ខ្ញុំសែនជ្រេញ គ្រប់ពេលដែលឮគេរំឭកពាក្យថា “គិតវិជ្ជមាន” …… និយាយលេងសើចអី! កាលពីច្រើនឆ្នាំមុន ក្នុងរវាងទសវត្សរ៍ឆ្នាំ២០០០ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តប្រើពាក្យនេះញឹកញាប់ជាទីបំផុត ទាំងការសរសេរនិងនិយាយ។ លុះឥលូវ ដល់តែឃើញគេនាំគ្នាសាបព្រោះពាក្យនេះច្រើនខ្លាំងពេក… ច្រើនរហូតដល់ពាក្យនេះក្លាយជា អតិផរណា និងចុះថោកដូចសំរាម ក្នុងក្រសែភ្នែកខ្ញុំនេះទៅវិញ។ ហេតុអ្វី?
ព្រោះមនុស្សទ្រឹស្ដីនិយមដែលខ្លួនឯងមិនជាខ្មោចផេះអីផងនុះ ក៏និយាយនិងពោលដល់ពាក្យនេះ ស្ទើររាល់ថ្ងៃដែរ។ ខ្ញុំកើតមក ដោយស្ពាយនូវអត្តចរិតមួយចម្លែកបន្តិច ត្រង់ចូលចិត្តតែធ្វើអីដែលបញ្ច្រាសពីគេពីឯង បើទោះបីជាអ្នកផ្សេងគេមានហេតុផលរាប់លានសម្រាប់ការពារខ្លួនក៏ដោយ។
តាមពិតទៅ ការគិតវិជ្ជមាន វាគ្រាន់តែជួយទំនុកបម្រុងក្រសែចិត្តរបស់មនុស្ស កុំឱ្យវង្វេងវិលវល់ និងលួងលោមមនុស្សពីទុក្ខសោកផងទាំងពួងដែលកើតមានរាល់ថ្ងៃរុំស្រោបជុំជិត។ សម្រាប់ខ្ញុំ “ការគិតអវិជ្ជមាន” គឺជាថាមពលដ៏អស្ចារ្យដែលដុតបញ្ឆេះឱ្យល្បឿនជីវិតទៅមុខបានលឿនហើយប្រកបដោយសុខសុវត្ថិភាពទៀតផង។
ក្នុងចក្រវាល បើគ្មានប៉ូលដក (-)ទៅទង្គិចនឹងប៉ូលបូក (+) ទេ វាក៏វាគ្មានភ្លើងរន្ទះបាញ់បំផ្ទុះផែនដីនេះបានឡើយ។ ក្នុងរូបមន្តអគ្គិសនី ប្រូតុងវិជ្ជមាន ឬប៉ូលបូក គ្មានរំញោចស្អីទេ ដរាបណាគ្មានការតភ្ជាប់ជាមួយអេឡិចត្រុងអវិជ្ជមានឬប៉ូលដក។ ក្នុងសង្គមមនុស្សរស់នៅ បើគ្មានពួកមនុស្សអវិជ្ជមាន ក៏វាគ្មានក្រុមហ៊ុនធានារ៉ាប់រងដែរ។ មនុស្សដែលអវិជ្ជមានបំផុត គឺជាអ្នកដែលច្នៃពិភពលោកបានសុវត្ថិភាពបំផុត។
ក្នុងការស្រាវជ្រាវពីដើម មនុស្សវិជ្ជមាន ផលិតយន្តហោះ ចំណែកមនុស្សអវិជ្ជមានផលិតខ្សែក្រវាត់និងឆ័ត្រយោង។ មនុស្សគិតល្អៗ គេផលិតម៉ូតូ តែមនុស្សអគតិ នាំគ្នាផលិតមួកសុវត្ថិភាព។ ក្នុងសង្គមមនុស្សរស់ អ្នកវិជ្ជមាននាំគ្នាកសាងសាលារៀន ប៉ុន្តែអ្នកអវិជ្ជមានវិញ កសាងគុក និងផលិតខ្នោះ។ ពួកអ្នកវិជ្ជមាន កសាងមន្ទីរពេទ្យកែកម្ផស្ស ចំណែកពួកអវិជ្ជមាន កសាងមន្ទីរពេទ្យវិកលចរិត។
ដូច្នេះ កុំសូវវិជ្ជមានខ្លាំងពេក ប្រយ័ត្នភ្លើងឆេះផ្ទះ គ្មានអ្វីសង្គ្រោះ។ កុំសូវវិជ្ជមានពេក ទិញធានារ៉ាប់រងខ្លះផង ក្រែងគ្រោះថ្នាក់ទាន់ហ័ន គ្រាន់មានគេជួយបាន។ កុំសូវវិជ្ជមានពេក ក្រែងគេលួចចាក់ពីក្រោយ គេចខ្លួនមិនទាន់។ កុំសូវវិជ្ជមានពេក ក្រែងធាតុម្ខាងទៀត សុទ្ធតែវិជ្ជមានដូចគ្នាដែរ ជីវិតអ្នកនឹងក្លាយជា ណឺត្រុង ឬ សភាពខ្ទើយ វាអសារបង់ ប្រើជាប្រយោជន៍អីមិនកើត។
អូ! មួយទៀត កុំសរសើរខ្ញុំច្រើនពេកអី ព្រោះតែកាលណាអ្នកសរសើរខ្ញុំច្រើនពេក ខ្ញុំនឹងស្អប់ខ្ពើមខ្លួនឯងមិនខាន…… ខ្ញុំត្រូវការតុល្យភាពអារម្មណ៍ដើម្បីរស់ឱ្យបានសុខស្រួល!
_________
លឹម វីរីយ៉ា
ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០

ខ្ញុំបានស្តាប់ការបកស្រាយរបស់បងស្រី នៅក្នុងយូធូបស្តីអំពី ចាយលុយយ៉ាងមិចទើបត្រូវខ្ទង់? ដោយសារខ្ញុំជាស្រ្តីម្នាក់ដែលទើបនឹងលាឈប់ពីការងារដើម្បីមើលថែបីបាច់កូនតូច ហេតុដូចនេះមួយរយៈនេះខ្ញុំបានស្រាវជ្រាវពីការគ្រប់គ្រងហិរញ្ញវត្ថុបានច្រើនគួរសមដែរ តែអ្វីដែលចំលែក ក្រោយពីបានស្តាប់ការបកស្រាយរបស់បងស្រី ខ្ញុំមានអារម្មណ៍ថាបងស្រីចំលែកពីគេ និយាយអ្វីត្រង់ៗ ច្បាស់ៗ ហើយងាយយល់។ មូលហេតុនេះខ្ញុំបានស្រាវជ្រាវពីបងលើយូធូបក៏បានឃើញ និងដឹងពីបងស្រីខ្លះៗ ក្នុងនោះដែរបងក៏បាននិយាយពីប្លុកដែលបងបានសរសេរ ខ្ញុំបានស្វែងរកអស់រយៈពេល១ថ្ងៃទើប រកឃើញ។ ខ្ញុំកំពុងតែមានបញ្ហាលើការគិតវិជ្ជមាននេះដែរ ខ្ញុំកំពុងតែសង្ស័យលើការសម្រេចចិត្តរបស់ខ្លួនឯង ដែលបោះការងារដែលខ្លួនស្រលាញ់ ដើម្បីកូនខ្ញុំ ព្រោះក្រោយពីឈប់សម្រាកពីការងារមក ខ្ញុំបែជាគិតតែពីការស្វែករកលុយបន្ថែមដើម្បីផ្គត់ផ្គង់គ្រួសារ ហើយមិនសូវរវល់ជាមួយកូនទៅវិញ ខ្ញុំបែរជាមានអារម្មណ៍ថាមកពីកូនទើបធ្វើអោយខ្ញុំគិតអ្វីប្លែកៗ គ្រប់គ្រងអារម្មណ៍មិនសូវបាន។ សូមបងស្រី ជួយជាសារលើកទឹកចិត្តអោយប្អូន១មក។ សូមអរគុណ
LikeLiked by 1 person
To Seng Chhunl,
អរគុណច្រើនណាស់សម្រាប់ការព្យាយាមស្វែងគិត និងឈ្វេងយល់ពីខ្ញុំ ក៏ដូចជាខ្លួនឯងផ្ទាល់!
ប្អូនស្រី មិនមែនជាមនុស្សតែម្នាក់ដែលមានបញ្ហាដូច្នេះទេ មានស្ត្រីខ្មែរយើងច្រើនរាប់មិនអស់ ក៏មានបញ្ហាស្រដៀងៗនឹងប្អូនស្រីដែរ។
ទោះយ៉ាងណាក៏ដោយ សម្រាប់ការសម្រេចចិត្តឈប់ធ្វើការងារ មកមើលថែកូន ឬត្រលប់ទៅធ្វើការវិញ ទុកកូនចោល គ្មានមួយណាជាជម្រើសខុសឆ្គងទេ។ អ្វីដែលខុស គឺយើង មិនចេះរបៀប ថ្លឹងពេលវេលា (Work Life Balance). ឬហៅម្យ៉ាងទៀតថា តុល្យភាពគ្រួសារ និងការងារ។ ប៉ុន្តែ អាតុល្យភាពអីហ្នឹង សម័យនេះ ពិភពលោក គេលែងប្រើ គេលែងនិយាយដល់ហើយ។ ក្នុងយុគសម័យ ឌីជីថល បញ្ហារបស់យើង ត្រូវបានគេហៅថា Work-Life Integration (សមាហរណកម្មគ្រួសារ និងការងារ) មានន័យថា យើងប្រើពេលវេលាតិចជាងមុន ស្រួលជាងមុន ហើយធ្វើការងារខាងក្រៅផ្ទះផង មើលថែកូនចៅនៅផ្ទះផង ក្នុងពេលទន្ទឹមគ្នាតែម្ដង ដោយប្រើប្រាស់ កុំព្យូទ័រ និង អ៊ីនធើណិត ជាឧបករណ៍ជំនួយពិសេស។
***សូមមេត្តាកុំបោះបង់ចោលការងារដែលខ្លួនស្រលាញ់! បើស្រលាញ់ការងារអ្វី សូមធ្វើកិច្ចការនោះឱ្យអស់ពីលទ្ធភាព ធ្វើវាប្រកបទៅជាមួយក្ដីសុបិន គោលដៅជីវិតច្បាស់លាស់។ បើការងារនោះ ធ្វើបម្រើអ្នកដទៃ ក៏ត្រូវតែខំឱ្យអស់ពីចិត្តដែរ។ ករណីបើ ថៅកែល្អ យើងនឹងក្លាយជាថៅកែម្នាក់ពីខាងក្រោយខ្នងគាត់។ បើចង្រៃអី ធ្វើទៅ ប៉ះថៅកែមិនល្អ យើងក៏គង់មានបទពិសោធ ចំណេះដឹងបរិបូរ សម្រាប់យកមកប្រកបរបរដោយខ្លួនឯងក្នុងពេលអនាគត។ អ្នកដែលចូលចិត្តនិយាយថា គេអាចប្រកបមុខរបរពីបាតដៃទទេ គឺជាការពិត!
ដើមទុនរបស់គេ គឺបទពិសោធការងារ ក្ដីស្រលាញ់ចំពោះការងារ និងពេលវេលាដែលគេបានលះបង់ជាច្រើនឆ្នាំនោះឯង។ លុយកាក់ ជារឿងតូចទេ ក្នុងការចាប់ផ្ដើមមុខរបរមួយ! បើប្អូនមិនច្បាស់ អាចចុះឈ្មោះចូលរៀនក្នុងវគ្គសិក្ខាសាលាផ្សេងៗនៅក្បែរៗផ្ទះ តែហាមដាច់ខាត កុំទៅចូលរៀន វគ្គបង្រៀនដោយក្រុមឧកញ៉ា អ្នកមានកំពូល អ្នកជោគជ័យ អស្ចារ្យអីឱ្យសោះ។ ពួកគេ គ្មានគរុកោសល្យ វិជ្ជាជីវៈអ្វីយកមកបង្រៀនយើងឱ្យចេះទៅកើតទេ។ ខ្ញុំមិនដឹងថា ប្អូនស្រីរស់នៅទីណា បើសិនជាប្អូន នៅភ្នំពេញ អាចសាកល្បង ចុះឈ្មោះចូលជា សមាជិក របស់សមាគមសហគ្រិនស្ត្រីកម្ពុជា បាន តាមរយៈ http://www.cweacambodia.org
ឬ មិនដូច្នេះទេ សាកល្បងស្វែងរកសូមជំនួយពីសាច់ញាតិដែលគួរជាទីទុកចិត្តបំផុត ដើម្បីសូមឱ្យគាត់ជួយគាំទ្រផ្នែកស្មារតី កម្លាំងចិត្ត និង កម្លាំងពលំ។ ដូចជាការជួយមើលថែកូនចៅ ពេលអវត្តមានប្អូនស្រីម្ដងម្កាល ឬ ផ្សេងៗទៀតនៅក្នុងផ្ទះសម្បែង។
សម្រាប់ប្រធានបទ “ការចាយវាយត្រូវខ្ទង់” ខ្ញុំសូមមិនបកស្រាយទៀតទេ ព្រោះប្អូនបានស្ដាប់អស់ហើយ បទសម្ភាសរបស់ខ្ញុំនៅក្នុង មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) កាលពីខែមុន។ ម្យ៉ាងទៀត បើសិនជាប្អូន អាចឆ្លៀតបាន ក៏គួរតែចុះឈ្មោះចូលហ្វឹកហាត់ធ្វើសមាធិ ជាការប្រសើរ។ ខ្ញុំជាអ្នកធ្វើសមាធិយ៉ាងខ្ជាប់ខ្ជួនម្នាក់ និងបានព្យាបាលខ្លួនឯង ពីជំងឺផ្លុវចិត្តនិងផ្លូវកាយ។ បើប្អូនចង់ដឹងរឿងនេះ សឹមទាក់ទងខ្ញុំតាមក្រោយទៀត!
ពេលវេលាខើច! សូមបញ្ចប់ការឆ្លើយតបប៉ុណ្ណេះសិន….
សង្ឃឹមថា មតិយោបល់របស់ខ្ញុំទាំងនេះ អាចជួយប្អូនបានខ្លះៗ ក្នុងការពិចារណា ឈានទៅធ្វើសេចក្ដីសម្រេចចិត្តផ្សេងទៀត ក្នុងជំហានបន្ទាប់!
សូមសុខសប្បាយចាស! ❤
លឹម វីរីយ៉ា
_____________
ភ្នំពេញ ២៨ វិច្ឆិកា ២០២០ ម៉ោង ៦:០០ ល្ងាច
LikeLike