អំពីខ្ញុំ

ជំរាបសួរបងប្អូនប្រិយមិត្តជិតឆ្ងាយគ្រប់ជាតិសាសន៍ដែលចេះអានអក្សរខ្មែរ និងកំពុងអាននៅក្នុងប្លក់នេះ!
ខ្ញុំឈ្មោះ លឹម វិរិយា ជាម្ចាស់ផ្ទាល់ក្នុងការបង្កើតប្លក់នេះ ក្នុងគោលដៅដើម្បីចែករំលែកចំណេះដឹងទូទៅ ទាំងមានប្រយោជន៍ និងឥតប្រយោជន៍ (ដើម្បីកែកម្សាន្តពេលអផ្សុក) សម្រាប់មិត្តទាំងអស់គ្នាក្នុងការសម្រេចគោលដៅផ្សេងៗក្នុងជីវិត។

ខាងក្រោមនេះជាប្រវត្តិរូបមហាសង្ខេបរបស់ខ្ញុំក្រោមប្រធានបទ ភាពជាសហគ្រិន (វគ្គទី១)៖
“អន្តរាយដ៏ធំបំផុតក្នុងជីវិតមនុស្ស គឺការមិនព្រមប្រថុយធ្វើរឿងអ្វីមួយទាល់តែសោះ” នេះជាប្រយោគដែលខ្ញុំឧស្សាហ៍បានស្ដាប់ជាញឹកញាប់តាំងពីក្មេងមក។ ពេលខ្លះ អានសៀវភៅជួបនឹងឃ្លាស្រដៀងគ្នាដែលគេសរសេរថា “សម្រេចចិត្តធ្វើរឿងមួយខុស វាប្រសើរជាងមិនបានសម្រេចចិត្តធ្វើអ្វីទាល់តែសោះ”

គតិមួយជ្រុងនេះ ខ្ញុំបានបោះត្រាទុកដោយគ្មានត្រាំជាតិគីមីលាយឡំសោះឡើយ។ បើនិយាយពីរឿងប្រថុយប្រថាន ខ្ញុំបានធ្វើច្រើនដងរាប់មិនអស់ តាំងពីតូចដល់ធំ។ ជួនកាល លទ្ធផល ល្អជាទីមោទនៈ ជួនកាលក៏អាម៉ាស់មុខខ្មាសគេ ពេលខ្លះក៏លួចត្រេកអរម្នាក់ឯងទាំងគ្មាននរណាបានមកចូលរួមអបអរជាមួយ… ។ល។

កាលនៅរៀនថ្នាក់មតេយ្យ ខ្ញុំបានប្រថុយនោមដាក់ខោ ព្រោះតែគ្មានសេចក្ដីក្លាហាននឹងប្រាប់គ្រូ។ លទ្ធផល ល្អណាស់ ព្រោះអ្នកគ្រូ បាននាំខ្ញុំទៅលាងសម្អាតគូទ និងឱ្យខ្ចីខោរបស់កូនគាត់ប្រើទៀតផង។ នោះជាជោគជ័យលើកដំបូងរបស់ខ្ញុំក្នុងឆាកជីវិត។ រៀនថ្នាក់ទី១ ខ្ញុំប្រថុយចាយលុយ ជាលើកដំបូងបំផុតទាំងភ័យរញីរញ័រ ព្រោះមិនធ្លាប់កាន់លុយយកទិញអ្វីទាល់តែសោះ។ ខ្ញុំមិនដឹងថាលុយនោះ មានតម្លៃប៉ុនណាទេ សាកល្បងប្រថុយហុចឱ្យអ្នកលក់នំក្រូចទាំងអស់ គេច្រកនំ២ដុំក្នុងកន្ទងស្លឹកចេក ខ្ញុំត្រេកអរដូចឈ្នះពានមេដាយមាសលំដាប់អាស៊ានអីចឹង។

រៀនថ្នាក់ទី២ ខ្ញុំបានកម្លាចិត្តខ្លួនឯងឲ្យហ៊ានតដៃ វាយបកទៅក្មេងឆ្កួតជ្រូកម្នាក់ ឈ្មោះ “សុខគា” រស់នៅក្បែរផ្ទះគ្នា ដែលវាតែងតែធ្វើបាបខ្ញុំជាប្រចាំ ដូចជាវាយដណ្ដើមគុយទាវឆា បង្ខំឱ្យខ្ញុំញ៉ាំម្ទេសជាដើម។ សុភាសិតចិនពោលថា “ក្នុងគ្រោះមានលាភ” ……មែន! វាមិនសូវល្អប៉ុន្មានទេ ព្រោះវ៉ៃគ្នាឡើងរបួស ប៉ុន្តែចុងក្រោយក្មេងខូចនោះ ក៏លែងហ៊ានមកបង្ករឿងទៀត សន្ដិភាពជុំវិញផ្ទះក៏ចាប់បដិសន្ធិឡើង។

រៀនថ្នាក់ទី៣ ខ្ញុំប្រថុយធ្វើត្រាប់តាមរឿងព្រេងនិទាន “នាងពៅ និង ចៅគីង្គក់” ខ្ញុំបានជឿថា សត្វគីង្គក់ដែលលោតផ្លោតៗចូលមកក្នុងផ្ទះ អាចមានមួយជាព្រះរាជបុត្រដែលពាក់ស្រោម។ រាល់ដងក្រោយភ្លៀង ខ្ញុំចាប់គីង្គក់ ជួនកាលក៏ដោយទាំង កង្កែប ដាក់ពេញៗធុង ក្នុងក្ដីសង្ឃឹមថា ស្អែកឡើងវានឹងប្រែកាឡាជាព្រះអង្គម្ចាស់។ ប៉ុន្តែថ្ងៃស្អែកឡើង មានតែគីង្គក់កង្កែបឆាគ្រឿងក្នុងឆ្នាំងរបស់អ្នកម្ដាយជាដរាប។

រៀនថ្នាក់ទី៤ អាយុកាន់តែច្រើនឡើង តម្រូវការផ្ទាល់ខ្លួនក៏ចេះតែមានហូរហែ ឯប៉ាម៉ាក់កាន់តែរវល់ គ្មានពេលមើលថែខ្ញុំបានដិតដល់ប៉ុន្មានទេ ការស្មូមលុយម៉ាក់ជារឿងពិបាកណាស់។ ខ្ញុំបានប្រថុយរកស៊ីជាលើកដំបូងបំផុត គឺសូមលុយម៉ាក់ទៅផ្សារទិញសៀវភៅប្រលោមលោកយកមកចងខ្សែមុខផ្ទះ ដាក់ហាល ដូចគេហាលត្រីងៀត ដោយចងភ្ជាប់ខ្សែកៅស៊ូក្រង ពីកៅអីម្ខាង ទៅកៅអីម្ខាងទៀត ដោយរំពឹងថានឹងមានគេមកជួលយកទៅអាន។ ប៉ុន្តែ… គ្មានទេ! ផែនការធុរកិច្ចនោះ បរាជ័យយ៉ាងអាម៉ាស់ ថែមទាំងបាត់សៀវភៅអស់ទៀត។ តែខ្ញុំមិនសូវជាចេះឈឺចាប់អីទេ ព្រោះវាមិនមែនជាលុយរបស់ខ្ញុំផង ជារបស់ម៉ាក់តើស! ខ្លាំងណាស់ យំម្ញែកម៉្ញក់តិចទៅ គេលែងហ៊ានរករឿងយើងហើយ។

ថ្នាក់ទី៥ ចូលដល់ពេលបែកបញ្ញាបណ្ដើៗហើយ ចេះដើរស្វែងរកអ្នកឧបត្ថម្ភក្រដាសសៀវភៅ យកមកកឹប ហើយគូររូប និពន្ធរឿងប្រលោមលោកខ្នាតខ្លីៗ តែងចម្រៀង តែងកំណាព្យកាព្យឃ្លោង បំណងចង់យកទៅលក់យកលុយ តែជាអកុសល គ្មានទីផ្សារទេ ព្រោះមិនទាន់ចេះម៉ាឃីតធីង។ គ្រប់វណ្ណកម្ម សុទ្ធតែចែកគេអានដោយមិនបានប្រាក់សោះ។ ខ្ញុំមានហ្វេនច្រើនណាស់ ទាំងលោកគ្រូ អ្នកគ្រូ មិត្តរួមថ្នាក់ ក្មេងក្នុងភូមិជាមួយ និង ប៉ាម៉ាក់របស់ខ្ញុំផង។ កាលនោះ រៀនខ្សោយគណិតវិទ្យាព្រោះមិនសូវមានលុយរាប់ តែពូកែអក្សរសាស្ត្រខ្មែរ ព្រោះហ្វឹកហាត់ជាប្រចាំ ម្ល៉ោះហើយប្រលងជាប់បឋមសិក្សាដោយបានពិន្ទុតែងសេចក្ដីយោងខ្លាំងហ្មង។

ថ្នាក់ទី៦ ចូលអនុវិទ្យាល័យហើយ សាលានៅជិតផ្ទះដែរ វាងាយស្រួលដល់ខ្ញុំក្នុងការគេចវេះម្ដងៗមកសម្ងំដេកនៅផ្ទះក្នុងម៉ោងលីប ពេលខ្លះដេកជ្រុល អត់បានទៅរៀនម៉ោងបន្ទាប់ក៏ត្រូវគ្រូដាក់ទណ្ឌកម្មជាអន្លើៗអ៊ីចឹងទៅ។ កាលនោះ វក់រៀនគួរ៍ភាសាបារាំងអស់ស្ទះ បើរាប់ឆ្នាំរៀនបារាំងវិញ គឺថា ១០ឆ្នាំគត់ ម៉ាចប់ ណូវ៉ូ សង់ហ្វ្រង់ជែរឌើ អីនឹងគេដែរ តែភ្លេចអស់ហើយពេលនេះ  ហាមតាមផ្ចាញ់ដោយការសរសេរមតិជាភាសាបារាំង ប្រយ័ត្នខ្ញុំប្រើ អាហ្គូហ្គោល ត្រេនស្លែតឱ្យជួយ។

ថ្នាក់ទី៧ ដើរតួជាតារាប្រចាំថ្នាក់រៀន បន់ឱ្យតែមានគ្រូណាហៅឡើងច្រៀង នឹងអាលលើកដៃទៅឈរច្រៀងមុខក្ដារខៀនអីចឹងហ្មង ហើយដែលរឹតតែអស្ចារ្យនោះ គឺថា ខ្ពើមច្រៀងបទអ្នកដទៃ ច្រៀងតែបទអូរីជីណល (តែងទំនុកច្រៀងខ្លួនឯងបានជិត១០០បទ ភ្លេងផិនគេអាដែល)។ ហៃ! អឿកាយ៉យបានម៉ាឆ្នាំដែរ។

ថ្នាក់ទី៨ ត្រៀមប្រលងឌីប្លូមហើយ រៀនគួរឡើងបែកស្លុយគ្រប់មុខវិជ្ជា។ ឆ្នាំនោះ ខ្ញុំបានប្រថុយលួចទៅរៀនគួរភាសាថៃនៅផ្ទះអ្នកគ្រូ “ល្អ” (គាត់ឈ្មោះ ល្អ មិនមែនជាគុណនាមបញ្ជាក់អ្នកគ្រូទេ ប៉ុន្តែគាត់បង្រៀនល្អមែន) ទល់មុខធនាគារក្រហមផ្លូវលេខ៣ ជាមួយនឹងកង់មីគីពណ៌បៃតងដែលម៉ាក់ទើបតែទិញឱ្យដើម្បីលើកទឹកចិត្តឱ្យប្រលងជាប់។ ពេលនោះ ម៉ាក់ប៉ាចេះតែបង្ខំឱ្យខ្ញុំនេះខំរៀនបារាំង ម្ល៉ោះហើយ ការឆ្លៀតម៉ោងទៅរៀនភាសាថៃ ជារឿងត្រូវលាក់បាំងគាត់ទៅវិញ។ លាក់បាន១ឆ្នាំគត់ លុះម៉ាក់ដឹងក៏ថែមលុយឱ្យខំរៀនទៀត ព្រោះលើលោកនេះ វាមិនដែលមានកូនអាណាលួចរៀន វាមានតែលួចដើរលេង (អួតមួយទៀត) ។ ជាលទ្ធផល បានបញ្ចប់បឋមសិក្សាភាសាថៃ ម៉ាគ្រាន់ដែរ ដោយទាំងលទ្ធផលប្រលងឌីប្លូមជាប់ទាំងប្រផុតប្រផើយ ព្រោះខ្សោយគណិត ហើយសព្វថ្ងៃនេះក៏ខ្សោយគណិតដែរ មិនដែលហ៊ានប៉ះពាល់បញ្ជីគណនីយហិរញ្ញវត្ថុទេ ប្រើតែអាស៊ីស្ទែម គេចងមកស្រាប់ៗ។

ថ្នាក់ទី៩ ហិហិហិ… ចូលដល់វ័យមាសហើយ គ្រាន់តែប្រធានថ្នាក់បញ្ជោរថា ច្រៀងពីរោះម៉ាម៉ាត់ ទៅដាក់ពាក្យប្រលងចម្រៀងភ្លែត លំដាប់សាលាវិទ្យាល័យព្រះមុន្នីវង្ស ក្រុងបាត់ដំបង ដងស្ទឹងសង្កែ ណាចាស។ ជំនាន់មុនសាលាមុន្នីវង្ស សាលាអ៊ាបឃុត សាលានេតយ៉ង់ គេប្រលងចម្រៀងស្វែងរកតារា រាល់ៗឆ្នាំ ទុកតាំងលម្អក្នុងថ្នាលសាលារៀន ជាពិសេសទុកប្រើឡើង បង្ហូតទង់ជាតិព្រឹកៗ។ គេជម្រុះ ផ្ដាច់ព្រាត់ចុងក្រោយ បានលេខ៥ ក្នុងចំណោម៥នាក់ដែលសេសសល់ពីថ្ងៃទី១ ព្រោះតែកំហុសច្រៀងបទឌីស្កូ តែបានរាំយោង។

ថ្នាក់ទី១០ សាកល្បងប្រលងប្រជែងសិស្សឆ្នើមខាងតែងសេចក្ដី ក៏ជាប់ទៀត បានរៀនថ្នាក់ បេ (B) ជាប់នឹងថ្នាក់ អា (A) ដែលខាងណោះ គេខ្លាំងម៉ាតេម៉ាទិក។

ថ្នាក់ទី១១ មិនសូវសម្បូររឿងរ៉ាវអួតគេទេ ព្រោះងងឹតមុខនឹងរៀនគួរពេក។ រៀនតាំងពីម៉ោង ៦ព្រឹក ដល់ម៉ោង ៨យប់ ទើបចប់ បានចូលផ្ទះវិញ ថ្ងៃសៅរ អាទិត្យក៏រៀនដែរ។ គ្មានហ្វេសប៊ុគអីសម្រាប់ដ្រាម៉ាត្អូញត្អែតាប៉ែលតស្វិតដូចក្មេងៗសម័យនេះទេ។

សរុប១២ឆ្នាំក្នុងជីវិតកុមារភាព បឋមវ័យ និង ជំទង់វ័យ នេះណា ប្រថុយច្រើនណាស់ បើមិនសង្ខេបត្រួសៗទេ កុំសង្ឃឹមបានស្លេះវាត្រង់ជួរនេះ សម្រាប់អ្នកអានបានដកដង្ហើមនុះ!!!

(នៅមានវគ្គបន្ត… នឹងមានចេញផ្សាយនៅថ្ងៃណាមួយមិនខាន)

5 thoughts on “អំពីខ្ញុំ”

  1. ពេលណាចេញវគ្គបន្តអ្នកគ្រូ? ខ្ញុំរងចាំអានយូរហើយ។

    Like

    1. ឥតដឹងដែរចាស! សូមអរគុណសម្រាប់ការរង់ចាំ!

      Like

  2. បន្ទាប់ពីអានសំណេរអ្នកគ្រូ ខ្ញុំស្តាប់តែអស់សំណើចថា និងនឹកឆ្ងល់ថាអ្នកគ្រូមានស្រុកកំណើតពីខាងណា បានជាវោហារអ្នកគ្រូស្តាប់ទៅគួរឱ្យស្រលាញ់ ចាក់ទឹកមិនលិចយ៉ាងនេះ។ កាលពិតអ្នកគ្រូមានស្រុកកំណើតខេត្តបាត់ដំបងដែលសោះ។ ខ្ញុំមានអារម្មណ៍និងយល់ថា អោយតែអ្នកដែលមកពីខេត្តបាត់ដំបង មានទំលាប់ឬស្ទាយនិយាយនិងសរសេរស្រដែងៗគ្នា។ ឃ្លានីមួយៗសរសេរមកសាមញ្ញៗតែស្តាប់ទៅធ្វើអោយមានអារម្មណ៍ល្អ និងនឹកឃើញរឿងល្អៗកាលពីក្មេង។ អរគុណសម្រាប់ការចែករំលែក និងសង្ឃឹមថាមានវគ្គបន្ត។ដោយក្តីស្រលាញ់

    Like

    1. សូមអរគុណច្រេីនប្អូន Pichthyda ដែលបានចូលអាន Blog របស់ខ្ញុំ! ខ្ញុំជាកូនអ្នកបាត់ដំបង​ ដងស្ទឹងសង្កែ​ ក្បែរផ្សារធំ! 😂😝🙏

      Like

Leave a comment

កំណាព្យខ្មែរ ទស្សនវិជ្ជា និង ចំណេះដឹងទូទៅ