(បទ៧ព្យាង្គ)
០១. សង្គ្រាមឈ្ងៀមដី ព្រៃឆេះខ្ទេច
ជើងត្បូងកើតលិច រេចគ្មានសល់
ជីវិតហិនហោច ល្អោចរចល់
សញ្ជឹងអស់កល សល់តែឆ្អឹង។
០២. គ្រាប់បែកបាញ់ប្លោង កោងជើងមេឃ
មនុស្សសត្វនឿយពេក ដេកទទឹង
ឈាមក្រហមពោរ ជោរតាមស្ទឹង
ហូរដាបក្លាយបឹង ថ្លឹងតែសព។
០៣. សំឡេងយន្តដែក រហែកមេឃ
រំពងខ្លាំងពេក ស្លេកសន្លប់
សម្លឹងទៅឆ្ងាយ ស្ដាយកំណប់
ខំរកខំកប់ ទ្រព្យសង្ឃឹម។
០៤. រូងភ្នំដីស្អិត ឥតអាសូរ
សម្រែកទ្រហោរ ផ្គរគ្រឹមៗ
ជម្រកបាក់ធ្លាយ រលាយធ្នឹម
ទឹកភ្នែករឹមៗ ហូរលាយឈាម។
០៥. ឈឺចាប់ច្បាប់ខ្លះ ផ្លាស់ក្រឡាច់
ក្រឡាប់ផ្ងារកាច់ ក្បាច់ឈ្លើងទាម
លុបសន្តិភាព ធៀបកូនចៀម
ប្រកាសសង្គ្រាម ត្រៀមយកជ័យ។
០៦. តាមពិតលើកទង់ រង់ចាំស្លាប់
អ្នកស្លន់បន់ច្បាប់ ត្រាប់ខុសន័យ
ក្រហមឬខៀវ គង់តែក្ស័យ
ផ្នូរមាសផ្នូរដី សុទ្ធតែខ្មោច។
០៧. ខំសាងកេរ្តិ៍ឈ្មោះ ពីរោះក្ដាត់
បែររលាយបាត់ ខ្ចាត់ខ្ចាយល្អោច
ព្រោះតែតណ្ហា ដុតកម្លោច
ឱ្យឆេះខ្មៅរោច ដូចនរក។
០៨. ពាក្យ “សន្តិភាព” ប្រៀបដុំមាស
គេយកថែមក្បៀស កៀសចូលភក់
តាមពិតសង់គុក ទុកជ្រលក់
លាបពណ៌ដោយជក់ពួកទេព្ដា។
០៩. អ្នកប្រាជ្ញបណ្ឌិត ងងឹតឈឹង
ជីវិតថ្មើរហ្នឹង នៅឯណា?
បាត់ឈ្មោះបាត់រូបពីតម្រា
សេចក្ដីថ្លែងការណ៍ គេកឹបទុក។
១០. ពាក្យ “សន្តិភាព” រៀបពេញថ្នល់
ខ្លះទូលលើកកល់ ពេញបន្ទុក
ខ្លះលាតត្រដាង ឆ្កាងក្នុងគុក
ខ្លះយំចេញមុខ ស្រែកទ្រហឹង។
(បទកាកគតិ)
១១. បើគិតឱ្យជ្រៅ គិតយូរៗទៅ
ច្បាស់ជាអាចថ្លឹង ថាសន្តិភាព
ស្ងាត់ច្រៀបល្អម្ល៉ឹង មិនមែនក្ដៅតឹង
ដូចគេប្រឹងទប់។
១២. ពាក្យ “សន្តិភាព” បើគិតប្រៀបធៀប
រៀបតាមគម្រប់ គឺជាឋានស្ងប់
ដណ្ដប់ពិភព លោកាដែលគ្រប់
ថ្ងៃយប់សុខសាន្ត។
១៣. សន្តិភាពពិត មិនមែនងងឹត
ជាភពសម្រាន្ត សម្រាករស់ស្រួល
គ្មានអ្នកផ្ដួលច្រាន ជីវិតប៉ុន្មាន
ឆ្លងបានមង្គល។
(បទព្រហ្មគីតិ)
១៤. “សង្គ្រាម” ពាក្យពីរម៉ាត់
តែខ្ចាយខ្ចាត់ ឆ្វាត់បំពុល
សម្លាប់មិនឱ្យសល់
រលាយវ៉ល់ ដល់ផែនដី។
១៥. ឯពាក្យ “សន្តិភាព”
បីមាត់ប្រៀបធៀបនឹងន័យ
ដែលសេសសល់អាល័យ
ពេញហឫទ័យនៃជីវិត។
១៦. សន្តិ និង សង្គ្រាម
សុទ្ធតែត្រៀមប្ដូរគំនិត
អ្នកស្លាប់លែងបានគិត
អ្នករស់ពិតរឹតតែខ្វល់។
១៧. សន្តិ និង សង្គ្រាម
ស្លាកពេញនាមដែលគេពាល់
ពេលពោលពំនោលដល់
ដឹងកិច្ចកល ស្គាល់ការណ៍ពិត។
១៨. សន្តិ និង សង្គ្រាម
ដូចព្រះរាម និងអមិត្រ
ប្រយុទ្ធដណ្ដើមឫទ្ធិ
ប្រជែងមិត្ត ខិតទង់ជ័យ។
១៩. សន្តិ និង សង្គ្រាម
ឆេះហើយក្រៀម បៀមទុក្ខភ័យ
ឈ្នះចាញ់នៅតែក្ស័យ
ល្អក់ចង្រៃរយពាន់ឆ្នាំ។
(បទភុជង្គលីលា)
២០. ចង់រស់ក្នុងសន្តិភាព
មិនបាច់រាប់រៀប ធៀបរឿងបនបក្ស។
២១. ពាក្យសន្តិភាពប្រត្យក្ស
ក្លាយរឿងហាស្លាក់ ខ្ជាក់ទៅវាស្លែង។
២២. សន្តិភាពមិនសម្ដែង
អាចឃើញជាក់ស្ដែង ពេលមនុស្សរស់ស្ងប់។
២៣. មិនបាច់អរគុណយកគាប់
យកគួរមកទ្រាប់ ជាប់ឈ្មោះពួកទ្រ។
២៤. ក្រាបលូនដូចល្មូនក្រោមផ្នូរ
សម្រែកជយោ! ហ៊ោដូចទ័ពខ្មោច។
២៥. ស៊ីពែ ទ្រគេ ឡើងហោច
កេរ្ដិ៍ឈ្មោះធ្លាក់ល្អោច បោចស្មៅអង្កៀម។
២៦. ខំប្រឹងរក្សាទំនៀម
ទម្លាប់បឺតឈាម អ្នកតូចទន់ខ្សោយ។
២៧. ហើយតាំងមកស្រែកដង្ហោយ
ចុះចែកអំណោយ ពាក់ស្លាកអ្នកល្អ។
២៨. តាមពិតជំរិតជាន់ក
សម្លាប់អ្នកក្រ តាមក្បួនមេបក្ស។
២៩. លើកទង់បង្អួតមនុស្សខ្វាក់
អ្នកភ្លើក្រោមថ្នាក់ បាក់បបខ្លបខ្លាច។
៣០. តាមពិតសុទ្ធតែបិសាច
សន្តិភាពកាច ខ្លាចអ្នកចេះដឹង។
៣១. ន័យសន្តិភាពបែបហ្នឹង
មិនបាច់ខំប្រឹង រក្សាទុកទេ។
៣២. ព្រោះវារលួយខុសគេ
ពុកផុយដាច់ថ្នេរ គេខ្ពើមរអើម។
៣៣. ដឹងខ្លួនសូមឆាប់ចាប់ផ្ដើម
ប្រោះទឹកសន្សើម ផ្សើមដីអ្នកស្រែ។
៣៤. នឹងអាចមានឈ្មោះរស់ក្បែរ
សន្តិភាពដែរ ថែថួនអ្នកស្រុក។
៣៥. សូមឈប់បំផ្លាញត្បាញចុក
វិលកសាងស្រុក រស់សុខនឹងគ្នា។
៣៦. សូមឈប់ចាប់ចងសងពៀរ
ព្យាបាទតគ្នា តជាសន្ដាន។
៣៧. ពូជអ្នករស់បានប៉ុន្មាន?
គង់រលាយប្រាណ សម្រាន្តក្រោមដី។
៣៨. ម្ល៉ោះហើយគួរមានអភ័យ
សន្ដោសប្រណី ភ្ជាប់ន័យសន្តិ។
៣៩. ឈប់ដើរតួដូចអស្មិ
មានះចចេស រឹងរូសទ្រុស្ដសីល។
៤០. សូមឈប់បំផ្លាញផ្ដាច់ផ្ដិល
សង្គមហោចរឹល ដោយតណ្ហាអ្នក។
៤១. សន្តិភាព គឺត្រជាក់
មិនមែនអន្ទាក់ ចាប់គ្នាប្រហារ។
៤២. សន្តិភាព គឺថ្លៃថ្លា
មិនមែនមរណា ងាប់ដូចខ្មោចសត្វ។
៤៣. សន្តិភាព គឺភពស្ងាត់
គ្មានពាក្យកម្ចាត់ ឆ្វាត់ឆ្វែងទ្រគ្នា។
៤៤. សន្តិភាព គឺរមនា
គ្មានទុក្ខវេទនា រស់ជាសុខហោង។
វិរិយា🌸
ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា គ.ស.២០២១

អរគុណណាស់អ្នកគ្រូ សំរាប់កំណាព្យមានន័យ បង្ហាត់ បង្ហាញ រំលឹក។
LikeLiked by 1 person