ហាងទំនិញរួចពន្ធ (Duty-free shops or stores) គឺជាហាងលក់រាយ ដែលត្រូវបានលើកលែងពន្ធគយ និងពន្ធដារ សម្រាប់រាល់ទំនិញទាំងឡាយណាដែលដាក់លក់នៅក្នុងស្រុក ជាថ្នូរទៅនឹងការស្នើសុំឱ្យលក់ជូន សម្រាប់តែភ្ញៀវទេសចរបរទេស ឬអ្នកដំណើរបរទេស ដែលក្រោយពេលទិញរួច ពួកគេនឹងយកទំនិញនោះចេញទៅក្រៅប្រទេស។

ទំនិញនានាអាចដាក់លក់ក្រោមលក្ខ័ខណ្ឌ័លើកលែងពន្ធបាន អាស្រយ័ទៅតាមភាពខុសគ្នានៃយុត្តាធិការ រួមទាំងវិធីសាស្រ្តនៃការលក់ និងដំណើរការគណនាពន្ធ ឬ ការសងត្រលប់វិញនូវផ្នែកណាមួយនៃពន្ធ។
ទោះជាយ៉ាងនេះក្ដី សម្រាប់ការលក់ដូរនៅក្នុងប្រទេសខ្លះ ត្រូវបានរដ្ឋាភិបាលចាប់បង្ខំឱ្យបង់ពន្ធទៅលើទំនិញដែលនាំចូលមកក្នុងប្រទេសជាតិខ្លួនឯង បើទោះបីជាអតិថិជននោះបានទិញទំនិញពីហាង Duty-Free Shop នៅបរទេសមកក៏ដោយ។ ប៉ុន្តែទង្វើនេះវាមិនជាអចិន្ត្រៃយ៍ទេ។ មាននយ័ថា ប្រសិនបើជារដូវកាលណាមួយ ប្រទេសជាតិកំពុងតែជោរជន់ផលិតផលណាមួយនោះ ហើយបែរជាប្រជាជនខ្លួនឯងងាកទៅទិញ ផលិតផលស្រដៀងគ្នា ឬដូចគ្នាពីបរទេសមកវិញ ដូច្នេះជននោះ ត្រូវតែបង់ពន្ធក្នុងអត្រាគណនាដ៏ខ្ពស់មួយដល់ប្រទេសជាតិ។

ឧទាហរណ៍៖ ប្រទេសថៃនារដូវកាលនេះ កំពុងតែប្រមូលភោគផលស្រូវទូទាំងប្រទេស មាននយ័ថា ស្រូវក្នុងប្រទេសថៃកំពុងតែជន់ច្រើនយកទៅណាមិនអស់ ស្រាប់តែខណៈនោះ មានជនជាតិថៃម្នាក់ មកលេងប្រទេសកម្ពុជា ដោយពាំនាំយកទៅវិញនូវស្រូវអង្ករជាច្រើនគីឡូជាប់ខ្លួនចូលទៅក្នុងប្រទេសជាតិខ្លួនឯងវិញ ដោយសារតែគិតថា អង្ករនៅស្រុកខ្មែរលក់ថោកជាងក្នុងស្រុកថៃ។
ប៉ុន្តែទីបំផុតនៅពេលឆ្លងដែនត្រលប់ចូលទៅក្នុងប្រទេសថៃវិញ ជនជាតិថៃនោះ(ឬអ្នកស្នាក់នៅក្នុងប្រទេសថៃជាអចិន្ត្រៃយ៍) ត្រូវបាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែន ស្ទាក់ទុកដើម្បីចាប់ឱ្យបង់ពន្ធជូនរាជការថៃក្នុងតម្លៃមួយដែលខ្ពស់ជាងការទិញអង្ករក្នុងស្រុកថៃទៅវិញ។

គេធ្វើដូច្នេះ ដើម្បីទប់ស្កាត់កុំឲពលរដ្ឋខ្លួនឯងចេញទៅទិញអង្ករនៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឲអង្ករ ក្នុងប្រទេសជាតិកាន់តែជន់ជោរទៅៗ និងរកទីផ្សារមិនបាន។
ផ្ទុយទៅវិញ បើសិនជាក្នុងប្រទេសជាតិ ពេលនោះកំពុងតែខ្វះខាតអង្ករ រដ្ឋាភិបាល នឹងមិនយកពន្ធលើអង្ករដែលនាំចូលពីបរទេសនោះទេ។ សរុបសេចក្ដីទៅ វាជាយុទ្ធសាស្រ្តដើម្បីជួយប្រទេសជាតិខ្លួនឯងរៀងៗខ្លួន ទាំងរដ្ឋាភិបាលខ្មែរ និងថៃ។


ហាងទំនិញរួចពន្ធ (Duty-Free Shop ឬ Duty-Free Store) តែងតែត្រូវបានសាងសង់នៅតាមតំបន់ព្រំដែនអន្តរជាតិ ឬ កំពង់ផែអន្តរជាតិ ឬ អាកាសយានដ្ឋានអន្តរជាតិ ឬ ស្ថានីយអយស្មយ័យានអន្តរជាតិ ជាដើម។ ទំនិញរួចពន្ធ ក៏អាចត្រូវបានគេលក់ដូរនៅក្នុងយន្តហោះ ឬកប៉ាល់ដឹកអ្នកដំណើរឆ្លងដែនផ្សេងៗផងដែរ ដោយក្នុងនោះអ្នកទិញត្រូវបង្ហាញនូវលិខិតឆ្លងដែនដែលបញ្ជាក់ថាខ្លួនជាជនបរទេសពិតប្រាកដ។


មូលហេតុដែលគេមិនលក់ទំនិញរួចពន្ធទាំងនោះទៅកាន់ប្រជាជនខ្លួនឯងនៅក្នុងប្រទេស ព្រោះថា៖ រាល់មុខទំនិញនានាដែលត្រូវបានដាក់លក់ក្នុងហាងទំនិញរួចពន្ធ មានតម្លៃទាបជាងទីផ្សារទូទៅក្នុងស្រុក ដែលជាហេតុបណ្ដាលឲប្រជាជនក្នុងស្រុកត្រូវដូរទិសដៅក្នុងការទិញទំនិញ ដោយងាកទៅទិញក្នុងហាងទំនិញរួចពន្ធនោះវិញ។ ដូច្នេះ អ្នកលក់ដូរក្នុងទីផ្សារធម្មតានឹងលក់លែងដាច់។ អីចឹងទេ ការរាំងខ្ទប់ មិនអនុញ្ញាតឱ្យប្រជាជនក្នុងស្រុកមានសិទ្ធិទិញ គឺដើម្បីការពារផលប្រយោជន៍អ្នកលក់ផ្សេងទៀតក្នុងទីផ្សារធម្មតាកុំឱ្យដួលរលំ។

អាកាសយានដ្ឋានដែលលក់ទំនិញរួចពន្ធប្រកបដោយវិសាលភាពធំជាងគេក្នុងលោកនេះ គឺនៅទីក្រុងឌូបៃ (Dubai Duty Free) នៃប្រទេសអារ៉ាប់រួម ដោយក្នុងនោះការលក់រយៈពេល១០ខែ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០១៤) មានទំហំជាទឹកប្រាក់ USD 1.53 កោដិ គឺស្មើនឹង 5% គ្របដណ្ដប់លើការលក់ទំនិញរួចពន្ធទូទាំងពិភពលោក។
មានហាងទំនិញរួចពន្ធខ្លះប្រតិបត្តិនៅចំកណ្ដាលមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានទីតាំងនៅឆ្ងាយពីព្រលានយន្ដហោះ ឬ ឆ្ងាយពីកំពង់ផែផ្សេងៗ។
ឧទាហរណ៍ នៅប្រទេសជប៉ុន សម្រាប់ភ្ញៀវបរទេសណាដែលមានលិខិតឆ្លងដែនវាយត្រាបញ្ជាក់ថាបានច្បាប់ស្នាក់នៅតិចជាង៦ខែ អាចមានសិទ្ធិទិញទំនិញរួចពន្ធផ្សេងៗបាន។ ហាងទំនិញរួចពន្ធ ដែលធំជាងគេនៅជប៉ុន គឺស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិច Akihabara ក្នុងទីក្រុងតូក្យូ។

នៅប្រទេសថៃ ក៏មានហាងទំនិញរួចពន្ធដ៏ធំមួយឈ្មោះថា The King Power ហើយហាងនេះមានសាខាជាច្រើនក្នុងទីក្រុងបាងកក ដែលនូវរាល់ទំនិញរួចពន្ធផ្សេងៗ ត្រូវបានអតិថិជនជា ភ្ញៀវបរទេស បញ្ជារទិញជាមុន ទើបហាងដឹកជញ្ជូនឱ្យតាមក្រោយ (pre-purchase and deliver) ទៅដល់ព្រលានយន្ដហោះតែម្ដងនៅចំថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ។

នៅប្រទេសហ្វីលីពីន មានអាគារពាណិជ្ជកម្មធំមួយ ឈ្មោះថា “Duty Free Philippines Fiestamall ដែលមានទីតាំងតែបួនប្រាំគីឡូម៉ែត្រប៉ុណ្ណោះពី អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino Airport ហើយវាស្ថិតនៅទល់មុខនឹងអាកាសយានដ្ឋាននោះតែម្ដង។ ទំនិញដែលដាក់លក់ក្នុងអគារ ទំនិញរួចពន្ធនោះ ភាគច្រើនលើសលប់ គឺនាំចូលមកពីបណ្ដាប្រទេសផ្សេងៗជាច្រើន (ជាពិសេសគឺពី អាមេរិក អាស៊ី និង អូស្រ្តាលី) ហើយទំនិញទាំងនោះ គ្មានលក់នៅអគារពាណិជ្ជកម្ម ឬផ្សារទំនើបផ្សេងណាមួយក្នុងប្រទេសហ្វីលីពីនឡើយ។

ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋហ្វីលីពីនខ្លួនឯង (ដែលត្រឡប់មកពីបរទេសវិញ) មិនសូវមានអ្នកខកខានក្នុងការចូលទៅទស្សនា ឬទិញទំនិញ ក្នុងអាគារនេះឡើយ បន្ទាប់ពីដំណើរមកដល់ក្នុងប្រទេសនេះ។ ដើម្បីអាចចូលទៅក្នុងអាគារលក់ទំនិញរួចពន្ធនេះបាន ភ្ញៀវបរទេស ត្រូវបង្ហាញលិខិតឆ្លងដែនជាមុនទៅកាន់ការិយាលយ័ជួរមុខ (Customer Registration Counter) ដើម្បីចុះឈ្មោះ។ ក្រោយចុះឈ្មោះហើយ អ្នកដំណើរបរទេស នឹងទទួលបានកាតមួយសន្លឹកដែលប្រកាសពីសិទ្ធិស្របច្បាប់ក្នុងការទិញទំនិញផ្សេងៗនៅក្នុងអាគារ។
កាលពីអតីតកាល ហាងទំនិញមួយនេះ ទទួលយកតែរូបិយបណ្ណ័ ដុល្លារអាមេរិក និង ពេសូ ហ្វីលីពីន តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ននេះ វាចាប់ផ្ដើមទទួលយករូបិយបណ្ណបរទេសផ្សេងទៀតដូចជា លុយយេន របស់ជប៉ុន ដុល្លារប្រ៊ុយណេ ដុល្លារអូស្រ្តាលី ផោនអង់គ្លេស ដុល្លារកាណាដា ហ្វ្រង់របស់ស្វ៊ីស រីយ៉ាល់របស់អារ៉ាប់រួម លុយឌីណា របស់បារ៉េនី និងលុយបាតរបស់ថៃ។ អត្រាប្ដូរប្រាក់ក៏មានដែរនៅក្នុងអគារបើសិនជាអតិថិជនមានបំណងចង់ដូរប្រាក់របស់ជាតិគេមកកាន់ប្រាក់ពេសូ ហ្វីលីពីន ឬ ដុល្លារអាមេរិក។ ក្រៅពីនោះ កាតឥណទានក៏អាចចាយបានដែរក្នុងការទិញទំនិញនានា។

ចំណែកនៅប្រទេស អូស្រ្តាលីវិញ ហាងទំនិញរួចពន្ធ មាននៅស្ទើរគ្រប់ទីកន្លែង ប៉ុន្តែវាបានរំលាយចោលវិញអស់ក្រោយពីមានការណែនាំស្ដីអំពីច្បាប់ GST (Goods and Services Tax) ក្នុងឆ្នាំ២០០០។ បច្ចុប្បន្ននេះ ហាងទំនិញរួចពន្ធមានតែនៅតាមព្រលានយន្ដហោះតែប៉ុណ្ណោះ។ ជាក់ស្ដែងទៅ អ្នកស្នាក់នៅក្នុងប្រទេស និងភ្ញៀវទេសចរ សព្វថ្ងៃ ត្រូវបានអនុញ្ញាតឱ្យទិញទំនិញ (physical goods) ក្នុងអំឡុងពេល៦០ថ្ងៃមុនថ្ងៃចេញដំណើរត្រលប់ទៅកាន់ប្រទេសខ្លួនវិញ ព្រោះវាត្រូវការពេលវេលាសមល្មមក្នុងការវេចខ្ចប់ទំនិញសម្រាប់ការហោះហើរចេញទៅក្រៅប្រទេស និងដើម្បីមានសិទ្ធិជំទាស់ទៅនឹងការទារឱ្យបង់ពន្ធ GST នៅពេលឆ្លងកាត់កន្លែងពន្ធគយ។ សព្វថ្ងៃនេះ អតិថិជន អាចទិញទំនិញ ហើយយកមកប្រើប្រាស់បានដោយសេរីមុនថ្ងៃចេញដំណើរត្រលប់ទៅវិញ។ វាហាក់ដូចជាបញ្ច្រាសទិសគ្នាទៅនឹងឆ្នាំ២០០០ ដែលពេលនោះ អ្នកទិញ ត្រូវតែវេចខ្ចប់ទំនិញតាមរយៈម្ចាស់ហាងទំនិញរួចពន្ធ ដោយរុំខ្ចប់យ៉ាងល្អស្អាតនិងប្រកបដោយសុវត្ថិភាព ហើយអ្នកទិញនោះគ្មានសិទ្ធិហែកសំបកវេចខ្ចប់ឡើយ រហូតបានទៅដល់ក្នុងដៃបុគ្គលិកពន្ធគយណាម្នាក់ក្នុងកន្លែងឆ្លងកាត់ព្រំដែនអន្តរជាតិដើម្បីត្រួតពិនិត្យមុនពេលចេញដំណើរ។
នៅក្រុងសៀមរាប ប្រទេសកម្ពុជា ក៏មានហាងខ្នាតអន្តរជាតិបែបនេះមួយដែរ ដែលបានបើកសម្ពោធដំណើរការក្នុងខែ ធ្នូ ឆ្នាំ២០១៤។ ហាងនោះមានទីតាំងស្ថិតនៅម្ដុំភ្លើងស្ដុប កោះកេរ្តិ៍ ឈ្មោះថា “ផ្សារទំនិញរួចពន្ធអង្គរ” (Angkor Duty-Free Store) ដែលជារបស់ម្ចាស់អ្នកវិនិយោគជនជាតិចិន នៃក្រុមហ៊ុន China Duty Free Group (CDFG)។ ទំនិញភាគច្រើនលើសលប់នៅក្នុងផ្សារនេះ ជារបស់នាំយកមកពីបរទេស។
ចំណែករឿងរ៉ាវពាក់ពន្ធ័នឹងការបង់ពន្ធនាំចេញ ជារឿងផ្សេងមួយទៀត ដែលវាអាស្រយ័ទៅលើច្បាប់នៃប្រទេសនោះ ឬអាស្រយ័លើប្រភេទទំនិញនោះ។ ឧទាហរណ៍ថា ភ្ញៀវអ៊ឺរ៉ុបម្នាក់ ដែលបានមកទិញរូបគំនូរប្រាសាទអង្គរវត្ត ពីហាងទំនិញរួចពន្ធ នៅខេត្តសៀមរាប មួយផ្ទាំង។ នោះការលើកលែងពន្ធនាំចេញនឹងត្រូវបានអនុវត្ត ព្រោះថាទំនិញនោះ មាននិន្នាការក្នុងការផ្សព្វផ្សាយ លើកស្ទួយវប្បធម៌ខ្មែរក្នុងឆាកអន្តរជាតិ។ ផ្ទុយទៅវិញ បើភ្ញៀវទិញចម្លាក់ឈើគ្រញូងរូបអង្គរវត្ត នោះការចាប់បង្ខំឱ្យបង់ពន្ធនាំចេញ ត្រូវបានធ្វើឡើង ព្រោះថា ទំនិញដែលនាំចេញទៅនុះ មាននិន្នាការក្នុងការបំផ្លាញព្រៃឈើខ្មែរ។ និង ហេតុផលផ្សេងៗរាប់រយពាន់ជំពូកខុសៗគ្នាទៀត។

ដោយ លឹម វិរិយា (សាស្ត្រាចារ្យធុរកិច្ច)








សូមអរគុណអ្នកបងសម្រាប់ការចែករំលែកដ៏ល្អសម្រាប់ខ្ញុំ
LikeLike
សូមអរគុណសម្រាប់អំណាន និងមតិត្រលប់មកវិញ
LikeLiked by 1 person