All posts by VIRIYA LIM🌸

នេះគឺជាគេហទំព័រផ្ទាល់ខ្លួនរបស់នាងខ្ញុំ លឹម វិរិយា​ ប្រើប្រាស់សម្រាប់ការចែករំលែកចំណេះដឹងទូទៅ គំនិតពិចារណា រឿងកម្សាន្ដខ្លីៗ និង កំណាព្យដែលចេញពីសមត្ថភាពតិចតួចស្ដួចស្ដើងរបស់ខ្ញុំ។ រីករាយនឹងអានរាល់មូលវិចារ្យនានាដែលលោកអ្នកផ្ញើជូន!

ខែដប់ ហប់ខ្យល់

១០កើត អស្សុជ ហុចភ្នែក ជ្រែកស្នេហា
ចង់តែផ្ញើសារ ប្រាប់ថា ជីវ៉ានឹក
តែទៅមិនរួច ព្រួចគិត ចិត្តញ័រក្អឹក
ភ្លេចបាយភ្លេចទឹក ភ្លឹកភ្លាំង គាំងនេត្រា។

រសៀលជ្រាលជ្រេ ទេរទន់ លន់តួមេឃ
ក្ដៅស្អុះខ្លាំងពេក ដេកថ្ងៃ ស្រមៃថា
បើមានភ្លៀងព្យុះ នុះច្បាស់ ម្ចាស់សីមា
ហុចឈោងហត្ថា វាចារ ស្រុះស្រួលគ្នា។

កណ្ដាលខែដប់ ហប់ឈឹង មិនដឹងខ្យល់
អស្សុជហុចកល់ ដល់គិត ខិតវេលា
ដល់ខែដប់មួយ ជួយចាំ ផ្ដាំផ្ដន្ទា
រឿងល្អរឿងជា គ្រប់គ្រា មិនសូវគ្រាំ។

អ្នកខ្លះគេឆ្ងល់ ពាល់ខុស ស្លុះបេះដូង
ស៊ើបការអន្ទោង លងលប ឈ្លបឡើងមាំ
ស៊ើបសួររកបក្ស ឆ្លាក់ឈ្មោះ ពីរោះហំ
មុខខ្ញុំនេះសម ទ្រាំបាន ក្សាន្តជានិច្ច។

ចង់ដឹងចង់ស្គាល់ ឆ្ងល់អី ពិសីបង?
អញ្ជើញផ្ដោះផ្ដង ឆ្លងឆ្លើយ កើយពាក្យពេចន៍
សាកសួរតួរង ឆ្គងឆ្គាំ ជាំបន្តិច
អ្នកកើតអ្នកលិច លបក្ដិច ប្រយ័ត្នបាប។
——–
លឹម វីរីយ៉ា🌸

ថ្ងៃ អង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ០៨ ខែតុលា គ.ស. ២០១៩

រូបថតនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ខែមេសា ២០១៩

ការពិតនៃជីវិត

ក្នុងពុទ្ធឱវាទចែងថា “សុខនិងទុក្ខរមែងជាគូនឹងគ្នា”។ ក្នុងគម្ពីកូរ៉ាន់របស់អ៊ីស្លាម សរសេរថា “បើជីវិតអ្នកជួបនឹងឧបសគ្គច្រើនខ្លាំងពេកច្បាស់ជាព្រះអុឡោះ កំពុងបង្វឹកអ្នកពីមេរៀនជោគជ័យក្នុងថ្ងៃអនាគត” ។ ក្នុងគម្ពីបៃបលនៃគ្រិស្តសាសនាក៏មានចែងដែរថា “ព្រះជាម្ចាស់រមែងធ្វើឲ្យជីវិតអ្នកស្រស់បំព្រងទៅតាមកាលវេលាដ៏សមគួរដែលគួរកើតមាន”។ ចំណែកឯ សុភាសិតចិន នៃសាសនា ខុង ជឺ បានឆ្លាក់ទុកថា “ក្នុងគ្រោះមានលាភក្នុងលាភមានគ្រោះ” ។

ចំណុចរួមនៃសាសនាទាំងអស់ក្នុងលោកនេះ គឺបង្រៀនមនុស្សឲ្យទទួលយកការពិតនៃឆាកជីវិត ដែលជា សុខ និង ទុក្ខ។ សូម្បីតែព្រះរាជគ្រូ ទឹកដីភ្លើងខ្យល់ (ម៉ាស្ទើរ៍ ហ្វឹងស៊ុយ) ដ៏ល្បី ក៏គេចមិនផុតពីគ្រោះអាក្រក់នានាក្នុងជីវិតរស់ប្រចាំថ្ងៃដែរ។ អ្នកដែលមានវិញ្ញាណទី៦ កម្រិតខ្ពស់ អាចមើលឃើញនិងដឹងជាមុន នូវព្រឹត្តិការណ៍ជីវិតក្នុងម៉ោងអនាគត ក៏គង់តែគេចមិនផុតពីការពិតដែលប្រុងកើតឡើង។ គ្រប់ព្រះទាំងអស់ពីគ្រប់សាសនា ក្នុងដែនចក្រវាលនេះ មិនដែលបង្រៀនមនុស្សឲ្យទៅដើរស្មូមសេចក្ដីសុខពីអ្នកដទៃទេ សូមឈប់យល់ច្រលំទៀតទៅ។ សាសនាណាដែលបង្រៀនមនុស្សឲ្យយកសំណែន ទៅសែនព្រេនសូមក្ដីសុខ មិនមែនជាសាសនាព្រះទេ នោះជាវិញ្ញាណអរក្ខ ជាព្រលឹងនៃពពួកអមនុស្ស ដែលវិលវល់រកភពនៃក្ដីសុខខ្លួនឯងមិនទាំងឃើញផង។ បើយើងនៅតែគោរពវិញ្ញាណទាំងអស់នោះ យើងនឹងរស់ដោយទុក្ខវេទនាពេញមួយជីវិត។

លឹម វីរីយ៉ា

Ying Yang Theory in Chinese Philosophy
ការពិតនៃជីវិត
ឆាកជីវិត១

សង្គ្រាមផ្លូវចិត្ត

ទឹកភ្នែកដែលហូរទៅក្នុង ធ្វើឲ្យផ្សាក្ដៅក្រហាយនិងឈឺចាប់រាប់រយពាន់ដងជាងទឹកភ្នែកដែលហូរចេញមកខាងក្រៅ។ សម្រែកដែលអាចបញ្ចេញសំឡេងមកខាងក្រៅខ្លាំងៗ វាមិនសូវឈឺដូចសម្រែក ដែលធាក់សន្ធឹកចូលទៅក្នុងពោះឡើយ។

ស្ត្រីដែលឈឺពោះឆ្លងទន្លេ បើគិតតែស្រែកបើកមាត់ នាងនឹងមិនអាចបង្កើតកូនរួចឡើយ ប៉ុន្តែ បើនាងស្រែកដោយការខ្ទប់មាត់ នាងនឹងមានថាមពលដ៏មហិមាមួយ ក្នុងការជំរុញមនុស្សម្នាក់ទៀតឲ្យចេញមកខាងក្រៅបាន។ ដូច្នេះ សម្រែកដែលគ្មានសំឡេង គឺជាកម្លាំងថាមពលដ៏ល្អផង និង ដ៏សែនអាក្រក់ផង អាស្រ័យលើសញ្ញាណនៃអារម្មណ៍។

ក្នុងសម្ព័ន្ធភាពមួយ រវាងអ្នកដែលតែងតែជជែកឈ្លោះប្រកែកគ្នាជាប្រចាំ នឹងមិនងាយបែកបាក់គ្នាទេ។ ផ្ទុយទៅវិញ រវាងមនុស្ស២នាក់ដែលមិនព្រមជជែកគ្នាសោះ ទើបជារឿងគ្រោះថ្នាក់។ ការនៅស្ងៀមស្ងាត់ទាំងសង្ខាង ធ្វើឲ្យម្នាក់ៗមិនបានប្រុងប្រយ័ត្នស្មារតី។ ធ្វើឲ្យម្នាក់ៗធ្លាក់ទៅក្នុងអារម្មណ៍រវើរវាយ គិតផ្ដេសផ្ដាសរវាងគ្នានិងគ្នា។ គិតអវិជ្ជមានយូរទៅ ពួកគេក៏ចាប់ផ្ដើមជឿលើអារម្មណ៍សន្មតនោះ ហើយធ្វើសេចក្ដីសន្និដ្ឋានថាវាជាការពិត។

ដំបូងឡើយ ពួកគេគិតថា “ប្រហែលជា…” លុះយូរទៅ គេឈានចូលដល់គំនិតថា “ច្បាស់ជា… ប្រាកដជា…” ។

ចូលដល់ដំណាក់កាលដែលភាគីទាំងសង្ខាង ជឿលើអារម្មណ៍រវើរវាយរបស់ខ្លួនឯង ថាវាជាការពិតហើយនោះ គេក៏ចាប់ផ្ដើមទាញសេចក្ដីសម្រេចចិត្តថា “បែកគ្នា”  ទាំងដែលម្នាក់ៗសុទ្ធតែដង្ហោយរកគ្នាទៅវិញទៅមក នៅក្នុងសម្រែកឥតសំឡេង។

សុភមង្គល ជាក្ដីប៉ងប្រាថ្នារបស់មនុស្សគ្រប់រូប។ សុភមង្គល មិនមានវត្តមានក្នុងភពផែនដីនេះទេ ទោះបីជាអ្នកខំជិះយន្តហោះធ្វើដំណើររាប់ម៉ឺនសែនគីឡូម៉ែត្រ ផ្លាស់ប្ដូរទីតាំងរស់នៅ តុបតែងរចនាផ្ទះសម្បែងតាមសំណូមពរគ្រូហុងស៊ុយល្បីៗ ធ្វើតាមបញ្ជារគ្រូហោរានានា ក៏ចុងបញ្ចប់ អ្នកនៅតែរកវាមិនឃើញដដែល បើមិនព្រមបើកមាត់ គ្រលៀសអណ្ដាត ជជែកគ្នា។ បើសិនជាទាំងពីរនាក់ ព្រមបង្ហើបសំណួរថា “ហេតុអ្វី” ហើយព្រមឆ្លើយថា “ព្រោះដោយសារតែ” នោះអ្នកទាំងពីរនឹងអាចស្វែងរកពន្លឺដំណោះស្រាយ ដើម្បីពន្លែង “សុភមង្គល” ឲ្យវាហោះហើរចេញមកខាងក្រៅបានដោយសុខសន្តិ។

ការមិនជជែកចរចាគ្នា ស្មើនឹង “សង្គ្រាម” !

លឹម វីរីយ៉ា

១០ តុលា ២០១៩

ទឹកជ្រៅតែងស្ងប់…

ខ្លែងហោះបានខ្ពស់​ ព្រោះកម្លាំងខ្យល់
មារយាទ​លាក់កល​ ព្រោះខ្វល់កិលេស
ដូងផ្អែមថែមរស​ ព្រោះគល់កប់ផេះ
ម្នឹះល្ងង់ធេីចេះ​ អាចឆេះផែនដី។

ទឹក​ជ្រៅតែងស្ងប់​ កប់ចិត្តអ្នកប្រាជ្ញ
អ្នកឆោតមាត់ដាច​ ប្រសាចសម្ដី
បេីទឹកត្រជាក់​ ជាក់ជាផ្ដុំត្រី
ពេចន៍​ផ្អែមមានន័យ​ ស្រីប្រុស​ប្រឡាញ់។

ពួកបក្សបីសាច​ ខ្លាចខ្មោចក្នុងផ្នូរ
គោះប៉ោតទូងស្គរ​ ជន្លបោះបាញ់
ទាត់​ចោលពាក្យព្រះ​ ឈ្នះទៅទាំងចាញ់
សាងគ្រាប់ទុកបាញ់​ ប្រមាញ់គ្នាឯង។
————-
លឹម​ វីរីយ៉ា​🌸
០៥​ តុលា​ ២០១៩

ថតនៅស្រះចិញ្ចឹមត្រី ក្នុងចម្ការរបស់សាច់ញាតិបងសុមន្ថា បន្តចេញពីទីនេះទៅ គឺចម្ការអំពៅ ចម្ការដូង ចម្ការដំណាំហូបផ្លែជាច្រើន ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

សង្ឃឹមថ្ងៃមួយ…

ថ្ងៃ​លិចពព្លាក់​ ធ្លាក់​ក្រោយជេីងភ្នំ
ប្រចៀវប្រជុំ​ ងំហេីរពេញមេឃ
ពពកពពូន​ លូនចង់ក្រាបដេក
ចាំផ្កាយយូរពេក​ រែកពន់ទឹកភ្លៀង។

សម្រេចចិត្ត​ខុស​ ស្លុះស្លុងផុងផុយ
ផ្លូវយេីងដីហុយ​ ប្រថុយឡេីងផ្អៀង
ស្រុកគេជ្រេកង់​ ចង់ជិះហេីយច្រៀង
ថ្នល់ស្អាតឥតល្អៀង​ លាងល្អដោយចិត្ត។

សង្ឃឹម​ថ្ងៃ​មួយ​ ត្រួយផ្ការំដួល
គេដាំឡេីងទួល​ ឆួលលម្អងស្អិត
ថ្ងៃនោះមានមែន​ វេនអ្នកបណ្ឌិត
នឹងបានគ្រោងគិត​ ខិតពេចន៍ប៉ប៉ោច។

ស្រណោះស្រុកស្រែ​ នាខែអស្សុជ
បេីមានដៃហុច​ ប៉ុនសុចស្រមោច
ប្រហែលអាចច្នៃ​ ស្រមៃដល់ខ្លោច
ក្មេងក្មាងខ្លាចខ្មោច​ ហោចហិនអ្នកតា។

ខ្ញុំ​សូមបួងសួង​ លួងសូមព្រះឥន្ទ្រ
ដីខ្មែរថែចិន​ កាច់កិនលោកា
បូព៌ា​និរតី​ ស្ដីឈប់ប្រហារ
បារមីអស្ចារ្យ​ រក្សាម្ចាស់ស្រុក។
————-
លឹម​ វីរីយ៉ា​🌸
០៤​ តុលា​ ២០១៩

នៅច្រកទ្វារអន្តរជាតិច្រកភ្នំដិន ព្រំប្រទល់វៀតណាម កម្ពុជា ត្រង់ចំណុចខេត្តតាកែវ ក្នុងដំណើរត្រលប់មកពីកម្ពុជាក្រោមវិញ តាមរថយន្តក្រុងពេលយប់។ រូបនេះ តាមពិត គឺពេលព្រឹកម៉ោង ៧ ថ្ងៃរះទេ…

ព្រលឹមអុរនៅព្រះត្រពាំង

ព្រលឹមថ្ងៃរះ​ ជះដួងឆព្វណ្ណ
អរុណរួសរាន់​ ជាន់ពពកថ្លា
ភ្លៀងចង់ខ្ជាក់ហូរ​ ជំនោរតុលា
អ្នកស្រែយាត្រា​ ងេីបបំពេញកិច្ច។

អរុណសួស្ដី​ ពីព្រះត្រពាំង
ខេត្ត​ខ្មែរ​ជាប់គាំង​ ទាំងគេបំភ្លេច
សូមស្គាល់​តែសុខ​ មុខខ្ពស់ជានិច្ច
អ្នកកេីតអ្នកលិច​ កុំភ្លេច​គ្នាយេីង​។
————-
លឹម​ វីរីយ៉ា​🌸
០២​ តុលា​ ២០១៩

នេះជាកូនប្រុសពៅរបស់ម៉ាក់យ៉ា នៅក្នុងចម្ការពោត ក្បែរមាត់ព្រែក ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម

ដងព្រែក…

ព្រឹកព្រាង​ថ្ងៃរះ​ ជះប៉ះចុងដួន
ចុះស្រែថែសួន​ ពួនតាមដងព្រែក
ជីវិត​ស្រុកស្រែ​ ខ្មែរនៅក្រោមមេឃ
តោះ! ងេីបពីដេក​ ទៅរែកអាចម៍គោ។

ខេត្ត​ព្រះ​ត្រពាំង​ ឃាំងដោយទឹកប្រៃ
ដងព្រែកពេញព្រៃ​ ដីដុះហួសអូរ
ខ្មែរ​លេីខ្មែរក្រោម​ ឡោមរកពុទ្ធោ
អ្នកណាស៊ីជោរ​ មកកូរគ្នាលេង។

លឹម​ វីរីយ៉ា​🌸
២៩​ កញ្ញា​ ២០១៩

នៅមាត់ព្រែក ក្នុងចម្ការពោតរបស់ឳពុកម្ដាយ បង សុមន្ថា ក្នុងភូមិបាយឆៅ ស្រុកថ្កូវ ខេត្តព្រះត្រពាំង កម្ពុជាក្រោម

ទៅបុណ្យភ្ជុំឆ្លងស្រុក…

ភ្លៀងធ្លាក់មិនដាច់គ្រាប់​ គាប់ចិត្តអ្នកស្រែ
ឮសូរតែរ៉ែៗ​ ក្បែរភពមនុស្សា
វេនបិណ្ឌក្នុងថ្ងៃនេះ​ វិសេសមហា
រីករាយក្នុងចិន្ដា​ ជ្រះថ្លា​កន្លង។

យេីងទៅបុណ្យភ្ជុំធំ​ ម្ដុំខ្មែរខាងត្បូង
កុំឱ្យខ្មោចវាលង អន្ទងផ្ដោះផ្ដង
ខេត្ត​ឃ្លាំងពាំងថ្មភ្នំ​ មុំផ្លោះរបង
ជាតិ​ខ្មែរថែគ្នាផង​ ខ្ញុំឆ្លងទៅហេីយ។
————
លឹម​ វីរីយ៉ា​🌸
២៥​ កញ្ញា​ ២០១៩

ភ្ជុំបិណ្ឌនៅកម្ពុជា…

ភ្ជុំបិណ្ឌនៅកម្ពុជា
អ្នកណាបាត់គ្នា ហួចជាសញ្ញា។
អញ្ជើញណាត់ជួបតាមសារ
សាសងផ្លែផ្កា ចរចាចិចី។
រដូវបុណ្យទានឈានដី
ណាត់មិត្តប្រុសស្រី ប្រាស្រ័យរាក់ទាក់។
ភ្ជុំបិណ្ឌក្លិនចំប៉ាលក្ខណ៍
រដូវភ្លៀងធ្លាក់ ជំពាក់ម្ចាស់ថ្លេីម។
អ្នកណាប៉ិនទប់ដង្ហេីម
ចំហៅថាឆ្នេីម ផ្ដេីមច្នៃផ្ដោះផ្ដង។
ផ្ការីកនៅក្នុងរបង
អ្នកក្លាហានឆ្លង ចម្លងដួងចិត្ត។
ភ្ជុំរួចខ្នួចចងក្រងក្រិត្យ
ក្រាបដៃយកស្និត ទុកសិតសក់ក្រង។
សៀតផ្កាចំប៉ីមួយទង
ពានាល្បាប់ផង ដងទឹកផ្កាម្លិះ។
បួងសួងលួងសូមជំនិះ
ដែលព្រះឥន្ទជិះ ឆ្លងឡេីងឋានសួគ៌។
សារខ្លីន័យវែងពេញតួ
បេីគួរមិនគួរ កុំប្រកាន់ថ្វី។
រឿងអាថ៌កំបាំងផែនដី
អ្នកណាវៀងវៃ លៃលកយកបុណ្យ។
ឆ្គាំឆ្គងរំលងថ្ងៃមុន
សូមត្រឹមម្ចាស់គុណ គន់គិតអភ័យ។
សូមបានសិរីសួស្ដី
ស្ដុកស្ដម្ភថ្លាថ្លៃ មានជ័យជោគអ៊េីយ!
———
លឹម វិរិយា🌸
២៥ កញ្ញា ២០១៩

រូបថតនៅផ្សារទំនើប Aeon Mall ទី២ ក្នុងទីក្រុងសែនសុខ អំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ថតដោយ កុមារា ព្រហ្ម ជ័យបុត្រ កូនច្បងរបស់ម៉ាក់យ៉ា