ប្រវត្តិរូបមិនសង្ខេបរបស់ម្ចាស់ប្លក់ (វគ្គ១)

ខ្ញុំជាមនុស្សសាមញ្ញៗ កើតនិងធំធាត់ឡើងនៅក្នុងកូនក្រុងបាត់ដំបង ខេត្តស៊ីវិលយ័ក្នុងដួងចិត្តខ្ញុំ ។ ខ្ញុំកើតឆ្នាំក្ងោក ខែភ្លៀង ថ្ងៃដែលគេបោះពុម្ពក្រដាស់ប្រាក់ចាយជាលើកដំបូងក្រោយពីរបបខ្មែរក្រហម។ ខ្ញុំជាក្មេងសុភាពរាបសារខ្លាំងណាស់តាំងពីតូចមក ខ្លាចច្រើន អៀនច្រើន។ និយាយលាក់បាំងអី ខ្ញុំខ្លាចតុកកែ ខ្លាចជីងចក់ រកអ្វីប្រៀបមិនបាន។ ហើយសត្វដែលខ្ញុំខ្លាចខ្លាំងរហូតដល់ដេកយំនោះគឺសត្វថ្លែន។ កាលពីតូចមានក្មេងស្រីចំកួតម្នាក់ ដែលអាយុបងខ្ញុំប្រមាណជា ៧ ទៅ ១០ឆ្នាំ បានបន្លាចខ្ញុំថា បើឃើញសត្វថ្លែនហើយត្រូវតែរត់ទៅផឹកទឹកឲ្យបានមុនវា បើមិនដូច្នេះទេ យើងនឹងស្លាប់ក្រោយពេលងើបពីគេងថ្ងៃស្អែក។

នាថ្ងៃមួយនោះ ក្នុងអំឡុងពេលដែលមនុស្សម្នាកំពុងរត់គេចគ្រាប់ផ្លោងយ៉ាងកលិយុគពេញស្រុកពេញភូមិ ស្រាប់តែខ្ញុំប្រទះឃើញសត្វថ្លែនមួយក្បាលកំពុងតែធ្វើក្បាលផ្អក់ៗបើកភ្នែកត្លែដាក់ខ្ញុំ ។ ព្រះអ៊ើយ! ពេលនោះខ្ញុំខំរត់ទៅរកទឹកមកផឹក តែចៃដន្យអី ទឹកអស់ពីក្នុងធុងរលីង អត់មានអ្នកណាបានខ្វល់ខ្វាយពីបញ្ហាអត់ទឹកផឹកនោះទេ ព្រោះគេគ្រប់គ្នារវល់ខ្លាំងណាស់ ហើយខ្ញុំក៏មិនបានដឹងថាគេរវល់រឿងអីដែរ ។ ចុះបានអីនឹងយល់ដឹងទៅកើត បើក្រម្លឹងៗ អត់មានអីញ៉ាំ ហើយប្រទេសមានសង្រ្គាមទៀត ។ រត់ចុះរត់ឡើង វីវក់មួយសន្ទុះ រកទឹកផឹកអត់បាន លុះងាកមករកមើលថ្លែនក៏ស្រាប់តែបាត់វាទៅបាត់ទៀត។ ពេលនោះហើយ ដែលខ្ញុំចាប់ផ្តើមភយ័បុកពោះ ថាជីវិតខ្ញុំច្បាស់ជាចប់ក្នុងវេលានោះមិនខាន។

យប់នោះ ខ្ញុំអត់ហ៊ានគេងទេ ព្រះអ៊ើយ! ព្រោះខ្ញុំខ្លាចគេងលក់ទៅ ខ្ញុំលែងក្រោកជារៀងរហូត។ ដល់តែងងុយខ្លាំងមែនទែនទៅ មានឯណា មិនដឹងថាលក់តាំងពីថ្មើណា តាមស្មានប្រហែលជាពាក់កណ្តាលអាធ្រាត្យណាស់ទៅហើយមើលទៅ។ លុះព្រឹកឡើង ខ្ញុំភ្ញាក់ដឹងខ្លួនភ្លាម ប្រញ៉ាប់រត់ពេញផ្ទះភ្លាមដើម្បីត្រួតពិនិត្យមើលថា តើនេះមិនមែនជាឋាននរក ឬ ឋានសួគ៌អីទេមែនទេ? អូរ! រត់ត្រុយបានបន្តិច ស្រាប់តែឬសម្លេងម្តាយខ្ញុំនិយាយថា “ស្រីយ៉ា ថ្ងៃនេះគេងដល់ថ្ងៃម្លេះកូន?” ។ ខ្ញុំធូរទ្រុងខ្សាក នឹកភ្លាមថា ឩ! តាមពិតខ្ញុំនៅរស់ទេតើ។ ពេលនោះអារម្មណ៍ត្រេកអរណាស់ រត់ត្រហេបត្រហបទាំងមិនទាន់លុបមុខសំដៅទៅផ្ទះអាអ្នកពូកែរខាងផ្តល់ចំណេះដឹងផ្តេសផ្តាស់នោះ ហើយស្រែកប្រាប់ទៅគេទាំងមោទនភាពថា “នែ៎! យើងមិនស្លាប់ទេ ឃើញហ្អេ៎? ម្សិលមិញ យើងបានឃើញថ្លែន ហើយយើងអត់បានផឹកទឹកផង ថ្ងៃនេះយើងនៅរស់ដដែលហ្នឹង”។

ពេលនោះក្មេងស្រីវយ័ជំទង់សក់កន្ទ្រើងមើងនោះ សម្លក់មកខ្ញុំហើយឆ្លើយគំហកថា “អញមិនជឿ! កុំមកកុហក់ បើមិនបានផឹកទឹកទេ នាងឯងងាប់បាត់ហើយ”។ ខ្ញុំខំប្រកែកតមាត់ជាមួយនឹងនាងខ្លួនធំនោះយ៉ាងដាច់អហង្ការដើម្បីយកឈ្នះឲ្យបាន តែនៅមិនឈ្នះសោះព្រោះសម្លេងរបស់ខ្ញុំនៅខ្សោយជាងនាងនោះ។ អូរ វាពូកែស្រែកគំហកណាស់ វាគំហកម្តងៗ គឺសម្លេងវាស៊ីដាច់ខ្ញុំហ្មង ។ ទីបំផុតខ្ញុំត្រូវស្រែកយំឲ្យបានខ្លាំងដើម្បីបានឈ្នះ។ សម្លេងយំរបស់ខ្ញុំបានលាន់ឮដល់ម្តាយរបស់ខ្ញុំ ដែលនៅជិតនោះ ហើយគាត់ក៏បានសួរនាំខ្ញុំអំពីដំណើរដើមរឿងនៃការឈ្លោះគ្នានេះ។ ក្រោយពីស្តាប់ដឹងសេចក្តីអស់ហើយ ម្តាយខ្ញុំក៏ស្តីបន្ទោសឲ្យស្រីម្នាក់នោះយ៉ាងច្រើន និងបានស្តីប្រដៅខ្ញុំនូវពាក្យពេចន៍មួយចំនួនដែលខ្ញុំមិនបានចាំសោះពេលនេះ។ តាំងពីនោះមកខ្ញុំក៏រាងអន់ខ្លាចសត្វ្លថ្លែន ប៉ុន្តែនៅតែញញើតនឹងវាដដែល ត្រង់វាមានរូបរាងរលោងៗ គួរឲ្យខ្ពើម។

សូមស្លេះប្រវត្តិរូបមិនសង្ខេបរបស់ខ្ញុំ ត្រឹមប៉ុណ្ណេះសិន សូមតាមដានស្តាប់នៅវគ្គ២ជាបន្ត…

6 thoughts on “ប្រវត្តិរូបមិនសង្ខេបរបស់ម្ចាស់ប្លក់ (វគ្គ១)”

Leave a reply to VIRIYA LIM Cancel reply