ខានតែងកាព្យយូរ ដូចជាជូរមាត់
ព្រោះមានគេឃាត់ បត់ម៉ាកែងដៃ
កំណាព្យកាព្យឃ្លោង លងទាំងយប់ថ្ងៃ
អាឡោះខ្នោះដៃ ដូចអាល័យស្នេហ៍។
គិតទៅផ្លូវលោក រោគវាហៀរហូរ
អ្នកធំប៉ិនប្រូ កូរតែស្រុកខ្មែរ
ខូវីដចេញថ្មី ល្បីល្បាញផងដែរ
អ្នកក្រុងអ្នកស្រែ ប្រឹងថែជីវិត។
អ្នកហ៊ានរិះគន់ ជន់តែទឹកភ្នែក
ច្បាស់ជាបានដេក ភ្នែកបិទលែងជិត
នគរតូចថ្កើង ឡើងធំកំពិត
មុខវាំង ងងឹត ព្រោះគេផ្ដាច់ភ្លើង។
ឥឡូវអស់លុយ រុយក៏លែងរោម
ជង្រុកទ្រុឌទ្រោម បាក់លោមទាំងទ្រើង
ផ្សារធ្លាប់មានចោរ បែរស្ងាត់រលើង
លិចកើតត្បូងជើង ភ្លើងឡានពេទ្យឆ្លង។
វ៉ាក់សាំងគេចាក់ បាក់ម្ជុលរាប់លាន
មេរោគនៅឃ្លាន ឈ្លានពានចម្លង
មនុស្សស្លាប់ឡើងពាយ ធ្លាយទាំងពេទ្យផង
ជាតិនេះហែលឆ្លង ដល់ត្រើយទេណឹះ?!
យប់ឡើងខ្ញុំដេក មើលមេឃរាប់ផ្កាយ
ហើយបរិយាយ អភិប្រាយទើស
តែងកាព្យវែងពេក រែកពន់មិនរើស
ឃើញផ្កាយខ្លះល្មើស រះដុះកន្ទុយ។
ផ្កាយដុះកន្ទុយ ខ្ញុំអង្គុយគិត
អង្គប់ជីវិត គិតទៅវាស្អុយ
កៅអីតែមួយ ស្រាប់តែពុកផុយ
ពុកបាក់ឡើងហុយ អ្នកហិតកេីតហឺត។
ថៅកែមេរោគ គ្រងឈុតក្រហម
សំឡេងថ្នមៗ បីបមសូមបឺត
បបោសអង្អែល ហើយថើបមួយខ្សឺត
ផលិតថ្នាំហឺត លក់ប្រមូលលុយ។
ស្រុកភូមិខាងខ្ញុំ អ្នកស្រុកដំណាល
ថែខ្លួនអត់ក្បាល សុទ្ធតែជាប់នុយ
គេស្ទូចយកសួត តាមឡានសាមុយ
ចុងក្រោយដុតហុយ បង្ហើរតាមខ្យល់។
បើសិនឆ្នាំក្រោយ នៅដោយរោគឆ្លង
ច្បាស់ជាស្លាប់ម្ដង ឆ្លងផុតកង្វល់
ចាំចាប់ជាតិថ្មី លៃលកឱ្យដល់
នឹងរស់លែងខ្វល់ នៅឋានព្រះចន្ទ។
________
វិរិយា![]()
ថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ២២ ខែកក្កដា គ.ស. ២០២១




