ល្បើកម្នាងហ្វេសប៊ុគ (Facebook)

(កំណាព្យបទកាកគតិ)

១) នេះនឹងថ្លាថ្លែង រឿងគេរឿងឯង
ចែងឱ្យចេញស្នាម រឿងម្នឹះក្រោមមេឃ
រែកពន់រឿងកាម រហែករហាម
ប្ដូរសំរាមជុគ។

២) អ្នកខ្លះឥតដេក យប់ឡើងទឹកភ្នែក
ហូរជ្រែកហ្វេសប៊ុគ ដ្រាម៉ាកក្រើក
របើកចេញមុខ រាយរាប់រឿងទុក្ខ
រកទំនុកធូរ។

៣) អាស្រូវក្នុងផ្ទះ បែរយកមកជះ
ហៀរហូរតាមលូ ក្លិនស្អុយឆ្អេះឆ្អាប
ហូរដាបយូរៗ ហេតុចង់បន្ធូរ
បែរបន្ថយថ្លៃ។

៤) តិះដៀលរាលបែក ចាក់រុកហួរហែក
បែកខ្ទេចចង្រៃ កេរ្តិ៍ឈ្មោះធ្លាក់ទាប
អន់រាបដូចចៃ ជេរគេហាលថ្ងៃ
ខៃសារគម្រក់។

៥) ចាស់តែអាយុ ចេះត្រឹមសាធុ
ពីឋាននរក រស់ក្នុងខ្ទុះឈាម
បៀមតែលាមក ខួរក្បាលងាប់ស្ទក់
គក់ចេញដង្កូវ។

៦) រឿងម្នឹះឫសអន់ ភ័យនឹងផ្គរលាន់
ស្លន់ស្លោពេញផ្លូវ គួរឱ្យអាសូរ
គ្រប់ខួបរដូវ មើលយូរៗទៅ
នៅតែខ្លោចផ្សា។

៧) ខ្លះមុខស្អាតបាត ម្សៅក្រែមវិញប៉ាត
ស្អាតដូចទេវតា បង្ហោះហ្វេសប៊ុគ
លាយទំនុកសារ អានរួចកាលណា
ភាយអវិជ្ជា។

៨) ល្អរូបល្អរាង រស់ដូចអ្នកម្នាង
ទៀងតែអួតគ្នា អួតរឿងបានប្ដី
សេដ្ឋីទ្រព្យា មិនដែលភាវនា
រៀនធម៌សុខសោះ។

៩) កាព្យខ្លីន័យខ្លោច សរសេរផ្ញើខ្មោច
ឱ្យល្អោចអាឡោះ អ្នកណាមានខ្លួន
ឈប់ពួនបង្ហោះ សូមកែកុនដោះ
ស្រាយចំណងកម្ម។

១០) សូមអ្នកគិតផង បញ្ហាអ្នកចង
អ្នកត្រូវតែចាំ គិតគូរដោះស្រាយ
សស្រាក់សស្រាំ ឈប់ស្រោចតាមកាំ
ជណ្ដើរហ្វេសប៊ុគ។

១១) សូមអ្នកពិច័យ ពិនិត្យកែខៃ
ច្នៃឈប់រានរុក ឈប់ផ្សាយបំពុល
គេឯងចេញមុខ រឿងសុខរឿងទុក្ខ
កុំយកមកវះ។

១២) បើចង់ពិន័យ រឿងប្រពន្ធប្ដី
សូមស្ដីក្នុងផ្ទះ បាចឱ្យក្អែកចឹក
ក្លិនស្អុយសាយជះ ចុងក្រោយរយះ
ធ្លាយកេរ្តិ៍គ្រួសារ។

១៣) បើចង់ថ្លៃថ្នូរ រស់រកពុទ្ធោ
កុំហូរបាតផ្សារ ហៀរលាយសំរាម
ស្រមាមក្រៃណា ជាប់រោគមរណា
ប្រហារឱ្យក្ស័យ។

១៤) ឈប់ឈ្លក់នឹងកាម តណ្ហារហាម
ឆេះតាមជើងដៃ ឆេះរាលដល់ភូមិ
នាំគេចង្រៃ ហុយផ្សែងយប់ថ្ងៃ
អាល័យភ្លើងទោស។

១៥) ស្ដាប់ធម៌ខ្លះទៅ ក្រែងអាចនាំផ្លូវ
លែងសូវបន្ទោស ខ្លាំងខាងបញ្ចោរ
ចំអាសចំអូស អាចប្រាសអាយូស
ជាប់ទោសយូរឆ្នាំ។

១៦) សូមស្លេះល្បើកខ្លី ល្បើកម្នឹះប្រុសស្រី
ដែលល្បីរងកម្ម ល្បីខាងហែកកេរ្តិ៍
រលួយចិញ្ច្រាំ អ្នកស្រុកជួយចាំ
ឆ្មាំជាន់ពន្លិច។

១៧) សូមឱ្យល្បើកនេះ បានដល់អ្នកត្រិះ
ចេះរិះបែរគេច រឭកភ្ញាក់ខ្លួន
ភ្ងារឡើងលែងធ្មេច ដឹងថ្ងៃរះលិច
ជារឿងធម្មតា។

១៨) សូមបានចេះរស់ ហាលែងទ្រគោះ
រស់ដោយសម្មា ត្រេកអរនឹងស្ងប់
កប់ចិត្តមេត្តា នឹងផ្សាយសុខា
ជាអង្វែងហោង!
———–
វិរិយា🌸

ថ្ងៃព្រហស្បតិ៍ ១កើត ខែ បឋមាសាឍ (អាសាធតូច) ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា គ.ស. ២០២១

Leave a comment