ព្រឺត្រជាក់ ធ្លាក់វាយោ ស្នូររៃយំ
ខ្យល់រណ្ដំ ចំបេះដូង ឈោងចាប់ផ្កាយ
ដូចសុបិន ក្លិនក្រអូប ស្រូបមិនណាយ
ទោះនៅឆ្ងាយ ក្លាយបង្កើយ ខ្នើយជីវិត។
កើតមួយជាតិ ធាតុមួយចាន បានមួយចត់
ហោះហើរហត់ កត់គិតគូរ ធូរដួងចិត្ត
ដឹងអស់ហើយ ឆ្លើយឲ្យត្រូវ នៅយកក្រិត្យ
រស់សាងមិត្ត រិតសំណាង អាងមង្គល។
ស្មោះនឹងព្រះ ឈ្នះអស់មារ ជាសច្ចៈ
កុំអួលអាក់ ស្លាក់ពាក្យពិត រិតអំពល់
មេឃនិងដី ស្រីសូមផ្ដាំ ចាំហើយយល់
ល្បិចពិសពុល គល់មានឫស ម្នឹះមានរោគ។
ពេលនេះគិត ចិត្តអាឡោះ អស់អាល័យ
ភពស្រ្តី ល្បីសុះសាយ ឆ្ងាយលើលោក
មិនបានអួត ឆ្កួតតែឯង ថ្លែងវិយោគ
ម្នឹះស្មោកគ្រោក រកទំនុក គុកជីវិត។
សូមបួងសួង លួងឥសូរ ថ្ងូរឥសី
ទិសប្រាំបី ន័យប្រាំបួន ពួនព្រមបិទ
សូមព្រះឥន្ទ្រ ប៉ិនសណ្ដោស ប្រោសអាណិត
ពរអម្រឹត ដិតដីខ្មែរ ថែអង្គរ។
យប់នេះខ្ញុំ សូមផ្ញើសារ ចារដោយមន្ត
សូមបន្ទន់ លន់បន្ទាប រៀបបន្ទរ
រំដួលផ្កា ប្រាថ្នាសូម លោមភ្លៀងផ្គរ
ធ្លាក់ហែហូរ ជោរពេញស្រែ ថែពេញស្រូវ។
ស្អែកថ្ងៃរះ ជះឆព្វណ្ណ ជាន់ឆើតឆាយ
ឆើតពណ្ណរាយ លាយរង្សី សិរីនៅ
ដូចពពក ជ្រកពពូន លូនហោះហៅ
បាននាំផ្លូវ ទៅសួគ៌ា ជានិរន្តរ៍។
—–
លឹម វីរីយ៉ា![]()
ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា គ.ស ២០១៨
