ខ្ញុំចាស់ទុំហើយ…

VIRIYA in Indonesia

កាលពីក្មេង ខ្ញុំឆោតណាស់! ខ្ញុំមិនដែលខ្វល់ថា ជីវិតជាអ្វី រស់នៅ ដកដង្ហើមរាល់ថ្ងៃដើម្បីអ្វី ខំរៀនសូត្រដើម្បីអ្វី។ និយាយតាមត្រង់ចុះ ខ្ញុំមិនដែលខំប្រឹងរៀនទេ ថ្វីត្បិតតែខ្ញុំចូលចិត្តអានសៀវភៅតាំងពីអាយុ ៩ឆ្នាំ ចេះនិពន្ធកំណាព្យតាំងពីអាយុ ១២ឆ្នាំ ទាំងនោះ មិនមែនមកពីសមិទ្ធផលខំរៀនទេ មកពីខ្ញុំធ្វើរឿងដែលខ្ញុំចូលចិត្តតែប៉ុណ្ណោះ។ ខ្ញុំមិនដឹងថា ពាក្យ “ខំរៀន” មានន័យថាម៉េចឲ្យប្រាកដ។ ដឹងច្បាស់ត្រឹមតែថា ចូលចិត្តអានសៀវភៅដាច់យប់ទាំងខ្លួននៅតូចតែមួយសោះ។ ហើយខ្ញុំចាត់ទុកថា ការអាននោះ ជាការកម្សាន្តសម្រាប់ខ្លួនឯង។ ខ្ញុំអានមិនរើសមុខសៀវភៅទេ សូម្បីតែសៀវភៅនយោបាយដែលរដ្ឋាភិបាលហាមឃាត់ ក៏ប្រឹងអាន ហើយអានទាំងមិនសូវយល់ រហូតដល់ចប់នឹងគេនឹងឯងដែរ។

លុះឈានចូលដល់វ័យជំទង់ ខ្ញុំក៏បានទៅបណ្ណាគារ ទិញសៀវភៅប្រលោមលោកបែបស្នេហា ជាច្រើនក្បាល ដើម្បីទុកអានលេងថ្ងៃចុងសប្ដាហ៍។ ស្រាប់តែ មានរឿងនឹកស្មានមិនដល់មួយកើតឡើង។ ម្ដាយខ្ញុំ បានចូលមកក្នុងបន្ទប់របស់ខ្ញុំ ឃើញសៀវភៅទាំងនោះ គាត់បានខឹងសម្បាយ៉ាងខ្លាំង។ ម៉ាក់បានដកហូតយកសៀវភៅទាំងនោះចេញពីភាពជាកម្មសិទ្ធិរបស់ខ្ញុំ ហើយស្ដីបន្ទោសពាក្យពេចន៍ជាច្រើន ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលស្រឡាំងកាំង។

ការចូលចិត្តអានសៀវភៅ វាមិនខុសឆ្គងទេ តែអាយុកូន មិនគួរអានពពួកសៀវភៅប្រភេទនេះឡើយ

សំនួនស័ព្ទអ្នកម្ដាយខ្ញុំ ធ្វើឲ្យខ្ញុំនឹកតូចចិត្ត និងខឹងត្រលប់ខ្លះដែរ ព្រោះវាហាក់មិនសមហេតុផលសោះ ដែលគាត់មកដណ្ដើមយកសៀវភៅរឿងស្នេហាដែលខ្ញុំកំពុងតែចង់ដឹងចង់យល់នោះចេញទៅទាំងទទឹងទិសបែបនេះ។ អ្នកម្ដាយខ្ញុំបានបន្ទរពាក្យប្រៀនប្រដៅប៉ុន្មានប្រយោគទៀត មុននឹងគាត់ចាកចេញទុកឲ្យខ្ញុំដេកយំម្នាក់ឯង

មកពីម៉ាក់ស្រលាញ់កូន ទើបម៉ាក់មិនឲ្យកូនអានសៀវភៅទាំងនេះ! សៀវភៅនេះ នឹងធ្វើឲ្យកូនដេករវើរវាយ ឆ្កួតតាមអារម្មណ៍អ្នកនិពន្ធ ហើយរៀនលែងចូល! ធំឡើង កូននឹងយល់

ថាម៉េច? អាយុ ១៦ឆ្នាំហើយ នៅថាខ្ញុំមិនទាន់ធំទៀត? ខ្ញុំចាប់ផ្ដើមគិតថា ម្ដាយខ្ញុំកាច តឹងតែង ហួសហេតុ និងហាក់ដូចជាជ្រុលបន្តិចក្នុងរបៀបអប់រំកូន។ ហឹស! ម៉ែគេ បន់ឲ្យតែកូនគេអានសៀវភៅ ម៉ែឯងវិញ អាកូនខំសន្សំលុយខ្លួនឯងទៅទិញសៀវភៅមកអានហើយ ស្ដីបន្ទោសខ្លាំងៗ ធ្វើមើលតែទោសធ្ងន់ណាស់។ ប្រហែលជាបណ្ដាលមកពីខ្ញុំត្រូវបានអ្នកម្ដាយតាមដាន ត្រួតពិនិត្យជាប្រចាំ ទើបខ្ញុំក្លាយជាមនុស្សមិនសូវមានមនោសញ្ចេតនាផ្អែមល្ហែមច្រើនដូចគេ។

Viriya Lim in the U.S.A Embassy

ត្រដាងបេះដូងខ្ញុំដោយស្មោះទៅចុះ អង្កាល់ពីក្មេង ខ្ញុំមិនចូលចិត្តសកម្មភាពបែបរ៉ូមែនទិចទេ រហូតដល់ពេលមួយនោះ ខណៈដែលខ្ញុំរៀននៅសាកលវិទ្យាល័យ មានគ្រូប្រុសម្នាក់ បានសរសេរសំបុត្រស្នេហា កឹបជាមួយក្រដាសកំណែប្រលងប្រចាំខែដែលចែកត្រលប់មកឲ្យនិស្សិតវិញ។ ខ្ញុំមកផ្ទះ បើកឃើញហើយរន្ធត់ញ័រដៃញ័រជើង ហើយចាប់ផ្ដើមយល់ថា ការបង្កើតភាពភ្ញាក់ផ្អើលដល់នរណាម្នាក់ ជាទង្វើល្មើស ព្រោះវាបានទន្ទ្រានចូលទៅជ្រៅក្នុងប្រអប់បេះដូងរបស់គេ ទាំងដែលគេមិនបានត្រៀមខ្លួនជាមុន។ ហើយអារម្មណ៍នោះ វាដុតរោលរាល ក្លាយជាមនុស្សរវើរវាយ ដូចម្ដាយខ្ញុំប្រដៅមិនខុសមែន។ ទម្រាំតែខ្ញុំអាចសម្រួលស្ថានការណ៍មកបានដូចដើម ខ្ញុំត្រូវចាយពេលវេលាអស់ជិត១ឆ្នាំ។ សួរថា តើខាតពេលប៉ុណ្ណា បើសិនជាមួយឆ្នាំនោះ សុខភាពផ្លូវចិត្តយើងល្អប្រសើរក្នុងការបំពេញបេសកកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងជីវិតយុវវ័យរបស់ខ្ញុំ គ្មានអ៊ីនធើណិត គ្មានកុំព្យូទ័រសម្បូរបែប គ្មានទូរស័ព្ទឆ្លាតវៃទេ គ្រប់យ៉ាងប្រព្រឹត្តទៅតាមវិថីធម្មជាតិបុរាណៗសុទ្ធតែម្ដង។ គ្រប់ពេលដែលខ្ញុំចង់បញ្ចេញអារម្មណ៍ ខ្ញុំមិនដឹងត្រូវទៅរកអ្នកណាដើម្បីពិភាក្សាគ្នាឡើយ ព្រោះម្ដាយខ្ញុំបានប្រដៅថា កូនស្រីមិនត្រូវដើរហើររហេតរហូតនៅផ្ទះគេ ឬ ទីសាធារណៈក្នុងរយៈពេលយូរៗឡើយ។ ក្រៅពីទៅផ្ទះ បុប្ផានៅផ្លូវលេខ២កន្លះ ជិតផ្សារណាត់ ក្រៅពីទៅផ្ទះ កណ្ណារី នៅភូមិកាប់គោ ក្រៅពីទៅផ្ទះផណ្ណា ផ្លូវលេខ៣ក្បែរគ្នានោះ ខ្ញុំមិនដឹងជាត្រូវទៅណាទៀតទេ។ ម្លោះហើយ ខ្ញុំជ្រើសរើសការសរសេរសៀវភៅកំណត់ហេតុ ជាវិធីបញ្ចេញអារម្មណ៍ប្រកបដោយប្រសិទ្ធភាពបំផុត។ ខ្ញុំសរសេរ វែងអន្លាយដូចគេនិពន្ធប្រលោមលោកតភាគអីចឹង។ អស់សៀវភៅ១ក្បាល ចូលដល់១ក្បាលទៀត មិនដាច់ រហូតដល់រៀនចប់បរិញ្ញាបត្រនិងបន្តថ្នាក់អនុបណ្ឌិត។ រៀនថ្នាក់ខ្ពស់នោះ ពេលវេលាហាក់ចង្អៀតខ្លាំងដោយសារតែកិច្ចការស្រាវជ្រាវគរដូចភ្នំ។ ខ្ញុំបានផ្អាកឈប់សរសេរកំណត់ហេតុ ដោយងាកមកបញ្ចេញអារម្មណ៍ក្នុងអ៊ីនធើណិតវិញម្ដង។ ហាហាហា! មិនមែនឈប់ drama ទេណា គឺគ្រាន់តែបានធ្វើបន្ទាន់សម័យ (update) តាមបច្ចេកវិទ្យាតែប៉ុណ្ណោះ។

ដំបូងៗឡើយ ខ្ញុំមិនទាន់ចេះគ្រប់គ្រងផ្លូវចិត្តខ្លួនឯង ខ្ញុំតែងតែសរសេរចេញទាំងអស់នូវអារម្មណ៍ សប្បាយរីករាយ កើតទុក្ខ អន់ចិត្ត តូចចិត្ត រំភើប ភ្ញាក់ផ្អើល រិះគន់អ្នកដទៃ … ។ល។ និង ។ល។ អាយុកាន់តែច្រើន គ្មានម្ដាយមកនៅចាំអប់រំដូចពីក្មេងទៀតឡើយ ព្រោះក្នុងក្រសែភ្នែកអ្នកម្ដាយ គឺខ្ញុំធំហើយ។ ក្រោយម្ដាយខ្ញុំចែកឋានទៅ ក្នុងឆ្នាំ ២០១៤ ខ្ញុំស្រាប់តែក្លាយជាមនុស្សម្នាក់ថ្មីស្រឡាង។ ខ្ញុំប្ដូរខ្លួនឯង ពីមនុស្សឆេវឆាវ មកជាមនុស្សចេះអត់ធ្មត់ ស្ងប់ស្ងាត់ជាងមុន ពិចារណារឿងរ៉ាវបានជ្រៅនិងច្បាស់ជាងមុន សម្រេចចិត្តធ្វើរឿងរ៉ាវជាច្រើនបានល្អប្រសើរជាងមុន ដើរនៅលើផ្លូវមួយដែលពោរពេញដោយគុណតម្លៃច្រើនជាងមុន។ ខ្ញុំចាប់ផ្ដើមស្គាល់ខ្លួនឯងកាន់តែច្បាស់ឡើង ភ្លឺស្វាងឡើង និងនៅតែបន្តស្វែងយល់ពីខ្លួនឯងមិនឈប់លុះឥលូវ។

ពេលនេះ ខ្ញុំប្រែប្រួលយ៉ាងសម្បើម “ខ្ញុំចាស់ទុំហើយ!”

សូមអរគុណអ្នកម្ដាយដែលជួយតម្រង់ផ្លូវជីវិតកូនឲ្យបានដើរលើវិថីស្អាតស្អំ ប្រកបដោយគុណធម៌ ចរិយាធម៌ និងសេចក្ដីថ្លៃថ្នូរអស់មួយជីវិត!


លឹម វីរីយ៉ា

ថ្ងៃទី ២៦ ខែធ្នូ គ.ស ២០១៨

 

 

Leave a comment