តើបងប្អូន ធ្លាប់ជួបសម្ដីបែបនេះ ដែរឬទេ “និយាយត្រូវ តែមិនត្រូវនិយាយ”? បើខ្ញុំវិញ ជួបឡើងសឹកភ្នែក សឹកត្រចៀក ឡើងជ្រេញ ស្ទើរតែក្អួតចេញក្រៅម្ដងៗ។ អ្នកដែលចូលចិត្តពោលឃ្លាមួយនេះ ប្រហែលគិតថា និយាយអ៊ីចឹងទៅ ឡូយ (ឡូយថូយ មែន)។ បទពិសោធខ្ញុំ សម្ដីនេះ ភាគច្រើនលើសលុប ខ្ញុំជួបផ្ទាល់ដោយការកំពប់ចេញពីមាត់របស់អ្នកដែលជា ជំទាវ (ទាំងអ្នកមានក្រឹត្យ និងអ្នកអត់ក្រឹត្យ) ឧកញ៉ា (ទាំងពិតនិងក្លែងក្លាយ) ឯកឧត្ដម (ទាំងទើបឡើងថ្មីនិងហួសដឺឡេ) បណ្ឌិត (ទាំងមានកិត្តិយសនិងឥតកិត្តិយស) សាស្ត្រាចារ្យ (មានស្រីមានប្រុស) នាយកសារព័ត៌មានក្នុងស្រុក ពិធីករ និងតារាល្បីៗជាច្រើន។ អ្នកខ្លះចូលមកសរសេរមតិជាសាធារណៈ ក្នុងអត្ថបទផ្សាយរបស់ខ្ញុំ។ ខ្លះផ្ញើសារចូលក្នុងប្រអប់សារសម្ងាត់។ ខ្លះទៀត ឋានៈដល់ទៅរដ្ឋមន្ត្រីទៀតផង ណាត់ខ្ញុំទៅជួបសំណេះសំណាល ស្មានតែមានការងារអីចង់ពឹង តាមពិត ហៅទៅប្រាប់ថា “វិរិយា និយាយត្រូវ តែមិនត្រូវនិយាយ”។ ហាស់ហាស់ហាហា! គ្រាន់តែចង់ប្រាប់ប៉ុនហ្នឹងសោះ ខំចាយពេលវេលាអស់កន្លះថ្ងៃ ទទេៗ!!
ហ្អេ! បើនិយាយត្រូវ ហេតុអ្វីបានជា មិនត្រូវនិយាយទៅវិញ? ធ្លាប់តែឮថា និយាយខុសហើយ សូមកុំនិយាយទៀត។ តែនេះ ខ្ញុំនិយាយត្រូវទេតើ ម្ដេចក៏ម្នាក់ៗព្រួយបារម្ភខ្លាចការពិតខ្លាំងម្ល៉េះ? បើសម្ដីខ្ញុំនិយាយត្រូវ ហេតុអ្វីមិនគាំទ្រពាក្យសម្ដីដែលត្រូវ? ភាសាអង់គ្លេសគេថា “Your speech is right, but you don’t have the right to speak” សុន្ទរកថារបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែអ្នកគ្មានសិទ្ធិនិយាយទេ។ ពាក្យនេះ យើងឃើញសម្បូរកើតមានឡើង ក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សក្រាស់ក្រែល និងតំបន់ដែលពោរពេញដោយអំណាចផ្ដាច់ការ។
តស់! យើងមកវិភាគពីចិត្តវិជ្ជា និង សង្គមវិជ្ជា បន្តិចមើល៍ ថាហេតុអ្វីបានជាមានមនុស្សដែលព្រួយបារម្ភពីការពិតខ្លាំងម្ល៉េះ? ឈរលើហេតុផលឡូហ្សិក មនុស្សដែលហាមមិនឱ្យគេនិយាយពាក្យពិត ព្រោះតែពាក្យពិតនោះ បានទៅរួមចំណែក ជារនាំង រារាំងដល់ផលប្រយោជន៍របស់ពួកគេ ដោយផ្ទាល់ ឬ ដោយប្រយោល។ បើយើងលើកជជែកវែកញែក ពីអំពើពុករលួយ ក្នុងសង្គម ហើយមានបុគ្គលណាម្នាក់ ចេញមកហាមប្រាមយើងមិនឱ្យនិយាយ គឺវាមានន័យថា អំពើពុករលួយ គឺជាចំណែកមួយ ដែលជួយផ្ដល់ផលប្រយោជន៍ឯកជន ដល់បុគ្គលរូបនោះជាក់ជាមិនខាន។ ប្រសិនបើបុគ្គលនោះ មិនដែលបានទទួលផល ពីអំពើពុករលួយក្នុងសង្គម ច្បាស់ណាស់ ថាគេនឹងមិនហាមយើងក្នុងការពោលពាក្យពិតទេ។
ពេលខ្លះ ខ្ញុំនិយាយថា “ប្រទេសជាតិដែលសម្បូរហូរហៀរទៅដោយគ្រឿងស្រវឹង នឹងមានតែភាពវិនាសអន្តរាយជារៀងរហូត” ក៏គេហាមប្រាម មិនឱ្យនិយាយដែរ។ ហ្អា៎! ចុះបើវាពិតជាគ្រឿងបំពុលប្រទេសជាតិមែន ហេតុអ្វីក៏ពួកគេខំប្រឹងជួយបិតបាំងទៅវិញ? ខ្ញុំថា មនុស្សមិនសូវឆ្លាត ក៏អាចគិតឃើញដែរ។ ប្រហែលជា គេខ្លួនឯងជាអ្នកចូលចិត្តសេពគ្រឿងស្រវឹង (វាដូចគ្នានឹងគ្រឿងញៀនដែរ) ផ្ដាច់មិនបាន។ ឬគេជាចំណែកដ៏ជិតស្និទ្ធណាមួយ របស់ក្រុមអ្នកឈ្មួញជួញដូរគ្រឿងអបាយមុខទាំងនោះ ទើបគេត្រូវតែចេញមុខការពារដៃគូរបស់ខ្លួនពីការដួលរលំដោយសារពាក្យពិត។
ហើយមានអ្នកខ្លះ គេមិនហ៊ានប្រាប់យើងត្រង់ៗទេ តែគេលួចរាយការណ៍ទៅនរណាម្នាក់ផ្សេងទៀត ដែលមានឥទ្ធិពលធំជាង ដើម្បីឱ្យមកគំរាមកំហែង គោលដៅ ដើម្បីបន្តបិទបាំងនូវការពិត និងបន្តឱកាសបានក្រេបជញ្ជក់ផលប្រយោជន៍ផ្សេងៗ ពីការបិទបាំងនោះទៅមុខទៀត ក្នុងក្រុមរបស់ពួកគេ។ ពួកគេ ភ្លេចគិតថា ប្រទេសជាតិដែលញាំញីដោយអំពើពុករលួយ និងអបាយមុខ មិនអាចលូតលាស់រុងរឿង ប្រកបដោយចីរភាពទេ ព្រោះថា អំពើពុករលួយ ធ្វើឱ្យមានគម្លាតឆ្ងាយគ្នាដូចមេឃនិងដី រវាងអ្នកមាន និងអ្នកក្រ។ ហើយអបាយមុខ ធ្វើឱ្យមនុស្សក្នុងសង្គមឆ្កួតវង្វេងស្មារតី លែងដឹងខុសត្រូវ និងមិនអាចអភិវឌ្ឍជីវិតខ្លួនឯងបាន។ ការដែលមនុស្សម្នាក់ៗមិនអាចអភិវឌ្ឍខ្លួនឯងបាន ស្មើនឹងភាពអសកម្ម នៃការអភិវឌ្ឍប្រទេសជាតិ ដូចគ្នាដែរ។
បើនិយាយដល់អំពើពុករលួយ អ្នកដែលរៀនសូត្របានតិចតួច ពិតជាពុំមានសតិបញ្ញា ក្នុងការមើលធ្លុះបានទេ។ ឧទាហរណ៍ វេជ្ជបណ្ឌិតដែលបម្រើការងារក្នុងមន្ទីរពេទ្យរដ្ឋ ទៅបើកគ្លីនីកឯកជនទទួលព្យាបាលជំងឺបង់ប្រាក់ ឬក៏ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ទៅបើកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ តាមរយៈឈ្មោះសាច់ញាតិបងប្អូន ឬក៏ មន្ត្រីនៃក្រសួងព័ត៌មាន ទៅបើកស្ថានីយវិទ្យុ ទូរទស្សន៍ ឯកជន…។ល។ ទាំងអស់នេះហើយ ជាសកម្មភាពនៃអំពើពុករលួយដ៏គួរខ្លាចបំផុត។ ប៉ុន្តែ ដោយសារតែកម្រិតនៃការសិក្សារៀនសូត្ររបស់មនុស្សក្នុងសង្គមនោះ ភាគច្រើននៅទាបៗពេក ទើបពួកគេមិនយល់ថា នោះជាអំពើពុករលួយ ហើយក្រៅពីនោះ ក៏នៅកោតស្ញប់ស្ញែង គោរពលំទោនចំពោះអ្នកកំពុងប្រព្រឹត្តថែមទៀតផង។ ការកាន់កាប់អំណាចសាធារណៈផង និងមានសិទ្ធិក្នុងការធ្វើកិច្ចការងារឯកជនផង វានឹងធ្វើឱ្យប្រសិទ្ធិផលនៃការងារម្ខាងទៀតធ្លាក់ចុះ។ ម្យ៉ាងទៀត ការទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដឹកនាំប្រទេស មានន័យថា គាត់បានដឹងមុនគេទាំងអស់នូវគម្រោង អភិវឌ្ឍផ្សេងៗ តាមតំបន់នានា ក្នុងប្រទេស។ ដូច្នេះ បើគាត់ក៏មានសិទ្ធិធ្វើអាជិវកម្ម វាច្បាស់ណាស់ថា ក្នុងប្រទេសនោះ គ្មានប្រជាពលរដ្ឋណាផ្សេង អាចទទួលបានផលប្រយោជន៍ លើសគាត់ទេ។
នោះហើយជាមូលហេតុ ដែលអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (អតីតមេដឹកនាំប្រទេសថៃ) ត្រូវបានប្រជាជនពាក់កណ្ដាលប្រទេសដែលមានការសិក្សារៀនសូត្រចេះដឹង ធ្វើបាតុកម្មទម្លាក់ចេញពីអំណាច ដោយសារតែគាត់បានផ្ដល់ព័ត៌មានស្ដីពីការកសាងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទៅកាន់សាច់ញាតិបងប្អូនរបស់គាត់ ដើម្បីពួកគេបានដើរប្រមូលទិញដីទុកជាមុន មុនពេលគម្រោងបើកសម្ពោធនិងប្រកាសជាសាធារណៈ។ ទន្ទឹមនឹងនោះ បែរជាអំពើពុករលួយរបស់គាត់ ត្រូវបានគាំទ្រដោយប្រជាជនថៃក្នុងវណ្ណៈក្រីក្រ វណ្ណៈកសិករ (ពួកអាវក្រហម) គាំទ្រយ៉ាងខ្លាំងក្លាទៅវិញ។ ហេតុអ្វី? សូមប្រិយមិត្តរកអានសៀវភៅវិភាគនយោបាយអន្តរជាតិ ក្នុងតំបន់អាស៊ី ដែលមានបោះពុម្ពដាក់លក់នៅតាមបណ្ណាគារជាច្រើននៅកម្ពុជា ទាំងភាសាខ្មែរ និងបរទេស។
សរសេរដល់ត្រឹមណេះ ខ្ញុំដឹងថា បើមាននរណាម្នាក់ក្នុងចំណោមអ្នកប្រព្រឹត្តបានឃើញអត្ថបទមួយនេះ ក្នុងទំព័រនេះ ពួកគេនឹងមិនសប្បាយចិត្តទេ ព្រោះថា អំពើកេងប្រវញ្ចរបស់ពួកគេ កំពុងត្រូវបានមនុស្សម្នាក់ឬច្រើននាក់ទៀត បានយល់ និងកំពុងពន្យល់អ្នកដទៃឱ្យបានយល់ជាបន្ត។ ពួកគេ អាចនឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើមនុស្សក្នុងសង្គមយល់ដឹងកាន់តែច្រើន និងលែងមានអ្នកគោរពកោតក្រែង។
សូមបងប្អូន ភ្ញាក់រឭកបន្តិច ហើយចាំទុកឱ្យជាប់ក្នុងសតិសម្បជញ្ញៈថា “ប្រសិនបើយើងនិយាយទៅត្រូវហើយ សូមកុំឈប់និយាយ” ប្រសិនបើ “និយាយត្រូវ គឺត្រូវតែនិយាយ” ចំណែកអ្នកឃាត់ឃាំងមិនឱ្យយើងនិយាយ គឺជាមនុស្សក្នុងក្រុមនៃបញ្ជីខ្មៅ និងជាសត្រូវរបស់សភាវៈល្អក្នុងសង្គម។

លឹម វិរិយា