
ប្រិយមិត្តអ្នកអាន ប្រហែលជាមិនសូវបានឮញឹកញាប់ពីជំងឺនេះទេ ប៉ុន្តែខ្ញុំជឿថាប្រិយមិត្តប្រហែលជាធ្លាប់ជួបអ្នកជំងឺនេះ ឬប្រហែលជា មានម្ដងម្កាលទទួលដឹងនូវអាការៈជំងឺនេះដោយខ្លួនឯង គ្រាន់តែមិនចាប់អារម្មណ៍។ ជំងឺ Carpal Tunnel Syndrome (CTS) នេះ អាចបកប្រែជាខ្មែរថា “ជំងឺរលាកសរសៃកដៃ ឬ ជំងឺកៀបសរសៃកដៃ”។

អ្នកជំងឺ មានអាការៈ ដំបូងៗគឺឈឺស្ពឹកបាតម្រាមដៃ ចាប់ពីពាក់កណ្ដាលនាងដៃ ដល់មេដៃ។ ជាញឹកញាប់ រោគសញ្ញាសំខាន់របស់វា គឺញាក់នៅមេដៃ ម្រាមដៃចង្អុល ម្រាមដៃកណ្ដាល និងដៃនាង។ ហើយការឈឺចាប់ លេចឡើងខ្លាំងបំផុតនៅពេលយប់ នៅក្នុងចង្កោមរោគសញ្ញានៃជំងឺ CTS នេះ ពេលខ្លះក៏អាចធ្វើឱ្យអ្នកជំងឺ មានអារម្មណ៍ថា ក្រហាយ ក្ដៅនៅតំបន់កដៃ និងបាតដៃ។ អ្នកជំងឺខ្លះ ហាក់ដូចជាទទួលអារម្មណ៍ថា ខ្សោយដៃ ទន់ដៃ នៅពេលដែលប្រើប្រាស់ដៃដើម្បីចាប់កាន់អ្វីមួយ។

គេបានរកឃើញមូលហេតុធំៗមួយចំនួន ដែលបណ្ដាលឱ្យកើតមានជំងឺ CTS នេះ ដូចជា៖ ការចុចកុំព្យូទ័ររយៈពេលយូរ ក្ដាប់កាន់ទូរស័ព្ទរយៈពេលយូរ (ប្រសិនបើជាទូរស័ព្ទស្មាតហ្វូនទៀតនោះ ហានិភ័យនៃការបង្កជំងឺកាន់តែខ្ពស់) ការបើកបររថយន្ត ឬក្ដាប់កាន់ចង្កូតម៉ូតូ កង់ រយៈពេលយូរ។

អ្នកកើតជំងឺនេះ ប្រសិនបើ ទុកយូរមិនព្យាបាលឱ្យបានទាន់ពេលវេលាទេ អាចបណ្ដាលឱ្យបាត់បង់សរីរវិញ្ញាណចាប់ពីកដៃចុះទៅ (ឥតទទួលដឹងពីការប៉ះពាល់) សាច់ដុំបាតដៃទៅជារួមតូចស្វិត ទ្រុឌទ្រោម ខ្សោយ។ វាក៏អាចបណ្ដាលដល់មានការរលាកសន្លាក់ឆ្អឹង ហើយអាចដល់បាក់ឆ្អឹងកដៃទៀតផង។

ប្រសិនបើជំងឺនៅស្រាល គ្រូពេទ្យអាចប្រើវិធីចាក់ថ្នាំ ឬ ចាក់ម្ជុលវិទ្យាសាស្ត្រតាមក្បួនបុរាណចិន ព្យាបាលដោយយោហ្គា ឬ ចលនាពត់ពេនរាងកាយ ឬដោយបាញ់ឡាស៊ែកម្រិតទាប ការផ្ដល់សារធាតុវិតាមីនជំនួយ ការកៀបរុំដៃដោយឧបករណ៍សង្គ្រោះបែបទំនើប ជាដើម…។ល។ ប៉ុន្តែប្រសិនបើ ករណីធ្ងន់ខ្លាំង គ្រូពេទ្យ នឹងវះកាត់ ដោយកាត់សរសៃ ចងសរសៃពួរ ដែលព័ទ្ធឆ្លងកាត់ ប្រអប់ដៃទៅកដៃ។


ចំពោះការបង្ការកុំឱ្យជំងឺនេះលេចឡើងបាន យើងត្រូវពិនិត្យមើលថា តើកិច្ចការងារប្រចាំថ្ងៃដែលយើងកំពុងធ្វើ មានសម្ពាធធ្ងន់ចំពោះកដៃដែរឬទេ? ប្រសិនបើការងារយើង គឺជាអ្នកវាយកុំព្យូទ័រវាស់ៗល្ងាច សូមឧស្សាហ៍សម្រាក ហើយម៉ាស្សាកដៃ តាមរយៈការធ្វើចលនាបង្វិលកដៃខ្លួនឯងយឺតៗ ឬ យកដៃឆ្វេងច្របាច់ដៃស្ដាំ និងយកដៃស្ដាំច្របាច់ដៃឆ្វេង ឆ្លាស់គ្នាទៅវិញទៅមក យ៉ាងហោចណាស់ ឱ្យបាន៥នាទីជាប់គ្នា ក្នុងការម៉ាស្សា។

ប្រសិនបើ ការងារវាយកុំព្យូទ័រនោះ ជាការងារពេញម៉ោង ដែលត្រូវប្រតិបត្តិដល់ទៅ៨ម៉ោង ក្នុង១ថ្ងៃ គួរតែឈប់សម្រាក រៀងរាល់ ២ម៉ោងម្ដង។ ក្រៅពីនោះ ត្រូវរកតុ រកវត្ថុអ្វីដាក់កល់ដៃ កុំឱ្យកដៃមានសភាពប្រឹងខ្លាំងពេកក្នុងការទប់ចលនា។ ក្រៅពីកិច្ចការងារវាយកុំព្យូទ័រ សូម្បីតែអ្នកញៀននឹងទូរស័ព្ទដៃស្មាតហ្វូន ហើយកាន់ជាប់គ្នាច្រើនៗម៉ោងក្នុង១ថ្ងៃ ក៏អាចជួបបញ្ហាដូចរៀបរាប់ខាងលើនោះដែរ។ មានបច្ច័យរួមផ្សំមួយទៀតដែរ ដែលទាក់ទងនឹងកត្ដាហ្សែន ឬ តំណពូជ។ មានន័យថា ប្រសិនបើយើង មានបុព្វបុរស ដែលជាអ្នកជំនាន់មុន (ឪពុក ម្ដាយ ជីដូន ជីតា…) ធ្លាប់កើតមានជំងឺ CTS នេះ មានន័យថា យើងក៏ងាយប្រឈមនឹងការកកើតឡើងជាទីបំផុត ប្រសិនបើយើងប្រហែសតែបន្តិច។

