All posts by VIRIYA LIM🌸

នេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់នាងខ្ញុំ លឹម វិរិយា​ ប្រើប្រាស់សម្រាប់ការចែករំលែកចំណេះដឹងទូទៅ គំនិតពិចារណា រឿងកម្សាន្ដខ្លីៗ និង កំណាព្យដែលចេញពីសមត្ថភាពតិចតួចស្ដួចស្ដើងរបស់ខ្ញុំ។ រីករាយនឹងអានរាល់មូលវិចារ្យនានាដែលលោកអ្នកផ្ញើជូន!

ដើម្បីក្លាយជាអ្នកនិពន្ធ

Viriya Lim

ខ្ញុំមិនទាន់បានក្លាយជាអ្នកនិពន្ធនៅឡើយទេ បើទោះបីជាខ្ញុំឆ្កួតវង្វេងនឹងការសរសេរជារៀងរាល់ថ្ងៃក៏ដោយ។ ខ្ញុំក៏មិនដែលបានស្វះស្វែងរកគ្រូបង្រៀនតែងនិពន្ធផងទេ ប៉ុន្តែជារឿយៗ ខ្ញុំស្រាវជ្រាវពីភាពជាអ្នកនិពន្ធ និង រឿងរ៉ាវផ្សេងៗទាក់ទិននឹងការបោះពុម្ពផ្សាយសៀវភៅ។

ខ្ញុំធ្លាប់បានសាកសួរ មនុស្សចំនួន៣នាក់ ថា “តើនរណាជាអ្នកនិពន្ធដែលមានស្នាដៃល្អជាងគេ ល្បីជាងគេនាពេលបច្ចុប្បន្ន?” មនុស្ស៣នាក់ដែលខ្ញុំបានសួរ សុទ្ធតែផ្ដល់ចម្លើយមកដូចៗគ្នា គឺ “ម៉ីសន សុធារី”។ Viriya Lim - Meysan Sotheary

និយាយដោយត្រង់ទៅចុះ ខ្ញុំមិនធ្លាប់ដែលស្គាល់ឬសូម្បីតែឮឈ្មោះរបស់គាត់ពីមុនមកសោះ។ ប្រហែលបណ្ដាលមកពីខ្ញុំមិនសូវចាប់ភ្លឹក ចងចាំឈ្មោះអ្នកនិពន្ធពេលអានអត្ថបទអប់រំផ្សេងៗក្នុងអ៊ីនធើណិត ម្យ៉ាងទៀត ខ្ញុំមិនចូលចិត្តអានប្រលោមលោកប្រតិដ្ឋ ដែលភាគច្រើនបងសុធារី ជាអ្នកនិពន្ធប្រលោមលោក។

ក្រោយពេលស៊ើបសួរដឹងឈ្មោះរួចហើយ ខ្ញុំក៏បានស្វែងរកគាត់ឃើញក្នុងបណ្ដាញសង្គម ហ្វេសប៊ុគ។ ក្រោយភ្ជាប់ទំនាក់ទំនងរួច ទើបខ្ញុំផ្ដើមកត់សម្គាល់ឃើញថា រវាងគាត់និងខ្ញុំ តាមពិតស្ថិតក្នុងសង្គមស្រដៀងៗគ្នា និងមានមិត្តភក្ដិរួមគ្នាច្រើន។  ខ្ញុំជួបគាត់លើកទី១ គឺការអង្គុយរួមតុ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍មិត្តភក្ដិ និង លើកទី២ ក្នុងថ្ងៃសម្ពោធសៀវភៅប្រលោមលោកស៊ើបអង្កេត រឿង “ស្ទីឌីយោលេខ៧” ដែលគាត់បានអញ្ជើញខ្ញុំដោយផ្ទាល់។

និយាយបញ្ច្រាសទៅលើវិញបន្តិច គឺមុនពេលដែលខ្ញុំបានទៅជួបគាត់នៅហាងកាហ្វេម្ដុំបឹងកេងកង ក្នុងពិធីសម្ពោធសៀវភៅនោះ ខ្ញុំធ្លាប់បានសាកល្បងទៅបណ្ណាគារពីរបីកន្លែងល្បីៗនៅភ្នំពេញ គោលបំណងដើម្បីទៅ ស្វែងរកសៀវភៅ ដែលមានចំណងជើងថា “ទម្រាំក្លាយជាអ្នកនិពន្ធ”  ដែលជាសៀវភៅ ខ្ញុំឃើញគេផ្សាយតាមអ៊ីនធើណិត តែរកមិនប្រទះសោះ។ ខ្ញុំមិនចង់បញ្ជាទិញសៀវភៅត្រឹម១ក្បាល ហើយរំខានគេឲ្យដឹកយកមកឲ្យខ្ញុំដល់ផ្ទះនោះទេ បើទោះជាធ្វើរឿងនោះមែន ក៏ខ្ញុំគេចមិនផុតពីការឲ្យលុយធីបអ្នកដឹកនោះបន្ថែមជាច្រើនដែរ។  ប៉ុន្តែនៅទីបំផុត ខ្ញុំអាចទិញវាបាននៅថ្ងៃសន្និសីទកាសែត និងសម្ពោធសៀវភៅរឿងប្រលោមលោកស៊ើបអង្កេតរបស់គាត់ នៅថ្ងៃទី ១៨ ខែសីហា ២០១៩ ដែលរៀបចំឡើងដោយក្រុម “តម្រា”។ ខ្ញុំទិញយកគ្រប់រឿង មួយមុខមួយក្បាល សម្រាប់អានពេលឆ្លៀតបាន។ ខ្ញុំមិនដែលមានពេលទំនេរសម្រាប់អានសៀវភៅទេ ប៉ុន្តែខ្ញុំតែងតែឆ្លៀតពេលអានសៀវភៅ ហើយពេលដែលល្អឥតខ្ចោះរបស់ខ្ញុំក្នុងការអាន គឺពេលធ្វើដំណើរ។

Viriya Lim 2019 (5)

ម្សិលមិញក្នុងអំឡុងពេលធ្វើដំណើរចេញពីផ្ទះ មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមដំណក់ភ្លៀងនៃជំនោរភទ្របទ វេលាម៉ោង៥ល្ងាចទៅហើយ ចរាចរណ៍នៅតាមដងផ្លូវស្ទះគ្រប់ខ្សែទាំងអស់។ តៃកុងឡានតាក់ស៊ី បើកបណ្ដើររអ៊ូរទាំបណ្ដើរទាំងមិនចេះខ្ជិល។ ខ្ញុំឥតខ្វល់យកចិត្តទុកដាក់នឹងគាត់ទេ ព្រោះខ្ញុំមានសៀវភៅតូចមួយនៅក្នុងដៃ សម្រាប់ kill time (បន្លប់ពេលវេលា កុំឲ្យធុញ)។ សៀវភៅនោះតូចល្មម កាន់ដៃម្ខាងបានយ៉ាងពេញលេញ និងស្រាលស្រទន់ ងាយអាន។ ខ្ញុំចាប់ផ្ដើមបង្កើតផែនការក្នុងខួរក្បាលទៅរប៉ុយៗ ថាបើនឹងបោះពុម្ពសៀវភៅ ត្រូវតែធ្វើឲ្យអ្នកអានងាយដាក់តាមខ្លួន ស្រួលកាន់ ស្រួលអាន អ៊ីចឹងដែរ។

ពីផ្ទះដល់ព្រលានយន្តហោះ ខ្ញុំអានបានពាក់កណ្ដាល  រយៈពេលរង់ចាំនៅក្នុងព្រលាន និងរយៈពេលហោះហើរមួយម៉ោងមកសៀមរាប ខ្ញុំបានបញ្ចប់វាល្មម។ ខ្ញុំបានរកឃើញខ្លួនឯងច្បាស់នៅក្នុងសៀវភៅមួយនេះ “ទម្រាំក្លាយជាអ្នកនិពន្ធ” ដោយ “ម៉ីសន សុធារី”។ ពីដើមដល់ចប់ បងសុធារី មានល្បោយសម្ដីស្រដៀងនឹងខ្ញុំច្រើនមែនទែន។ ទាំងគំនិតអប់រំ និងសិល្បៈចែករំលែកតាមរយៈអត្ថបទសរសេរ។ ថ្វីត្បិតតែគាត់ជាអ្នកនិពន្ធជើងចាស់ ដែលបានប្រលូកគ្រប់បទនិពន្ធ រួមមានតាំងពី ល្ខោនវិទ្យុ ល្ខោនទូរទស្សន៍ រឿងខ្លី រឿងវែង រឿងភាគ ។ល។ ថែមទាំងការងារក្រោយឆាកសម្ដែងផ្សេងៗផងនោះ  គាត់បាននាំខ្ញុំឱ្យស្លុងចូលទៅក្នុងមេរៀននៃភាពជាអ្នកដឹកនាំដ៏អស្ចារ្យ ដែលកន្លងមកខ្ញុំនៅស្រពេចស្រពិល ហើយមិនដែលហ៊ានសួរគេ។

ខ្ញុំលបគិតស្មានៗថា ប្រហែលជាមានតែខ្ញុំនេះហើយ ជាមនុស្សខ្ជិល ដែលនិពន្ធរឿងមិនដែលចប់ចុងចប់ដើម ហើយយកជាការអីមិនកើត។ តាមពិត ស្ថិតិពិត អ្នកនិពន្ធភាគច្រើន មានអត្តចរិតបែបនេះមែន។ ដូច្នេះហើយ ទើបបានជា ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា យើងកម្រប្រទះឃើញសៀវភៅដែលចេញមកពីការច្នៃប្រតិដ្ឋថ្មី។ សៀវភៅភាគច្រើនដែលខ្ញុំរកឃើញក្នុងបណ្ណាគារ សុទ្ធតែសៀវភៅបកប្រែពីបរទេស និងសៀវភៅបែបរៀបរៀង កាត់ត កាត់ផ្គុំ ដែលវាហាក់ដូចជាគ្មានតម្លៃអ្វីសោះសម្រាប់ឈ្មោះថាអ្នកនិពន្ធ។

Viriya Lim 2019 (4)

បញ្ចប់អំណានសៀវភៅមួយនេះ ខ្ញុំអាចទូទាត់ចម្ងល់ជាមួយខ្លួនឯងក្នុងចំណុច ៣ធំៗ៖

ទី១ អ្នកនិពន្ធ ត្រូវតែសរសេរដោយខ្លួនឯងផ្ទាល់

បើយើងយកលុយទៅជួលគេសរសេរ ហើយដាក់ឈ្មោះខ្លួនឯងថាអ្នកនិពន្ធ ដូច្នេះនរណាៗក៏អាចក្លាយជាអ្នកនិពន្ធបានដែរ ព្រោះងារមួយនេះ អាចទិញបានដោយលុយ។ ប្រហែលជាករណីនេះ មានច្រើនមើលទៅ ទើបបងសុធារី លើកវាឡើងមក។

ទី២ អ្នកនិពន្ធ ដែលសរសេរសៀវភៅតែ១ក្បាល ហើយសម្រាកជារៀងរហូត មិនខុសគ្នាពីអ្នកចម្រៀង ដែលច្រៀងតែ១បទ ហើយឈប់

ដូច្នេះ មិនបាច់ពន្យល់វែងឆ្ងាយទេ អ្នកអានច្បាស់ជាយល់ដោយខ្លួនឯង។

ទី៣ ដើម្បីក្លាយជាអ្នកនិពន្ធ  ក្រៅពីមានទេពកោសល្យដែលបានពីការហ្វឹកហាត់សរសេរជាប្រចាំហើយ គេត្រូវមានវិន័យយ៉ាងតឹងតែងចំពោះខ្លួនឯង ទើបអាចបង្កើតសមិទ្ធិផល ឱ្យអ្នកដទៃរំភើបជាមួយ។ ខ្ញុំសូមគោរពកោតសរសើរដែល បងសុធារី តែងតែដាក់ម៉ោងដាស់ពីដំណេកវេលា ៤ទៀបភ្លឺរាល់ថ្ងៃ ហើយកំណត់ទំព័រដែលត្រូវសរសេរឱ្យបានគ្រប់ចំនួន។  ខ្ញុំមិនដែលដាក់វិន័យខ្លួនឯងធ្ងន់ដល់ម្លឹងសោះ! អីចឹងហើយ ទើបមិនអាចចេញជាអ្វីឱ្យយកជាការណ៍បាន។

សៀវភៅមួយក្បាលនេះ គាត់បាន រៀបរាប់ច្រើនតាំងពី A ដល់ Z គ្រាន់តែថា៣ចំណុចដែលខ្ញុំលើកមកបញ្ជាក់នេះ វាជាកូនសោរ សម្រាប់ខ្ញុំឈានឆ្ពោះទៅវិថីជាអ្នកនិពន្ធដ៏ពេញលេញ នៅថ្ងៃអនាគត។  សម្រាប់អ្នកដែលស្រឡាញ់វិស័យតែងនិពន្ធ ហើយមានបំណងបញ្ចេញស្នាដៃ គួរតែរកអានសៀវភៅមួយនេះ ដើម្បីជាអំពូលបំភ្លឺ ភាពស្មុគ្រស្មាញផ្លូវចិត្ត និងស្មារតី ដែលកន្លងមក តឹងតែង គិតមិនចេញ ហើយរកចំណុចចាប់ផ្ដើមមិនឃើញ ឬ រកឃើញហើយ វង្វេងកណ្ដាលផ្លូវ មិនដល់គោលដៅ។

សូមអរគុណ អ្នកនិពន្ធដ៏មហិមា “ម៉ីសន សុធារី” សម្រាប់ការចែករំលែកមួយនេះ។  បើទោះបីជាសៀវភៅនេះ បងស្រី បោះពុម្ពលក់យកលុយ ក៏ពិតមែន ប៉ុន្តែគុណតម្លៃពិតនៃសៀវភៅនេះ វាថ្លៃលើសពីការចំណាយរបស់ខ្ញុំរាប់រយដង។

លឹម វិរិយា🌸

២២ កញ្ញា ២០១៩

តើអ្នកស្លាប់ទៅហើយគួរនៅរក្សាងារអាជីពវិជ្ជាជីវៈកាលនៅរស់ដែរឬទេ?

មនុស្សរាល់រូប ដែលកើតមក មានរចនាសម្ព័ន្ធរាងកាយដូចៗគ្នា គឺភ្នែក២ ត្រចៀក២ ដៃ២ ជើង២  មាត់១និងច្រមុះ១ ក៏មានឈ្មោះតែមួយរួមដូចៗគ្នាដែរ ដែលក្នុងមួយជីវិត សុទ្ធតែត្រូវបានគេហៅ គឺ “សព”។ ឈ្មោះមួយនេះ វានឹងផ្លាស់ប្ដូរដោយស្វ័យប្រវត្តិ ត្រឹមតែប៉ុន្មានម៉ោង ឬ ប៉ុន្មាននាទី ក្រោយពេលមនុស្សរលត់ដង្ហើម។  body

នៅលើដងវិថីសាធារណៈ ជនរងគ្រោះដល់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ នឹងត្រូវបានគេយកក្រណាត់ស មកគ្របជិត។ អ្នកដែលមកចោមរោមឈឺឆ្អាល ច្បាស់ជាស្រែកថា “លើកសពដាក់ឡានពេទ្យ”។ មនុស្សឈឺស្លាប់នៅលើគ្រែ ទោះជាឈ្មោះអ្វីក៏ដោយ គ្រាន់តែបេះដូងឈប់ដើរ គ្រូពេទ្យទាញក្រណាត់គ្របមុខ  គ្មាននរណាហៅឈ្មោះម្ចាស់រូបស្ដូកស្ដឹងនោះទៀតទេ “យកសពទៅធ្វើបុណ្យ”។ ពេលលើកដាក់មឈូស ក៏គេមិនហៅឈ្មោះអ្នកស្លាប់នោះដែរ អាចារ្យ នឹងប្រកាសថា “លើកសពដាក់ចូលមឈូស”។

លឹម វីរីយ៉ា ២០១៩ (1)

ពេលនៅរស់ ទោះបីអ្នកមានងារជាអ្វីក៏ដោយ មិនថា ឯកឧត្ដម លោកជំទាវ លោក-អ្នកឧកញ៉ា លោកបណ្ឌិត សាស្ត្រាចារ្យ ឬអ្វីផ្សេងទៀតដ៏ដោយ  នៅក្រោយពេលចលនាឈាមរត់ ត្រូវគាំងរឹងកំព្រឹសអស់ភ្លាម គ្មានទៀតឡើយ ងារទាំងអស់នោះ។ គ្មានអាចារ្យណា ដែលប្រកូកថា “លើកឯកឧត្ដមបណ្ឌិត ដាក់ចូលក្នុងឡ” គឺអត់មានទេ! វានៅតែ “លើកសពដាក់ចូលក្នុងឡ” ដដែល។ រឿងទាំងអស់នេះ ឥតមានចែងក្នុងច្បាប់ក្រដាសទេ តែវាចែងក្នុងច្បាប់ធម្មជាតិ។

លឹម វីរីយ៉ា ២០១៩ (2)

ក្រោយស្លាប់ទៅ ងាររបស់មនុស្ស ត្រូវបានគេឆ្លាក់នៅលើផ្នូរ នៅមុខចេតិយ ដោយមានងាររួមដូចៗគ្នាថា ឧបាសក ឬ ឧបាសិកា (សម្រាប់ពុទ្ធសាសនិក) បើសិនជាអ្នកនោះនៅរស់ ជាអ្នកមានសីលខ្លះៗ។ ជួនកាល ដោយហេតុតែកិលេសរបស់សាច់ញាតិដែលនៅមានជីវិត គេអាចលបបន្ថែមថា មហាឧបាសក មហាឧបាសិកា ទៅតាមចំណង់ចំណូលចិត្ត ដែលគ្មាននរណាធ្លាប់ពោលថា ខុស ឬ ត្រូវ។ បើជាស្ដេចផែនដីផង អាចនឹងមានហោរាគន់គូរ ប្រសិទ្ធិនាមថ្មីៗសម្រាប់ហៅឱ្យបានសមរម្យស្របតាមឋានៈ និងគុណូបការៈ កាលនៅមានជន្មាយុ។

អ្នកណាក៏ដោយ ក្រោយតម្កល់ធាតុក្នុងចេតិយ ឬ កប់ក្នុងផ្នូររួចរាល់ហើយ គ្មានងារ លោក លោកស្រី អ្នកនាងកញ្ញា លោកតា លោកយាយ ទៀតទេ។ គឺសល់តែឈ្មោះម្យ៉ាងគត់។

លឹម វីរីយ៉ា ២០១៩ (3)

ឧទាហរណ៍ ស្ទីវ ចប កំពូលស្ថាបនិកផលិតផល អេបផល ក្រោយស្លាប់ទៅ គេនាំគ្នាធ្វើសម្រង់សម្ដីរបស់គាត់ ដោយដាក់ឈ្មោះថា “Steve Jobs” វាមិនដែលមាននរណាគេសរសេរថា “Mr. Steve Jobs” នោះទេ។ Bruce Lee (លី ស៊ាវឡុង) ដែលជាកំពូលវិរបុរសក្បាច់គុនកុងហ្វូចិន និងជាតារាភាពយន្ត ដ៏ល្បីល្បាញ និងមានងាររាប់មិនអស់ ក៏នៅមុខផ្នូរគាត់ មានតែអក្សរ Bruce Lee ពីរម៉ាត់គត់។ គ្មានស្អីផ្សេងពីខាងមុខទេ!

ទាញចេញពីបទបរិយាយខាងលើ ខ្ញុំសូមបើកសេចក្ដី រិះគន់មួយ ក្នុងសង្គមខ្មែរបច្ចុប្បន្ន ទាក់ទងនឹងបញ្ហានេះ។  នៅក្នុង បណ្ដាញសង្គម ហ្វេសប៊ុគ ពេលខ្លះ ខ្ញុំឃើញ គេសរសេរស្លាកឈ្មោះសព ដាក់លើក្រោនកម្រងផ្កាមុខមឈូសថា “លោកជំទាវ xxx” ឬ “ឯកឧត្ដមនាយឧត្ដមសេនីយ៍xxx”  ជាដើម។ តើអ្នករាល់គ្នា គិតថា អ្នកស្លាប់ទៅហើយនោះ នឹងនៅតែជាជំទាវ និងនៅតែជា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឯឋានយមរាជទៀតឬយ៉ាងណា? វាមិនសូវទើស ទាស់ខុសអីប៉ុន្មានទេ បើត្រឹមតែប្រកូកប្រកាស ក្នុងពិធីបុណ្យសព ដើម្បីសម្ញែងឫក្សដល់អ្នកមិនទាន់ស្លាប់។ ប៉ុន្តែ នៅវាលកប់សព និងនៅចេតិយខ្លះក្នុងទីវត្តអារាម ខ្ញុំបានឃើញ គេសរសេរស្លាកឈ្មោះអ្នកស្លាប់ ដោយទាំងងារអាជីពវិជ្ជាជីវៈ កាលនៅរស់។ អ៊ីចឹង មានន័យថា នៅមានតួនាទី ឋានៈមុខងារ ការងារដែលត្រូវតែបំពេញរាល់ថ្ងៃទៀត មែនទេ? មានន័ថា ខ្មោចនោះ ងើបមកធ្វើការរាល់ថ្ងៃ មែនទេ? គេមិនបាន សម្រាកក្នុងឋានសុគតិភពឡើយ!

លឹម វីរីយ៉ា ២០១៩ (4)

ចំណែករឿងមួយទៀត គឺរឿង អស់លោកពិធីករ ស្រីប្រុស តាមបណ្ដាស្ថានីយ៍វិទ្យុ និង ទូរទស្សន៍ រួមទាំងពេលខ្លះមានទាំងអ្នកសារពត៌មាន អ្នកស្រាវជ្រាវផ្សេងៗផង បានគាស់កកាយ មរតកចម្រៀងដើម របស់អ្នកចម្រៀងក្នុងសម័យមុនខ្មែរក្រហម  មកចាក់ផ្សាយឡើងវិញ ជាមួយពំនោលដ៏ខុសឆ្គង។ អ្នកខ្លះ គេនិយាយថា “សូមស្ដាប់ចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត និងលោកយាយ រស់ សេរីសុទ្ធា”។ មានខ្លះទៀត “នេះជាសំឡេងរបស់លោកតាតួត ស៊ីន ស៊ីសាមុត” អ៊ីចឹងៗជាដើម។

សំណួរសួរថា មនុស្សដែលស្លាប់បាត់ទៅហើយ អាចដែរឬ ដែលនាំគ្នាហៅថា លោកតា លោកយាយ លោកតាតួត លោកយាយតួត បែបនេះ? បើតាមភាពពិតជាក់ស្ដែងដែលយើងរាល់គ្នាសុទ្ធតែដឹង គឺ ពួកគាត់បានស្លាប់ទៅ ទាំងនៅក្មេងៗនៅឡើយទេ។ មិនទាន់បានសក់ស្កូវ បាក់ធ្មេញ ជ្រីវជ្រួញ ឯណាដល់កម្រិតដែលត្រូវហៅថា លោកតាតួត លោកយាយតួត នោះ? បើអ្នកនាំគ្នាហៅអ៊ីចឹង ចុះម្ភៃឆ្នាំក្រោយ នៅពេលដែលកូនចៅរបស់យើងធំឡើង ពួកគេនឹងហៅថាយ៉ាងម៉េចវិញ? “លោកតាលួត ស៊ីន ស៊ីសាមុត” អ៊ីចឹងទៅឬ? មានន័យថា ស៊ីន ស៊ីសាមុត មិនទាន់ស្លាប់ទេ កំពុងតែនៅវិវឌ្ឍនាការរូបរាងកាយ អាយុ វ័យ ឥតឈប់ឈរឡើយ។

លឹម វីរីយ៉ា ២០១៩ (1)

ត្រង់ចំណុចមួយនេះ សូមពិចារណាឡើងវិញផង!  មនុស្សដែលស្លាប់បាត់ទៅ គ្មានទេ ងារទាំងអស់នោះ។ សូមចែកគ្នាឲ្យដាច់រវាង មនុស្សស្លាប់ និង មនុស្សរស់។ គិតមើល៍! សូម្បីតែរូបថត ក៏គេមិនដាក់តាំងស្មើគ្នា ទន្ទឹមនឹងអ្នកនៅរស់ដែរ។ រូបអ្នកស្លាប់ ត្រូវតែតាំងឆ្ងាយ ឬ ខ្ពស់ជាង ឬ ដាច់ដោយឡែក។ តែនៅក្នុងសង្គមយើងរាល់ថ្ងៃនេះ មហាសែនខុស និយាយមិនរួច ខ្ញុំ បានត្រឹមតែសរសេរ។

សរុបសេចក្ដីមកវិញ ច្បាប់ធម្មជាតិ បានចែកខណ្ឌផែនភព របស់មនុស្សរស់ និង មនុស្សស្លាប់ផ្សេងពីគ្នាដាច់ស្រឡះ មិនមានជំពាក់វាក់វណ្ឌឡើយ។ មនុស្សងងឹត រមែងបង្កើតខ្សែកណ្ដាញ់ យកមករិត មកចង មកស្រែះឱ្យទៅជាជំពាក់ជំពិន ដោះមិនរួច  ចែកគ្នាលែងដាច់ រវាងសេចក្ដីស្លាប់ និងជីវិតរស់នៅ។

លឹម វិរិយា

VIRIYA-LIM 2090VIRIYA-Tai-Chi-Symbol

 

កម្មពៀរមានពិត…

កម្មពៀរមានពិត គិតមេីលខ្លួនឯង
បំផ្លាញបែកផ្សែង គ្មានក្រែងអារក្ខ
ខ្មោចព្រាយព្រាត់ប្រាស ព្រោះម្នឹះចិត្តខ្វាក់
ស្រេកឃ្លានមាសប្រាក់ បំផ្លាញផែនដី។

កម្មពៀរមានពិត ជិតផលបង្កេីយ
បណ្ដាសាឆ្លេីយ កម្ទេចឱ្យក្ស័យ
អ្នកណាលោភលន់ នឹងរស់រីងរៃ
ដង្ហើមដកខ្លី ដង្ហោយឈឺចាប់។

កម្មពៀរមានពិត ខិតចូលមកដល់
ម្នឹះបៀមកិច្ចកល នឹងខ្វល់រាយរ៉ាប់
ប្រឌិតសាច់រឿង បំភ្លៃសម្លាប់
ចុងក្រោយនឹងស្លាប់ ត្រាប់ឈ្មោះតៃហោង។

កម្មពៀរមានពិត ផ្ដិតពាក្យប្រដៅ
ម្នឹះលោកក្បាលខ្មៅ សែនខ្លៅប្រហោង
បង្ហិនខ្លួនឯង រួចស្រែកច្រឡោង
ព្រះហុចដៃតោង ក៏មិនរួចឡេីយ។

កម្មពៀរមានពិត សូមគិតឱ្យជ្រៅ
ឈប់វង្វេងផ្លូវ ងាកត្រូវរកត្រេីយ
គោលដៅជីវិត គឺរស់ឱ្យស្បេីយ
រស់នៅត្រូវហេីយ សឹមស្លាប់ឱ្យសម។

កម្មពៀរមានពិត អ្នកល្ងិតហេីយល្ងេី
ឈប់ល្ងង់ភ្លីភ្លេី ស្លឺស្លុងខុសក្រម
កុំប្រឆាំងមេឃ រែកតាមសណ្ដំ
ជឿព្រះឈ្នះមាំ នាំសុខរៀងអ៊េីយ!
————-
លឹម វិរិយា🌸
២០ កញ្ញា ២០១៩

រូបភាពយកមកពីក្នុងអ៊ីនធើណិត

កណ្ដាលរាត្រី…

កណ្ដាល​រាត្រី​ ស្រីគេងមិនលក់
ខ្ជិល​នៅទ្រមក់​ ស្ទក់កាយសម្ពឹក
ងេីបលីងខ្ទឹមម្ទេស​ បេះទុកពីព្រឹក
ឈ្ងុយទ្រុប​ ងប់ភ្លឹក​ នឹកចង់ក្រហាយ។

គ្រឿងផ្សំ​ ហំហួន​ អង្រួន​ឱ្យ​ឃ្លាន
បាយឆ្ងាញ់លេីកពាន​ គ្មាន​អីខ្វល់ខ្វាយ
ប្រហុកអាំងខ្ចប់​ កប់ទៅទាំងកាយ
កៀរគរ​អ្នកឆ្ងាយ​ ឱ្យ​ចេះស្ដាយស្រុក។

រាត្រី​សួស្ដី​ ចង្ក្រាន​ចុងភៅ
ម្ទេសខ្ទឹមដាក់ទៅ​ ហៅសែនស្រណុក
ញ៉ាំ​ច្រើន​ស្រណោះ​ អង្គុយសំកុក
សោយរាជ្យ​សែនសុខ​ មុខក្នុងបង្គន់។
————-
លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

មិនមែនចេះតែថាទេ គឺពិតជាងើបមកលីងខ្ទឹមម្ទេសទាំងកណ្ដាលយប់មែន មិនដឹងជាកើតថីខ្ញុំ ឆ្ងល់ដែរ!!!

អាហារនិងការងារ…

សាយណ្ហ​រីករាយ​ លាយរឿងការងារ
ក្រោមភ្លៀងរងា​ គ្រាដែលភ្លេចទុក្ខ
ជំនោរ​ភទ្របទ​ សាងស្នេហ៍បរិសុទ្ធ
ផលល្អបំផុត​ ក្នុងដែនសុវណ្ណ។

នឿយកាយក៏ព្រម​ សូមឱ្យ​តែសុខ
ដីខ្មែរម្ចាស់ស្រុក​ ចុកមាត់​ម្ចាស់​ខណ្ឌ
កំណប់មាសប្រាក់​ ស្លាក់​ក្នុងដៃខ្មាន់
ខ្មុកស្រែ​កំណាន់​ ក្រវ៉ាន់លាស់ថ្មី។

សប្បាយ​នឹងហត់​ ឃាត់​ចិត្ត​មិនបាន
បេីកភ្នែកថ្មេីរម៉ាន​ បានដោយ​សិរី​
សម្រស់​រំដួល​ ឆួលក្លិនដូរដី
ផ្ដោះផ្ដង​អាល័យ​ ថ្ងៃ​មួយ​មិនខាន។

លឹម​ វីរីយ៉ា​🌸
១៩​ កញ្ញា​ ២០១៩

ចានអាហារដែលមានសុទ្ធតែសាឡាដ ដែលខ្ញុំញ៉ាំបណ្ដើរធ្វើការងារបណ្ដើរជាមួយអ្នកមីង ឈឹម ម៉ាណាវី និង អ្នកមីង លឹម បុប្ផា នៅក្នុងហាងកាហ្វេ ប្រោន ទួលគោក ដើម្បីពិភាក្សាលើពង្រាងរចនាសម្ព័ន្ធដឹកនាំរបស់គម្រោង មាតុភូមិ ព្រលឹងខ្មែរ នៅក្នុងទីក្រុង ឃីងមែន រដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក

សកវាទ៍ផ្កាកំណាព្យ…

សកវាទ៍​ ឱ! ផ្កាកប្បាស​
អ្នកណាមុខចាស់​ ច្បាស់​ជាចិត្តក្មេង។

ការងារហត់នឿយ​ មិនលែង
យប់យន់ចូលគេង​ អេងលក់ស្រួលពេក។

ទឹក​រាក់​ធ្លាក់​ភ្លៀង​ ផ្អៀងមេឃ
រលឹមក្នុងភ្នែក​ រែកពន់ទុក្ខព្រួយ។

ដល់លង់​ ហៅគេទៅជួយ
រង៉ែរងួយ​ រំអួយច្រេីនយ៉ាង។

ផ្ដែផ្ដាំ​ឱ្យ​ចាំត្រេីយម្ខាង
សម្អិតសម្អាង​ កាងស្ពានកៀនកោះ។

ហេតុ​ផលកលរឿង​ គេស្មោះ
អាល័យ​អាឡោះ​ ផ្ដោះផ្ដង​សន្យា​។

ឱ្យ​គេបំពេញកិច្ចការ
ខ្លួន​ឯង​ហ៊ឺហា​ ដេីរហួចឡេីងហំ។

គេហ្អេីយ​ ដេីរតួសែនស្នំ
ឯខ្ញុំ​វិញខំ​ សម្ងំ​ខេីចជេីង។

សកវាទ៍​ ផ្កាផ្លូវរទេះភ្លេីង
ខ្យល់​ផាត់​ពីជេីង​ យេីងនឹងផុតព្រួយ។

ព្រឺព្រួច​ លួចព្រុយ៉ុងមួយ
ទុកជាភូឈួយ​ ជួយគ្រារ៉ោករ៉ាក។

វាំងនន​បាំងមុខ​ក្រោយ​ឆាក
ឥលូវអាចស្រាក​ សម្រាក​បន្តិច​។

ថ្ងៃ​ស្អែក​ ចែកជេីងទៅលិច
រលឹមស្រិចៗ​ ច្បិច​ស្នាមញញឹម​។

ខែក្រោយ​ អាចមានសង្ឃឹម
កាច់ផ្កាដកខឹម​ ព្រលឹមសួស្ដី។

ដោតលាយបទុមវន្តី
លាយម្លិះរីកថ្មី​ ពរជ័យ​ស្រុក​ខ្មែរ​។
________

លឹម​ វីរីយ៉ា​🌸
១៨​ កញ្ញា​ ២០១៩

រូបថត Selfie ពីទូរស័ព្ទដៃរបស់លោកគ្រូ ឆាយ បូរ៉ា ក្នុងអំឡុងពេលប្រជុំគណកម្មការដឹកនាំ មហោស្រពភាពយន្តខ្លីអាស៊ាន ២០១៩ នៅឯការិយាល័យ មូលនិធិអាស៊ី ម្ដុំបឹងកេងកង ដែលមានលោក បូរ៉ា ជានាយកគម្រោង និង ខ្ញុំជាជំនួយការគាត់

ញ៉ាំបាយចាយឫក្ស…

ញ៉ាំ​បាយ​ចាយឫក្សថ្ងៃត្រង់​
តម្រែតម្រង់​ ផ្ចង់​អាហារបួស។

នៅហាងសាឡាត់ល្បីឈ្មោះ
គេហៅពីរោះ​ ឈ្មោះ​ថា​ Vego។

រសជាតិ​សែនឆ្ងាញ់មិនប្រូ
សម្រកគីឡូ​ ប្ដូរ​រសជីវិត។

សំខាន់​ថៅកែអង្គុយជិត
នៅក្បែរនែបនិត្យ​ ផ្ដិតរូបឱ្យទៀត។

ញ៉ាំ​រួចព្រួចព្រឺចង្អៀត
ម្ចាស់​ហាង​ឥតឃ្លាត​ ឆ្លៀតទាំងប៉ាវបាយ។

គាត់​ធ្វើ​ឱ្យ​ខ្ញុំ​ Surprise
រីករាយ​ក្អាកក្អាយ​ សប្បាយ​ដួងចៃ។

ទៅញ៉ែញ៉េះញ៉ោះម្សិលម្ង៉ៃ
អាឡោះអាល័យ​ រឿងដីភ្លេីងខ្យល់។

ចរចា​ចិចី​ រចល់​
ជួបឥតបន្ទាល់ ខ្វល់ខ្វាយ​រឿង​ជាតិ​។

បាយបួសជំនួសត្រីងៀត
សែនឆ្ងាញ់ផ្ដាំញាតិ​ ឃ្លាតហេីយរឭក។

ឃេីញរូបធ្វេីឱ្យអូនភ្លឹក
ម្ចាស់​បាយម្ចាស់ទឹក​ នឹកចង់ទៅទៀត។

ណ្ហើយ​ចុះ​! ថ្ងៃ​ក្រោយ​នឹងឆ្លៀត
ទៅស្រង់ស្រូបជាតិ​ ប៉ាវជូនវិញម្ដង។
————-
លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

រូបភាពថតជូនដោយ បងស្រី “ទូចស្រី សុភា” ជាម្ចាស់ភោជនីយដ្ឋានអាហារបួស វេហ្គោសាឡាត់ ជាប់របងវត្តលង្កា រាជធានីភ្នំពេញ។ គាត់បានអញ្ជើញខ្ញុំញ៉ាំបាយថ្ងៃត្រង់មួយពេលប្រកបដោយ ភាតរភាពយ៉ាងក្រៃលេង!

ណែមស្លឹកកន្ទួត…

ណែមស្លឹកកន្ទួត​ អួតតិចចុះ​
ទិញទៅមិនខុស​ ទាស់ចិត្ត​ទេ​
រសជាតិ​ម្ចាស់​ដេីម​ ឆ្នេីមប្លែកគេ​
ក្លិនត្រីទន្លេអប់ស្លឹកចេក។

មីនា​ប្អូនស្រី​ ផ្ញេីមកជូន​
ចែកជាជំនូន​ ល្អអនេក​
ញ៉ាំ​រួច​ផ្ដួចចិត្ត​ ផ្ដិតជេីងមេឃ​
រឭកស្រុកពេក​ ភ្នែក​មមី។

ណែមបាត់ដំបង​ ក្រងបណ្ដូល
ម្ទេសខ្ទឹមញីឈ្មោល​ រោលវក់វី
ក្រហាយ​ក្រហល់​ ខ្វល់ញក់ញី
ក្នុងភពធរណី​ គ្មាន​ពីរឡេីយ។

អរគុណ​ច្រើន​ណាស់​ ម្ចាស់​អំណោយ​
ស៊ីចុកខ្មុកដោយ​ ដង្ហោយ​ឆ្លេីយ
តបថា​ល្អពិត​ ស្អិតងំ​ហើយ​
ភ្ជុំ​បិណ្ឌ​ឆ្លងត្រេីយ​ ស្បេីយនឹកស្រុក។

លឹម​ វីរីយ៉ា​🌸
១៦​ កញ្ញា​ ២០១៩

ណែមស្លឹកកន្ទួតដែលប្អូនស្រី ប៉ែន មីនា ជូនមកខ្ញុំចំនួន ២០០ណែម ឆ្ងាញ់ណាស់អូនអ៊ើយ!!!

បទសម្ភាសរវាងសារពត៌មានអន្តរជាតិ Khmer Times និង ខ្ញុំ ស្ដីពីប្រធានបទ៖ តុល្យភាពទីផ្សារការងារ និង ចំណង់ចំណូលចិត្តអ្នករៀន

លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា២០១៨-២០១៩ ត្រូវបាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ហើយ​កាលពីដើម​សប្តាហ៍​នេះ បង្ហាញ​ឲ្យ​ដឹងថា​បេក្ខជន​ទូទាំងប្រទេស​ប្រមាណ​ជិត ៨០ម៉ឺន​នាក់ បានបញ្ចប់​ការសិក្សា​កម្រិត​មធ្យ​មសិក្សា​ដោយ​ជោគជ័យ។ ក្នុងឱកាស​ដែល​សិស្សានុសិស្ស​ត្រូវ​រៀបចំខ្លួន ជ្រើសរើស​វិថី​សិក្សា​ថ្មី​មួយកម្រិត​ទៀត ដើម្បី​ពង្រឹង សមត្ថភាព​ឆ្ពោះទៅកាន់​ទីផ្សារការងារ​ដ៏​ប្រកួតប្រជែង វ៉ា សុនី​កា បាន​ជួប​ជាមួយ អ្នកស្រី លឹម វី​រី​យ៉ា ជា​សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច និង​ជា​គ្រូបង្វឹក​ផ្នែក​ជំនាញ​ទន់ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដើម្បី​ពិភាក្សា​លើ​ចំណុចខ្លះៗដែល​យុវជន​គួរ​យល់ដឹង​មុននឹង​ជ្រើសរើស​ជំនាញ​នៅ​មហាវិទ្យាល័យ​ឲ្យ​ត្រូវ​តាម​ចំណង់​ចំណូលចិត្ត និង ទីផ្សារការងារ។

VIRIYA LIM and Students in BBU

សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់មធ្យមសិក្សាថ្មីៗនេះ​ជាច្រើន​នាក់ អាច​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​សម្រេចចិត្តថា​តើ​គួរ​ជ្រើសរើស​ជំនាញ​ដែល​ខ្លួន​ស្រឡាញ់ ឬ​ជំនាញ​ដែល​សម្បូរ​ទីផ្សារការងារ។ ក្នុងករណី​ដូចនេះ តើ​សិស្ស​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​តុល្យភាព រវាង​ចំណង់​ចំណូលចិត្ត​និង​ជំនាញ​ដែល​ត្រូវ​ទីផ្សារការងារ?

កាលពី​ដើមឡើយ គឺ​ជំនាន់​ដែល​ខ្ញុំ​នៅ​ក្មេង​វ័យ បច្ចេកវិទ្យា​ព័ត៌មាន មិនទាន់​សម្បូរបែប ដូច្នេះ​សេចក្ដីសម្រេចចិត្ត​គ្រប់​យ៉ាង​រុលទៅមុខ​ទាំងព្រាវៗ សម្រេចចិត្ត​ទាំងស្មានៗ ទៅតាម​ការយល់ឃើញ​ក្នុង​ជ្រុង​មួយ​តូច តាមរយៈ​បណ្ដុំ​ព័ត៌មាន​បន្តិចបន្តួច។ ដូចជា ឃើញ​គេ​រៀន​អី មានការ​ងារ​ធ្វើ ក៏​រៀន​តាម​គេ តាម​ឯង ខណៈដែល​ពេលនោះ រដ្ឋាភិបាល ក៏​មិនបាន​យកចិត្តទុកដាក់​ក្នុង​បញ្ហា​នេះ​ស្រាប់​ផង។

ដូច្នេះ ដើម្បី​ឲ្យ​មាន​តុល្យភាព​រវាង​ចំណង់​ចំណូលចិត្ត​ពី​ធម្មជាតិ​របស់​អ្នក​សិក្សា ហើយ​ថែមទាំង​អាច យក​ចំណង់​ចំណូលចិត្ត​នោះ​ទៅ​បង្កើត​ប្រាក់ចំណូល និស្សិត​ត្រូវ​គិតដល់ ជំនាញ​វិជ្ជាជីវៈ និង ជំនាញ​បន្ទាប់បន្សំ។

បើ​ចំណង់​ចំណូលចិត្ត​នោះ មាន​ទីផ្សារ​សម្បូរបែប​ស្រាប់​ហើយ រាប់​ថា​ជា​ភ័ព្វសំណាង​ទៅ​ចុះ។ រៀន​ចប់ គ្រាន់តែ​អភិវឌ្ឍ​ទេពកោសល្យ​បន្ថែម​ពីលើ​ជំនាញ​វិជ្ជាជីវៈ ធានាថា ក្រៅពី​ដណ្ដើម​ការងារ​បាន​លឿន​ហើយ ថែមទាំង​អាច​ឡើង​តំណែង​ខ្ពស់​ឆាប់ ប្រាក់ខែ​ធំ​ក្នុង​រយៈពេល​ខ្លី​ទៀតផង។

ឧទាហរណ៍ បើសិនជា​យើង​ចូលចិត្ត​សិល្បៈ​បែប​រចនា អាច​និយាយថា​អ្នកសិក្សា​ស្រឡាញ់​ខ្លាំង​ចំពោះ​ការងារ គូរគំនូរ ច្នៃ​ម៉ូដ តុបតែង……ជាដើម។ ពី​ជំនាន់​ខ្ញុំ​នៅ​ក្មេង បើសិន​ពោល​ប្រាប់​ចាស់ទុំ​ថា​ចង់​រៀន គូររូប ច្បាស់​ជា​គាត់ ខ្ជាក់​អនុសាសន៍​ថា “អើ! រៀន​គូរ​ទៅ ហើយ​ទៅ​អង្គុយ​មុខ​វាំង​ទៅ។ ហេតុអ្វី? ព្រោះ​ចាស់​ពី​ដើម និង ក្មេង​ពី​ដើម ល្ងង់​ដូចគ្នា មូលហេតុ​មកពី​យើង​នៅ​ក្រីក្រ យើង​រស់​ដូច​កង្កែប​ក្នុង​អណ្ដូង យើង​ខ្វះ​ព័ត៌មាន យើង​មិនដែល​ដឹង​ទាល់តែសោះ​ថា ពិភពលោក​នេះ មាន​គេ​ប្រើ​វិជ្ជា ទេពកោសល្យ​សិល្បៈ​គំនូរ បង្កើត​លុយ​ធ្វើ​អ្នក​មានបាន។ អីចឹង​និស្សិត​ច្បាស់​ជា​ចោទសួរ​ប្រដេញ​ទៀតថា បង្កើត​លុយ យ៉ាងម៉េច​ទៅ? ខ្ញុំ​សូមជម្រាបថា រស់នៅក្នុង​យុគសម័យ​នេះ យើង​មិនអាច​ជោគជ័យ​ដោយ​ការសិក្សា​រៀនសូត្រ​ជំនាញ​តែមួយ​មុខ​បានទេ។ យើង​ត្រូវតែមាន​ជំនាញ​បន្ទាប់បន្សំ សម្រាប់​ទ្រទ្រង់​ជំនាញ​គោល។ បើ​គ្រាន់តែ​ចេះ​គូររូប ផាត់​ពណ៌​ល្អ​ស្អាត​ដាច់​គេ​ក្នុង​លោក​នេះហើយ យើង​ក៏​មិនដឹងថា​យក​វា​ទៅ​លក់​នៅទីណា​ដែរ។ ដូច្នេះ ជំនាញ​បន្ទាប់បន្សំ រួមមាន​ដូចជា ៖

ចេះ​ភាសា​អង់គ្លេស​ល្មមប្រើ​ការ​បាន ទាំង​អាន សរសេរ ស្ដាប់ និង និយាយ ដើម្បី​ស្វែងរក​អាហារូបករណ៍​វគ្គខ្លីៗ​នៅ​បរទេស ទាក់ទង​នឹង​ចំណេះដឹង ជំនាញ​ដែល​ខ្លួន​កំពុងមាន​ស្រាប់ ឬ ដើម្បី​ចូលរួម​ប្រកួត​ស្នាដៃ​នៅ​បរទេស ឬ ដើម្បី​ទាក់ទង​គ្នា​ងាយស្រួល ជាមួយ​ពិភពលោក​ខាងក្រៅ​ក្នុងការ​បង្កើត ឬ អ​វិ​វ​ឌ្ឍ​អាជីវកម្ម។ ហើយ​រិត​តែ ពិសេស​នោះ គឺ​ដើម្បី​បង្កើត ម៉ាឃីតធីង អន​ឡាញ (Online Marketing)  ចុងក្រោយ ដើម្បី​ដាក់លក់​ផលិតផល​ខ្លួនឯង​ក្នុង​ទីផ្សារ e-Commerce ។

ចេះ​កុំព្យូទ័រ​កម្មវិធី រដ្ឋបាល​ទូទៅ (MS Words, Excel, and PowerPoint) ហើយ​បើ​អាច​ឆ្លៀត​រៀន​កម្មវិធី PhotoShop, CorelDraw បន្ថែម​ខ្លះ​ផង នុះ សក្ដានុពល​ចំណេះដឹង​ខ្លួនឯង រិត​តែ​អស្ចារ្យ​មួយកម្រិត​ទៀត។ ទូរសព្ទដៃ SmartPhone តែ​ម្យ៉ាង មិនបាន​ជួយ​កិច្ចការ​ធំដុំ​ទេ លុះត្រា​តែមាន​ជំនួយ​ពី​កុំព្យូទ័រ។ ការចេះ​កុំព្យូទ័រ ធ្វើ​ឲ្យ​យើង​សន្សំ​ពេលវេលា​ការងារ​បាន​ច្រើនជាង​ធម្មតា ហើយ​រៀនសូត្រ​និង​ធ្វើការ ឆាប់​បែក​បញ្ញា​ទៀតផង។

ចេះ​ប្រើប្រាស់ អ៊ី​ន​ធើ​ណិ​ត (e-mail, social media, etc.) ព្រោះថា វា​ជា​កិច្ចការងារ​ផ្លូវការធំៗ ដែល​ផ្ដល់​សារៈសំខាន់​ដល់​យើង គឺ​ទំនាក់ទំនង​តាម e-mail។ ព្រោះ​មធ្យោបាយ​នេះ មាន​សុវត្ថិភាព​ខ្ពស់ និង ប្រកបដោយ​វិជ្ជាជីវៈ។ យ៉ាងណាក៏ដោយ បើ​មិន​ប្រើ​បណ្ដាញ​សង្គម​អបស្ទប​ទៅជា​មួយ​ទេ ក៏​ធ្វើការ​មិនទាន់​គេ​ដែរ ព្រោះថា ឧបករណ៍​ទាំងនោះ វា​ជួយ​ស៊កសៀត​ឱកាស​ធ្វើការ​ដ៏​តឹង​ចង្អៀត​របស់​ពិភព​មនុស្ស​សម័យ​សត​វត្សរ៍​ទី២១នេះ ឲ្យ​មាន​ភាពរលូន។

មាន​ជំនាញ​ទន់ (Soft Skill) ដែល​ភាគច្រើន គេ​ពោល​ដល់ ឥរិយាបថ អត្តចរិត ការប្រព្រឹត្តទៅ​ជាប្រចាំរ​បស់​បុគ្គលម្នាក់ៗ ដូចជា​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុងសង្គម សិល្បៈ​និយាយ សិល្បៈ​បង្កើត​មិត្តភក្តិ។ល។

ចុះ​បើសិនជា​និស្សិត​ដែល​រៀន​ចប់​ចេះដឹង​ច្បាស់លាស់​នូវ​ជំនាញ​វិជ្ជាជីវៈ (គូររូប ឬ រចនា​ម៉ូដ) នោះ​ហើយ តែ​គ្មាន​ជំនាញ​បន្ទាប់បន្សំ គាត់​គួរ​ធ្វើយ៉ាងណា? ចម្លើយ​គឺ យកលុយ​ទៅ​ជួល​គេ​មកជួយ​ធ្វើ តែបើ​អត់លុយ នៅតែ​ត្រូវ​ខំរៀន​ដោយ​ខ្លួនឯង​ដដែល​ជា​ដដែល។

Viriya Lim and Her Students_BBU

ចុះ​បើសិនជា​ត្រូវ​ជ្រើសរើស​វិញ តើ​សិស្ស​គួរ​ធ្វើ​ជ្រើសរើស​មួយណា​រវាង ចំណង់​ចំណូលចិត្ត និង​ជំនាញ​ដែល​ត្រូវ​ទីផ្សារការងារ?

ជឿ​ទៅ! មានតែ​ជ្រើសរើស​រៀន​ជំនាញ​ដែល​សមស្រប​តាម​សេចក្ដីស្រឡាញ់​ពេញចិត្ត​របស់​យើង​ទេ ទើប​យើង​អាចធ្វើ​ការងារ​នោះ ប្រកបដោយ​គុណភាព​ពិតប្រាកដ។ ការធ្វើការងារ ​ដែល​មិនត្រូវ​នឹង​ចំណង់​ចំណូលចិត្ត យើង​ត្រេកអរ​បានតែ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ លុះ​យូរ​ទៅ យើង​នឹង​ធុញទ្រាន់។ តែបើ​យើង​បានធ្វើ​ការងារ​ដែល​ស្រឡាញ់​ពេញចិត្ត យើង​នឹង​ខិតខំ​ព្យាយាម ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ពេលវេលា និង ថាមពល​សព្វ​គ្រប់បែប​យ៉ាង រហូត​ទាល់តែ​បង្កើត​ភាព​អស្ចារ្យ ក្នុង​ការងារ​នោះ។

មាន​មិត្ត​ខ្ញុំ​ម្នា​ក់នៅ​ខេត្តសៀមរាប ពួកគេ ស៊ូ​ស៊ី​អត់ ស៊ី​ឃ្លាន លាលែង​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ ដើម្បី​ចាប់​ក្ដី​សុបិន​ខ្លួនឯង នោះ​គឺ​ការផលិត​ភាពយន្តតូចៗដើម្បី​អប់រំ​សង្គម។ វា​មិនបាន​ផល​កម្រៃ​ជា​វិជ្ជមាន​ផ្នែក​លុយកាក់ ក៏ពិតមែន ប៉ុន្តែ​ពួកគេ​ទាំង២នាក់​ប្ដី​ប្រពន្ធ បាន​ផលិត​ម្ដង​ហើយ​ម្ដងទៀត ជាច្រើន​ដង រហូតដល់​មាន​គេ​ទទួលស្គាល់​ស្នាដៃ។ បើទោះបីជា​ស្នាដៃ​នោះ​នៅមានកម្រិត ប៉ុន្តែ​ខ្ញុំ​ជឿជាក់ថា អ្នក​ដែល​កំពុង​ត្រេកត្រអាល​នឹង​ការងារ​ខ្លួនឯង គ្មាន​ពេល​បាន​ខ្វល់​នឹង​ការងារ​អ្នកដទៃ​ទេ ម្ល៉ោះហើយ​គេ​នឹងធ្វើ​ការ​ដោយ​អារម្មណ៍​មូល ផ្ដោត មោះមុត ស្រួចស្រាវ ចុងក្រោយ​គេ​នឹង​បង្ហាញ​ភាពខ្លាំង​ក្នុង​អាជីព ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​មោទកភាព​ជំនួស។

“មនុស្ស​ខ្សោយច្រើនតែ រត់​រក​ទីផ្សារ​ដែលមានស្រាប់ៗ តែ​មនុស្ស​ខ្លាំង គេ​បង្កើត​ផលិតផល​រួច ទើប​ពួកគេ​ទៅរក​ទីផ្សារ​តាម​ក្រោយ!” មានន័យថា ធ្វើ​កិច្ចការ បង្កើត​ផលិតផល​ខ្លួនឯង រួច​ស្វែងរក​អ្នក​ម៉ាឃីតធីង​ជួយ​ផ្សព្វផ្សាយ​តាម​ក្រោយ បើ​ចេះ​យុទ្ធសាស្ត្រ​ម៉ាឃីតធីង​ខ្លួនឯង​ស្រាប់​ផង រិត​តែ​ពិសេស។

Viriya Lim - Graduation

តើ​សិស្ស​ត្រូវ​សិក្សា​លើ​ចំណុច​អ្វីខ្លះ ដើម្បី​ឲ្យ​ដឹងថា​ជំនាញ​ដែល​ពួកគេ​នឹង​រើស នឹង​ផ្តល់ឱកាស​ការងារ​ខ្ពស់​ឲ្យ​ពួកគេ​នៅពេល​រៀន​ចប់?

ទី១ បើ​ខ្ញុំ​និយាយថា គួរតែ​សិក្សា​ពី​នយោបាយ​ប្រទេសជាតិ និង អន្តរជាតិ ច្បាស់​ជា​គេ​នាំគ្នា​សើច​មិន​ខាន។ ហេតុអ្វី​បានជា​វា​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ទៅវិញ? ចូរ​ចាំ​ថា បើ​យើង​ព្យាយាម​សង្កេត ពីរ​បត់​នយោបាយ​ស្រុកទេស​ដែល​ខ្លួន​កំពុង​រស់នៅ រួមទាំង​នយោបាយ​បរទេសខ្លះៗផង​នោះ និស្សិត​នឹងមាន​បញ្ញា​វិនិច្ឆ័យ​ថា តើ​លំហូរ​ចូល​នៃ​ជនបរទេស និង​លំហូរ​ចេញ​នៃ​ជនជាតិខ្មែរ​ខ្លួនឯង​ទៅ​ក្រៅប្រទេស បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​នៅ​ខាងក្នុង​ស្រុក? តើ​វា​នឹងមាន​ភាពខ្វះខាត ចន្លោះប្រហោងនៅ​ក្នុងផ្នែក​ណាមួយ ដែល​ត្រូវបំពេញ​បញ្ចូល? ក្រៅពីនោះ ការសង្កេត​ពិនិត្យ​បញ្ហានយោបាយ​ជាប្រចាំ ធ្វើ​ឲ្យ​និស្សិត អាចធ្វើ​ព្យាករណ៍ អាច​ទស្ស​ទាយ ពី​បញ្ហា​ប្រឈម​នៅ​រវាង​ពីរ​បី​ឆ្នាំ​ទៅមុខ​បាន​ដោយ​មិនសូវ​ខុស​ខ្លាំង។ សមត្ថភាព​ទស្ស​ទាយ បញ្ហា​អនាគត​នោះ​ហើយ ដែល​អាច​ឲ្យ​គេ​ចាប់យក​ជំនាញ​ណាមួយ សម្រាប់​ត្រៀម​បំពេញ​ចូលក្នុង​ទីផ្សារការងារ​បាន។

ជាក់ស្ដែង នាពេលនេះ ប្រទេសជាតិ​យើង ​កំពុងតែ​ច្របល់​បញ្ចូល​ទៅដោយ​ជនបរទេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់។ សម្រាប់​ក្រុមអ្នក​ជាតិនិយម គេ​រំពឹង​ចង់​ឲ្យ​ជនបរទេស​រៀន​ភាសា​ខ្មែរ។ តែ​សម្រាប់​អ្នក​ឱកាសនិយម គេ​រំពឹង​ទាញយក​ប្រយោជន៍​ពី​ជនបរទេស តាមរយៈ​ការសិក្សា​ភាសាបរទេស ដើម្បី​ប្រាស្រ័យ​ទាក់ទង បកប្រែ សម្រួល​ការងារផ្សេងៗ នៅក្នុង​ក្រុមហ៊ុន​ដែលមាន​បរទេស​ជា​ម្ចាស់​វិនិយោគ។

យើង​អាច​មើល​ឧទាហរណ៍​ជាក់ស្ដែង​មួយ​នៅ​បាងកក ប្រទេស​ថៃ។ ជនជាតិខ្មែរ​ជាច្រើន​រាប់មិនអស់ នរណា​ក៏​ស្គាល់​តំបន់ ឌិន​ឌែ​ង ប្រះ​ទូ​ណា​ម ដែល​នៅ​ទីនោះ មាន​ជនជាតិ​ថៃ រៀន​ភាសា​ខ្មែរ​មិនតិច​នាក់​ឡើយ។ ពួកគេ​មិន​ខ្វល់​ពីអ្វី​ផ្សេង ក្រៅពី​ទាក់​ម៉ូយ​ខ្មែរ​ឲ្យ​ទៅ​ដេក​នៅ ស៊ីចុក ទិញ​ទំនិញ​ពួកគេ​ឡើយ ដូច្នេះ ចង់​មិន​ចង់ គេ​នាំគ្នា​រៀន​ភាសា​ខ្មែរ​ហើយ។ នេះ​ខ្ញុំ​និយាយ​ពី​អ្នករក​ការងារ​ជំនាញ ដើម្បី​រកប្រាក់​ចំណូល ស្របតាម​ភាពបត់បែន​នៃ​សង្គម។

ទី២ ត្រូវ​មើលថា ជំនាញ​នោះ មាន​គេ​រៀន​ច្រើន​ដែរឬទេ? បើ​គេ​រៀន​ច្រើនណាស់​ហើយ មិនគួរ​ទៅទៀត​ទេ។ ប្រយ័ត្ន​ផុងខ្លួន​ក្នុង​វិបត្តិ​អតិផរណា​ការងារ។ មានន័យថា អ្នកចេះ​ជំនាញដូចៗគ្នា មាន​ចំនួន​ច្រើនជាង​តម្រូវការ​ទីផ្សារការងារ។ ជាក់ស្ដែង​កន្លងមក យើង​ឃើញ​ឡើង​ហូរហៀរ​យកទៅ​ណា​មិន​អស់ និស្សិត​បញ្ចប់​បរិញ្ញាបត្រ គណនេយ្យ និង ធនាគារ ខណៈដែល​ធនាគារ​មួយចំនួន ឈានដល់​បង្កើត​សាលាបង្រៀន​គណនេយ្យ​ដល់​និស្សិត​ដើម្បី​ស្រូបយក​និស្សិត​ចូលក្នុង​ធនាគារ​ខ្លួនឯង​ទៀតផង។ ហេតុអ្វី ជំនាញ​ផ្សេងទៀត មើលមិនឃើញ?

ទី៣ កុំ​វាយតម្លៃ​ជំនាញ​អ្វីមួយ​ថា​អន់​ខ្សោយ ដោយសារតែ​ឃើញ​អ្នក​ប្រកប របរ​នោះ ភាគច្រើន​ក្រីក្រ ពិបាក។ ឧទាហរណ៍ ជំនាញ​កាត់ដេរ ធ្វើ​ម្ហូប ធ្វើ​នំ ជួសជុល​រថយន្ត កាត់សក់ អ៊ុតសក់ ជាដើម ប្រហែល​មនុស្ស​ភាគច្រើន គិតថា​អន់​ខ្សោយ គ្មាន​មុខមាត់ ខ្សត់​កិត្តិយស។ មូលហេតុ​ដែល​អ្នក​ប្រកប​របរ​នោះ នៅតែ​ក្រ ព្រោះតែ​គេ​គ្មាន​ជំនាញ​បន្ទាប់បន្សំ ដែល​ខ្ញុំ​បានលើកឡើង​ពី​ខាងដើម។ បើ​កាត់ដេរ​ហើយ ថែមទាំងចេះ​អង់គ្លេស និង កុំព្យូទ័រ រួមទាំង​អ៊ី​ន​ធើ​ណិ​ត អ៊ីមែល​ផង​នោះ គេ​នឹង​ក្លាយជា​ម្ចាស់​រោងចក្រ​កាត់ដេរ ច្នៃ​ម៉ូដ បង្កើត​ស្លាក​យីហោ​សម្លៀកបំពាក់​ខ្លួនឯង នាំ​ចេញទៅ​បរទេស នៅ​ថ្ងៃ​ណាមួយ។ តែបើ​ចេះ​កាត់ដេរ ហើយ​គ្មាន​ជំនាញ​បន្ទាប់បន្សំ គេ​បានត្រឹមតែ អង្គុយ​កាត់​និង​ដេរ​តែម្នាក់ឯង​យ៉ាង​កម្សត់​មួយជីវិត។ បើ​ចេះ​ជំនាញ​ធ្វើ​ម្ហូប ហើយ​ចេះ​អង់គ្លេស​និង​កុំព្យូទ័រ​ច្បាស់ គេ​នឹង​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន​ល្បីឈ្មោះ មាន​អ្នកចូលរួម​វិនិយោគ​ជាមួយ បង្កើន​ដើមទុន ពង្រីក​សាខា ឈានដល់​ចែកចាយ​ស្លាក​យីហោ និង ផ្សេងទៀត​ជាច្រើន!

Viriya Lim 2016

ដើម្បី​ជា​គន្លឹះ​ជួយ​សិស្ស​ឲ្យ​ជ្រើសរើស​មុខជំនាញ​ឲ្យ​ត្រូវ​នឹង​ទីផ្សារការងារ​ផង និង​ចំណង់​ចំណូលចិត្ត​ផង តើ​អ្នកស្រី​មាន​ចំណុច​អ្វីខ្លះ​ដើម្បី​ចែករំលែក?

ខ្ញុំ​បានបញ្ជាក់​រួច​អស់ហើយ ប៉ុន្តែ​ក៏​ចង់​រំលេច​គំនិត​នោះ​ជាថ្មី​ម្ដងទៀត​ដែរ​ថា គួរតែ​ជ្រើសរើស ​រៀន​អ្វីដែលយើង​ស្រឡាញ់​ពេញចិត្ត កុំ​ខ្វល់​ពី​រឿង​សញ្ញាបត្រ។ មិន​ខ្វះ​ទេ សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស នៅ​ពាសពេញ​ផ្ទៃ​ប្រទេស។ រៀន​ចប់​ស្ពាយ​យកចំណេះ​ធ្វើ មក​ប្រឡូក​ក្នុងសង្គម មិនមែន​រៀន​ចប់ស្ពាយ​ក្រដាស១​សន្លឹក​ថតរូប​បង្អួត​គេ បន្ទាប់មក អត់​ចេះ​ធ្វើ​អី​នោះទេ។

មនុស្ស​ភាគច្រើន ចូលចិត្ត​និយាយថា “ចេះតែរៀនៗទៅ! គ្រាន់​បាន​សញ្ញាបត្រ​បិត​លើ​ជញ្ជាំងបង្អួត​កូន។ សូម​ឈប់​បង្កើត​​គំនិត​បង្ហិន​ពេលវេលា​នេះ​ទៀត​ទៅ ពេលវេលា​មានតម្លៃ​ណាស់។ បំណាច់នឹង​រៀន​អស់​បួន​ប្រាំ​ឆ្នាំ គួរតែ​រៀន​អ្វីដែល​ចប់​ទៅ​អាច​ប្រើ​បាន ដូច​ខ្ញុំ​លើក​ពី​ខាងដើម​អុីចឹង។ ប៉ុន្តែ​រៀន​អ្វី​ក៏ដោយ បើ​គ្មាន​ជំនាញ​បន្ទាប់បន្សំ​ទេ នឹង​ពិបាក​ខ្លួន​ហើយ!

viriya.

អាចស្វែងរកអានក្នុងគេហទំព័រដើម គេហទំព័រ Khmer Times

ចែករំលែកអត្ថបទនេះ តាមរយៈ Facebook  Instagram  LinkedIn  Twitter

យប់ជ្រៅភ្លៀងធ្លាក់…

យប់ជ្រៅភ្លៀងធ្លាក់ ភ្លឹកនឹកដល់អ្នក
ត្រជាក់ចុងដៃ ខ្យល់បក់ផាយផាត់
ដូចរសាត់ស្បៃ បបោសអាល័យ
រាត្រីបាត់ខែ។

យប់យន់ទន់ជ្រៅ ភ្លៀងធ្លាក់លិចផ្លូវ
ពៅអ៊ើយសល់តែ ទឹកដក់ក្នុងភ្នែក
រែកពុនឥតល្ហែ យកលុយទិញស្នេហ៍
ថែបានត្រឹមកាយ។

យប់ឆ្លងអធ្រាត្រ ដួងចន្ទចោលម្សៀត
ឲ្យញាតិខ្វល់ខ្វាយ មិនចេញមករះ
ព្រោះខ្លាចក្រហាយ ស៊ូនៅលាក់កាយ
ឆ្ងាយពីភ្លៀងផ្គរ។

យប់ស្ងាត់បាត់ផ្កាយ សល់តែចំហាយ
ខ្ចាយតាមជំនោរ ស្អែកឆ្លង១រោច
ដូចរកពុទ្ធោ បើសិនអាចប្ដូរ
សូមពរល្អមួយ។

យប់យន់ទន់ចុះ មេឃភ្លៀងល្អៀងសុះ
ឆ្លុះចិត្តរលួយ រឡេះបេះដូង
ឈោងដៃទៅជួយ បានត្រឹមរំអួយ
ស្ទួយស្ទើរលែងរួច។

យប់គេងលែងលក់ ព្រលឹងហ៊ឹងស្ទក់
គក់ទ្រូងព្រឺព្រួច ព្រឹកព្រាង​ស្អែកថ្មី
ស្ដីដូចគេហួច ស្ដីថាតិចតួច
លួចខឹងស្ងៀមស្ងាត់។

យប់ហើយគេងទៅ គ្របភួយផងពៅ
កុំនៅរសាត់ អណ្ដែត លយលង់
ជង់ចិត្តសម្ងាត់ ស្ងៀមដោយប្រយ័ត្ន
ស្ងាត់ក្នុងសុបិន។
———
លឹម វីរីយ៉ា🌸

រាត្រី ថ្ងៃសុក្រ ១៥ កើត ពេញបូណ៌មី ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា គ.ស. ២០១៩