឹងពុតជាឈឺទៅវិញ។

សូមរស់ជាខ្លួនឯង កុំ​ប្រឹងពុត កុំប្រឹងត្រាប់តាមគេពេក ក្រែងលោ ត្រាប់តាមប៉ះចំអាខុស។ និយាយភាសាអ្វីក៏ដោយ ឱ្យតែយើងច្បាស់ថា យើងបានបញ្ចេញសំឡេងត្រឹមត្រូវតាម វាក្យស័ព្ទ ព្យាង្គ នីមួយៗហើយ គឺវាល្អហើយ។ តុងខ្មែរ តុងអាគាំង មិនសំខាន់ទេ សំខាន់ឱ្យតែគេស្ដាប់យល់។